លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤៤

វិហារសម្រាប់ព្រះយេហូវ៉ា

វិហារសម្រាប់ព្រះយេហូវ៉ា

ក្រោយ​ពី​សាឡូម៉ូន​ឡើង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះ​យេហូវ៉ា​បាន​សួរ​គាត់​ថា​៖ ‹តើ​អ្នក​ចង់​បាន​អ្វី?›។ សាឡូម៉ូន​ឆ្លើយ​ថា​៖ ‹ខ្ញុំ​នៅ​ក្មេង ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ។ សូម​លោក​ផ្ដល់​ឲ្យ​ខ្ញុំ​មាន​ប្រាជ្ញា ដើម្បី​ខ្ញុំ​អាច​ថែ​រក្សា​រាស្ត្រ​របស់​លោក›។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​សារ​អ្នក​បាន​សុំ​ប្រាជ្ញា ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ​បំផុត​នៅ​ផែនដី។ ខ្ញុំ​ក៏​នឹង​ឲ្យ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​ដែរ។ បើ​អ្នក​ស្ដាប់​បង្គាប់​ខ្ញុំ អ្នក​នឹង​មាន​អាយុ​វែង›។

សាឡូម៉ូន​ចាប់​ផ្ដើម​សង់​វិហារ។ គាត់​បាន​ប្រើ​មាស ប្រាក់ ឈើ និង​ថ្ម​ល្អ​បំផុត។ សិប្បករ​រាប់​ពាន់​នាក់​ទាំង​ប្រុស​ទាំង​ស្រី​បាន​មក​ជួយ​សង់​វិហារ។ អស់​ប្រាំ​ពីរ​ឆ្នាំ វិហារ​បាន​ត្រូវ​សង់​រួច​រាល់ ហើយ​ឥឡូវ​ត្រូវ​ប្រគល់​ជូន​ព្រះ​យេហូវ៉ា។ សាឡូម៉ូន​លុត​ជង្គង់​នៅ​មុខ​ទី​បូជា ដែល​មាន​ពេញ​ដោយ​គ្រឿង​បូជា ហើយ​អធិដ្ឋាន​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ វិហារ​នេះ​មិន​ធំ​ល្មម ហើយ​ក៏​មិន​ស្អាត​ពេក​សម្រាប់​លោក​ដែរ។ ប៉ុន្តែ សូម​លោក​ទទួល​យក​ការ​គោរព​ប្រណិប័តន៍ និង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ខ្ញុំ​ផង›។ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​វិហារ និង​សេចក្ដី​អធិដ្ឋាន​របស់​សាឡូម៉ូន? បន្ទាប់​ពី​សាឡូម៉ូន​អធិដ្ឋាន​ចប់​ភ្លាម ក៏​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ឆេះ​គ្រឿង​បូជា​នៅ​លើ​ទី​បូជា។ នេះ​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​ព្រម​ទទួល​យក​វិហារ​នេះ។ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​ដូច្នេះ ពួក​គេ​សប្បាយ​ចិត្ត​ជា​ខ្លាំង។

ប្រាជ្ញា​របស់​សាឡូម៉ូន​បាន​ល្បី​សុសសាយ​ពេញ​ស្រុក​អ៊ីស្រាអែល រហូត​ដល់​ស្រុក​ឆ្ងាយ។ មនុស្ស​ម្នា​នាំ​គ្នា​ទៅ​ជួប​សាឡូម៉ូន ដើម្បី​ឲ្យ​គាត់​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ។ សូម្បី​តែ​ម្ចាស់​ក្សត្រី​ស្រុក​សេបា​ក៏​មក​ជួប​ដើម្បី​ចង់​ដឹង​ប្រាជ្ញា​របស់​សាឡូម៉ូន ដោយ​សួរ​គាត់​នូវ​សំណួរ​ពិបាក​ៗ។ ពេល​បាន​ស្ដាប់​ចម្លើយ​របស់​សាឡូម៉ូន នាង​ក៏​និយាយ​ថា​៖ ‹ដំបូង​ខ្ញុំ​មិន​ជឿ​អ្វី​ដែល​គេ​ប្រាប់​ខ្ញុំ​ទេ។ ប៉ុន្តែ ឥឡូវ​ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា លោក​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ​និយាយ​ទៅ​ទៀត។ សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក ឲ្យ​ពរ​ដល់​លោក›។ ក្នុង​អំឡុង​ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​មាន​ជីវិត​រុង​រឿង និង​មាន​សេចក្ដី​សុខ។ ប៉ុន្តែ មិន​យូរ​ទៀត​ស្ថានភាព​នោះ​នឹង​ត្រូវ​ផ្លាស់​ប្ដូរ។

​«​មើល! អ្នក​ដែល​ធំ​ជាង​សាឡូម៉ូន គឺ​នៅ​ទី​នេះ​ហើយ​»។—ម៉ាថាយ ១២:៤២