លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៩

សេចក្តីវេទនាបីដំបូង

សេចក្តីវេទនាបីដំបូង

ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ា​ង​លំបាក​ក្នុង​ភាព​ជា​ខ្ញុំ​បម្រើ។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​និង​អេរ៉ុន​ឲ្យ​ទៅ​ជួប​ផារ៉ូ ហើយ​ប្រាប់​ថា​៖ ‹ចូរ​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ចេញ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ដើម្បី​ពួក​គេ​អាច​គោរព​ប្រណិប័តន៍​ខ្ញុំ›។ ផារ៉ូ​តប​ទៅ​វិញ​ដោយ​អំណួត​ថា​៖ ‹ខ្ញុំ​មិន​ខ្វល់​នឹង​សម្ដី​របស់​ព្រះ​យេហូវ៉ា​ទេ ហើយ​ខ្ញុំ​មិន​ព្រម​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ឡើយ›។ រួច​មក ផារ៉ូ​បង្ខំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ការ​ធ្ងន់​ជាង​មុន​ទៅ​ទៀត។ ព្រះ​យេហូវ៉ា​នឹង​បង្រៀន​ផារ៉ូ​នូវ​មេ​រៀន​មួយ។ តើ​អ្នក​ដឹង​ថា​លោក​នឹង​ធ្វើ​អ្វី​ទេ? លោក​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​១០​យ៉ា​ង​នៅ​ស្រុក​អេហ្ស៊ីប។ ព្រះ​យេហូវ៉ា​ប្រាប់​ម៉ូសេ​ថា​៖ ‹ផារ៉ូ​មិន​ព្រម​ស្ដាប់​ខ្ញុំ​ទេ។ នៅ​ព្រឹក​ស្អែក គាត់​នឹង​ចេញ​ទៅ​ទន្លេ​នីល។ ចូរ​ទៅ​ជួប​គាត់ ហើយ​ប្រាប់​ថា​៖ ​«​ដោយ​សារ​អ្នក​មិន​ព្រម​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ចេញ​ទៅ នោះ​ទឹក​ទន្លេ​នីល​នឹង​ប្រែ​ទៅ​ជា​ឈាម​»​›។ ម៉ូសេ​ក៏​ទៅ​ជួប​ផារ៉ូ​តាម​បង្គាប់​លោក។ រួច​អេរ៉ុន​បាន​យក​ដំបង​វាយ​ទឹក​ទន្លេ​នីល​នៅ​ចំពោះ​មុខ​ផារ៉ូ ស្រាប់​តែ​ទន្លេ​ក៏​ប្រែ​ទៅ​ជា​ឈាម ហើយ​ត្រី​ចាប់​ផ្ដើម​ងាប់ ធ្វើ​ឲ្យ​ទឹក​ទន្លេ​នោះ​ស្អុយ រហូត​ដល់​មិន​អាច​ផឹក​បាន។ ប៉ុន្តែ ផារ៉ូ​មិន​ព្រម​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ឡើយ។

ប្រាំ​ពីរ​ថ្ងៃ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ចាត់​ម៉ូសេ​ឲ្យ​ទៅ​ប្រាប់​ផារ៉ូ​ថា​៖ ‹បើ​អ្នក​មិន​ព្រម​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ចាក​ចេញ​ទេ នោះ​ស្រុក​អេហ្ស៊ីប​នឹង​ពេញ​ទៅ​ដោយ​កង្កែប›។ ពេល​អេរ៉ុន​លើក​ដំបង​គាត់​ឡើង នោះ​ក៏​មាន​ហ្វូង​កង្កែប​ឡើង​មក​ពាស​ពេញ​ស្រុក​អេហ្ស៊ីប។ មាន​កង្កែប​នៅ​ក្នុង​ផ្ទះ នៅ​លើ​គ្រែ សូម្បី​តែ​ចាន​ក៏​មាន​ដែរ គឺ​មាន​នៅ​គ្រប់​កន្លែង​ក្នុង​ស្រុក​នោះ! ផារ៉ូ​បាន​ប្រាប់​ម៉ូសេ​ឲ្យ​អង្វរ​ព្រះ​យេហូវ៉ា​ដក​សេចក្ដី​វេទនា​នោះ​ចេញ ហើយ​ផារ៉ូ​សន្យា​ថា​នឹង​ដោះ​លែង​ជន​ជាតិ​អ៊ីស្រាអែល។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​បញ្ឈប់​សេចក្ដី​វេទនា​នោះ។ កង្កែប​ចាប់​ផ្ដើម​ងាប់ ហើយ​ជន​ជាតិ​អេហ្ស៊ីប​បាន​ប្រមូល​ហ្វូង​កង្កែប​ដែល​ងាប់​ទៅ​ជា​គំនរ​រាប់​មិន​អស់។ ស្រុក​ទាំង​មូល​ពេញ​ទៅ​ដោយ​ក្លិន​ស្អុយ។ ប៉ុន្តែ ផារ៉ូ​នៅ​តែ​រឹង​ចចេស​មិន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ទេ។

បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ថា​៖ ‹ចូរ​ឲ្យ​អេរ៉ុន​វាយ​ដំបង​ទៅ​នឹង​ដី នោះ​ធូលី​ដី​នឹង​ក្លាយ​ទៅ​ជា​សត្វ​សុច។ ពួក​វា​នឹង​ធ្វើ​ទុក្ខ​ទាំង​មនុស្ស​ទាំង​សត្វ›។ ភ្លាម​ៗ​នោះ ក៏​កើត​មាន​សត្វ​សុច​គ្រប់​ទី​កន្លែង។ មនុស្ស​របស់​ផារ៉ូ​បាន​ប្រាប់​ផារ៉ូ​ថា​៖ ‹សេចក្ដី​វេទនា​នេះ​គឺ​មក​ពី​ព្រះ›។ ប៉ុន្តែ ផារ៉ូ​នៅ​តែ​មិន​ព្រម​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ឡើយ។

​«​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ គឺ​ឃើញ​ថាមពល​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ នោះ​ពួក​គេ​នឹង​ដឹង​ថា​នាម​ខ្ញុំ​គឺ​យេហូវ៉ា​»។—យេរេមា ១៦:២១