លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៦៥

អេសធើរសង្គ្រោះជនរួមជាតិ

អេសធើរសង្គ្រោះជនរួមជាតិ

អេសធើរ​គឺ​ជា​នារី​ជនជាតិ​យូដា ដែល​រស់​នៅ​ក្រុង​ស៊ូសាន​ស្រុក​ពើស៊ី។ ជា​ច្រើន​ឆ្នាំ​មុន ក្រុម​គ្រួសារ​នាង​ត្រូវ​ស្ដេច​នេប៊ូក្នេសា​និរទេស​ចេញ​ពី​ក្រុង​យេរូសាឡិម។ បង​ប្អូន​ជីដូន​មួយ​របស់​នាង​ឈ្មោះ​ម៉ាដេកាយ បាន​ចិញ្ចឹម​បី​បាច់​នាង។ គាត់​ធ្វើ​ការ​ឲ្យ​ស្ដេច​អាហាស៊ូរុស​ស្រុក​ពើស៊ី។

ស្ដេច​អាហាស៊ូរុស​ចង់​បាន​អគ្គមហេសី​ថ្មី។ ដូច្នេះ ពួក​អ្នក​បម្រើ​បាន​នាំ​នារី​ដែល​ស្អាត​បំផុត​ក្នុង​ស្រុក រួម​ទាំង​អេសធើរ​ដែរ មក​ក្នុង​វិមាន​ស្ដេច។ ក្នុង​ចំណោម​នារី​ទាំង​នោះ ស្ដេច​បាន​ជ្រើស​រើស​អេសធើរ​ធ្វើ​ជា​អគ្គមហេសី។ ម៉ាដេកាយ​ប្រាប់​អេសធើរ​កុំ​ឲ្យ​ប្រាប់​អ្នក​ណា ថា​នាង​ជា​ជនជាតិ​យូដា។

បុរស​មាន​អំណួត​ម្នាក់​ឈ្មោះ​ហាម៉ាន ដែល​ជា​ប្រមុខ​នៃ​មន្ត្រី​ទាំង​អស់ ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ក្រាប​គោរព​គាត់។ ប៉ុន្តែ ម៉ាដេកាយ​មិន​ព្រម​ធ្វើ​តាម​ទេ នេះ​នាំ​ឲ្យ​ហាម៉ាន​ខឹង​យ៉ាង​ខ្លាំង រហូត​ដល់​ចង់​សម្លាប់​គាត់។ កាល​ហាម៉ាន​ដឹង​ថា ម៉ាដេកាយ​ជា​ជនជាតិ​យូដា គាត់​ក៏​រៀប​គម្រោង​សម្លាប់​ជនជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​ពើស៊ី។ ហាម៉ាន​ទៅ​ជម្រាប​ស្ដេច​ថា​៖ ‹ជនជាតិ​យូដា​ជា​ពួក​មនុស្ស​មាន​គ្រោះ​ថ្នាក់ លោក​ម្ចាស់​គួរ​កម្ចាត់​ពួក​គេ​ចោល›។ ស្ដេច​អាហាស៊ូរុស​បាន​អនុញ្ញាត​ឲ្យ​ហាម៉ាន​ចេញ​ច្បាប់ ដោយ​និយាយ​ថា​៖ ‹ចូរ​ធ្វើ​តាម​ចិត្ត​របស់​អ្នក​ចុះ›។ ភ្លាម​ៗ ហាម៉ាន​បាន​បង្កើត​ច្បាប់​មួយ ដើម្បី​សម្លាប់​ជនជាតិ​យូដា​ទាំង​អស់ នៅ​ថ្ងៃ​ទី​១៣ ខែ​អេដា។ ប៉ុន្តែ ព្រះ​យេហូវ៉ា​កំពុង​មើល។

អេសធើរ​មិន​បាន​ដឹង​អំពី​ច្បាប់​នោះ​ទេ។ ហេតុ​នេះ ម៉ាដេកាយ​ផ្ញើ​ច្បាប់​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​ឲ្យ​អេសធើរ ហើយ​ប្រាប់​នាង​ថា​៖ ‹ចូរ​ទៅ​ជួប​ស្ដេច›។ អេសធើរ​ឆ្លើយ​ថា​៖ ‹អ្នក​ណា​ក៏​ដោយ​ដែល​ទៅ​ជួប​ស្ដេច​ដោយ​គ្មាន​ការ​អញ្ជើញ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។ ស្ដេច​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ជួប​អស់​៣០​ថ្ងៃ​ហើយ! ប៉ុន្តែ ខ្ញុំ​នឹង​ទៅ។ បើ​ស្ដេច​ហុច​ដំបង​រាជ្យ នោះ​ខ្ញុំ​នឹង​រស់ បើ​មិន​ដូច្នោះ​ទេ នោះ​ខ្ញុំ​នឹង​ត្រូវ​ស្លាប់›។

អេសធើរ​បាន​ទៅ​ទី​លាន​របស់​ស្ដេច។ ពេល​ស្ដេច​ឃើញ​នាង ស្ដេច​បាន​ហុច​ដំបង​រាជ្យ។ នាង​ក៏​ចូល​ទៅ​ជួប​ស្ដេច ហើយ​ស្ដេច​សួរ​ថា​៖ ​«​អេសធើរ តើ​នាង​មាន​រឿង​អ្វី?​»។ នាង​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ចង់​អញ្ជើញ​ស្ដេច​និង​ហាម៉ាន មក​ពិសា​ភោជនាហារ›។ នៅ​ក្នុង​ពិធី​នោះ អេសធើរ​បាន​អញ្ជើញ​ពួក​គាត់​ឲ្យ​មក​ម្ដង​ទៀត​នៅ​ថ្ងៃ​បន្ទាប់។ នៅ​ក្នុង​ពិធី​លើក​ទី​២ ស្ដេច​បាន​សួរ​នាង​ម្ដង​ទៀត​ថា​៖ ​«​តើ​នាង​ចង់​បាន​អ្វី?​»។ អេសធើរ​ឆ្លើយ​ថា​៖ ‹មាន​មនុស្ស​ម្នាក់​កំពុង​ព្យាយាម​សម្លាប់​ខ្ញុំ​និង​ជន​រួម​ជាតិ​របស់​ខ្ញុំ។ សូម​មេត្តា​ជួយ​យើង​ខ្ញុំ​ផង›។ ស្ដេច​សួរ​ថា​៖ ​«​តើ​អ្នក​ណា​ហ៊ាន​ធ្វើ​ដូច្នេះ?​»។ នាង​ឆ្លើយ​ថា​៖ ‹គឺ​ហាម៉ាន​ដ៏​អាក្រក់​នេះ!›។ ស្ដេច​អាហាស៊ូរុស​ខឹង​ខ្លាំង​ណាស់ ក៏​បញ្ជា​ឲ្យ​គេ​សម្លាប់​ហាម៉ាន​ភ្លាម​ៗ។

យ៉ាង​ណា​ក៏​ដោយ គ្មាន​អ្នក​ណា​អាច​លុប​ច្បាប់​របស់​ហាម៉ាន​បាន​ទេ សូម្បី​តែ​ស្ដេច។ ដូច្នេះ ស្ដេច​បាន​តែង​តាំង​ម៉ាដេកាយ​ជា​ប្រមុខ​នៃ​ពួក​មន្ត្រី ហើយ​ឲ្យ​គាត់​មាន​សិទ្ធិ​ចេញ​ច្បាប់​ថ្មី។ ម៉ាដេកាយ​បាន​ចេញ​ច្បាប់​ឲ្យ​ជនជាតិ​យូដា​ប្រយុទ្ធ​ការ​ពារ​ខ្លួន នៅ​ថ្ងៃ​ដែល​មាន​ការ​វាយ​ប្រហារ។ នៅ​ថ្ងៃ​ទី​១៣ ខែ​អេដា ជនជាតិ​យូដា​បាន​វាយ​ឈ្នះ​ពួក​សត្រូវ។ ចាប់​ពី​ពេល​នោះ​មក ពួក​គេ​ធ្វើ​ពិធី​ជ័យ​ជម្នះ​នេះ​ជា​រៀង​រាល់​ឆ្នាំ។

​«​អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​នាំ​ទៅ​ឯ​ពួក​អភិបាល​និង​បណ្ដា​ស្ដេច ដោយ​សារ​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អាច​ធ្វើ​ជា​សាក្សី​អំពី​ខ្ញុំ​នៅ​ចំពោះ​មុខ​ពួក​គេ​និង​ជន​ជាតិ​ដទៃ​»។—ម៉ាថាយ ១០:១៨