លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២០

សេចក្ដីវេទនា៦យ៉ាងទៀត

សេចក្ដីវេទនា៦យ៉ាងទៀត

ម៉ូសេ​និង​អេរ៉ុន​បន្ត​ប្រាប់​ប្រសាសន៍​ពី​ព្រះ​យេហូវ៉ា ដល់​ផារ៉ូ​ថា​៖ ‹បើ​អ្នក​មិន​ព្រម​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ចេញ​ទៅ​ទេ នោះ​ខ្ញុំ​នឹង​ចាត់​សត្វ​របោម​ឲ្យ​មាន​ពេញ​ពាស​ក្នុង​ស្រុក​នេះ›។ បន្ទាប់​មក សត្វ​របោម​ហើរ​ទាំង​ហ្វូង​ៗ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ជន​ជាតិ​អេហ្ស៊ីប ទាំង​អ្នក​មាន​ទាំង​អ្នក​ក្រ។ ទឹក​ដី​ទាំង​មូល​ពេញ​ទៅ​ដោយ​សត្វ​របោម។ ប៉ុន្តែ តំបន់​កូសែន​ដែល​ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ គ្មាន​សត្វ​របោម​ទាល់​តែ​សោះ។ ចាប់​ពី​សេចក្ដី​វេទនា​ទី​៤​នេះ​ទៅ មាន​តែ​ជន​ជាតិ​អេហ្ស៊ីប​ប៉ុណ្ណោះ ដែល​រង​អន្តរាយ។ ផារ៉ូ​និយាយ​ថា​៖ ‹ចូរ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ដក​សត្វ​របោម​ចេញ​ពី​យើង​ទៅ នោះ​យើង​នឹង​ដោះ​លែង​រាស្ត្រ​របស់​លោក›។ ប៉ុន្តែ ពេល​ព្រះ​យេហូវ៉ា​ដក​សត្វ​របោម​ចេញ ផារ៉ូ​បាន​ដូរ​ចិត្ត​វិញ។ តើ​ពេល​ណា​ទើប​ផារ៉ូ​ចេះ​រាង​ចាល?

ព្រះ​យេហូវ៉ា​ប្រាប់​ថា​៖ ‹បើ​ផារ៉ូ​មិន​ព្រម​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ចេញ​ទៅ​ទេ ហ្វូង​សត្វ​របស់​ជន​ជាតិ​អេហ្ស៊ីប​នឹង​ឈឺ​ហើយ​ស្លាប់›។ នៅ​ថ្ងៃ​បន្ទាប់ សត្វ​របស់​ពួក​គេ​ចាប់​ផ្ដើម​ស្លាប់។ ប៉ុន្តែ សត្វ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ស្លាប់​ទេ។ យ៉ាង​ណា​ក៏​ដោយ ផារ៉ូ​នៅ​តែ​រឹង​រូស​មិន​ព្រម​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ឡើយ។

រួច​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ឲ្យ​ត្រឡប់​ទៅ​ជួប​ផារ៉ូ​វិញ ហើយ​ឲ្យ​ម៉ូសេ​បាច​ផេះ​ទៅ​ក្នុង​ខ្យល់។ ផេះ​ទាំង​នោះ​ក៏​ក្លាយ​ជា​ធូលី ហុយ​ពេញ​ទី​អាស្រ័យ​នៅ​របស់​ជន​ជាតិ​អេហ្ស៊ីប ហើយ​បណ្ដាល​ឲ្យ​ពួក​គេ​និង​សត្វ​ពួក​គេ​កើត​បូស​ហៀរ​ខ្ទុះ​ទាំង​អស់។ ប៉ុន្តែ ផារ៉ូ​នៅ​តែ​មិន​ព្រម​ដោះ​លែង​ជន​ជាតិ​អ៊ីស្រាអែល។

ព្រះ​យេហូវ៉ា​បាន​ចាត់​ម៉ូសេ​ឲ្យ​ទៅ​ប្រាប់​ផារ៉ូ​ថា​៖ ‹បើ​អ្នក​នៅ​តែ​រឹង​ទទឹង​មិន​ព្រម​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ចេញ​ទៅ​ទេ ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ដុំ​ទឹក​កក​ធ្លាក់​មក​លើ​ស្រុក​នេះ›។ លុះ​ស្អែក​ឡើង ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ដុំ​ទឹក​កក ផ្គរ​លាន់ និង​ភ្លើង។ នោះ​គឺ​ជា​ព្យុះ​អាក្រក់​បំផុត ដែល​មិន​ធ្លាប់​មាន​ពី​មុន​ក្នុង​ស្រុក​អេហ្ស៊ីប។ ដើម​ឈើ​និង​ដំណាំ​ទាំង​អស់​បាន​ត្រូវ​បំផ្លាញ លើក​លែង​តែ​នៅ​តំបន់​កូសែន។ ផារ៉ូ​បាន​និយាយ​ថា​៖ ‹ចូរ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​បញ្ឈប់​ការ​នេះ! រួច​ខ្ញុំ​នឹង​ឲ្យ​ពួក​អ្នក​ចេញ​ទៅ›។ ប៉ុន្តែ ពេល​ឈប់​មាន​ដុំ​ទឹក​កក​និង​ភ្លៀង​ទៀត ផារ៉ូ​ក៏​ផ្លាស់​ប្ដូរ​ចិត្ត។

បន្ទាប់​មក ម៉ូសេ​ប្រាប់​ថា​៖ ‹ឥឡូវ​សត្វ​កណ្ដូប​នឹង​មក​ស៊ី​ផល​ដំណាំ​ទាំង​អស់​ដែល​នៅ​សល់​ពី​ព្យុះ​ទឹក​កក›។ រួច​មក កណ្ដូប​រាប់​លាន​ក្បាល​បាន​មក​ស៊ី​អ្វី​ៗ​ទាំង​អស់ ដែល​នៅ​សេស​សល់​ក្នុង​ស្រែ​ចម្ការ និង​ដើម​ឈើ​ផ្សេង​ៗ។ ផារ៉ូ​បាន​ពោល​ថា​៖ ‹ចូរ​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ដក​សត្វ​កណ្ដូប​ចេញ›។ ប៉ុន្តែ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បណ្ដេញ​កណ្ដូប​ទាំង​នោះ​ចេញ ផារ៉ូ​នៅ​តែ​រឹង​រូស​ដដែល។

បន្ទាប់​មក ព្រះ​យេហូវ៉ា​បង្គាប់​ម៉ូសេ​ថា​៖ ​«​ចូរ​លើក​ដៃ​ទៅ​លើ​មេឃ​»។ រំពេច​នោះ មេឃ​ក៏​ងងឹត​សូន្យសុង។ អស់​រយៈ​ពេល​បី​ថ្ងៃ ជន​ជាតិ​អេហ្ស៊ីប​មិន​អាច​មើល​អ្វី​ឃើញ​ឡើយ។ មាន​តែ​ផ្ទះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ប៉ុណ្ណោះ ដែល​មាន​ពន្លឺ​ដូច​ធម្មតា។

ផារ៉ូ​ប្រាប់​ម៉ូសេ​ថា​៖ ‹យើង​ឲ្យ​ពួក​អ្នក​ចេញ​ទៅ​បាន។ តែ​យើង​មិន​ឲ្យ​សត្វ​របស់​ពួក​អ្នក​ចេញ​ទៅ​ទេ›។ ម៉ូសេ​និយាយ​ថា​៖ ‹យើង​ត្រូវ​យក​សត្វ​របស់​យើង​ទៅ​ជា​មួយ ដើម្បី​យើង​អាច​ជូន​សត្វ​ទាំង​នោះ​ជា​គ្រឿង​បូជា​ដល់​ព្រះ​របស់​យើង›។ ឮ​ដូច្នេះ ផារ៉ូ​ខឹង​ខ្លាំង​ណាស់ ហើយ​ស្រែក​ថា​៖ ‹ចូរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​ខ្ញុំ​ទៅ! បើ​ខ្ញុំ​ឃើញ​អ្នក​ទៀត ខ្ញុំ​នឹង​សម្លាប់​អ្នក​ចោល›។

​«​អ្នក​រាល់​គ្នា​នឹង​ឃើញ​ម្ដង​ទៀត​នូវ​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត ហើយ​រវាង​អ្នក​ដែល​បម្រើ​ព្រះ​និង​អ្នក​ដែល​មិន​បម្រើ​ព្រះ​»។—ម៉ាឡាគី ៣:១៨