ដើមកំណើត ៤៧:១-៣១

  • យ៉ាកុប​ជួប​ផារ៉ូ (​១​-​១២)

  • ការ​ចាត់​ចែង​ដ៏​ឈ្លាស​វៃ​របស់​យ៉ូសែប (​១៣​-​២៦)

  • ជន​ជាតិ​អ៊ីស្រាអែល​តាំង​លំនៅ​ក្នុង​តំបន់​កូសែន (​២៧​-​៣១)

៤៧  ក្រោយ​មក យ៉ូសែប​បាន​ទៅ​ជម្រាប​ផារ៉ូ​ថា​៖+ ​«​ឪពុក​និង​បង​ប្អូន​ខ្ញុំ​បាន​មក​ដល់​ទឹក​ដី​កូសែន​ហើយ ពួក​គាត់​បាន​នាំ​យក​ហ្វូង​ចៀម​ហ្វូង​គោ​និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​ពួក​គាត់​មាន​ពី​ស្រុក​កាណាន​មក​ជា​មួយ​ដែរ​»។+ ២  ពេល​នោះ យ៉ូសែប​បាន​នាំ​បង​ប្អូន​គាត់​ប្រាំ​នាក់​ទៅ​ជួប​ផារ៉ូ។+ ៣  ផារ៉ូ​បាន​សួរ​បង​ប្អូន​នោះ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?​»។ ពួក​គេ​បាន​តប​ទៅ​ផារ៉ូ​ថា​៖ ​«​ពួក​ខ្ញុំ​បាទ​ជា​គង្វាល​ចៀម ដូច​បុព្វ​បុរស​ពួក​ខ្ញុំ​បាទ​ដែរ​»។+ ៤  ពួក​គេ​បាន​និយាយ​បន្ថែម​ថា​៖ ​«​ពួក​ខ្ញុំ​បាទ​សុំ​មក​ជ្រក​កោន​ជា​ជន​បរទេស​នៅ​ទឹក​ដី​នេះ​ផង+ ព្រោះ​នៅ​ស្រុក​កាណាន​មាន​ការ​អត់​ឃ្លាន​ខ្លាំង​ណាស់ ហើយ​នៅ​ទី​នោះ​គ្មាន​វាល​ស្មៅ​សម្រាប់​ហ្វូង​សត្វ​ទេ។+ ដូច្នេះ សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​បាទ​រស់​នៅ​ក្នុង​ទឹក​ដី​កូសែន​ផង​»។+ ៥  ពេល​នោះ ផារ៉ូ​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​ឥឡូវ​ឪពុក​និង​បង​ប្អូន​អ្នក​បាន​មក​ឯ​អ្នក​ហើយ។ ៦  អ្នក​កំពុង​គ្រប់​គ្រង​លើ​ស្រុក​អេហ្ស៊ីប​នេះ​ស្រាប់ ដូច្នេះ សូម​ឲ្យ​ឪពុក​និង​បង​ប្អូន​អ្នក​អាស្រ័យ​នៅ​លើ​ទឹក​ដី​កូសែន ជា​កន្លែង​ល្អ​បំផុត​ក្នុង​ស្រុក​នេះ​ទៅ។+ មួយ​វិញ​ទៀត បើ​អ្នក​ឃើញ​ថា​មាន​អ្នក​ណា​ក្នុង​ចំណោម​ពួក​គេ​មាន​សមត្ថភាព ចូរ​តែង​តាំង​អ្នក​ទាំង​នោះ​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ហ្វូង​សត្វ​របស់​ខ្ញុំ​ទៅ​»។ ៧  បន្ទាប់​មក យ៉ូសែប​បាន​នាំ​យ៉ាកុប​ជា​ឪពុក ចូល​ទៅ​ជួប​ផារ៉ូ​ដែរ ហើយ​យ៉ាកុប​បាន​ជូន​ពរ​ផារ៉ូ។ ៨  ផារ៉ូ​បាន​សួរ​យ៉ាកុប​ថា​៖ ​«​តើ​អ្នក​មាន​អាយុ​ប៉ុន្មាន​ហើយ?​»។ ៩  យ៉ាកុប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មាន​អាយុ​១៣០​ឆ្នាំ​ហើយ តែ​មិន​វែង​ដូច​អាយុ​របស់​បុព្វ​បុរស​ខ្ញុំ​ទេ។+ ជីវិត​ខ្ញុំ​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់។ ខ្ញុំ​និង​បុព្វ​បុរស​ខ្ញុំ​ត្រូវ​រស់​នៅ​ដោយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»។+ ១០  បន្ទាប់​ពី​នោះ យ៉ាកុប​បាន​ជូន​ពរ​ផារ៉ូ រួច​ក៏​លា​ផារ៉ូ​ចេញ​ទៅ។ ១១  ដូច្នេះ យ៉ូសែប​បាន​ឲ្យ​ទឹក​ដី​ដ៏​ល្អ​បំផុត​ដល់​ឪពុក​និង​បង​ប្អូន​គាត់​តាម​បង្គាប់​ផារ៉ូ គឺ​ជា​តំបន់​រ៉ាមស៊ីស*+ ក្នុង​ស្រុក​អេហ្ស៊ីប។ ១២  បន្ថែម​ទៀត យ៉ូសែប​បាន​ផ្គត់​ផ្គង់​ស្បៀងអាហារ​ដល់​ឪពុក​និង​បង​ប្អូន​គាត់ ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​ឪពុក​គាត់ ទៅ​តាម​ចំនួន​កូន​ចៅ​របស់​ពួក​គេ។ ១៣  នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​គ្មាន​អ្វី​បរិភោគ​ទេ ព្រោះ​មាន​ការ​អត់​ឃ្លាន​ជា​ខ្លាំង។ អំណត់​នោះ​គឺ​ខ្លាំង​ដល់​ម្ល៉េះ រហូត​ដល់​អ្នក​ស្រុក​អេហ្ស៊ីប​និង​អ្នក​ស្រុក​កាណាន​ល្វើយ​រីង​រៃ។+ ១៤  អ្នក​ស្រុក​កាណាន​និង​អ្នក​ស្រុក​អេហ្ស៊ីប​ចេះ​តែ​យក​ប្រាក់​មក​ទិញ​ស្បៀងអាហារ​ពី​យ៉ូសែប+ ហើយ​យ៉ូសែប​បាន​ប្រមូល​ប្រាក់​ទាំង​នោះ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​ទ្រព្យ​របស់​ផារ៉ូ។ ១៥  ពេល​ពួក​គេ​បាន​ចំណាយ​ប្រាក់​អស់​ហើយ ពួក​គេ​បាន​មក​អង្វរ​សុំ​យ៉ូសែប​ថា​៖ ​«​សូម​មេត្តា​ឲ្យ​អាហារ​យើង​ផង! យើង​អស់​ប្រាក់​រលីង​ហើយ។ តើ​មាន​ប្រយោជន៍​អ្វី​បើ​យើង​ស្លាប់​នៅ​មុខ​លោក?​»។ ១៦  យ៉ូសែប​បាន​ឆ្លើយ​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ទេ អ្នក​រាល់​គ្នា​អាច​យក​ហ្វូង​សត្វ​មក​ប្ដូរ​នឹង​ស្បៀងអាហារ​ក៏​បាន​»។ ១៧  ដូច្នេះ នៅ​ឆ្នាំ​នោះ​ពួក​គេ​បាន​យក​សត្វ​ដែល​ខ្លួន​ចិញ្ចឹម គឺ​សេះ លា ចៀម ពពែ និង​គោ មក​ប្រគល់​ឲ្យ​យ៉ូសែប​ដើម្បី​ប្ដូរ​យក​ស្បៀងអាហារ ហើយ​យ៉ូសែប​ក៏​ប្រគល់​ស្បៀងអាហារ​ដល់​ពួក​គេ​វិញ។ ១៨  លុះ​ផុត​ឆ្នាំ​នោះ អ្នក​ស្រុក​ទាំង​នោះ​បាន​មក​អង្វរ​យ៉ូសែប​ថា​៖ ​«​យើង​សូម​ជម្រាប​លោក​ម្ចាស់​តាម​ត្រង់​ថា ប្រាក់​របស់​យើង​អស់​ហើយ។ ឯ​ហ្វូង​សត្វ​វិញ យើង​ក៏​បាន​ប្រគល់​ជូន​លោក​ម្ចាស់​អស់​ដែរ។ យើង​គ្មាន​សល់​អ្វី​ទៀត​ទេ មាន​តែ​ដី​ស្រែ​និង​ខ្លួន​ប្រាណ​ប៉ុណ្ណោះ។ ១៩  សូម​លោក​មេត្តា​កុំ​ឲ្យ​យើង​ដាច់​ពោះ​ស្លាប់​អី ហើយ​ក៏​កុំ​ទុក​ដី​ស្រែ​យើង​ឲ្យ​នៅ​ទទេ​ដែរ។ សូម​លោក​ទិញ​ខ្លួន​យើង​និង​ដី​ស្រែ​យើង ដើម្បី​យើង​អាច​បាន​អាហារ​បរិភោគ។ ដី​ស្រែ​ទាំង​នោះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ផារ៉ូ ឯ​យើង​នឹង​ធ្វើ​ជា​ខ្ញុំ​បម្រើ​ផារ៉ូ។ បន្ថែម​ទៀត សូម​លោក​មេត្តា​ផ្ដល់​គ្រាប់​ពូជ​ដល់​យើង ដើម្បី​យើង​អាច​សាប​ព្រោះ​លើ​ដី​នោះ ហើយ​បន្ត​រស់​រាន​មាន​ជីវិត​»។ ២០  ដូច្នេះ យ៉ូសែប​ក៏​ព្រម​ទិញ​ដី​ស្រែ​ទាំង​អស់​ពី​ពួក​អេហ្ស៊ីប ព្រោះ​ក្នុង​ស្រុក​មាន​ការ​អត់​ឃ្លាន​ជា​ខ្លាំង។ ម្ល៉ោះ​ហើយ ដី​ស្រែ​ទាំង​អស់​របស់​ពួក​គេ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ផារ៉ូ​ទៅ។ ២១  ក្រោយ​នោះ យ៉ូសែប​បាន​ឲ្យ​បណ្ដា​ជន​ដែល​រស់​នៅ​តាម​ជនបទ ទៅ​រស់​នៅ​ក្នុង​ក្រុង​នា​នា​ទូ​ទាំង​ស្រុក​អេហ្ស៊ីប។+ ២២  ចំណែក​ពួក​សង្ឃ​នៅ​ក្នុង​ស្រុក​នោះ ពួក​គេ​មិន​បាន​លក់​ដី​ស្រែ​របស់​ខ្លួន​ទេ+ ព្រោះ​ពួក​គេ​បាន​ទទួល​របប​អាហារ​ពី​ផារ៉ូ។ ហេតុ​នេះ​ហើយ​បាន​ជា​យ៉ូសែប​មិន​បាន​ទិញ​ដី​ស្រែ​ពី​ពួក​គេ។ ២៣  បន្ទាប់​មក យ៉ូសែប​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​មើល! ថ្ងៃ​នេះ​ខ្ញុំ​បាន​ទិញ​អ្នក​រាល់​គ្នា​និង​ដី​ស្រែ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដល់​ផារ៉ូ​ហើយ។ នេះ​ជា​គ្រាប់​ពូជ សូម​អ្នក​រាល់​គ្នា​យក​ទៅ​សាប​ព្រោះ​ចុះ។ ២៤  លុះ​ដល់​រដូវ​ប្រមូល​ផល សូម​អ្នក​រាល់​គ្នា​យក​ផល​១​ភាគ​៥​មក​ប្រគល់​ឲ្យ​ផារ៉ូ។+ ចំណែក​៤​ភាគ​ដែល​នៅ​សល់ សូម​អ្នក​រាល់​គ្នា​ទុក​ធ្វើ​ពូជ​សាប​ព្រោះ​នៅ​ពេល​ក្រោយ ហើយ​ទុក​ជា​អាហារ​សម្រាប់​អ្នក​រាល់​គ្នា​និង​កូន​ៗ ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​អ្នក​រាល់​គ្នា​ទៅ​»។ ២៥  ដូច្នេះ ពួក​គេ​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់​បាន​សង្គ្រោះ​ជីវិត​យើង​ខ្ញុំ​ហើយ។+ បើ​លោក​ម្ចាស់​ពេញ​ចិត្ត​នឹង​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ផារ៉ូ​»។+ ២៦  បន្ទាប់​មក យ៉ូសែប​បាន​ចេញ​ច្បាប់​មួយ​នៅ​ស្រុក​អេហ្ស៊ីប​ដែល​មាន​សុពលភាព​រហូត​ដល់​សព្វ​ថ្ងៃ។ ច្បាប់​នោះ​គឺ​ថា​ភោគ​ផល​១​ភាគ​៥​ពី​ដី​ស្រែ​ទាំង​អស់ ត្រូវ​ជា​របស់​ផារ៉ូ។ មាន​តែ​ដី​ស្រែ​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ផារ៉ូ។+ ២៧  ជន​ជាតិ​អ៊ីស្រាអែល​បាន​បន្ត​ស្នាក់​នៅ​លើ​តំបន់​កូសែន​ក្នុង​ស្រុក​អេហ្ស៊ីប+ ហើយ​កូន​ចៅ​ពួក​គេ​ចេះ​តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ។+ ២៨  យ៉ាកុប​បាន​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​អស់​រយៈ​ពេល​១៧​ឆ្នាំ អាយុ​សរុប​របស់​គាត់​គឺ​១៤៧​ឆ្នាំ។+ ២៩  ពេល​អ៊ីស្រាអែល​ដឹង​ថា​ខ្លួន​ជិត​ស្លាប់+ គាត់​ក៏​ហៅ​យ៉ូសែប​មក​ផ្ដាំ​ផ្ញើ​ថា​៖ ​«​បើ​កូន​បង្ហាញ​សេ​ច​ក្ដី​មេត្តា សេ​ច​ក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ពុក នោះ​សូម​កូន​ដាក់​ដៃ​ក្រោម​ភ្លៅ​ពុក ហើយ​សន្យា​នឹង​ពុក​ថា កូន​នឹងមិន​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​នេះ​ទេ។+ ៣០  ពេល​ពុក​ស្លាប់ កូន​ត្រូវ​យក​សព​ពុក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ទៅ​បញ្ចុះ​នៅ​ក្នុង​ទី​បញ្ចុះ​សព​ជា​មួយ​នឹង​បុព្វ​បុរស​ពុក​កុំ​ខាន​»។+ យ៉ូសែប​ក៏​ឆ្លើយ​ថា​៖ ​«​កូន​នឹង​ធ្វើ​តាម​ការ​ផ្ដែ​ផ្ដាំ​របស់​ពុក​»។ ៣១  រួច​អ៊ីស្រាអែល​និយាយ​ថា​៖ ​«​សូម​កូន​ស្បថ​ឲ្យ​ពុក​មក​»។ ដូច្នេះ យ៉ូសែប​ក៏​ស្បថ​ឲ្យ​គាត់។+ រួច​មក នៅ​លើ​ក្បាល​គ្រែ អ៊ីស្រាអែល​ក្រាប​គោរព​ព្រះ។+

កំណត់សម្គាល់

ប្រហែល​ជា​តំបន់​មួយ​ក្នុង​ទឹក​ដី​កូសែន ឬ​ឈ្មោះ​មួយ​ទៀត​នៃ​ទឹក​ដី​កូសែន