លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

និយមន័យពាក្យក្នុងគម្ពីរ

  • កណ្ដូប

    ជា​ប្រភេទ​សត្វ​ដែល​បន្លាស់​ទី​ជា​ហ្វូង​ធំ។ តាម​ច្បាប់​ម៉ូសេ កណ្ដូប​ជា​សត្វ​ស្អាត​ដែល​អាច​យក​មក​បរិភោគ​បាន។ កណ្ដូប​មួយ​ហ្វូង​ធំ​អាច​ស៊ី​បំផ្លាញ​អ្វី​ៗ​ទាំង​អស់​នៅ​តាម​ផ្លូវ​ដែល​ពួក​វា​ធ្វើ​ដំណើរ ហើយ​ពួក​វា​បណ្ដាល​ឲ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ។ គេ​ចាត់​ទុក​ពួក​វា​ថា​ជា​មហន្តរាយ​មួយ។—ដច ១០:១៤; ម៉ាថ ៣:៤

  • កន្លែង​កាត់​ក្ដី

    ជា​វេទិកា​ដែល​នៅ​ខាង​ក្រៅ មាន​ជណ្ដើរ​ឡើង ហើយ​មាន​ពួក​មន្ត្រី​អង្គុយ​នៅ​ទី​នោះ។ ពួក​គេ​និយាយ​ទៅ​កាន់​បណ្ដា​ជន​និង​ប្រកាស​អំពី​ការ​សម្រេច​ក្ដី​របស់​ពួក​គេ។ ពាក្យ​«​កន្លែង​កាត់​ក្ដី​របស់​ព្រះ​»​និង​«​កន្លែង​កាត់​ក្ដី​របស់​គ្រិស្ត​»​ ជា​តំណាង​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​វិនិច្ឆ័យ​មនុស្សជាតិ។—រ៉ូម ១៤:១០; ២កូ ៥:​១០; យ៉ូន ១៩:១៣

  • កន្លែង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា

    ជា​កន្លែង​ដែល​មាន​រណ្ដៅ​ពីរ ដែល​បាន​ត្រូវ​ធ្វើ​ពី​ថ្ម​កំបោរ។ រណ្ដៅ​មួយ​ខ្ពស់​ជាង​រណ្ដៅ​មួយ​ទៀត ហើយ​មាន​ចង្អូរ​មួយ​ភ្ជាប់​រវាង​រណ្ដៅ​ពីរ​នោះ។ ពេល​គេ​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​នៅ​រណ្ដៅ​ដែល​ខ្ពស់​ជាង នោះ​ទឹក​ទំពាំង​បាយ​ជូរ​ក៏​ហូរ​ទៅ​រណ្ដៅ​ដែល​ទាប​ជាង។ ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ក្នុង​ន័យ​ធៀប​សម្រាប់​ការ​វិនិច្ឆ័យ​ទោស​ពី​ព្រះ។—អេ ៥:​២; បប ១៩:១៥

  • កន្លែង​បរិសុទ្ធ

    ជា​កន្លែង​ទុក​សម្រាប់​គោរព​ប្រណិប័តន៍ ហើយ​ច្រើន​តែ​សំដៅ​លើ​ត្រសាល​ឬ​វិហារ​នៅ​ក្រុង​យេរូសាឡិម។ ពាក្យ​នេះ​ក៏​បាន​ត្រូវ​ប្រើ​ជា​លំនៅ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​ដែរ។—ដច ២៥:៨, ៩; ២បស ១០:​២៥; ១ប្រ ២៨:១០; បប ១១:១៩

  • កន្លែង​បរិសុទ្ធ​បំផុត

    ជា​បន្ទប់​ខាង​ក្នុង​បំផុត​នៃ​ត្រសាល​និង​វិហារ។ នោះ​ជា​បន្ទប់​ដែល​មាន​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។ យោង​តាម​ច្បាប់​ម៉ូសេ មាន​តែ​សម្ដេច​សង្ឃ​ប៉ុណ្ណោះ​ដែល​អាច​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​បាន ហើយ​គាត់​ចូល​មួយ​ឆ្នាំ​ម្ដង​នៅ​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង។—ដច ២៦:​៣៣; ចល ១៦:២, ១៧; ១បស ៦:១៦; ហេ ៩:៣

  • កាណាន

    ជា​កូន​ទី​៤​របស់​ហាំ និង​ត្រូវ​ជា​ចៅ​របស់​ណូអេ។ ក្រោយ​មក​មាន​១១​កុល​សម្ព័ន្ធ ដែល​ជា​តំណ​កូន​ចៅ​របស់​កាណាន។ កុល​សម្ព័ន្ធ​ទាំង​នោះ​តាំង​លំនៅ​ក្នុង​តំបន់​តាម​បណ្ដោយ​សមុទ្រ​មេឌីទែរ៉ានេ​ខាង​កើត ដែល​ស្ថិត​នៅ​រវាង​ស្រុក​អេហ្ស៊ីប​និង​ស្រុក​ស៊ីរី។ តំបន់​នោះ​ហៅ​ថា​«​ស្រុក​កាណាន​»​ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ៤​)។—ចល ១៨:៣; ដក ៩:១៨; សកម្ម ១៣:១៩

  • កាប

    ជា​រង្វាស់​រង្វាល់​វត្ថុ​ស្ងួត​ដែល​ស្មើ​នឹង​១,២២​លីត្រ។ នេះ​ជា​ការ​គណនា​តាម​បរិមាណ​រង្វាល់​បាត (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—២បស ៦:២៥

  • ការ​កាត់​ចុង​ស្បែក

    ជា​ការ​កាត់​ស្បែក​ត្រង់​ចុង​អវយវៈ​ភេទ​របស់​បុរស។ នេះ​ជា​បង្គាប់​ដែល​អាប្រាហាំ​និង​កូន​ចៅ​របស់​គាត់​ត្រូវ​ធ្វើ​តាម។ ចំណែក​ពាក្យ​«​ការ​មិន​កាត់​ចុង​ស្បែក​»​ ពេល​ខ្លះ​បាន​ត្រូវ​ប្រើ​ជា​ពាក្យ​មើល​ងាយ​ចំពោះ​មនុស្ស​ដែល​គោរព​បូជា​ព្រះ​មិន​ពិត។ ប៉ុន្តែ ការ​កាត់​ចុង​ស្បែក​មិន​មែន​ជា​តម្រូវ​ការ​សម្រាប់​គ្រិស្ត​សាសនិក​ឡើយ។ នៅ​បរិបទ​ខ្លះ ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ក្នុង​ន័យ​ធៀប។—ដក ១៧:១០; ១កូ ៧:១៩; ភី ៣:៣

  • ការ​ក្បត់​ជំនឿ

    ពាក្យ​នេះ​ជា​ភាសា​ក្រិច​អាផូស្តាសៀ (​a·po·sta·siʹa​) មក​ពី​កិរិយាសព្ទ​ដែល​មាន​ន័យ​ត្រង់​ថា​«​ឈរ​ឆ្ងាយ​ពី​»។ ពេល​ពាក្យ​នេះ​ប្រើ​ជា​នាម នោះ​មាន​ន័យ​ថា​«​ការ​បោះ​បង់​»​ ​«​រត់​ចោល​»​ ឬ​«​ការ​បះ​បោរ​»។ ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច ពាក្យ​«​ការ​ក្បត់​ជំនឿ​»​ ជា​ចម្បង​បាន​ត្រូវ​ប្រើ​សម្រាប់​អ្នក​ដែល​បោះ​បង់​ការ​គោរព​ប្រណិប័តន៍​ពិត​ដើម្បី​យក​ការ​គោរព​ប្រណិប័តន៍​ផ្សេង។—សុភ ១១:​៩; សកម្ម ២១:២១; ២ថែ ២:៣

  • ការ​ជម្រះ​ភាព​ខុស​ឆ្គង

    ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ ការ​ជម្រះ​ភាព​ខុស​ឆ្គង​ជាប់​ទាក់​ទង​នឹង​ការ​ជូន​គ្រឿងបូជា ដើម្បីឲ្យ​បណ្ដា​ជន​ចូល​ទៅ​ជិត​ព្រះ​និង​គោរព​ប្រណិប័តន៍​លោក។ តាម​ច្បាប់​ម៉ូសេ តម្រូវ​ឲ្យ​មាន​ការ​ជូន​គ្រឿង​បូជា ជា​ពិសេស​នៅ​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង​ប្រចាំ​ឆ្នាំ ដើម្បី​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ ទោះ​ជា​មនុស្ស​ម្នាក់​ៗ​ឬ​ប្រជាជាតិ​ទាំង​មូល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ក៏​ដោយ។ គ្រឿង​បូជា​ទាំង​នេះ​បង្ហាញ​ទុក​ជា​មុន​អំពី​គ្រឿង​បូជា​របស់​លោក​យេស៊ូ ដែល​បាន​ជម្រះ​ភាព​ខុស​ឆ្គង​របស់​មនុស្សជាតិ​មួយ​ដង​ជា​ការ​ស្រេច។ នេះ​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​អាច​ផ្សះ​ផ្សា​ឬ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—ចល ៥:១០; ២៣:២៨; កូឡ ១:២០; ហេ ៩:១២

  • ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណអាក្រក់

    មក​ពី​ការ​ជឿ​ថា​វិញ្ញាណ​របស់​មនុស្ស​ស្លាប់​បន្ត​រស់ ហើយ​ជឿ​ថា​វិញ្ញាណ​ទាំង​នោះ​អាច​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ដែល​នៅ​រស់ ជា​ពិសេស​តាម​រយៈ​គ្រូ​ខាប​ដែល​ទទួល​អំណាច​ពី​ពួក​វិញ្ញាណ។ ​«​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​»​ ជា​ភាសា​ក្រិច​ផាម៉ាគីអា (​phar·ma·ki​ʹ​a​) ដែល​មាន​ន័យ​ត្រង់​ថា​«​ការ​ប្រើ​ថ្នាំ​»។ ក្រោយ​មក ពាក្យ​នេះ​បាន​ត្រូវ​ផ្សារ​ភ្ជាប់​នឹង​ជំនឿ​លើ​ពួក​វិញ្ញាណ​អាក្រក់ ដោយ​សារ​នៅ​សម័យ​បុរាណ ពេល​គេ​បួងសួង​សុំ​អំណាច​ពី​ពួក​វិញ្ញាណ​កំណាច​ដើម្បី​ធ្វើ​អំពើ​ធ្មប់ គេ​តែង​តែ​ប្រើ​ថ្នាំ។—កាឡ ៥:២០; បប ២១:៨

  • ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

    ជា​ការ​រស់​ពី​ស្លាប់។ ពាក្យ​ភាសា​ក្រិច​អេណាស្តាស៊ីស (​a·na​ʹ​sta·sis​) មាន​ន័យ​ត្រង់​ថា​«​ការ​លើក​ឡើង​»​ ឬ​«​ការ​ក្រោក​ឈរ​»។ ក្នុង​គម្ពីរ​ប្រាប់​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​៩​ដង រួមទាំង​ពេល​ព្រះ​យេហូវ៉ា​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។ ទោះ​ជា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ផ្សេង​ទៀត​ធ្វើ​ឡើង​ដោយ​អេលីយ៉ា អេលីសេ លោក​យេស៊ូ ពេត្រុស និង​ប៉ូល​ក៏​ដោយ តែ​អព្ភូតហេតុ​ទាំង​នោះ​កើត​ឡើង​បាន​ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ។ ការ​ប្រោស​«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​»​​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គោល​បំណង​របស់​ព្រះ។ (​សកម្ម ២៤:១៥​) គម្ពីរ​ក៏​បាន​លើក​ឡើង​ដែរ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ ដោយ​ហៅ​នោះ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​«​មុន​គេ​»​ ឬ​«​មុន​ដំបូង​»​ នេះ​ទាក់​ទង​នឹង​បង​ប្អូន​របស់​គ្រិស្ត​ដែល​បានត្រូវ​រើស​តាំង។—ភី ៣:១១; បប ២០:៥, ៦; យ៉ូន ៥:២៨, ២៩; ១១:២៥

  • ការ​ផ្សះ​ផ្សា

    មើល​ពាក្យ​«​ការ​ជម្រះ​ភាព​ខុស​ឆ្គង​»។

  • កិច្ច​ព្រម​ព្រៀង

    ជា​កិច្ច​សន្យា​ផ្លូវ​ការ​រវាង​ព្រះ​និង​មនុស្ស ឬ​រវាង​មនុស្ស​និង​មនុស្ស ដោយ​សន្យា​ថា​ធ្វើ​ឬ​មិន​ធ្វើ​អ្វី​មួយ។ ពេល​ខ្លះ នេះ​ជា​សេចក្ដី​សន្យា​របស់​ភាគី​តែម្ខាង​ប៉ុណ្ណោះ​ថា​នឹង​ធ្វើ​តាម​ល័ក្ខខ័ណ្ឌ​ផ្សេង​ៗ។ ប៉ុន្តែ ជួន​កាល​ភាគី​ទាំង​ពីរ​ត្រូវ​អនុវត្ត​តាម​ល័ក្ខខ័ណ្ឌ​ដែល​បាន​ព្រម​ព្រៀង​គ្នា។ ក្រៅ​ពី​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​បាន​ធ្វើ​ជា​មួយ​នឹង​មនុស្ស គម្ពីរ​ក៏​បាន​លើក​ឡើង​អំពី​កិច្ច​ព្រម​ព្រៀង​រវាង​មនុស្ស កុល​សម្ព័ន្ធ ជន​ជាតិ ឬ​ក្រុម​មនុស្ស​ផង​ដែរ។ កិច្ច​ព្រម​ព្រៀង​ដែល​មាន​សុពលភាព​យូរ​អង្វែង គឺ​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ ជា​មួយ​នឹង​ដាវីឌ ជា​មួយ​នឹង​ប្រជាជាតិ​អ៊ីស្រាអែល (​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​) និង​ជា​មួយ​នឹង​អ៊ីស្រាអែល​នៃ​ព្រះ (​កិច្ច​ព្រម​ព្រៀង​ថ្មី​)។—ដក ៩:១១; ១៥:១៨; ២១:​២៧; ដច ២៤:៧; ២ប្រ ២១:៧

  • កូន​ច្បង

    ជា​កូន​ប្រុស​ដំបូង​របស់​ឪពុក (​មិន​មែន​កូន​ប្រុស​ដំបូង​របស់​ម្ដាយ​ទេ​)។ នៅ​សម័យ​គម្ពីរ កូន​ច្បង​មាន​កិត្តិយស​និង​តួ​នាទី​ស្នង​វង្ស​ត្រកូល​ក្រុម​គ្រួសារ។ បន្ទាប់​ពី​ឪពុក​ស្លាប់ កូន​ច្បង​នឹង​ទៅ​ជា​ប្រមុខ​ក្រុម​គ្រួសារ។ ពាក្យ​«​កូន​ដំបូង​»​បាន​ត្រូវ​ប្រើ​សម្រាប់​កូន​សត្វ​ឈ្មោល​ដំបូង។—ដច ១១:៥; ១៣:១២; ដក ២៥:​៣៣; កូឡ ១:១៥

  • កូន​មនុស្ស

    ពាក្យ​នេះ​មាន​ប្រហែល​៨០​ដង​ក្នុង​សៀវភៅ​ដំណឹង​ល្អ។ នេះ​ជា​ពាក្យ​សំដៅ​លើ​លោក​យេស៊ូ​គ្រិស្ត ហើយ​បង្ហាញ​ថា​លោក​បាន​កើត​មក​មាន​សាច់​ឈាម​ជា​មនុស្ស​ពិត​ប្រាកដ មិន​មែន​ជា​ទេវតា​ដែល​កាឡា​ខ្លួន​ជា​មនុស្ស​ទេ។ ពាក្យ​នេះ​ក៏​បង្ហាញ​ដែរ​ថា លោក​យេស៊ូ​នឹង​សម្រេច​ទំនាយ​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​ដានីយ៉ែល ៧:១៣, ១៤។ ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ចំពោះ​អេសេគាល​និង​ដានីយ៉ែល ដើម្បី​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​រវាង​អ្នក​នាំ​ពាក្យ​ទាំង​ពីរ​នាក់​នេះ​ដែល​ជា​មនុស្ស និង​ព្រះ​ដែល​ជា​អ្នក​ប្រាប់​ព័ត៌មាន​ដល់​ពួក​គេ។—អេគ ៣:១៧; ដាន ៨:១៧; ម៉ាថ ១៩:​២៨; ២០:២៨

  • កេម៉ូស

    ព្រះ​ដ៏​ធំ​បំផុត​របស់​ជន​ជាតិ​ម៉ូអាប់។—១បស ១១:៣៣

  • កេរ៉ា

    មាន​ទម្ងន់​ស្មើ​នឹង​០,៥៧​ក្រាម ហើយ​ស្មើ​នឹង​១​ភាគ​២០​ហ្សេគិល (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—ចល ២៧:២៥

  • កេហេណា

    ជា​ឈ្មោះ​ភាសា​ក្រិច​សម្រាប់​ជ្រលង​ហ៊ីណំ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​នៃ​ក្រុងយេរូសាឡិម​សម័យ​បុរាណ។ (​យេ ៧:៣១​) ទំនាយ​បញ្ជាក់​ថានឹង​មាន​សាក​សព​ជា​ច្រើន​នៅ​ទី​នោះ។ (​យេ ៧:​៣២; ១៩:៦​) គ្មាន​ទី​សំអាង​ដែល​បង្ហាញ​ថា​គេ​បោះ​សត្វ ឬ​មនុស្ស​ទៅ​ក្នុង​កេហេណា​ដើម្បី​ឲ្យ​ភ្លើង​ឆេះ​ទាំង​រស់ឬ​ឲ្យ​ទទួល​ទារុណកម្ម​ទេ។ ដូច្នេះ នោះ​មិន​អាច​ជា​តំណាង​កន្លែង​មួយ​ដែល​មនុស្ស​មើល​មិន​ឃើញ និង​ជា​កន្លែង​ដែល​ព្រលឹង​មនុស្ស​ត្រូវ​ទទួល​ទារុណកម្ម​ជា​រៀង​រហូត​ក្នុង​ភ្លើង​មែន​ទែន​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ប្រើ​ពាក្យ​កេហេណា​ជា​តំណាង​ទោស​ដែល​ជា​«​សេចក្ដី​ស្លាប់​ទី​២​»​ គឺ​ការ​បំផ្លាញ​ចោល​ដើម្បី​កុំ​ឲ្យ​មាន​ជា​រៀង​រហូត។—បប ២០:១៤; ម៉ាថ ៥:២២; ១០:២៨

  • ក្រិច

    ជា​ភាសា​ដែល​ពលរដ្ឋ​ក្រិច​ប្រើ​ប្រាស់ ហើយ​ក៏​ជា​ពាក្យ​ដែល​គេ​ហៅ​មនុស្ស​ដែល​កើត​នៅ​ប្រទេស​ក្រិច ឬ​មក​ពី​ក្រុម​គ្រួសារ​ដែល​មាន​ដើម​កំណើត​ជា​ជន​ជាតិ​ក្រិច។ ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច ពាក្យ​នេះ​មាន​អត្ថន័យ​ច្រើន ជួន​កាល​សំដៅ​លើ​អស់​អ្នក​ដែល​មិន​មែន​ជា​ជនជាតិ​យូដា ឬ​ពួក​អ្នក​ដែល​ទទួល​ឥទ្ធិពល​ពី​ភាសា​និង​វប្បធម៌​របស់​ក្រិច។—យ៉ូល ៣:៦; យ៉ូន ១២:២០

  • ក្រុង​ដាវីឌ

    ពី​មុន​ជា​ឈ្មោះ​ក្រុង​យេប៊ូស តែ​ក្រោយ​ពី​ដាវីឌ​បាន​វាយ​ឈ្នះ ហើយ​សង់​វិមាន​របស់​គាត់​នៅ​ទី​នោះ ក៏​ដាក់​ឈ្មោះ​ថា​ក្រុង​ដាវីឌ។ ក្រុង​នេះ​ក៏​ត្រូវ​ហៅ​ថា​ស៊ីយ៉ូន​ដែរ។ ក្រុង​នេះ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត​នៃ​ក្រុង​យេរូសាឡិម ដែល​ជា​ប៉ែក​ចាស់​បំផុត​នៃ​ក្រុង​នោះ។—២សាំ ៥:៧; ១ប្រ ១១:៤, ៥

  • ក្រុង​ពំនាក់

    ជា​ក្រុង​របស់​ពួក​លេវី ជា​កន្លែង​សម្រាប់​អ្នក​ដែល​សម្លាប់​មនុស្ស​ដោយ​អចេតនា អាច​រត់​ភៀស​ខ្លួន​ទៅ​នៅ​ទី​នោះ​ដើម្បី​រួច​ផុត​ពី​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក។ នៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ​បាន​សន្យា មាន​ក្រុង​ពំនាក់​ចំនួន​៦ ដែល​បាន​ត្រូវ​ជ្រើស​រើស​ដោយ​ម៉ូសេ ហើយ​ក្រោយ​មក​ដោយ​យ៉ូស្វេ តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា។ ពេល​ទៅ​ដល់​ក្រុង​ពំនាក់ អ្នកដែល​រត់​ភៀស​ខ្លួន​ត្រូវ​ប្រាប់​រឿង​រ៉ាវ​របស់​ខ្លួន​ដល់​ពួក​បុរស​ចាស់​ទុំ​នៅ​មាត់​ទ្វារ​ក្រុង។ បន្ទាប់​មក ពួក​បុរស​ចាស់​ទុំ​ត្រូវ​ទទួល​គាត់​ចូល​ក្នុង​ក្រុង។ រួច​មក អ្នក​ដែលរត់ភៀស​ខ្លួន​ត្រូវ​ទទួល​ការ​កាត់​ក្ដី​នៅ​ក្នុង​ក្រុង​ដែល​មាន​ឃាតកម្ម​កើត​ឡើង ដើម្បី​បង្ហាញ​ថា​គាត់​គ្មាន​កំហុស។ នេះ​ជៀស​វាង​កុំ​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​ចេតនា​កេង​យក​ប្រយោជន៍​ពី​ការ​រៀបចំ​នេះ។ ប្រសិន​បើ​គាត់​គ្មាន​កំហុស​មែន គាត់​អាច​ត្រឡប់​ទៅ​ក្រុង​ពំនាក់​វិញ​បាន ហើយ​គាត់​ត្រូវ​ស្នាក់​នៅ​ក្នុង​ក្រុង​នោះ​អស់​មួយ​ជីវិត ឬ​រហូត​ដល់​សម្ដេច​សង្ឃ​ស្លាប់។—ជប ៣៥:៦, ១១​-​១៥, ២២​-​២៩; យ៉ូស ២០:២​-​៨

  • ក្រុម​ជំនុំ

    ជា​ក្រុម​មនុស្ស​ជួប​ជុំ​គ្នា​ដោយ​មាន​គោល​បំណង​ឬ​សកម្មភាព​តែ​មួយ។ ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ ធម្មតា​សំដៅ​លើ​ប្រជាជាតិ​អ៊ីស្រាអែល។ ពេល​ខ្លះ ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច ពាក្យ​នេះ​សំដៅ​លើ​ក្រុម​ជំនុំ​នានា​របស់​គ្រិស្ត​សាសនិក ប៉ុន្តែ​ភាគ​ច្រើន​ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​សំដៅ​លើ​គ្រិស្ត​សាសនិក​ទាំង​ឡាយ​ដែល​នៅ​ជា​ក្រុម។—១បស ៨:២២; សកម្ម ៩:៣១; រ៉ូម ១៦:៥

  • ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

    ជា​តុលាការ​ជាន់​ខ្ពស់​របស់​ជនជាតិ​យូដា​ក្នុង​ក្រុង​យេរូសាឡិម។ នៅ​សម័យ​លោក​យេស៊ូ ក្រុម​នេះ​មាន​សមាជិក​៧១​នាក់ រួម​មាន​សម្ដេច​សង្ឃ​និង​អ្នក​ផ្សេង​ទៀត​ដែល​ធ្លាប់​មាន​តំណែង​ជា​សម្ដេច​សង្ឃ ព្រម​ទាំង​សមាជិក​គ្រួសារ​របស់​សម្ដេច​សង្ឃ ពួក​បុរស​ចាស់​ទុំ មេ​កុល​សម្ព័ន្ធ​និង​មេ​គ្រួសារ និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់។—ម៉ាក ១៥:១; សកម្ម ៥:៣៤; ២៣:១,

  • ខាល់ដេ ឬ​ពួក​ខាល់ដេ

    ពី​មុន​ជា​ស្រុក​និង​ជា​បណ្ដា​ជន​ដែល​រស់​នៅ​តំបន់​ត្រី​កោណ​នៃ​ទន្លេ​ទីគ្រីស​និង​ទន្លេ​អឺប្រាត។ ក្រោយ​មក​ពាក្យ​នេះ​សំដៅ​លើ​ស្រុក​បាប៊ីឡូន​និង​អ្នក​រស់​នៅ​ស្រុក​នោះ។ ​«​ពួក​ខាល់ដេ​»​ថែម​ទាំង​សំដៅ​លើ​ក្រុម​មនុស្ស​ដែល​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រ ប្រវត្តិសាស្ត្រ ភាសា និង​តារា​សាស្ត្រ តែ​ក៏​ជា​អ្នក​ដែល​ចេះ​វេទមន្ត​និង​ហោរាសាស្ត្រ​ដែរ។—អែស ៥:១២; ដាន ៤:៧; សកម្ម ៧:៤

  • ខេហ្សា

    ជា​ផលិតផល​មួយ​មក​ពី​សម្បក​ឈើ​ខេហ្សា (​Cinnamomum cassia​) ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​ដូច​គ្នា​នឹង​ឈើ​អែម។ ខេហ្សា​បាន​ត្រូវ​ប្រើ​ជា​គ្រឿង​ក្រអូប និង​ជា​គ្រឿង​នៃ​ប្រេង​បរិសុទ្ធ​សម្រាប់​ការ​រើស​តាំង។—ដច ៣០:២៤; ចសព ៤៥:៨; អេគ ២៧:១៩

  • ខែ​ថ្មី

    ជា​ថ្ងៃ​ទី​១​នៃ​ខែ​នីមួយ​ៗ​ក្នុង​ប្រតិទិន​របស់​ជនជាតិ​យូដា។ នោះ​ជា​ថ្ងៃ​សម្រាប់​ការ​ជួប​ជុំ​គ្នា ការ​បរិភោគ​អាហារ និង​ការ​ជូន​គ្រឿង​បូជា​ពិសេស​ៗ។ ជា​យូរ​ក្រោយ​មក ថ្ងៃ​នោះ​បាន​ទៅ​ជា​ថ្ងៃ​បុណ្យ​ជាតិ​ដ៏​សំខាន់​មួយ ហើយ​មនុស្ស​មិន​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ​ទេ។—ជប ១០:១០; ២ប្រ ៨:១៣; កូឡ ២:១៦

  • ខ្សែ​ដង្ហក់

    ជា​ខ្សែ​ស្បែក​ឬ​ខ្សែ​ដែល​ត្បាញ​ពី​សរសៃ​រុក្ខជាតិ សរសៃ​សត្វ ឬ​សក់​សត្វ។ នៅ​ផ្នែក​កណ្ដាល​មាន​ថ្នក់​សម្រាប់​ដាក់​គ្រាប់​ថ្ម​ឬ​អ្វី​ផ្សេង​ទៀត ហើយ​នៅ​ចុង​ម្ខាង​នៃ​ខ្សែ​ដង្ហក់ គេ​ចង​នៅ​នឹង​ដៃ​ឬ​ក​ដៃ រីឯ​ចុង​ម្ខាង​ទៀត​គេ​កាន់​នៅ​នឹង​ដៃ រួច​មក​គ្រវី ហើយ​គ្រវែង​គ្រាប់​ថ្ម​ទៅ។ នៅ​សម័យ​បុរាណ ជន​ជាតិ​ខ្លះ​មាន​កង​ទ័ព​ដែល​ចេះ​ប្រើ​ខ្សែ​ដង្ហក់​យ៉ាង​ស្ទាត់។—អសក ២០:១៦; ១សាំ ១៧:៥០

  • គម្រប​សម្រាប់​ផ្សះ​ផ្សា

    ជា​គម្រប​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។ នៅ​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង សម្ដេច​សង្ឃ​ប្រោះ​ឈាម​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​នៅ​ខាង​មុខ​គម្រប​នោះ។ ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​មក​ពី​កិរិយាសព្ទ ដែល​មាន​ន័យ​ថា​«​ដើម្បី​គ្រប​បាំង (​ភាព​ខុស​ឆ្គង​)​»​ ឬ​ប្រហែល​ជា​«​ដើម្បី​លុប​ចោល (​ភាព​ខុស​ឆ្គង​)​»។ គម្រប​នេះ​ធ្វើ​ពី​មាស ហើយ​មាន​ចេរូប៊ីន​ពីរ​នៅ​ចុង​សង​ខាង​គម្រប។ ជួន​កាល ហៅ​ខ្លី​ថា​«​គម្រប​»​ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៥​)។—ដច ២៥:១៧​-​២២; ១ប្រ ២៨:១១; ហេ ៩:៥

  • គីធីត

    ជា​ពាក្យ​ភ្លេង​ដែល​មាន​អត្ថន័យ​មិន​ច្បាស់​លាស់ ទោះ​ជា​ពាក្យ​នេះ​មើល​ទៅ​មក​ពាក្យ​ភាសា​ហេប្រឺ​កាថក៏​ដោយ។ អ្នក​ខ្លះ​ជឿ​ថា​ពាក្យ​នេះ​អាច​ជា​បទ​ភ្លេង​អំពី​ការ​ធ្វើ​ស្រា ដោយ​សារ​ពាក្យ​កាថសំដៅ​លើ​កន្លែង​សម្រាប់​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា។—ចសព ៨១:ពាក្យ​ផ្ដើម

  • គីលាត

    ជា​តំបន់​មាន​ជី​ជាតិ ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ៉ូដាន់ លាត​សន្ធឹង​ដល់​ខាង​ជើង​និង​ខាង​ត្បូង​នៃ​ជ្រលង​យ៉ាបុក។ ជួន​កាល ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​សម្រាប់​ទឹក​ដី​ទាំង​មូល​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​ខាងកើត​ទន្លេ​យ៉ូដាន់។ នេះ​ជា​ទី​លំនៅ​របស់​កុល​សម្ព័ន្ធ​រូបេន កុល​សម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុល​សម្ព័ន្ធ​ម៉ាណាសេ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៤​)។—ជប ៣២:១; យ៉ូស ១២:២; ២បស ១០:៣៣

  • គីស្លេវ

    ក្រោយ​ពី​ជនជាតិ​យូដា​ចេញ​ពី​បាប៊ីឡូន គីស្លេវ​ជា​ឈ្មោះ​ខែ​ទី​៩​នៃ​ប្រតិទិន​សាសនា​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​៣​នៃ​ប្រតិទិន​កសិកម្ម។ រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ដល់​ពាក់​កណ្ដាល​ខែ​ធ្នូ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។—នេហ ១:១; សាក ៧:១

  • គុណ​ដ៏​វិសេស​លើស​លប់

    ជា​ពាក្យ​ភាសា​ក្រិច បញ្ជាក់​គំនិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពេញ​ចិត្ត​និង​ដែលទាក់ទាញចិត្ត។ ជា​រឿយ​ៗ ពាក្យ​នេះ​ប្រើ​សំដៅ​លើ​ការ​ឲ្យ​អំណោយ​ដែល​ប្រកប​ដោយ​ចិត្ត​សប្បុរស។ ពេល​និយាយ​អំពី​គុណដ៏​វិសេស​លើស​លប់​របស់​ព្រះ ពាក្យ​នេះ​គឺ​ពណ៌នា​អំពី​អំណោយ​ដែល​ព្រះ​ផ្ដល់​ឲ្យ​ដោយ​ចិត្ត​ទូលាយ​និង​ឥតគិត​ថ្លៃ ដោយ​មិន​រំពឹង​ថា​នឹង​បាន​អ្វី​មក​វិញ​ទេ។ នេះ​បង្ហាញ​ថា​ព្រះ​មាន​ចិត្ត​ទូលាយ​យ៉ាង​ខ្លាំង និង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើស​លប់​ចំពោះ​មនុស្ស។ ពាក្យ​នេះ​ជា​ភាសា​ក្រិច​ក៏​បាន​ត្រូវ​បក​ប្រែ​ដែរ​ថា​«​សេចក្ដី​មេត្តា​»​ និង​«​អំណោយ​ដ៏​សប្បុរស​»។ នេះ​ក៏​បង្ហាញ​អំពី​ការ​ឲ្យ​ដែល​កើត​ចេញ​ពី​ចិត្ត​សប្បុរស មិន​មែន​ជា​ការ​ឲ្យ​ដោយ​សារ​អ្នក​ទទួល​សម​នឹង​ទទួល ឬ​ជា​តម្លៃ​តប​ស្នង​ឡើយ។—២​កូ ៦:១; អេភ ១:៧

  • គោ​ព្រៃ

    ជា​សត្វ​គោ​មួយ​ប្រភេទ​នៅ​សម័យ​បុរាណ។ ដោយ​សារ​វា​ឆាប់​ខឹង ដូច្នេះ​គេ​មិន​ចិញ្ចឹម​វា​នៅ​ក្នុង​ស្រុក​ទេ។ គោ​ព្រៃ​អាច​មាន​កម្ពស់​ដល់​ពីរ​ម៉ែត្រ ហើយ​មាន​ប្រវែង​ជិត​បី​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល​៩០០​គីឡូ​ក្រាម។

  • គ្រា​ចុង​ក្រោយ​បង្អស់

    ពាក្យ​នេះ​ស្រដៀង​នឹង​ពាក្យ​«​ផ្នែក​ចុង​ក្រោយ​»​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​ទំនាយ​នៃ​គម្ពីរ សំដៅ​លើ​គ្រា​ដែល​កើត​មាន​ព្រឹត្តិការណ៍​សំខាន់​ៗ រហូត​នាំ​ទៅ​ដល់​ទី​បញ្ចប់។ (​អេគ ៣៨:១៦; ដាន ១០:១៤; សកម្ម ២:១៧​) នេះ​អាច​មាន​រយៈ​ពេល​តែ​ពីរ​បី​ឆ្នាំ​ឬ​យូរ​ឆ្នាំ អាស្រ័យ​លើ​ទំនាយ។ ភាគ​ច្រើន គម្ពីរ​ប្រើ​ពាក្យ​នេះ​សំដៅ​លើ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នៃ​របៀប​របប​ពិភព​លោក ក្នុង​អំឡុង​វត្តមាន​របស់​លោកយេស៊ូដែល​មនុស្ស​មើល​មិន​ឃើញ។—២ធី ៣:១; យ៉ា ៥:៣; ២ពេ ៣:៣

  • គ្រិស្ត

    ជា​ឋានន្តរ​របស់​លោក​យេស៊ូ។ ពាក្យ​នេះ​មក​ពី​ភាសា​ក្រិច​គ្រិស្តុស ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ពាក្យ​ភាសា​ហេប្រឺ​«​មេស្ស៊ី​»​ ឬ​«​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​»។—ម៉ាថ ១:១៦; យ៉ូន ១:៤១

  • គ្រិស្ត​សាសនិក

    ជា​ឈ្មោះ​ដែល​ព្រះ​បាន​ឲ្យ​ដល់​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត។—សកម្ម ១១:២៦; ២៦:២៨

  • គ្រូ​ខាប

    ជា​អ្នក​ដែល​អះអាង​ថា​ខ្លួន​អាច​អន្ទង​វិញ្ញាណ​មនុស្ស​ស្លាប់ ឬ​អាច​និយាយ​ជា​មួយ​នឹង​មនុស្ស​ស្លាប់​បាន។—ចល ២០:២៧; បច ១៨:១០​-​១២; ២​បស ២១:៦

  • គ្រឿង​ក្រអូប

    ជា​សារធាតុ​ដែល​មាន​លាយ​ជ័រ ប្រេង និង​ឈើ​ក្រអូប ហើយ​គ្រឿង​នោះ​ឆេះ​យឺត​ៗ​ជួយ​បញ្ចេញ​នូវ​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់។ មាន​គ្រឿង​ក្រអូប​ពិសេស​មួយ​ដែល​មាន​លាយ​ធាតុ​ផ្សំ​បួន​យ៉ាង ហើយ​បាន​ត្រូវ​ប្រើ​នៅ​ឯ​ត្រសាល​និង​វិហារ។ គេ​ដុត​គ្រឿង​ក្រអូប​ពិសេស​នោះ​នៅ​ពេល​ព្រឹក​និង​នៅ​ពេល​យប់​លើ​ទី​បូជា​នៃ​គ្រឿង​ក្រអូប​ក្នុង​បន្ទប់​បរិសុទ្ធ តែ​នៅ​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង គេ​ដុត​គ្រឿង​នោះ​នៅ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត។ នេះ​ជា​តំណាង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ ជា​សេចក្ដី​អធិដ្ឋាន​ដែល​លោក​ពេញ​ចិត្ត​ស្ដាប់។ ការ​ប្រើ​គ្រឿង​ក្រអូប​មិន​មែន​ជា​តម្រូវ​ការ​សម្រាប់​គ្រិស្ត​សាសនិក​ទេ។—ដច ៣០:៣៤, ៣៥; ចល ១៦:​១៣; បប ៥:៨

  • គ្រឿង​ចម្បាំង

    ជា​គ្រឿង​ការ​ពារ​ខ្លួន​របស់​ទាហាន​មាន​ដូច​ជា មួក​ការ​ពារ​ក្បាល អាវ​ការ​ពារ​ដើម​ទ្រូង ខ្សែ​ក្រវាត់​ចង្កេះ ប្រដាប់​ការ​ពារ​ស្មង​ជើង និង​ខែល។—១សាំ ៣១:៩; អេភ ៦:១៣​-​១៧

  • គ្រឿង​បូជា

    ជា​ការ​ជូន​ដល់​ព្រះ​ដើម្បី​បង្ហាញ​អំណរ​គុណ ទទួល​ស្គាល់​កំហុស និង​ដើម្បី​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​លោក​ឡើង​វិញ។ អេបិល​ជា​មនុស្ស​ដំបូង​ដែល​បាន​ជូន​គ្រឿង​បូជា​ស្ម័គ្រ​ចិត្ត​ដល់​ព្រះ ដូច​ជា​ការ​ជូន​សត្វ​ជា​ដើម។ ក្រោយ​មក​ការ​ជូន​គ្រឿង​បូជា បាន​ទៅ​ជា​តម្រូវ​ការ​មួយ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ម៉ូសេ។ បន្ទាប់​ពី​លោក​យេស៊ូ​បាន​លះ​បង់​ជីវិត​ជា​គ្រឿង​បូជា​ល្អ​ឥត​ខ្ចោះ ការ​ជូន​សត្វ​ជា​គ្រឿង​បូជា​លែង​ជា​តម្រូវ​ការ​ទៀត។ ប៉ុន្តែ គ្រិស្ត​សាសនិក​នៅ​តែ​បន្ត​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ក្នុង​ន័យ​ធៀប។—ដក ៤:៤; ហេ ១៣:១៥, ១៦; ១យ៉ូន ៤:១០

  • គ្រឿង​បូជា​ជា​ស្រា

    ជា​ការ​ជូន​ស្រា​ចាក់​លើ​ទី​បូជា ហើយ​ជា​រឿយ​ៗ​ត្រូវ​ជូន​ព្រម​ជា​មួយ​នឹង​គ្រឿង​បូជា​ផ្សេង​ទៀត។ ប៉ូល​បាន​ប្រើ​ពាក្យ​នេះ​ក្នុង​ន័យ​ធៀប ដើម្បី​បង្ហាញ​អំពី​ការ​ស្ម័គ្រ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​គ្រិស្ត​សាសនិក​រួម​ជំនឿ។—ជប ១៥:៥, ៧; ភី ២:១៧

  • គ្រឿង​បូជា​ដុត

    គឺ​ជា​ការ​ដុត​សត្វ​ទាំង​មូល​នៅ​លើ​ទី​បូជា​ដើម្បី​ជូន​ដល់​ព្រះ។ គ្មាន​ផ្នែក​ណា​នៃ (​គោ ចៀម ពពែ លលក ឬ​ព្រាប​ជំទើរ​) ដែល​បាន​ត្រូវ​យក​ទុក​ដោយ​អ្នក​ដែល​មក​ជូន​គ្រឿង​បូជា​នោះ​ឡើយ។—ដច ២៩:១៨; ចល ៦:៩

  • គ្រឿង​បូជា​នៃ​មេត្រី​ភាព

    ជា​គ្រឿង​បូជា​ដែល​បាន​ជូន​ដល់​ព្រះ​យេហូវ៉ា​ដើម្បី​សុំ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយនឹង​លោក។ អ្នក​គោរព​ប្រណិប័តន៍​ព្រះ​និង​អ្នក​ផ្ទះ​របស់គាត់ និង​សង្ឃ​ដែល​កំពុង​ជូន​គ្រឿង​បូជា ព្រម​ទាំង​សង្ឃ​ផ្សេង​ទៀត​ដែល​មាន​ភារកិច្ច នឹង​បរិភោគ​ផ្នែក​ខ្លះ​នៃ​គ្រឿង​បូជា​នោះ។ ពេល​សង្ឃ​ដុត​ខ្លាញ់​ឲ្យ​ផ្សែង​ហុយ​ឡើង នោះ​ធ្វើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហាក់​ដូច​ជា​លោក​ទទួល​យក​គ្រឿង​បូជា​នោះ។ ចំណែក​ឈាម​តំណាង​ជីវិត ក៏​ត្រូវ​ជូន​ដល់​លោក​ដែរ។ នេះ​ហាក់​ដូច​ជា​ពួក​សង្ឃ​និង​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា អង្គុយ​បរិភោគ​ជា​មួយ​នឹង​លោក ដែល​ជា​ការ​បង្ហាញ​នូវ​ចំណង​មិត្តភាព​ល្អ។—ចល ៧:២៩, ៣២; បច ២៧:៧

  • គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង

    ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​អចេតនា ដោយសារ​ភាព​ទន់​ខ្សោយ​ដែល​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ អាច​ជូន​សត្វ​ផ្សេង​ៗ​ជា​គ្រឿង​បូជា អាច​ជូន​ជា​សត្វ​ធំ​ៗ​ដូច​ជា​គោ​ឈ្មោល ឬ​សត្វតូច​ៗ​ដូច​ជា​ព្រាប​ជា​ដើម។ នេះ​អាស្រ័យ​លើ​លទ្ធភាព​និង​ស្ថានភាព​របស់​អ្នក​ដែល​បាន​ធ្វើ​ខុស។—ចល ៤:​២៧, ២៩; ហេ ១០:៨

  • គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង

    ជា​គ្រឿង​បូជា​មួយ​ប្រភេទ​ដែល​សង្ឃ​ទំនង​ជា​លើក​ដៃ​របស់​អ្នក​គោរព​ប្រណិប័តន៍​ដែល​កាន់​គ្រឿង​បូជា​នោះ​ចុះ​ឡើង ឬ​បង្វិល​ដៃ​អ្នក​នោះ​ទៅ​មក ឬ​សង្ឃ​ផ្ទាល់​ជា​អ្នក​លើក​គ្រឿង​បូជា​នោះ​ចុះ​ឡើង។ ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា គ្រឿង​បូជា​កំពុង​ត្រូវ​ផ្ដល់​ជូន​ចំពោះព្រះ​យេហូវ៉ា។—ចល ៧:៣០

  • គ្រឿង​បូជា​សម្រាប់​អរគុណ

    ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដើម្បី​សរសើរ​ព្រះ ដោយ​សារ​លោក​ផ្ដល់​ការ​ផ្គត់​ផ្គង់​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។ ក្រោយ​ពី​គេ​បាន​ជូន​គ្រឿង​បូជា​សាច់​សត្វ នំ​ប៉័ង​និង​នំ​ប៉័ង​ឥត​ដំបែ​រួច​ហើយ គេ​បរិភោគ​គ្រឿង​បូជា​ទាំង​នេះ​នៅ​ថ្ងៃ​នោះ​ឯង។—២​ប្រ ២៩:៣១

  • គ្រឿង​បូជា​សម្រាប់​អំពើ​រំលង

    ជា​គ្រឿង​បូជា​លោះ​ការ​ខុស​ឆ្គង​របស់​មនុស្ស​ម្នាក់។ នេះ​ខុស​គ្នា​បន្តិច​ពី​គ្រឿង​បូជា​ឯ​ទៀត​សម្រាប់​អំពើ​ខុស​ឆ្គង ពី​ព្រោះ​ដោយ​ជូន​គ្រឿង​បូជា​នេះ អ្នក​ដែល​ធ្វើ​ខុស​បាន​បង្ហាញ​ថា​គាត់​ប្រែ​ចិត្ត ហើយ​ទទួល​ស្គាល់​ថា​គាត់​បាន​បំពាន​សិទ្ធិ​អ្នក​ឯ​ទៀត​ដែល​រៀប​រាប់​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង ឬ​គាត់​ចង់​ទទួល​បាន​សិទ្ធិ​ដែល​គាត់​បាត់​បង់​ត្រឡប់​មក​វិញ និង​ដើម្បី​គាត់​រួច​ផុត​ពី​ការ​ដាក់​ទោស។ គាត់​បាត់​បង់​សិទ្ធិ​នេះ ដោយ​សារ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។—ចល ៧:៣៧; ១៩:២២; អេ ៥៣:១០

  • គ័រ

    ជា​រង្វាស់​រង្វាល់​វត្ថុ​ស្ងួត​និង​វត្ថុ​រាវ។ មួយ​គ័រស្មើនឹង​២២០​លីត្រ។ នេះ​ជា​ការ​គណនា​តាម​បរិមាណ​រង្វាល់​បាត (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—១បស ៥:១១

  • ចម្រៀង​របស់​អ្នក​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង

    ជា​ពាក្យ​ផ្ដើម​ក្នុង​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ បទ​ទី​១២០​ដល់​១៣៤។ ទោះ​ជា​មាន​គំនិត​ផ្សេង​ៗ​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​ជឿ​ថា​បទ​ទាំង​១៥​ក្នុង​ចម្រៀង​នេះ​បាន​ត្រូវ​ច្រៀង​យ៉ាង​សប្បាយ​រីករាយ​ដោយ​ជន​ជាតិ​អ៊ីស្រាអែល កាល​ដែល​«​ធ្វើ​ដំណើរ​ឡើង​»​ទៅ​ក្រុង​យេរូសាឡិម ដែល​នៅ​លើ​ភ្នំ​នៃ​យូដា ដើម្បី​ចូល​រួម​បុណ្យ​ធំ​ទាំង​បី​ប្រចាំ​ឆ្នាំ។

  • ចិញ្ចៀន​ត្រា

    ជា​ត្រា​ម្យ៉ាង​ដែល​គេ​ពាក់​លើ​ម្រាម​ដៃ ឬ​ពាក់​នៅ​ក​ធ្វើ​ជា​បន្តោង ហើយ​ក៏​ហៅ​ថា​ចិញ្ចៀន​ហត្ថលេខា​ដែរ នេះ​ជា​តំណាង​អំណាច​របស់​អ្នក​គ្រប់​គ្រង​ឬ​មន្ត្រី (​មើល​ពាក្យ​«​ត្រា​»​)។—ដក ៤១:៤២

  • ចេរូប៊ីន

    ជា​ពួក​ទេវតា​ដែល​មាន​ឋានៈ​ខ្ពស់​និង​មាន​តួ​នាទី​ពិសេស។ ចេរូប៊ីន​ខុស​គ្នា​ពី​សេរភីម។—ដក ៣:២៤; ដច ២៥:២០; អេ ៣៧:១៦; ហេ ៩:៥

  • ចំអាម

    ជា​រង្វាស់​ប្រវែង តាម​ការ​ប៉ាន់​ស្មាន​មួយ​ចំអាម​មាន​ប្រវែង​ពី​ចុង​ម្រាម​មេ​ដៃ​ដល់​ចុង​ម្រាម​កូន​ដៃ ពេល​ត្រដាង​បាត​ដៃ។ បើ​គណនា​តាម​រង្វាស់​ហត្ថ​ដែល​មាន​ប្រវែង​៤៤,៥​សង់ទីម៉ែត្រ នោះ​មួយ​ចំអាម​ស្មើ​នឹង​២២,២​សង់ទីម៉ែត្រ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—ដច ២៨:១៦; ១សាំ ១៧:៤

  • ច្បាប់​ម៉ូសេ ឬ​ច្បាប់

    នេះសំដៅ​លើ​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ​ក្នុង​ឆ្នាំ​១៥១៣ មុន​គ.ស.។ សៀវភៅ​ប្រាំ​ក្បាល​ដំបូង​ក្នុង​គម្ពីរ​ច្រើន​តែ​ត្រូវ​ហៅ​ថា​«​ច្បាប់​»។ (​យ៉ូស ២៣:៦; លូក ២៤:៤៤; ម៉ាថ ៧:១២; កាឡ ៣:២៤​) ម្យ៉ាង​ទៀត នេះ​អាច​សំដៅ​លើ​ច្បាប់​នីមួយ​ៗ​ក្នុង​ច្បាប់​ម៉ូសេ ឬ​គោល​ការណ៍​ច្បាប់​ទូទៅ។—ជប ១៥:១៦; បច ៤:៨

  • ឆ្នោត

    អាច​ជា​ក្រួស ដុំ​ឈើ​តូច​ៗ ឬ​គ្រាប់​ថ្ម​តូច​ៗ ដែល​គេ​ប្រើ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត។ គេ​ដាក់​ឆ្នោត​ទាំង​នេះ​នៅ​ក្នុង​ថ្នក់​អាវ​ឬ​ផើង រួច​ក្រឡុក។ ឆ្នោត​ដែល​គេ​ចាប់​យក ឬ​ដែល​ធ្លាក់​ចេញ​មក ចាត់​ទុក​ជា​ឆ្នោត​ដែល​គេ​ជ្រើស​រើស។ ជា​រឿយ​ៗ គេ​អធិដ្ឋាន​មុន​នឹង​ធ្វើ​ដូច្នេះ។ ពាក្យ​ភាសា​ដើម​«​ឆ្នោត​»​ប្រើ​ក្នុង​ន័យ​ត្រង់​និង​ន័យ​ធៀប ដែល​មាន​ន័យ​ថា​«​ចែក​»​ ឬ​«​ចំណែក​»។—យ៉ូស ១៤:២; ចសព ១៦:៥; សុភ ១៦:៣៣; ម៉ាថ ២៧:៣៥

  • ឆ្នាំ​សោមនស្ស

    ធ្វើ​ឡើង​រាល់​៥០​ឆ្នាំ​ម្ដង រាប់​ចាប់​ពី​អ៊ីស្រាអែល​ចូល​ក្នុង​ទឹក​ដី​ដែល​ព្រះ​បាន​សន្យា។ នៅ​ក្នុង​ឆ្នាំ​សោមនស្ស ដី​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​ទំនេរ ហើយ​ខ្ញុំ​បម្រើ​ជា​ជន​ជាតិ​ហេប្រឺ​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព។ ដី​ជា​មត៌ក​ដែល​បាន​លក់ នឹង​ត្រូវ​ប្រគល់​មក​ម្ចាស់​ដើម​វិញ។ ក្នុង​ន័យ​មួយ ឆ្នាំ​សោមនស្ស​ជា​ពិធី​បុណ្យ​ពេញ​មួយ​ឆ្នាំ ហើយ​ជា​ឆ្នាំ​មាន​សេរី​ភាព​ដែល​នាំ​ឲ្យ​ប្រជាជាតិ​ទាំង​មូល​ត្រឡប់​ទៅ​សភាព​ដូច​ពី​មុន​វិញ គឺ​ពេល​ដែល​ព្រះ​បាន​រៀបចំ​ឲ្យ​មាន​ឆ្នាំ​នោះ​ជា​លើក​ដំបូង។—ចល ២៥:១០

  • ជន​គម្រៀវ

    ន័យ​ត្រង់​បុរស​ដែល​ត្រូវ​គេ​គ្រៀវ។ បុរស​បែប​នោះ​ច្រើន​តែ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​ក្នុង​វាំង ឬ​ថែ​រក្សា​មហា​ក្សត្រី​និង​ភរិយា​បន្ទាប់​របស់​ស្ដេច។ ពាក្យ​នេះ​ក៏​បាន​ត្រូវ​ប្រើ​ចំពោះ​បុរស​ដែល​មិន​មែន​គម្រៀវ​មែន​ទែន​ដែរ តែ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​មន្ត្រី​ក្នុង​ដំណាក់​របស់​ស្ដេច។—អេធ ២:១៥; សកម្ម ៨:២៧

  • ជន​ជាតិ​សាម៉ារី

    ពាក្យ​នេះ​ដំបូង​សំដៅ​លើ​រាជាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង​ដែល​មាន​កុល​សម្ព័ន្ធ​១០ តែ​ក្រោយ​ពី​ពួក​អាស៊ីរី​បាន​ដណ្ដើម​យក​ស្រុក​សាម៉ារី​នៅ​ឆ្នាំ​៧៤០ មុន​គ.ស. ពួក​អាស៊ីរី​ក៏​បាន​នាំ​ជន​បរទេស​ឯ​ទៀត​ឲ្យ​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ នៅ​សម័យ​លោក​យេស៊ូ ឈ្មោះ​សាម៉ារី​មិន​ទាក់​ទង​នឹង​ពូជ​សាសន៍​ឬ​នយោបាយ​ឡើយ តែ​ទាក់​ទង​នឹង​ពួក​អ្នក​ដែល​ជា​សមាជិក​នៃ​និកាយ​សាសនា ដែល​រស់​នៅ​ជិត​ខាង​តំបន់​ស៊ីគឹម​និង​សាម៉ារី​នៅ​សម័យ​បុរាណ។ មនុស្ស​ដែល​កាន់​តាម​និកាយ​នេះ មាន​ជំនឿ​ខុស​គ្នា​ឆ្ងាយ​ពី​មនុស្ស​ដែល​កាន់​សាសនា​យូដា។—យ៉ូន ៨:៤៨

  • ជន្លួញ

    ជា​ដំបង​វែង​មាន​ចុង​ស្រួច​ស្រោប​លោហៈ ដែល​កសិករ​ប្រើ​ដើម្បី​ចាក់​សត្វ​ឲ្យ​ទៅ​មុខ។ ជន្លួញ​គឺ​ប្រៀប​ដូច​ជា​ពាក្យ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ដែល​ជំរុញ​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ធ្វើ​តាម​ឱវាទ។ ពាក្យ​«​ធាក់​ជន្លួញ​»​គឺ​ឃើញ​រូប​ភាព​អំពី​គោ​ក្បាល​រឹង​ដែល​មិន​ព្រម​ទៅ​មុខ ហើយ​ចេះ​តែ​ធាក់​ជន្លួញ​ឥត​ឈប់ ជា​លទ្ធផល​នាំ​ទុក្ខ​ដល់​ខ្លួន។—សកម្ម ២៦:១៤; អសក ៣:៣១; អទ ១២:១១

  • ជាង​ស្មូន

    ជា​អ្នក​ធ្វើ​របស់​ផ្សេង​ៗ​ពី​ដី​ឥដ្ឋ​ដូច​ជា ក្អម ផើង ចាន និង​ភាជនៈ​ផ្សេង​ទៀត។ ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ មាន​ន័យ​ត្រង់​ថា​«​អ្នក​សូន​»។ ជាង​ស្មូន​មាន​សិទ្ធិ​លើ​ដី​ឥដ្ឋ ហើយ​ពាក្យ​នេះ​ច្រើន​តែ​ប្រើ​ដើម្បី​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​អំណាច​លើ​មនុស្ស​ម្នាក់​ៗ និង​លើ​ជន​ជាតិ​ផ្សេង​ៗ។—អេ ៦៤:៨; រ៉ូម ៩:២១

  • ជីវិត

    មាន​ពាក្យ​មួយ​ចំនួន​ក្នុង​ភាសា​ដើម បាន​ត្រូវបក​ប្រែ​ថា​«​ជីវិត​»។ នេះ​រួម​បញ្ចូល​ពាក្យ​ភាសា​ហេប្រឺ​នីហ្វែស (​ne’phesh​) និង​ភាសា​ក្រិច​ផ្ស៊ីគី (​psy·khe’​) ដែល​ភាគ​ច្រើន​បាន​បក​ប្រែ​ថា​«​ជីវិត​»​ក្នុង​សេចក្ដី​បក​ប្រែ​នេះ។ ពេល​ពិចារណា​មូលហេតុ​ដែល​គម្ពីរ​ប្រើ​ពាក្យ​ទាំង​នេះ យើង​យល់​ច្បាស់​ថា​ពាក្យ​ទាំង​នេះ​មាន​អត្ថន័យ​ជា​មូលដ្ឋាន​សំដៅ​លើ (​១​) មនុស្ស (​២​) សត្វ ឬ(​៣​) ជីវិត​មនុស្ស​ឬ​សត្វ។ (​ដក ១:២០; ២:៧; ១ពេ ៣:២០​) ក្នុង​សេចក្ដី​បក​ប្រែ​នេះ ពាក្យ​ភាសា​ដើម​ទាំង​នេះ​ច្រើន​តែ​បក​ប្រែ​តាម​បរិបទ​នីមួយ​ៗ ដោយ​ប្រើ​ពាក្យ​ដូច​ជា​«​ជីវិត​»​ ​«​សត្វ​»​ ​«​ចិត្ត​»​ ឬ​ប្រើ​ជា​សព្វ​នាម (​ជា​ឧទាហរណ៍ ​«​ខ្ញុំ​»​)។ គម្ពីរ​ខ្លះ​ជា​ភាសា​ខ្មែរ​បាន​បក​ប្រែ​ពាក្យ​នីហ្វែស និង​ផ្ស៊ីគី ថា​«​ព្រលឹង​»​ មាន​ន័យ​ថា​មាន​អ្វីមួយ​ដែល​បន្ត​រស់​ក្រោយ​ស្លាប់ ប៉ុន្តែ​បទ​គម្ពីរ​ជា​ច្រើន​ផ្ដល់​ភ័ស្តុតាង​ថា​នីហ្វែស និង​ផ្ស៊ីគី អាច​ស្លាប់។ (​អេគ ១៨:៤, ២០; ម៉ាថ ១០:២៨​) គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា ពេល​មនុស្ស​ស្លាប់ គ្មាន​ការ​គិត​គូរ មិន​ដឹងអ្វី​ទាល់​តែ​សោះ ឬ​គ្មាន​សកម្មភាព។ ដូច្នេះ ការ​បកប្រែថា​«​ព្រលឹង​»​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ (​ចសព ១៤៦:៤; អទ ៩:៥, ១០​) ក្នុង​បទ​គម្ពីរ​ខ្លះ​នីហ្វែស និង​ផ្ស៊ីគី បាន​ត្រូវ​បក​ប្រែ​ថា​«​អស់​ពី​កម្លាំង​កាយ​»​ ឬ​«​អស់​ពី​ដួង​ចិត្ត​»។ (​បច ៦:៥; ម៉ាថ ២២:៣៧​) ក្នុង​បរិបទខ្លះ ពាក្យភាសា​ដើម​ទាំង​នេះ​អាច​ប្រើ​សំដៅ​លើ​បំណង​ឬ​ចំណង់​នៃ​ជីវិត​ទាំង​ឡាយ។ ពាក្យ​ទាំង​នេះ​ក៏​អាច​សំដៅ​លើ​មនុស្ស​ស្លាប់​ឬ​សាក​សព​ដែរ។—ជប ៦:៦; សុភ ២៣:​២; អេ ៥៦:១១; ហាក ២:១៣

  • ជំនួយ​ការ​ខាង​កិច្ច​បម្រើ

    ពាក្យ​នេះ​ជា​ភាសា​ក្រិច​ឌីអាកូណូស (​di·a​ʹ​ko·nos​) ជា​រឿយ​ៗ​បាន​ត្រូវ​បក​ប្រែ​ថា​«​អ្នក​បម្រើ​»។ ​«​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​»​សំដៅ​លើ​អ្នក​ដែល​ជួយ​ក្រុម​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ ដើម្បី​មាន​ឯកសិទ្ធ​នេះ គាត់​ត្រូវ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ។—១ធី ៣:៨​-​១០, ១២

  • ជ័រ​ល្វីង​ទេស

    ជា​ជ័រ​ក្រអូប​ម្យ៉ាង​ដែល​បាន​មក​ពី​គុម្ព​បន្លា ឬ​ដើម​ឈើ​តូច​ៗ​ដែល​ជា​ប្រភេទ​ដើម​ខមមីភូរ៉ា (​Commiphora​)។ ជ័រ​ល្វីង​ទេស​ជា​ល្បាយ​មួយ​ដាក់ក្នុងប្រេង​សម្រាប់​រើស​តាំង។ គេ​ប្រើ​ជ័រ​ល្វីង​ទេស​ដើម្បី​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ឬ​គ្រែ​មាន​ក្លិន​ក្រអូប ហើយ​គេ​ដាក់​នៅ​ក្នុង​ប្រេង​សម្រាប់​ធ្វើ​សរសៃ​និង​ដាក់​នៅ​ក្នុង​ឡេ​សម្រាប់​លាប​ខ្លួន ហើយ​ក៏​ប្រើ​សម្រាប់​អប់​សព​មុន​នឹង​បញ្ចុះ​ដែរ។—ដច ៣០:២៣; សុភ ៧:១៧; យ៉ូន ១៩:៣៩

  • ជ្រមុជ​ទឹក

    ជា​កិរិយាសព្ទ​មាន​ន័យ​ថា​«​ពន្លិច​ទៅ​ក្នុង​ទឹក​»។ លោក​យេស៊ូ​តម្រូវ​ថា​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​លោក អ្នក​នោះ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក។ បទគម្ពីរក៏​ចែង​ដែរ​អំពី​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ ការ​ជ្រមុជ​ទឹក​ក្នុង​ឫទ្ធានុភាព​បរិសុទ្ធ ការ​ជ្រមុជ​ទឹក​ក្នុង​ភ្លើង និង​ការ​ជ្រមុជ​ទឹក​ផ្សេង​ទៀត។—ម៉ាថ ៣:១១, ១៦; ២៨:​១៩; យ៉ូន ៣:២៣; ១ពេ ៣:២១

  • ឈ្នួត

    ជា​ក្រណាត់​រុំ​ក្បាល និង​ជា​គ្រឿង​លម្អ​ក្បាល។ សម្ដេច​សង្ឃ​ពាក់​ឈ្នួត​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ ហើយ​នៅ​ខាង​មុខ​ឈ្នួត​មាន​ស្លាក​មាស​ចង​ភ្ជាប់​ជា​មួយ​នឹង​ខ្សែ​ពណ៌​ខៀវ។ ចំណែក​ឯ​ស្ដេច​វិញ គាត់​ពាក់​ឈ្នួត​នៅ​ក្រោម​មកុដ។ យ៉ូប​ធ្លាប់​ប្រើ​ពាក្យ​នេះ ពេល​គាត់​ប្រៀប​ធៀប​យុត្តិធម៌​របស់​គាត់​ទៅ​នឹង​ឈ្នួត​ក្បាល។—ដច ២៨:៣៦, ៣៧; យ៉ូប ២៩:១៤; អេគ ២១:២៦

  • ដប​ថ្ម​កែវ

    ជា​ដប​ប្រេង​ក្រអូប​តូច​ដែល​ធ្វើ​ពី​ថ្ម ហើយគេ​រក​ឃើញ​នៅ​ជិត​អាឡាបាស្រូន​ក្នុង​ប្រទេស​អេហ្ស៊ីប។ ជា​ទូទៅ ដប​ថ្ម​កែវ​ទាំង​នោះ​មាន​ក​តូច​ដែល​ងាយ​ស្រួល​បិទ​កុំ​ឲ្យ​ហៀរ​ប្រេង​ក្រអូប​ចេញ។ ដប​ថ្ម​កែវ​ប្រភេទ​នោះ​មាន​ឈ្មោះ​ថា​អាឡាបាស្ទឺ។—ម៉ាក ១៤:៣

  • ដាកុន

    ជា​ព្រះ​មួយ​របស់​ជន​ជាតិ​ភីលីស្ទីន។ ដើម​កំណើត​នៃ​ពាក្យ​នេះ​មិន​ច្បាស់​លាស់ តែ​បណ្ឌិត​ខ្លះ​និយាយ​ថា​ពាក្យ​នេះ​មក​ពី​ភាសា​ហេប្រឺ​ដាក (​ត្រី​)។—អសក ១៦:​២៣; ១សាំ ៥:៤

  • ដាក់​ដៃ​លើ

    ជា​ការ​ដាក់​ដៃ​លើ​អ្នក​ណា​ម្នាក់ ដើម្បី​តែង​តាំង​គាត់​ឲ្យ​ធ្វើ​កិច្ច​ការ​ពិសេស ឬ​ផ្ដល់​ពរ​ដល់​គាត់ ឬ​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ ឬ​ជា​ការ​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​ដល់​គាត់។ ជួន​កាល មាន​ការ​ដាក់​ដៃ​លើ​សត្វ មុន​នឹង​យក​វា​ទៅ​ធ្វើ​ជា​គ្រឿង​បូជា។—ដច ២៩:១៥; ជប ២៧:១៨; សកម្ម ១៩:៦; ១ធី ៥:២២

  • ដារីក

    ជា​កាក់​មាស​របស់​ជន​ជាតិ​ពើស៊ី មាន​ទម្ងន់​៨,៤​ក្រាម (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—១ប្រ ២៩:៧

  • ដើម​កក់

    ស្រដៀង​ដើម​ត្រែង​ដែល​ដុះ​នៅ​ក្នុង​ទឹក។ គេ​ប្រើ​សម្រាប់​ធ្វើ​កញ្ជើ កញ្ឆេ ប្រអប់ និង​ទូក។ គេ​ក៏​ប្រើ​ធ្វើ​ជា​ក្រដាស​សម្រាប់​សរសេរ និង​ធ្វើ​ជា​រមូរ​ដែរ។—ដច ២:៣

  • ដើម​ឈើ​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់

    ជា​ដើម​ឈើ​ក្នុង​សួន​អេដែន។ ព្រះ​បាន​ប្រើ​ដើម​ឈើ​នេះ​ជា​តំណាង​សិទ្ធិ​របស់​លោក​ក្នុង​ការ​ដាក់​ខ្នាត​តម្រា​សម្រាប់​មនុស្សជាតិ អំពី​អ្វី​ដែល​«​ល្អ​»​ និង​អំពី​អ្វី​ដែល​«​អាក្រក់​»។—ដក ២:៩, ១៧

  • ដើម​ឈើ​ដែល​ផ្ដល់​ជីវិត

    ជា​ដើម​ឈើ​ក្នុង​សួន​អេដែន។ គម្ពីរ​មិន​បាន​បញ្ជាក់​ថា​ដើម​ឈើ​នេះ​មាន​ផ្លែ​ដែល​ផ្ដល់​ជីវិត​យូរ​អង្វែង​នោះ​ទេ តែ​ជា​តំណាង​ការ​ធានា​របស់​ព្រះ​ថា លោក​នឹង​ផ្ដល់​ជីវិត​ជា​រៀង​រហូត​ដល់​អស់​អ្នក​ដែល​លោក​អនុញ្ញាត​ឲ្យ​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​នោះ។—ដក ២:៩; ៣:២២

  • ដើម​ត្រែង​សម្រាប់​វាស់

    ជា​រង្វាស់​ដែល​មាន​ប្រវែង​៦​ហត្ថ​វែង។ បើ​ជា​ហត្ថ​ធម្មតា មាន​ប្រវែង​២,៦៧​ម៉ែត្រ តែ​បើ​ជា​ហត្ថ​វែង មាន​ប្រវែង​៣,១១​ម៉ែត្រ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—អេគ ៤០:៣, ៥; បប ១១:១

  • ដើម​ល្វីង

    ក្នុង​គម្ពីរ ពាក្យ​នេះ​ប្រើ​ក្នុង​ន័យ​ធៀប​ដើម្បី​រៀប​រាប់​អំពី​លទ្ធផល​ដ៏​ជូរ​ចត់​ដែល​មក​ពី​អំពើ​ប្រាសចាកសីលធម៌ ភាព​ជា​ខ្ញុំ​បម្រើ អំពើ​អយុត្តិធម៌ និង​ការ​ក្បត់​ជំនឿ។—បច ២៩:១៨; សុភ ៥:៤; យេ ៩:​១៥; អេម ៥:៧

  • ដេកាប៉ូល

    ជា​ឈ្មោះ​នៃ​ក្រុង​របស់​ក្រិច​ដែល​បង្កើត​ឡើង​ជា​ក្រុម។ ដំបូង​មាន​ក្រុង​១០ (​មក​ពី​ពាក្យ​ក្រិច​ដេកា មាន​ន័យ​ថា​«​១០​»​ ហើយ​ប៉ូលិស មាន​ន័យ​ថា​«​ក្រុង​»​)។ នោះ​ក៏​ជា​ឈ្មោះ​របស់​តំបន់​ខាង​កើត​នៃ​សមុទ្រ​កាលីឡេ និង​ទន្លេ​យ៉ូដាន់ ដែល​ភាគ​ច្រើន​ជា​ទី​តាំង​នៃ​ក្រុង​ទាំង​នោះ។ ក្រុង​ទាំង​នោះ​ជា​មជ្ឈមណ្ឌល​វប្បធម៌​និង​ពាណិជ្ជកម្ម​របស់​ក្រិច។ លោក​យេស៊ូ​ធ្លាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​នោះ តែ​មិន​មាន​កំណត់​ហេតុ​ថា​លោក​បាន​ទៅ​ក្រុង​ណា​មួយនៃតំបន់​នោះ​ទេ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៧​និង​ខ​១០​)។—ម៉ាថ ៤:២៥; ម៉ាក ៥:២០

  • ដំណឹង​ល្អ

    ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច មាន​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​អំពី​សេចក្ដី​សង្គ្រោះ​ដោយ​មាន​ជំនឿ​លើ​លោក​យេស៊ូ​គ្រិស្ត។—លូក ៤:១៨, ៤៣; សកម្ម ៥:៤២; បប ១៤:៦

  • ដំបង​រាជ្យ

    ជា​ដំបង​ដែល​អ្នក​គ្រប់​គ្រង​កាន់ ហើយ​ជាតំណាង​សិទ្ធិ​អំណាច​របស់​ស្ដេច។—ដក ៤៩:១០; ហេ ១:៨

  • ដំបែ

    ជា​មេ​ដែល​គេ​ដាក់​នៅ​ក្នុង​ម្សៅ​ឬ​ទឹក​ដើម្បី​ឲ្យ​ដោរ​ឡើង។ ជា​ពិសេស មេ​នោះ​បាន​មក​ពី​ដុំ​ម្សៅ​ដែល​គេ​បាន​រក្សា​ទុក ក្រោយ​ពី​បាន​ដោរ​ហើយ។ ជាញឹកញយ​ក្នុង​គម្ពីរ ដំបែ​តំណាង​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ពុក​រលួយ ហើយ​ក៏​សំដៅ​លើ​ការ​រីក​ចម្រើន​ដែល​គ្មាន​អ្នក​ណា​ដឹង​ដែរ។—ដច ១២:២០; ម៉ាថ ១៣:៣៣; កាឡ ៥:៩

  • ដ្រាកម៉ា

    ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច ពាក្យ​នេះ​សំដៅ​លើ​កាក់​ធ្វើ​ពី​ប្រាក់​របស់​ក្រិច។ នៅ​ពេល​នោះ​វា​មាន​ទម្ងន់​៣,៤​ក្រាម។ ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ មាន​ការ​លើក​ឡើង​អំពី​កាក់​មាស​មួយ​ដ្រាកម៉ា​នៅ​សម័យ​ពើស៊ី ដែល​ស្មើ​នឹង​មួយ​ដារីក (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—នេហ ៧:៧០; ម៉ាថ ១៧:២៤

  • ឋាឋារ៉ុស

    ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ឋាឋារ៉ុស​សំដៅ​លើ​ស្ថានភាព​ដូច​ជា​គុក។ ពួក​ទេវតា​ដែល​មិន​ស្ដាប់​បង្គាប់​ព្រះ​នៅ​សម័យ​ណូអេ បាន​ត្រូវ​បោះ​ទៅ​ក្នុង​ស្ថានភាព​នោះ។ នៅ​ពេត្រុស​ទី​២ ២:៤ ការ​ប្រើ​កិរិយាសព្ទ​ឋាឋារ៉ូ (​tar·ta·ro​ʹ​o​) មាន​ន័យ​ថា​«​បោះ​ទៅ​ក្នុង​ឋាឋារ៉ុស​»​ តែ​មិន​មាន​ន័យ​ថា​«​ពួក​ទេវតា​ដែល​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​»​បាន​ត្រូវ​បោះ​ទៅ​ក្នុង​ឋាឋារ៉ុស (​ជា​គុក​ក្រោម​ដី​និង​ជា​កន្លែង​ងងឹត​សម្រាប់​ព្រះ​ឋានៈ​ទាប​) ដែល​ជា​រឿង​ព្រេង​របស់​សាសនា​មិន​ពិត​ទេ។ ផ្ទុយ​ទៅ​វិញ ពាក្យ​នេះ​មាន​ន័យ​ថា​ព្រះ​បាន​ទម្លាក់​ពួក​ទេវតា​ទាំង​នោះ ហើយ​ដាក់​ពួក​គេ​នៅ​ក្នុង​ស្ថានភាព​ដ៏​ថោក​ទាប ដែល​មិន​មាន​ឋានៈ​ឬ​ឯកសិទ្ធិ​ដូច​ពី​មុន​ឡើយ។ ការ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ពួក​គេ​លែង​យល់​អំ​ពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​គោល​បំណង​ដ៏​ត្រចះ​ត្រចង់​របស់​ព្រះ។ ពួក​គេ​មាន​អនាគត​ងងឹត​សូន្យសុង ពី​ព្រោះ​គម្ពីរ​ប្រាប់​ថា​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​ជា​មួយ​នឹង​មេកំណាច​សាថាន​ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ។ ដូច្នេះ ឋាឋារ៉ុស​ផ្ដោត​ទៅ​លើ​ស្ថានភាព​ទាប​បំផុត​របស់​ពួក​ទេវតា​ដែល​បះ​បោរ​ប្រឆាំង​ព្រះ។ នេះ​ខុស​គ្នា​ពី​«​ទី​ជ្រៅ​បំផុត​»​ដែល​មាន​ចែង​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ២០:​១​-​៣

  • ឌីណារី

    ជា​កាក់​ធ្វើ​ពី​ប្រាក់​ដែល​ជា​របស់​រ៉ូម មាន​ទម្ងន់​ប្រហែល​៣,៨៥​ក្រាម ហើយ​មាន​រូប​សេសារ​នៅ​ម្ខាង។ ឌីណារី​ជា​ប្រាក់​ឈ្នួល​សម្រាប់​ធ្វើ​ការ​មួយ​ថ្ងៃ និង​ជាកាក់​ដែល​ជន​ជាតិ​រ៉ូម​តម្រូវ​ឲ្យ​ជនជាតិ​យូដា​ប្រើ​ដើម្បី​បង់​«​ពន្ធ​»​ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—ម៉ាថ ២២:​១៧; លូក ២០:២៤

  • ណាត

    ជា​ប្រេង​ក្រអូប​មាន​តម្លៃ​ថ្លៃ ហើយ​មាន​ពណ៌ក្រហម​ស្រាល មក​ពី​ដើម​ស្ពេកណាត (​Nardostachys jatamansi​)។ ដោយ​សារ​ប្រេង​ណាត​មាន​តម្លៃ​ថ្លៃ នោះ​ជា​ញឹក​ញយ គេ​លាយ​ជា​មួយ​នឹង​ប្រេង​ថោក​ៗ​ ហើយ​ពេល​ខ្លះ​ក៏​មាន​ប្រេង​ក្លែង​ក្លាយ​ដែរ។ ប៉ុន្តែ គួរ​ឲ្យ​កត់​សម្គាល់ ទាំង​ម៉ាកុស​ទាំង​យ៉ូហាន​បាន​ប្រាប់​ថា​«​ប្រេង​ណាត​សុទ្ធ​»​បាន​ត្រូវ​ចាក់​លើ​លោក​យេស៊ូ។—ម៉ាក ១៤:៣; យ៉ូន ១២:៣

  • ណាសារីត

    ជា​ពាក្យ​មក​ពី​ភាសា​ហេប្រឺ មាន​ន័យ​ថា​«​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​»​ ​«​អ្នក​ដែល​បាន​ត្រូវ​ញែក​ចេញ​»​ ឬ​«​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​»។ ណាសារីត​មាន​ពីរ​ប្រភេទ​គឺ អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ណាសារីត និង​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​ណាសារីត។ បុរស​ឬ​ស្ត្រី​អាច​ធ្វើ​សម្បថ​ពិសេស​ទៅ​ព្រះ​យេហូវ៉ា ដើម្បី​រស់​ជា​ណាសារីត​អស់​មួយ​រយៈ​ពេល។ អស់​អ្នក​ដែល​ស្បថ​ដោយ​ស្ម័គ្រ​ចិត្ត ត្រូវ​ធ្វើ​តាម​ចំណុច​បី​យ៉ាង​គឺ មិន​ត្រូវ​ផឹក​ស្រា​ឬ​បរិភោគ​អ្វី​ដែល​មក​ពី​ផ្លែ​ទំពាំង​បាយ​ជូរ មិន​ត្រូវ​កាត់​សក់ និង​មិន​ត្រូវ​ប៉ះ​សាក​សព​ឡើយ។ ប៉ុន្តែ អ្នក​ណា​ដែល​ព្រះ​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​ណាសារីត អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ណាសារីត​អស់​មួយ​ជីវិត ហើយ​ព្រះ​យេហូវ៉ា​មាន​បង្គាប់​ជាក់​លាក់​សម្រាប់​ពួក​គេ។—ជប ៦:២​-​៧; អសក ១៣:៥

  • ណាសារ៉ែត

    ជា​ឈ្មោះ​មួយ​ដែល​គេ​ហៅ​លោក​យេស៊ូ ព្រោះ​លោក​មក​ពី​ក្រុង​ណាសារ៉ែត។ ពាក្យ​នេះ​ប្រហែល​ជា​ទាក់​ទង​នឹង​ពាក្យ​ភាសា​ហេប្រឺ ដែល​មាន​ន័យ​ថា​«​ពន្លក​»​នៅ​អេសាយ ១១:១។ ក្រោយ​មក គេ​ក៏​ប្រើ​ពាក្យ​នេះ​សំដៅ​លើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែរ។—ម៉ាថ ២:២៣; សកម្ម ២៤:៥

  • ណែសាន

    ក្រោយ​ពី​ជនជាតិ​យូដា​លែង​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន ណែសាន​ជា​ឈ្មោះ​ថ្មី​របស់​អាប៊ីប ដែល​ជា​ខែ​ទី​១​ក្នុង​ប្រតិទិន​សាសនា​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​៧​ក្នុង​ប្រតិទិន​កសិកម្ម រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មីនា​ដល់​ពាក់​កណ្ដាល​ខែ​មេសា (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។—នេហ ២:១

  • តម​អាហារ

    ជន​ជាតិ​អ៊ីស្រាអែល​មាន​ទម្លាប់​តម​អាហារ​នៅ​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង នៅ​ពេល​មាន​ទុក្ខ​លំបាក និង​នៅ​ពេល​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ។ ជនជាតិ​យូដា​មាន​ទំនៀម​ទម្លាប់​តម​អាហារ​បួន​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជា​ការ​នឹក​ចាំ​ព្រឹត្តិការណ៍​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ពួក​គេ។ ការ​តម​អាហារ​មិន​មែន​ជា​តម្រូវ​ការ​សម្រាប់​គ្រិស្ត​សាសនិក​ទេ។—អែស ៨:២១; អេ ៥៨:៦; លូក ១៨:១២

  • តេបេថ

    ក្រោយ​ពី​ជនជាតិ​យូដា​លែង​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន តេបេថ​ជា​ឈ្មោះ​ខែ​ទី​១០​ក្នុង​ប្រតិទិន​សាសនា​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​៤​ក្នុង​ប្រតិទិន​កសិកម្ម រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​ដល់​ពាក់​កណ្ដាល​ខែមករា (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។—អេធ ២:១៦

  • តំបន់​ភ្នំ​លីបង់

    ជា​ជួរ​ភ្នំ​មួយ​ក្នុង​ចំណោម​ជួរ​ភ្នំ​ពីរ​ក្នុង​ទឹក​ដី​លីបង់។ តំបន់​ភ្នំ​លីបង់​ស្ថិត​នៅ​ទិស​ខាង​លិច ហើយ​អាន់ទី​លីបង់​ស្ថិត​នៅ​ទិស​ខាង​កើត។ មាន​ជ្រលង​វែង​មួយ​សម្បូរ​ជី​ជាតិ​នៅ​កណ្ដាល​រវាង​ជួរ​ភ្នំ​ទាំង​ពីរ​នោះ។ តំបន់​ភ្នំ​លីបង់​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ានេ ភ្នំ​នោះ​ជា​មធ្យម​មាន​កម្ពស់​១.៨០០​ម៉ែត្រ​ដល់​២.១០០​ម៉ែត្រ។ នៅ​សម័យ​បុរាណ ភ្នំ​លីបង់​គ្រប់​ដណ្ដប់​ដោយ​ដើម​ស៊ីដារ​ធំ​ខ្ពស់ ដែល​ប្រជាជាតិ​នៅ​ជុំ​វិញ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៧​)។—បច ១:៧; ចសព ២៩:៦; ៩២:១២

  • ត្រសាល

    ជា​ត្រសាល​ចល័ត​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ប្រើ​សម្រាប់​គោរព​ប្រណិប័តន៍​ព្រះ ក្រោយ​ពី​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ក៏​ជា​ត្រសាល​សម្រាប់​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា ដែល​តំណាង​វត្តមាន​របស់​លោក ហើយ​ជា​កន្លែង​ជូន​គ្រឿង​បូជា​និង​គោរព​ប្រណិប័តន៍​លោក។ ពេល​ខ្លះ គេ​ហៅ​ថា​«​ត្រសាល​ជំនុំ​»។ គ្រោង​ត្រសាល​នេះ ធ្វើ​ពី​ឈើ​ក្ដារ​ស៊ុម ហើយ​បិទ​បាំង​ដោយ​ក្រណាត់​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា និង​មាន​ប៉ាក់​រូប​ចេរូប៊ីន​ពី​លើ។ ក្នុង​ត្រសាល​នេះ​មាន​បន្ទប់​ពីរ ទី​១​ហៅ​ថា​បន្ទប់​បរិសុទ្ធ ទី​២​ហៅ​ថា​បន្ទប់​បរិសុទ្ធ​បំផុត (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៥​)។—យ៉ូស ១៨:១; ដច ២៥:៩

  • ត្រសាល​ជំនុំ

    នេះ​សំដៅ​លើ​ត្រសាល​ម៉ូសេ​និង​ត្រសាល​ពិសិដ្ឋ ដែល​បាន​ត្រូវ​ដំឡើង​ដំបូង​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។—ដច ៣៣:៧; ៣៩:៣២

  • ត្រា

    ជា​ប្រដាប់​មាន​ស្នាម​ឆ្លាក់ គេ​ប្រើ​ដើម្បី​បោះ (​លើ​ដី​ឥដ្ឋឬ​ក្រមួន​) ដែល​ជា​ការ​បញ្ជាក់​នូវ​កម្មសិទ្ធិ ឬ​របស់​ពិត ឬ​កិច្ច​សន្យា។ ត្រា​នៅ​សម័យ​បុរាណ​ជា​វត្ថុ​រឹង​មួយ (​ធ្វើ​ពី​ថ្ម ភ្លុក ឬ​ឈើ​) ដែល​មាន​ចម្លាក់​ជា​អក្សរ​ឬ​ជា​រូប​អ្វី​មួយ។ ត្រា​បាន​ត្រូវ​ប្រើ​ក្នុង​ន័យ​ធៀប​សម្រាប់​អ្វី​មួយ​ដែល​បាន​ត្រូវ​បោះ​ត្រា​ថា​ជា​របស់​ពិត ឬ​ជា​កម្មសិទ្ធិ ឬ​ជា​អ្វី​មួយ​ដែល​អាថ៌​កំបាំង។—ដច ២៨:១១; នេហ ៩:៣៨; បប ៥:១; ៩:៤

  • ត្រែ

    ជា​ឧបករណ៍​ភ្លេង​ធ្វើ​ពី​លោហៈ ប្រើ​សម្រាប់​ផ្លុំ​ជា​សញ្ញា​និង​សម្រាប់​តន្ត្រី។ យោង​តាម​សៀវភៅ​ជំរឿន​បណ្ដា​ជន ១០:២ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ណែនាំ​ឲ្យ​យក​ប្រាក់​មក​ធ្វើ​ជា​ត្រែ​ពីរ ដើម្បី​ផ្លុំ​ហៅ​បណ្ដា​ជន​ឲ្យ​មក​ជួប​ជុំ​គ្នា ដើម្បី​ផ្លុំ​ជា​សញ្ញា​រើ​ជំរំ ឬ​ដើម្បី​ប្រកាស​សង្គ្រាម​ជា​ដើម។ ត្រែ​បែប​នេះ​ទំនង​ជា​មាន​រាង​ត្រង់ មិន​កោង​ដូច​ត្រែ​ដែល​មក​ពី​«​ស្នែង​»​សត្វ​ទេ។ ត្រែ​គឺ​ជា​ឧបករណ៍​តន្ត្រី​មួយ​សម្រាប់​ប្រើ​ក្នុង​វិហារ តែ​គម្ពីរ​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​អំពី​លក្ខណៈ​របស់​ត្រែ​ទេ។ ជា​ញឹក​ញយ ពេល​បញ្ជាក់​ជា​ន័យ​ធៀប​អំពីការប្រកាសសេចក្ដី​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា ឬ​មាន​ព្រឹត្តិការណ៍​សំខាន់​ៗ​ដែល​មក​ពី​លោក នោះ​មាន​សំឡេង​ត្រែ​អម​ជា​មួយ។—២​ប្រ ២៩:២៦; អែស ៣:១០; ១កូ ១៥:៥២; បប ៨:៧–​១១:១៥

  • ថង់​ស្បែក

    ជា​ថង់​ដែល​ធ្វើ​ពី​ស្បែក​ពពែ​ឬ​ស្បែក​ចៀម ហើយ​បាន​ត្រូវ​ប្រើ​សម្រាប់​ដាក់​ស្រា។ ធម្មតា​គេ​ដាក់​ស្រា​នៅ​ក្នុង​ថង់​ស្បែក​ថ្មី ដោយ​សារ​ស្រា​នឹង​ដុះ​មេ ហើយ​បង្កើត​ជា​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ដែល​បណ្ដាល​ឲ្យ​ថង់​ស្បែក​ប៉ោង​ឡើង​ៗ។ ថង់​ស្បែក​ថ្មី​តែង​តែ​រីក ប៉ុន្តែ​ថង់​ស្បែក​ចាស់​មិន​អាច​រីក​បត់​បែន​បាន​ទេ ហើយ​វា​នឹង​ផ្ទុះ​នៅ​ពេល​រង​សម្ពាធ។—យ៉ូស ៩:៤; ម៉ាថ ៩:១៧

  • ថាមូស

    (​១​) ជា​ឈ្មោះ​របស់​ព្រះ​មួយ។ នៅ​ក្រុង​យេរូសាឡិម ស្ត្រីជន​ជាតិ​ហេប្រឺ​ដែល​ក្បត់​ជំនឿ​បាន​យំ​នៅ​មុខ​ព្រះ​នោះ។ ដំបូង​គេ​ជឿ​ថា ថាមូស​ជា​ស្ដេច​មួយ​ដែល​បាន​ត្រូវ​លើក​ឡើង​ជា​ព្រះ ក្រោយ​ពី​គាត់​ស្លាប់។ នៅ​ក្នុង​សេចក្ដី​បក​ប្រែ​របស់​ជន​ជាតិ​សាមឺ ថាមូស​បាន​ត្រូវ​គេ​ហៅ​ថា​ឌូមូហ្ស៊ី និង​ជា​គូ​ស្នេហ៍​របស់​ព្រះ​នាង​អ៊ីណានណា ដែល​គេ​ជឿ​ថា​ជួយ​ឲ្យ​មាន​កូន (​អ៊ីស្តា​របស់​ពួក​បាប៊ីឡូន​)។ (​អេគ ៨:១៤​) (​២​) ក្រោយ​ពី​ជនជាតិ​យូដា​លែង​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន ថាមូស​ជា​ខែ​ទី​៤​ក្នុង​ប្រតិទិន​ចន្ទ​គតិ​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​១០​ក្នុង​ប្រតិទិន​កសិកម្ម រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ដល់​ពាក់​កណ្ដាល​ខែ​កក្កដា (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។

  • ថាលិន

    ជា​ឯកតា​ទម្ងន់​និង​ជា​រូបិយ​វត្ថុ​ធំ​បំផុត​របស់​ជន​ជាតិ​ហេប្រឺ។ មួយ​ថាលិន​មាន​ទម្ងន់​៣៤,២​គីឡូ​ក្រាម។ ប៉ុន្តែ ថាលិន​ក្រិច​គឺ​តូច​ជាង ហើយ​មួយ​ថាលិន​មាន​ទម្ងន់​ប្រហែល​២០,៤​គីឡូ​ក្រាម (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—១​ប្រ ២២:១៤; ម៉ាថ ១៨:២៤

  • ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង

    ជា​ថ្ងៃ​សំខាន់​បំផុត​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ក៏​បាន​ត្រូវ​ហៅ​ថា​យ៉ុមគីបពួ (​មក​ពី​ពាក្យ​ហេប្រឺ​យ៉ុមហាកគីបពួរីម ​«​ថ្ងៃ​នៃ​ការ​គ្រប​បាំង​»​) ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​អេថានីម។ រាល់​ឆ្នាំ នេះ​ជា​ថ្ងៃ​តែ​មួយ​គត់​ដែល​សម្ដេច​សង្ឃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​នៃ​ត្រសាល ដើម្បី​ជូន​ឈាម​ជា​គ្រឿង​បូជា​ជម្រះ​ការ​ខុស​ឆ្គង​របស់​គាត់ ពួក​លេវី និង​បណ្ដា​ជន។ ថ្ងៃ​នោះ​ជា​ថ្ងៃ​តម​អាហារ​និង​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ហើយ​ក៏​ជា​ថ្ងៃ​ឈប់​សម្រាក​ដែល​បណ្ដា​ជន​មិន​ធ្វើ​ការ​ដែរ។—ចល ២៣:២៧, ២៨

  • ថ្ងៃ​ឈប់​សម្រាក

    មក​ពី​ពាក្យ​ភាសា​ហេប្រឺ មាន​ន័យ​ថា​«​សម្រាក​»​ ឬ​«​ផ្អាក​»។ នេះ​ជា​ថ្ងៃ​ទី​៧​នៃ​សប្ដាហ៍​របស់​ជនជាតិ​យូដា (​ចាប់​ពី​ថ្ងៃ​លិច​ថ្ងៃ​សុក្រ ដល់​ថ្ងៃ​លិច​ថ្ងៃ​សៅរ៍​)។ បុណ្យ​ខ្លះ​ទៀត​ដូច​ជា ឆ្នាំ​ទី​៧ និង​ឆ្នាំ​ទី​៥០ ក៏​បាន​ត្រូវ​ហៅ​ថា​ឆ្នាំ​ឈប់​សម្រាក​ដែរ។ នៅ​ថ្ងៃ​ឈប់​សម្រាក គ្មាន​មនុស្ស​ណា​ម្នាក់​ធ្វើ​ការ​ទេ លើក​លែង​តែ​សង្ឃ​ដែល​បំពេញ​កិច្ច​បម្រើ​នៅ​វិហារ។ នៅ​ឆ្នាំ​ឈប់​សម្រាក ដី​ត្រូវ​ទុក​នៅ​ទំនេរ​ដោយ​មិន​សាប​ព្រោះ​ឬ​ភ្ជួរ​រាស់​ឡើយ ហើយ​ជន​ជាតិ​ហេប្រឺ​ដូច​គ្នា​មិន​អាច​ទារ​បំណុល​ពី​កូន​បំណុល​បាន​ទេ។ ច្បាប់​ម៉ូសេ​បាន​ដាក់​កំហិត​សម​ហេតុ​សម​ផល​សម្រាប់​ថ្ងៃ​ឈប់​សម្រាក។ ប៉ុន្តែ បន្តិច​ម្ដង​ៗ​អ្នក​ដឹក​នាំ​សាសនា​បាន​បន្ថែម​ច្បាប់​លើ​ថ្ងៃ​ឈប់​សម្រាក បាន​ជា​មក​ដល់​សម័យ​លោក​យេស៊ូ បណ្ដា​ជន​កាន់​តែ​ពិបាក​ធ្វើ​តាម​ច្បាប់​ទាំង​នោះ។—ដច ២០:៨; ចល ២៥:៤; លូក ១៣:១៤​-​១៦; កូឡ ២:១៦

  • ថ្ងៃ​រៀបចំ

    ជា​ឈ្មោះ​សម្រាប់​ថ្ងៃ ដែល​ជា​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សម្រាក។ នៅ​ថ្ងៃ​នោះ​ជនជាតិ​យូដា​រៀបចំ​អ្វី​ៗ​ដែល​ចាំ​បាច់​សម្រាប់​ថ្ងៃ​ឈប់​សម្រាក។ ថ្ងៃ​រៀបចំ​គឺ​បញ្ចប់​នៅ​ពេល​ដួង​អាទិត្យ​លិច ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ថ្ងៃ​សុក្រ រួច​ថ្ងៃ​ឈប់​សម្រាក​ចាប់​ផ្ដើម។ ថ្ងៃ​របស់​ជនជាតិ​យូដា រាប់​ចាប់​ពី​ល្ងាច​ដល់​ល្ងាច។—ម៉ាក ១៥:៤២; លូក ២៣:៥៤

  • ថ្ងៃ​វិនិច្ឆ័យ​ក្ដី

    ជា​ថ្ងៃ​ឬ​ជា​ពេល​វេលា​ជាក់​លាក់ ដែល​ព្រះ​វិនិច្ឆ័យ​ក្រុម​មនុស្ស ជន​ជាតិ ឬ​មនុស្ស​ទាំង​អស់។ នោះ​អាច​ជា​ពេល​ដែល​ប្រហារ​ជីវិត​បុគ្គល​ដែល​លោក​វិនិច្ឆ័យ​ថា​នឹង​ស្លាប់ ឬ​ជា​ពេល​ដែល​លោក​វិនិច្ឆ័យ​ឲ្យ​អ្នក​ខ្លះ​ទទួល​សេចក្ដី​សង្គ្រោះ និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ លោក​យេស៊ូ​គ្រិស្ត​និង​ពួក​សាវ័ក​របស់​លោក​បាន​ប្រាប់​ទុក​ជា​មុន​ថា​«​ថ្ងៃ​វិនិច្ឆ័យ​ក្ដី​»​នៅ​អនាគត មិន​គ្រាន់​តែ​ទាក់​ទង​នឹង​អ្នក​ដែល​នៅ​រស់​ប៉ុណ្ណោះ​ទេ តែ​ក៏​ទាក់​ទង​នឹង​អ្នក​ដែល​បាន​ស្លាប់​ដែរ។—ម៉ាថ ១២:៣៦

  • ថ្ម​ដ៏​សំខាន់​បំផុត

    ជា​ថ្ម​នៅ​កាច់​ជ្រុង​អាគារ​ត្រង់​ចំណុច​ជញ្ជាំង​ពីរ​ជួប​គ្នា។ នោះ​ជា​ថ្ម​ដ៏​សំខាន់​ដែល​ភ្ជាប់​រវាង​ជញ្ជាំង​ពីរ និង​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។ ជា​ពិសេស គេ​ជ្រើស​រើស​ថ្ម​តាន់​មាំ ពេល​សង់​កំពែង​ក្រុង​ឬ​អាគារ​សាធារណៈ។ ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ក្នុង​ន័យ​ធៀប សម្រាប់​សំដៅ​លើ​ការ​បង្កើត​ផែនដី ហើយ​លោក​យេស៊ូ​ក៏​បាន​ត្រូវ​ពណ៌នា​ថា​ជា​«​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​»​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ដែល​ប្រៀប​ដូច​ជា​វិហារ​របស់​ព្រះ។—អេភ ២:២០; យ៉ូប ៣៨:៦

  • ថ្ម​ត្បាល់​កិន

    ជា​ថ្ម​រាង​មូល​ពីរ​ត្រួត​គ្នា ប្រើ​សម្រាប់​កិន​ស្រូវ​ធ្វើ​ម្សៅ។ នៅ​ត្រង់​កណ្ដាល​ថ្ម​ខាង​ក្រោម​មាន​ស្នូល​ដើម្បី​បង្វិល​តួ​ថ្ម​ខាង​លើ។ នៅ​សម័យ​គម្ពីរ ផ្ទះ​ភាគ​ច្រើន ស្ត្រី​ប្រើ​ថ្ម​ត្បាល់​កិន​បង្វិល​ដោយ​ដៃ។ ច្បាប់​ម៉ូសេ​ហាម​ជន​ជាតិ​អ៊ីស្រាអែល​យក​ថ្ម​ត្បាល់​កិន​ទៅ​បញ្ចាំ ពី​ព្រោះ​ក្រុម​គ្រួសារ​នីមួយ​ៗ​តែង​តែ​ប្រើ​ថ្ម​ត្បាល់​កិន​ដើម្បី​ធ្វើ​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ។ រីឯ​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​វិញ ត្រូវ​បង្វិល​ដោយ​សត្វ។—បច ២៤:៦; ម៉ាក ៩:៤២

  • ថ្លៃ​លោះ

    ជា​ថ្លៃ​ដែល​បង់​ដើម្បី​ដោះ​លែង​ពី​ការ​ឃុំ​ខ្លួន ពី​ការ​ដាក់​ទោស ពី​ទុក្ខ​វេទនា ពី​ភាព​ខុស​ឆ្គង ឬ​ពី​កាតព្វកិច្ច​ណា​មួយ។ តម្លៃ​លោះ​មិន​តែង​តែ​ជា​ប្រាក់​ទេ។ (​អេ ៤៣:៣​) មាន​ស្ថានភាព​ផ្សេង​ៗ ដែល​តម្រូវ​ឲ្យ​បង់​ថ្លៃ​លោះ។ ជា​ឧទាហរណ៍ កូន​ប្រុស​ច្បង​ឬ​កូន​សត្វ​ឈ្មោល​ដំបូង​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រាអែល​ជា​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ បើ​អ្នក​ណា​ចង់​លោះ​កូន​ប្រុស​ច្បង អ្នក​នោះ​ត្រូវ​បង់​ថ្លៃ​លោះ​តាម​ការ​កំណត់ ហើយ​ពួក​គេ​ក៏​អាច​បង់​ថ្លៃ​លោះ​សម្រាប់​កូន​សត្វ​ឈ្មោល​ដំបូង​ដែរ។ បើ​មិន​ដូច្នេះ​ទេ កូន​ឬ​សត្វ​នោះ​នឹង​ប្រើ​សម្រាប់​តែ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ (​ជប ៣:៤៥, ៤៦; ១៨:១៥, ១៦​) បើ​អ្នក​ណា​ម្នាក់​ដឹង​ថា​គោ​របស់​ខ្លួន​កាច តែ​មិន​បង្ខាំង​វា​ទេ ហើយ​វា​ដើរ​ទៅ​ជល់​គេ​បណ្ដាល​ឲ្យ​ស្លាប់ ម្ចាស់​គោ​ត្រូវ​បង់​ប្រាក់​ដើម្បី​លោះ​ជីវិត​ខ្លួន​តាម​តម្លៃ​ដែល​គេ​តម្រូវ​ឲ្យ​បង់។ (​ដច ២១:២៩, ៣០​) ប៉ុន្តែ អ្នក​ដែល​សម្លាប់​គេ​ដោយ​ចេតនា នោះ​មិន​អាច​យក​អ្វី​មក​លោះ​ជីវិត​គាត់​បាន​ឡើយ។ (​ជប ៣៥:៣១​) សំខាន់​បំផុត គម្ពីរ​លើក​បញ្ជាក់​អំពី​ថ្លៃ​លោះ​ដែល​គ្រិស្ត​បាន​បង់​ដោយ​លះ​បង់​ជីវិត ដើម្បី​រំដោះ​មនុស្សជាតិ​ដែល​ស្ដាប់​បង្គាប់ ឲ្យ​រួច​ផុត​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។—ចសព ៤៩:៧, ៨; ម៉ាថ ២០:២៨; អេភ ១:៧

  • ទី​ខ្ពស់

    ជា​កន្លែង​គោរព​បូជា ធម្មតា​នៅ​លើ​ទួល លើ​ភ្នំ ឬ​លើ​ពំនូក​ដែល​មនុស្ស​ធ្វើ។ ទោះ​ជា​ពេល​ខ្លះ​ទី​ខ្ពស់​បាន​ត្រូវ​ប្រើ​សម្រាប់​គោរព​ប្រណិប័តន៍​ព្រះ​ក៏​ដោយ តែ​ជា​ញឹក​ញយ​បំផុត​បាន​ត្រូវ​ប្រើ​សម្រាប់​គោរព​បូជា​ព្រះ​មិន​ពិត។—ជប ៣៣:៥២; ១បស ៣:២; យេ ១៩:៥

  • ទី​ជ្រៅ​បំផុត

    នេះ​ជា​ពាក្យ​ភាសា​ក្រិច​អាប៊ីសូស ដែល​មាន​ន័យ​ថា​«​ជ្រៅ​ណាស់​ឬ​ជ្រៅ​ក្រៃ​លែង​»​ ឬ​«​មិន​អាច​ស្ទង់​បាន​ឬ​កំណត់​មិន​បាន​»​ និង​«​ទី​ទទេ​គ្មាន​ដែន​កំណត់​»។ ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ក្នុង​បទ​គម្ពីរ​ភាសាក្រិច សំដៅ​លើ​កន្លែង​ឃុំ​ឃាំង ឬ​ស្ថានភាព​ដែល​គ្មាន​សកម្មភាព​អ្វី​ទាំង​អស់។ នេះ​រួម​បញ្ចូល​ផ្នូរ និង​អ្វី​ផ្សេង​ទៀត។—លូក ៨:៣១; រ៉ូម ១០:៧; បប ២០:៣

  • ទី​ធ្លា

    ជា​បរិវេណ​ត្រសាល​ដែល​ព័ទ្ធ​ដោយ​របង ហើយ​ក្រោយ​មក​ជា​ទី​លាន​ផ្សេង​ៗ​នៃ​សំណង់​សំខាន់​របស់វិហារ​ដែល​មាន​កំពែង​ព័ទ្ធ​ជុំ​វិញ។ ទី​បូជា​សម្រាប់​ដុត​គ្រឿង​បូជា​ស្ថិត​នៅ​ក្នុង​ទី​ធ្លា​នៃ​ត្រសាល ហើយ​ក្រោយ​មក​ស្ថិត​នៅ​ទី​លាន​ខាង​ក្នុង​នៃ​វិហារ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៥ ខ​៨ និង​ខ​១១​)។ គម្ពីរ​ក៏​បាន​រៀប​រាប់​អំពី​ទី​ធ្លា​ផ្ទះ​និង​ទី​ធ្លា​វិមាន​ដែរ។—ដច ៨:១៣; ២៧:​៩; ១បស ៧:១២; អេធ ៤:១១; ម៉ាថ ២៦:៣

  • ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក

    ជា​គ្រា​ដែល​នាំទៅ​ដល់​ទី​បញ្ចប់​នៃ​ពិភព​លោក​ដែល​គ្រប់​គ្រង​ដោយ​សាថាន។ នេះ​ក៏​ជា​គ្រា​នៃ​វត្តមាន​របស់​លោក​យេស៊ូ​ដែរ។ ក្រោម​ការ​ណែនាំ​របស់​លោក​យេស៊ូ បណ្ដា​ទេវតា​នឹង​«​ញែក​មនុស្ស​ទុច្ចរិត​ចេញ​ពី​ចំណោម​មនុស្ស​សុចរិត​»​ ហើយ​បំផ្លាញ​មនុស្ស​ទុច្ចរិត​ចោល។ (​ម៉ាថ ១៣:៤០​-​៤២, ៤៩​) ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ចាប់​អារម្មណ៍​ចង់​ដឹង​អំពី​ពេល​នៃ​«​គ្រា​ចុង​បញ្ចប់​»។ (​ម៉ាថ ២៤:៣​) មុន​លោក​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ លោក​បាន​សន្យា​នឹង​ពួក​អ្នក​កាន់​តាម​ថា លោក​នឹង​នៅ​ជា​មួយ​ពួក​គេ​រហូត​ដល់​គ្រា​នោះ។—ម៉ាថ ២៨:២០

  • ទី​បូជា

    ជា​ស្តូប​មួយ​ធ្វើ​ពី​ដី ឬ​ដុំ​ថ្ម ឬ​ថ្ម​ធំ​ទាំង​មូល​មួយ ឬ​ធ្វើ​ពី​ឈើ​ស្រោប​ដោយ​លោហៈ​ធាតុ។ គេ​ប្រើ​សម្រាប់​គ្រឿង​បូជា​ផ្សេង​ៗ​ឬ​ដុត​គ្រឿង​ក្រអូប​ដើម្បី​គោរពប្រណិប័តន៍​ព្រះ។ ក្នុង​បន្ទប់​ទី​១​នៃ​ត្រសាល​និង​វិហារ មាន​‹ទី​បូជា​មាស›​តូច​មួយ សម្រាប់​ដុត​គ្រឿង​ក្រអូប។ ទី​បូជា​នេះ​ធ្វើ​ពី​ឈើ​ស្រោប​មាស។ រីឯ​ទី​បូជា​ធំ​ជាង គឺ​«​ទី​បូជា​ធ្វើ​ពី​ស្ពាន់​»​ ទុក​សម្រាប់​ដុត​គ្រឿង​បូជា ដែល​ស្ថិត​នៅ​ទី​ធ្លា​ខាង​ក្រៅ​ត្រសាល (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៥​និង​ខ​៨​)។—ដច ២៧:១; ៣៩:៣៨, ៣៩; ដក ៨:២០; ១បស ៦:២០; ២ប្រ ៤:១; លូក ១:១១

  • ទុក្ខ​វេទនា​ជា​ខ្លាំង

    ពាក្យ​ភាសា​ក្រិច​«​ទុក្ខ​វេទនា​»​បញ្ជាក់​អត្ថន័យ​អំពី​ទុក្ខ​លំបាក ឬ​ការ​ឈឺ​ចាប់​ដែល​មក​ពី​ការ​រង​សម្ពាធ​ក្នុង​ស្ថានភាព​ផ្សេង​ៗ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​ដែល​មិន​ធ្លាប់​មាន​ពី​មុន ដែល​នឹង​កើត​ឡើង​លើ​ក្រុង​យេរូសាឡិម ហើយ​ជា​ពិសេស​នឹង​កើត​ឡើង​ម្ដង​ទៀត​មក​លើ​មនុស្សជាតិ នៅ​ពេល​ដែល​លោក​‹មក​ដោយ​មាន​សិរី​រុង​រឿង›​នៅ​ថ្ងៃ​ខាង​មុខ។ (​ម៉ាថ ២៤:២១, ២៩​-​៣១​) ប៉ូល​បាន​ប្រាប់​អំពី​ទុក្ខ​វេទនា​នេះ​ថា​ជា​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​របស់​ព្រះ​ប្រឆាំង​«​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​ពួក​អ្នក​ដែល​មិន​ស្ដាប់​ដំណឹង​ល្អ​»​អំពី​លោក​យេស៊ូ​គ្រិស្ត។ ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​ទី​១៩​បង្ហាញ​ថា លោក​យេស៊ូ​ជា​អ្នក​ដែល​នាំ​មុខ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ច្បាំង​នឹង​«​សត្វ​សាហាវ​និង​ស្ដេច​ទាំង​ឡាយ​នៅ​ផែនដី ព្រម​ទាំង​កង​ទ័ព​របស់​ពួក​គេ​»។ (​២ថែ ១:៦​-​៨; បប ១៩:១១​-​២១​) ប៉ុន្តែ ​«​មនុស្ស​មួយ​ក្រុម​ធំ​»​នឹង​ឆ្លង​ផុត​គ្រា​ទុក្ខ​វេទនា​នោះ (​មើល​ពាក្យ​«​អាម៉ាគេដូន​»​)។—បប ៧:៩, ១៤

  • ទួល

    ជា​ទី​តាំង​ភូមិសាស្ត្រ​របស់​ក្រុង​ដាវីឌ។ ទួល​នេះ​ប្រហែល​ជា​កន្លែង​ដែល​គេ​បង្គរ​ដី​ធ្វើ​ជា​ថ្នាក់​ៗ ឬ​សង់​អ្វី​ផ្សេង​ទៀត​ដើម្បី​ទប់​ដី។—២សាំ ៥:៩; ១បស ១១:២៧

  • ទេវតា

    មក​ពី​ភាសា​ហេប្រឺ​ម៉ាល់អាក និង​ភាសា​ក្រិច​អាគីឡុស។ ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ​ត្រង់​ថា​«​អ្នក​នាំ​សារ​»។ ក្នុង​គម្ពីរ​ពាក្យ​«​ទេវតា​»​សំដៅ​លើ​អ្នក​នាំ​សារ​ជា​បុគ្គល​វិញ្ញាណ។ (​ដក ១៦:៧; ៣២:៣; យ៉ា ២:​២៥; បប ២២:៨​) ទេវតា​ជា​បុគ្គល​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា ហើយ​ព្រះ​បាន​បង្កើត​ពួក​គេ​មក យូរ​មុន​ដែល​លោក​បាន​បង្កើត​មនុស្សជាតិ។ ក្នុង​គម្ពីរ ពួក​គេ​ក៏​បាន​ត្រូវ​ហៅ​ដែរ​ថា​«​ទេវតា​បរិសុទ្ធ​ច្រើន​អនេក​»​ ​«​កូន​ៗ​របស់​ព្រះ​»​ និង​«​ផ្កាយ​ព្រឹក​»។ (​បច ៣៣:២; យ៉ូប ១:៦; ៣៨:៧​) ពួក​គេ​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​សមត្ថភាព​មាន​កូន​ទេ។ ព្រះ​បាន​បង្កើត​ទេវតា​នីមួយ​ៗ។ មាន​ទេវតា​ជាង​មួយ​រយ​លាន​នាក់។ (​ដាន ៧:១០​) គម្ពីរ​ប្រាប់​ឲ្យ​ដឹង​ថា​ទេវតា​នីមួយ​ៗ​មាន​ឈ្មោះ​និង​បុគ្គលិក​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​ទេវតា​មាន​ចិត្ត​រាប​ទាប​មិន​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​អ្នក​ណា​ឡើយ ហើយ​ទេវ​តា​ភាគ​ច្រើន​មិន​ប្រាប់​ឈ្មោះ​របស់​ខ្លួន​ទេ។ (​ដក ៣២:​២៩; លូក ១:២៦; បប ២២:៨, ៩​) ទេវតា​មាន​ឋានៈ​និង​តួ​នាទី​ផ្សេង​ៗ​ដូច​ជា បម្រើ​នៅ​មុខ​បល្ល័ង្ក​ព្រះ​យេហូវ៉ា ជា​អ្នក​នាំ​សារ​របស់​ព្រះ ជា​អ្នក​ជួយ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​ផែនដី ជា​អ្នក​ដាក់​ទោស​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ និង​ជា​អ្នក​គាំទ្រ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (​២បស ១៩:៣៥; ចសព ៣៤:៧; លូក ១:​៣០, ៣១; បប ៥:១១; ១៤:៦​) នៅ​អនាគត ពួក​ទេវតា​នឹង​ជួយ​លោក​យេស៊ូ​ក្នុង​សង្គ្រាម​អាម៉ាគេដូន។—បប ១៩:១៤, ១៥

  • ទំនាយ

    ជា​សារ​ឬ​ជា​ព័ត៌មាន​ដែល​មក​ពី​ព្រះ អាច​ជា​ការ​បើក​បង្ហាញ​ឬ​ការ​ប្រកាស​ពី​ព្រះ។ ទំនាយ​អាច​ជា​សេចក្ដី​បង្រៀន​ខាង​សីលធម៌ ជា​បង្គាប់ ជា​ការ​វិនិច្ឆ័យ ឬ​ជា​ការ​ប្រកាស​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេលអនាគត។—អេគ ៣៧:៩, ១០; ដាន ៩:២៤; ម៉ាថ ១៣:​១៤; ២ពេ ១:២០, ២១

  • ធិសស៊្រី

    មើល​ពាក្យ​«​អេថានីម​»។

  • ធេរ៉ាភីម

    ជា​រូប​សំណាក​ឬ​ជា​រូប​ព្រះ​ប្រចាំ​គ្រួសារ ជួន​កាល​គេ​ប្រើ​ដើម្បី​សុំ​ការ​ណែនាំ។ (​អេគ ២១:២១​) ពេល​ខ្លះ រូប​សំណាក​ធេរ៉ាភីម​មាន​ទំហំ​និង​រូប​រាង​ដូច​មនុស្ស ឯ​រូប​ខ្លះ​ទៀត​មាន​ទំហំ​តូច​ៗ។ (​ដក ៣១:​៣៤; ១សាំ ១៩:១៣, ១៦​) ការ​រក​ឃើញ​របស់បុរាណ​វត្ថុ​វិទូ​នៅ​មេសូប៉ូតាមា បាន​បញ្ជាក់​ថា​អ្នក​ដែល​មាន​រូប​ធេរ៉ាភីម ជា​អ្នក​ដែល​ទទួល​មត៌ក​របស់​ក្រុម​គ្រួសារ (​នេះ​ជា​មូលហេតុ​ដែល​រ៉ាជែល​បាន​យក​ធេរ៉ាភីមរបស់ឪពុក​នាង​)។ តាម​មើល​ទៅ ជន​ជាតិ​អ៊ីស្រាអែល​មិន​ធ្លាប់​ប្រើ​រូប​ធេរ៉ាភីម​ក្នុង​បំណង​ដូច​នេះ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​ខ្លះ​ធ្លាប់​គោរព​បូជា​ព្រះ​មិន​ពិត​ជា​រូប​ធេរ៉ាភីម​នៅ​សម័យ​អ្នក​សម្រេច​ក្ដី​និង​សម័យ​មាន​ស្ដេច ហើយ​រូប​ធេរ៉ាភីម​ក៏​នៅ​ក្នុង​ចំណោម​រូប​ព្រះ​ឯ​ទៀត ដែល​ស្ដេច​យ៉ូសៀស​ដ៏​ស្មោះ​ត្រង់​បាន​បំផ្លាញ​ចោល​ដែរ។—អសក ១៧:៥; ២​បស ២៣:២៤; ហូ ៣:៤

  • នាលឡូត

    ជា​ពាក្យ​មាន​អត្ថន័យ​មិន​ច្បាស់​លាស់ មាន​នៅ​ក្នុង​ពាក្យ​ផ្ដើម​នៃ​ចម្រៀង​សរសើរ​ព្រះ បទ​ទី​៥។ អ្នក​ខ្លះ​គិត​ថា​ពាក្យ​នេះ​សំដៅ​លើ​ឧបករណ៍​ផ្លុំ ដែល​មាន​ឫសគល់​មក​ពី​ពាក្យ​ភាសា​ហេប្រឺ​ឆាលីល (​cha·lil​ʹ​) មាន​ន័យ​ថា​ខ្លុយ។ ប៉ុន្តែ ក៏​អាច​សំដៅ​លើ​បទ​ភ្លេង​ដែរ។

  • និកាយ

    ជា​ក្រុម​មនុស្ស​ដែល​ធ្វើ​តាម​ទ្រឹស្ដី​ណា​មួយ ឬ​ធ្វើ​តាម​អ្នក​ដឹក​នាំ​ណា​ម្នាក់ ថែម​ទាំង​កាន់​តាម​ជំនឿ​របស់​ក្រុម​ខ្លួន​ទៀត​ផង។ សាសនា​យូដា​មាន​និកាយ​ធំ​ពីរ​គឺ និកាយ​ផារិស៊ី និង​និកាយ​សាឌូស៊ី។ អ្នក​ដែល​មិន​មែន​ជា​គ្រិស្ត​សាសនិក ក៏​បាន​ហៅ​គ្រិស្ត​សាសនិក​ថា​«​និកាយ​»​មួយ​ដែរ ឬ​ហៅ​ថា​«​និកាយ​ណាសារ៉ែត​»​ ដោយ​សារ​ពួក​គេ​ប្រហែល​ជា​គិត​ថា​សាសនា​គ្រិស្ត​ផ្ដាច់​ចេញ​ពី​សាសនា​យូដា។ ក្រោយ​មក និកាយ​ផ្សេង​ៗ​បាន​លេច​មក​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ក្នុងសៀវភៅ​ការបើក​បង្ហាញ​បាន​លើក​ឡើង​អំពី​«​និកាយនីកុឡាស​»​។—សកម្ម ៥:១៧; ១៥:៥; ២៤:៥; ២៨:​២២; បប ២:​៦; ២ពេ ២:១

  • និរទេស

    គឺ​ជា​ការ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​កំណើត។ ភាគ​ច្រើន​ពួក​គេ​បាន​ត្រូវ​និរទេស​ចេញ​តាម​បញ្ជា​របស់​អ្នក​ដែល​ឈ្នះ​សង្គ្រាម។ ពាក្យ​«​និរទេស​»​ជា​ភាសា​ហេប្រឺ​មាន​ន័យ​ថា​«​ការ​ចាក​ចេញ​»។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​និរទេស​ចំនួន​ពីរ​ដង។ រាជាណាចក្រ​ខាង​ជើង​ដែល​មាន​កុល​សម្ព័ន្ធ​១០​បាន​ត្រូវ​ពួក​អាស៊ីរី​និរទេស ហើយ​ក្រោយ​មក​រាជាណាចក្រ​ខាង​ត្បូង​ដែល​មាន​កុល​សម្ព័ន្ធ​២​បាន​ត្រូវ​ពួក​បាប៊ីឡូន​និរទេស។ ពួក​អ្នក​ដែល​នៅ​រស់​ក្រោយ​ពី​ការ​និរទេស បាន​ត្រឡប់​ទៅ​ទឹក​ដី​របស់​ពួក​គេ​វិញ​តាម​បញ្ជា​របស់​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី។—២បស ១៧:៦; ២៥:១១

  • នីហ្វីលីម

    ជា​មនុស្ស​មាឌ​ធំ​សម្បើម ហើយ​ឃោរ​ឃៅ។ ពួក​គេ​ជា​កូន​មនុស្ស​កាត់​ទេវតា មុន​ពេល​មាន​ទឹក​ជំនន់។—ដក ៦:៤

  • នឹម

    ជា​ដង​រែក​ដាក់​លើ​ស្មា​របស់​មនុស្ស​ម្នាក់​ឲ្យ​គាត់​រែក ដោយ​មាន​របស់​របរ​ព្យួរ​នៅ​ចុង​សង​ខាង​ដង​រែក​នោះ ឬ​ជា​ឈើ​ដែល​ដាក់​លើ​កញ្ចឹង​ក​សត្វ​ពីរ​ក្បាល (​ធម្មតា​សត្វ​គោ​) ដើម្បី​ទឹម​ពួក​វា​ឲ្យ​អូស​នង្គ័ល ឬ​អូស​រទេះ​ជា​ដើម។ ដោយ​សារ​ខ្ញុំ​បម្រើ​ច្រើន​តែ​ប្រើ​នឹម​ដើម្បី​រែក​អីវ៉ាន់​ធ្ងន់​ៗ ដូច្នេះ​នឹម​បាន​ត្រូវ​ប្រើ​ក្នុង​ន័យ​ធៀប​តំណាង​ភាព​ជា​ខ្ញុំ​បម្រើ ឬ​តំណាង​ការ​ចុះ​ចូល​ក្រោម​អំណាច​របស់​អ្នក​ណា​ម្នាក់ រួម​ទាំង​តំណាង​ការ​រង​ទុក្ខ​វេទនា​និង​ការ​សង្កត់​សង្កិន។ ការ​ដក​ឬ​បំបាក់​នឹម បញ្ជាក់​អំពី​ការ​មាន​សេរី​ភាព​ពី​ការ​ជាប់​ចំណង ការសង្កត់សង្កិន និង​ការ​កេង​ប្រវ័ញ្ច។—ចល ២៦:១៣; ម៉ាថ ១១:​២៩,៣០

  • នំ​ប៉័ង​តាំង​ទុក

    ជា​នំ​ប៉័ង​១២​ដុំ ដែល​បាន​ត្រូវ​រៀប​ជា​ពីរ​គំនរ មួយ​គំនរ​មាន​៦​ដុំ។ គេ​ដាក់​នំ​ប៉័ង​ទាំង​នោះ​នៅ​លើ​តុ​ក្នុង​បន្ទប់​បរិសុទ្ធ​នៃ​ត្រសាល​និង​វិហារ។ គេ​ក៏​ហៅ​ដែរ​ថា​«​នំ​ប៉័ង​តាំង​ទុក​ជា​គ្រឿង​បូជា​»។ នំ​ប៉័ង​នេះ​ជា​គ្រឿង​បូជា​ជូន​ព្រះ ហើយ​គេ​ត្រូវ​ដាក់​នំ​ប៉័ង​ថ្មី​រៀង​រាល់​ថ្ងៃ​ឈប់​សម្រាក។ ធម្មតា នំ​ប៉័ង​ដែល​ដក​ចេញ មាន​តែ​ពួកសង្ឃ​ប៉ុណ្ណោះ​អាច​បរិភោគ​បាន (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៥​)។—២ប្រ ២:៤; ម៉ាថ ១២:៤; ដច ២៥:​៣០; ចល ២៤:៥​-​៩; ហេ ៩:២

  • បង​ប្អូន​ថ្លៃ

    តាម​ទំនៀម​ទម្លាប់ បើ​ប្ដី​ស្លាប់​ចោល​ប្រពន្ធ​ទាំង​គ្មាន​កូន នោះ​បង​ប្អូន​ប្រុស​របស់​បុរស​ដែល​ស្លាប់ ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ប្រពន្ធ​របស់​បុរស​នោះ ដើម្បី​បង្កើត​កូន​បន្ត​ពូជ​ឲ្យ​គាត់។ ក្រោយ​មក ទំនៀម​ទម្លាប់​នេះ​បាន​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ម៉ូសេ។—ដក ៣៨:​៨; បច ២៥:៥

  • បង្គោល

    ជា​បង្គោល​ត្រង់​ទៅ​លើ សម្រាប់​ព្យួរ​ឧក្រិដ្ឋជន។ ជន​ជាតិ​ខ្លះ​ប្រើ​បង្គោល​បែប​នេះ​ដើម្បី​ប្រហារ​ជីវិត ឬ​ព្យួរ​សាក​សព​ទុក​ជា​ការ​ព្រមាន​ដល់​មនុស្ស​ឯ​ទៀត ឬ​ទុក​ជា​សេចក្ដី​អាម៉ាស់​របស់​សព។ ស្ដី​អំពី​ការ​ធ្វើ​សង្គ្រាម ជន​ជាតិ​អាស៊ីរី​បាន​ត្រូវ​គេ​កត់​សម្គាល់​ថា ជា​ពួក​មនុស្ស​ដែល​ធ្វើ​សង្គ្រាម​សាហាវ​ឃោរ​ឃៅ ព្រោះ​ពេល​ចាប់​បាន​ឈ្លើយ​សឹក ពួក​គេ​តែង​ព្យួរ​ឈ្លើយ​សឹក​នៅ​លើ​បង្គោល​ឈើ​ចុង​ស្រួច ដោយ​យក​បង្គោល​ឈើ​ស្រួច​នោះ​ចាក់​ដោត​ពី​ពោះ​រហូត​ដល់​ដើម​ទ្រូង។ រីឯ​ច្បាប់​របស់​ជនជាតិ​យូដា​វិញ អ្នក​ដែល​ប្រព្រឹត្ត​ល្មើស​ធ្ងន់​ធ្ងរ​ដូច​ជា ប្រមាថ​ព្រះ ឬ​គោរព​បូជា​រូប​ព្រះ នឹង​ត្រូវ​គេ​ចោល​ថ្ម​សម្លាប់ ឬ​សម្លាប់​តាម​វិធី​ផ្សេង​ទៀត។ បន្ទាប់​មក គេ​យក​សាក​សព​ទៅ​ព្យួរ​នឹង​បង្គោល ឬ​ដើម​ឈើ ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀត។ (​បច ២១:​២២, ២៣; ២សាំ ២១:៦,​) ជួន​កាល ជន​ជាតិ​រ៉ូម​ចង​ឧក្រិដ្ឋ​ជន​លើ​បង្គោល​ឈើ ក្នុង​ករណី​នេះ​គាត់​អាច​រស់​បាន​ច្រើន​ថ្ងៃ​មុន​នឹង​ស្លាប់ ដោយ​សារ​ការ​ឈឺ​ចាប់ ការ​ស្រេក​ឃ្លាន និង​ការ​ហាល​ថ្ងៃ​ហាល​ខ្យល់។ ក្នុង​ករណី​ផ្សេង​ទៀត ដូច​ជា​ការ​ប្រហារ​ជីវិត​លោក​យេស៊ូ ពួក​គេ​ដំ​ដែក​គោល​លើ​ដៃ​និង​ជើង​ភ្ជាប់​នឹង​បង្គោល​ឈើ (​មើល​ពាក្យ​«​បង្គោល​ទារុណកម្ម​»​)។—លូក ២៤:២០; យ៉ូន ១៩:១៤​-​១៦; ២០:២៥; សកម្ម ២:២៣, ៣៦

  • បង្គោល​ឈើ​ពិសិដ្ឋ

    ពាក្យ​ភាសា​ហេប្រឺ​អាសឺរ៉ា (​ʼashe·rah​ʹ​) សំដៅ​លើ​(​១​) បង្គោល​ឈើ​ពិសិដ្ឋ​ដែល​តំណាង​ព្រះ​នាង​អាសឺរ៉ា ជា​ព្រះ​មួយ​របស់​ជន​ជាតិ​កាណាន​ដែល​គេ​ជឿ​ថា​ធ្វើ​ឲ្យ​មាន​កូន ឬ​(​២​) ជា​រូប​សំណាក​ព្រះ​អាសឺរ៉ា។ នេះ​ទំនង​ជា​បង្គោល​ត្រង់​ធ្វើ​ពី​ឈើ ឬ​យ៉ាង​ហោច​ណាស់​ក៏​មាន​លាយ​ឈើ​មួយ​ផ្នែក​ដែរ ហើយ​អាច​ជា​បង្គោល​ដែល​គ្មាន​ក្បាច់​រចនា ឬ​ជា​ដើម​ឈើ​តែ​ម្ដង។—បច ១៦:២១; អសក ៦:២៦; ១​បស ១៥:១៣

  • បង្គោល​ថ្ម​ពិសិដ្ឋ

    ជា​សសរ​ថ្ម​ត្រង់ ហើយ​ទំនង​ជា​និមិត្តរូប​នៃ​អវយវៈ​ភេទ​របស់​ព្រះ​បាល ឬ​ព្រះ​មិន​ពិត​ឯ​ទៀត។—ដច ២៣:២៤

  • បង្គោល​ទារុណកម្ម

    ពាក្យ​ភាសា​ក្រិច​ស្តាវរ៉ុស (​stau·ros​ʹ​) មាន​ន័យ​ថា​បង្គោល​ឈើ​ត្រង់​ទៅ​លើ ដូច​ជា​បង្គោល​ដែល​គេ​បាន​ប្រហារ​ជីវិត​លោក​យេស៊ូ។ គ្មាន​ភ័ស្តុតាង​ដែល​បង្ហាញ​ថា ពាក្យ​ភាសា​ក្រិច​នេះ​មាន​ន័យ​ថា​ឈើ​ពីរ​ខ្វែង​គ្នា ដូច​ដែល​សាសនា​មិន​ពិត​បាន​ប្រើ​ជា​និមិត្តរូប​អស់​ច្រើន​សតវត្សរ៍​មុន​គ្រិស្ត​សករាជ​នោះទេ។ ពាក្យ​​«​បង្គោល​ទារុណកម្ម​»​​បញ្ជាក់​អត្ថន័យ​ពេញ​លេញ​តាម​ភាសា​ដើម ដោយ​សារ​ពាក្យ​ស្តាវរ៉ុស​ក៏​បាន​ត្រូវ​ប្រើ​ដែរ​ដើម្បី​បញ្ជាក់​អំពី​ទារុណកម្ម ទុក្ខ​វេទនា និង​សេចក្ដី​អាម៉ាស់ ដែល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​ប្រឈម​មុខ (​មើល​ពាក្យ​«​បង្គោល​»​)។—ម៉ាថ ១៦:២៤; ហេ ១២:២

  • បញ្ចាំ

    គឺ​ដើម្បី​ជា​ការ​ធានា​ថា​ខ្លួន​នឹង​សង​បំណុល​វិញ។ ច្បាប់​ម៉ូសេ​រៀប​រាប់​ច្រើន​អំពី​ល័ក្ខខ័ណ្ឌ​ពិសេស​នៃ​ការ​បញ្ចាំ ដើម្បី​ការ​ពារ​ប្រយោជន៍​របស់​ជន​ក្រី​ក្រ និង​ជន​ដែល​មិន​អាច​ការ​ពារ​ខ្លួន​បាន។—ដច ២២:២៦; អេគ ១៨:៧

  • បញ្ជាន់ ឬ​លាន​បញ្ជាន់

    ជា​កន្លែង​សម្រាប់​បុក​ឬ​កិន​ស្រូវ​ឲ្យ​ចេញ​គ្រាប់​និង​អង្កាម។ នៅ​សម័យ​បុរាណ បើ​ស្រូវ​តិច គេ​ប្រើ​ដំបង តែ​បើ​ស្រូវ​ច្រើន គេ​ប្រើ​ឧបករណ៍​ពិសេស​ដូច​ជា ក្ដារ ឬ​ប្រដាប់​កិន​ដែល​អូស​ទាញ​ដោយ​សត្វ។ ឧបករណ៍​នេះ​កិន​លើ​ស្រូវ​ដែល​គេ​ពង្រាយ​លើ​លាន​បញ្ជាន់ ហើយ​លាន​នោះ​ជា​ទី​ធ្លា​រាប​ស្មើ​ជា​រង្វង់ ដែល​ធម្មតា​ស្ថិត​នៅ​កន្លែង​ខ្ពស់​ដែល​មាន​ខ្យល់។—ចល ២៦:៥; អេ ៤១:១៥; ម៉ាថ ៣:១២

  • បណ្ដាសា

    ជា​ពាក្យ​គំរាម ឬ​ពាក្យ​ផ្ដន្ទា​អ្នក​ណា​ម្នាក់​ឬ​អ្វី​មួយ។ បណ្ដាសា​មិន​មែន​ជា​ពាក្យ​ជេរ​ប្រមាថ ឬ​ជា​កំហឹង​ទេ។ ជា​ញឹក​ញយ ការ​ដាក់​បណ្ដាសា​ជា​ការ​ប្រកាស​ឬ​ទាយ​ប្រាប់​អំពី​សេចក្ដី​អាក្រក់ ហើយ​ពេល​ដែល​ព្រះ​ឬ​បុគ្គល​ដែល​បាន​ទទួល​អំណាច​ពី​ព្រះ​ដាក់បណ្ដាសា ការ​ដាក់​បណ្ដាសា​នោះ​នឹង​ក្លាយ​ជា​ការ​ពិត ឬ​ជា​ទំនាយ​ដែល​នឹង​កើត​ឡើង។—ដក ១២:៣; ជប ២២:១២; កាឡ ៣:១០

  • បទ​ទំនួញ

    ជា​ចម្រៀង​ឬ​ជា​បទ​ភ្លេង​ដែល​បង្ហាញ​អំពី​អារម្មណ៍​សោកសៅ​ខ្លាំង​ដូច​ជា ពេល​មិត្ត​ភក្តិ​ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់។—២សាំ ១:១៧; ចសព ៧​:​ពាក្យ​ផ្ដើម

  • បន្ទប់​បរិសុទ្ធ ឬ​ទី​បរិសុទ្ធ

    ជា​បន្ទប់​ទី​១​ក្នុង​ត្រសាល​ឬ​វិហារ និង​ជា​បន្ទប់​ធំ​ជាង​បន្ទប់​បរិសុទ្ធ​បំផុត។ នៅ​សម័យ​មាន​ត្រសាល បន្ទប់​បរិសុទ្ធ​មាន​ជើង​ចង្កៀង​មាស មាន​ទី​បូជា​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប មាន​តុ​សម្រាប់​ដាក់​នំ​ប៉័ង និង​មាន​ប្រដាប់​ប្រដា​ធ្វើ​ពី​មាស។ នៅ​សម័យ​មាន​វិហារ បន្ទប់​បរិសុទ្ធ​មាន​ទី​បូជា​ធ្វើ​ពី​មាស មាន​ជើង​ចង្កៀង​១០​ធ្វើ​ពី​មាស និង​មាន​តុ​១០​សម្រាប់​ដាក់​នំ​ប៉័ង (​មើលសេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៥​និង​ខ​៨​)។—ដក ២៦:៣៣; ហេ ៩:២

  • បរិសុទ្ធ ឬ​ភាព​បរិសុទ្ធ

    ជា​គុណ​សម្បត្តិ​មួយ​របស់​ព្រះ​យេហូវ៉ា។ នោះ​ជា​ភាព​ស្អាត​ស្អំ​បំផុត​ខាង​សីលធម៌​និង​អ្វី​ៗ​ដែល​ពិសិដ្ឋ។ (​ដច ២៨:៣៦; ១សាំ ២:២; សុភ ៩:១០; អេ ៦:៣​) ពេល​ប្រើ​ចំពោះ​មនុស្ស (​ដច ១៩:​៦; ២បស ៤:៩​) សត្វ (​ជប ១៨:១៧​) វត្ថុ​ឬ​របស់ (​ដច ២៨:៣៨; ៣០:២៥; ចល ២៧:១៤​) កន្លែង (​ដច ៣:៥; អេ ២៧:១៣​) ថ្ងៃ (​ដច ១៦:២៣; ចល ២៥:១២​) និង​កិច្ច​ការ​ផ្សេង​ៗ (​ដច ៣៦:៤​) ពាក្យ​នេះ​ជា​ភាសា​ដើម​ហេប្រឺ​បញ្ជាក់​គំនិត​អំពី​ការ​ញែក​ចេញ ការ​បំបែក​ចេញ​ពី​គ្នា ការ​ញែក​ទុក​សម្រាប់​ព្រះ​ដ៏​បរិសុទ្ធ ឬ​ទុក​ដោយ​ឡែក​សម្រាប់​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ពាក្យ​«​បរិសុទ្ធ​»​និង​«​ភាព​បរិសុទ្ធ​»​មាន​ន័យ​ដូច​គ្នា​ថា ញែក​ចេញ​ទុក​សម្រាប់​ព្រះ។ ពាក្យ​ទាំង​នេះ​ក៏​សំដៅ​លើ​ការ​ប្រព្រឹត្ត​បរិសុទ្ធ​ដែរ។—ម៉ាក ៦:២០; ២កូ ៧:១; ១ពេ ១:១៥, ១៦

  • បាត

    ជា​រង្វាស់​រង្វាល់​វត្ថុ​រាវ​ដែល​មាន​ចំណុះ​ប្រហែល​២២​លីត្រ យោង​តាម​បុរាណ​វត្ថុ​វិទូ​ដែល​បាន​រក​ឃើញ​បំណែក​ដប​ដែល​មាន​ជាប់​ឈ្មោះ​បាត។ ភាគ​ច្រើន​រង្វាល់​វត្ថុ​ស្ងួត​និង​វត្ថុ​រាវ​ក្នុង​គម្ពីរ​បាន​ត្រូវ​គណនា​ដោយ​បាត ដើម្បី​ដឹង​ចំនួន​ឬ​បរិមាណ​អ្វី​មួយ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—១បស ៧:៣៨; អេគ ៤៥:១៤

  • បាល

    ជា​ព្រះ​មួយ​របស់​ជន​ជាតិ​កាណាន ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​ម្ចាស់​មេឃ​និង​ជា​ព្រះ​ផ្ដល់​ទឹក​ភ្លៀង ហើយ​ជា​ព្រះ​ជួយ​ឲ្យ​មាន​កូន។ ម្យ៉ាង​ទៀត ពាក្យ​«​បាល​»​ក៏​បាន​ត្រូវ​ប្រើ​សម្រាប់​ព្រះ​នៃ​តំបន់​ផ្សេង​ៗ​ក្នុង​ស្រុក​កាណាន​ដែរ។ ពាក្យ​នេះ​ក្នុង​ភាសា​ហេប្រឺ​មាន​ន័យ​ថា​«​ម្ចាស់​»​ ឬ​«​មេ​»។—១បស ១៨:២១; រ៉ូម ១១:៤

  • បឹង​ដែល​ឆេះ​ដោយ​ភ្លើង

    ឬ​បឹង​ដែល​«​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ​»​ បាន​ត្រូវ​ហៅ​ថា​«​សេចក្ដី​ស្លាប់​ទី​២​»។ មេ​កំណាច អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត ហើយ​សូម្បី​តែ​សេចក្ដី​ស្លាប់​និង​ផ្នូរ (​ឬ​ហាដេស​) នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​នោះ។ បឹង​ដែល​ឆេះ​ដោយ​ភ្លើង​គ្រាន់​តែ​ជា​តំណាង​ការ​បំផ្លាញ​ចោល​ជា​រៀង​រហូត មិន​មែន​ជា​កន្លែង​ធ្វើ​ទារុណកម្ម​ជា​រៀង​រហូត​ទេ ពី​ព្រោះ​ទាំង​បុគ្គល​វិញ្ញាណ ទាំង​សេចក្ដី​ស្លាប់ ទាំង​ហាដេស មិន​អាច​ត្រូវ​ឆេះ​ដោយ​ភ្លើង​ឡើយ។—បប ១៩:២០; ២០:១៤, ១៥; ២១:៨

  • បុណ្យ​ខ្ទម

    ក៏​បាន​ត្រូវ​ហៅ​ថា​បុណ្យ​រោង ឬ​បុណ្យ​ប្រមូល​ផល​ដែរ។ ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​បុណ្យ​នេះ​នៅ​ថ្ងៃ​ទី​១៥​ដល់​២១ ខែ​អេថានីម ដើម្បី​អបអរ​ការ​ប្រមូល​ផល​នៅ​ចុង​ឆ្នាំ​កសិកម្ម នេះ​ជា​ពេល​ដ៏​សប្បាយ​រីករាយ​និង​ជា​ពេល​ថ្លែង​អំណរ​គុណ ដោយ​សារ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​ផល​ដំណាំ​របស់​ពួក​គេ។ ក្នុង​អំឡុង​បុណ្យ​នេះ បណ្ដា​ជន​ស្ថិត​នៅ​ក្នុង​ខ្ទម​ឬ​ក្នុង​រោង​ដើម្បី​រំលឹក​ពួក​គេ​អំពី​ដំណើរ​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ នេះ​ជា​បុណ្យ​មួយ​ក្នុង​ចំណោម​បុណ្យ​ទាំង​បី​ដែល​តម្រូវ​ឲ្យ​បុរស​ធ្វើ​ដំណើរ​ទៅ​ធ្វើ​បុណ្យ​នេះ​នៅ​ក្រុង​យេរូសាឡិម។—ចល ២៣:​៣៤; អែស ៣:៤

  • បុណ្យ​ថ្ងៃ​ទី​៥០

    ជា​បុណ្យ​ធំ​ទី​២​ក្នុង​ចំណោម​បុណ្យ​ធំ​ទាំង​បី ដែល​តម្រូវ​ឲ្យ​បុរស​ជនជាតិ​យូដា​ទាំង​អស់​ទៅ​ចូល​រួម​នៅ​ក្រុង​យេរូសាឡិម។ ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ហៅ​ថា​បុណ្យ​ថ្ងៃ​ទី​៥០ តែ​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ​ហៅ​ថា​បុណ្យ​អាទិត្យ​ទី​៧។ បុណ្យ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥០ រាប់​ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​ណែសាន។—ដច ២៣:១៦; ៣៤:២២; សកម្ម ២:១

  • បុណ្យ​នំ​ប៉័ង​ឥត​ដំបែ

    ជា​បុណ្យ​ដំបូង​ក្នុង​ចំណោម​បុណ្យ​ធំ​ទាំង​បី​ប្រចាំ​ឆ្នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ បុណ្យ​នេះ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៥ ខែ​ណែសាន មួយ​ថ្ងៃ​ក្រោយ​បុណ្យ​រំលង ហើយ​បន្ត​៧​ថ្ងៃ​ទៀត។ ពួក​គេ​ត្រូវ​បរិភោគ​តែ​នំ​ប៉័ង​ឥត​ដំបែ​ប៉ុណ្ណោះ ដើម្បី​រំលឹក​អំពី​ដំណើរ​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប។—ដច ២៣:១៥; ម៉ាក ១៤:១

  • បុណ្យ​ប្រគល់​ជូន

    ជា​បុណ្យ​ប្រចាំ​ឆ្នាំ​ដែល​រំលឹក​អំពី​ការ​សម្អាត​វិហារ ក្រោយ​ពី​អាន់ទីយ៉ូកឹស​អេភីផាន​បាន​ធ្វើ​ឲ្យ​វិហារ​ស្មោក​គ្រោក។ បុណ្យ​នេះ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៥ ខែ​គីស្លេវ ហើយ​មាន​រយៈ​ពេល​៨​ថ្ងៃ។—យ៉ូន ១០:២២

  • បុណ្យ​ប្រមូល​ផល ឬ​បុណ្យ​អាទិត្យ​ទី​៧

    មើល​ពាក្យ​«​បុណ្យ​ថ្ងៃ​ទី​៥០​»។

  • បុណ្យ​រំលង

    ជា​បុណ្យ​ប្រចាំ​ឆ្នាំ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​អាប៊ីប (​ក្រោយ​មក​ហៅ​ថា​ខែ​ណែសាន​) ដើម្បី​រំលឹក​អំពី​ពេល​ដែល​ព្រះ​បាន​រំដោះ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ នៅ​ក្នុង​បុណ្យ​នេះ ពួក​គេ​សម្លាប់​ចៀម​ឬ​ពពែ ហើយ​ដុត រួច​ពួក​គេ​បរិភោគ​ជា​មួយ​នឹង​បន្លែ​ល្វីង និង​នំ​ប៉័ង​ឥត​ដំបែ។—ដច ១២:​២៧; យ៉ូន ៦:៤; ១កូ ៥:៧

  • បុត្រ​ដាវីឌ

    ច្រើន​តែ​ប្រើ​សំដៅ​លើ​លោក​យេស៊ូ បញ្ជាក់​ថា​លោក​ជា​អ្នក​ទទួល​មត៌ក​តាម​កិច្ច​ព្រម​ព្រៀង​ស្ដី​អំពីរាជាណាចក្រ ព្រោះ​បុគ្គល​នោះ​ត្រូវ​មក​ពី​ពូជ​ពង្ស​ដាវីឌ។—ម៉ាថ ១២:២៣; ២១:៩

  • ប៊ូល

    ជា​ឈ្មោះ​ខែ​ទី​៨​នៃ​ប្រតិទិន​សាសនា​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​២​នៃ​ប្រតិទិន​កសិកម្ម។ ពាក្យ​«​ប៊ូល​»​មក​ពី​ពាក្យ​ដើម​ដែល​មាន​ន័យ​ថា​«​បង្កើត​ផល​»​ ឬ​«​ចេញ​ផល​»។ ខែ​នេះ​រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​តុលា​ដល់​ពាក់​កណ្ដាល​ខែ​វិច្ឆិកា (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។—១បស ៦:៣៨

  • បេលសេប៊ូល

    ជា​ឈ្មោះ​មួយ​សំដៅ​លើ​សាថាន ដែល​ជា​អ្នក​ដឹក​នាំ ឬ​ជា​អ្នក​គ្រប់​គ្រង​ពួក​វិញ្ញាណ​កំណាច។ ពាក្យ​នេះ​ប្រហែល​ជា​មក​ពី​ឈ្មោះ​បាលសេប៊ូល ដែល​ជា​ព្រះ​បាល​របស់​ពួក​ភីលីស្ទីន ដែល​ពួក​គេ​គោរព​បូជា​នៅ​ក្រុង​អេក្រុន។—២បស ១:៣; ម៉ាថ ១២:២៤

  • ប្រដាប់​បាំង​ទ្រូង

    ជា​បណ្ដុំ​ត្បូង​ដែល​សម្ដេច​សង្ឃ​អ៊ីស្រាអែល​ពាក់​នៅ​លើ​ទ្រូង រាល់​ពេល​ដែល​គាត់​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ។ ពាក្យ​នេះ​ក៏​បាន​ត្រូវ​ហៅ​ថា​«​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​»​ដែរ ដោយ​សារ​នៅ​ក្នុង​ប្រដាប់​នោះ​មាន​យូរីម​និង​ធូមីម ដែល​គេ​ប្រើ​ដើម្បី​ដឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៥​)។—ដច ២៨:១៥​-​៣០

  • ប្រពន្ធ​បន្ទាប់

    ជា​ប្រពន្ធ​ទី​២ ដែល​ច្រើន​តែ​ជា​ស្រី​បម្រើ។—ដច ២១:៨; ២សាំ ៥:១៣; ១បស ១១:៣

  • ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង

    មក​ពី​ភាសា​ក្រិច​អាសិលគា ដែល​សំដៅ​លើ​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​បំពាន​លើ​ច្បាប់​របស់​ព្រះ ដោយ​ចិត្ត​គំនិត​ប្រមាថ​មើល​ងាយ ឬ​ឥត​គោរព​អំណាច ច្បាប់ និង​ខ្នាត​តម្រា​របស់​ព្រះ។ ពាក្យ​នេះ​មិន​សំដៅ​លើ​កំហុស​តូច​តាច​ទេ។—កាឡ ៥:១៩; ២ពេ ២:៧

  • ប្រែ​ចិត្ត

    ក្នុង​គម្ពីរ សំដៅ​លើ​ការ​កែ​ប្រែ​គំនិត ទាំង​មាន​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​របៀប​រស់​នៅ​ពី​មុន ឬ​សោក​ស្ដាយ​កំហុស ឬ​សោក​ស្ដាយ​មិន​បាន​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​គួរ​ធ្វើ។ ការ​ប្រែ​ចិត្ត​ពិត​ប្រាកដ​ត្រូវ​បង្ហាញ​តាម​រយៈ​ការ​ប្រព្រឹត្ត​ថា​ខ្លួន​ពិត​ជា​បាន​ឈប់​ធ្វើ​អំពើ​នោះ​ទៀត។—ម៉ាថ ៣:៨; សកម្ម ៣:១៩; ២ពេ ៣:៩

  • ផល​ដំបូង

    ជា​ផល​ផ្លែ​ដែល​បាន​មុន​គេ​ក្នុង​រដូវ​ប្រមូល​ផល ឬ​ផល​ដំបូង​បង្អស់​ពី​អ្វី​គ្រប់​យ៉ាង។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្រជាជាតិ​អ៊ីស្រាអែល​ជូន​ផល​ដំបូង​ដល់​លោក ទោះ​ជា​ផល​មក​ពី​សត្វ ដំណាំ ឬ​មនុស្ស​ក្ដី។ ប្រជាជាតិ​អ៊ីស្រាអែល​ទាំង​មូល​បាន​ជូន​ផល​ដំបូង​ដល់​ព្រះ​នៅ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ​និង​បុណ្យ​ថ្ងៃ​ទី​៥០។ ពាក្យ​«​ផល​ដំបូង​»​ក៏​បាន​ត្រូវ​ប្រើ​ក្នុង​ន័យ​ធៀប​ដែរ ស្ដី​អំពី​គ្រិស្ត​និង​អ្នក​កាន់​តាម​លោក​ដែល​បាន​ត្រូវ​រើស​តាំង។—១កូ ១៥:២៣; ជប ១៥:២១; សុភ ៣:៩; បប ១៤:៤

  • ផារិស៊ី

    ជា​និកាយ​សាសនា​ដ៏​ធំ​មួយ​របស់​ជនជាតិ​យូដា នៅ​សតវត្សរ៍​ទី​១ គ.ស.។ ពួក​គេ​មិន​មែន​មក​ពី​វង្ស​ត្រកូល​ពួក​សង្ឃ​ទេ តែ​ពួក​គេ​បាន​ធ្វើ​តាម​ច្បាប់​ម៉ូសេ​យ៉ាង​តឹងរ៉ឹង សូម្បី​តែ​ក្នុង​រឿង​តូច​តាច។ ពួក​គេ​បាន​ចាត់​ទុក​អ្វី​ដែល​ខ្លួន​បង្រៀន​ស្មើ​នឹង​ច្បាប់​ម៉ូសេ។ (​ម៉ាថ ២៣:​២៣​) ពួក​គេ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​វប្បធម៌​របស់​ក្រិច។ ដោយ​សារ​ពួក​គេ​ជា​បណ្ឌិត​ខាង​ច្បាប់​និង​ខាង​ទំនៀម​ទម្លាប់ ពួក​គេ​មាន​អំណាច​ខ្លាំង​លើ​បណ្ដា​ជន។ (​ម៉ាថ ២៣:​២​-​៦​) ផារិស៊ី​ខ្លះ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ ជា​រឿយ​ៗ ពួក​គេ​ចូល​ចិត្ត​ចាប់​កំហុស​លោក​យេស៊ូ​អំពី​ច្បាប់​ថ្ងៃ​ឈប់​សម្រាក អំពី​ទំនៀម​ទម្លាប់ និង​អំពី​ការ​សេព​គប់​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​និង​ពួក​អ្នក​យក​ពន្ធ។ ផារិស៊ី​ខ្លះ​បាន​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត រួម​ទាំង​សុល​ពី​ក្រុង​តើសុស។—ម៉ាថ ៩:១១; ១២:១៤; ម៉ាក ៧:៥; លូក ៦:២; សកម្ម ២៦:៥

  • ផារ៉ូ

    ជា​ងារ​របស់​ស្ដេច​ស្រុក​អេហ្ស៊ីប។ ក្នុង​គម្ពីរ​បាន​កត់​ទុក​ផារ៉ូ​ប្រាំ​នាក់ (​ស៊ីសាក់ សូ ទៀហាកា នេកោ និង​ហូរ៉ា​) តែ​ផារ៉ូ​ផ្សេង​ទៀត​មិន​បាន​បញ្ចេញ​ឈ្មោះ​ទេ រួម​បញ្ចូល​ផារ៉ូ​ដែល​បាន​គ្រប់​គ្រង​នៅ​សម័យ​អាប្រាហាំ ម៉ូសេ និង​យ៉ូសែប។—ដច ១៥:៤; រ៉ូម ៩:១៧

  • ផិត​ក្បត់

    ជា​ការ​រួម​ដំណេក​ដោយ​ចេតនា​ជា​មួយ​នឹង​អ្នក​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន។—ដច ២០:​១៤; ម៉ាថ ៥:២៧; ១៩:៩

  • ផូនៀ

    មើល​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។

  • ផ្កា​ថ្ម

    ជា​ថ្ម​រឹង​ដែល​មក​ពី​គ្រោង​ឆ្អឹង​នៃ​សត្វ​សមុទ្រ​តូច​ៗ។ ផ្កា​ថ្ម​មាន​នៅ​ក្នុង​មហា​សមុទ្រ វា​មាន​ពណ៌​ចម្រុះ​ដូច​ជា ពណ៌​ក្រហម ស និង​ខ្មៅ។ ជា​ពិសេស គេ​រក​ឃើញ​ផ្កា​ថ្មជា​ច្រើន​ដុះ​នៅ​ក្នុង​សមុទ្រ​ក្រហម។ នៅ​សម័យ​គម្ពីរ ផ្កា​ថ្ម​ពណ៌​ក្រហម​មាន​តម្លៃ​ខ្លាំង​ណាស់។ ជា​ទូទៅ គេ​យក​វា​មក​ធ្វើ​អង្កាំ​និង​គ្រឿង​លម្អ​ផ្សេង​ៗ​ទៀត។—សុភ ៨:១១

  • ផ្កាយ​ព្រឹក

    ជា​ផ្កាយ​រះ​ចុង​ក្រោយ​នៅ​ជើង​មេឃ​ទិស​ខាង​កើត។ ផ្កាយ​នោះ​រះ​ឡើង​មុន​ដួង​អាទិត្យ​លេច​មក ហើយ​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​សញ្ញា​នៃ​ថ្ងៃ​ថ្មី។—បប ២២:​១៦; ២ពេ ១:១៩

  • ផ្នូរ

    ពាក្យ​នេះ​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ ដែល​មាន​អត្ថន័យ​ដូច​គ្នា​នឹង​ភាសា​ហេប្រឺ​«​ហ្ស៊ីអូល​»​ និង​ភាសា​ក្រិច​«​ហាដេស​»។ ក្នុង​គម្ពីរ ពាក្យ​នេះ​ជា​តំណាង​កន្លែង​មួយ ឬ​ស្ថានភាព​មនុស្ស​ស្លាប់​ដែល​គ្មាន​សកម្មភាព​និង​គ្មាន​ការ​គិត​គូរ។—ដក ៤៧:៣០; អទ ៩:១០; សកម្ម ២:៣១

  • ផ្នូរ​សម្រាប់​ជា​ទី​រំលឹក

    ជា​កន្លែង​បញ្ចុះ​មនុស្ស​ស្លាប់។ ពាក្យ​នេះ​មក​ពី​ភាសា​ក្រិច​ម៉នីមីអ៊ន (​mne·mei​ʹ​on​) ដែល​មក​ពី​កិរិយាសព្ទ​«​ដើម្បី​រំលឹក​»​ សំដៅ​លើ​ការ​នឹក​ចាំ​មនុស្ស​ដែល​បាន​ស្លាប់។—យ៉ូន ៥:២៨, ២៩

  • ផ្លូវ

    ក្នុង​គម្ពីរ ពាក្យ​នេះ​ប្រើ​ក្នុង​ន័យ​ធៀប​ដើម្បី​សំដៅ​លើ​ការ​ប្រព្រឹត្ត ឬ​សកម្មភាព​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្តឬ​មិន​ពេញ​ចិត្ត។ គេ​ហៅ​អស់​អ្នក​ដែល​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត​ថា​ជា​អ្នក​ដែល​នៅ​ក្នុង​«​ផ្លូវ​»​ ក្នុង​ន័យ​ថា​ពួក​គេ​មាន​របៀប​រស់​នៅ​ស្រប​តាម​ជំនឿ​លើ​លោក​យេស៊ូ​និង​ធ្វើ​តាម​គំរូ​របស់​លោក។—សកម្ម ១៩:៩

  • ពាក្យ​ផ្ដើម

    ជា​ពាក្យ​នៅ​ដើម​ចម្រៀង​សរសើរ​ព្រះ ដែល​ប្រាប់​ឲ្យ​ដឹង​ថា​អ្នក​ណា​ជា​អ្នក​សរសេរ ប្រាប់​អំពី​ព័ត៌មាន​បឋម ប្រាប់​អំពី​ឧបករណ៍​ភ្លេង ឬ​ប្រាប់​អំពី​គោល​បំណង​នៃ​ចម្រៀង​នោះ (​មើល​ពាក្យ​ផ្ដើម​ក្នុង​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ បទ​ទី​៣, , , , , ៣០, ៣៨, ៦០, ៩២, ១០២​)។

  • ពួក​ទស្សនវិទូ​ស្តូអ៊ីក

    ជា​ទស្សនវិទូ​ក្រិច​មួយ​ក្រុម ដែល​ជឿ​ថា​សុភមង្គល​កើត​មក​ពី​ការ​រស់​នៅ​ស្រប​តាម​ហេតុ​ផល​និង​ធម្មជាតិ។ ពួក​គេ​មាន​ទស្សនៈ​ថា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ពិត​ប្រាកដ ទុក​ការ​ឈឺ​ចាប់​និង​ភាព​សប្បាយ​រីករាយ​មួយ​ឡែក។—សកម្ម ១៧:១៨

  • ពួក​ទស្សនវិទូ​អេពីគួ

    ជា​ពួក​អ្នក​កាន់​តាម​ទស្សនវិទូ​ជន​ជាតិ​ក្រិច​ឈ្មោះ​អេពីគួ (​ឆ្នាំ​៣៤១​ដល់​ឆ្នាំ​២៧០ មុន​គ.ស.​)។ ទស្សនៈ​សំខាន់​របស់​ពួក​គេ​គឺ​ថា​មនុស្ស​ម្នាក់​ៗ​គួរ​តែ​រក​ការ​សប្បាយ​ច្រើន​បំផុត​ក្នុង​ជីវិត។—សកម្ម ១៧:១៨

  • ពួក​វិញ្ញាណ​កំណាច

    ជា​បុគ្គល​វិញ្ញាណ​អាក្រក់​ដែល​មនុស្ស​មើល​មិន​ឃើញ ហើយ​មាន​ឫទ្ធានុភាព​ខ្លាំង​ជាង​មនុស្ស។ នៅ​សៀវភៅ​ដើម​កំណើត ៦:២ ហៅ​ពួក​គេ​ថា​«​កូន​ប្រុស​ៗ​របស់​ព្រះ​ពិត​»​ ហើយ​នៅ​យូដាស ខ​៦ ហៅ​ពួក​គេ​ថា​«​បណ្ដា​ទេវតា​»​ នេះ​បង្ហាញ​ថា​ពួក​គេ​មិន​បាន​ត្រូវ​បង្កើត​មក​ជា​បុគ្គល​អាក្រក់​ទេ។ ប៉ុន្តែ ពួក​ទេវតា​ទាំង​នោះ​បាន​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ​យេហូវ៉ា ដោយ​សារ​ពួក​គេ​មិន​ស្ដាប់​បង្គាប់​លោក​នៅ​សម័យ​ណូអេ ហើយ​ពួក​គេ​បាន​រួម​ដៃ​ជា​មួយ​នឹង​សាថាន​ក្នុង​ការ​បះ​បោរ​ប្រឆាំង​លោក។—បច ៣២:១៧; លូក ៨:៣០; សកម្ម ១៦:​១៦; យ៉ា ២:១៩

  • ពួក​អ្នក​បម្រើ​នៅវិហារ

    មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ ពាក្យ​ភាសា​ហេប្រឺ​នេធីនិម (​nethi·nim​ʹ​) មាន​ន័យ​ត្រង់​ថា​«​ពួក​អ្នក​ដែល​គេ​ឲ្យ​»​ សំដៅ​លើ​ពួក​អ្នក​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​វិហារ។ នេធីនិម​ភាគ​ច្រើន​ទំនង​ជា​កូន​ចៅ​ពួក​គីបៀន។ យ៉ូស្វេ​បាន​បង្គាប់​ឲ្យ​ពួក​គីបៀន​«​កាប់​ប្រមូល​អុស និង​ដង​ទឹក​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល និង​សម្រាប់​ប្រើ​នៅ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​»។—យ៉ូស ៩:២៣, ២៧; ១ប្រ ៩:២; អែស ៨:១៧

  • ពើស៊ី

    ជា​ស្រុក​ឬ​ជា​បណ្ដា​ជន ហើយ​ជា​ទូទៅ​ជាប់​ទាក់​ទង​នឹង​ពួក​មេឌី។ កាល​ពី​ដើម​ដំបូង ពួក​ពើស៊ី​កាន់​កាប់​ទឹក​ដី​មួយ​ផ្នែក​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច ស្ថិត​នៅ​ខ្ពង់​រាប​នៅ​ប្រទេស​អ៊ីរ៉ង់។ ប៉ុន្តែ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស៊ីរូស​ដ៏​ធំ (​ប្រវត្តិ​វិទូ​ខ្លះ​និយាយ​ថា ស៊ីរូស​មាន​ឪពុក​ជា​ជន​ជាតិ​ពើស៊ី ហើយ​ម្ដាយ​ជា​ជន​ជាតិ​មេឌី​) ពួក​ពើស៊ី​មាន​អំណាច​លើ​ពួក​មេឌី។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ពួក​ពើស៊ី​និង​ពួក​មេឌី​នៅ​តែ​ជា​ចក្រភព​តែ​មួយ។ ស៊ីរូស​បាន​ច្បាំង​ឈ្នះ​ចក្រភព​បាប៊ីឡូន​នៅ​ឆ្នាំ​៥៣៩ មុន​គ.ស. ហើយ​បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​យូដា​ដែល​ជា​ឈ្លើយ​សឹក ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ។ ចក្រភព​ពើស៊ី​បាន​ពង្រីក​ទឹក​ដី​ពី​ទិស​ខាង​កើត​ទន្លេ​អ៊ីនដិស រហូត​ដល់​ខាង​លិច​សមុទ្រ​អេជាន។ ជនជាតិ​យូដា​បាន​នៅ​ក្រោម​អំណាច​របស់​ពួក​ពើស៊ី រហូត​ដល់​ពេល​អាឡិចសង់​ដ៏​ធំ​បាន​ច្បាំង​ឈ្នះ​ពួក​ពើស៊ី​នៅ​ឆ្នាំ​៣៣១ មុន​គ.ស.។ ដានីយ៉ែល​បាន​ឃើញ​ទុក​ជា​មុន​ក្នុង​គំនិត​អំពី​ចក្រភព​ពើស៊ី ហើយ​ចក្រភព​ពើស៊ី​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​អែសរ៉ា សៀវភៅ​នេហេមា និង​សៀវភៅ​អេសធើរ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៩​)។—អែស ១:១; ដាន ៥:២៨; ៨:២០

  • ព្រះ​នាង​នៃ​មេឃា

    ជា​ឋានៈ​របស់​ព្រះ​មួយ​រូប។ នៅ​សម័យ​យេរេមា ជន​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​បាន​គោរព​បូជា​ព្រះ​នាង។ អ្នក​ខ្លះ​ប្រាប់​ថា​ព្រះ​នេះ​សំដៅ​លើ​ព្រះ​អ៊ីស្តា (​ឬ​អេស្តាត​) របស់​បាប៊ីឡូន។ ពី​ដើម​នាង​ជា​ព្រះ​អ៊ីណានណា​របស់​ពួក​សាមឺ ឈ្មោះ​នេះ​មាន​ន័យ​ថា​«​ព្រះ​នាង​នៃ​មេឃា​»​ ហើយ​គេ​ជឿ​ថា​ព្រះ​នេះ​ក៏​អាច​ជួយ​ឲ្យ​មាន​កូន​ដែរ។ ក្នុង​សិលាចារឹក​របស់​ជន​ជាតិ​អេហ្ស៊ីប ព្រះ​អេស្តាត​បាន​ត្រូវ​ហៅ​ថា​«​នារី​នៃ​មេឃា​»។—យេ ៤៤:១៩

  • ព្រះ​ពិត

    ជា​របៀប​បក​ប្រែ​ពាក្យ​ភាសា​ហេប្រឺ​ពីរ​យ៉ាង​គឺ​Ha-Elohim និង​Ha-El។ ក្នុង​ករណី​ជា​ច្រើន ពាក្យភាសា​ហេប្រឺ​ទាំង​នេះ​គឺ​ប្រើ​សម្រាប់​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ពិត ដើម្បី​ឲ្យ​យល់​ថា​លោក​ខុស​គ្នា​ពី​បណ្ដា​ព្រះ​មិន​ពិត។ ពាក្យ​«​ព្រះ​ពិត​»​ ជួយ​រក្សា​អត្ថន័យ​ពេញ​លេញ​នៃ​ពាក្យ​ភាសា​ហេប្រឺ។—ដក ៥:២២, ២៤; ៤៦:​៣; បច ៤:៣៩

  • ភក្ដី​ភាព​ចំពោះ​ព្រះ

    ជា​ការ​គោរព​ប្រណិប័តន៍​និង​បម្រើ​ព្រះ​យេហូវ៉ា​ផ្ដាច់​មុខ ហើយ​ស្មោះ​ត្រង់​ចំពោះ​ការ​គ្រប់​គ្រង​របស់​លោក។—១ធី ៤:៨; ២ធី ៣:១២

  • ភាសា​អេរ៉ាម

    ជា​ភាសា​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​តែ​មួយ​ជា​មួយ​នឹង​ភាសា​ហេប្រឺ ហើយ​ប្រើ​តួ​អក្សរ​ដូច​គ្នា​នឹង​ភាសា​ហេប្រឺ។ ដំបូង​មាន​តែ​ជន​ជាតិ​អេរ៉ាម​ដែល​និយាយ​ភាសា​នេះ តែ​ក្រោយ​មក​ភាសា​នេះ​បាន​ក្លាយ​ជា​ភាសា​សកល ដែល​គេ​ប្រើ​ក្នុង​ការ​ទិញ​លក់​និង​ការ​ទាក់​ទង​គ្នា​នៅ​ពេញ​ចក្រភព​អាសស៊ើរ​និង​ចក្រភព​បាប៊ីឡូន។ ភាសា​នេះ​ក៏​បាន​ក្លាយ​ជា​ភាសា​ផ្លូវ​ការ​របស់​ចក្រភព​ពើស៊ី​ដែរ។ (​អែស ៤:៧​) ផ្នែក​ខ្លះ​នៃ​សៀវភៅ​អែសរ៉ា យេរេមា និង​ដានីយ៉ែល បាន​ត្រូវ​សរសេរ​ជា​ភាសា​អេរ៉ាម។—អែស ៤:៨–៦:១៨; ៧:១២​-​២៦; យេ ១០:១១; ដាន ២:៤​ខ–៧:២៨

  • ភីម

    ជា​ទម្ងន់​និង​ជា​តម្លៃ ដែល​ពួក​ភីលីស្ទីន​ទារ​សម្រាប់​ថ្លៃ​សំលៀង​ឧបករណ៍​ធ្វើ​ពី​លោហៈ។ បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​ដុំ​ថ្ម​កូន​ជញ្ជីង​ជា​ច្រើន​នៅ​ស្រុក​អ៊ីស្រាអែល ដែល​មាន​ឆ្លាក់​អក្សរ​បុរាណ​ជា​ភាសា​ហេប្រឺ​ថា​«​ភីម​»។ កូន​ជញ្ជីង​ទាំង​នោះ​ជា​មធ្យម​មាន​ទម្ងន់​៧,៨​ក្រាម ឬ​ប្រហែល​ជា​២​ភាគ​៣​នៃ​មួយ​ហ្សេគិល។—១សាំ ១៣:​២០, ២១

  • ភីលីស្ទីន

    មាន​ទឹក​ដី​ស្ថិត​នៅ​ខាង​ត្បូង​ឆ្នេរ​សមុទ្រ​នៃ​ស្រុក​អ៊ីស្រាអែល ក្រោយ​មក​ហៅ​ថា​ស្រុក​ភីលីស្ទីន។ ពួក​ចំណាក​ស្រុក​ពី​កោះ​ក្រេត ដែល​មក​រស់​នៅ​ទី​នោះ បាន​ត្រូវ​ហៅ​ថា​ពួក​ភីលីស្ទីន។ ដាវីឌ​បាន​វាយ​ឈ្នះ​ពួក​គេ តែ​ពួក​គេ​នៅ​តែ​មាន​ឯករាជ្យ ហើយ​បន្ត​ធ្វើ​ជា​សត្រូវ​នឹង​ជន​ជាតិ​អ៊ីស្រាអែល (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៤​)។—ដច ១៣:១៧; ១សាំ ១៧:៤; អេម ៩:៧

  • ភូរឹម

    ជា​បុណ្យ​ប្រចាំ​ឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤​និង​១៥ ខែ​អេដា ដើម្បី​រំលឹក​អំពី​ការ​រំដោះ​ជនជាតិ​យូដា​ពី​ការ​បំផ្លាញ​ក្នុង​សម័យ​អគ្គមហេសី​អេសធើរ។ ពាក្យ​ភូរឹម (​pu·rim​ʹ​) មិន​មែន​ជា​ពាក្យ​ភាសា​ហេប្រឺ​ទេ តែ​ពាក្យ​នេះ​មាន​ន័យ​ថា​«​ឆ្នោត​»។ បុណ្យ​ភូរឹម​បាន​ត្រូវ​ហៅ​ថា​បុណ្យ​ចាប់​ឆ្នោត ដោយ​សារ​ហាម៉ាន​ចាប់​ភូ (​ឬ​ចាប់​ឆ្នោត​) ដើម្បី​កំណត់​ថ្ងៃ​សម្លាប់​ជនជាតិ​យូដា​ផ្ដាច់​ពូជ។—អេធ ៣:៧; ៩:២៦

  • ១​ភាគ​១០

    ឬ​១០​ភាគ​រយ ជា​ចំនួន​ជំនូន​ឬ​តម្លៃ​ពន្ធ ជា​ពិសេស​ក្នុង​គោល​បំណង​សាសនា។ (​ម៉ាឡ ៣:១០; បច ២៦:១២; ម៉ាថ ២៣:២៣​) ក្រោម​ច្បាប់​ម៉ូសេ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ឲ្យ​១​ភាគ​១០​នៃ​ផល​ពី​ដី និង​ពី​ហ្វូង​សត្វ​ដែល​កើន​ឡើង ដល់​ពួក​លេវី​រាល់​ឆ្នាំ​ដើម្បី​ទំនុក​បម្រុង​ពួក​គេ។ រីឯ​ពួក​លេវី ពួក​គេ​ឲ្យ​១​ភាគ​១០​ពី​អ្វី​ដែល​ពួក​គេ​បាន​ទទួល​ពី​បណ្ដា​ជន ដល់​ពួក​សង្ឃ​ក្នុង​ក្រុម​គ្រួសារ​អេរ៉ុន​ដើម្បី​គាំទ្រ​ពួក​គេ។ បន្ថែម​ទៅ​ទៀត ក៏​មាន​ការ​ជូន​១​ភាគ​១០​ផ្សេង​ទៀត​ដែរ។ ប៉ុន្តែ ការ​ជូន​១​ភាគ​១០​មិន​មែន​ជា​តម្រូវ​ការ​សម្រាប់​គ្រិស្ត​សាសនិក​ទេ។

  • មហា​ទេវតា

    មាន​ន័យ​ថា​«​មេ​ទេវតា​»។ ពាក្យ​ថា​«​មហា​»​មាន​ន័យ​ថា​«​មេ​»​ ឬ​«​ប្រធាន​»។ សទិសន័យ​នេះ​សម​ហេតុ​សម​ផល ព្រោះ​ក្នុង​គម្ពីរ​«​មហា​ទេវតា​»​បាន​ត្រូវ​ប្រើ​ជា​ឯកវចនៈ ដែល​បញ្ជាក់​ថា​មាន​មហា​ទេវតា​តែ​ម្នាក់​ប៉ុណ្ណោះ។ គម្ពីរ​ប្រាប់​ថា មហា​ទេវតា​មាន​ឈ្មោះ​ថា​មីកែល។—ដាន ១២:១; យូ ៩; បប ១២:៧

  • ម៉ាណា

    ជា​អាហារ​ចម្បង​របស់​ជន​ជាតិ​អ៊ីស្រាអែល​ក្នុង​អំឡុង​៤០​ឆ្នាំ​នៅ​តំបន់​ស្ងាត់​ជ្រងំ។ នេះ​ជា​អាហារ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​អព្ភូតហេតុ​ផ្ដល់​ឲ្យ​ពួក​គេ។ រៀង​រាល់​ព្រឹក បន្ទាប់​ពី​ទឹក​សន្សើម​ស្ងួត​ទៅ នោះ​ឃើញ​មាន​ម៉ាណា​នៅ​លើ​ដី លើក​លែង​តែ​ថ្ងៃ​ឈប់​សម្រាក។ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​ម៉ាណា​ជា​លើក​ដំបូង ពួក​គេ​សួរ​គ្នា​ថា​៖ ​«​តើ​នេះ​ជា​អ្វី?​»​ ឬ​ជា​ភាសា​ហេប្រឺ​ថា​៖ ​«​ម៉ានហ៊ូ?​»។ (​ដច ១៦:១៣​-​១៥, ៣៥​) ក្នុង​បទ​គម្ពីរ​ផ្សេង​ទៀត នោះ​បាន​ត្រូវ​ហៅ​ថា​«​អាហារ​ពី​លើ​មេឃ​»​ (​ចសព ៧៨:២៤​) ​«​អាហារ​ពី​ស្ថាន​សួគ៌​»​ (​ចសព ១០៥:៤០​) ​«​អាហារ​របស់​ពួក​អ្នក​ខ្លាំង​ពូកែ​»។ (​ចសព ៧៨:២៥​) លោក​យេស៊ូ​ក៏​មាន​ប្រសាសន៍​អំពី​ម៉ាណា​ក្នុង​ន័យ​ធៀប​ដែរ។—យ៉ូន ៦:៤៩, ៥០

  • ម៉ាលខាម

    ប្រហែល​ជា​ដូច​គ្នា​នឹង​ម៉ូឡេក ជា​ព្រះ​ធំ​បំផុត​របស់​ជន​ជាតិ​អាំម៉ូន (​មើល​ពាក្យ​«​ម៉ូឡេក​»​)។—សេផ ១:៥

  • ម៉ាស់គាល

    ជា​ពាក្យ​ភាសា​ហេប្រឺ មាន​ន័យ​មិន​ច្បាស់​លាស់​ក្នុង​ពាក្យ​ផ្ដើម​នៃ​សៀវភៅ​ចម្រៀង​សរសើរព្រះ​១៣​បទ។ នេះ​ប្រហែល​ជា​មាន​ន័យ​ថា​«​កំណាព្យ​រំពឹង​គិត​»។ អ្នក​ខ្លះ​គិត​ថា​នេះ​អាច​ស្រដៀង​នឹង​ពាក្យ​មួយ​ទៀត ដែល​មាន​អត្ថន័យ​ថា​‹បម្រើ​ដោយ​ប្រាជ្ញា›។—២ប្រ ៣០:២២; ចសព ៣២:ពាក្យ​ផ្ដើម

  • ម៉ាសេដូន

    ជា​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​ក្រិច និង​ជាតំបន់​ដែល​មាន​ភាព​ល្បី​ល្បាញ​ក្រោម​ការ​គ្រប់គ្រង​របស់​អាឡិចសង់​ដ៏​ធំ។ ម៉ាសេដូន​បន្ត​មាន​ឯករាជ្យ​រហូត​ដល់​រ៉ូម​វាយ​ដណ្ដើម​យក។ ពេល​សាវ័ក​ប៉ូល​ទៅ​ទស្សនៈ​កិច្ច​នៅ​ទ្វីប​អឺរ៉ុប​ជា​លើក​ដំបូង ម៉ាសេដូន​ជា​ខេត្ត​មួយ​របស់​រ៉ូម។ ប៉ូល​បាន​ទៅ​ទី​នោះ​បី​ដង (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៣​)។—សកម្ម ១៦:៩

  • ម៉ូតឡាបិន

    ជា​ពាក្យ​មួយ​ក្នុង​ពាក្យ​ផ្ដើម​នៃ​ចម្រៀង​សរសើរ​ព្រះ បទ​ទី​៩។ តាម​ទំនៀម​ទម្លាប់ ពាក្យ​នេះ​មាន​ន័យ​ថា​«​ស្ដី​អំពី​កូន​ប្រុស​ស្លាប់​»។ មនុស្ស​មួយ​ចំនួន​គិត​ថា នេះ​អាច​ជា​ឈ្មោះ​ឬ​ពាក្យ​ផ្ដើម​នៃ​បទ​ភ្លេង​ដែល​គេ​ប្រើ​ក្នុង​ចម្រៀង​សរសើរ​ព្រះ។

  • ម៉ូឡុក

    មើល​ពាក្យ​«​ម៉ូឡេក​»។

  • ម៉ូឡេក

    ជា​ព្រះ​មួយ​របស់​ជន​ជាតិ​អាំម៉ូន។ ប្រហែល​ជា​ដូច​គ្នា​នឹង​ម៉ាលខាម មីលខម និង​ម៉ូឡុក។ ម៉ូឡេក​ប្រហែល​ជា​ងារ​មួយ មិន​មែន​ជា​ឈ្មោះ​ជាក់​លាក់​ទេ។ ច្បាប់​ម៉ូសេ​បង្គាប់​ឲ្យ​សម្លាប់​អ្នក​ណា​ដែល​បាន​យក​កូនរបស់​ខ្លួន​ទៅ​ធ្វើ​ជា​គ្រឿង​បូជា​ដល់​ព្រះ​ម៉ូឡេក។—ចល ២០:​២; យេ ៣២:៣៥; សកម្ម ៧:៤៣

  • ម៉េហាឡាត

    ជា​ពាក្យ​ភ្លេង មាន​នៅ​ក្នុង​ពាក្យ​ផ្ដើម​នៃ​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ បទ​ទី​៥៣​និង​៨៨។ ពាក្យ​នេះ​ប្រហែល​ទាក់​ទង​នឹង​កិរិយាសព្ទ​ភាសា​ហេប្រឺ ដែល​មាន​ន័យ​ថា​«​ខ្សោយ​ទៅ​»​ ឬ​«​ធ្លាក់​ខ្លួន​ឈឺ​»។ ដូច្នេះ ពាក្យ​នេះ​បង្ហាញ​អំពី​ការ​សោកសៅ​និង​ទុក្ខ​ព្រួយ ហើយ​នេះ​ត្រូវ​នឹង​ខ្លឹម​សារ​នៃ​ការ​សោយ​សោក​ក្នុង​ទំនុក​ទាំង​ពីរ​នោះ។

  • មិណា

    ក៏​ហៅ​ថា​ម៉េណា​ដែរ​ក្នុង​សៀវភៅ​អេសេគាល។ មិណា​ជា​ឯកតា​ទម្ងន់​និង​ជា​រូបិយ​វត្ថុ។ យោង​តាម​បុរាណ​វត្ថុ​វិទ្យា មួយ​មិណា​ស្មើ​នឹង​៥០​ហ្សេគិល ហើយ​មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មិណា​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ មាន​ទម្ងន់​៥៧០​ក្រាម។ មាន​ទាំង​មិណា​ធម្មតា​និង​មិណា​ប្រើ​ក្នុង​វាំង ដូច​ក្នុង​ករណី​រង្វាស់​ហត្ថ​ដែរ។ ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច មួយ​មិណា​ស្មើ​នឹង​១០០​ដ្រាកម៉ា ហើយ​មាន​ទម្ងន់​៣៤០​ក្រាម។ ៦០​មិណា​ស្មើ​នឹង​មួយ​ថាលិន (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—អែស ២:៦៩; លូក ១៩:១៣

  • មិន​ស្អាត​បរិសុទ្ធ

    អាច​សំដៅ​លើ​ភាព​កខ្វក់​ខាង​រូប​កាយ ឬ​ការ​បំពាន​លើ​ច្បាប់​សីលធម៌។ ប៉ុន្តែ ក្នុង​គម្ពីរ ពាក្យ​នេះ​ច្រើន​តែ​សំដៅ​លើ​អ្វី​ដែល​មិន​អាច​ទទួល​យក​បាន ឬ​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ​តាម​ច្បាប់​ម៉ូសេ (​មើល​ពាក្យ​«​ស្អាត​បរិសុទ្ធ​»​)។—ចល ៥:២; ១៣:៤៥; ម៉ាថ ១០:១; សកម្ម ១០:១៤; អេភ ៥:៥

  • មីកថេម

    ជា​ពាក្យ​ភាសា​ហេប្រឺ មាន​នៅ​ក្នុង​ពាក្យ​ផ្ដើម​នៃ​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ ក្នុង​៦​បទ (​ចសព ១៦; ៥៦–៦០​)។ ពាក្យ​នេះ​មិន​មាន​អត្ថន័យ​ច្បាស់​លាស់​ទេ ទោះ​ជា​ពាក្យ​នេះ​ប្រហែល​ទាក់​ទង​នឹង​ពាក្យ​«​ចារឹក​»​ក៏​ដោយ។

  • មីលខម

    ជា​ព្រះ​មួយ​ដែល​ជន​ជាតិ​អាំម៉ូន​គោរព​បូជា ហើយ​ប្រហែល​ដូច​គ្នា​នឹង​ព្រះ​ម៉ូឡេក។ (​១បស ១១:៥,​) សាឡូម៉ូន​បាន​សង់​ទី​ខ្ពស់​សម្រាប់​ព្រះ​មិន​ពិត​នេះ នៅ​ចុង​នៃ​ការ​គ្រប់​គ្រង​របស់​គាត់ (​មើល​ពាក្យ​«​ម៉ូឡេក​»​)។

  • មេកំណាច

    ជា​ងារ​មួយ​សម្រាប់​សាថាន ដែល​ជា​អ្នក​ប្រឆាំង​ព្រះ​និង​ខ្នាត​តម្រា​សុចរិត​របស់​លោក។—ម៉ាថ ៦:១៣; ១យ៉ូន ៥:១៩

  • មេកំណាច

    ជា​ងារ​របស់​សាថាន​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ដែល​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»។ សាថាន​បាន​ត្រូវ​ហៅ​ថា​មេកំណាច ដោយ​សារ​សាថាន​ជា​មេ​និង​បុគ្គល​ដំបូង​បំផុត​ដែល​បង្កាច់​បង្ខូច​និង​ចោទប្រកាន់​មិន​ពិត​អំពី​ព្រះ​យេហូវ៉ា និង​អំពី​នាម​បរិសុទ្ធ​របស់​លោក។—ម៉ាថ ៤:១; យ៉ូន ៨:៤៤; បប ១២:៩

  • មេឌី

    ជា​បណ្ដា​ជន​មក​ពី​កូន​ចៅ​ម៉ាដាយ ដែល​ជា​កូន​ប្រុស​របស់​យ៉ាផេត។ ពួក​គេ​រស់​នៅ​តាម​តំបន់​ភ្នំ​នៃ​ខ្ពង់​រាប​នៅ​ប្រទេស​អ៊ីរ៉ង់ ដែល​ក្រោយ​មក​ទៅ​ជា​ស្រុក​មេឌី។ ពួក​មេឌី​រួម​ដៃ​ជា​មួយ​នឹង​ពួក​បាប៊ីឡូន​ដើម្បី​ច្បាំង​នឹង​ពួក​អាស៊ីរី។ នៅ​ពេល​នោះ ស្រុក​ពើស៊ី​ជា​ខេត្ត​មួយ​ក្រោម​ចំណុះ​ស្រុក​មេឌី។ ប៉ុន្តែ ដោយ​សារ​ស្ដេច​ស៊ីរូស​បះ​បោរ​ប្រឆាំង នោះ​ពួក​មេឌី​បាន​ចូល​គ្នា​ជា​មួយ​នឹង​ពួក​ពើស៊ី ក៏​ក្លាយ​ជា​ចក្រភព​មេឌី​ពើស៊ី។ ចក្រភព​មេឌី​ពើស៊ី​បាន​វាយ​ឈ្នះ​ចក្រភព​បាប៊ីឡូន​ថ្មី ក្នុង​ឆ្នាំ​៥៣៩ មុន​គ.ស.។ មាន​ជន​ជាតិ​មេឌី​ខ្លះ​នៅ​ក្រុង​យេរូសាឡិម​ក្នុង​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៩​)។—ដាន ៥:២៨, ៣១; សកម្ម ២:៩

  • មេ​ភ្លេង

    តាម​មើល​ទៅ​ក្នុង​ចម្រៀង​សរសើរ​ព្រះ ពាក្យ​ភាសា​ហេប្រឺ​នេះ សំដៅ​លើ​អ្នក​រៀបចំ​ចម្រៀង​និង​ដឹក​នាំ​ការ​ច្រៀង ការ​ហាត់​សម និង​បង្ហាត់​បង្រៀន​ពួក​អ្នក​ចម្រៀង​លេវី ព្រម​ទាំង​នាំ​មុខ​ការ​សម្ដែង​ក្នុង​ពិធី​ផ្សេង​ៗ។ ក្នុង​សេចក្ដី​បក​ប្រែ​ឯ​ទៀត ពាក្យ​នេះ​បាន​ត្រូវ​បក​ប្រែ​ថា​«​មេ​ក្រុម​ភ្លេង​»​ ឬ​«​អ្នក​ដឹក​នាំ​ក្រុម​តន្ត្រី​»។—ចសព ៤:ពាក្យ​ផ្ដើម; ៥:ពាក្យ​ផ្ដើម

  • មេរ៉ូដាក

    ជា​ព្រះ​ធំ​បំផុត​របស់​ក្រុង​បាប៊ីឡូន។ ក្រោយ​ពី​ហាំមូរ៉ាប៊ី​ជា​ស្ដេច​បាប៊ីឡូន​និង​ជា​អ្នកបង្កើតច្បាប់របស់​បាប៊ីឡូន បាន​តាំង​រាជធានី​នៅ​បាប៊ីឡូន នោះ​មេរ៉ូដាក (​ឬ​ម៉ាដុក​) បាន​ទៅ​ជា​ព្រះ​ដ៏​សំខាន់ រហូត​ដល់​ជំនួស​ព្រះ​មុន​ៗ​មួយ​ចំនួន ហើយ​ក្លាយ​ជា​ព្រះ​ធំ​បំផុត​ដែល​ពួក​បាប៊ីឡូន​គោរព​បូជា។ នៅ​សម័យ​ក្រោយ​មក ឈ្មោះ​មេរ៉ូដាក (​ឬ​ម៉ាដុក​) បាន​ត្រូវ​ហៅ​ថា​«​បេលលូ​»​ (​«​ម្ចាស់​»​) ហើយ​បណ្ដា​ជន​ទូទៅ​ហៅ​មេរ៉ូដាក​ថា បេល។—យេ ៥០:២

  • មេស្ស៊ី

    ជា​ពាក្យ​មក​ពី​ភាសា​ហេប្រឺ មាន​ន័យ​ថា​«​បាន​ត្រូវ​រើស​តាំង​»​ ឬ​«​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​»​ ហើយ​ដូច​គ្នា​នឹង​ពាក្យ​«​គ្រិស្ត​»​ដែល​មក​ពី​ភាសា​ក្រិច។—ដាន ៩:២៥; យ៉ូន ១:៤១

  • ម្សៅ​ក្រអូប

    ជា​ជ័រ​ស្ងួត​ដែល​មក​ពី​ដើម​ឈើ ឬ​គុម្ព​រុក្ខជាតិ​ដែល​ជា​ពពួក​បុស្វេលា (​Boswellia​)។ នៅ​ពេល​ដុត​នឹង​មាន​ចេញ​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់ ហើយ​ជា​ល្បាយ​នៃ​គ្រឿង​ក្រអូប​ដែល​គេ​ប្រើ​នៅ​ក្នុង​ត្រសាល​និង​វិហារ។ ម្សៅ​ក្រអូប​ក៏​បាន​ត្រូវ​ប្រើ​អម​ជា​មួយ​នឹង​គ្រឿង​បូជា​ពីស្រូវ ហើយ​បាន​ត្រូវ​ដាក់​នៅ​លើ​នំ​ប៉័ង​តាំង​ទុក​នីមួយ​ៗ​ក្នុង​បន្ទប់​បរិសុទ្ធ។—ដច ៣០:៣៤​-​៣៦; ចល ២:១; ២៤:៧; ម៉ាថ ២:១១

  • យ៉ាកុប

    ជា​កូន​ប្រុស​របស់​អ៊ីសាក​និង​រេបិកា។ ក្រោយ​មក​ព្រះ​ដាក់​ឈ្មោះ​គាត់​ថា​អ៊ីស្រាអែល ហើយ​គាត់​បាន​ទៅ​ជា​បុព្វ​បុរស​របស់​បណ្ដា​ជន​អ៊ីស្រាអែល (​ក៏​ហៅ​ថា​ជន​ជាតិ​អ៊ីស្រាអែល​ដែរ ហើយ​ក្រោយ​មក​ហៅ​ថា​ជនជាតិ​យូដា​)។ យ៉ាកុប​មាន​កូន​ប្រុស​១២​នាក់ ក្រោយ​មក​កូន​ចៅ​របស់​ពួក​គេ​បាន​ទៅ​ជា​កុល​សម្ព័ន្ធ​ទាំង​១២​នៃប្រជាជាតិ​អ៊ីស្រាអែល។ ឈ្មោះ​យ៉ាកុប​ក៏​នៅ​តែ​ប្រើ​សំដៅ​លើ​ជន​ជាតិ​ឬ​បណ្ដា​ជន​អ៊ីស្រាអែល​ដែរ។—ដក ៣២:​២៨; ម៉ាថ ២២:៣២

  • យូដា

    ជា​កូន​ប្រុស​ទី​៤​របស់​យ៉ាកុប​និង​លេអា។ ពេល​យ៉ាកុប​ជិត​ស្លាប់ គាត់​បាន​ប្រាប់​ទុក​ជា​មុន​ថា​អ្នក​គ្រប់​គ្រង​ដ៏​អស្ចារ្យ​ម្នាក់​ដែល​គ្រង​រាជ្យ​ជា​រៀង​រហូត​នឹង​មក​ពី​ពូជ​ពង្ស​យូដា។ នៅ​ពេល​លោក​យេស៊ូ​កើត​មក​ជា​មនុស្ស លោក​ជា​កូន​ចៅ​របស់​យូដា។ ម្យ៉ាង​ទៀត ពាក្យ​យូដា​ជា​ឈ្មោះ​របស់​កុល​សម្ព័ន្ធ ហើយ​ក្រោយ​មក​ក៏​ជា​ឈ្មោះ​របស់​រាជាណាចក្រ​ដែរ។ យូដា​ជា​រាជាណាចក្រ​ខាង​ត្បូង​នៃ​អ៊ីស្រាអែល ដែល​មាន​កុល​សម្ព័ន្ធ​យូដា​និង​កុល​សម្ព័ន្ធ​បេនយ៉ាមីន ហើយ​ក៏​មាន​ពួក​សង្ឃ​និង​ពួក​លេវី​ដែរ។ រាជាណាចក្រ​យូដា​កាន់​កាប់​ទឹក​ដី​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស ដែល​រួម​បញ្ចូល​ក្រុង​យេរូសាឡិម​និង​វិហារ។ (​ដក ២៩:៣៥; ៤៩:១០; ១បស ៤:២០; ហេ ៧:១៤​) យូដាក៏ជា​ពាក្យ​សម្រាប់​ហៅ​អ្នក​ណា​ម្នាក់​ក្នុង​កុល​សម្ព័ន្ធ​យូដា ក្រោយ​ពី​កុល​សម្ព័ន្ធ​១០​នៃ​រាជាណាចក្រ​អ៊ីស្រាអែល​ដួល​រលំ។ (​២បស ១៦:៦​) បន្ទាប់​ពី​លែង​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន ពាក្យ​នេះ​សំដៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​មក​ពី​កុល​សម្ព័ន្ធ​ផ្សេង​ៗ ដែល​បាន​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ។ (​អែស ៤:​១២​) ក្រោយ​មក ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ពាស​ពេញ​ពិភព​លោក​ដើម្បី​សម្គាល់​ថា​ជន​ជាតិ​អ៊ីស្រាអែល​ខុស​គ្នា​ពី​ជន​ជាតិ​ដទៃ។ (​អេធ ៣:៦​) សាវ័ក​ប៉ូល​ក៏​បាន​ប្រើ​ពាក្យ​នេះ​ក្នុង​ន័យ​ធៀប​ដែរ ពេល​គាត់​ពន្យល់​ថា​សញ្ជាតិ​មិន​សំខាន់​ទេ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។—រ៉ូម ២:២៨, ២៩; កាឡ ៣:២៨

  • យូរីម​និង​ធូមីម

    ជា​អ្វី​ដែល​សម្ដេច​សង្ឃ​ប្រើ ពេល​គាត់​មាន​សំណួរ​សំខាន់​ៗ​​ទាក់​ទង​នឹង​ប្រជាជាតិ​ទាំង​មូល។ គាត់​ប្រើ​យូរីម​និង​ធូមីម​ដើម្បី​ដឹង​ចម្លើយ​ពីព្រះយេហូវ៉ា។ នេះ​ស្រដៀង​នឹង​ការ​ប្រើ​ឆ្នោត​ដើម្បី​ដឹង​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ។ យូរីម​និង​ធូមីម​បាន​ត្រូវ​ដាក់​នៅ​ក្នុង​ប្រដាប់​បាំង​ទ្រូង​របស់​សម្ដេច​សង្ឃ ពេល​គាត់​ចូល​ទៅ​ក្នុង​ត្រសាល។ តាម​មើល​ទៅ ទម្លាប់​ប្រើ​វិធី​នេះ​បាន​បាត់​បង់ ក្រោយ​ពី​បាប៊ីឡូន​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម។—ដច ២៨:៣០; នេហ ៧:៦៥

  • យេឌូថិន

    ជា​ពាក្យ​ដែល​មាន​អត្ថន័យ​មិន​ច្បាស់​លាស់ ពាក្យ​នេះ​មាន​នៅ​ក្នុង​ពាក្យ​ផ្ដើម​នៃ​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ បទ​ទី​៣៩ ៦២ និង​៧៧។ ពាក្យ​ផ្ដើម​ទាំង​នេះ​មើល​ទៅ​ជា​ពាក្យ​ណែនាំ​សម្រាប់​ពេល​ច្រៀង​សរសើរ​ព្រះ ហើយ​ប្រហែល​ប្រាប់​អំពី​ទំនុក ឬ​ប្រភេទ​នៃ​ឧបករណ៍​ភ្លេង​ដែល​ត្រូវ​ប្រើ។ ដោយ​ហេតុ​ថា​មាន​អ្នក​លេង​ភ្លេង​លេវី​ម្នាក់​ឈ្មោះ​យេឌូថិន ដូច្នេះ​ការ​សម្ដែង​ឬ​ការ​ប្រើ​ឧបករណ៍​ភ្លេង​អាច​ជាប់​ទាក់​ទង​នឹង​គាត់​ឬ​កូន​ប្រុស​របស់​គាត់។

  • យេហូវ៉ា

    ជា​នាម​របស់​ព្រះ​ក្នុង​ភាសា​ខ្មែរ ដែល​មក​ពី​តេត្រាក្រាម (​អក្សរ​ហេប្រឺ​បួន​តួ​ជា​នាម​របស់​ព្រះ​) ហើយ​នាម​ព្រះ​មាន​ច្រើន​ជាង​៧.០០០​ដង​ក្នុង​សេចក្ដី​បក​ប្រែ​នេះ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៤​និង​ក​៥​)។

  • យំ​សោក

    ជា​ការ​បង្ហាញ​អំពី​ទុក្ខ​សោក​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ ឬ​ដោយ​សារទុក្ខ​វេទនា​ផ្សេង​ទៀត។ នៅ​សម័យ​គម្ពីរ ការ​យំ​សោក​អស់​មួយ​រយៈ​ពេល គឺ​ជា​ទំនៀម​ទម្លាប់​មួយ។ ក្រៅ​ពី​ការ​ស្រែក​យំ​ខ្លាំង​ៗ អ្នក​ដែល​យំ​សោក​ក៏​ស្លៀក​សម្លៀក​បំពាក់​ពិសេស ដាក់​ផេះ​លើ​ក្បាល ហែក​អាវ និង​គក់​ទ្រូង​ទៀត​ផង។ ជួន​កាល ក៏​មាន​ការ​អញ្ជើញ​ពួក​អាជីព​ឲ្យ​មក​សម្ដែង​ការ​យំ​សោក​ក្នុង​បុណ្យ​សព​ដែរ។—ដក ២៣:២; អេធ ៤:៣; បប ២១:៤

  • រទេះ​ចម្បាំង

    ជា​រទេះ​មាន​កង់​ពីរ និង​មាន​សេះ​អូស ដែល​គេ​ប្រើ​ក្នុង​សង្គ្រាម។—ដច ១៤:២៣; អសក ៤:១៣

  • របៀប​របប​ពិភព​លោក

    ក្នុង​បទ​គម្ពីរ​ជា​ភាសា​ក្រិច ពាក្យ​នេះ​មក​ពី​ពាក្យ​អៃអន (​ai·on​ʹ​) ដែល​សំដៅ​លើ​ស្ថានភាព​ឬ​លក្ខណៈ​របស់​ពិភព​លោក​ក្នុង​គ្រា​មួយ ឬ​ជំនាន់​មួយ។ គម្ពីរ​លើក​ឡើង​អំពី​«​របៀប​របប​ពិភព​លោក​នា​បច្ចុប្បន្ន​»​ ដែល​សំដៅ​លើ​ស្ថានភាព​ទូទៅ​និង​របៀប​រស់​នៅ​របស់​មនុស្ស​ក្នុង​ពិភព​លោក។ (​២ធី ៤:១០​) ពេល​ព្រះ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់ ពេល​នោះ​លោក​បាន​ចាប់​ផ្ដើម​របៀប​របប​មួយ ដែល​អ្នក​ខ្លះ​ហៅ​ថា​សម័យ​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ជនជាតិ​យូដា។ តាម​រយៈ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត ព្រះ​បាន​ប្រើ​លោក​យេស៊ូ​ដើម្បី​ចាប់​ផ្ដើម​របៀប​របប​ថ្មី ដែល​ផ្ដោត​សំខាន់​លើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ នោះ​ជា​ទី​ចាប់​ផ្ដើម​នៃ​យុគ​សម័យ​ថ្មី​មួយ។ នៅ​ពេល​នោះ​អ្វី​ដែល​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​បាន​ក្លាយ​ជា​ការ​ពិត។—ម៉ាថ ២៤:៣; ម៉ាក ៤:​១៩; រ៉ូម ១២:២; ១កូ ១០:១១

  • រមូរ

    ជា​ក្រដាស​វែង​ដែល​ធ្វើ​ពី​ស្បែក​ឬ​ដើម​កក់ មាន​សំណេរ​នៅ​ម្ខាង ហើយ​មូរ​ជាប់​នឹង​ឈើ​មួយ។ បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ឬ​ចម្លង​ទុក​ក្នុង​រមូរ​ប្រភេទ​នេះ ដែល​បាន​ត្រូវ​ប្រើ​ជា​ទូទៅ​នៅ​សម័យ​ដែល​គេ​សរសេរ​គម្ពីរ។—យេ ៣៦:៤, ១៨, ២៣; លូក ៤:១៧​-​២០; ២ធី ៤:១៣

  • រមូរ​ស្បែក

    ធ្វើ​ពី​ស្បែក​ចៀម ពពែ ឬ​គោ។ គេ​ប្រើ​ធ្វើ​ជា​ក្រដាស​សម្រាប់​សរសេរ។ នេះ​ធន់​ជាង​ដើម​កក់ ហើយ​បាន​ត្រូវ​ប្រើ​ជា​រមូរ​គម្ពីរ។ ប៉ូល​បាន​សុំ​ធីម៉ូថេ​យក​រមូរ​ស្បែក​ឲ្យ​គាត់ រមូរ​នោះ​ប្រហែល​ជា​ផ្នែក​មួយ​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ។ រមូរ​ខ្លះ​នៅ​សមុទ្រ​ស្លាប់ ជា​រមូរ​ស្បែក។—២ធី ៤:១៣

  • រ៉ាហាប

    ជា​ពាក្យ​តំណាង​ក្នុង​សៀវភៅ​យ៉ូប សៀវភៅ​ចម្រៀង​សរសើរ​ព្រះ និង​សៀវភៅ​អេសាយ (​មិនមែនជា​ស្ត្រី​ម្នាក់​ដែល​ឈ្មោះ​រ៉ាហាប​ក្នុង​សៀវភៅ​យ៉ូស្វេ​ទេ​)។ ក្នុង​សៀវភៅ​យ៉ូប បរិបទ​នោះ​ជួយ​បញ្ជាក់​ថា​រ៉ាហាប​ជា​សត្វ​សមុទ្រ​ធំ​សម្បើម ហើយ​ក្នុង​បរិបទ​ផ្សេង​ទៀត​ប្រាប់​ថា​សត្វ​សមុទ្រ​ធំ​សម្បើម តំណាង​ឲ្យ​អេហ្ស៊ីប។—យ៉ូប ៩:១៣; ចសព ៨៧:៤; អេ ៣០:៧; ៥១:៩, ១០

  • រាជាណាចក្រ​របស់​ព្រះ

    ជា​ពាក្យ​ដែល​បាន​ត្រូវ​ប្រើ​ជាពិសេស​សម្រាប់​អំណាច​ខ្ពស់​បំផុត​របស់​ព្រះ ដែល​តំណាង​ដោយ​រដ្ឋាភិបាល​របស់​គ្រិស្ត​យេស៊ូ​ជា​បុត្រ​របស់​លោក។—ម៉ាថ ១២:២៨; លូក ៤:៤៣; ១កូ ១៥:៥០

  • រូប​ព្រះ ឬ​ការ​គោរព​បូជា​រូប​ព្រះ

    រូប​ព្រះ​ជា​រូប​សំណាក​ឬ​រូប​ភាព ដែល​តំណាង​អ្វី​មួយ​ដែល​មាន​ពិត ឬ​តាម​ការ​ស្រមៃ​ដែល​មនុស្ស​យក​មក​ប្រើ​ក្នុង​ការ​គោរព​បូជា។ ការ​គោរព​បូជា​រូប​ព្រះ​ជា​ការ​គោរព​ស្រឡាញ់ ឬផ្ដល់កិត្តិយស​ដល់​រូប​សំណាក​នោះ។—ចសព ១១៥:៤; សកម្ម ១៧:១៦; ១កូ ១០:១៤

  • រូអាក ភ្នូម៉ា

    ពាក្យ​ភាសា​ហេប្រឺ​រូអាក (​ru​ʹ​ach​) និង​ពាក្យ​ភាសា​ក្រិច​ភ្នូម៉ា (​pneu​ʹ​ma​) មានអត្ថន័យច្រើន។ អត្ថន័យ​ទាំង​នោះ​សំដៅលើអ្វី​ដែល​មនុស្ស​មើល​មិនឃើញ ហើយ​មាន​លក្ខណៈ​ជា​ថាមពល​ដែល​កំពុង​មាន​ចលនា។ អត្ថន័យ​ជា​មូលដ្ឋាន​នៃ​ពាក្យ​រូអាក​និង​ភ្នូម៉ា​គឺ​«​ដង្ហើម​»។ ពាក្យ​ទាំង​នោះ​ក៏​អាច​មាន​ន័យ​ថា (​១​) ខ្យល់ (​២​) កម្លាំង​ជីវិត​របស់​មនុស្ស​និង​សត្វ (​៣​) កម្លាំង​ជំរុញ​ចិត្ត​អ្នក​ណា​ម្នាក់​ឲ្យ​និយាយ​ឬ​ធ្វើ​អ្វី​មួយ (​៤​) ពាក្យ​ឬ​សម្ដី​មក​ពី​ប្រភព​ដែល​មើល​មិន​ឃើញ (​៥​) បុគ្គល​វិញ្ញាណ និង​(​៦​) កម្លាំង​ឬ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ (​ដច ៣៥:២១; ចសព ១០៤:២៩; ម៉ាថ ១២:៤៣; លូក ១១:១៣​) ដូច្នេះ ក្នុង​សេចក្ដី​បក​ប្រែ​នេះ ពាក្យ​រូអាក​និង​ភ្នូម៉ា​បាន​ត្រូវ​បក​ប្រែ​តាម​បរិបទ។

  • រើស​តាំង

    ជា​បឋម ពាក្យ​ហេប្រឺ​មាន​ន័យ​ថា​«​លាប​»។ នេះ​ជា​ការ​លាប​ឬ​ចាក់​ប្រេង​លើ​មនុស្ស​ឬ​វត្ថុ តំណាង​ការ​ញែក​ទុក​ឬ​ប្រគល់​ឲ្យ​បំពេញ​កិច្ច​បម្រើ​ពិសេស​ណា​មួយ។ ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​សំដៅ​លើ​ការ​ចាក់​ឫទ្ធានុភាព​បរិសុទ្ធ​លើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌។—ដច ២៨:៤១; ១សាំ ១៦:១៣; ២កូ ១:២១

  • ឫទ្ធានុភាព​បរិសុទ្ធ

    ជា​ថាមពល​ដែល​យើង​មើល​មិន​ឃើញ ដែល​ព្រះ​ប្រើ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ ឫទ្ធានុភាព​នោះ​គឺ​បរិសុទ្ធ ដោយ​សារ​មក​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ស្អាត​ស្អំ​និង​សុចរិត​បំផុត​ក្នុង​គ្រប់​ការ​ទាំង​អស់ និង​ដោយ​សារ​លោក​ប្រើ​ឫទ្ធានុភាព​នោះ​ដើម្បី​ធ្វើ​អ្វី​ដែល​បរិសុទ្ធ។—លូក ១:៣៥; សកម្ម ១:៨

  • លេវ៉ាយអាថាន

    តាម​មើល​ទៅ​ជា​សត្វ​មួយ​ប្រភេទ​ដែល​ធម្មតា​រស់​នៅ​ក្នុង​ទឹក។ នៅ​យ៉ូប ៣:៨ និង⁠៤១:១ ទំនង​ជា​សត្វ​ក្រពើ ឬ​ជា​សត្វ​ផ្សេង​ទៀត​ដែល​មាន​មាឌធំ​សម្បើម​រស់​នៅ​ក្នុង​ទឹក។ នៅ​ចម្រៀង​សរសើរ​ព្រះ ១០៤:​២៦ អាច​សំដៅ​លើ​ប្រភេទ​ត្រី​បាឡែន។ នៅ​បទ​គម្ពីរ​ផ្សេង​ទៀត ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ជា​ន័យ​ធៀប ហើយមិន​បាន​ត្រូវ​បញ្ជាក់​ច្បាស់​លាស់​ថា​ជា​សត្វ​បែប​ណា​ឡើយ។—ចសព ៧៤:១៤; អេ ២៧:១

  • លេវី

    ជា​កូន​ប្រុស​ទី​៣​របស់​យ៉ាកុប​និង​លេអា ហើយ​ក៏​ជា​ឈ្មោះ​កុល​សម្ព័ន្ធ​ដែរ។ ក្រុម​លេវី​ទាំង​បី​ចេញ​មក​ពី​កូន​ប្រុស​បី​នាក់​របស់​លេវី។ ពេល​ខ្លះ ពាក្យ​«​ពួក​លេវី​»​សំដៅ​លើ​កុល​សម្ព័ន្ធ​ទាំង​មូល តែ​ជា​ទូទៅ​មិន​រួម​បញ្ចូល​ក្រុម​គ្រួសារ​អេរ៉ុន​ដែល​ជា​សង្ឃ​ទេ។ កុល​សម្ព័ន្ធ​លេវី​មិន​បាន​ទទួល​ទឹក​ដី​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា​ឡើយ តែ​បាន​ទទួល​៤៨​ក្រុង​ក្នុង​ទឹក​ដី​ផ្សេង​ៗ​របស់​កុល​សម្ព័ន្ធ​ឯ​ទៀត។—បច ១០:៨; ១ប្រ ៦:១; ហេ ៧:១១

  • ល្វែង​សាឡូម៉ូន

    ក្នុង​វិហារ​នៅ​សម័យ​លោក​យេស៊ូ នេះ​ជា​ផ្លូវ​មាន​ដំបូល​ស្ថិត​នៅ​ខាង​កើត​ទី​ធ្លា​ខាង​ក្រៅ។ មនុស្ស​ជា​ច្រើន​ជឿ​ថា​ល្វែង​នេះ​នៅ​សល់​ពី​វិហារ​សាឡូម៉ូន។ លោក​យេស៊ូ​ដើរ​តាម​ល្វែង​នេះ​នៅ​«​រដូវ​ត្រជាក់​»​ ហើយ​ក៏​ជា​កន្លែង​ដែល​គ្រិស្ត​សាសនិក​សម័យ​ដើម តែង​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ដែរ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១១​)។—យ៉ូន ១០:២២, ២៣; សកម្ម ៥:១២

  • វត្តមាន

    ក្នុង​បទ​គម្ពីរ​ខ្លះ​ជា​ភាសា​ក្រិច ពាក្យ​នេះ​រៀប​រាប់​អំពី​វត្តមាន​របស់​លោក​យេស៊ូ​ជា​មេស្ស៊ី ចាប់​ពី​ពេល​គ្រិស្ត​ក្លាយ​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌​នៅ​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ។ វត្តមាន​របស់​គ្រិស្ត មិន​មែន​ជា​ការ​មក​ដល់ ហើយ​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ទេ។ ផ្ទុយ​ទៅ​វិញ វត្តមាន​របស់​លោក​សំដៅ​លើ​មួយ​រយៈ​ពេល។—ម៉ាថ ២៤:៣

  • វិហារ

    ជា​អាគារ​អចិន្ត្រៃយ៍​ក្នុង​ក្រុង​យេរូសាឡិម។ វិហារ​ជំនួស​ត្រសាល​ចល័ត​ដែល​ជា​កន្លែង​ជន​ជាតិ​អ៊ីស្រាអែល​គោរព​ប្រណិប័តន៍​ព្រះ។ វិហារ​ទី​១​បាន​សង់​ដោយ​សាឡូម៉ូន តែ​បាន​បំផ្លាញ​ដោយ​ពួក​បាប៊ីឡូន។ វិហារ​ទី​២​បាន​សង់​ដោយ​សេរ៉ូបាបិល បន្ទាប់​ពី​ជនជាតិ​យូដា​លែង​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន ហើយ​ក្រោយ​មក​បាន​សង់​ឡើង​វិញ​ដោយ​ហេរ៉ូឌ​ដ៏​ធំ។ ក្នុង​គម្ពីរ​ច្រើន​តែ​ហៅ​ថា​«​វិហារ​របស់​ព្រះ​យេហូវ៉ា​»​ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៨​និង​ខ​១១​)។—អែស ១:៣; ៦:១៤, ១៥; ១ប្រ ២៩:១; ២​ប្រ ២:៤; ម៉ាថ ២៤:១

  • វាំងនន

    ជា​ក្រណាត់​ត្បាញ​ដ៏​ស្អាត ប៉ាក់​រូប​ចេរូប៊ីន​នៅ​ពី​លើ។ វាំងនន​នេះ​បាន​ត្រូវ​ប្រើ​ដើម្បី​ខណ្ឌ​រវាងទីបរិសុទ្ធ​និង​ទី​បរិសុទ្ធ​បំផុត​ទាំង​ក្នុង​ត្រសាល​និង​ក្នុង​វិហារ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៥​)។—ដច ២៦:​៣១; ២ប្រ ៣:១៤; ម៉ាថ ២៧:៥១; ហេ ៩:៣

  • សង្ឃ

    ជា​បុរស​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​តំណាង​ព្រះ ដើម្បី​បម្រើ​បណ្ដា​ជន ហើយ​បង្រៀន​ពួក​គេ​អំពី​ព្រះ​និង​ច្បាប់​របស់​លោក។ សង្ឃ​ក៏​តំណាង​បណ្ដា​ជន​នៅ​ចំពោះ​មុខ​ព្រះ​ដែរ គាត់​ជូន​គ្រឿង​បូជា ហើយ​អធិដ្ឋាន​អង្វរ​ព្រះ​ជំនួស​ពួក​គេ។ មុន​ពេល​មាន​ច្បាប់​ម៉ូសេ មេ​គ្រួសារ​បម្រើ​ជា​សង្ឃ​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់។ ពេល​មាន​ច្បាប់​ម៉ូសេ បុរស​ក្នុង​ក្រុម​គ្រួសារ​អេរ៉ុន ដែល​នៅ​ក្នុង​កុល​សម្ព័ន្ធ​លេវី​បាន​ក្លាយ​ជា​សង្ឃ។ ចំណែក​ពួកលេវី​ឯ​ទៀត ធ្វើ​ជា​ជំនួយ​ការ​របស់​ពួក​សង្ឃ។ នៅ​ពេល​មាន​កិច្ច​ព្រម​ព្រៀង​ថ្មី អ៊ីស្រាអែល​នៃ​ព្រះ​បាន​ទៅ​ជា​ប្រជាជាតិ​មួយ​ដែល​សុទ្ធ​តែ​ជា​សង្ឃ និង​មាន​លោក​យេស៊ូ​គ្រិស្ត​ជា​សម្ដេច​សង្ឃ។—ដច ២៨:៤១; ហេ ៩:​២៤; បប ៥:១០

  • សង្ឃនាយក

    នៅ​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ ពាក្យ​នេះ​ក៏​អាច​ហៅ​ថា​«​សម្ដេច​សង្ឃ​»​ដែរ។ ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច ពាក្យ​«​សង្ឃនាយក​»​ទំនង​ជា​សំដៅ​លើ​បុរស​សំខាន់​ក្នុង​ពួក​សង្ឃ ប្រហែល​ជា​រួម​បញ្ចូល​សម្ដេច​សង្ឃ​ដែល​ចេញ​ពី​តំណែង និង​ពួក​ប្រធាន​សង្ឃ​ទាំង​២៤​ក្រុម។—២ប្រ ២៦:២០; អែស ៧:៥; ម៉ាថ ២:៤; ម៉ាក. ៨:៣១

  • សញ្ញា​សម្គាល់

    ជា​វត្ថុ ជា​សកម្មភាព ជា​ស្ថានភាព ឬ​ជា​ព្រឹត្តិការណ៍​ដែល​បង្ហាញ​ប្រាប់​ឲ្យ​ដឹង​អំពី​អ្វី​មួយ​នៅ​បច្ចុប្បន្ន ឬ​នៅ​អនាគត។—ដក ៩:១២, ១៣; ២​បស ២០:៩; ម៉ាថ ២៤:៣; បប ១:១

  • សត្រូវ​របស់​គ្រិស្ត

    ពាក្យ​ភាសា​ក្រិច​មាន​អត្ថន័យ​ពីរ​យ៉ាង។ មួយ​សំដៅ​លើ​សត្រូវ ឬ​អ្នក​ដែល​ប្រឆាំងគ្រិស្ត។ មួយ​ទៀត​អាច​សំដៅ​លើ​គ្រិស្ត​ក្លែង​ក្លាយ ឬ​អ្នក​ណា​ម្នាក់​ដែល​អះអាង​ថាជា​គ្រិស្ត។ ពាក្យ​សត្រូវ​របស់​គ្រិស្ត អាច​ត្រូវ​ប្រើ​សម្រាប់​មនុស្ស​ដែល​អះអាង​ថា​ខ្លួន​ជា​មេស្ស៊ី ឬ​សម្រាប់​ក្រុម​ណា​ឬ​អង្គការ​ណា​ដែល​អះអាង​ថា​ជា​តំណាង​គ្រិស្ត ហើយ​ក៏​អាច​ប្រើ​សម្រាប់​អ្នក​ដែល​ប្រឆាំង​គ្រិស្ត ព្រម​ទាំង​ប្រឆាំង​ពួក​អ្នក​កាន់​តាម​លោក​ដែរ។—១យ៉ូន ២:២២

  • សម្ដេច​សង្ឃ

    ក្រោម​ច្បាប់​ម៉ូសេ នេះ​ជា​តំណែង​ធំ​បំផុត​ក្នុង​ចំណោម​ពួក​សង្ឃ។ គាត់​ជា​តំណាង​បណ្ដា​ជន​នៅ​ចំពោះ​មុខ​ព្រះ និង​មើល​ការ​ខុស​ត្រូវ​លើ​សង្ឃ​ឯ​ទៀត។ សម្ដេច​សង្ឃ​ក៏​បាន​ត្រូវ​ហៅ​ថា​«​សង្ឃនាយក​»​ដែរ។ (​២ប្រ ២៦:២០; អែស ៧:៥​) មាន​តែ​សម្ដេច​សង្ឃ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត ដែល​ជា​បន្ទប់​ខាង​ក្នុង​បំផុត​នៃ​ត្រសាល​និង​នៃ​វិហារ។ គាត់​ចូល​ក្នុង​បន្ទប់​នោះ​នៅ​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង​ប្រចាំ​ឆ្នាំ​តែប៉ុណ្ណោះ។ ពាក្យ​«​សម្ដេច​សង្ឃ​»​ក៏​បាន​ត្រូវ​ប្រើ​ចំពោះ​លោក​យេស៊ូ​គ្រិស្ត​ដែរ។—ចល ១៦:២, ១៧; ២១:១០; ម៉ាថ ២៦:​៣; ហេ ៤:១៤

  • សម្បថ

    ជា​ពាក្យ​ស្បថ​ដើម្បី​បញ្ជាក់​ថា​អ្វី​មួយ​គឺ​ពិត ឬជា​សេចក្ដី​សន្យា​សំខាន់​មួយ​ដែល​បុគ្គល​ម្នាក់​ប្រាប់​ថានឹង​ធ្វើ​ឬ​មិន​ធ្វើ​អ្វី​មួយ។ នេះ​ច្រើន​តែ​ជា​ពាក្យ​ស្បថ​ចំពោះ​អ្នក​ដែល​មាន​អំណាច​ខ្ពស់ ជា​ពិសេស​ចំពោះ​ព្រះ។ ពេល​ព្រះ​យេហូវ៉ា​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ លោក​បាន​ស្បថ​ដើម្បី​ជា​ការ​ធានា​ថែម​ទៀត​លើ​កិច្ច​ព្រម​ព្រៀង​នោះ។—ដក ១៤:២២; ហេ ៦:១៦, ១៧

  • សសរ

    ជា​បង្គោល​បញ្ឈរ​ត្រង់ ឬ​បញ្ឈរ​ជា​ជួរ។ សសរខ្លះ​បាន​ត្រូវ​ដាំ​ដើម្បី​រំលឹក​អំពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ។ សសរ​ខ្លះ​ទៀត​បាន​ត្រូវ​សង់​ដើម្បី​ទ្រ​វិហារ​និង​វិមាន​ដែល​សាឡូម៉ូន​បាន​សង់។ មនុស្ស​ក្នុង​សាសនា​មិន​ពិត​បាន​ដាំ​បង្គោល​ផ្សេង​ៗ ដើម្បី​គោរព​បូជា។ ជួន​កាល ពួក​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​ពួក​គេ​ដែរ។—អសក ១៦:​២៩; ១បស ៧:២១; ១៤:២៣

  • សាឌូស៊ី

    ជា​និកាយ​សាសនា​ដ៏​ធំ​មួយ​របស់​ជនជាតិ​យូដា។ ពួក​សាឌូស៊ី​សុទ្ធ​តែ​ជា​ពួក​អភិជន​និង​ពួក​សង្ឃ​ដែល​មាន​អំណាច​ខ្លាំង​លើ​សកម្មភាព​ផ្សេង​ៗ​ក្នុង​វិហារ។ ពួក​គេ​ទាត់​ចោល​ទំនៀម​ទម្លាប់​និង​ជំនឿ​ជា​ច្រើន​របស់​ពួក​ផារិស៊ី។ ពួក​គេ​មិន​ជឿ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ឬ​ជឿ​ថា​មាន​ទេវតា​ទេ។ ពួក​គេ​ប្រឆាំង​លោក​យេស៊ូ។—ម៉ាថ ១៦:១; សកម្ម ២៣:៨

  • សាថាន

    ជា​ភាសា​ហេប្រឺ​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»។ ពេល​ប្រើ​ក្នុង​ន័យ​ជាក់​លាក់​ជា​ភាសា​ដើម ពាក្យ​នេះ​សំដៅ​លើ​មេកំណាច​សាថាន ដែល​ជា​មេ​សត្រូវ​របស់​ព្រះ។—យ៉ូប ១:៦; ម៉ាថ ៤:១០; បប ១២:៩

  • សាម៉ារី

    ជា​ក្រុង​សំខាន់​នៃ​រាជាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង​ដែល​មាន​កុល​សម្ព័ន្ធ​១០ ហើយ​ពួក​គេ​មាន​ក្រុង​នោះ​អស់​រយៈ​ពេល​ប្រហែល​២០០​ឆ្នាំ។ ក្រុង​នោះ​ក៏​ជា​ឈ្មោះ​នៃ​ទឹក​ដី​ទាំង​អស់​របស់​កុល​សម្ព័ន្ធ​ទាំង១០ដែរ។ ក្រុង​នោះ​បាន​ត្រូវ​សង់​នៅ​លើ​ភ្នំ​ឈ្មោះ​សាម៉ារី​ដូច​គ្នា។ នៅ​សម័យ​លោក​យេស៊ូ សាម៉ារី​ជា​ឈ្មោះ​តំបន់​មួយ​របស់​រ៉ូម ដែល​មាន​ព្រំ​ប្រទល់​ខាង​ជើង​ជាប់​ស្រុកកាលីឡេ ហើយ​ខាង​ត្បូង​ជាប់​ស្រុក​យូឌា។ ជា​ធម្មតា លោក​យេស៊ូ​មិន​ផ្សព្វ​ផ្សាយ​ពេល​លោក​ធ្វើ​ដំណើរ​ក្នុង​តំបន់​នោះ​ទេ តែ​ជួន​កាល​ពេល​លោក​ឆ្លង​កាត់ លោក​ក៏​និយាយ​ជា​មួយ​នឹង​អ្នក​ស្រុក​សាម៉ារី​ដែរ។ ពេត្រុស​បាន​ប្រើ​កូន​សោ​ទី​២​នៃ​រាជាណាចក្រ ពេល​ជន​ជាតិ​សាម៉ារីបាន​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១០​)។—១បស ១៦:២៤; យ៉ូន ៤:៧; សកម្ម ៨:១៤

  • សាលា​ប្រជុំ

    មក​ពី​ពាក្យ​ដែល​មាន​ន័យ​ថា​«​ការ​ប្រមូល​ផ្ដុំ​»​ ឬ​«​ការ​ប្រជុំ​គ្នា​»​ តែ​ក្នុង​បទ​គម្ពីរ​ភាគ​ច្រើន ពាក្យ​នេះ​សំដៅ​លើ​អាគារ ឬ​កន្លែង​ដែល​ជនជាតិ​យូដា​ជួប​ជុំ​គ្នា​ដើម្បី​អាន​បទ​គម្ពីរ បង្រៀន ផ្សព្វ​ផ្សាយ និង​អធិដ្ឋាន។ នៅ​សម័យ​លោក​យេស៊ូ ក្រុង​នីមួយ​ៗ​ដែល​ធំ​ល្មម​ក្នុង​ស្រុក​អ៊ីស្រាអែល​តែង​មាន​សាលា​ប្រជុំ ហើយ​ក្រុង​ដែល​ធំ​ជាង អាច​មាន​សាលា​ប្រជុំ​លើស​ពី​មួយ។—លូក ៤:១៦; សកម្ម ១៣:១៤, ១៥

  • សាវ័ក

    ពាក្យ​នេះ​មាន​ន័យ​ថា​«​អ្នក​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​»​ ហើយ​ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​សម្រាប់​លោក​យេស៊ូ និង​មនុស្ស​មួយ​ចំនួន​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើអ្នកឯ​ទៀត។ ជា​ញឹក​ញយ​បំផុត ពាក្យ​នេះ​បានត្រូវ​ប្រើ​សម្រាប់​ពួក​អ្នក​កាន់​តាម​១២​នាក់​ដែល​លោក​យេស៊ូ​បាន​ជ្រើស​រើស​ដោយ​ផ្ទាល់ ដើម្បី​ធ្វើ​ជា​តំណាង​លោក។—ម៉ាក ៣:​១៤; សកម្ម ១៤:១៤

  • ស៊ីយ៉ូន ឬ​ភ្នំ​ស៊ីយ៉ូន

    ជា​ឈ្មោះ​ក្រុង​ដែល​មាន​បន្ទាយ​រឹង​មាំ​របស់​ពួក​យេប៊ូស ស្ថិត​នៅ​លើ​ទួល​មួយ​នៅ​ខាង​ត្បូង​ឆៀង​ខាង​កើត​ក្រុង​យេរូសាឡិម។ ក្រោយ​ពី​ដាវីឌ​បាន​កាន់​កាប់​ក្រុង​នោះ គាត់​បាន​សង់​វិមាន​ផ្ទាល់​ខ្លួន​នៅ​ទី​នោះ រួច​មក​ក្រុង​នោះ​បាន​ត្រូវ​ហៅ​ថា​«​ក្រុង​ដាវីឌ​»។ (​២សាំ ៥:៧,​) ស៊ីយ៉ូន​ក៏​ជា​ឈ្មោះ​ភ្នំ​មួយ​ដែរ និង​ជា​ភ្នំ​ដ៏​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា ពេល​ដាវីឌ​បាន​បង្គាប់​គេ​ឲ្យ​យក​ហឹប​មក​ដាក់​នៅ​ទី​នោះ។ ក្រោយ​មក ឈ្មោះ​ស៊ីយ៉ូន​ក៏​រួម​បញ្ចូល​វិហារ​នៅ​លើ​ភ្នំ​ម៉ូរីយ៉ា​ដែរ ហើយ​ជួន​កាល​រួម​បញ្ចូល​ក្រុង​យេរូសាឡិម​ទាំង​មូល។ ជា​រឿយ​ៗ​ក្នុង​បទ​គម្ពីរ​ជា​ភាសា​ក្រិច ពាក្យ​នេះ​ប្រើ​ជា​តំណាង​អ្វី​មួយ។—ចសព ២:៦; ១ពេ ២:៦; បប ១៤:១

  • ស៊ីរី ឬ​ជន​ជាតិ​ស៊ីរី

    មើល​ពាក្យ​«​អេរ៉ាម ឬ​ជន​ជាតិ​អេរ៉ាម​»។

  • ស៊ីវ

    ជា​ឈ្មោះ​ដើម​នៃ​ខែ​ទី​២​ក្នុង​ប្រតិទិន​សាសនា​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​៨​ក្នុង​ប្រតិទិន​កសិកម្ម រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មេសា​ដល់​ពាក់​កណ្ដាល​ខែ​ឧសភា។ ឈ្មោះ​ស៊ីវ​ក៏​មាន​ឈ្មោះ​ថា​អ៊ីយ៉ា​ដែរ​ក្នុង​សៀវភៅ​ជ្វីសតាល់ម៉ូដ (​Jewish Talmud​) និង​ក្នុង​សំណេរ​ឯ​ទៀត ដែល​បាន​ត្រូវ​សរសេរ​ក្រោយ​ពី​ជនជាតិ​យូដា​លែង​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។—១​បស ៦:៣៧

  • ស៊ីវ៉ាន

    ក្រោយ​ពី​ជនជាតិ​យូដា​លែង​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន ស៊ីវ៉ាន​ជា​ឈ្មោះ​ខែ​ទី​៣​នៃ​ប្រតិទិន​សាសនា​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​៩​នៃ​ប្រតិទិន​កសិកម្ម រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​ដល់​ពាក់​កណ្ដាល​ខែ​មិថុនា (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។—អេធ ៨:៩

  • ស៊ីឡា

    ជា​ពាក្យ​ដែល​ប្រើ​សម្រាប់​បទ​ភ្លេង ឬ​កំណាព្យ​ក្នុង​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ និង​សៀវភៅ​ហាបាគុក។ ពាក្យ​នេះ​អាច​មាន​ន័យ​ថា​ជា​ការ​ផ្អាក​ច្រៀង​ឬផ្អាក​ភ្លេង ឬ​ផ្អាក​ទាំង​ពីរ ដើម្បី​ទុក​ពេល​ឲ្យ​រំពឹង​គិត ឬដើម្បី​ធ្វើ​ឲ្យ​ពាក្យ​ដែល​ទើប​ច្រៀង​នោះ​លេខ​ធ្លោ​ជាង។ សេចក្ដី​បក​ប្រែ​សេបធួជីន​ជា​ភាសា​ក្រិច បាន​បកប្រែ​ពាក្យ​នោះ​ថា​ឌីយ៉ាសាល់ម៉ា (​di·a​ʹ​psal·ma​) មាន​ន័យ​ថា​«​ភ្លេង​ឆ្លង​វគ្គ​»។—ចសព ៣:៤; ហាប ៣:៣

  • សឺស

    ជា​ព្រះ​ធំ​បំផុត​នៃ​ព្រះ​ជា​ច្រើន​ដែល​ពួក​ក្រិច​កាន់​តាម។ ពួក​អ្នក​ក្រុង​លីស្ដ្រា​បាន​យល់​ច្រឡំ​ថា​បាណាបាស ជាព្រះ​សឺស។ សិលាចារឹក​នៅ​សម័យ​បុរាណ​ដែល​គេ​រក​ឃើញ​នៅ​ជិត​ក្រុង​លីស្ត្រា បាន​ចារ​ពាក្យ​ថា​«​ពួក​សង្ឃ​របស់​ព្រះ​សឺស​»​ និង​«​ព្រះ​សឺស​នៃ​ដួង​អាទិត្យ​»។ សំពៅ​ដែល​ប៉ូល​បាន​ធ្វើ​ដំណើរ​ពី​កោះ​ម៉ល់តា មាន​ឈ្មោះ​នៅ​ក្បាល​សំពៅ​ថា​«​កូន​របស់​ព្រះ​សឺស​»​ ដែល​ជា​កូន​ប្រុស​ភ្លោះ​របស់​ព្រះ​សឺស​មាន​ឈ្មោះ​ថា ខាសស្ទ័រ​និង​ផូលុច។—សកម្ម ១៤:​១២; ២៨:១១

  • សុចរិត

    ក្នុង​គម្ពីរ ជា​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ​ស្ដី​អំពី​អ្វី​ខុស​និង​អ្វី​ត្រូវ។ នេះ​ក៏​មាន​ន័យ​ថា​«​ទៀង​ត្រង់​»​ ​«​យុត្តិធម៌​»​ និង​«​ត្រឹម​ត្រូវ​»​ដែរ។—ដក ១៥:៦; បច ៦:២៥; សុភ ១១:៤; សេផ ២:៣; ម៉ាថ ៦:​៣៣; ២ពេ ៣:១៣

  • សួន​ឧទ្យាន

    ជា​សួន​ដ៏​សែន​ស្អាត។ សួន​មុន​គេ​បង្អស់​គឺ​សួន​អេដែន ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​សម្រាប់​គូ​ប្ដី​ប្រពន្ធ​ដំបូង។ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ឧក្រិដ្ឋ​ជន​ម្នាក់​ដែល​បាន​ត្រូវ​ព្យួរ​ក្បែរ​លោក លោក​បាន​ប្រាប់​ថា​ផែនដី​នឹង​ក្លាយ​ជា​សួន​ឧទ្យាន។ នៅ​កូរិនថូស​ទី​២ ១២:៤ ពាក្យ​នេះ​ច្បាស់​ជា​សំដៅ​លើ​សួន​ឧទ្យាន​នៅ​ផែនដី​នា​ពេល​អនាគត ហើយ​នៅ​ការ​បើក​បង្ហាញ ២:៧ ពាក្យ​នេះ​សំដៅ​លើ​សួន​ឧទ្យាន​នៅ​ស្ថាន​សួគ៌។—សាឡូ ៤:១៣; លូក ២៣:៤៣

  • សៀ

    ជា​រង្វាស់​រង្វាល់​ស្ងួត។ បើ​គណនា​តាម​រង្វាស់​រង្វាល់​បាត មួយ​សៀ​ស្មើ​នឹង​៧,៣៣​លីត្រ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—២​បស ៧:១

  • សៀទីស

    ជា​ឈូង​សមុទ្រ​ធំ​ពីរ​ដែល​មាន​ជម្រៅ​រាក់​ៗ ស្ថិត​នៅ​ឆ្នេរ​សមុទ្រ​លីប៊ី ភាគ​ខាង​ជើង​ទ្វីប​អាហ្វ្រិក។ នាវិក​នៅ​សម័យ​បុរាណ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង ព្រោះ​ឈូង​សមុទ្រ​ទាំង​នេះ​ពោរ​ពេញ​ទៅ​ដោយ​កូន​កោះ​ខ្សាច់​ក្រោម​ទឹក​ដែល​នាំ​ឲ្យ​ជាប់​កឿង​មាន​គ្រោះ​ថ្នាក់ និង​ដែល​ផ្លាស់​ប្ដូរ​ទី​តាំង​រហូត​តាម​ជំនោរ​សមុទ្រ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៣​)។—សកម្ម ២៧:១៧

  • សេចក្ដី​រំលឹក

    ជា​ទូទៅ​«​សេចក្ដី​រំលឹក​»​ច្រើន​តែ​សំដៅ​លើ​បញ្ញត្ដិ​១០​ប្រការ ដែល​បាន​ត្រូវ​ចារ​នៅ​លើ​បន្ទះ​ថ្ម​ពីរ ដែល​បាន​ប្រគល់​ឲ្យ​ម៉ូសេ។—ដច ៣១:១៨

  • សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់

    ជា​ញឹក​ញយ ពាក្យ​នេះ​មក​ពី​ភាសា​ហេប្រឺ​ឈីសសេត (​che​ʹ​sedh​) សំដៅ​លើ​សេចក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ការ​តាំង​ចិត្ត​ធ្វើ​តាម​សន្យា ចិត្ត​ស្មោះ​ឥត​ងាក​រេ ភក្ដី​ភាព និង​ចំណង​មិត្តភាព​ដ៏​ជ្រាល​ជ្រៅ។ នេះ​ច្រើន​តែ​សំដៅ​លើ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​មាន​ចំពោះ​មនុស្ស តែ​ក៏​ជា​សេចក្ដី​ស្រឡាញ់​ដែល​មនុស្ស​បង្ហាញ​ចំពោះ​គ្នា​ដែរ។—ដច ៣៤:៦; រូថ ៣:១០

  • សេបាត

    ក្រោយ​ពី​ជនជាតិ​យូដា​លែង​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន សេបាត​ជា​ឈ្មោះ​ខែ​ទី​១១​នៃ​ប្រតិទិន​សាសនា​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​៥​នៃ​ប្រតិទិន​កសិកម្ម រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មករា​ដល់​ពាក់​កណ្ដាល​ខែ​កុម្ភៈ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។—សាក ១:៧

  • សេរភីម

    ជា​ពួក​ទេវតា​ដែល​នៅ​ជុំ​វិញ​បល្ល័ង្ក​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌។ ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ មាន​ន័យ​ត្រង់​ថា​«​អ្នក​កំពុង​ឆេះ​»។—អេ ៦:២,

  • សេសារ

    ជា​នាម​ត្រកូល​មួយ​របស់​ជន​ជាតិ​រ៉ូម ដែល​ក្រោយ​មក​ក្លាយ​ជា​ឋានន្តរ​មួយ​របស់​អធិរាជ​រ៉ូម។ គម្ពីរ​បាន​រៀប​រាប់​អំពី​ឈ្មោះ​សេសារ​ខ្លះ​ដូច​ជា អូគូស ទីប៊ែរ និង​ក្លូឌាស។ ទោះ​ជា​គម្ពីរ​មិន​បាន​ប្រាប់​អំពី​ឈ្មោះ​នីរ៉ូ​ក៏​ដោយ តែ​ឈ្មោះ​នេះ​ក៏​សំដៅ​លើ​សេសារ​ដែរ។ ម្យ៉ាង​ទៀត ឈ្មោះ​​«​សេសារ​»​បាន​ត្រូវ​ប្រើ​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ដើម្បី​តំណាង​ឲ្យ​អាជ្ញាធរ​ស៊ី​វិល ឬ​អំណាច​របស់​រដ្ឋ។—ម៉ាក ១២:១៧; សកម្ម ២៥:១២

  • សែមីនិត

    ជា​ពាក្យ​ភ្លេង ដែល​មាន​ន័យ​ត្រង់​ថា​«​ទី​៨​»​ អាច​សំដៅ​លើ​ខ្ទង់​សំឡេង​ទាប។ សម្រាប់​ឧបករណ៍​ភ្លេង ពាក្យ​នេះ​ប្រហែល​ជា​សំដៅ​លើ​ឧបករណ៍​ដែល​មាន​សំឡេង​ទាប។ សម្រាប់​ចម្រៀង ពាក្យ​នេះ​ទំនង​ជា​សំដៅ​លើ​ការ​ប្រគំ​ឧបករណ៍​ភ្លេង​សំឡេង​ទាប ហើយ​ច្រៀង​តាម​សំឡេង​ទាប​នោះ។—១ប្រ ១៥:២១; ចសព ៦:ពាក្យ​ផ្ដើម; ១២:ពាក្យ​ផ្ដើម

  • សំពៅ​តើស៊ីស

    ដំបូង​ជា​ពាក្យ​សម្រាប់​សំពៅ​ដែល​ធ្វើដំណើរ​ទៅ​ស្រុក​តើស៊ីស​នៅ​សម័យ​បុរាណ (​សព្វ​ថ្ងៃ​ជា​ប្រទេស​អេស្ប៉ាញ​)។ ក្រោយ​មក តាម​មើលទៅពាក្យ​នេះ​សំដៅ​លើ​សំពៅ​ធំ​ៗ​ដែល​អាច​ធ្វើ​ដំណើរ​ឆ្ងាយ​ៗ។ សាឡូម៉ូន​និង​យេហូសាផាត ធ្លាប់​ប្រើ​សំពៅ​បែប​នេះ​ដើម្បី​ធ្វើ​ជំនួញ។—១​បស ៩:២៦; ១០:២២; ២២:៤៨

  • ស្នែង

    សំដៅ​លើ​ស្នែង​របស់​សត្វ​ដែល​គេ​ប្រើ​សម្រាប់​ផឹក​ទឹក សម្រាប់​ដាក់​ប្រេង សម្រាប់​ដាក់​ទឹក​ថ្នាំ សម្រាប់​ដាក់​គ្រឿង​សម្អាង សម្រាប់​ផ្លុំ​ផ្ដល់​សញ្ញា ហើយ​ក៏​ប្រើ​ជា​ឧបករណ៍​ភ្លេង​ដែរ។ (​១សាំ ១៦:១, ១៣; ១បស ១:៣៩; អេគ ៩:២​) ជា​រឿយ​ៗ ពាក្យ​«​ស្នែង​»​បាន​ត្រូវ​ប្រើ​ក្នុង​ន័យ​ធៀប​តំណាង​កម្លាំង ការ​ដណ្ដើម​យក​បាន ឬ​ជ័យ​ជម្នះ។—បច ៣៣:១៧; មីកា ៤:១៣; សាក ១:១៩

  • ស្នែង​ទី​បូជា

    ជា​ស្នែង​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​ទី​បូជា (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៥​និង​ខ​៨​)។—ចល ៨:១៥; ១បស ២:២៨

  • ស្បថ

    ជា​ពាក្យ​សន្យា​ចំពោះ​មុខ​ព្រះ​ថា​នឹង​ធ្វើ​អ្វី​មួយ ឬ​ជូន​គ្រឿង​បូជា ឬ​ជូន​អំណោយ ឬ​បំពេញ​កិច្ច​បម្រើ​ណា​មួយ ឬ​ជៀស​វាង​ពី​អ្វី​មួយ ទោះ​ជា​ច្បាប់​មិន​ហាមឃាត់​ក៏​ដោយ។ ពាក្យ​ស្បថ​ឬ​សម្បថ​គឺ​ជា​ពាក្យ​ធ្ងន់​ធ្ងរ​ដែល​ត្រូវ​ធ្វើ​តាម។—ជប ៦:២; អទ ៥:៤; ម៉ាថ ៥:៣៣

  • ស្រី​ពេស្យា

    ជា​អ្នក​រក​ស៊ី​ខាង​ផ្លូវ​ភេទ​ដើម្បី​បាន​ប្រាក់ (​ពាក្យ​នេះ​ជា​ភាសា​ក្រិច​ផូនេ (​por​ʹ​ne​) ដែល​មាន​ឫសគល់​មក​ពី​ពាក្យ​«​លក់​»​)។ ជា​ទូទៅ ពាក្យ​នេះ​សំដៅ​លើ​មនុស្ស​ស្រី តែ​គម្ពីរ​ក៏​និយាយ​អំពី​បុរស​ពេស្យា​ដែរ។ ការ​ធ្វើ​ជា​ស្រី​ពេស្យា​គឺ​ខុស​ច្បាប់​ម៉ូសេ ហើយ​ប្រាក់​ដែល​បាន​មក​ពី​ការ​ធ្វើ​ពេស្យាចារ មិន​អាច​យក​ទៅ​ធ្វើ​វិភាគទាន​នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ទេ។ ផ្ទុយ​ទៅ​វិញ សាសនា​មិន​ពិត​ប្រើ​វិហារ​ជា​មធ្យោបាយ​រក​ស៊ី​ខាង​ផ្លូវ​ភេទ​ដើម្បី​បាន​ប្រាក់។ (​បច ២៣:១៧, ១៨; ១បស ១៤:២៤​) គម្ពីរ​ក៏​ប្រើ​ពាក្យ​នេះ​ក្នុង​ន័យ​ធៀប​ដែរ ដើម្បី​សំដៅ​លើ​មនុស្ស ជន​ជាតិ ឬ​អង្គការ​ដែល​ចូល​រួម​គោរព​បូជា​រូប​ព្រះ​តាម​បែប​ផ្សេង​ៗ ដំណាល​គ្នា​នោះ​ពួក​គេ​អះអាង​ថា​ខ្លួន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ពិត។ ជា​ឧទាហរណ៍ ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ហៅ​​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​ដែល​ជា​អង្គការ​សាសនា​មិន​ពិត​ថា​ជាស្រី​ពេស្យា ពី​ព្រោះ​នាង​មាន​ទំនាក់​ទំនង​ស្អិត​ល្មួត​ជា​មួយ​នឹង​ពួក​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ ដោយ​សង្ឃឹម​ថា​បាន​ទទួល​អំណាច​និង​ទ្រព្យ​សម្បត្តិ។—បប ១៧:​១​-​៥; ១៨:៣; ១​ប្រ ៥:២៥

  • ស្លាក​សញ្ញា​បរិសុទ្ធ​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ

    ជា​ស្លាក​មួយ​ធ្វើ​ពី​មាស​សុទ្ធ​ខាត់​យ៉ាង​ភ្លឺ ហើយ​លើ​ស្លាក​នេះ​មាន​ឆ្លាក់​ពាក្យ​ជា​ភាសា​ហេប្រឺ​ថា​«​ភាព​បរិសុទ្ធ​ជា​របស់​ព្រះ​យេហូវ៉ា​»។ ស្លាក​នេះ​នៅ​ខាង​មុខ​ឈ្នួត​ក្បាល​របស់​សម្ដេច​សង្ឃ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៥​)។—ដច ៣៩:៣០

  • ស្អាត​បរិសុទ្ធ

    ក្នុង​គម្ពីរ ពាក្យ​នេះ​មិន​គ្រាន់​តែ​សំដៅ​លើ​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​សំដៅ​លើ​ការ​ថែ​រក្សា ឬ​ការ​ស្ដារ​ឡើង​វិញ​នូវ​សភាព​មួយ​ដែល​គ្មាន​ស្នាម​ប្រឡាក់ គ្មាន​មន្ទិល និង​រួច​ផុត​ពី​អ្វី​ក៏ដោយ​ដែល​នាំ​ឲ្យ​សៅហ្មង​ខាង​សីលធម៌​ឬ​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ក្នុង​ច្បាប់​ម៉ូសេ ពាក្យ​នេះ​សំដៅ​លើ​ការ​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​តាម​ច្បាប់។—ចល ១០:​១០; ចសព ៥១:៧; ម៉ាថ ៨:២; ១កូ ៦:១១

  • ហត្ថ

    ជា​រង្វាស់​ដែល​មាន​ប្រវែង​ពី​កែង​ដៃ​ដល់​ចុង​ម្រាម​ដៃ​កណ្ដាល។ ជា​ទូទៅ ជន​ជាតិ​អ៊ីស្រាអែល​ប្រើហត្ថដែល​មាន​ប្រវែង​ប្រហែល​៤៤,៥​សង់ទីម៉ែត្រ តែ​ពួក​គេក៏ប្រើ​ហត្ថ​វែង​ជា​ហត្ថ​ដែល​វែង​ជាង​ហត្ថ​នោះ​មួយ​ទះ​ដែរ។ ហត្ថ​វែង​មាន​ប្រវែង​ប្រហែល​៥១,៨​សង់ទីម៉ែត្រ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—ដក ៦:​១៥; លូក ១២:២៥

  • ហ៊ីកាយ៉ូន

    ជា​ពាក្យ​សម្រាប់​អ្នក​ដឹក​នាំ​តន្ត្រី។ ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​នៅ​ក្នុង​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ ៩:១៦ ប្រហែល​ជា​សំដៅ​លើ​បទ​ភ្លេង​លេង​ដោយ​ប្រើ​ពិណ​ដែល​មាន​សំឡេង​ធ្ងន់ ឬ​សំដៅ​លើ​ការ​ផ្អាក​លេង​មួយ​ភ្លែត ដែល​ជួយ​ដល់​ការ​រំពឹង​គិត។

  • ហ៊ីន

    ជា​រង្វាស់​រង្វាល់​វត្ថុ​រាវ ក៏​ជា​ឈ្មោះ​ប្រដាប់​សម្រាប់​វាល់​ដែរ។ មួយ​ហ៊ីន​ស្មើ​នឹង​៣,៦៧​លីត្រ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—ដច ២៩:៤០

  • ហ៊ីសុប

    ជា​រុក្ខជាតិ​ដែល​មាន​មែក​និង​ស្លឹក​ស្អាត។ គេ​ប្រើ​ដើម្បី​ប្រោះ​ឈាម ឬ​ប្រោះ​ទឹក​ក្នុង​ពិធី​លាង​សម្អាត។ ហ៊ីសុប​អាច​ជា​រុក្ខជាតិ​ម៉ាជោរ៉ាម (​Origanum maru; Origanum syriacum​)។ ដូច​មាន​ចែង​ក្នុង​យ៉ូហាន ១៩:២៩ ហ៊ីសុប​អាច​ជា​រុក្ខ​ជាតិ​ម៉ាជោរ៉ាម​ភ្ជាប់​នឹង​មែក​ឬ​ធាង​រុក្ខជាតិ​ស័រកាម (​Sorghum vulgare​) ដោយ​សារ​រុក្ខជាតិ​នេះ​មាន​ដើម​វែង​ល្មម​អាច​ដាក់​ប្រដាប់​ជក់​ស្រា​ជូរ រួច​ហុច​ទៅ​ដល់​មាត់​លោក​យេស៊ូ។—ដច ១២:​២២; ចសព ៥១:៧

  • ហឹប​នៃ​កិច្ច​ព្រម​ព្រៀង

    ជា​ហឹប​មួយ​ធ្វើ​ពី​ឈើ​អាកាស្យា ដែល​ស្រោប​មាស ហើយ​ហឹប​នោះ​បាន​ត្រូវ​ទុក​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​នៃ​ត្រសាល តែ​ក្រោយ​មក​ដាក់​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​នៃ​វិហារ​ដែល​សាឡូម៉ូន​បាន​សង់។ គម្រប​ហឹប​នោះ​ធ្វើ​ពី​មាស ហើយ​មាន​ចេរូប៊ីន​ពីរ​ប្រទល់​មុខ​គ្នា។ នៅ​ក្នុង​ហឹប​នោះ អ្វី​សំខាន់​បំផុត​គឺ​បន្ទះ​ថ្ម​ពីរ​ដែល​មាន​ចារ​បញ្ញត្តិ​ទាំង​១០​ប្រការ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៥​និង​ខ​៨​)។—បច ៣១:២៦; ១បស ៦:​១៩; ហេ ៩:៤

  • ហូម៉ើរ

    ជា​រង្វាស់​រង្វាល់​វត្ថុ​ស្ងួត ដែល​ស្មើ​នឹង​គ័រ។ បើ​គណនា​តាម​បរិមាណ​រង្វាល់​បាត មួយ​ហូម៉ើរ​ស្មើ​នឹង​២២០​លីត្រ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—ចល ២៧:១៦

  • ហូរែប ឬ​ភ្នំ​ហូរែប

    ជា​តំបន់​ភ្នំ​ដែល​នៅ​ជុំ​វិញ​ភ្នំ​ស៊ីណាយ។ នេះ​ជា​ឈ្មោះ​មួយ​ទៀត​សម្រាប់​ភ្នំ​ស៊ីណាយ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៣​)។—ដច ៣:១; បច ៥:២

  • ហ៊ើមេស

    ជា​ព្រះ​មួយ​របស់​ជន​ជាតិ​ក្រិច និង​ជា​កូន​ប្រុស​របស់​ព្រះ​សឺស។ បណ្ដា​ជន​ក្រុង​លីស្ត្រា​បាន​យល់​ច្រឡំ​ដោយ​ហៅ​ប៉ូល​ថា​ព្រះ​ហ៊ើមេស ពី​ព្រោះ​ព្រះ​នោះ​ពូកែ​វោហារ ហើយ​មាន​តួ​នាទី​ជា​អ្នក​នាំ​ពាក្យ​របស់​បណ្ដា​ព្រះ។—សកម្ម ១៤:១២

  • ហេប្រឺ

    ពាក្យ​នេះ​ប្រើ​ជា​លើក​ដំបូង​សម្រាប់​អាប្រាហាំ (​អាប់រ៉ាម​) ដើម្បី​សម្គាល់​ថា​គាត់​ខុស​គ្នា​ពី​ជន​ជាតិ​អាម៉ូរី​ដែល​ជា​អ្នក​ជិត​ខាង។ បន្ទាប់​មក ពាក្យ​នេះ​ប្រើ​សំដៅ​លើ​កូន​ចៅ​របស់​អាប្រាហាំ ដែល​មក​ពី​យ៉ាកុប​ដែល​ជា​ចៅ​របស់​គាត់។ ពាក្យ​នេះ​ក៏​សំដៅ​លើ​ភាសា​របស់​ពួក​គេ​ដែរ។ នៅ​សម័យ​លោក​យេស៊ូ ភាសា​ហេប្រឺ​បាន​លាយ​ឡំ​ជា​មួយ​នឹង​ភាសា​អេរ៉ាម ក៏​ជា​ភាសា​ដែល​គ្រិស្ត​និង​អ្នក​កាន់​តាម​លោក​និយាយ​ដែរ។—ដក ១៤:​១៣; ដច ៥:៣; សកម្ម ២៦:១៤

  • ហេរ៉ូឌ

    ជា​នាម​ត្រកូល​នៃ​គ្រួសារ​រាជវង្ស ដែល​រ៉ូម​បាន​តែង​តាំង​ឲ្យ​គ្រប់​គ្រង​លើ​ជនជាតិ​យូដា។ ហេរ៉ូឌ​ដ៏​ធំ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ ដោយ​សារ​គាត់​បាន​សង់​វិហារ​ក្នុង​ក្រុង​យេរូសាឡិម​ឡើង​វិញ ហើយ​បាន​បញ្ជា​ឲ្យសម្លាប់​កូន​ក្មេង​ក្នុង​បំណង​ផ្ដាច់​ជីវិត​លោក​យេស៊ូ។ (​ម៉ាថ ២:១៦; លូក ១:៥​) ហេរ៉ូឌ​អាខេឡាស និង​ហេរ៉ូឌ​អាន់ទីប៉ាស ជា​កូន​ប្រុស​របស់​ហេរ៉ូឌ​ដ៏​ធំ បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​តំបន់​ផ្សេង​ៗ​ដែល​ឪពុក​របស់​ពួក​គេ​គ្រប់​គ្រង។ (​ម៉ាថ ២:២២​) ហេរ៉ូឌ​អាន់ទីប៉ាស​ជា​អភិបាល​ម្នាក់ ហើយ​មនុស្ស​ទូទៅ​ហៅ​គាត់​ថា​«​ស្ដេច​»។ គាត់​គ្រប់​គ្រង​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ​ដែល​លោក​យេស៊ូ​បំពេញ​កិច្ច​បម្រើ​ផ្សាយ ហើយ​បន្ត​គ្រប់​គ្រង​រហូត​ដល់​ព្រឹត្តិការណ៍​នៅ​ក្នុង​សៀវភៅ​សកម្មភាព ជំពូក​ទី​១២។ (​ម៉ាក ៦:១៤​-​១៧; លូក ៣:១, ១៩, ២០; ១៣:៣១, ៣២; ២៣:៦​-​១៥; សកម្ម ៤:២៧; ១៣:១​) បន្ទាប់​ពី​នោះ​មក ហេរ៉ូឌ​អាគ្រីប៉ា​ទី១ ជា​ចៅ​ប្រុស​របស់​ហេរ៉ូឌ​ដ៏​ធំ បាន​ត្រូវ​ទេវតា​របស់​ព្រះ​សម្លាប់​ក្រោយ​ពី​គាត់​បាន​គ្រប់​គ្រង​អស់​មួយ​រយៈ​ពេលខ្លី។ (​សកម្ម ១២:១​-​៦, ១៨​-​២៣​) កូន​ប្រុស​របស់​គាត់ គឺ​ហេរ៉ូឌ​អាគ្រីប៉ា​ទី​២​បាន​ស្នង​តំណែង ហើយ​គ្រប់​គ្រង​រហូត​ដល់​ជនជាតិ​យូដា​ធ្វើ​បដិវត្ត​ប្រឆាំង​នឹង​អំណាច​រ៉ូម។—សកម្ម ២៣:៣៥; ២៥:១៣, ២២​-​២៧; ២៦:១, ២, ១៩​-​៣២

  • ហ្សេគិល

    ជា​ឯកតា​ទម្ងន់​និង​ជា​រូបិយ​វត្ថុ​របស់​ជន​ជាតិ​ហេប្រឺ។ មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ ពាក្យ​«​ហ្សេគិល​ដែល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ​»​អាច​ជា​ពាក្យ​ដែលប្រើ​ដើម្បី​បញ្ជាក់​ទម្ងន់​ត្រឹម​ត្រូវ ឬ​ស្រប​តាម​ខ្នាត​ទម្ងន់​នៅ​ក្នុង​ត្រសាល។ ហ្សេគិល​ដែល​មនុស្ស​ទូទៅ​ប្រើ​អាច​ខុស​គ្នា​ពី​ហ្សេគិល​ក្នុង​វាំង។ ក្នុង​វាំង​ក៏​ប្រហែល​ជា​មាន​ហ្សេគិល​ដែល​ជា​ខ្នាត​ទម្ងន់​គំរូ​ដែល​គេ​ទុក​ដែរ។—ដច ៣០:១៣

  • ជា​ទី​សម្រាប់​រំលាយ​រ៉ែ​ឬ​លោហៈ​ធាតុ ហើយ​ក៏​ត្រូវ​ប្រើ​សម្រាប់​ដុត​គ្រឿង​ស្មូន​និង​ភាជនៈ​ដី​ផ្សេង​ៗ​ទៀត។ នៅ​សម័យ​គម្ពីរ គេ​ធ្វើ​ឡ​ពី​ថ្ម​ឬ​ឥដ្ឋ ហើយ​ប្រើ​សម្រាប់​ដុត​កំបោរ។—ដាន ៣:១៧; បប ៩:២

  • ឡិបតា

    ក្នុង​សម័យ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច នេះ​ជា​កាក់​ស្ពាន់​ឬ​កាក់​លង្ហិន​តូច​បំផុត​របស់​ជនជាតិ​យូដា (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—ម៉ាក ១២:​៤២; លូក ២១:២

  • ឡូក

    ជា​រង្វាស់​រង្វាល់​វត្ថុ​រាវ​តូច​បំផុត​ក្នុង​គម្ពីរ។ ក្នុង​សៀវភៅ​ជ្វីសតាល់ម៉ូដ (​Jewish Talmud​) ប្រាប់ថាមួយ​ឡូក​ស្មើ​នឹង​១​ភាគ​១២​ហ៊ីន។ ដូច្នេះ បើ​គណនាតាម​សៀវភៅ​នោះ មួយ​ឡូក​ស្មើ​នឹង​០,៣១​លីត្រ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—ចល ១៤:១០

  • អង្កាម

    គឺ​ជា​សម្បក​ដែល​ចេញ​ពី​គ្រាប់​ស្រូវ នៅ​ពេល​ដែល​គេ​បញ្ជាន់ ឬ​អុំ​ស្រូវ។ អង្កាម​បាន​ត្រូវ​ប្រើ​ជា​ការ​ប្រៀប​ធៀប​តំណាង​អ្វី​ដែល​គ្មាន​តម្លៃ និង​មិន​គួរ​ឲ្យ​ចង់​បាន។—ចសព ១:៤; ម៉ាថ ៣:១២

  • អង្គរក្សរបស់អធិរាជ

    ជា​ក្រុម​កង​ទ័ព​រ៉ូម ដែល​បាន​បង្កើត​ឡើង​ដើម្បី​ការ​ពារ​អធិរាជ​រ៉ូម។ ពួក​អង្គរក្ស​មាន​ឥទ្ធិពល​ខ្លាំង​ខាង​នយោបាយ អាច​គាំទ្រ​ឬ​ក៏​ផ្ដួល​រំលំ​អធិរាជ។—ភី ១:១៣

  • អប

    ក្រោយ​ពី​ជនជាតិ​យូដា​ចេញ​ពី​បាប៊ីឡូន អប​ជា​ឈ្មោះ​ខែ​ទី​៥​នៃ​ប្រតិទិន​សាសនា​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​១១​នៃ​ប្រតិទិន​កសិកម្ម។ រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​ដល់​ពាក់​កណ្ដាល​ខែ​សីហា។ ឈ្មោះ​អប​មិន​មាន​ក្នុង​បទ​គម្ពីរ​ទេ តែ​បាន​ត្រូវ​ជំនួស​ដោយ​«​ខែ​ទី​៥​»​ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។—ជប ៣៣:​៣៨; អែស ៧:៩

  • អព្ភូតហេតុ ឬ​ការ​អស្ចារ្យ

    ជា​សកម្មភាព​ឬ​ជា​ការ​ដែល​ហួស​ពី​ច្បាប់​ធម្មជាតិ​ដែល​មនុស្ស​ស្គាល់ ហើយ​គេ​ជឿ​ថា​មក​ពី​អំណាច​ដែល​ខ្លាំង​ជាង​អំណាច​របស់​មនុស្ស។ ពេល​ខ្លះ​គម្ពីរ​ប្រើ​ពាក្យ​ដូច​ជា​«​សញ្ញា​សម្គាល់​»​ ឬ​«​ហេតុ​ការណ៍​អស្ចារ្យ​»។—ហេ ២:៤; បច ១៣:១, ២

  • អាខេយ៉ា

    ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច នេះ​ជា​ខេត្ត​មួយ​របស់​រ៉ូម ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ក្រិច ដែល​មាន​រដ្ឋធានី​នៅ​ក្រុង​កូរិនថូស។ អាខេយ៉ា​រួម​បញ្ចូល​ទឹក​ដី​ទាំង​អស់​នៃ​ភីឡុបផូននី និង​ផ្នែក​ខ្លះ​នៃ​ឧបទ្វីប​ក្រិច (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៣​)។—សកម្ម ១៨:១២

  • អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ

    ជា​ផ្នែក​មួយ​នៃ​គោល​បំណង​របស់​ព្រះ ដែល​លោក​មិន​ទាន់​បើក​បង្ហាញ រហូត​ដល់​ពេល​កំណត់​របស់​លោក។ លោក​ពេញ​ចិត្ត​បើក​បង្ហាញ​ដល់​អស់​អ្នក​ដែល​លោក​ចង់​ឲ្យ​ដឹង​តែ​ប៉ុណ្ណោះ។—ម៉ាក ៤:​១១; កូឡ ១:២៦

  • អាប៊ីប

    ជា​ឈ្មោះ​ដើម​ខែ​ដំបូង​នៃ​ប្រតិទិន​សាសនា​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​៧​នៃ​ប្រតិទិន​កសិកម្ម។ អាប៊ីប​មាន​ន័យ​ថា​«​កួរ​ស្រូវ​ខ្ចី​»។ ខែ​នេះ​រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មីនា​ដល់​ពាក់​កណ្ដាល​ខែ​មេសា។ ក្រោយ​ពី​ជនជាតិ​យូដា​ចេញ​ពី​បាប៊ីឡូន គេ​ហៅ​អាប៊ីប​ថា​ខែ​ណែសាន (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។—បច ១៦:១

  • អាម៉ាគេដូន

    ពាក្យ​នេះ​មក​ពី​ភាសា​ហេប្រឺ​ហាមេគីដោន មាន​ន័យ​ថា​«​ភ្នំ​មេគីដោ​»។ ពាក្យ​នេះ​ទាក់​ទង​នឹង​«​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»​ នៅ​ពេល​ដែល​«​ស្ដេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»​ប្រមូល​គ្នា ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា (​មើល​ពាក្យ​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​)។—បប ១៦:១៤, ១៦; ១៩:១១​-​២១

  • អាមេន

    «​សូម​ឲ្យ​កើត​ឡើង​»​ ឬ​«​ពិត​ប្រាកដ​»។ ពាក្យ​នេះ​មក​ពី​ពាក្យ​ហេប្រឺ​អាម៉ាន ដែល​មាន​ន័យ​ថា​«​ស្មោះ​ត្រង់ ឬ​គួរ​ឲ្យ​ទុក​ចិត្ត​»។ ការ​និយាយ​ពាក្យ​«​អាមេន​»​ បញ្ជាក់​អំពី​ការ​យល់​ព្រម ពេល​ធ្វើ​សម្បថ ពេល​អធិដ្ឋាន​ចប់ ពេល​បញ្ចប់​ឃ្លា ឬ​ពេល​បញ្ចប់​សម្ដី​របស់​អ្នក​ណា​ម្នាក់។ ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ជា​ឋានន្តរ​សម្រាប់​លោក​យេស៊ូ។—បច ២៧:២៦; ១ប្រ ១៦:៣៦; បប ៣:១៤

  • អារីយ៉ូស

    ជា​ទួល​មួយ​នៅ​ក្រុង​អាថែន ស្ថិត​នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​អាក្រូប៉ូលិស។ ក៏​ជា​ឈ្មោះ​តុលាការ​កំពូល​ដែល​គេ​ប្រជុំ​គ្នា​នៅ​ទី​នោះ​ដែរ។ ទស្សនវិទូ​ស្តូអ៊ីក​និង​អេពីគួ​បាន​នាំ​ប៉ូល​មក​អារីយ៉ូស ដើម្បី​ឲ្យ​គាត់​ពន្យល់​អំពី​ជំនឿ​របស់​គាត់។—សកម្ម ១៧:១៩

  • អាលផា​និង​អូមេហ្គា

    ជា​តួ​អក្សរ​ទី​១​និង​តួ​អក្សរ​ចុង​ក្រោយ​គេ​បង្អស់​ក្នុង​ភាសា​ក្រិច។ អាលផា​និង​អូមេហ្គា​មាន​បី​ដង​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ដើម្បី​សំដៅ​លើ​ព្រះ។ នៅ​ក្នុង​បរិបទ​ទាំង​នេះ ពាក្យ​នេះ​មាន​ន័យ​ដូច​គ្នា​នឹង​ពាក្យ​«​ជា​ដើម​និង​ជា​ចុង​»​ ឬ​«​ជា​អ្នក​ដំបូង​បង្អស់​និង​ជា​អ្នក​ក្រោយ​បង្អស់​»។—បប ១:៨; ២១:៦; ២២:១៣

  • អាសថារ៉ូត

    ជា​ព្រះ​មួយ​របស់​ជន​ជាតិ​កាណាន និងជា​ព្រះ​នៃ​ការ​ធ្វើ​សង្គ្រាម ថែម​ទាំង​ជា​ព្រះ​ដែល​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​មាន​កូន។ អាសថារ៉ូត​ជា​ប្រពន្ធ​របស់​ព្រះ​បាល។—១សាំ ៧:៣

  • អាស៊ី

    ជា​ឈ្មោះ​របស់​ខេត្ត​រ៉ូម​នៅ​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច ដែល​សព្វ​ថ្ងៃ​នេះ​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​តួកគី ក៏​រួម​មាន​កោះ​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ដូច​ជា​សាម៉ូស និង​ប៉ាត់ម៉ុស។ រដ្ឋធានី​របស់​ខេត្ត​នោះ​គឺ​អេភេសូរ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៣​)។—សកម្ម ២០:១៦; បប ១:៤

  • អាសិលគា

    មើល​ពាក្យ​«​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង​»។

  • អាសេសែល

    ក្នុង​ភាសា​ហេប្រឺ ឈ្មោះ​នោះ​ប្រហែលជា​មាន​ន័យ​ថា​«​ពពែ​ដែល​បាត់​ទៅ​»។ នៅ​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង គេ​បាន​យក​ពពែ​មួយ​សម្រាប់​អាសេសែល រួច​ពន្លែង​វា​ឲ្យ​ទៅ​តំបន់​ស្ងាត់​ជ្រងំ។ នេះ​តំណាង​ការ​យក​ទៅ​បាត់​នូវ​អំពើ​ខុស​ឆ្គង​ដែល​ប្រជាជាតិ​បាន​ធ្វើ​ខុស​នៅ​ឆ្នាំ​មុន។—ចល ១៦:៨, ១០

  • អាហារ​ល្ងាច​របស់​លោក​ម្ចាស់

    ជា​អាហារ​មែន​ទែន មាន​នំ​ប៉័ង​ឥត​ដំបែ​និង​ស្រា ដែល​តំណាង​រូប​កាយ​និង​ឈាម​របស់​គ្រិស្ត។ នេះ​ជា​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ។ គម្ពីរ​ប្រាប់​គ្រិស្ត​សាសនិក​ឲ្យ​បន្ត​ធ្វើ​ពិធី​នេះ។ ដូច្នេះ ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​យើង​ប្រើ​ពាក្យ​«​ពិធី​រំលឹក​»។—១កូ ១១:២០, ២៣​-​២៦

  • អាឡាម៉ូត

    ជា​ពាក្យ​តន្ត្រី ដែល​មាន​ន័យ​ថា​«​ស្រី​ក្រមុំ​ឬ​ស្ត្រី​វ័យ​ក្មេង​»​ ប្រហែល​ជា​សំដៅ​លើ​សំឡេង​ខ្ពស់​របស់​ពួក​ស្ត្រី​វ័យ​ក្មេង។ ពាក្យ​នេះ​ទំនង​ជា​ប្រើ​ដើម្បី​បញ្ជាក់​អំពី​ភ្លេង​ដែល​ត្រូវ​លេង​ដោយ​ប្រើ​ណោត​ខ្ពស់។—១ប្រ ១៥:២០; ចសព ៤៦:ពាក្យ​ផ្ដើម

  • អ៊ីលីរីកុម

    ជា​ខេត្ត​មួយ​របស់​រ៉ូម ស្ថិត​នៅ​ភាគ​ខាងជើង​ឆៀង​ខាង​លិច​នៃ​ប្រទេស​ក្រិច។ ពេល​ប៉ូល​បំពេញកិច្ច​បម្រើ​ផ្សាយ គាត់​ធ្លាប់​ធ្វើ​ដំណើរ​ឆ្ងាយ​ដល់​ទី​នោះ តែ​គម្ពីរ​មិន​បាន​ប្រាប់​ថា​គាត់​បាន​ចូល​ទៅ​ផ្សព្វ​ផ្សាយ​ក្នុង​អ៊ីលីរីកុម​នោះ​ទេ ឬ​គាត់​គ្រាន់​តែ​ទៅ​ដល់​ព្រំ​ប្រទល់​ខេត្ត​នោះ​ប៉ុណ្ណោះ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៣​)។—រ៉ូម ១៥:១៩

  • អ៊ីស្រាអែល

    ជា​ឈ្មោះ​ដែល​ព្រះ​ដាក់​ឲ្យ​យ៉ាកុប។ ក្រោយ​មក ឈ្មោះ​នេះ​សំដៅ​លើ​កូន​ចៅ​ទាំង​អស់​របស់​គាត់ ដែល​រស់​នៅ​សម័យ​ជា​មួយ​គ្នា។ កូន​ចៅ​ដែល​កើត​ពី​កូន​ប្រុស​ទាំង​១២​នាក់​របស់​យ៉ាកុប គេ​ច្រើន​តែ​ហៅ​ថា​កូន​អ៊ីស្រាអែល ឬ​ពួក​អ្នក​ផ្ទះ​អ៊ីស្រាអែល ឬ​បណ្ដា​ជន​អ៊ីស្រាអែល ឬ​ប្រជាជាតិ​អ៊ីស្រាអែល ឬ​ជន​ជាតិ​អ៊ីស្រាអែល។ ពាក្យ​អ៊ីស្រាអែល​ក៏​ជា​ឈ្មោះ​សម្រាប់​រាជាណាចក្រខាង​ជើងដែល​មាន​កុល​សម្ព័ន្ធ​១០ ដែល​បាន​ផ្ដាច់​ចេញ​ពី​រាជាណាចក្រ​ខាង​ត្បូង ហើយ​ក្រោយ​មក​ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​សំដៅ​លើ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើសតាំង គឺ​«​អ៊ីស្រាអែល​នៃ​ព្រះ​»។—កាឡ ៦:១៦; ដក ៣២:​២៨; ២សាំ ៧:២៣; រ៉ូម ៩:៦

  • អឺប្រាត

    ជា​ទន្លេ​ដែល​មាន​បណ្ដោយ​វែង​ជាង​គេ​និង​សំខាន់​បំផុត​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​អាស៊ី ក៏​ជា​ទន្លេ​ធំ​មួយ​ក្នុង​ចំណោម​ទន្លេ​ធំ​ពីរ​នៅ​តំបន់​មេសូប៉ូតាមា។ ពាក្យ​អឺប្រាត​មាន​ជា​លើក​ដំបូង​ក្នុង​សៀវភៅ​ដើម​កំណើត ២:១៤ ជា​ទន្លេ​មួយ​ក្នុង​ចំណោម​ទន្លេ​ទាំង​បួន​នៅ​អេដែន។ ទន្លេ​អឺប្រាត​គឺ​ជា​ព្រំ​ប្រទល់​ខាង​ជើង​នៃ​ទឹក​ដី​អ៊ីស្រាអែល (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​២​)។—ដក ១៥:១៨; បប ១៦:១២

  • អូនីក្ស

    ជា​ត្បូង​មាន​តម្លៃ​ល្មម និង​ជា​ប្រភេទ​ថ្ម​កែវ​រឹង​ចម្រុះ​ពណ៌ ឬ​មាន​ស្រទាប់​ខណ្ឌ​ថ្លា​ៗ។ អូនីក្ស​មាន​ពណ៌​ស​ឆ្លាស់​ខ្មៅ ត្នោត ក្រហម ប្រផេះ ឬបៃតង។ ត្បូងនេះ​មាន​នៅ​លើ​សម្លៀក​បំពាក់​ពិសេស​របស់​សម្ដេច​សង្ឃ។—ដច ២៨:៩, ១២; ១ប្រ ២៩:២; យ៉ូប ២៨:១៦

  • អូម៉ើរ

    ជា​រង្វាស់​រង្វាល់​វត្ថុ​ស្ងួត។ មួយ​អូម៉ើរ​ស្មើ​នឹង​២,២​លីត្រ ឬ​ស្មើ​នឹង​១​ភាគ​១០​អេហ្វា (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—ដច ១៦:១៦, ១៨

  • អេដា

    ក្រោយ​ពី​ជនជាតិ​យូដា​ចេញ​ពី​បាប៊ីឡូន អេដា​ជា​ឈ្មោះ​ខែ​ទី​១២​នៃ​ប្រតិទិន​សាសនា​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​៦​នៃ​ប្រតិទិន​កសិកម្ម។ រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ដល់​ពាក់​កណ្ដាល​ខែ​មីនា (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។—អេធ ៣:៧

  • អេដំ

    ជា​ឈ្មោះ​មួយ​ទៀត​របស់​អេសាវ ជា​កូន​របស់​អ៊ីសាក។ កូន​ចៅ​អេសាវ (​អេដំ​) បាន​តាំង​ទី​លំនៅ​ក្នុង​ទឹក​ដី​ស្រុក​សៀ ដែល​ជា​តំបន់​ភ្នំ​ស្ថិត​នៅ​រវាង​សមុទ្រ​ស្លាប់​និង​ឈូង​សមុទ្រ​អាកាបា។ ក្រោយ​មក​គេ​ហៅ​ទឹក​ដី​នោះ​ថា​អេដំ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៣​និង​ខ​៤​)។—ដក ២៥:៣០; ៣៦:៨

  • អេត្យូពី

    ជា​ប្រទេស​បុរាណ​ដែល​ធ្លាប់​ស្ថិត​នៅ​ទឹក​ដី​ដែល​ជា​ផ្នែក​ខាង​ត្បូង​បំផុត​នៃ​ស្រុក​អេហ្ស៊ីប​នៅ​សព្វ​ថ្ងៃ​នេះ និង​ទឹក​ដី​ភាគ​ខាង​ជើង​ប្រទេស​ស៊ូដង់។ ពេល​ខ្លះ ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ជា​ភាសា​ហេប្រឺ​ថា​«​គូស​»។—អេធ ១:១

  • អេថានីម

    ជា​ឈ្មោះ​ខែ​ទី​៧​នៃ​ប្រតិទិន​សាសនា​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​១​នៃ​ប្រតិទិន​កសិកម្ម។ រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​ដល់​ពាក់​កណ្ដាល​ខែ​តុលា។ ក្រោយ​ពី​ជនជាតិ​យូដា​ចេញ​ពី​បាប៊ីឡូន ពួក​គេ​បាន​ហៅ​ឈ្មោះ​ខែ​នោះ​ថា​ធិសស៊្រី (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។—១បស ៨:២

  • អេប្រាអ៊ីម

    ឈ្មោះ​កូន​ប្រុស​ទី​២​របស់​យ៉ូសែប។ ក្រោយ​មក ឈ្មោះ​នេះ​បាន​ទៅ​ជា​ឈ្មោះ​កុល​សម្ព័ន្ធ​មួយ​របស់​អ៊ីស្រាអែល។ ក្រោយ​ពី​អ៊ីស្រាអែល​បែក​ជា​ពីរ អេប្រាអ៊ីម​បាន​ទៅ​ជា​កុល​សម្ព័ន្ធ​ធំ​បំផុត ដែល​តំណាង​រាជាណាចក្រ​ដែល​មាន​កុល​សម្ព័ន្ធ​១០។—ដក ៤១:៥២; យេ ៧:១៥

  • អេផូឌ

    ជា​អាវ​វែង​ដែល​ពួក​សង្ឃ​ពាក់។ សម្ដេច​សង្ឃ​ពាក់​អេផូឌ​ពិសេស ដែល​មាន​ត្បូង​ថ្លៃ​វិសេស​ចំនួន​១២​គ្រាប់​លើ​ប្រដាប់​បាំង​ទ្រូង (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៥​)។—ដច ២៨:៤,

  • អេរ៉ាម ឬ​ជន​ជាតិ​អេរ៉ាម

    អេរ៉ាម​ជា​កូន​របស់​សិម។ ភាគ​ច្រើន កូន​ចៅ​របស់​អេរ៉ាម​រស់​នៅ​តំបន់​ភ្នំ ចាប់​ពី​ភ្នំ​លីបង់​រហូត​ដល់​មេសូប៉ូតាមា និង​ចាប់​ពី​ជួរ​ភ្នំ​តារូស​នៅ​ភាគ​ខាង​ជើង​ចុះ​ទៅ​ដាម៉ាស់ ហើយ​ហួស​ទៅ​ភាគ​ខាងត្បូង។ ទឹក​ដី​នេះ​បាន​ត្រូវ​ហៅ​ថា​អេរ៉ាម​ជា​ភាសា​ហេប្រឺ តែ​ក្រោយ​មក​ហៅ​ថា​ស្រុក​ស៊ីរី ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ ហៅ​ថា​ជន​ជាតិ​ស៊ីរី។—ដក ២៥:២០; បច ២៦:៥; ហូ ១២:១២

  • អេលូល

    ក្រោយ​ពី​ជនជាតិ​យូដា​ចេញ​ពី​បាប៊ីឡូន អេលូល​ជា​ឈ្មោះ​ខែ​ទី​៦​នៃ​ប្រតិទិន​សាសនា​របស់​ជនជាតិ​យូដា និង​ជា​ខែ​ទី​១២​នៃ​ប្រតិទិន​កសិកម្ម។ រាប់​ចាប់ពី​ពាក់​កណ្ដាល​ខែ​សីហា​ដល់​ពាក់​កណ្ដាល​ខែ​កញ្ញា (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥​)។—នេហ ៦:១៥

  • អេហ្វា

    ជា​រង្វាស់​រង្វាល់​វត្ថុ​ស្ងួត​និង​ជា​ប្រអប់​ឬ​កញ្ឆេ​ដែល​ប្រើ​សម្រាប់​វាល់​ស្រូវ មួយ​អេហ្វា​ស្មើ​នឹង​មួយ​រង្វាស់​រង្វាល់​វត្ថុ​រាវ​បាត មាន​ចំណុះ​២២​លីត្រ (​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤​)។—ដច ១៦:៣៦; អេគ ៤៥:១០

  • អំពើ​ធ្មប់

    ជា​ការ​ប្រើ​អំណាច​ដែល​មក​ពី​ពួក​វិញ្ញាណ​អាក្រក់។—២​បស ៩:២២; អេ ៤៧:៩, ១២; ណា ៣:៤

  • អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ

    មក​ពី​ពាក្យ​ភាសា​ក្រិច​ផូនៀ (​por·nei​ʹ​a​) ហើយ​ក្នុង​គម្ពីរ​ពាក្យ​នេះ​សំដៅ​លើ​ការ​រួម​ដំណេក​ដែល​ខុស​ច្បាប់​ព្រះ រួម​បញ្ចូល​ការ​ផិត​ក្បត់ ពេស្យាចារ និង​ការ​រួម​ដំណេក​រវាង​មនុស្ស​ដែល​នៅ​លីវ រវាង​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា ព្រម​ទាំង​ការ​រួម​ភេទ​ជា​មួយ​នឹង​សត្វ។ ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ក្នុង​ន័យ​ធៀប​សំដៅ​លើ​សាសនា​ដែល​ប្រព្រឹត្ត​ដូច​ស្រី​ពេស្យា ហៅ​ថា​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​ ពី​ព្រោះ​នាង​មាន​ទំនាក់​ទំនង​ស្អិត​ល្មួត​ជា​មួយ​នឹង​ពួក​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ ដោយ​សង្ឃឹម​ថា​បាន​ទទួល​អំណាច​និង​ទ្រព្យ​សម្បត្តិ (​មើល​ពាក្យ​«​ស្រី​ពេស្យា​»​)។—បប ១៤:៨; ១៧:២; ១៨:៣; ម៉ាថ ៥:៣២; សកម្ម ១៥:២៩; កាឡ ៥:១៩

  • អ្នក​កាន់​តាម​ហេរ៉ូឌ

    ជា​ក្រុម​ជាតិ​និយម​ដែល​គាំទ្រ​គោល​បំណង​នយោបាយ​របស់​ហេរ៉ូឌ​ក្រោម​ការ​គ្រប់​គ្រង​របស់​រ៉ូម។ ពួក​សាឌូស៊ី​ខ្លះ​ប្រហែល​ជា​នៅ​ក្នុង​ក្រុម​នេះ។ ពួក​ហេរ៉ូឌ​និង​ពួក​ផារិស៊ី​រួម​ដៃ​គ្នា​ប្រឆាំង​លោក​យេស៊ូ។—ម៉ាក ៣:៦

  • អ្នក​កើត​ឃ្លង់ ឬ​ជំងឺ​ឃ្លង់

    ជា​ជំងឺ​ស្បែក​ធ្ងន់​ធ្ងរ។ ក្នុង​គម្ពីរ ពាក្យ​ថា​ជំងឺ​ឃ្លង់​មាន​ន័យ​ទូលំ​ទូលាយ​ជាង​សព្វ​ថ្ងៃ​នេះ ព្រោះ​ជំងឺ​នេះ​អាច​ឆ្លង​មក​ពី​មនុស្ស សម្លៀក​បំពាក់ ឬ​ផ្ទះ​សម្បែង​ជា​ដើម។—ចល ១៤:៥៤, ៥៥; លូក ៥:១២

  • អ្នក​ចាស់​ទុំ ឬ​បុរស​ចាស់​ទុំ

    ជា​បុរស​ដែល​មាន​អាយុ​ច្រើន​បន្តិច។ ក្នុង​បទ​គម្ពីរ ជា​បុរស​ដែល​មាន​អំណាច​និង​មាន​តួ​នាទី​ក្នុង​សហគមន៍​ឬ​ក្នុង​ប្រទេស។ ពាក្យ​នេះ​ក៏​បាន​ត្រូវ​ប្រើ​សម្រាប់​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ដែរ។ ពាក្យ​ភាសា​ក្រិច​ប្រេសប៊ូតតេរ៉ូស បក​ប្រែ​ថា​«​អ្នក​ចាស់​ទុំ​»​ពេល​សំដៅ​លើ​អស់​អ្នក​ដែល​មាន​ភារកិច្ច​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ។—ដច ៤:​២៩; សុភ ៣១:២៣; ១ធី ៥:១៧; បប ៤:៤

  • អ្នក​ចេះ​ហោរា​សាស្ត្រ

    គឺ​ជា​អ្នក​ដែល​សិក្សា​អំពី​ចលនា​ដួង​អាទិត្យ ដួង​ចន្ទ និង​ផ្កាយ ដើម្បី​ទស្សន៍​ទាយ​អំពី​ព្រឹត្តិការណ៍​នៅ​អនាគត។—ដាន ២:២៧; ម៉ាថ ២:១

  • អ្នក​ដូរ​សាសនា

    ជា​អ្នក​ចូល​សាសនា​ផ្សេង។ ក្នុង​គម្ពីរ ពាក្យ​នេះ​សំដៅ​លើ​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​ខ្ជាប់​សាសនា​យូដា។ បុរស​ដែល​ចូល​សាសនា​យូដា ត្រូវ​កាត់​ចុង​ស្បែក។—ម៉ាថ ២៣:១៥; សកម្ម ១៣:៤៣

  • អ្នក​ត្រួត​ពិនិត្យ

    ជា​បុរស​ដែល​មាន​ភារកិច្ច​ចម្បង​ដើម្បី​ថែ​រក្សា​ក្រុម​ជំនុំ។ ពាក្យ​នេះ​មក​ពី​ពាក្យ​ភាសា​ក្រិច​អិភីស្កូផូស (​e·pi​ʹ​sko·pos​) ដែល​មាន​ន័យ​ជា​មូលដ្ឋាន​ថា​ការ​ពារ​និង​មើល​ថែ។ ពាក្យ​ភាសា​ក្រិច​មួយ​ទៀត​ប៊្រេសប៊ីធឺរ៉ុស (​pre·sby​ʹ​te·ros​) មាន​ន័យ​ថា​«​អ្នក​ចាស់​ទុំ​»​ ហើយ​ពាក្យ​នេះ​ដូច​គ្នា​នឹង​ពាក្យ​«​អ្នក​ត្រួត​ពិនិត្យ​»។ ពាក្យ​ទាំង​ពីរ​នេះ​សំដៅ​លើ​តួ​នាទី​ដូច​គ្នា​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ពាក្យ​«​អ្នក​ចាស់​ទុំ​»​បញ្ជាក់​អំពី​គុណ​សម្បត្តិ​ផ្សេង​ៗ​ដែល​គាត់​មាន ជា​មូលហេតុ​ដែល​គាត់​បាន​ត្រូវ​តែង​តាំង។ ចំណែក​ពាក្យ​«​អ្នក​ត្រួត​ពិនិត្យ​»​បញ្ជាក់​អំពី​តួ​នាទី​ដែល​គាត់​មើល​ការ​ខុស​ត្រូវ។—សកម្ម ២០:​២៨; ១ធី ៣:២​-​៧; ១ពេ ៥:២

  • អ្នក​ប្រកាស​ទំនាយ

    ជា​អ្នក​ដែល​ព្រះ​ប្រើ​ឲ្យ​ប្រាប់​អំពី​គោល​បំណង​របស់​លោក​ដល់​មនុស្ស​ឯ​ទៀត។ អ្នក​ប្រកាស​ទំនាយ​ដើរ​តួ​នាទី​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ គាត់​មិន​គ្រាន់​តែ​ប្រាប់​អំពី​ទំនាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រាប់​អំពី​សេចក្ដី​បង្រៀន ការ​វិនិច្ឆ័យ និង​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ដែរ។—អេម ៣:៧; ២ពេ ១:២១

  • អ្នក​មើល​ធ្លុះ

    ជា​មនុស្ស​ដែល​ព្រះ​បាន​ផ្ដល់​សមត្ថភាព​ឲ្យ​យល់​អំពី​បំណង​ប្រាថ្នា​របស់​លោក និង​ជា​អ្នក​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​យល់​នូវ​អ្វី​ដែល​មនុស្ស​ទូទៅ​មិន​អាច​យល់។ ពាក្យ​ភាសា​ហេប្រឺ​នេះ​មក​ពី​ឫសគល់​ពាក្យ​ដែល​ជា​ន័យ​ត្រង់​និង​ន័យ​ធៀប​ថា​«​មើល​»។ អ្នក​ដែល​ត្រូវ​ការ​យោបល់​ឬ​អ្នក​ដែល​មាន​បញ្ហា តែង​ទៅ​ជួប​អ្នក​មើល​ធ្លុះ។—១សាំ ៩:៩

  • អ្នក​យាម

    ជា​អ្នក​ដែល​ការ​ពារ​មនុស្ស​និង​ទ្រព្យ​សម្បត្តិ។ ជា​ញឹក​ញយ យាម​នៅ​ពេល​យប់ ហើយ​ក៏​ជា​អ្នក​ដែល​បន្លឺ​សំឡេង​ពេល​ជិត​មាន​គ្រោះ​ថ្នាក់​ដែរ។ ជា​រឿយ​ៗ អ្នក​យាម​តែង​ឃ្លាំ​មើល​ពី​លើ​ប៉ម​និង​កំពែង​ក្រុង ដើម្បី​សង្កេត​មើល​អស់​អ្នក​ដែល​មក​ជិត​ដល់​ក្រុង។ នៅ​ក្នុង​ជួរ​កង​ទ័ព គេ​ហៅ​ថា​ឆ្មាំ។ ក្នុង​ន័យ​ធៀប អ្នក​ប្រកាស​ទំនាយ​បម្រើ​ជា​អ្នក​យាម​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​ព្រមាន​ពួក​គេ​អំពី​សេចក្ដី​ហិន​វិនាស​ដែល​ហៀប​នឹង​មក​ដល់។—២​បស ៩:២០; អេគ ៣:១៧

  • អ្នក​សម្រុះ​សម្រួល

    ជា​អ្នក​ដែល​ផ្សះផ្សា​រវាង​ភាគី​ពីរ ដើម្បី​ឲ្យ​ជា​នា​គ្នា​វិញ។ ក្នុង​គម្ពីរ ម៉ូសេ​ជា​អ្នក​សម្រុះ​សម្រួល​ក្នុង​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់ ហើយ​លោក​យេស៊ូ​ជា​អ្នក​សម្រុះ​សម្រួល​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី។—កាឡ ៣:១៩; ១ធី ២:៥

  • អ្នក​សម្រេច​ក្ដី

    ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ឲ្យ​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​លោក មុន​សម័យ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​មាន​ស្ដេច​ជា​មនុស្ស។—អសក ២:១៦