ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម ១០:១-២១

  • របៀប​ទទួល​បាន​សេចក្ដី​សុចរិត​របស់​ព្រះ (​១​-​១៥)

    • ការ​ប្រកាស​ជា​សាធារណៈ (​១០)

    • ហៅ​រក​នាម​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​សង្គ្រោះ (​១៣)

    • ជើង​របស់​អ្នក​ដែល​ប្រកាស​ដំណឹង​ល្អ​គឺ​ស្អាត​ណាស់ (​១៥)

  • គេ​បដិសេធ​ដំណឹង​ល្អ (​១៦​-​២១)

១០  បង​ប្អូន​អើយ ខ្ញុំ​ប៉ង​ប្រាថ្នា​ក្នុង​ចិត្ត ក៏​អង្វរ​សុំ​ព្រះ​ឲ្យ​ពួក​គេ​ទទួល​សេចក្ដី​សង្គ្រោះ។+ ២  ព្រោះ​ខ្ញុំ​ជា​សាក្សី​បញ្ជាក់​ថា ពួក​គេ​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​បម្រើ​ព្រះ+ តែ​គ្មាន​ចំណេះ​ត្រឹម​ត្រូវ។ ៣  ព្រោះ​ដោយ​សារ​ពួក​គេ​មិន​ស្គាល់​សេចក្ដី​សុចរិត​របស់​ព្រះ+ តែ​ខំ​ប្រឹង​បញ្ជាក់​ថា​ខ្លួន​ជា​អ្នក​សុចរិត+ នោះ​ពួក​គេ​មិន​បាន​ចុះ​ចូល​នឹង​សេចក្ដី​សុចរិត​របស់​ព្រះ​ទេ។+ ៤  ព្រោះ​គ្រិស្ត​ជា​ទី​បញ្ចប់​នៃ​ច្បាប់*+ ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​មាន​សេចក្ដី​សុចរិត។+ ៥  ព្រោះ​ម៉ូសេ​បាន​សរសេរ​អំពី​សេចក្ដី​សុចរិត​យុត្តិធម៌​នៃ​ច្បាប់​ថា​៖ ​«​អ្នក​ណា​ដែល​ធ្វើ​តាម​តម្រូវ​ការ​ទាំង​នេះ អ្នក​នោះ​នឹង​បាន​ជីវិត​ដោយ​សារ​បញ្ញត្តិ​និង​ក្រឹត្យ​ក្រម​ទាំង​នោះ​»។+ ៦  ក៏​ប៉ុន្តែ ស្ដី​អំពី​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ បទ​គម្ពីរ​ចែង​ថា​៖ ​«​កុំ​និយាយ​ក្នុង​ចិត្ត+ថា​៖ ‹តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌?›+ ពោល​គឺ​ដើម្បី​នាំ​គ្រិស្ត​ចុះ​មក ៧  ឬ​‹តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត?›+ ពោល​គឺ​ដើម្បី​នាំ​គ្រិស្ត​ឡើង​ពី​ចំណោម​មនុស្ស​ស្លាប់​»។ ៨  ប៉ុន្តែ តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? បទ​គម្ពីរ​ចែង​ថា​៖ ​«​បណ្ដាំ​នោះ​នៅ​ជិត​អ្នក គឺ​នៅ​ក្នុង​មាត់​របស់​អ្នក និង​នៅ​ក្នុង​ចិត្ត​របស់​អ្នក​»​+ ពោល​គឺ​«​បណ្ដាំ​»​ដែល​បាន​ត្រូវ​ទទួល​ដោយ​សារ​ជំនឿ ជា​បណ្ដាំ​ដែលយើងកំពុង​ផ្សព្វ​ផ្សាយ។ ៩  ប្រសិន​បើ​មាត់​របស់​អ្នក​ប្រកាស​ជា​សាធារណៈ​ថា​លោក​យេស៊ូ​ជា​ម្ចាស់+ ហើយ​អ្នក​មាន​ជំនឿ​ក្នុង​ចិត្ត​ថា​ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​ត្រូវ​សង្គ្រោះ។ ១០  ព្រោះ​ការ​មាន​ចិត្ត​ជឿ នាំ​ឲ្យ​បាន​សេចក្ដី​សុចរិត ប៉ុន្តែ​តាម​រយៈ​មាត់​ដែល​ប្រកាស​ជា​សាធារណៈ​អំពី​ជំនឿ​នោះ+ នាំ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ។ ១១  ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​លោក អ្នក​នោះ​នឹង​មិន​ខក​ចិត្ត​ឡើយ​»។+ ១២  ព្រោះ​ពួក​យូដា​និង​ពួក​ក្រិច​គឺ​មិន​ខុស​ពី​គ្នា​ទេ+ ដោយ​សារ​មាន​ម្ចាស់​តែ​មួយ​លើ​ពួក​គេ​ទាំង​អស់​គ្នា លោក​ជា​អ្នក​ដែល​ផ្ដល់​អ្វី​ៗ​ជាបរិបូរ*ដល់​អស់​អ្នក​ណា​ដែល​ហៅ​រក​លោក។ ១៣  ព្រោះ​«​អស់​អ្នក​ណា​ដែល​ហៅ​រកនាម​ព្រះ​យេហូវ៉ា*នឹង​ត្រូវ​សង្គ្រោះ​»។+ ១៤  ក៏​ប៉ុន្តែ តើ​ពួក​គេ​នឹង​ហៅ​រក​នាម​របស់​លោក​យ៉ាង​ដូច​ម្ដេច ប្រសិន​បើ​មិន​មាន​ជំនឿ​លើ​លោក? ហើយ​តើ​ពួក​គេ​នឹង​មាន​ជំនឿ​លើ​លោក​យ៉ាង​ដូច​ម្ដេច ប្រសិន​បើ​មិន​បាន​ឮ​អំពី​លោក? ហើយ​តើ​ពួក​គេ​នឹង​ឮ​យ៉ាង​ដូច​ម្ដេច ប្រសិន​បើ​គ្មាន​អ្នក​ណា​ផ្សព្វ​ផ្សាយ? ១៥  ហើយ​តើ​ពួក​គេ​នឹង​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច ប្រសិន​បើ​ពួក​គេ​មិន​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ?+ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ​«​ជើង​របស់​អ្នក​ដែល​ប្រកាស​ដំណឹង​ល្អ​អំពី​អ្វី​ដ៏​ប្រសើរ គឺ​ស្អាត​ណាស់​ហ្ន៎!​»។+ ១៦  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មិន​មែន​ពួក​គេ​ទាំង​អស់​គ្នា​បាន​ធ្វើ​តាម​ដំណឹង​ល្អ​ឡើយ។ ព្រោះ​អេសាយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា* តើ​អ្នក​ណា​បាន​ជឿ​អ្វី​ដែល​ឮ​ពី​យើង?​»។+ ១៧  ដូច្នេះ ក្រោយ​ពី​ឮ​បណ្ដាំ ទើប​មាន​ជំនឿ+ ហើយ​គេ​បាន​ឮ​បណ្ដាំ ដោយ​សារ​មាន​អ្នក​ណា​ម្នាក់​និយាយ​អំពី​គ្រិស្ត។ ១៨  ក៏​ប៉ុន្តែ ខ្ញុំ​សូមសួរថា មិន​មែន​ពួក​គេ​មិន​បាន​ឮ​ទេ មែន​ទេ? តាម​ការ​ពិត​«​សំឡេង​នៃ​អ្វី​ទាំង​នោះ​លាន់​ឮពេញ​ផែនដី ហើយ​ក៏​ផ្សាយ​ដល់​គ្រប់​ទី​អាស្រ័យ​នៅ​»។+ ១៩  ប៉ុន្តែ ខ្ញុំ​សូម​សួរ​ថា មិន​មែន​អ៊ីស្រាអែល​មិន​បាន​យល់​ទេ មែន​ទេ?+ មុន​បង្អស់ ម៉ូសេ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ច្រណែន តាម​រយៈ​បណ្ដា​ជន​ដែល​មិន​មែន​ជា​ប្រជាជាតិ​មួយ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំហឹង​ក្រៃ​លែង​តាម​រយៈ​ប្រជាជាតិ​ល្ងង់​ខ្លៅ​មួយ​»។+ ២០  ប៉ុន្តែ អេសាយ​និយាយ​ដោយ​ក្លាហាន​ថា​៖ ​«​ពួក​អ្នក​ដែល​មិន​ស្វែង​រក​ខ្ញុំ បែរ​ជា​រក​ឃើញ​ខ្ញុំ។+ ខ្ញុំ​បាន​បង្ហាញ​ខ្លួន​ដល់​ពួក​អ្នក​ដែល​មិន​បាន​សួរ​រក​ខ្ញុំ​»។+ ២១  ប៉ុន្តែ គាត់​និយាយ​អំពី​អ៊ីស្រាអែល​ថា​៖ ​«​ពេញ​មួយ​ថ្ងៃ ខ្ញុំ​បាន​លា​ដៃ​ទៅ​រកបណ្ដា​ជន​មួយ​ដែល​មិន​ស្ដាប់​បង្គាប់ ហើយ​រឹង​ចចេស​»។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
ឬ​«​ផ្ដល់​អ្វី​ៗ​ដោយ​ចិត្ត​ទូលាយ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥