ការបើកបង្ហាញចំពោះយ៉ូហាន ១៨:១-២៤

  • ការ​ដួល​រលំ​នៃ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​ (​១​-​៨)

    • «​រាស្ដ្រ​ខ្ញុំ​អើយ ចូរ​ចេញ​ពី​ក្រុង​នោះ​មក​»​ (​)

  • ការ​យំ​កើត​ទុក្ខ​ពេល​បាប៊ីឡូន​ដួល​រលំ (​៩​-​១៩)

  • ស្ថាន​សួគ៌​ត្រេក​អរ​ពេល​បាប៊ីឡូន​ដួល​រលំ (​២០)

  • ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​បោះ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ដូច​ជា​ថ្ម (​២១​-​២៤)

១៨  បន្ទាប់​ពី​ការ​នោះ ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត​ចុះ​ពី​ស្ថាន​សួគ៌*ដោយ​មាន​អំណាច​ខ្លាំង​ក្លា ហើយ​សិរី​រុង​រឿង​របស់​ទេវតា​នោះ​បាន​បំភ្លឺ​ផែនដី។  ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​នាង​បាន​រលំ​ហើយ! បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​រលំ​ហើយ+ ក្រុង​នោះ​បាន​ក្លាយ​ទៅ​ជា​លំនៅ​របស់​ពួក​វិញ្ញាណ​កំណាច* និង​ជា​កន្លែង​ដែល​ពេញ​ទៅ​ដោយ​ពួក​វិញ្ញាណ*ស្មោក​គ្រោក ហើយ​ជា​ជម្រក​របស់​សត្វ​ស្លាប​ទាំង​អស់​ដែល​ស្មោក​គ្រោក​និង​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម!+  ព្រោះ​ប្រជាជាតិ​ទាំង​អស់​បាន​រង​គ្រោះ ដោយ​សារ​ស្រា​នៃ​កំហឹង​នៃ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*របស់​នាង+ ហើយ​ស្ដេច​ទាំង​ឡាយ​នៅ​ផែនដី​បាន​ធ្វើ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​នឹង​នាង។+ ឯ​ពួក​អ្នក​ជួញ​ដូរ*នៅ​ផែនដី​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន ដោយសារ​ភាព​សម្បូរ​សប្បាយ​ហួស​ហេតុ​របស់​នាង​»។  រួច​ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​បន្លឺ​ពី​លើ​មេឃ*ថា​៖ ​«​រាស្ដ្រ​ខ្ញុំ​អើយ ចូរ​ចេញ​ពី​ក្រុង​នោះ​មក+ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ចង់​មាន​ចំណែក​ក្នុង​អំពើ​ខុស​ឆ្គង​របស់​នាង ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ចង់​ទទួល​ចំណែក​ពី​សេចក្ដី​វេទនា​របស់​នាង​ទេ។+  ព្រោះ​អំពើ​ខុស​ឆ្គង​របស់​ក្រុង​នោះ​បាន​គរ​ឡើង​រហូត​ដល់​ស្ថាន​សួគ៌+ ហើយព្រះ​បាន​នឹក​ឃើញ​ការ​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌*របស់​នាង។+  ចូរ​សង​ដល់​នាង​តាម​ដែល​នាង​បាន​ធ្វើ​ដល់​គេ+ ចូរ​សង​ដល់​នាង​១​ជា​២ គឺ​១​ជា​២​នៃ​អ្វី​ដែល​នាង​បាន​ធ្វើ។+ ក្នុង​ពែង+ដែល​នាង​បាន​លាយ ចូរ​លាយ​១​ជា​២​ក្នុង​ពែង​នោះ​ឲ្យ​នាងវិញ។+  នាង​លើក​តម្កើង​ខ្លួន​និង​រស់​នៅ​ដោយ​ភាព​សម្បូរ​សប្បាយ​ហួស​ហេតុ​ដល់​កម្រិត​ណា ចូរ​ធ្វើ​ទារុណកម្ម​នាង​និង​ធ្វើ​ឲ្យ​នាង​មាន​ទុក្ខ​ព្រួយ​ដល់​កម្រិត​នោះ​ដែរ។ ពី​ព្រោះ​នាង​និយាយ​ក្នុង​ចិត្ត​ថា​៖ ‹ខ្ញុំ​គ្រប់​គ្រង​ជា​មហា​ក្សត្រី ហើយ​ខ្ញុំ​មិន​មែន​ជា​ស្ត្រី​មេម៉ាយ​ទេ ខ្ញុំ​នឹង​មិន​មាន​ទុក្ខ​ព្រួយ​ឡើយ›។+  ហេតុ​នោះ​ហើយ​បាន​ជា​សេចក្ដី​វេទនា​របស់​នាង​នឹង​មក​ក្នុង​មួយ​ថ្ងៃ គឺ​សេចក្ដី​ស្លាប់ ទុក្ខ​ព្រួយ និង​ការ​អត់​ឃ្លាន ហើយ​នាង​នឹង​ត្រូវ​ដុត​ចោល​ដោយ​ភ្លើង+ ពី​ព្រោះ​ព្រះ​យេហូវ៉ា*ជា​ព្រះ​ដែល​វិនិច្ឆ័យ​ទោស​នាង លោក​ខ្លាំង​ក្លា។+  ​«​ឯ​ស្ដេច​ទាំង​ឡាយ​នៅ​ផែនដី ដែល​បាន​ធ្វើ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*ជា​មួយ​នឹង​នាង និង​ដែល​បាន​រស់​នៅ​ដោយ​ភាព​សម្បូរ​សប្បាយ​ហួស​ហេតុ នឹង​យំ​គក់​ទ្រូង​ដោយ​កើត​ទុក្ខ​អំពី​នាង ពេល​ដែល​ពួក​គេ​ឃើញ​ផ្សែង​ដែល​កំពុង​ហុយ​ឡើង​ពី​ការ​ដុត​នាង។ ១០  ពួក​គេ​នឹង​ឈរ​នៅ​ឆ្ងាយ ដោយ​សារ​ខ្លាច​ទារុណកម្ម​ដែល​នាង​បាន​ទទួល ហើយ​និយាយ​ថា​៖ ‹ស្ដាយ​ណាស់! ស្ដាយ​ណាស់! ក្រុង​ដ៏​ខ្លាំង​ក្លា+ បាប៊ីឡូន​ដែល​ជា​ក្រុង​មាំ​មួន ពី​ព្រោះ​ការ​វិនិច្ឆ័យ​ទោស​របស់​នាង​បាន​មក​ដល់​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង!›។ ១១  ​«​ម្យ៉ាង​ទៀត ពួក​អ្នក​ជួញ​ដូរ​នៅ​ផែនដី​ក៏​យំ ហើយ​កើត​ទុក្ខ​អំពី​នាង ពី​ព្រោះ​លែង​មាន​អ្នក​ណា​ទិញ​ទំនិញ​ដែល​ពួក​គេ​បាន​ប្រមូល​ទុក​យ៉ាង​ច្រើន​ទៀត​ហើយ។ ១២  ពួក​គេ​បាន​ប្រមូល​មាស ប្រាក់ ត្បូង​ថ្លៃ​វិសេស គជ់​ខ្យង ក្រណាត់​សាច់​ល្អ ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​សូត្រ ក្រណាត់​ពណ៌​ក្រហម​ឆ្អៅ របស់​ទាំង​អស់​ដែល​ធ្វើ​ពី​ឈើ​ក្រអូប របស់​គ្រប់​យ៉ាង​ដែល​ធ្វើ​ពី​ភ្លុក និង​របស់​សព្វ​បែប​យ៉ាង​ដែល​ធ្វើ​ពី​ឈើ​ថ្លៃ​វិសេស ពី​ស្ពាន់ ពី​ដែក និង​ពី​ថ្ម​កែវ ១៣  ព្រម​ទាំង​បាន​ប្រមូល​ឈើ​អែម គ្រឿង​ទេស​ពី​ឥណ្ឌា គ្រឿង​ក្រអូប* ប្រេង​ក្រអូប ជ័រ​ល្វីង​ទេស* ស្រា​ទំពាំង​បាយ​ជូរ ប្រេង​អូលីវ ម្សៅ​ហ្មត់ ស្រូវ​សាលី ហ្វូង​គោ ហ្វូង​ចៀម សេះ រទេះ ពួក​ខ្ញុំ​បម្រើ និង​មនុស្ស​ឯ​ទៀត។* ១៤  ផ្លែ​ឈើ​ល្អ​ៗ​ដែល​ក្រុង​នោះ​ចង់​បាន បាន​បាត់​ពី​ក្រុង​នោះ​ទៅ។ ឯ​របស់​ប្រណីត និង​អ្វី​ស្អាត​ៗ​របស់​ក្រុង​នោះ​បាន​សាប​សូន្យ​អស់ ហើយ​មនុស្ស​នឹង​មិន​បាន​ឃើញ​អ្វី​ៗ​ទាំង​នោះ​ទៀត​ទេ។ ១៥  ​«​រីឯ​ពួក​អ្នក​ជួញ​ដូរ​របស់​ទាំង​នោះ​ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ដោយ​សារ​នាង ពួក​គេ​នឹង​ឈរ​នៅ​ឆ្ងាយ ដោយ​សារ​ខ្លាច​ទារុណកម្ម​ដែល​នាង​បាន​ទទួល។ ពួក​គេ​នឹង​យំ​កើត​ទុក្ខ ១៦  ហើយ​និយាយ​ថា​៖ ‹ស្ដាយ​ណាស់! ស្ដាយ​ណាស់! ក្រុង​ដ៏​ខ្លាំង​ក្លា ដែល​មាន​សម្លៀក​បំពាក់​ក្រណាត់​សាច់​ល្អ ក្រណាត់​ពណ៌​ស្វាយ និង​ក្រណាត់​ពណ៌​ក្រហម​ឆ្អៅ និង​មាន​ពាក់​អលង្ការ​មាស ត្បូង​ថ្លៃ​វិសេស និង​គជ់​ខ្យង​ជា​ច្រើន+ ១៧  ពី​ព្រោះ​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង ទ្រព្យ​សម្បត្តិ​ដ៏​ហូរ​ហៀរ​ទាំង​នោះ​បាន​ត្រូវ​បំផ្លាញ​អស់​ទៅ!›។ ​«​ឯ​អ្នក​បើក​សំពៅ​ទាំង​អស់ និង​មនុស្ស​ទាំង​ឡាយ​ដែល​ធ្វើ​ដំណើរ​តាម​សំពៅ និង​ពួក​អ្នក​ដើរ​សំពៅ ហើយ​អស់​អ្នក​ដែល​ចិញ្ចឹម​ជីវិត​ដោយ​សារ​សមុទ្រ បាន​ឈរ​នៅ​ឆ្ងាយ។ ១៨  ពេល​ដែល​ពួក​គេ​មើល​ផ្សែង​ហុយ​ឡើង​ពី​ការ​ដុត​នាង ពួក​គេ​ក៏​ស្រែក​ឡើង​ថា​៖ ‹តើ​មាន​ក្រុង​ណា​ដែល​ដូច​ក្រុង​ដ៏​ខ្លាំង​ក្លា​នោះ?›។ ១៩  ពួក​គេ​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ក៏​ស្រែក​យំ​កើត​ទុក្ខ ហើយ​និយាយ​ថា​៖ ‹ស្ដាយ​ណាស់! ស្ដាយ​ណាស់! ក្រុង​ដ៏​ខ្លាំង​ក្លា ជា​កន្លែង​ដែល​អស់​អ្នក​ដែល​មាន​សំពៅ​លើ​សមុទ្រ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ដោយសារ​ភាព​ស្ដុក​ស្ដម្ភ​របស់​នាង ពី​ព្រោះ​នាង​បាន​ត្រូវ​បំផ្លាញ​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង!›។+ ២០  ​«​ឱ​ស្ថាន​សួគ៌+ ពួក​អ្នក​បរិសុទ្ធ+ ពួក​សាវ័ក* និង​ពួក​អ្នក​ប្រកាស​ទំនាយ​អើយ! ចូរ​ត្រេក​អរ​ដោយ​សារ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​នាង ពី​ព្រោះ​ព្រះ​បាន​វិនិច្ឆ័យ​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ដាក់​ទោស​នាង​ហើយ!​»។+ ២១  រួច​មក ទេវតា​ខ្លាំង​ពូកែ​មួយ​រូប​បាន​លើក​ថ្ម​ត្បាល់​កិន​ធំ​មួយ ហើយ​បោះ​ទៅ​ក្នុង​សមុទ្រ ដោយ​និយាយ​ថា​៖ ​«​ក្រុង​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នឹង​ត្រូវ​បោះ​ទម្លាក់​ទៅ​យ៉ាង​រហ័ស​ដូច្នេះ​ដែរ ហើយ​គ្មាន​អ្នក​ណា​នឹង​ប្រទះ​ឃើញ​វា​ម្ដង​ទៀត​ទេ។+ ២២  គ្មាន​អ្នក​ណា​នឹង​ឮ​អ្នក​ចម្រៀង​ដែល​ច្រៀង​ផង​ដេញ​ពិណ​បន្ទរ​ផង ហើយ​នឹង​លែង​ឮ​អ្នក​លេង​ភ្លេង អ្នក​ផ្លុំ​ខ្លុយ និង​អ្នក​ផ្លុំ​ត្រែ​នៅ​ក្នុង​បាប៊ីឡូន​ទៀត ក៏​នឹង​លែង​ឃើញ​ជាង​ជំនាញ​គ្រប់​មុខ​នៅ​ក្នុង​ក្រុង​អ្នក ឯ​សូរ​ត្បាល់​កិន​ក៏​លែង​ឮ​នៅ​ក្នុង​ក្រុង​អ្នក​ទៀត​ដែរ។ ២៣  ក៏​នឹង​លែង​មាន​ចង្កៀង​ភ្លឺ​ក្នុង​ក្រុង​អ្នក​ទៀត ហើយ​នឹង​លែង​មាន​សំឡេង​កូន​កំលោះ​កូន​ក្រមុំ​នៅ​ក្នុង​ក្រុង​អ្នក​ទៀត​ដែរ ពី​ព្រោះ​ពួក​អ្នក​ជួញ​ដូរ​នៅ​ក្នុង​ក្រុង​របស់​អ្នក សុទ្ធ​តែ​ជា​អ្នក​មាន​មុខ​មាន​មាត់​ធំ​ដុំ​នៅ​ផែនដី និង​ពី​ព្រោះ​អ្នក​បាន​បំភាន់​ប្រជាជាតិ​ទាំង​អស់ ដោយ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។+ ២៤  នៅ​ក្នុង​ក្រុង​នោះ​មាន​ឈាម​របស់​ពួក​អ្នក​ប្រកាស​ទំនាយ ពួក​អ្នក​បរិសុទ្ធ+ និង​អស់​អ្នក​ដែល​បាន​ត្រូវ​សម្លាប់​នៅ​ផែនដី​»។+

កំណត់សម្គាល់

ឬ​«​មេឃ​»​
ភាសា​ក្រិច​«​ដាយម៉ូនីអន​»​សំដៅ​លើ​ពួក​ទេវតា​អាក្រក់
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដង្ហើម​»​ ​«​ខ្យល់​»​ ឬ​«​បណ្ដាំ​»​
ឬ​«​ពួក​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​»​
ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
ឬ​«​ស្ថាន​សួគ៌​»​
ឬ​«​អំពើ​ឧក្រិដ្ឋ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
ឬ​«​ជីវិត​មនុស្ស​»​
មើល​និយម​ន័យ​ពាក្យ​«​ជ័រ​ល្វីង​ទេស​»​
មើល​និយម​ន័យ​ពាក្យ​«​គ្រឿង​ក្រអូប​»​
ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​