ដើមកំណើត ៥០:១-២៦

  • យ៉ូសែប​បញ្ចុះ​សព​យ៉ាកុប​នៅ​ស្រុក​កាណាន (​១​-​១៤)

  • យ៉ូសែប​បញ្ជាក់​ប្រាប់​អំពី​ការ​អភ័យ​ទោស​របស់​គាត់ (​១៥​-​២១)

  • ថ្ងៃ​ចុង​ក្រោយ​របស់​យ៉ូសែប និង​សេចក្ដី​ស្លាប់​របស់​គាត់ (​២២​-​២៦)

    • បង្គាប់​របស់​យ៉ូសែប​អំពី​ឆ្អឹង​របស់​គាត់ (​២៥)

៥០  បន្ទាប់​មក យ៉ូសែប​បាន​យំ​ឱប​ឪពុក+ ហើយ​ថើប​គាត់។ ២  ក្រោយ​នោះ យ៉ូសែប​បាន​បញ្ជា​ពួក​អ្នក​បម្រើ​គាត់​ដែល​ជា​គ្រូ​ពេទ្យ ឲ្យ​អប់​សព+ឪពុក​របស់​គាត់។ ដូច្នេះ ពួក​គេ​ក៏​ចាប់​ផ្ដើម​រៀបចំ​អប់​សព​អ៊ីស្រាអែល​ទៅ។ ៣  ពួក​គេ​បាន​ចំណាយ​ពេល​អស់​៤០​ថ្ងៃ​ដើម្បី​អប់​សព​ឪពុក​គាត់ គឺ​ជា​រយៈ​ពេល​ដែល​គេ​មាន​ទម្លាប់​អប់​សព។ ឯ​បណ្ដា​ជន​អេហ្ស៊ីប ពួក​គេ​បាន​នាំ​គ្នា​យំ​កាន់​ទុក្ខ​អស់​រយៈ​ពេល​៧០​ថ្ងៃ។ ៤  លុះ​វេលា​កាន់​ទុក្ខ​បាន​កន្លង​ផុត​ទៅ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​មន្ត្រី​ផារ៉ូ​ថា​៖ ​«​បើ​អស់​លោក​មិន​យល់​ទាស់​ទេ សូម​ជួយ​ជម្រាប​ផារ៉ូ​ឲ្យ​ខ្ញុំ​ផង​ថា​៖ ៥  ‹ឪពុក​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ស្បថ+នឹង​គាត់ ហើយ​ផ្ដាំ​ថា​៖ ​«​មើល! ពុក​ជិត​ស្លាប់​ហើយ។+ ពេល​ពុក​ស្លាប់ សូម​កូន​យក​សព​របស់​ពុក​ទៅ​បញ្ចុះ+នៅ​ស្រុក​កាណាន ក្នុង​ទី​បញ្ចុះ​សព​ដែល​ពុក​បាន​រៀបចំ​ទុក​»។+ ដូច្នេះ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក​ខ្ញុំ​នៅ​ទី​នោះ​ផង។ ក្រោយ​រួច​រាល់​ហើយ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ›​»។ ៦  ផារ៉ូ​បាន​តប​ឆ្លើយ​មក​វិញ​ថា​៖ ​«​ចូរ​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក​អ្នក តាម​ពាក្យ​ដែល​អ្នក​ស្បថ​នឹង​គាត់​ចុះ​»។+ ៧  ដូច្នេះ យ៉ូសែប​បាន​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​គាត់ អម​ដោយ​ពួក​អ្នក​បម្រើ​ផារ៉ូ មន្ត្រី​ចាស់​ទុំ+ និង​បុរស​ចាស់​ទុំ​ទាំង​អស់​ក្នុង​ស្រុក​អេហ្ស៊ីប ៨  ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​របស់​យ៉ូសែប និង​បង​ប្អូន​គាត់ រួម​ទាំង​ពួក​អ្នក​ផ្ទះ​របស់​ឪពុក​គាត់​ផង​ដែរ។+ ឯ​ក្មេង​តូច​ៗ​និង​ហ្វូង​ចៀម​ហ្វូង​គោ ពួក​គេ​មិន​បាន​នាំ​យក​ទៅ​ជា​មួយ​ទេ តែ​ទុក​ឲ្យ​នៅ​តំបន់​កូសែន​វិញ។ ៩  ពេល​ដង្ហែ​ទៅ គេ​ក៏​នាំ​យក​រទេះ+ចម្បាំង​ទៅ​ជា​មួយ​ដែរ ទាំង​មាន​ទាហាន​សេះ​ហែហម​ផង។ ដូច្នេះ ក្បួន​ដង្ហែ​នោះ​គឺ​ធំ​ណាស់។ ១០  លុះ​ធ្វើ​ដំណើរ​ដល់​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អេថាត​ដែល​នៅ​ក្នុង​តំបន់​ទន្លេយ៉ូដាន់ ពួក​គេ​បាន​យំ​សោក​ជា​ខ្លាំង។ យ៉ូសែប​បាន​កាន់​ទុក្ខ​ឪពុក​អស់​៧​ថ្ងៃ។ ១១  ពួក​កាណាន​ដែល​ជា​អ្នក​ស្រុក​នោះ បាន​ឃើញ​អ្នក​ទាំង​នោះ​យំ​សោក​នៅ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អេថាត។ ពេល​នោះ​ពួក​គេ​បាន​និយាយ​ថា​៖ ​«​ពួក​អេហ្ស៊ីប​កាន់​ទុក្ខ​ខ្លាំង​ណាស់​ហ្ន៎!​»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា​អេបិលមីសរេម។* នោះ​នៅ​តំបន់​ទន្លេយ៉ូដាន់។ ១២  ដូច្នេះ កូន​ៗ​របស់​យ៉ាកុប​បាន​ធ្វើ​តាម​ការ​ផ្ដែ​ផ្ដាំ​ទាំង​អស់​របស់​គាត់។+ ១៣  កូន​ៗ​របស់​គាត់​បាន​ដង្ហែ​សព​គាត់​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​នៅ​ក្នុង​រអាង​ភ្នំ​ម៉ាក់ពេឡា​ដែល​នៅ​ខាង​មុខ​ម៉ាមរេ ជា​ដី​ដែល​អាប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជា​ជន​ជាតិ​ហេត ទុក​ជា​ទី​បញ្ចុះ​សព​រហូត​ត​ទៅ។+ ១៤  ក្រោយ​ពី​បញ្ចុះ​សព​ឪពុក​រួច យ៉ូសែប​និង​បង​ប្អូន​គាត់​ទាំង​អស់ ព្រម​ទាំង​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​នឹង​គាត់ បាន​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ។ ១៥  ក្រោយ​ពី​បង​ប្អូន​យ៉ូសែប​ឃើញ​ថា​ឪពុក​ខ្លួន​បាន​ស្លាប់​ហើយ ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​យ៉ូសែប​ប្រហែល​ជា​នៅ​ចង​គំនុំ​នឹង​យើង​ហើយ។ គាត់​មុខ​ជា​សង​សឹក​នឹង​យើង​ដែល​បាន​ធ្វើ​អាក្រក់​នឹង​គាត់​ជា​មិន​ខាន​»។+ ១៦  ដូច្នេះ បង​ៗ​យ៉ូសែប​បាន​ឲ្យ​គេ​នាំ​ដំណឹង​ទៅ​ប្រាប់​យ៉ូសែប​នូវ​ពាក្យ​ទាំង​នេះ​ថា​៖ ​«​មុន​លោក​ឪពុក​ស្លាប់ គាត់​បាន​ផ្ដាំ​ថា​៖ ១៧  ‹សូម​ប្រាប់​យ៉ូសែប​ថា​៖ ​«​ពុក​សូម​អង្វរ​កូន សូម​កូន​អភ័យ​ទោស​ឲ្យ​បង​ៗ​របស់​កូន​ចំពោះ​ទោស​កំហុស​ដែល​ពួក​គេ​បាន​ធ្វើ​ដល់​កូន​ផង​»​›។ ឥឡូវ សូម​ប្អូន​អភ័យ​ទោស​ឲ្យ​ពួក​បង​ដែល​ជា​អ្នក​បម្រើ​ព្រះ​នៃ​ឪពុក​ប្អូន​ផង​»។ ពេល​យ៉ូសែប​ឮ​ពាក្យ​ទាំង​នេះ គាត់​បាន​យំ។ ១៨  រួច​មក បង​ៗ​របស់​យ៉ូសែប​បាន​ចូល​មក ហើយ​ក្រាប​ខ្លួន​គោរព​គាត់ ទាំង​និយាយ​ថា​៖ ​«​មើល! ពួក​បង​ជា​អ្នក​បម្រើ​ប្អូន​ហើយ!​»។+ ១៩  យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​សូម​ពួក​បង​កុំ​ខ្លាច​អី។ ខ្ញុំ​មិន​មែន​ជា​ព្រះ​ទេ ខ្ញុំ​គ្មាន​សិទ្ធិ​វិនិច្ឆ័យ​បង​ៗ​ឡើយ។ ២០  ទោះ​ជា​ពួក​បង​មាន​បំណង​ធ្វើ​បាប​ខ្ញុំ​ក៏​ពិត​មែន+ តែ​គឺ​ជា​ព្រះ​ទេ​ដែល​បាន​កែ​ប្រែ​ស្ថានភាព​នោះ​ឲ្យ​ទៅ​ជា​ល្អ​ប្រសើរ​វិញ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន ដូច​ពួក​បង​ឃើញ​ស្រាប់​ហើយ។+ ២១  ដូច្នេះ សូម​ពួក​បង​កុំ​ខ្លាច​អី។ ខ្ញុំ​នឹង​បន្ត​ផ្គត់​ផ្គង់​ស្បៀងអាហារ​ដល់​ពួក​បង​និង​កូន​ៗ​»។+ យ៉ាង​នេះ យ៉ូសែប​បាន​សម្រាល​ទុក្ខ​ពួក​គេ ហើយ​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​ឡើង​វិញ។ ២២  ឯ​យ៉ូសែប​និង​ពួក​អ្នក​ផ្ទះ​ឪពុក​គាត់​បាន​បន្ត​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​ត​ទៅ​ទៀត។ យ៉ូសែប​រស់​បាន​១១០​ឆ្នាំ។ ២៣  យ៉ូសែប​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអ៊ីម​ដល់​ទៅ​បី​ជំនាន់។+ គាត់​ក៏​ឃើញ​កូន​ចៅ​របស់​ម៉ាគា+ ដែល​ជា​កូន​ម៉ាណាសេ​ផង​ដែរ។ គាត់​បាន​ចាត់​ទុក​ពួក​គេ​ដូច​ជា​កូន​បង្កើត។* ២៤  ក្រោយ​មក យ៉ូសែប​បាន​និយាយ​ទៅ​បង​ប្អូន​គាត់​ថា​៖ ​«​ខ្ញុំ​ជិត​ស្លាប់​ហើយ តែ​ព្រះ​ប្រាកដ​ជា​ជួយ​បង​ប្អូន+ ហើយ​លោក​នឹង​នាំ​បង​ប្អូន​ចេញ​ពី​ស្រុក​នេះ ទៅ​ស្រុក​ដែល​លោក​បាន​ស្បថ​ឲ្យ​ដល់​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​ជា​មិន​ខាន​»។+ ២៥  ដូច្នេះ យ៉ូសែប​បាន​ឲ្យ​កូន​ចៅ​អ៊ីស្រាអែល​ស្បថ​នឹង​គាត់ ហើយ​គាត់​បាន​ផ្ដាំ​ពួក​គេ​ថា​៖ ​«​ព្រះ​ប្រាកដ​ជា​នឹង​ជួយ​បង​ប្អូន​មិន​ខាន។ ពេល​នោះ សូម​បង​ប្អូន​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​ស្រុក​នេះ​ផង​»។+ ២៦  រួច​មក យ៉ូសែប​បាន​ស្លាប់​ក្នុង​កាល​ដែល​គាត់​មាន​អាយុ​១១០​ឆ្នាំ។ គេ​បាន​ធ្វើ​ពិធី​អប់​សព​គាត់+ រួច​ដាក់​ក្នុង​មឈូស​ក្នុង​ស្រុក​អេហ្ស៊ីប។

កំណត់សម្គាល់

មាន​ន័យ​ថា​«​ការ​កាន់​ទុក្ខ​របស់​ពួក​អេហ្ស៊ីប​»​
ន័យ​ត្រង់​«​ពួក​គេ​បាន​កើត​នៅ​លើ​ភ្លៅ​របស់​យ៉ូសែប​»។ នេះ​មាន​ន័យ​ថា​ពួក​គេ​បាន​ត្រូវ​ចាត់​ទុក​ដូច​ជា​កូន ព្រម​ទាំង​ទទួល​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង