លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​៩

ជន​ជាតិ​អ៊ីស្រាអែល​ចង់​មាន​ស្ដេច

ជន​ជាតិ​អ៊ីស្រាអែល​ចង់​មាន​ស្ដេច

សូល​ជា​ស្ដេច​ទី​១​នៃ​អ៊ីស្រាអែល តែ​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ស្ដេច​បន្ទាប់​គឺ ដាវីឌ។ ព្រះ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​គាត់​ដើម្បី​ឲ្យ​មាន​រាជាណាចក្រ​ដែល​ស្ថិតស្ថេរ​ជា​និរន្ដរ៍

ក្រោយ​សម័យ​សាំសុន សាំយូអែល​បម្រើ​ជា​អ្នក​ប្រកាស​ទំនាយ​និង​ជា​ចៅ​ក្រម​ក្នុង​ស្រុក​អ៊ីស្រាអែល។ ជន​ជាតិ​អ៊ីស្រាអែល​ចេះ​តែ​ប្រាប់​គាត់​ថា​ពួក​គេ​ចង់​មាន​ស្ដេច​ដែល​ជា​មនុស្ស​ដូច​ប្រជា​ជាតិ​ឯ​ទៀត។ ថ្វី​បើ​សំណូម​ពរ​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ដ​ក៏​ដោយ តែ​លោក​បាន​បង្គាប់​សាំយូអែល​ឲ្យ​ធ្វើ​តាម​សំណូម​ពរ​របស់​ប្រជា​ជាតិ​នេះ។ ព្រះ​បាន​ជ្រើស​រើស​បុរស​ដែល​មាន​ចិត្ដ​រាប​ទាប​ម្នាក់​ឈ្មោះ​សូល​ឲ្យ​ធ្វើ​ជា​ស្ដេច។ ប៉ុន្ដែ ក្រោយ​មក ស្ដេច​សូល​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ក្រអឺត​ក្រទម ហើយ​មិន​ស្តាប់​បង្គាប់​ព្រះ​ទេ។ ព្រះ​យេហូវ៉ា​បាន​ឈប់​ទទួល​ស្គាល់​គាត់​ជា​ស្ដេច​ទៀត ហើយ​បាន​ប្រាប់​សាំយូអែល​ឲ្យ​តែង​តាំង​ម្នាក់​ទៀត គឺ​បុរស​វ័យ​ក្មេង​ឈ្មោះ​ដាវីឌ។ ប៉ុន្ដែ ដាវីឌ​ត្រូវ​រង់​ចាំ​អស់​ជា​ច្រើន​ឆ្នាំ​មុន​នឹង​គ្រប់​គ្រង​ជា​ស្ដេច។

កាល​ដែល​ដាវីឌ​នៅ​ជា​ក្មេង​ជំទង់​នៅ​ឡើយ គាត់​បាន​ទៅ​លេង​បង​ៗ​គាត់​ដែល​ជា​ទាហាន​ក្នុង​កង​ទ័ព​របស់​ស្ដេច​សូល។ កង​ទ័ព​ទាំង​មូល​ភ័យ​ខ្លាច​អ្នក​ច្បាំង​ម្នាក់​មាឌ​ធំ​សម្បើម​ក្នុង​កង​ទ័ព​សត្រូវ ឈ្មោះ​កូលីយ៉ាត ដែល​ចេះ​តែ​ចំអក​ដាក់​ពួក​គេ​និង​ព្រះ​របស់​ពួក​គេ។ ដាវីឌ​ខឹង ហើយ​បាន​យល់​ព្រម​ប្រយុទ្ធ​ជា​មួយ​នឹង​មនុស្ស​មាឌ​ធំ​សម្បើម​នេះ។ ដោយ​មាន​តែ​ខ្សែ​ដង្ហក់​របស់​គាត់ និង​ដុំ​ថ្ម​ប្រាំ​ដុំ​ប៉ុណ្ណោះ យុវ​បុរស​នេះ​បាន​ចេញ​ទៅ​ជួប​កូលីយ៉ាត​ដែល​មាន​កម្ពស់​ជិត​បី​ម៉ែត្រ។ នៅ​ពេល​ដែល​កូលីយ៉ាត​ចំអក​ដាក់​គាត់ ដាវីឌ​បាន​តប​ឆ្លើយ​ថា គាត់​មាន​អាវុធ​ប្រសើរ​ជាង​កូលីយ៉ាត​ទៅ​ទៀត ពី​ព្រោះ​គាត់​ប្រយុទ្ធ​ក្នុង​នាម​ព្រះ​យេហូវ៉ា! ដាវីឌ​បាន​សម្លាប់​បុរស​មាឌ​ធំ​សម្បើម​នោះ​ដោយ​ប្រើ​ដុំ​ថ្ម​តែ​មួយ​ប៉ុណ្ណោះ រួច​មក បាន​យក​ដាវ​របស់​កូលីយ៉ាត​ផ្ទាល់​មក​កាត់​ក្បាល​គាត់។ កង​ទ័ព​ភីលីស្ទីន​បាន​រត់​ចេញ​ទៅ​ទាំង​ភ័យ​រន្ធត់។

មុន​ដំបូង សូល​បាន​ស្ងើច​ចិត្ដ​ក្លាហាន​របស់​ដាវីឌ ហើយ​បាន​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​មេទ័ព។ ប៉ុន្ដែ ជោគ​ជ័យ​របស់​ដាវីឌ ធ្វើ​ឲ្យ​សូល​ច្រណែន​យ៉ាង​ខ្លាំង។ ដាវីឌ​ត្រូវ​គេច​ខ្លួន​ដើម្បី​រួច​ជីវិត ហើយ​រស់​ជា​អ្នក​ភៀស​ខ្លួន​អស់​ច្រើន​ឆ្នាំ។ ក៏​ប៉ុន្ដែ ដាវីឌ​នៅ​តែ​ស្មោះ​ត្រង់​នឹង​ស្ដេច​ដែល​ព្យាយាម​សម្លាប់​គាត់ ដោយ​យល់​ឃើញ​ថា​ស្ដេច​សូល​បាន​ត្រូវ​តែង​តាំង​ដោយ​ព្រះ​យេហូវ៉ា។ នៅ​ទី​បំផុត សូល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម។ មិន​យូរ​ក្រោយ​មក ដាវីឌ​បាន​ក្លាយ​ទៅ​ជា​ស្ដេច ដូច​ព្រះ​យេហូវ៉ា​បាន​សន្យា។

«អញ​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​វា ឲ្យ​នៅ​ស្ថិតស្ថេរ​ជា​ដរាប​ទៅ»។—សាំយូអែល​ទី២ ៧:១៣

ក្នុង​នាម​ជា​ស្ដេច ដាវីឌ​ប្រាថ្នា​យ៉ាង​ខ្លាំង​ឲ្យ​សង់​វិហារ​ជូន​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ដាវីឌ​ថា បុត្រ​ម្នាក់​របស់​គាត់​នឹង​សង់​វិហារ​នោះ។ គឺ​បុត្រ​ដាវីឌ​ឈ្មោះ​សាឡូម៉ូន​ដែល​បាន​សង់​វិហារ​នោះ។ ប៉ុន្ដែ ព្រះ​ឲ្យ​រង្វាន់​ដល់​ដាវីឌ ដោយ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​មួយ​ជា​មួយ​នឹង​គាត់។ កិច្ច​ព្រម​ព្រៀង​នោះ​គឺ វង្ស​ត្រកូល​គាត់​នឹង​បង្កើត​បាន​ស្ដេច​គ្រប់​គ្រង​បន្ដ​បន្ទាប់​គ្នា​ដែល​គ្មាន​វង្ស​ត្រកូល​ណា​ដូច​ឡើយ។ នៅ​ទី​បំផុត វង្ស​ត្រកូល​នោះ​នឹង​បង្កើត​អ្នក​សង្គ្រោះ ឬ​ពូជ​ដែល​ព្រះ​បាន​សន្យា​នៅ​សួន​អេដែន។ បុគ្គល​នោះ​នឹង​ជា​មេស្ស៊ី មាន​ន័យ​ថា«លោក​ដែល​បាន​ត្រូវ​រើស​តាំង»​ដោយ​ព្រះ។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា មេស្ស៊ី​នោះ​នឹង​ជា​អ្នក​គ្រប់​គ្រង​ក្នុង​រដ្ឋាភិបាល​ឬ​រាជាណាចក្រ ដែល​នឹង​មាន​ជា​រៀង​រហូត។

ដោយ​មាន​ចិត្ដ​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ ដាវីឌ​បាន​ប្រមូល​សម្ភារៈ​សំណង់ និង​លោហធាតុ​ដ៏​មាន​តម្លៃ​ជា​ច្រើន​សម្រាប់​សង់​វិហារ។ គាត់​ក៏​បាន​តែង​ទំនុក​ជា​ច្រើន​ផង​ដែរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ពេល​នៅ​ជិត​ទី​បញ្ចប់​នៃ​ជីវិត​គាត់ នោះ​ដាវីឌ​បាន​ទទួល​ស្គាល់​ថា៖ «[សកម្ម​ពល]​នៃ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ដោយ​សារ​ខ្ញុំ ព្រះ​បន្ទូល​នៃ​ទ្រង់​នៅ​លើ​អណ្ដាត​ខ្ញុំ»។—សាំយូអែល​ទី២ ២៣:២

—មាន​មូលដ្ឋាន​លើ​សាំយូអែល​ទី១ សាំយូអែល​ទី២ របា​ក្សត្រ​ទី១ អេសាយ ៩:៧ ម៉ាថាយ ២១:៩ លូកា ១:៣២ យ៉ូហាន ៧:​៤២