លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​១

ព្រះ​បង្កើត​សួន​ឧទ្យាន​សម្រាប់​មនុស្ស​ជាតិ

ព្រះ​បង្កើត​សួន​ឧទ្យាន​សម្រាប់​មនុស្ស​ជាតិ

ព្រះ​បង្កើត​សកលលោក​និង​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ជីវិត​នៅ​ផែន​ដី។ លោក​បង្កើត​បុរស​ស្ដ្រី​មួយ​គូ​ដែល​ល្អ​ឥត​ខ្ចោះ។ លោក​ដាក់​ពួក​គាត់​ឲ្យ​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ដ៏​សែន​ស្អាត ហើយ​ឲ្យ​ពួក​គាត់​នូវ​បញ្ញត្ដិ​ផ្សេង​ៗ​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​តាម

ពាក្យ​ដូច​ត​ទៅ​នេះ បាន​ត្រូវ​ហៅ​ថា​ជា​ពាក្យ​ផ្ដើម​ដ៏​ល្បី​ល្បាញ​បំផុត។ «កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែន​ដី»។ (លោកុប្បត្ដិ ១:១) តាម​ឃ្លា​ដ៏​ឧត្ដុង្គឧត្ដម​ដែល​ស្រួល​យល់​នេះ គម្ពីរ​បង្ហាញ​យើង​ឲ្យ​ស្គាល់​បុគ្គល​ដែល​សំខាន់​ជាង​គេ​បំផុត​ក្នុង​គម្ពីរ​បរិសុទ្ធ ពោល​គឺ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ ខ​ដំបូង​ក្នុង​គម្ពីរ​បើក​បង្ហាញ​ថា​ព្រះ​គឺ​ជា​អ្នក​បង្កើត​សកលលោក​ដ៏​ធំ​ធេង​ដែល​រួម​បញ្ចូល​ផែន​ដី​ដែល​យើង​រស់​នៅ​នេះ។ ខ​ជា​បន្ដ​បន្ទាប់​ពន្យល់​ថា ក្នុង​រយៈ​ពេល​យ៉ាង​យូរ​ជា​លំដាប់លំដោយ ដែល​ហៅ​ថា​ថ្ងៃ​ក្នុង​ន័យ​ធៀប ព្រះ​បាន​រៀប​ចំ​ផែន​ដី​សម្រាប់​ឲ្យ​យើង​រស់​នៅ ហើយ​បាន​បង្កើត​អ្វី​ៗ​អស្ចារ្យ​ទាំង​ឡាយ​ដែល​មាន​នៅ​លើ​ផែន​ដី​នេះ។

អ្វី​ប្រសើរ​បំផុត​ដែល​ព្រះ​បង្កើត​នៅ​លើ​ផែន​ដី​នេះ គឺ​មនុស្ស​យើង។ មនុស្ស​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​ភាព​ឬ​លក្ខណៈ​ដូច​ព្រះ ពោល​គឺ​មាន​សមត្ថភាព​បង្ហាញ​គុណ​សម្បត្ដិ​ដូច​ព្រះ​យេហូវ៉ា ដូច​ជា​សេចក្ដី​ស្រឡាញ់​និង​ប្រាជ្ញា។ ព្រះ​បាន​បង្កើត​មនុស្ស​ចេញ​ពី​ធូលី​ដី ហើយ​ដាក់​ឈ្មោះ​គាត់​ថា អាដាម។ រួច​មក​ព្រះ​ដាក់​គាត់​ឲ្យ​រស់​នៅ​ក្នុង​សួន​ឧទ្យាន​មួយ ពោល​គឺ​សួន​ច្បារ​អេដែន។ គឺ​ព្រះ​តែ​ម្ដង​ដែល​បាន​ដាំ​សួន​ច្បារ​នោះ​ដែល​ពាស​ពេញ​ទៅ​ដោយ​ដើម​ឈើ​មាន​ផ្លែ​ដ៏​ស្រស់​បំព្រង​នានា។

ព្រះ​បាន​ដឹង​ថា​គឺ​មាន​ប្រយោជន៍​បើ​បុរស​នោះ​មាន​គូ។ ដូច្នេះ ព្រះ​បាន​បង្កើត​ស្ដ្រី​ម្នាក់​ពី​ឆ្អឹង​ជំនីរ​របស់​អាដាម ហើយ​នាំ​នាង​ទៅ​បុរស​នោះ​ដើម្បី​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​គាត់។ ក្រោយ​មក គាត់​ដាក់​ឈ្មោះ​ថា អេវ៉ា។ អាដាម​សប្បាយ​ចិត្ដ​ក្រៃ​លែង ក៏​ពោល​ជា​កំណាព្យ​ថា៖ «នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​អញ ជា​សាច់​ពី​សាច់​អញ»។ ព្រះ​បាន​ពន្យល់​ថា៖ «ដោយ​ហេតុ​នោះ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ»។—លោកុប្បត្ដិ ២:២២​-​២៤; ៣:២០

ព្រះ​បាន​ឲ្យ​អាដាម​និង​អេវ៉ា​នូវ​បញ្ញត្ដិ​ពីរ។ ទី​១ លោក​បាន​បង្គាប់​ឲ្យ​ធ្វើ​ការ​ដាំ​ដុះ​និង​ថែ​រក្សា​ផែន​ដី​ជា​លំនៅ​របស់​ពួក​គាត់ និង​ឲ្យ​ផែន​ដី​ពោរ​ពេញ​ទៅ​ដោយ​កូន​ចៅ​របស់​ពួក​គាត់។ ទី​២ មាន​ផ្លែ​របស់​ដើម​ឈើ​តែ​មួយ​គត់​ដែល​ព្រះ​ហាម​មិន​ឲ្យ​ពួក​គាត់​បរិភោគ​ក្នុង​សួន​ដ៏​ធំ​នោះ ពោល​គឺ«ដើម​ដឹង​ខុស​ត្រូវ»។ (លោកុប្បត្ដិ ២:១៧) ប្រសិនបើ​ពួក​គាត់​មិន​ធ្វើ​តាម​ទេ នោះ​ពួក​គាត់​នឹង​ត្រូវ​ស្លាប់។ តាម​រយៈ​បញ្ញត្ដិ​ទាំង​នោះ ព្រះ​បាន​ឲ្យ​បុរស​និង​ស្ដ្រី​នេះ​នូវ​ឱកាស​បង្ហាញ​ថា ពួក​គេ​ទទួល​យក​លោក​ជា​អ្នក​គ្រប់​គ្រង​របស់​ខ្លួន។ ការ​ស្តាប់​បង្គាប់​របស់​ពួក​គាត់​ក៏​នឹង​បង្ហាញ​ថា​ពួក​គាត់​ស្រឡាញ់​និង​ដឹង​គុណ​ព្រះ​ដែរ។ ពួក​គាត់​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​ទទួល​យក​ការ​គ្រប់​គ្រង​ដ៏​ល្អ​របស់​ព្រះ។ បុរស​និង​ស្ដ្រី​នោះ​ឥត​មាន​ខ្ចោះ​ទេ។ គម្ពីរ​ចែង​ថា៖ «ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ»។—លោកុប្បត្ដិ ១:៣១

—មាន​មូលដ្ឋាន​លើ​សៀវភៅ​លោកុប្បត្ដិ ជំពូក​ទី​១​និង​ទី​២