លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​២

មនុស្ស​បាត់​បង់​សិទ្ធិ​រស់​ក្នុង​សួន​ឧទ្យាន

មនុស្ស​បាត់​បង់​សិទ្ធិ​រស់​ក្នុង​សួន​ឧទ្យាន

ទេវតា​បះបោរ​មួយ​រូប​បញ្ចុះ​បញ្ចូល​បុរស​ស្ដ្រី​ទី​១ អាដាម​និង​អេវ៉ា​ឲ្យ​បដិសេធ​ការ​គ្រប់​គ្រង​របស់​ព្រះ។ ជា​លទ្ធផល ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ចូល​មក​ពិភព​លោក

យូរ​យារ​មុន​ព្រះ​បង្កើត​មនុស្ស​ជាតិ នោះ​លោក​បាន​បង្កើត​បុគ្គល​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ ពោល​គឺ​ទេវតា។ នៅ​សួន​អេដែន ទេវតា​បះបោរ​មួយ​រូប ដែល​ក្រោយ​មក​បាន​ត្រូវ​ហៅ​ថា​សាថាន ខំ​បោក​បញ្ឆោត​អេវ៉ា​ឲ្យ​បរិភោគ​ផ្លែ​ពី​ដើម​ដែល​ព្រះ​បាន​ហាម​ពួក​គាត់​មិន​ឲ្យ​បរិភោគ។

ដោយ​ប្រើ​សត្វ​ពស់​ឲ្យ​ធ្វើ​ហាក់​ដូច​ជា​កំពុង​និយាយ សាថាន​និយាយ​បញ្ឆិត​បញ្ឆៀង​ថា ព្រះ​បាន​ទុក​អ្វី​មួយ​ដែល​មាន​ប្រយោជន៍ មិន​ព្រម​ឲ្យ​ដល់​ស្ដ្រី​នោះ​និង​ប្ដី​នាង។ ទេវតា​នោះ​ប្រាប់​អេវ៉ា​ថា នាង​និង​ប្ដី​មិន​ស្លាប់​ទេ បើ​ពួក​គាត់​បរិភោគ​ពី​ផ្លែ​ដែល​ព្រះ​ហាម​នោះ។ ដូច្នេះ សាថាន​បាន​ចោទ​ព្រះ​ថា​កុហក​មនុស្ស​ដែល​ជា​កូន​របស់​លោក។ សាថាន​បាន​បោក​បញ្ឆោត​ឲ្យ​គិត​ថា​ការ​មិន​ស្តាប់​បង្គាប់​ព្រះ ជា​អ្វី​ដែល​គួរ​ឲ្យ​ចង់​ធ្វើ​ដើម្បី​ឲ្យ​មាន​ចំណេះ​ពិសេស​និង​សេរី​ភាព។ ប៉ុន្ដែ នេះ​ជា​ពាក្យ​កុហក​ទាំង​ស្រុង ជា​ការ​កុហក​លើក​ដំបូង​នៅ​ផែន​ដី។ តាម​ពិត ចំណុច​ដែល​ចង់​ជំទាស់​គឺ​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ ពោល​គឺ​តើ​ព្រះ​មាន​សិទ្ធិ​គ្រប់​គ្រង​ឬ​ទេ ហើយ​តើ​លោក​គ្រប់​គ្រង​តាម​របៀប​សុចរិត និង​ដើម្បី​មាន​ប្រយោជន៍​ច្រើន​បំផុត​ដល់​រាស្ដ្រ​របស់​លោក​ឬ​ទេ។

អេវ៉ា​បាន​ជឿ​ពាក្យ​កុហក​របស់​សាថាន។ នាង​ចាប់​មាន​ចិត្ដ​ប្រាថ្នា​ចង់​បាន​ផ្លែ​នោះ រួច​មក​នាង​បរិភោគ​ផ្លែ​នោះ​ខ្លះ។ ក្រោយ​មក នាង​ក៏​ឲ្យ​ប្ដី​នាង​បរិភោគ​ខ្លះ​ដែរ។ ដូច្នេះ ពួក​គាត់​ក្លាយ​ទៅ​ជា​អ្នក​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង។ ការ​ប្រព្រឹត្ដ​ដែល​ហាក់​ដូច​ជា​តូច​តាច​នេះ តាម​ពិត​គឺ​ជា​ការ​សម្ដែង​នូវ​ការ​បះបោរ​ប្រឆាំង។ ដោយ​សម្រេច​ចិត្ដ​មិន​ធ្វើ​តាម​បញ្ញត្ដិ​ព្រះ អាដាម​និង​អេវ៉ា បាន​បដិសេធ​ការ​គ្រប់​គ្រង​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត ដែល​បាន​ឲ្យ​ពួក​គាត់​នូវ​អ្វី​ៗ​ទាំង​អស់ រួម​ទាំង​ជីវិត​ល្អ​ឥត​ខ្ចោះ​ដែរ។

ពូជ​នោះ«នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។—លោកុប្បត្ដិ ៣:១៥

ព្រះ​បាន​វិនិច្ឆ័យ​ទោស​ពួក​បះបោរ​ទាំង​នេះ។ លោក​បាន​ទាយ​ទុក​ជា​មុន​អំពី​ពូជ​សន្យា ឬ​អ្នក​សង្គ្រោះ​ដែល​នឹង​បំផ្លាញ​ចោល​សាថាន ដែល​តំណាង​ដោយ​សត្វ​ពស់។ ព្រះ​បាន​ពន្យារ​ពេល​ប្រហារ​ជីវិត​អាដាម​និង​អេវ៉ា​មួយ​រយៈ។ ដោយ​ធ្វើ​ដូច្នេះ លោក​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដល់​កូន​ចៅ​ដែល​មិន​ទាន់​កើត​របស់​ពួក​គាត់។ កូន​ចៅ​ទាំង​នោះ​មាន​មូលដ្ឋាន​សម្រាប់​សេចក្ដី​សង្ឃឹម ពី​ព្រោះ​បុគ្គល​ដែល​ព្រះ​នឹង​ចាត់​មក​នោះ​នឹង​បំបាត់​លទ្ធផល​គួរ​ឲ្យ​ខ្លោច​ផ្សា​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​ការ​បះបោរ​នៅ​សួន​អេដែន។ តើ​គោល​បំណង​របស់​ព្រះ​ស្ដី​អំពី​ការ​ចាត់​អ្នក​សង្គ្រោះ​នោះ​នឹង​ត្រូវ​សម្រេច​តាម​របៀប​ណា? ហើយ​តើ​បុគ្គល​ដែល​នឹង​ត្រូវ​ចាត់​នោះ​ជា​នរណា? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ​បាន​ត្រូវ​បើក​បង្ហាញ​ជា​បណ្ដើរ​ៗ​កាល​ដែល​សៀវភៅ​គម្ពីរ​បន្ដ​បន្ទាប់​ពី​នោះ​បាន​ត្រូវ​សរសេរ។

ព្រះ​បាន​បណ្ដេញ​អាដាម​និង​អេវ៉ា​ចេញ​ពី​សួន​ឧទ្យាន។ ពួក​គាត់​នឹង​ត្រូវ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​ចិញ្ចឹម​ជីវិត​ដោយ​ធ្វើ​ស្រែ​ចម្ការ​នៅ​ក្រៅ​សួន​ឧទ្យាន​នោះ។ រួច​មក​អេវ៉ា​មាន​ផ្ទៃ​ពោះ​ក៏​សម្រាល​កូន​ឈ្មោះ​កាអ៊ីន ជា​កូន​ទី​១​របស់​អាដាម​និង​អេវ៉ា។ គូ​ស្វាមីភរិយា​នេះ​មាន​កូន​ប្រុស​ស្រី​ឯ​ទៀត រួម​ទាំង​អេបិល និង​សេត​ដែល​ជា​បុព្វ​បុរស​របស់​ណូអេ។

—មាន​មូលដ្ឋាន​លើ​សៀវភៅ​លោកុប្បត្ដិ ជំពូក​៣​ដល់​ជំពូក​៥ ការ​បើក​បង្ហាញ ១២:៩