អេសេគាល ៣៦:១-៣៨

  • ទំនាយ​អំពី​តំបន់​ភ្នំ​នៃ​អ៊ីស្រាអែល (​១​-​១៥)

  • ការ​ស្ថាបនា​អ៊ីស្រាអែល​ឡើង​វិញ (​១៦​-​៣៨)

    • «​ខ្ញុំ​នឹង​ញែក​នាម​ដ៏​ឧត្ដម​របស់​ខ្ញុំ​ជា​បរិសុទ្ធ​»​ (​២៣)

    • «​ដូច​ជា​សួន​អេដែន​»​ (​៣៥)

៣៦  ​«​ចំណែក​អ្នក​វិញ កូន​មនុស្ស​អើយ! ចូរ​ប្រកាស​ទំនាយ​អំពី​ភ្នំ​ទាំង​ឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល​ថា​៖ ‹ឱ​ភ្នំ​ទាំង​ឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ២  ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​សត្រូវ​បាន​និយាយ​ទាស់​នឹង​អ្នក​ថា​៖ ‹ឃើញ​ទេ! សូម្បី​តែ​តំបន់​ខ្ពស់​ៗ​ពី​បុរាណ ក៏​ធ្លាក់​មក​ជា​កម្មសិទ្ធិ​របស់​យើង​ដែរ!›​»​›។+ ៣  ​«​ដូច្នេះ ចូរ​ប្រកាស​ទំនាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ​«​ពួក​សត្រូវ​បាន​មក​វាយ​កម្ទេច​អ្នក​ពី​គ្រប់​ទិស​ទី ហើយ​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​កម្មសិទ្ធិ​របស់​ពួក​អ្នក​ដែល​រួច​ជីវិត​ពី​ចំណោម​ប្រជា​ជាតិ​នា​នា។ ពួក​អ្នក​ទាំង​នោះ​ចេះ​តែ​និយាយ​ដើម​និង​បង្កាច់​បង្ខូច​អ្នក​ជា​និច្ច។+ ៤  ម្ល៉ោះ​ហើយ ឱ​តំបន់​ភ្នំ​ស្រុក​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត! ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ទៅ​កាន់​ភ្នំ​តូច​ធំ ជ្រលង អូរ និង​តំបន់​បាក់​បែក​ខ្ទេច​ខ្ទី+ ព្រម​ទាំង​ទៅ​កាន់​ក្រុង​បាក់​បែក​ទាំង​ឡាយ ដែល​ប្រជា​ជាតិ​រួច​ជីវិត​នៅ​ជុំវិញ បាន​ចំអក​មើល​ងាយ និង​ប្លន់​យក​ទ្រព្យ។+ ៥  ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ទៅ​កាន់​កន្លែង​ទាំង​នោះ​ថា​៖ ‹មើល! ដោយ​ចិត្ត​ខ្នះ​ខ្នែង​ដែល​ប្រៀប​ដូច​ជា​ភ្លើង+ ខ្ញុំ​នឹង​និយាយ​ទាស់​នឹង​ប្រជា​ជាតិ​នា​នា​ដែល​រួច​ជីវិត ហើយ​និយាយ​ប្រឆាំង​នឹង​ពួក​អេដំ​ទាំង​អស់ ពោល​គឺ​ពួក​អ្នក​ដែល​ដណ្ដើម​យក​ស្រុក​ខ្ញុំ និង​តំបន់​វាល​ស្មៅ​ជុំវិញ មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។+ ពួក​គេ​ធ្វើ​ដូច្នេះ ទាំង​ចំអក​មើល​ងាយ​និង​អរ​សប្បាយ​ជា​ខ្លាំង›​»​›។+ ៦  ​«​ដូច្នេះ ចូរ​ប្រកាស​ទំនាយ​ស្ដី​អំពី​ស្រុក​អ៊ីស្រាអែល ហើយ​និយាយ​ទៅ​ភ្នំ​តូច​ធំ ជ្រលង និង​អូរ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ​«​មើល! ខ្ញុំ​នឹង​និយាយ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​និង​ដោយ​កំហឹង​របស់​ខ្ញុំ ព្រោះ​អ្នក​បាន​រង​ការ​មាក់ងាយ​ពី​ប្រជា​ជាតិ​នា​នា​»​›។+ ៧  ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្លួន​ខ្ញុំ​ផ្ទាល់​នឹង​លើក​ដៃ​ស្បថ​ថា ប្រជា​ជាតិ​នា​នា​ដែល​នៅ​ជុំវិញ នឹង​រង​ការ​អាម៉ាស់​ជា​មិន​ខាន។+ ៨  ចំណែក​អ្នក​វិញ ឱ​តំបន់​ភ្នំ​ស្រុក​អ៊ីស្រាអែល​អើយ! អ្នក​នឹង​មាន​ព្រៃ​ឈើ​បែក​មែក​សាខា ហើយ​បង្កើត​ផល​ផ្លែ​ឲ្យ​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ+ ព្រោះ​ពួក​គេ​ជិត​ត្រឡប់​មក​វិញ​ហើយ។ ៩  ដ្បិត​ខ្ញុំ​នៅ​ជា​មួយ​អ្នក ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក។ នៅ​លើ​អ្នក នឹង​មាន​ការ​សាប​ព្រោះ​ដាំ​ដុះ​ម្ដង​ទៀត។ ១០  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​ខ្ញុំ​មាន​ចំនួន​ច្រើន​ឡើង​ៗ។ ក្រុង​នា​នា​នឹង​មាន​មនុស្ស​រស់​នៅ។+ ឯ​កន្លែង​បាក់​បែក នឹង​ត្រូវ​សង់​ឡើង​វិញ។+ ១១  ខ្ញុំ​នឹង​ធ្វើឲ្យ​ចំនួន​មនុស្ស​និង​ចំនួន​សត្វ​នៅ​លើ​អ្នក​កើន​ឡើង+ គឺ​នឹង​មាន​កូន​ចៅ​ជា​ច្រើន។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ទី​អាស្រ័យ​នៅ​ដូច​ពី​មុន។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ចម្រុង​ចម្រើន​ជាង​ពី​មុន​ទៅ​ទៀត។+ ពេល​នោះ អ្នក​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជាយេហូវ៉ា។+ ១២  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​រាស្ត្រ​ខ្ញុំ ដើរ​នៅ​លើ​អ្នក ហើយ​ពួក​គេ​នឹង​យក​អ្នក​ធ្វើ​ជា​កម្មសិទ្ធិ។+ ដូច្នេះ អ្នក​នឹង​ទៅ​ជា​មត៌ក​របស់​ពួក​គេ ហើយ​អ្នក​នឹង​លែង​ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​កូន​ទៀត​ហើយ›​»។+ ១៣  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ‹ដោយ​សារ​ពួក​គេ​និយាយ​មក​កាន់​អ្នក​ថា​៖ ​«​អ្នក​ជា​ស្រុក​ដែល​លេប​ត្របាក់​បណ្ដា​ជន ហើយ​ពង្រាត់​កូន​ចៅ​របស់​ប្រជា​ជាតិ​អ្នក​»​› ១៤  ‹ដូច្នេះ អ្នក​នឹង​លែង​លេប​ត្របាក់​បណ្ដា​ជន​ទៀត ហើយ​ក៏​លែង​ពង្រាត់​កូន​ចៅ​របស់​ប្រជា​ជាតិ​អ្នក​ដែរ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ១៥  ‹ខ្ញុំ​នឹង​លែង​បណ្ដាល​ឲ្យ​ប្រជា​ជាតិ​នា​នា​មាក់ងាយ និង​សើច​ចំអក​ឲ្យ​អ្នក​ទៀត​ហើយ។+ អ្នក​ក៏​នឹង​លែង​ធ្វើ​ឲ្យ​ប្រជា​ជាតិ​ខ្លួន​ជំពប់​ដួល​ទៀត​ដែរ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​»។ ១៦  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ១៧  ​«​កូន​មនុស្ស​អើយ! ពេល​ដែល​ពូជ​ពង្ស​អ៊ីស្រាអែល​រស់​នៅ​ក្នុង​ស្រុក​ខ្លួន ពួក​គេ​បាន​ធ្វើ​ឲ្យ​ទី​នោះ​ស្មោក​គ្រោក​ដោយ​ទង្វើ​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+ ចំពោះ​ខ្ញុំ ការ​ទាំង​នោះ​គឺ​មិន​ស្អាត​បរិសុទ្ធ​ដូច​ជា​ឈាម​រដូវ​របស់​ស្ត្រី។+ ១៨  ម្ល៉ោះ​ហើយ ខ្ញុំ​បាន​បញ្ចេញ​កំហឹង​ទៅ​លើ​ពួក​គេ ព្រោះ​ពួក​គេ​បាន​បង្ហូរ​ឈាម​នៅ​ក្នុង​ស្រុក​នោះ+ ហើយ​ធ្វើ​ឲ្យ​ទី​នោះ​ស្មោក​គ្រោក​ដោយ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ពួក​គេ។+ ១៩  ដូច្នេះ ខ្ញុំ​បាន​បណ្ដេញ​ពួក​គេ​ទៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ខ្ចាយ​ទៅ​ស្រុក​ឯ​ទៀត។+ ខ្ញុំ​បាន​វិនិច្ឆ័យ​ពួក​គេ​ស្រប​តាម​ទង្វើ​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ ២០  ប៉ុន្តែ ពេល​រាស្ត្រ​ខ្ញុំ​ទៅ​ឯ​ប្រជា​ជាតិ​នា​នា បណ្ដា​ជន​ទាំង​នោះ​បាន​បង្អាប់​នាម​បរិសុទ្ធ​របស់​ខ្ញុំ+ ដោយ​និយាយ​ចំអក​ថា​៖ ‹ក្រែង​ពួក​គេ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ម្ដេច​ក៏​ត្រូវ​ចាក​ចេញ​ពី​ស្រុក​របស់​លោក​ដូច​នេះ?›។ ២១  ដូច្នេះ ខ្ញុំ​នឹង​ចាត់​វិធានការ​ដោយ​យល់​ដល់​នាម​បរិសុទ្ធ​របស់​ខ្ញុំ ជា​នាម​ដែល​ពូជ​ពង្ស​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​អាប់​ឱន​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​ដែល​ពួក​គេ​ទៅ​រស់​នៅ​នោះ​»។+ ២២  ​«​ហេតុ​នេះ ចូរ​ទៅ​ប្រាប់​ពូជ​ពង្ស​អ៊ីស្រាអែល​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ​«​ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! ខ្ញុំ​នឹង​ចាត់​វិធានការ​យ៉ាង​នេះ មិន​មែន​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​ទេ តែ​ដោយ​យល់​ដល់​នាម​បរិសុទ្ធ​របស់​ខ្ញុំ​វិញ ជា​នាម​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​អាប់​ឱន​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​»​›។+ ២៣  ‹ខ្ញុំ​នឹង​ញែក​នាម​ដ៏​ឧត្ដម​របស់​ខ្ញុំ​ជា​បរិសុទ្ធ+ ជា​នាម​ដែល​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​មើល​ងាយ ព្រោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​នាម​ខ្ញុំ​អាប់​ឱន​កិត្តិយស។ ពេល​ខ្ញុំ​ញែក​ខ្លួន​ខ្ញុំ​ជា​បរិសុទ្ធ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ២៤  ‹ខ្ញុំ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា​ជាតិ​នា​នា ហើយ​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ទាំង​ឡាយ រួច​នាំ​អ្នក​រាល់​គ្នា​មក​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ។+ ២៥  ខ្ញុំ​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​អ្នក​រាល់គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត​បរិសុទ្ធ។+ ខ្ញុំ​នឹង​សម្អាត​អ្នក​រាល់​គ្នា​ឲ្យ​ជ្រះ​ស្អាត​ពី​ភាព​ស្មោក​គ្រោក+ និង​ពី​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​អស់។+ ២៦  ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ថ្មី+ ហើយ​ដាក់​គំនិត​ថ្មី​នៅ​ក្នុង​អ្នក​រាល់​គ្នា។+ ខ្ញុំ​នឹង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​អ្នក​រាល់​គ្នា+ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ទន់*វិញ។ ២៧  ខ្ញុំ​នឹង​ប្រើ​ឫទ្ធានុភាព​ខ្ញុំ​ផ្លាស់​ប្ដូរ​គំនិត​អ្នក​រាល់​គ្នា។ ខ្ញុំ​នឹង​ជំរុញ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​តាម​បញ្ញត្តិ​ខ្ញុំ+ ហើយ​អ្នក​រាល់​គ្នា​នឹង​កាន់​តាម​ក្រឹត្យ​ក្រម​របស់​ខ្ញុំ។ ២៨  ក្រោយ​នោះ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›។+ ២៩  ​«​‹ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​អ្វី​ទាំង​អស់​ដែល​មិន​ស្អាត​បរិសុទ្ធ រួច​បង្គាប់​ស្រូវ​ឲ្យ​មាន​ភោគ​ផល​ជា​ច្រើន នោះ​អ្នក​រាល់​គ្នា​នឹង​គ្មាន​ការ​អត់​ឃ្លាន​ទៀត។+ ៣០  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ដើម​ឈើ​និង​ស្រែ​ចម្ការ​នា​នា​មាន​ផល​ផ្លែ​ជា​បរិបូរ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រង​ការ​អាម៉ាស់​ទៀត​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ ដោយ​សារ​ការ​អត់​ឃ្លាន។+ ៣១  ពេល​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​ទង្វើ​និង​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​ក៏​ស្អប់​ខ្ពើម​ខ្លួន​ឯង​ចំពោះ​ទោស​កំហុស និង​អំពើ​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។+ ៣២  ប៉ុន្តែ ចូរ​ចាំ​ថា ខ្ញុំ​មិន​មែន​ធ្វើ​ដូច្នោះ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​ទេ។+ ដូច្នេះ ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! ចូរ​រអៀស​ខ្លួន​និង​អៀន​ខ្មាស​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ៣៣  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹នៅ​ថ្ងៃ​ដែល​ខ្ញុំ​សម្អាត​អ្នក​រាល់​គ្នា​ឲ្យ​ជ្រះ​ស្អាត​ពី​ទោស​កំហុស​គ្រប់​យ៉ាង ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ក្រុង​នា​នា​មាន​មនុស្ស​រស់​នៅ​ម្ដង​ទៀត។+ ឯ​កន្លែង​បាក់​បែក នឹង​ត្រូវ​សង់​ឡើង​វិញ។+ ៣៤  ចំណែក​ទឹក​ដី​សូន្យ​ស្ងាត់​ដែល​អ្នក​ដំណើរ​តែង​តែ​សម្លឹង​មើល នៅ​ទី​នោះ​នឹង​មាន​ការ​សាប​ព្រោះ​ដាំ​ដុះ​សា​ជា​ថ្មី។ ៣៥  ពេល​នោះ បណ្ដា​ជន​នឹង​និយាយ​ថា​៖ ​«​មើល​ហ្ន៎! ស្រុក​សូន្យ​ស្ងាត់​នោះ ឥឡូវ​ស្អាត​ដូច​ជា​សួន​អេដែន+ ហើយ​ក្រុង​នា​នា​ដែល​បាន​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ទី ឥឡូវ​មាន​កំពែង​រឹង​មាំ​និង​មាន​មនុស្ស​រស់​នៅ​កុះ​ករ​»។+ ៣៦  ដូច្នេះ ប្រជា​ជាតិ​ដែល​សេស​សល់​នៅ​ជុំវិញ​អ្នក​រាល់​គ្នា នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា ខ្ញុំ​ផ្ទាល់​ជា​អ្នក​សង់​អ្វី​ដែល​បាន​ត្រូវ​ផ្ដួល​រំលំ ហើយ​ខ្ញុំ​ក៏​ដាំ​ដុះ​នៅ​លើ​ទឹក​ដី​ដែល​គេ​បាន​បំផ្លាញ​ខ្ទេច​ខ្ទី​ដែរ។ ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​ផ្ទាល់​បាន​ចេញ​វាចា ហើយ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​កើត​ឡើង​មែន›។+ ៣៧  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​ពូជ​ពង្ស​អ៊ីស្រាអែល​ធ្វើ​សំណូម​ពរ​ដល់​ខ្ញុំ គឺ​សុំ​ខ្ញុំ​ឲ្យ​ចម្រើន​ពួក​គេ​មាន​គ្នា​ច្រើន​ដូច​ជា​ហ្វូង​ចៀម។ ៣៨  ឯ​បណ្ដា​ក្រុង​ដែល​បាក់​បែក​ខ្ទេច​ខ្ទី នឹង​មាន​មនុស្ស​ច្រើន​សន្ធឹក​រស់​នៅ។+ ពួក​គេ​ដូច​ជា​ក្រុម​មនុស្ស​បរិសុទ្ធ និង​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​នៅ​ក្រុង​យេរូសាឡិម* ក្នុង​អំឡុង​ពេល​មាន​ពិធី​បុណ្យ​ផ្សេង​ៗ។+ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា›​»។

កំណត់សម្គាល់

នេះ​សំដៅ​លើ​ការ​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​សម្រាប់​ជូន​ជា​គ្រឿង​បូជា​នៅ​ក្រុង​យេរូសាឡិម​»​