អេសាយ ៨:១-២២

  • ពួក​អាស៊ីរី​កំពុង​មក​ឈ្លានពាន (​១​-​៨)

    • ម៉ាហឺសាឡាលហាសបាស (​១​-​៤)

  • កុំ​ភ័យ​ខ្លាច​ឡើយ​«​ព្រះ​នៅ​ជា​មួយ​នឹង​យើង​ហើយ!​»​ (​៩​-​១៧)

  • អេសាយ​និង​កូន​ៗ​របស់​គាត់​ជា​សញ្ញា​សម្គាល់ (​១៨)

  • ចូរ​បែរ​ទៅ​រក​ច្បាប់​របស់​ព្រះ មិន​មែន​ទៅ​រក​ពួក​វិញ្ញាណ​កំណាច​ទេ (​១៩​-​២២)

 ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ​«​ចូរ​យក​បន្ទះ​ឈើ​ធំ​មួយ​មក+ រួច​យក​ដែក​ចារ​មក​សរសេរ​លើ​នោះ​ថា​‹ម៉ាហឺសាឡាលហាសបាស›។* ២  រួច​ខ្ញុំ​នឹង​ឲ្យ​សាក្សី​ស្មោះ​ត្រង់​ពីរ​នាក់ សរសេរ​បញ្ជាក់​នូវ​សំណេរ​របស់​អ្នក គឺ​អ៊ូរី+ជា​សង្ឃ និង​សាការី​ជា​កូន​យេបេរេគា​»។ ៣  ក្រោយ​នោះ ខ្ញុំ*បាន​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​ខ្ញុំ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ។ ក្រោយ​មក នាង​សម្រាល​បាន​កូន​ប្រុស​មួយ។+ រួច​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា​ម៉ាហឺសាឡាលហាសបាស ៤  ព្រោះ​មុន​កូន​នេះ​ចេះ​ហៅ​‹ពុក›​និង​‹ម៉ែ›​នោះ ទ្រព្យ​ទាំង​អស់​នៅ​ក្រុង​ដាម៉ាស់​និង​ធន​ធាន​នៅ​ក្រុង​សាម៉ារី នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​អាស៊ីរី​»។+ ៥  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា​៖  ៦  ​«​ដោយ​សារ​ប្រជា​ជាតិ​នេះ​មិន​បាន​ទទួល​ស្គាល់​ប្រភព​ទឹក​សៃឡោ*+ដែល​ហូរ​រឹម​ៗ​តែ​បែរ​ជា​ត្រេក​អរ​នឹង​រេសិន​និង​កូន​រេម៉ាលៀ​ទៅ​វិញ+  ៧  ហេតុ​នេះ ព្រះ​យេហូវ៉ា​នឹង​ចាត់​ស្ដេច​អាស៊ីរី+ដ៏​ខ្លាំង​ក្លាព្រម​ទាំង​កង​ទ័ព​ដ៏​អង់អាច​របស់​គាត់ មក​ច្បាំង​នឹង​ពួក​គេ។ ស្ដេច​នោះ​នឹង​មក​យ៉ាង​លឿន​ដូច​ជា​កម្លាំង​ទឹក​ដ៏​ធំ​សម្បើម​នៃ​ទន្លេ​អឺប្រាតដែល​ហូរ​ជន់​លិច​ច្រាំង​ទាំង​អស់  ៨  និង​ហូរ​កាត់​ស្រុក​យូដា​ទាំង​មូល។ ស្ដេច​នោះ​ប្រៀប​ដូច​ជា​ទឹក​ជំនន់​ដែល​ហូរ​កាត់​ស្រុក​យូដា​ហើយ​ជន់​ឡើង​លិច​ដល់​ត្រឹម​ក+ឱ​អេម៉ាញូអែល​អើយ! ដូច​បក្សី ស្លាប​ដ៏​ធំ​របស់​គាត់​នឹង​គ្រប​ពេញ​ស្រុក​អ្នក​ហើយ​»។+  ៩  ចូរ​បំផ្លាញ​ពួក​គេ​ទៅ តែ​អ្នក​នឹង​ត្រូវ​គេ​បំផ្លាញ​វិញ។ ចូរ​ស្ដាប់​ចុះ! ឱ​អស់​អ្នក​ដែល​មក​ពី​ចុង​ផែនដី​អើយ! ចូរ​ត្រៀម​ប្រយុទ្ធ​ចុះ! តែ​អ្នក​នឹង​ត្រូវ​បំបាក់​បំបែក​ឲ្យ​ខ្ទេច​ខ្ទី!+ចូរ​ត្រៀម​ច្បាំង​ចុះ! តែ​អ្នក​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ​ចោល! ១០  ចូរ​រៀបចំ​គម្រោង​ការ​ចុះ តែ​នោះ​មិន​បាន​សម្រេច​ទេ! ចូរ​រៀប​ផែន​ការ​ចុះ តែ​នោះ​នឹង​មិន​ជោគ​ជ័យ​ឡើយព្រោះ​ព្រះ​នៅ​ជា​មួយ​នឹង​យើង​ហើយ!*+ ១១  ពេល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​លោក​បាន​ព្រមាន​ខ្ញុំ​កុំ​ឲ្យ​ដើរ​តាម​គន្លង​របស់​បណ្ដា​ជន​នេះ ដោយ​មាន​ប្រសាសន៍​ថា​៖ ១២  ​«​អ្វី​ដែល​បណ្ដា​ជន​នេះ​ចាត់​ទុក​ថា​ក្បត់ អ្នក​មិន​ត្រូវ​ចាត់​ទុក​ជា​ការ​ក្បត់​ទេ! អ្វី​ដែល​ពួក​គេ​ភ័យ​ខ្លាច អ្នក​មិន​ត្រូវ​ខ្លាច និង​ភ័យ​តក់​ស្លុត​ឡើយ។ ១៣  មាន​តែ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​តែ​មួយ​ប៉ុណ្ណោះ​ដែល​អ្នក​គួរ​ចាត់​ទុក​ថា​បរិសុទ្ធ+មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​អ្នក​គួរ​កោត​ខ្លាចមាន​តែ​លោក​ប៉ុណ្ណោះ​ដែល​អ្នក​គួរ​ភ័យ​តក់​ស្លុត​»។+ ១៤  លោក​នឹង​ទៅ​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ដែល​នាំ​ឲ្យ​ជំពប់និង​ជា​ថ្ម​ដា​ដែល​នាំ​ឲ្យ​ដួល+ចំពោះ​រាជាណាចក្រ​ទាំង​ពីរ​នៃ​អ៊ីស្រាអែលលោក​ជា​លប់​និង​អន្ទាក់ ចំពោះ​ពួក​អ្នក​ក្រុង​យេរូសាឡិម។ ១៥  ពួក​គេ​ជា​ច្រើន​នឹង​ជំពប់​ដួល ហើយ​រង​របួស​ធ្ងន់ពួក​គេ​នឹង​ធ្លាក់​ក្នុង​អន្ទាក់ ហើយ​ជាប់​លប់​ជា​មិន​ខាន។ ១៦  ចូរ​មូរ​ទុក​សេចក្ដី​បញ្ជាក់​នេះហើយ​បិទ​ត្រា​លើ​ច្បាប់*នេះ​ទុក​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​ខ្ញុំ​ចុះ! ១៧  ខ្ញុំ​នឹង​ទន្ទឹង​ចាំ​ព្រះ​យេហូវ៉ា+ ហើយ​សង្ឃឹម​លើ​លោក​ជា​និច្ច ទោះ​ជា​លោក​បែរ​មុខ​ចេញ​ពី​ពូជ​ពង្ស​យ៉ាកុប​ក៏​ដោយ។+ ១៨  មើល! ខ្ញុំ​និង​កូន​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​នោះ+ ពួក​យើង​ជា​សញ្ញា​សម្គាល់+ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ជា​ការ​អស្ចារ្យ​ពី​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ដែល​អាស្រ័យ​នៅ​ភ្នំ​ស៊ីយ៉ូន។ ១៩  ប្រសិន​បើ​ពួក​គេ​ប្រាប់​អ្នក​ថា​៖ ​«​ចូរ​ទៅ​សួរ​គ្រូ​ខាប​ឬ​គ្រូ​ទាយ​ដែល​បញ្ចេញ​សំឡេង​តូច​ខ្សាវ​ៗ​នោះ​ទៅ​»​ តើ​អ្នក​គួរ​ទៅ​ឬ​ទេ? បណ្ដា​ជន​គួរ​ទៅ​សួរ​ព្រះ​របស់​ពួក​គេ មែន​ទេ? ហេតុ​អ្វី​ទៅ​សួរ​មនុស្ស​ស្លាប់​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ដូច្នេះ?+ ២០  ផ្ទុយ​ទៅ​វិញ ពួក​គេ​គួរ​ទទួល​ការ​ណែនាំ​ពី​ច្បាប់​របស់​ព្រះ​និង​សេចក្ដី​បញ្ជាក់​របស់​លោក​វិញ! ពេល​ពួក​គេ​មិន​ធ្វើ​តាម​ការ​ណែនាំ​នេះ ពួក​គេ​គ្មាន​ពន្លឺ​ឡើយ។+ ២១  បុគ្គល​ម្នាក់​ៗ​នឹង​ឆ្លង​កាត់​ស្រុក​នេះ​ទាំង​វេទនា​និង​អត់​ឃ្លាន+ ហើយ​ដោយ​សារ​គាត់​ឃ្លាន​និង​ខឹង​ផង​នោះ គាត់​នឹង​សម្លឹង​មើល​ទៅ​លើ ហើយ​ដាក់​បណ្ដាសា​ស្ដេច​និង​ព្រះ​របស់​ខ្លួន។ ២២  បន្ទាប់​មក គាត់​នឹង​សម្លឹង​ទៅ​ក្រោម មើល​ឃើញ​សុទ្ធ​តែ​ទុក្ខ​វេទនា​និង​ភាព​ងងឹត ទុក្ខ​លំបាក​និង​ភាព​អន្ធការ ការ​អាប់​រស្មី​និង​ភាព​ងងឹត​សូន្យសុង។

កំណត់សម្គាល់

ប្រហែល​ជា​មាន​ន័យ​ថា​«​ចូល​ទៅ​រឹប​អូស​យក​ជ័យ​ភណ្ឌ​យ៉ាង​លឿន​»​
នេះ​សំដៅ​លើ​អេសាយ
សៃឡោ​ជា​ប្រឡាយ​ទឹក
ឃ្លា​«​ព្រះ​នៅ​ជា​មួយ​នឹង​យើង​»​ជា​ភាសា​ហេប្រឺ​គឺ​អេម៉ាញូអែល
ឬ​«​ការ​ណែនាំ​»​