សកម្មភាពរបស់ពួកសាវ័ក ៧:១-៦០

  • ស្ទេផាន​ថ្លែង​សុន្ទរកថា​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ (​១​-​៥៣)

    • គ្រា​នៃ​ពួក​បុព្វ​បុរស (​២​-​១៦)

    • ការ​ដឹក​នាំ​របស់​ម៉ូសេ។ ជន​ជាតិ​អ៊ីស្រាអែល​គោរព​បូជា​រូប​ព្រះ (​១៧​-​៤៣)

    • ព្រះ​មិន​អាស្រ័យ​នៅ​ក្នុង​វិហារ​ដែល​ធ្វើ​ដោយដៃ​មនុស្ស​ទេ (​៤៤​-​៥០)

  • ស្ទេផាន​ត្រូវ​គេ​គប់​ដុំ​ថ្ម​សម្លាប់ (​៥៤​-​៦០)

 ប៉ុន្តែ សម្ដេច​សង្ឃ​សួរ​ថា​៖ ​«​តើ​ដូច្នេះ​មែន​ឬ?​»។ ២  ស្ទេផាន​និយាយ​ថា​៖ ​«​បង​ប្អូន​និង​ឪពុក​អើយ សូម​ស្ដាប់​ខ្ញុំ។ ព្រះ​នៃ​សិរី​រុង​រឿង​បាន​លេច​មក​ឲ្យ​អាប្រាហាំ​ដែល​ជា​បុព្វ​បុរស​យើង​ឃើញ កាល​ដែល​គាត់​នៅ​តំបន់​មេសូប៉ូតាមា មុន​គាត់​តាំង​លំនៅ​ក្នុង​ក្រុង​ហារ៉ាន។+ ៣  រួច​ព្រះ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ចូរ​ចាក​ចេញ​ពី​ស្រុក​និង​សាច់​ញាតិ​របស់​អ្នក ហើយ​មក​កាន់​ស្រុក​ដែល​ខ្ញុំ​នឹង​បង្ហាញ​អ្នក›។+ ៤  គាត់​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​តាំង​លំនៅ នៅ​ក្រុង​ហារ៉ាន។ ក្រោយ​ពី​ឪពុក​គាត់​ស្លាប់+ ព្រះ​នាំ​គាត់​ឲ្យ​ដូរ​លំនៅ​ពី​កន្លែង​នោះ​មក​កាន់​ស្រុក​នេះ ដែល​អ្នក​រាល់​គ្នា​កំពុង​រស់​នៅ។+ ៥  ក៏​ប៉ុន្តែ ព្រះ​មិន​បាន​ឲ្យ​មត៌ក​ដល់​គាត់​ក្នុង​ស្រុក​នេះ​ឡើយ សូម្បី​តែ​ដី​ប៉ុន​បាត​ជើង តែ​លោក​បាន​សន្យា​ឲ្យ​ស្រុក​នេះ​ជា​កម្មសិទ្ធិ​ដល់​គាត់​និង​ដល់​ពូជ​ពង្ស​របស់​គាត់​ដែល​កើត​ត​ៗ​មក+ ទោះ​ជា​គាត់​មិន​ទាន់​មាន​កូន​ក៏​ដោយ។ ៦  ម្យ៉ាង​ទៀត ព្រះ​បាន​មាន​ប្រសាសន៍​ថា ពូជ​របស់​គាត់​នឹង​ទៅ​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ជន​ជាតិ​ផ្សេង ហើយ​ជន​ជាតិ​នោះ​នឹង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ ក៏​នឹង​ធ្វើ​ទុក្ខ​ពួក​គេ​អស់​៤០០​ឆ្នាំ។+ ៧  រួច​ព្រះ​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​វិនិច្ឆ័យ​ប្រជា​ជាតិ​ដែល​បាន​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ។+ បន្ទាប់​ពី​ការ​ទាំង​នោះ ពួក​គេ​នឹង​ចេញ​ពី​ស្រុក​នោះ​មក​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ចំពោះ​ខ្ញុំ​នៅ​កន្លែង​នេះ›។+ ៨  ​«​ព្រះ​ក៏​បាន​ឲ្យ​កិច្ច​ព្រម​ព្រៀង​អំពី​ការ​កាត់​ចុង​ស្បែក*ទៅ​គាត់​ដែរ។+ ម្ល៉ោះ​ហើយ ពេល​ដែល​អ៊ីសាក+ ជា​កូន​របស់​គាត់​កើត​បាន​៨​ថ្ងៃ+ នោះ​គាត់​បាន​កាត់​ចុង​ស្បែក​ឲ្យ​អ៊ីសាក។ រួច​អ៊ីសាក​បាន​បង្កើត*យ៉ាកុប ហើយ​យ៉ាកុប​បាន​បង្កើត​ប្រមុខ​គ្រួសារ*ទាំង​១២។ ៩  ប្រមុខ​គ្រួសារ​ទាំង​នោះ​ក៏​មាន​ចិត្ត​ច្រណែន​យ៉ូសែប+ រួច​លក់​គាត់​ទៅ​ឲ្យ​ជន​ជាតិ​អេហ្ស៊ីប។+ ប៉ុន្តែ ព្រះ​នៅ​ជា​មួយ​នឹង​យ៉ូសែប+ ១០  ហើយ​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​ទុក្ខ​វេទនា​ទាំង​អស់ ក៏​ផ្ដល់​ប្រាជ្ញា​ដល់​គាត់ ហើយ​ធ្វើ​ឲ្យ​ផារ៉ូ​ដែល​ជា​ស្ដេច​អេហ្ស៊ីប​ពេញ​ចិត្ត​គាត់។ រួច​ផារ៉ូ​បាន​តែង​តាំង​យ៉ូសែប​ឲ្យ​គ្រប់​គ្រង​ស្រុក​អេហ្ស៊ីប​និង​វិមាន​ទាំង​មូល​របស់​គាត់។+ ១១  ក្រោយ​មក​ស្រុក​អេហ្ស៊ីប​និង​ស្រុក​កាណាន​ទាំង​មូល​បាន​កើត​ការ​អត់​ឃ្លាន រហូត​ដល់​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង ហើយ​ពួក​បុព្វ​បុរស​របស់​យើង​រក​ស្បៀង​អាហារ​មិន​បាន​ឡើយ។+ ១២  ប៉ុន្តែ យ៉ាកុប​ឮ​ថា​មាន​ស្បៀង​អាហារ*នៅ​ស្រុក​អេហ្ស៊ីប ដូច្នេះ​គាត់​ចាត់​ពួក​បុព្វ​បុរស​របស់​យើង​ឲ្យ​ទៅ​ជា​លើក​ទី​១។+ ១៣  រួច​លើក​ទី​២​ដែល​ពួក​គាត់​ទៅ យ៉ូសែប​បាន​ប្រាប់​ពួក​គាត់​ឲ្យ​ដឹង​ថា​ខ្លួន​គាត់​ជា​អ្នក​ណា ហើយ​ផារ៉ូ​ក៏​បាន​ស្គាល់​អំពី​ក្រុម​គ្រួសារ​របស់​យ៉ូសែប។+ ១៤  ដូច្នេះ យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ាកុប​ជា​ឪពុក និង​សាច់​ញាតិ​ទាំង​អស់​របស់​គាត់+ ដែល​មាន​ចំនួន​៧៥​នាក់ ឲ្យ​ចេញ​ពី​កន្លែង​នោះ​មក​ឯ​គាត់។+ ១៥  យ៉ាកុប​បាន​ចុះ​ទៅ​ស្រុក​អេហ្ស៊ីប+ ក្រោយ​មក​គាត់​បាន​ស្លាប់​នៅ​ទី​នោះ+ ហើយ​ពួក​បុព្វ​បុរស​របស់​យើង​ក៏​ដូច្នោះ​ដែរ។+ ១៦  ឆ្អឹង​របស់​ពួក​គាត់​បាន​ត្រូវ​យក​ទៅ​ក្រុង​ស៊ីគឹម ហើយ​ដាក់​ក្នុង​ទី​បញ្ចុះ​សព​ដែល​អាប្រាហាំ​បាន​យក​ប្រាក់​ទៅ​ទិញ​ពី​ពួក​កូន​ហេម័រ​នៅ​ក្រុង​ស៊ីគឹម។+ ១៧  ​«​លុះ​ជិត​ដល់​គ្រា​ដែល​ព្រះ​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​ដែល​លោក​បាន​ប្រកាស​ប្រាប់​អាប្រាហាំ នោះ​ចំនួន​បណ្ដា​ជន​បាន​កើន​កាន់​តែ​ច្រើន​ឡើង​នៅ​ស្រុក​អេហ្ស៊ីប ១៨  រហូត​ដល់​មាន​ស្ដេច​មួយ​ផ្សេង​ទៀត​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អេហ្ស៊ីប ហើយ​ស្ដេច​នោះ​មិន​ស្គាល់​យ៉ូសែប​ទេ។+ ១៩  ស្ដេច​នោះ​បាន​ប្រើ​ល្បិច​កល​ដើម្បី​ទាស់​ប្រឆាំង​នឹង​ជន​រួម​ជាតិ​របស់​យើង ហើយ​បាន​ធ្វើ​បាប​ឪពុក​ទាំង​ឡាយ ដោយ​បង្ខំ​ពួក​គេ​ឲ្យ​បោះ​បង់​ចោល​ទារក​របស់​ខ្លួន កុំ​ឲ្យ​រស់​រាន​មាន​ជីវិត។+ ២០  នៅ​គ្រា​នោះ​ម៉ូសេ​បាន​កើត​មក ហើយ​គាត់​ស្អាត​ល្អ​ក្រៃ​លែង​ចំពោះ​ព្រះ។ គាត់​បាន​ទទួល​ការ​ចិញ្ចឹម​បី​បាច់​អស់​បី​ខែ​នៅ​ផ្ទះ​របស់​ឪពុក​គាត់។+ ២១  ប៉ុន្តែ ពេល​ដែល​គាត់​បាន​ត្រូវ​បោះ​បង់​ចោល+ កូន​ស្រី​របស់​ផារ៉ូ​បាន​រើស​គាត់​យក​មក​ចិញ្ចឹម​ជា​កូន​ប្រុស​របស់​ខ្លួន។+ ២២  ម្ល៉ោះ​ហើយ ម៉ូសេ​បាន​ត្រូវ​អប់រំ​ទៅ​តាម​អស់​ទាំង​ចំណេះ​វិជ្ជា*របស់​ជន​ជាតិ​អេហ្ស៊ីប ហើយ​គាត់​ក៏​ពូកែ​ក្នុង​ពាក្យ​សម្ដី​និង​ក្នុង​កិច្ចការ​ដែល​គាត់​បាន​ធ្វើ។+ ២៣  ​«​លុះ​មាន​អាយុ​៤០​ឆ្នាំ​ហើយ ម៉ូសេ​មាន​ចិត្ត​ចង់​ទៅ​មើល​ស្ថានភាព​របស់​បង​ប្អូន​គាត់ ពោល​គឺ​ពួក​កូន*អ៊ីស្រាអែល។+ ២៤  ពេល​ដែល​ម៉ូសេ​ក្រឡេក​ទៅ​ឃើញ​ជន​ជាតិ​អេហ្ស៊ីប​ម្នាក់​កំពុង​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ទៅ​លើ​បង​ប្អូន​ម្នាក់​របស់​គាត់ នោះ​គាត់​បាន​ការ​ពារ​អ្នក​ដែល​កំពុង​ត្រូវ​គេ​ធ្វើ​បាប ហើយ​សង​សឹក​ជំនួស ដោយ​វាយ​សម្លាប់​ជន​ជាតិ​អេហ្ស៊ីប​នោះ។ ២៥  គាត់​គិត​ស្មានថា​បង​ប្អូន​របស់​គាត់​នឹង​យល់​ថា ព្រះ​កំពុង​សង្គ្រោះ​ពួក​គេ​ដោយ​ដៃ​របស់​គាត់ ប៉ុន្តែ​ពួក​គេ​មិន​បាន​យល់​ដូច្នេះ​ទេ។ ២៦  លុះ​ស្អែក​ឡើង គាត់​លេច​មុខ​មក​កាល​ដែល​បង​ប្អូន​គាត់ពីរនាក់​កំពុង​ឈ្លោះ​គ្នា ហើយ​គាត់​ខំ​សម្រុះ​សម្រួល​ពួក​គេ ដោយ​និយាយ​ថា​៖ ‹អ្នក​ទាំង​ពីរ​ជា​បង​ប្អូន​នឹង​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​ធ្វើ​អាក្រក់​ដាក់​គ្នា​ដូច្នេះ?›។ ២៧  ប៉ុន្តែ អ្នក​ដែល​កំពុង​ធ្វើ​អាក្រក់​ដាក់​អ្នក​ជិត​ខាង​របស់​ខ្លួន បាន​រុញ​ម៉ូសេ​ចេញ ដោយ​និយាយ​ថា​៖ ‹តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​មក​គ្រប់​គ្រង​និង​កាត់​ក្ដី​ឲ្យ​យើង? ២៨  តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ ដូច​អ្នក​បាន​សម្លាប់​ជន​ជាតិ​អេហ្ស៊ីប​ម្នាក់​នោះ​ពី​ម្សិលមិញ​ឬ?›។ ២៩  ឮ​ដូច្នេះ ម៉ូសេ​ភៀស​ខ្លួន​ទៅ​តាំង​លំនៅ​ក្នុង​ស្រុក​ម៉ាឌាន។ នៅ​ទី​នោះ​គាត់​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់។+ ៣០  ​«​លុះ​៤០​ឆ្នាំ​ក្រោយ​មក ទេវតា​មួយ​រូប​បាន​លេច​មក​ជួប​គាត់​នៅ​តំបន់​ស្ងាត់​ជ្រងំ​ភ្នំ​ស៊ីណាយ​ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​គុម្ព​បន្លា​មួយ។+ ៣១  ពេល​ដែល​ម៉ូសេ​ឃើញ គាត់​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ ប៉ុន្តែ កាល​ដែល​គាត់​កំពុង​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល គាត់​ឮ​សំឡេង​របស់​ព្រះ​យេហូវ៉ា*ថា​៖ ៣២  ‹ខ្ញុំ​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក ជា​ព្រះ​នៃ​អាប្រាហាំ ព្រះ​នៃ​អ៊ីសាក និង​ព្រះ​នៃ​យ៉ាកុប›។+ ម៉ូសេ​ក៏​ញ័រ​រន្ធត់ ហើយ​មិន​ហ៊ាន​ពិនិត្យ​មើល​ត​ទៅ​ទៀត​ទេ។ ៣៣  ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ចូរ​ដោះ​ស្បែក​ជើង​ចេញ ព្រោះ​កន្លែង​ដែល​អ្នក​កំពុង​ឈរ​ជា​ដី​បរិសុទ្ធ។ ៣៤  ខ្ញុំ​បាន​ឃើញ​ច្បាស់​នូវ​ការ​សង្កត់​សង្កិន​រាស្ដ្រ​របស់​ខ្ញុំ​ដែល​នៅ​ស្រុក​អេហ្ស៊ីប ក៏​បាន​ឮ​ពួក​គេ​ថ្ងូរ+ ហើយ​ខ្ញុំ​បាន​ចុះ​មក​ដើម្បី​រំដោះ​ពួក​គេ។ ដូច្នេះ ចូរ​មក​ចុះ ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេហ្ស៊ីប›។ ៣៥  ម៉ូសេ​នេះ​ឯង ដែល​ពួក​គេ​មិន​ទទួល​ស្គាល់ ហើយ​និយាយ​ថា​៖ ‹តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​និង​ជា​អ្នក​កាត់​ក្ដី?›+ គឺ​ជា​បុរស​ដែល​ព្រះ​បាន​ចាត់+ឲ្យ​ទៅ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​និង​អ្នក​រំដោះ ដោយ​ដៃ​របស់​ទេវតា​ដែល​បាន​លេច​មក​ជួប​គាត់​ក្នុង​គុម្ព​បន្លា។ ៣៦  បុរស​នេះ​បាន​នាំ​ពួក​គេ​ចេញ​មក+ ក្រោយ​ពី​បាន​ធ្វើ​ការ​អស្ចារ្យ​និង​សញ្ញា​សម្គាល់​នៅ​ស្រុក​អេហ្ស៊ីប+ នៅ​សមុទ្រ​ក្រហម+ និង​នៅ​តំបន់​ស្ងាត់​ជ្រងំ​អស់​៤០​ឆ្នាំ។+ ៣៧  ​«​គឺ​ម៉ូសេ​នេះ​ឯង​ដែល​បាន​ប្រាប់​ពួក​កូន​អ៊ីស្រាអែល​ថា​៖ ‹ពី​ចំណោម​បង​ប្អូន​របស់​អ្នក ព្រះ​នឹង​តែង​តាំង​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដូច​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា›។+ ៣៨  គឺ​អ្នក​នេះ​ហើយ​ដែល​បាន​នៅ​ជា​មួយ​នឹង​ក្រុម​ជំនុំ​នៅ​តំបន់​ស្ងាត់​ជ្រងំ ព្រម​ទាំង​ជា​មួយ​នឹង​ទេវតា+ដែល​បាន​និយាយ​ជា​មួយ​នឹង​គាត់+នៅ​ភ្នំ​ស៊ីណាយ ក៏​នៅ​ជា​មួយ​នឹង​ពួក​បុព្វ​បុរស​របស់​យើង។ គាត់​បាន​ទទួល​ប្រសាសន៍​ដ៏​ពិសិដ្ឋ​ដែល​មាន​ឫទ្ធានុភាព ដើម្បី​ឲ្យ​ដល់​យើង​ទាំង​អស់​គ្នា។+ ៣៩  ពួក​បុព្វ​បុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​គាត់​ឡើយ តែ​បាន​បដិសេធ​គាត់+ ហើយ​ចិញ្ចឹម​ចិត្ត​ចង់​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ។+ ៤០  ពួក​គេ​ប្រាប់​អេរ៉ុន​ថា​៖ ‹ចូរ​ធ្វើ​រូប​ព្រះ​ឲ្យ​យើង ដើម្បី​នាំ​មុខ​យើង។ ព្រោះ​ម៉ូសេ​នេះ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក យើង​មិន​ដឹង​ថា​គាត់​បាន​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ›។+ ៤១  ម្ល៉ោះ​ហើយ នៅ​គ្រា​នោះ​ពួក​គេ​ធ្វើ​រូប​កូន​គោ​មួយ ក៏​បាន​យក​គ្រឿង​បូជា​មក​ជូន​រូប​ព្រះ​នោះ រួច​នាំ​គ្នា​សប្បាយ​រីករាយ​នឹង​ស្នា​ដៃ​របស់​ពួក​គេ។+ ៤២  ដូច្នេះ ព្រះ​បាន​បែរ​ចេញ​ដោយ​ទុក​ឲ្យ​ពួក​គេ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​អ្វី​ៗ​ដែល​នៅ​លើ​មេឃ+ ដូច​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា​៖ ‹ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ អស់​៤០​ឆ្នាំ​នៅ​តំបន់​ស្ងាត់​ជ្រងំ អ្នក​រាល់​គ្នា​មិន​បាន​ជូន​គ្រឿង​បូជា​ផ្សេង​ៗ​ដល់​ខ្ញុំ​ទេ មែន​ទេ? ៤៣  ប៉ុន្តែ​គឺ​ជា​ត្រសាល​នៃ​ព្រះ​ម៉ូឡុក+ និង​ផ្កាយ​របស់​ព្រះ​រេផាន់​ដែល​អ្នក​រាល់​គ្នា​បាន​លើក​យក​ទៅ គឺ​ជា​រូប​ផ្សេង​ៗ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដើម្បី​គោរព​បូជា​ព្រះ​ទាំង​នោះ។ ដូច្នេះ ខ្ញុំ​នឹង​បំបរ​បង់​អ្នក​រាល់​គ្នា​ឲ្យ​ឆ្ងាយ​ហួស​ស្រុក​បាប៊ីឡូន​ទៀត›។+ ៤៤  ​«​នៅ​តំបន់​ស្ងាត់​ជ្រងំ ពួក​បុព្វ​បុរស​របស់​យើង​មាន​ត្រសាល​នៃ​សក្ខី​ភាព ដូច​ព្រះ​បាន​បង្គាប់​ពេល​ដែល​លោក​មាន​ប្រសាសន៍​ប្រាប់​ម៉ូសេ​ឲ្យ​ធ្វើ​តាម​គំរូ​ដែល​គាត់​បាន​ឃើញ។+ ៤៥  ពួក​បុព្វ​បុរស​របស់​យើង​ដែល​បាន​ទទួល​ត្រសាល​នោះ​ត​ៗ​មក ក៏​យក​ទៅ​ជា​មួយ ពេល​ដែល​ពួក​គាត់​និង​យ៉ូស្វេ​ចូល​ក្នុង​ស្រុក​របស់​ជន​ជាតិ​ដទៃ+ ដែល​ព្រះ​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​បុព្វ​បុរស​របស់​យើង។+ ត្រសាល​ក៏​នៅ​ទី​នោះ​រហូត​ដល់​សម័យ​ដាវីឌ។ ៤៦  ដាវីឌ​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ ហើយ​គាត់​សុំ​កិត្តិយស​ធ្វើ​លំនៅ​មួយ​សម្រាប់​ព្រះ​នៃ​យ៉ាកុប។+ ៤៧  ប៉ុន្តែ​គឺ​សាឡូម៉ូន​វិញ ដែល​បាន​ធ្វើ​វិហារ​សម្រាប់​លោក។+ ៤៨  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មិន​អាស្រ័យ​នៅ​ក្នុង​វិហារ​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ+ ដូច​អ្នក​ប្រកាស​ទំនាយ​បាន​និយាយ​ថា​៖ ៤៩  ‹ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ថា ស្ថាន​សួគ៌​ជា​បល្ល័ង្ក​របស់​ខ្ញុំ+ ហើយ​ផែនដី​ជា​ទី​កំណល់​ជើង​របស់​ខ្ញុំ។+ តើ​អ្នក​រាល់​គ្នា​អាច​ធ្វើ​វិហារ​បែប​ណា​សម្រាប់​ខ្ញុំ? ឬ​តើ​កន្លែង​ណា​អាច​ជា​ទី​អាស្រ័យ​នៅ​របស់​ខ្ញុំ? ៥០  ដៃ​របស់​ខ្ញុំ​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​នេះ មែន​ទេ?›។+ ៥១  ​«​ឱ​អ្នក​រឹង​រូស​ដែល​បិទ​ទាំង​ចិត្ត​ទាំង​ត្រចៀក*អើយ អ្នក​រាល់​គ្នា​តែង​តែ​ប្រឆាំង​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ ពួក​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ធ្វើ​យ៉ាង​នោះ​ដែរ។+ ៥២  គ្មាន​អ្នក​ប្រកាស​ទំនាយ​ណា​ម្នាក់​ដែល​ពួក​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​មិន​បាន​បៀត​បៀន​ទេ+ ពួក​គេ​បាន​សម្លាប់​អស់​អ្នក​ដែល​បាន​ប្រកាស​ទុក​ជា​មុន​អំពី​ការ​មក​ដល់​របស់​លោក​ដែល​ជា​អ្នក​សុចរិត+ គឺ​លោក​ដែល​អ្នក​រាល់​គ្នា​បាន​ក្បត់​និង​ធ្វើ​ឃាត។+ ៥៣  អ្នក​រាល់​គ្នា​បាន​ទទួល​ច្បាប់​ដូច​ដែល​ទេវតា​បាន​ពាំ​នាំ​មក+ តែ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​តាម​ទេ​»។ ៥៤  ពេល​ឮ​ដូច្នេះ ពួក​គេ​ក៏​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​សង្កៀត​ធ្មេញ​ដាក់​គាត់។ ៥៥  ប៉ុន្តែ ដោយ​សារ​គាត់​បាន​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ គាត់​បាន​សម្លឹង​ទៅ​មេឃ ហើយ​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ និង​ឃើញ​លោក​យេស៊ូ​កំពុង​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ+ ៥៦  រួច​គាត់​និយាយ​ថា​៖ ​«​មើល! ខ្ញុំ​ឃើញ​មេឃ*បើក​ចំហ ហើយ​កូន​មនុស្ស+កំពុង​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ​»។+ ៥៧  ឮ​ដូច្នេះ ពួក​គេ​ស្រែក​យ៉ាង​ខ្លាំង ហើយ​យក​ដៃ​ខ្ទប់​ត្រចៀក រួច​ស្ទុះ​ទៅ​ចាប់​គាត់​ព្រម​គ្នា។ ៥៨  បន្ទាប់​ពី​ពួក​គេ​បោះ​គាត់​ទៅ​ក្រៅ​ក្រុង ពួក​គេ​ក៏​ចាប់​ផ្ដើម​គប់​គាត់​នឹង​ដុំ​ថ្ម។+ ពួក​សាក្សី+បាន​ដាក់​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គេ​នៅ​ជិត​ជើង​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​សុល។+ ៥៩  កាល​ដែល​ពួក​គេ​គប់​ស្ទេផាន​នឹង​ដុំ​ថ្ម គាត់​អង្វរ​លោក​យេស៊ូ ដោយ​និយាយ​ថា​៖ ​«​លោក​ម្ចាស់​យេស៊ូ សូម​ទទួល​ជីវិត*ខ្ញុំ​»។ ៦០  រួច​គាត់​លុត​ជង្គង់ បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​ព្រះ​យេហូវ៉ា* សូម​កុំ​ផ្ដន្ទា​ទោស​ពួក​គេ​ចំពោះ​អំពើ​ខុស​ឆ្គង​នេះ​ឡើយ​»។+ លុះ​និយាយ​ចប់ គាត់​ក៏​ស្លាប់​ទៅ។*

កំណត់សម្គាល់

ឬ​«​បុព្វ​បុរស​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​បាន​ធ្វើ​ដូច​គ្នា​ដល់​»​
មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​
ឬ​«​ស្រូវ​»​
ន័យ​ត្រង់​«​អស់​ទាំង​ប្រាជ្ញា​»​
ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ន័យ​ត្រង់​«​ស្បែក​ចិត្ត​និង​ត្រចៀក​មិន​ទាន់​ត្រូវ​កាត់​ទេ​»​
ឬ​«​ស្ថាន​សួគ៌​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ន័យ​ត្រង់​«​គាត់​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​»​