សៀវភៅម៉ាកុស ១៤:១-៧២

  • ពួក​សង្ឃ​រៀប​គម្រោង​សម្លាប់​លោក​យេស៊ូ (​១, ២)

  • ចាក់​ប្រេង​ក្រអូប​លើ​លោក​យេស៊ូ (​៣​-​៩)

  • យូដាស​ក្បត់​លោក​យេស៊ូ (​១០, ១១)

  • បុណ្យ​រំលង​ចុង​ក្រោយ (​១២​-​២១)

  • ការ​ផ្ដើម​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ (​២២​-​២៦)

  • លោក​យេស៊ូ​ប្រាប់​ពេត្រុស​ថា​គាត់​នឹង​មិន​ទទួល​ស្គាល់​លោក (​២៧​-​៣១)

  • លោក​យេស៊ូ​អធិដ្ឋាន​នៅ​សួន​កេតសេម៉ានី (​៣២​-​៤២)

  • លោក​យេស៊ូ​បាន​ត្រូវ​ចាប់​ខ្លួន (​៤៣​-​៥២)

  • ការ​វិនិច្ឆ័យ​ក្ដី​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ (​៥៣​-​៦៥)

  • ពេត្រុស​មិន​ទទួល​ស្គាល់​លោក​យេស៊ូ (​៦៦​-​៧២)

១៤  ពីរ​ថ្ងៃ​បន្ទាប់​មក+ គឺ​ជា​បុណ្យ​រំលង+និង​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ។+ ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ កំពុង​រិះ​រក​កលល្បិច ដើម្បី​ចាប់​លោក​យក​ទៅ​សម្លាប់។+ ២  ប៉ុន្តែ ពួក​គេ​បាន​និយាយ​គ្នា​ថា​៖ ​«​កុំ​ធ្វើ​អ្វី​ដល់​គាត់​ក្នុង​អំឡុង​ពេល​បុណ្យ ក្រែង​លោ​នាំ​ឲ្យ​បណ្ដា​ជន​កើត​ចលាចល​»។ ៣  ពេល​លោក​នៅ​ភូមិ​បេថានី​កំពុង​អង្គុយ*ពិសា​អាហារ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ដែល​មាន​ជំងឺ​ឃ្លង់ នោះ​មាន​ស្ត្រី​ម្នាក់​មក​ទាំង​យក​ដប​ថ្ម​កែវ​មួយ​ដែល​មាន​ប្រេង​ក្រអូប គឺ​ប្រេង​ណាត*សុទ្ធ ដែល​មាន​តម្លៃ​ថ្លៃ​ណាស់។ នាង​បាន​បំបែក​មាត់​ដប​នោះ រួច​ក៏​ចាក់​ប្រេង​លើ​ក្បាល​លោក​យេស៊ូ។+ ៤  ឃើញ​ដូច្នេះ អ្នក​ខ្លះ​ក៏​ទើស​ចិត្ត ហើយ​និយាយ​គ្នា​ថា​៖ ​«​ហេតុ​អ្វី​បង្ខាត​ប្រេង​ក្រអូប​ចោល​ដូច្នេះ? ៥  ព្រោះ​ប្រេង​ក្រអូប​នេះ​អាច​លក់​បាន​ប្រាក់​ជាង​៣០០​ឌីណារី* ហើយ​អាច​ចែក​ឲ្យ​អ្នក​ក្រ​បាន!​»។ ដូច្នេះ ពួក​គាត់​ខឹង*នាង​យ៉ាង​ខ្លាំង។ ៦  ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​រំខាន​នាង។ ហេតុ​អ្វី​អ្នក​រាល់​គ្នា​រក​រឿង​នាង​ដូច្នេះ? នាង​បាន​ធ្វើ​អំពើ​ល្អ​ចំពោះ​ខ្ញុំ។+ ៧  អ្នក​រាល់​គ្នា​តែង​តែ​មាន​អ្នក​ក្រ​នៅ​ជា​មួយ+ ហើយ​ពេល​ណា​ដែល​អ្នក​ចង់​ធ្វើ​ល្អ​ចំពោះ​ពួក​គេ អ្នក​អាច​ធ្វើ​បាន។ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​មិន​មាន​ខ្ញុំ​នៅ​ជា​មួយ​រហូត​ទេ។+ ៨  នាង​បាន​ធ្វើ​អស់​ពី​សមត្ថភាព​នាង​ហើយ។ នាង​បាន​ចាក់​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ​ទុក​ជា​មុន ដោយ​សារ​សព​របស់​ខ្ញុំ​នឹង​ត្រូវ​យក​ទៅ​បញ្ចុះ។+ ៩  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា នៅ​គ្រប់​កន្លែង​ក្នុង​ពិភព​លោក ដែល​ដំណឹង​ល្អ​នេះ​ត្រូវ​ផ្សព្វ​ផ្សាយ+ អ្វី​ដែល​ស្ត្រី​នេះ​បាន​ធ្វើ​ក៏​នឹង​ត្រូវ​រៀប​រាប់​ដែរ ដើម្បី​រំលឹក​អំពី​នាង​»។+ ១០  រួច​មក យូដាស​អ៊ីស្ការីយ៉ុត​ពី​ចំណោម​សាវ័ក​ទាំង​១២​នាក់​បាន​ទៅ​ជួប​ពួក​សង្ឃនាយក ដើម្បី​បញ្ជូន*លោក​ទៅ​ឲ្យ​ពួក​គេ។+ ១១  ពេល​ដែល​ពួក​សង្ឃ​នាយក​ឮ​អំពី​រឿង​នោះ ពួក​គេ​ត្រេក​អរ ហើយ​សន្យា​ឲ្យ​ប្រាក់​ដល់​គាត់។+ ដូច្នេះ យូដាស​ចាប់​ផ្ដើម​រក​ឱកាស​ដើម្បី​ក្បត់​លោក។ ១២  នៅ​ថ្ងៃ​ដំបូង​នៃ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ+ ពួក​គេ​មាន​ទម្លាប់​បូជា​សត្វ​សម្រាប់​បុណ្យ​រំលង។+ ពួក​អ្នក​កាន់​តាម​លោក​សួរ​ថា​៖ ​«​តើ​លោក​ចង់​ឲ្យ​យើង​ទៅ​រៀបចំ​អាហារ​បុណ្យ​រំលង​ឲ្យ​លោក​ពិសា​នៅ​កន្លែង​ណា?​»។+ ១៣  ដូច្នេះ លោក​ចាត់​អ្នក​កាន់​តាម​ពីរ​នាក់​ឲ្យ​ទៅ ដោយ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ចូរ​ចូល​ទៅ​ក្នុង​ក្រុង ហើយ​អ្នក​នឹង​ជួប​បុរស​ម្នាក់​ដែល​កំពុង​លី​ក្អម​ទឹក។ ចូរ​ទៅ​តាម​គាត់។+ ១៤  បើ​គាត់​ចូល​ក្នុង​ផ្ទះ​ណា អ្នក​ចូល​ក្នុង​ផ្ទះ​នោះ​ដែរ​ទៅ រួច​ប្រាប់​ម្ចាស់​ផ្ទះ​ថា​៖ ‹លោក​គ្រូ​សួរថា​៖ ​«​តើបន្ទប់​ដែល​ទុក​ឲ្យ​ខ្ញុំ​ពិសា​អាហារ​បុណ្យ​រំលង​ជា​មួយ​នឹង​អ្នក​កាន់​តាម​ខ្ញុំ​នៅឯ​ណា?​»​›។ ១៥  គាត់​នឹង​បង្ហាញ​បន្ទប់​ធំ​មួយ​នៅ​ជាន់​លើ។ ក្នុង​បន្ទប់​នោះ​មាន​ប្រដាប់​ប្រដា​សព្វ​គ្រប់​អស់​ហើយ។ ចូរ​រៀបចំ​អាហារ​បុណ្យ​រំលង​សម្រាប់​យើង​នៅ​ទី​នោះ​»។ ១៦  ដូច្នេះ អ្នក​កាន់​តាម​បាន​ចេញ​ទៅ ហើយ​ពេល​ដែល​ចូល​ទៅ​ក្នុង​ក្រុង ពួក​គាត់​ឃើញ​ថា​អ្វី​ៗ​គឺ​ដូច​លោក​មាន​ប្រសាសន៍​មែន។ រួច​មក ពួក​គាត់​រៀបចំ​សម្រាប់​បុណ្យ​រំលង។ ១៧  លុះ​ពេល​ល្ងាច លោក​បាន​ទៅ​ទី​នោះ​ជា​មួយ​នឹង​សាវ័ក​ទាំង​១២​នាក់។+ ១៨  កាល​ដែល​លោក​យេស៊ូ​និង​ពួក​គាត់​កំពុង​អង្គុយ​ពិសា​អាហារ​នៅ​តុ នោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​កំពុង​ពិសា​ជា​មួយ​នឹង​ខ្ញុំ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ​»។+ ១៩  ពួក​គាត់​ក៏​តាំង​កើត​ទុក្ខ រួច​សួរ​លោក​ម្នាក់​ម្ដង​ៗ​ថា​៖ ​«​មិន​មែន​ខ្ញុំ​ទេ មែន​ទេ?​»។ ២០  លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ក្នុង​ចំណោម​១២​នាក់ គឺ​ម្នាក់​ដែល​កំពុង​លូក​ដៃ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ។+ ២១  ព្រោះ​កូន​មនុស្ស​នឹង​ចាក​ចេញ​ទៅ ដូច​អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​លោក។ ប៉ុន្តែ បុរស​ដែល​គេ​ប្រើ​ដើម្បី​ក្បត់​លោក ត្រូវ​វេទនា​ណាស់!+ ចំពោះ​អ្នក​នោះ បើ​គាត់​មិន​បាន​កើត​មក នោះ​ប្រសើរ​ជាង​»។+ ២២  ពេល​ដែល​ពួក​គាត់​កំពុង​ពិសា​អាហារ លោក​ក៏​យក​នំ​ប៉័ង​មួយ​ដុំ ហើយ​អធិដ្ឋាន រួច​កាច់ បន្ទាប់​មក​ឲ្យ​ពួក​គាត់ ទាំង​ពោល​ថា​៖ ​«​ចូរ​យក​ចុះ។ នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ​»។+ ២៣  ក្រោយ​នោះ លោក​យក​ស្រា​មួយ​ពែង រួច​អរគុណ​ព្រះ ហើយ​ឲ្យ​ពួក​គាត់។ បន្ទាប់​មក ពួក​គាត់​ទាំង​អស់​គ្នា​បាន​ពិសា​ពី​ពែង​នោះ។+ ២៤  រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​នេះ​ជា​តំណាង​ឈាម​របស់​ខ្ញុំ+ ជា​‹ឈាម​សម្រាប់​កិច្ច​ព្រម​ព្រៀង›។+ ឈាម​នោះ​នឹង​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន។+ ២៥  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ក្នុង​រាជាណាចក្រ​របស់​ព្រះ​»។ ២៦  រួច​មក ក្រោយ​ពី​បាន​ច្រៀង​សរសើរ​ព្រះ​ហើយ លោក​និង​ពួក​គាត់​បាន​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។+ ២៧  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គាត់​ថា​៖ ​«​អ្នក​ទាំង​អស់​គ្នា​នឹង​ជំពប់​ដួល* ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹ខ្ញុំ​នឹង​ប្រហារ​គង្វាល+ ហើយ​ហ្វូង​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ›។+ ២៨  ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុកកាលីឡេ ហើយ​រង់​ចាំ​អ្នក​រាល់​គ្នា​នៅ​ទី​នោះ​»។+ ២៩  ប៉ុន្តែ ពេត្រុស​ជម្រាប​លោក​ថា​៖ ​«​ទោះ​ជា​ពួក​គេ​ទាំង​អស់​គ្នា​ជំពប់​ដួល​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​ជំពប់​ដួល​ដែរ​»។+ ៣០  ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង​»។+ ៣១  ប៉ុន្តែ គាត់​នៅ​តែ​និយាយ​បញ្ជាក់​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​លោក​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​លែង​ទទួល​ស្គាល់​លោក​ដែរ​»។ ពួក​គាត់​គ្រប់​គ្នា​ក៏​ចាប់​ផ្ដើម​និយាយ​ដូច​គ្នា​ដែរ។+ ៣២  លុះ​ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា​កេតសេម៉ានី ហើយ​លោក​ប្រាប់​អ្នក​កាន់​តាម​ថា​៖ ​«​ពេល​ខ្ញុំ​ទៅ​អធិដ្ឋាន សូម​អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន​»។+ ៣៣  រួច​មក លោក​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ+ ហើយ​លោក​ក៏​តាំង​កើត​ទុក្ខ​ជា​ខ្លាំង និង​ពិបាក​ចិត្ត​ក្រៃ​លែង។ ៣៤  លោក​ប្រាប់​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​កំពុង​កើត​ទុក្ខ+ស្ទើរ​ស្លាប់។ សូម​នៅ​ទី​នេះ ហើយ​ចាំ​យាម​ចុះ​»។+ ៣៥  ក្រោយ​មក លោក​ដើរ​ទៅ​មុខ​បន្តិច ហើយ​ក្រាប​មុខ​ដល់​ដី រួច​ចាប់​ផ្ដើម​អធិដ្ឋាន​សូម​ឲ្យ​វេលា​នេះ​កន្លង​ផុត​ពី​លោក​ទៅ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។ ៣៦  លោក​អធិដ្ឋាន​ថា​៖ ​«​អប្បា* បិតា​អើយ!+ លោក​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន។ សូម​ដក​ពែង*នេះ​ចេញ​ពី​ខ្ញុំ។ ប៉ុន្តែ សូម​ឲ្យ​បំណង​របស់​លោក​បាន​សម្រេច មិន​មែន​បំណង​របស់​ខ្ញុំ​ទេ​»។+ ៣៧  ក្រោយ​មក លោក​វិល​មក​វិញ ហើយ​ឃើញ​ពួក​គាត់​កំពុង​ដេក​លក់។ ដូច្នេះ លោក​សួរ​ពេត្រុស​ថា​៖ ​«​ស៊ីម៉ូន! តើ​អ្នក​កំពុង​ដេក​លក់​ឬ? តើ​មិន​មាន​កម្លាំង​ចាំ​យាម​មួយ​ម៉ោង​ទេ​ឬ?+ ៣៨  ចូរ​ចាំយាម ហើយ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​ឡើយ។+ ចិត្ត​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​សាច់​ឈាម​គឺ​ខ្សោយ​ណាស់​»។+ ៣៩  រួច​មក លោក​ចេញ​ទៅ​ម្ដង​ទៀត ហើយ​អធិដ្ឋាន​ដោយ​ពោល​ពាក្យ​ដូច​គ្នា។+ ៤០  បន្ទាប់​មក លោក​វិល​មក​វិញ ហើយ​ឃើញ​ពួក​គាត់​កំពុង​ដេក​លក់​ម្ដង​ទៀត ពី​ព្រោះ​ងងុយ​ដេក​ខ្លាំង​ណាស់។ ពេល​នោះ ពួក​គាត់​មិន​ដឹង​ឆ្លើយ​យ៉ាង​ណា​ទៅ​លោក​ទេ។ ៤១  លោក​វិលមក​ជា​លើក​ទី​៣ ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ដេក​យក​កម្លាំង​នៅ​ពេល​ដ៏​សំខាន់​នេះ? ណ្ហើយ​ចុះ! ពេល​កំណត់​បាន​មក​ដល់​ហើយ!+ មើល! កូន​មនុស្ស​ហៀប​នឹង​ត្រូវ​បញ្ជូន*ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ហើយ។ ៤២  ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ។ មើល! អ្នក​ដែល​ក្បត់​ខ្ញុំ មក​ជិត​ដល់​ហើយ​»។+ ៤៣  ភ្លាម​នោះ កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍ យូដាស​ពី​ចំណោម​សាវ័ក​ទាំង​១២​នាក់ បាន​មក​ជា​មួយ​នឹង​មនុស្ស​មួយ​ក្រុម​ធំ​ដែល​ពួក​សង្ឃនាយក ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​អ្នក​ចាស់​ទុំ បាន​បញ្ជូន​មក។ ពួក​គេ​មក​ទាំង​កាន់​ដាវ​កាន់​ដំបង។+ ៤៤  អ្នក​ដែល​ក្បត់​លោក​បាន​ប្រាប់​នូវ​សញ្ញា​សម្គាល់​មួយ​ថា​៖ ​«​អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ។ ចូរ​ចាប់​គាត់ ហើយ​នាំ​ទៅ​ដោយ​ប្រុង​ប្រយ័ត្ន​»។ ៤៥  គាត់​ដើរ​តម្រង់​ទៅ​ឯ​លោក ហើយ​ពោល​ថា​៖ ​«​រ៉ាប៊ី!​»​* រួច​ថើប​លោក​ដោយ​ថ្នម។ ៤៦  ដូច្នេះ ពួក​គេ​ក៏​ចាប់​លោក។ ៤៧  ប៉ុន្តែ ខណៈ​នោះ​មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​ឈរ​ក្បែរ​លោក បាន​ដក​ដាវ រួច​កាប់​ដាច់​ស្លឹក​ត្រចៀក​ខ្ញុំបម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ។+ ៤៨  ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ប្លន់​ដូច្នេះ?+ ៤៩  ខ្ញុំ​ធ្លាប់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​រៀង​រាល់​ថ្ងៃ​ក្នុង​វិហារ+ ហើយ​បាន​បង្រៀន​នៅ​ទី​នោះ តែ​អ្នក​រាល់​គ្នា​មិន​បាន​មក​ចាប់​ខ្ញុំ​ទេ។ ប៉ុន្តែ នេះ​កើត​ឡើង​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​»។+ ៥០  រួច​ពួក​អ្នក​កាន់​តាម​បាន​រត់​ចោល​លោក​ទាំង​អស់​គ្នា។+ ៥១  ប៉ុន្តែ យុវជន​ម្នាក់​ដែល​មាន​ក្រណាត់​សាច់​ល្អ​ដណ្ដប់​ខ្លួន ចាប់​ផ្ដើម​ដើរ​តាម​ក្រោយ​លោក ហើយ​ពួក​គេ​ក៏​ចង់​ចាប់​គាត់​ដែរ។ ៥២  ប៉ុន្តែ គាត់​ចោល​ក្រណាត់​សាច់​ល្អ​នោះ ហើយ​គេច​ចេញ​ទៅ​ដោយ​គ្មាន​អ្វី​ដណ្ដប់។* ៥៣  ក្រោយ​មក ពួក​គេ​នាំ​លោក​យេស៊ូ​ទៅ​ឯ​សម្ដេច​សង្ឃ+ ហើយ​ពួក​សង្ឃ​នាយក ពួក​អ្នក​ចាស់​ទុំ និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ទាំង​អស់​បាន​ជួប​ជុំ​គ្នា។+ ៥៤  ប៉ុន្តែ ពេត្រុស​បាន​ដើរ​តាម​ក្រោយ​នៅ​ឆ្ងាយ​ល្មម​ពី​លោក រហូត​ទៅ​ដល់​ទី​ធ្លា​ផ្ទះ​របស់​សម្ដេច​សង្ឃ រួច​គាត់​បាន​អង្គុយ​អាំង​ភ្លើង​ជា​មួយ​នឹង​ពួក​អ្នក​បម្រើ​នៅ​ផ្ទះ​នោះ។+ ៥៥  ពួក​សង្ឃនាយក​និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល កំពុង​រក​សាក្សី​ចោទ​ប្រកាន់​លោក​យេស៊ូ ដើម្បី​មាន​ហេតុ​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ ពួក​គេ​រក​ហេតុ​មិន​បាន​ទេ។+ ៥៦  ពិត​មែន​តែ​មាន​សាក្សី​ក្លែង​ក្លាយ​ជា​ច្រើន​បាន​ចោទ​ប្រកាន់​លោក+ ប៉ុន្តែ​សម្ដី​របស់​ពួក​គេ​មិន​ស្រប​គ្នា​ទេ។ ៥៧  បន្ថែម​ទៀត ក៏​មាន​អ្នក​ខ្លះ​ទៀត​បាន​ចេញ​មក​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ ហើយ​ចោទ​ប្រកាន់​លោក ដោយ​ពោល​ថា​៖ ៥៨  ​«​យើង​ធ្លាប់​ឮ​គាត់​និយាយ​ថា​៖ ‹វិហារ​នេះ​ដែល​បាន​ត្រូវ​សង់​ដោយ​ដៃ​មនុស្ស ខ្ញុំ​នឹង​រុះ​ចោល ហើយ​ខ្ញុំ​នឹង​សង់​មួយ​ទៀត​ក្នុង​បី​ថ្ងៃ ដែល​មិន​មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ›​»។+ ៥៩  ប៉ុន្តែ សូម្បី​តែ​ពួក​គេ​ចោទ​ប្រកាន់​លោក​អំពី​រឿង​នេះ ក៏​សម្ដី​ពួក​គេ​មិន​ស្រប​គ្នា​ដែរ។ ៦០  បន្ទាប់​មក សម្ដេច​សង្ឃ​បាន​ក្រោក​ឈរ​ក្នុង​ចំណោម​ពួក​គេ រួច​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ឬ? តើ​អ្នក​គិត​ដូច​ម្ដេច​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​ចោទ​ប្រកាន់​អ្នក?​»។+ ៦១  ប៉ុន្តែ លោក​នៅ​ស្ងៀម ហើយ​មិន​តប​ឆ្លើយ​សោះ។+ សម្ដេច​សង្ឃ​សួរ​លោក​ម្ដង​ទៀត​ថា​៖ ​«​តើ​អ្នក​ជា​គ្រិស្ត ជា​បុត្រ​របស់​ព្រះ*ឬ?​»។ ៦២  រួច​លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​គឺ​ខ្ញុំ​មែន ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស+អង្គុយ​នៅ​ខាង​ស្ដាំ+នៃ​ឫទ្ធានុភាព* ព្រម​ទាំង​មក​ជា​មួយ​នឹង​ពពក​នៅ​លើ​មេឃ​»។+ ៦៣  ឮ​ដូច្នេះ សម្ដេច​សង្ឃ​ក៏​ហែក​សម្លៀក​បំពាក់​របស់​គាត់ ហើយ​និយាយ​ថា​៖ ​«​តើ​យើង​ត្រូវ​ការ​សាក្សី​ធ្វើ​អ្វី​ទៀត?+ ៦៤  អ្នក​រាល់​គ្នា​បាន​ឮ​អ្នក​នេះ​និយាយ​ប្រមាថ​ព្រះ​ហើយ។ តើ​អ្នក​រាល់​គ្នា​សម្រេច​ចិត្ត​យ៉ាង​ណា?​»។* ពួក​គេ​ទាំង​អស់​គ្នា​សម្រេច​ចិត្ត​កាត់​ទោស​លោក​ថា​សម​នឹង​ស្លាប់។+ ៦៥  ពួក​គេ​ខ្លះ​ចាប់​ផ្ដើម​ស្ដោះ​ទឹក​មាត់​ដាក់​លោក+ ហើយ​គ្រប​មុខ​លោក ក៏​ដាល់​លោក រួច​និយាយ​ថា​៖ ​«​បើ​ឯង​ចេះ​ប្រកាស​ទំនាយ​មែន តើ​អ្នក​ណា​បាន​វាយ​ឯង? ចូរ​ប្រាប់​មក!​»។ ក្រោយ​មក មន្ត្រី​ជំនួយ​តុលាការ​បាន​ទះ​កំផ្លៀង​លោក រួច​នាំ​លោក​ទៅ។+ ៦៦  ពេល​ដែល​ពេត្រុស​នៅ​ខាង​ក្រោម​ក្នុង​ទី​ធ្លា ស្ត្រី​អ្នក​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​បាន​មក។+ ៦៧  ពេល​នាង​ឃើញ​ពេត្រុស​កំពុង​អាំង​ភ្លើង នាង​បាន​សម្លឹង​មុខ​គាត់ ហើយ​និយាយ​ថា​៖ ​«​អ្នក​ក៏​ជា​គ្នា​របស់​យេស៊ូ​នេះ ពី​ក្រុង​ណាសារ៉ែត​ដែរ​»។ ៦៨  ប៉ុន្តែ គាត់​បាន​ប្រកែក​ថា​៖ ​«​ខ្ញុំ​មិន​ស្គាល់​គាត់​ទេ ហើយ​ក៏​មិន​យល់​អ្វី​ដែល​អ្នក​កំពុង​និយាយ​ដែរ​»។ រួច​គាត់​ចេញ​ទៅ​ឯ​ល្វែង​ក្រៅ។* ៦៩  នៅ​ទី​នោះ ពេល​ស្ត្រី​អ្នក​បម្រើ​បាន​ឃើញ​គាត់ នាង​ក៏​និយាយ​ម្ដង​ទៀត​ប្រាប់​ពួក​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ថា​៖ ​«​ម្នាក់​នេះ​ក៏​ជា​ពួក​នោះ​ដែរ​»។ ៧០  ពេត្រុស​បដិសេធ​ម្ដង​ទៀត។ មិន​យូរ​ក្រោយ​មក ពួក​អ្នក​ដែល​ឈរ​នៅ​ក្បែរ​នោះ​ក៏​និយាយ​ទៅ​កាន់​ពេត្រុស​ម្ដង​ទៀត​ថា​៖ ​«​អ្នក​ច្បាស់​ជា​ពួក​នោះ​ដែរ ព្រោះ​អ្នក​ជា​អ្នក​ស្រុកកាលីឡេ​»។ ៧១  ប៉ុន្តែ គាត់​ចាប់​ផ្ដើម​ដាក់​បណ្ដាសា​ខ្លួន​ឯង ហើយ​ស្បថ​ថា​៖ ​«​ខ្ញុំ​មិន​ស្គាល់​បុរស​ដែល​អ្នក​រាល់​គ្នា​និយាយ​នោះ​ទេ!​»។ ៧២  រំពេច​នោះ មាន់​រងាវ​ជា​លើក​ទី​២+ ហើយ​ពេត្រុស​ក៏​នឹក​ឃើញ​អ្វី​ដែល​លោក​យេស៊ូ​ប្រាប់​គាត់​ថា​៖ ​«​មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង​»។+ រួច​គាត់​រំជួល​ចិត្ត​ក្រៃ​លែង ហើយ​ក៏​យំ។

កំណត់សម្គាល់

ឬ​«​អង្គុយ​នៅ​តុ​»​
មើល​និយម​ន័យ​ពាក្យ​«​ណាត​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ពួក​គាត់​បន្ទោស​»​
ឬ​«​ក្បត់​»​
សំដៅ​លើ​ការ​ភ្លាត់​ធ្វើ​ខុស ឬ​ការ​ជួប​ប្រទះ​ឧបសគ្គ​ចំពោះ​ជំនឿ
ពាក្យ​«​ពែង​»​ជា​តំណាង​បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​លោក​យេស៊ូ គឺ​អនុញ្ញាត​ឲ្យ​លោក​ស្លាប់​ដោយ​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ថា​បាន​ប្រមាថ​ព្រះ
ភាសា​អេរ៉ាម មាន​ន័យ​ថា​«​ឱ​លោក​ឪពុក​អើយ!​»​
ឬ​«​ក្បត់​»​
មាន​ន័យ​ថា​«​លោក​គ្រូ​»​
ឬ​«​ដោយ​បិទ​បាំង​ខ្លួន​តែ​បន្តិច​បន្តួច ឬ​មាន​តែ​សម្លៀក​បំពាក់​ក្នុង​ប៉ុណ្ណោះ​»​
ន័យ​ត្រង់​«​អ្នក​ដែល​មាន​ពរ​»។ ការ​«​ឲ្យ​ពរ​»​អាច​សំដៅ​លើ​ការ​លើក​តម្កើង​ជា​បរិសុទ្ធ ការ​សរសើរ ឬ​ការ​និយាយ​ល្អ​អំពី​អ្នក​ណា​ម្នាក់
ឬ​«​អ្នក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​»​
ឬ​«​តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច?​»​
ឬ​«​ទៅ​ឯ​មាត់​ទ្វារ​»​