បណ្ដាស្ដេចទី១ ១:១-៥៣

  • ដាវីឌ​និង​អាប៊ីសាក (​១​-​៤)

  • អាដូនីយ៉ា​ខំ​តាំង​ខ្លួន​ជា​ស្ដេច (​៥​-​១០)

  • ណាថាន់​និង​បាតសេបា​ចាត់​វិធានការ (​១១​-​២៧)

  • ដាវីឌ​ចេញ​បញ្ជា​តែង​តាំង​សាឡូម៉ូន (​២៨​-​៤០)

  • អាដូនីយ៉ា​រត់​ទៅ​ឯ​ទី​បូជា (​៤១​-​៥៣)

 ស្ដេច​ដាវីឌ​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ហើយ។+ ទោះ​ជា​គេ​ដណ្ដប់​ផួយ​ឲ្យ​គាត់​ក្ដី ក៏​គាត់​មិន​កក់​ក្ដៅ​ដែរ។ ២  ដូច្នេះ ពួក​អ្នក​បម្រើ​ស្ដេច​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​សូម​ឲ្យ​គេ​ស្វែង​រក​ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​ឲ្យ​លោក​ម្ចាស់ ដើម្បី​ឲ្យ​នាង​បម្រើ​ជា​អ្នក​មើល​ថែ​លោក។ នាង​នឹង​ដេក​ក្នុង​រង្វង់​ដៃ​លោក​ម្ចាស់ ដើម្បី​ឲ្យ​លោក​បាន​កក់​ក្ដៅ​»។ ៣  រួច​មក ពួក​គេ​បាន​ស្វែង​រក​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ក្នុង​គ្រប់​តំបន់​នៅ​ស្រុក​អ៊ីស្រាអែល ហើយ​ពួក​គេ​បាន​រក​ឃើញ​អាប៊ីសាក+ជា​អ្នក​ក្រុង​ស៊ូណែម+ រួច​ពួក​គេ​បាន​នាំ​នាង​ចូល​ទៅ​ជួប​ស្ដេច។ ៤  នាង​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ណាស់។ នាង​បាន​ក្លាយ​ទៅ​ជា​អ្នក​មើល​ថែ​ស្ដេច។ ប៉ុន្តែ ស្ដេច​មិន​បាន​រួម​ដំណេក​ជា​មួយ​នឹង​នាង​ទេ។ ៥  នៅ​គ្រា​នោះ អាដូនីយ៉ា+ជា​កូន​ប្រុស​របស់​ហាគីត ចេះ​តែ​តម្កើង​ខ្លួន​ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​ស្ដេច!​»។ គាត់​ក៏​ឲ្យ​គេ​រៀប​រទេះ​មួយ​សម្រាប់​ខ្លួន អម​ដោយ​ទាហាន​សេះ​និង​បុរស​៥០​នាក់​រត់​នៅ​ខាង​មុខ​គាត់។+ ៦  ប៉ុន្តែ ឪពុក​របស់​គាត់​មិន​ដែល​ស្ដី​បន្ទោស​គាត់*សោះ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ?​»។ ម្យ៉ាង​ទៀត អាដូនីយ៉ា​មាន​រូប​រាង​សង្ហា​ណាស់ ហើយ​ម្ដាយ​របស់​គាត់​បាន​បង្កើត​គាត់​ក្រោយ​អាប់សាឡំ។ ៧  គាត់​បាន​ប្រឹក្សា​ជា​មួយ​នឹង​យ៉ូអាប់​ជា​កូន​សេរូយ៉ា និង​អាប៊ីយ៉ាថា+ជា​សង្ឃ។ ពួក​គេ​បាន​ជួយ​ជ្រោម​ជ្រែង​គាត់។+ ៨  ប៉ុន្តែ សេដុក+ជា​សង្ឃ បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ណាថាន់+ជា​អ្នក​ប្រកាស​ទំនាយ ស៊ីមម៉ាយ+ រ៉េអាយ និង​ទាហាន​ខ្លាំង​ក្លា​របស់​ដាវីឌ+ មិន​បាន​គាំទ្រ​អាដូនីយ៉ា​ទេ។ ៩  នៅ​ពេល​មួយ អាដូនីយ៉ា​បាន​ជូន​គ្រឿង​បូជា+ ជា​ចៀម គោ និង​សត្វ​ធាត់​ៗ​នៅ​ក្បែរ​ថ្ម​សូហេលែត ដែល​នៅ​ជិត​អេនរ៉ូកេល។ គាត់​ក៏​បាន​អញ្ជើញ​កូន​ស្ដេច​ទាំង​អស់​ដែល​ជា​ប្អូន​ប្រុស​ៗ​របស់​គាត់ រួម​ទាំង​ពួក​បុរស​ទាំង​អស់​នៅ​ស្រុក​យូដា​ជា​អ្នក​បម្រើ​ស្ដេច​ផង​ដែរ។ ១០  ប៉ុន្តែ គាត់​មិន​បាន​អញ្ជើញ​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ បេនណាយ៉ា និង​ពួក​ទាហាន​ខ្លាំង​ក្លា ឬ​សាឡូម៉ូន​ជា​ប្អូន​របស់​គាត់​ទេ។ ១១  រីឯ​ណាថាន់+បាន​និយាយ​ទៅ​កាន់​បាតសេបា+ជា​ម្ដាយ​សាឡូម៉ូន​ថា​៖+ ​«​អាដូនីយ៉ា+ជា​កូន​របស់​ហាគីត​បាន​ក្លាយ​ទៅ​ជា​ស្ដេច ហើយ​លោក​ម្ចាស់​ដាវីឌ​មិន​បាន​ជ្រាប​អំពី​រឿង​នេះ​ទេ។ តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ? ១២  ដូច្នេះ សូម​មក ខ្ញុំ​សុំ​ជូន​យោបល់​អ្នក ដើម្បី​អ្នក​អាច​សង្គ្រោះ​ជីវិត​ខ្លួន​និង​ជីវិត​សាឡូម៉ូន​កូន​របស់​អ្នក។+ ១៣  សូម​ចូល​ទៅ​ជួប​ស្ដេច​ដាវីឌ ហើយ​និយាយ​ទៅ​កាន់​លោក​ថា​៖ ‹តើ​មិន​មែន​លោក​ម្ចាស់ ដែល​បាន​ស្បថ​នឹង​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ថា​៖ ​«​សាឡូម៉ូន​កូន​អ្នក​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​ខ្ញុំ​»​ទេ​ឬ? ហើយ​តើ​លោក​ម្ចាស់​មិន​បាន​ប្រាប់​ថា​៖ ​«​គាត់​ជា​អ្នក​ដែល​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្ញុំ​»​ទេ​ឬ?+ បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អាដូនីយ៉ា​ក្លាយ​ជា​ស្ដេច​ទៅ​វិញ?›។ ១៤  កាល​ដែល​អ្នក​កំពុង​និយាយ​ជា​មួយ​នឹង​ស្ដេច​នៅ​ឡើយ នោះ​ខ្ញុំ​នឹង​ចូល​ទៅ​ក្រោយ​អ្នក ហើយ​និយាយ​បញ្ជាក់​ពាក្យ​សម្ដី​របស់​អ្នក​»។ ១៥  ដូច្នេះ បាតសេបា​ចូល​ទៅ​ជួប​ស្ដេច​ក្នុង​បន្ទប់​សម្រាក​របស់​គាត់។ ស្ដេច​មាន​វ័យ​ចាស់​ណាស់​ហើយ រីឯ​អាប៊ីសាក+ជា​អ្នក​ស្រុក​ស៊ូណែម​កំពុង​បម្រើ​គាត់។ ១៦  រួច​មក បាតសេបា​បាន​លំឱន​កាយ​គោរព​ស្ដេច ហើយ​ស្ដេច​បាន​សួរ​ថា​៖ ​«​តើ​មាន​សំណូម​ពរ​អ្វី?​»។ ១៧  នាង​បាន​តប​ថា​៖ ​«​លោក​ម្ចាស់ គឺ​លោក​ដែល​បាន​ស្បថ​នឹង​នាង​ខ្ញុំ ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ថា​៖ ‹សាឡូម៉ូន​កូន​អ្នក​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​ខ្ញុំ ហើយ​គាត់​ជា​អ្នក​ដែល​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្ញុំ›។+ ១៨  ប៉ុន្តែ មើល! ឥឡូវ​អាដូនីយ៉ា​បាន​ក្លាយ​ជា​ស្ដេច​វិញ ហើយ​លោក​ម្ចាស់​មិន​បាន​ជ្រាប​រឿង​នេះ​ទេ។+ ១៩  គាត់​បាន​ជូន​គ្រឿង​បូជា ជា​ចៀម គោ និង​សត្វ​ធាត់​ៗ​ជា​ច្រើន ថែម​ទាំង​បាន​អញ្ជើញ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​លោក​ម្ចាស់ រួម​ទាំង​អាប៊ីយ៉ាថា​ជា​សង្ឃ និង​យ៉ូអាប់​ជា​មេ​ទ័ព​ទៀត​ផង។+ ប៉ុន្តែ គាត់​មិន​បាន​អញ្ជើញ​សាឡូម៉ូន​កូន​លោក​ទេ។+ ២០  ហើយ​ឥឡូវ បណ្ដា​ជន​អ៊ីស្រាអែល​កំពុង​ទន្ទឹង​ចាំ​មើល​លោក​ម្ចាស់​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ថា អ្នក​ណា​នឹង​អង្គុយ​លើ​បល្ល័ង្ក​បន្ទាប់​ពី​លោក​ម្ចាស់។ ២១  បើ​មិន​ដូច្នោះ​ទេ ពេល​លោក​ម្ចាស់​ស្លាប់* ខ្ញុំ​និង​សាឡូម៉ូន​កូន​ខ្ញុំ​មុខ​ជា​ត្រូវ​រាប់​ជា​អ្នក​ក្បត់​ហើយ​»។ ២២  កាល​ដែល​នាង​កំពុង​និយាយ​ទៅ​កាន់​ស្ដេច​នៅ​ឡើយ ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ចូល​មក។+ ២៣  ខណៈ​នោះ មាន​គេ​មក​ជម្រាប​ស្ដេច​ថា​៖ ​«​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ​បាន​មក​ដល់​ហើយ!​»។ រួច​មក ណាថាន់​បាន​ចូល​មក​លំឱន​កាយ​ក្រាប​គោរព​ស្ដេច។ ២៤  រួច​គាត់​និយាយ​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​បាន​និយាយ​ថា​៖ ‹អាដូនីយ៉ា​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​ខ្ញុំ ហើយ​គាត់​ជា​អ្នក​ដែល​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្ញុំ›​ឬ?+ ២៥  ព្រោះ​គាត់​បាន​ទៅ​ជូន​គ្រឿង​បូជា+ ជា​ចៀម គោ និង​សត្វ​ធាត់​ៗ​ជា​ច្រើន ថែម​ទាំង​បាន​អញ្ជើញ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​លោក​ម្ចាស់ រួម​ទាំង​ពួក​មេ​ទ័ព និង​អាប៊ីយ៉ាថា​ជា​សង្ឃ។+ ពួក​គេ​កំពុង​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​នឹង​អាដូនីយ៉ា ហើយ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ‹សូម​ឲ្យ​ស្ដេច​អាដូនីយ៉ា​មាន​អាយុ​យឺន​យូរ!›។ ២៦  ប៉ុន្តែ គាត់​មិន​បាន​អញ្ជើញ​ខ្ញុំ​បាទ ឬ​សេដុក​ជា​សង្ឃ ឬ​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ឬ​សាឡូម៉ូន​កូន​លោក​ទេ។ ២៧  តើ​លោក​ម្ចាស់​បាន​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង​ឬ? ហេតុ​អ្វី​ក៏​លោក​ម្ចាស់​មិន​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ថា​អ្នក​ណា​គួរ​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​លោក​ម្ចាស់?​»។ ២៨  ខណៈ​នោះ ស្ដេច​ដាវីឌ​បាន​តប​ថា​៖ ​«​សូម​ហៅ​បាតសេបា​ចូល​មក​»។ នាង​ក៏​បាន​ចូល​មក​ជួប​ស្ដេច។ ២៩  រួច​ស្ដេច​ក៏​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​អ្នក​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​អស់+ ៣០  ថា​នៅ​ថ្ងៃ​នេះ​ឯង ខ្ញុំ​នឹង​ធ្វើ​ដូច​ខ្ញុំ​បាន​ស្បថ​នឹង​អ្នក​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ‹សាឡូម៉ូន​កូន​របស់​អ្នក​នឹង​ក្លាយ​ជា​ស្ដេច​បន្ទាប់​ពី​ខ្ញុំ ហើយ​គាត់​ជា​អ្នក​ដែល​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនួស​ខ្ញុំ!›​»។ ៣១  បន្ទាប់​មក បាតសេបា​បាន​លំឱន​កាយ​ក្រាប​មុខ​ដល់​ដី​នៅ​ចំពោះ​ស្ដេច រួច​និយាយ​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​ដាវីឌ​ជា​ម្ចាស់​រស់​ជា​រៀង​រហូត!​»។ ៣២  រំពេច​នោះ ស្ដេច​ដាវីឌ​បាន​និយាយ​ថា​៖ ​«​សូម​ហៅ​សេដុក​ជា​សង្ឃ ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ និង​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា+ ឲ្យ​ចូល​មក​»​ ដូច្នេះ ពួក​គេ​ក៏​ចូល​មក។ ៣៣  ស្ដេច​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​យក​ពួក​អង្គរក្ស* ហើយ​រៀបចំ​ឲ្យ​សាឡូម៉ូន​កូន​ខ្ញុំ​ជិះ​លា*របស់​ខ្ញុំ+ រួច​ដង្ហែ​គាត់​ចុះ​ទៅ​ឯ​គីហុន។+ ៣៤  នៅ​ទី​នោះ សេដុក​ជា​សង្ឃ​និង​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ​នឹង​ចាក់​ប្រេង​តែង​តាំង​គាត់+ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល រួច​ផ្លុំ​ស្នែង​ហើយ​ស្រែក​ឡើង​ថា​៖ ‹សូម​ឲ្យ​ស្ដេច​សាឡូម៉ូន​មាន​អាយុ​យឺន​យូរ!›។+ ៣៥  ក្រោយ​មក ចូរ​ដង្ហែ​គាត់​មក​វិញ ហើយ​គាត់​នឹង​ចូល​មក​អង្គុយ​លើ​បល្ល័ង្ក​ខ្ញុំ។ ខ្ញុំ​នឹង​តែង​តាំង​គាត់​ជា​អ្នក​ដឹក​នាំ​អ៊ីស្រាអែល​និង​យូដា ជា​ស្ដេច​ជំនួស​ខ្ញុំ​»។ ៣៦  ភ្លាម​នោះ បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​អាមេន! សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ម្ចាស់​យល់​ស្រប​ដូច​នោះ​ដែរ។ ៣៧  ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​លោក​ម្ចាស់ នោះ​សូម​ឲ្យ​លោក​នៅ​ជា​មួយ​នឹង​សាឡូម៉ូន​ដែរ+ ហើយ​សូម​ឲ្យ​លោក​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង*របស់​សាឡូម៉ូន​រុង​រឿង​ជាង​ការ​គ្រប់​គ្រង​របស់​ស្ដេច​ដាវីឌ​ជា​ម្ចាស់​»។+ ៣៨  បន្ទាប់​មក សេដុក​ជា​សង្ឃ ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ពួក​កេរ៉ែត​និង​ពួក​ពេលេធីម+បាន​ចុះ​ទៅ ហើយ​រៀបចំ​ឲ្យ​សាឡូម៉ូន​ជិះ​លា​របស់​ស្ដេច​ដាវីឌ+ រួច​ពួក​គេ​ដង្ហែ​គាត់​ទៅ​ដល់​គីហុន។+ ៣៩  សេដុក​ជា​សង្ឃ​បាន​យក​ស្នែង​ដាក់​ប្រេង+ពី​ត្រសាល​របស់​ព្រះ+ ហើយ​ចាក់​ប្រេង​តែង​តាំង​សាឡូម៉ូន។+ រួច​មក ពួក​គេ​ផ្លុំ​ស្នែង ហើយ​បណ្ដា​ជន​ទាំង​អស់​បាន​ស្រែក​ឡើង​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​សាឡូម៉ូន​មាន​អាយុ​យឺន​យូរ!​»។ ៤០  ក្រោយ​មក បណ្ដា​ជន​ទាំង​អស់​បាន​ដង្ហែ​គាត់​ឡើង​ទៅ អម​ដោយ​សំឡេង​ខ្លុយ ហើយ​ពួក​គេ​អរ​សប្បាយ​ក្រៃ​លែង ដល់​ម្ល៉េះ​បាន​ជា​ដី​ញ័រ​រញ្ជួយ​ដោយ​សារ​សូរ​សំឡេង​អឺងកង។+ ៤១  ចំណែក​ឯ​អាដូនីយ៉ា​និង​អស់​អ្នក​ដែល​គាត់​បាន​អញ្ជើញ ពួក​គេ​ក៏​បាន​ឮ​សំឡេង​នោះ​ដែរ ក្រោយ​ពី​ពិសា​អាហារ​រួច។+ លុះ​កាល​យ៉ូអាប់​បាន​ឮ​សំឡេង​ផ្លុំ​ស្នែង គាត់​សួរ​ថា​៖ ​«​ហេតុ​អ្វី​ក៏​មាន​សូរ​អឺងកង​នៅ​ក្នុង​ក្រុង​ដូច្នេះ?​»។ ៤២  កាល​ដែល​គាត់​កំពុង​និយាយ​នៅ​ឡើយ យ៉ូណាថាន+ជា​កូន​អាប៊ីយ៉ាថា​ជា​សង្ឃ បាន​មក​ដល់។ ភ្លាម​នោះ អាដូនីយ៉ា​បាន​និយាយ​ថា​៖ ​«​ចូល​មក ព្រោះ​អ្នក​ជា​មនុស្ស​ល្អ ហើយ​អ្នក​ច្បាស់​ជា​នាំ​ដំណឹង​ល្អ​មក​ហើយ​»។ ៤៣  ប៉ុន្តែ យ៉ូណាថាន​បាន​តប​ឆ្លើយ​ទៅ​អាដូនីយ៉ា​ថា​៖ ​«​ទេ! ស្ដេច​ដាវីឌ​ជា​ម្ចាស់​បាន​តែង​តាំង​សាឡូម៉ូន​ជា​ស្ដេច​ហើយ។ ៤៤  ស្ដេច​ដាវីឌ​បាន​ចាត់​សេដុក​ជា​សង្ឃ ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា រួម​ទាំង​ពួក​កេរ៉ែត​និង​ពួក​ពេលេធីម ហើយ​ពួក​គេ​បាន​រៀបចំ​ឲ្យ​សាឡូម៉ូន​ជិះ​លា​របស់​ស្ដេច។+ ៤៥  រួច​មក សេដុក​ជា​សង្ឃ​និង​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ចាក់​ប្រេង​តែង​តាំង​សាឡូម៉ូន​ជា​ស្ដេច​នៅ​ត្រង់​គីហុន។ ក្រោយ​មក ពួក​គេ​ឡើង​ពី​នោះ​មក​ទាំង​អរ​សប្បាយ ហើយ​មាន​សំឡេង​អឺងកង​ពេញ​ក្នុង​ក្រុង។ នោះ​ហើយ​ជា​សំឡេង​ដែល​អស់​លោក​បាន​ឮ។ ៤៦  ណា​មួយ​ទៀត សាឡូម៉ូន​ក៏​បាន​អង្គុយ​លើ​បល្ល័ង្ក​រួច​ហើយ​ដែរ។ ៤៧  ពួក​អ្នក​បម្រើ​ស្ដេច​បាន​ចូល​ទៅ​អបអរសាទរ​ស្ដេច​ដាវីឌ​ជា​ម្ចាស់ ដោយ​និយាយ​ថា​៖ ‹សូម​ព្រះ​របស់​លោក​ធ្វើ​ឲ្យ​នាម​របស់​សាឡូម៉ូន​ប្រសើរ​ជាង​នាម​របស់​លោក ហើយ​សូម​ព្រះ​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង*របស់​សាឡូម៉ូន​រុង​រឿង​ជាង​ការ​គ្រប់​គ្រង​របស់​លោក!›។ ឯ​ស្ដេច​ក៏​បាន​ឱន​កាយ​នៅ​លើ​គ្រែ។ ៤៨  រួច​ស្ដេច​ក៏​បាន​និយាយ​ថា​៖ ‹សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ការ​សរសើរ​តម្កើង ព្រោះ​ថ្ងៃ​នេះ​លោក​បាន​ផ្ដល់​បុគ្គល​ម្នាក់​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ខ្ញុំ ហើយ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក!›​»។ ៤៩  ពេល​នោះ ភ្ញៀវ​ទាំង​អស់​របស់​អាដូនីយ៉ា​បាន​ភ័យ​ស្លុត ហើយ​បាន​ក្រោក​ឡើង រួច​ទៅ​តាម​ផ្លូវ​ពួក​គេ​រៀង​ៗ​ខ្លួន។ ៥០  អាដូនីយ៉ា​ក៏​ខ្លាច​សាឡូម៉ូន​ដែរ ដូច្នេះ គាត់​ក្រោក​ឡើង ហើយ​រត់​ទៅ​ចាប់​កាន់​ស្នែង​ទី​បូជា។+ ៥១  ប៉ុន្តែ មាន​គេ​ទៅ​ប្រាប់​សាឡូម៉ូន​ថា​៖ ​«​អាដូនីយ៉ា​ខ្លាច​លោក​ម្ចាស់ ហើយ​គាត់​រត់​ទៅ​ចាប់​កាន់​ស្នែង​ទី​បូជា ដោយ​និយាយ​ថា​៖ ‹សូម​ឲ្យ​ស្ដេច​សាឡូម៉ូន​ស្បថ​នឹង​ខ្ញុំ​សិន​ថា លោក​នឹង​មិន​សម្លាប់​ខ្ញុំ​ទេ›​»។ ៥២  នោះ​សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​បើ​គាត់​ប្រព្រឹត្ត​យ៉ាង​សម​គួរ នោះ​សូម្បី​តែ​សក់​មួយ​សរសៃ​របស់​គាត់​ក៏​មិន​ធ្លាក់​ដល់​ដី​ដែរ តែ​បើ​គាត់​ប្រព្រឹត្ត​អាក្រក់+ នោះ​គាត់​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ ៥៣  ដូច្នេះ ស្ដេច​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​នាំ​គាត់​ចុះ​ពី​ទី​បូជា។ បន្ទាប់​មក គាត់​ចូល​មក​លំឱន​កាយ​ក្រាប​គោរព​ស្ដេច​សាឡូម៉ូន រួច​សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​ចូរ​ទៅ​លំនៅ​របស់​អ្នក​ចុះ​»។

កំណត់សម្គាល់

ឬ​«​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត​»​
ន័យ​ត្រង់​«​បញ្ចុះ​ជា​មួយ​នឹង​បុព្វបុរស​»​
ន័យ​ត្រង់​«​ពួក​អ្នក​បម្រើ​ខ្ញុំ​»​
ន័យ​ត្រង់​«​លា​កាត់​»​
ន័យ​ត្រង់​«​បល្ល័ង្ក​»​
ន័យ​ត្រង់​«​បល្ល័ង្ក​»​