ដំណើរចាកចេញ ១:១-២២

  • ជន​ជាតិ​អ៊ីស្រាអែល​មាន​ចំនួន​កាន់​តែ​ច្រើន​នៅ​ស្រុក​អេហ្ស៊ីប (​១​-​៧)

  • ផារ៉ូ​សង្កត់​សង្កិន​ជន​ជាតិ​អ៊ីស្រាអែល (​៨​-​១៤)

  • ពួក​ឆ្មប​ដែល​កោត​ខ្លាច​ព្រះ​បាន​សង្គ្រោះ​ជីវិត​ជា​ច្រើន (​១៥​-​២២)

១  នេះ​ជា​បញ្ជី​ឈ្មោះ​កូន*របស់​អ៊ីស្រាអែល​ដែល​បាន​មក​ស្រុក​អេហ្ស៊ីប​ជា​មួយ​នឹង​យ៉ាកុប តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ ពួក​គេ​មាន​ដូច​ត​ទៅ​៖+ ២  រូបេន ស៊ីម្មាន លេវី យូដា+ ៣  អ៊ីសាខារ សេប៊ូឡូន បេនយ៉ាមីន ៤  ដាន់ ណែបថាលី កាដ និង​អេស៊ើរ។+ ៥  កូន​ចៅ​ទាំង​អស់​របស់​យ៉ាកុប​ដែល​មក​ស្រុក​អេហ្ស៊ីប​មាន​ចំនួន​៧០​នាក់ តែ​យ៉ូសែប​នៅ​ក្នុង​ស្រុក​នោះ​ស្រាប់​ហើយ។+ ៦  ក្រោយ​មក យ៉ូសែប​បាន​ស្លាប់+ ហើយ​បង​ប្អូន​គាត់​និង​មនុស្ស​នៅ​ជំនាន់​គាត់​ក៏​បាន​ស្លាប់​អស់​ដែរ។ ៧  កូន​ចៅ​អ៊ីស្រាអែល​បាន​កើន​ឡើង​យ៉ាង​លឿន​ពេញ​ក្នុង​ស្រុក​នោះ ហើយ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ក្លា​ទៀត​ផង។+ ៨  ក្រោយ​មក មាន​ស្ដេច​ថ្មី​មួយ​គ្រប់​គ្រង​លើ​ស្រុក​អេហ្ស៊ីប។ ស្ដេច​នោះ​មិន​ស្គាល់​យ៉ូសែប​ទេ។ ៩  ស្ដេច​នោះ​បាន​និយាយ​ទៅ​កាន់​រាស្ត្រ​របស់​គាត់​ថា​៖ ​«​មើល! ពួក​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​ជាង​យើង ហើយ​ក៏​ខ្លាំង​ក្លា​ជាង​យើង​ដែរ។+ ១០  ចូរ​យើង​ចាត់​វិធានការ​ទប់​ស្កាត់ កុំ​ឲ្យ​ពួក​គេ​មាន​ចំនួន​ច្រើន​ឡើង​ថែម​ទៀត។ បើ​មិន​ដូច្នោះ​ទេ ពេល​មាន​សង្គ្រាម ពួក​គេ​មុខ​ជា​ចូល​ដៃ​ជា​មួយ​នឹង​សត្រូវ មក​វាយ​ប្រហារ​យើង​មិន​ខាន ហើយ​ចាក​ចេញ​ពី​ស្រុក​នេះ​ទៅ​»។ ១១  ដូច្នេះ ពួក​អេហ្ស៊ីប​បាន​តែង​តាំង​អ្នក​ត្រួត​ត្រា​ខ្លះ ឲ្យ​ទៅ​កែន​ពួក​អ៊ីស្រាអែល​យក​មក​ធ្វើ​ការ​ធ្ងន់​ៗ​+ ហើយ​បង្ខំ​ពួក​គេ​ឲ្យ​សង់​ក្រុង​ភីថំ​និង​ក្រុង​រ៉ាមស៊ីស ទុក​ធ្វើ​ជា​ឃ្លាំង​សម្រាប់​ផារ៉ូ។+ ១២  ប៉ុន្តែ កា​ល​ដែល​ពួក​អេហ្ស៊ីប​គាប​សង្កត់​ពួក​អ៊ីស្រាអែល​កាន់​តែ​ខ្លាំង​យ៉ាង​ណា ពួក​អ៊ីស្រាអែល​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង​ពេញ​ស្រុក​យ៉ាង​នោះ​ដែរ។ ម្ល៉ោះ​ហើយ ពួក​អេហ្ស៊ីប​ខ្លាច​ពួក​អ៊ីស្រាអែល​ខ្លាំង​ណាស់។+ ១៣  ហេតុ​នេះ ពួក​អេហ្ស៊ីប​បាន​បង្ខំ​ពួក​អ៊ីស្រាអែល​ឲ្យ​ធ្វើ​ការ​យ៉ាង​ធ្ងន់​ដូច​ជា​ខ្ញុំ​បម្រើ។+ ១៤  ជីវិត​ពួក​អ៊ីស្រាអែល​ពិបាក​វេទនា​ណាស់ ព្រោះ​ពួក​អេហ្ស៊ីប​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ឥដ្ឋ​និង​បាយអ ព្រម​ទាំង​បង្ខំ​ឲ្យ​ធ្វើ​ការ​សព្វ​បែប​យ៉ាង​នៅ​ស្រែ​ចម្ការ។ ពួក​អេហ្ស៊ីប​បាន​ប្រើ​ពួក​គេ​ឲ្យ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ជា​ទាសករ។+ ១៥  ក្រោយ​មក ស្ដេច​អេហ្ស៊ីប​បាន​និយាយ​ទៅ​កាន់​ឆ្មប​ជន​ជាតិ​ហេប្រឺ​ពីរ​នាក់។ ឆ្មប​ម្នាក់​ឈ្មោះ​ស៊ីប្រា ម្នាក់​ទៀត​ឈ្មោះ​ភូអា។ ១៦  ស្ដេច​បាន​បង្គាប់​ពួក​គេ​ថា​៖ ​«​ពេល​អ្នក​ជួយ​បង្កើត​កូន​ឲ្យ​ស្ត្រីជន​ជាតិ​ហេប្រឺ+ បើ​អ្នក​ឃើញ​ថា​ជា​កូន​ប្រុស អ្នក​ត្រូវ​សម្លាប់​ចោល តែ​បើ​ជា​កូន​ស្រី អ្នក​ត្រូវ​ទុក​ឲ្យ​រស់​នៅ​វិញ​»។ ១៧  ប៉ុន្តែ ឆ្មប​ទាំង​ពីរ​នាក់​នោះ​ជា​អ្នក​កោត​ខ្លាច​ព្រះ​ពិត។ ដូច្នេះ ពួក​គេ​មិន​បាន​ធ្វើ​តាម​បង្គាប់​ស្ដេច​ស្រុក​អេហ្ស៊ីប​ទេ តែ​ពួក​គេ​បាន​ទុក​ឲ្យ​កូន​ប្រុស​ៗ​នៅ​រស់​វិញ។+ ១៨  លុះ​ក្រោយ​មក ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​ហៅ​ឆ្មប​ទាំង​ពីរ​នាក់​នោះ​មក​សួរ​ថា​៖ ​«​ម្ដេច​ក៏​ពួក​អ្នក​ទុក​ឲ្យ​កូន​ប្រុស​ៗ​នៅ​រស់​ដូច្នេះ?​»។ ១៩  ពួក​គេ​បាន​ឆ្លើយ​តប​ទៅ​ផារ៉ូ​ថា​៖ ​«​ស្ត្រីជន​ជាតិ​ហេប្រឺ​មិន​ដូច​ស្ត្រីជន​ជាតិ​អេហ្ស៊ីប​ទេ។ ពួក​គេ​រហ័ស​ណាស់ ឆ្មប​មិន​ទាន់​ទៅ​ដល់​ផង ពួក​គេ​សម្រាល​កូន​រួច​បាត់​ទៅ​ហើយ​»។ ២០  ដូច្នេះ ព្រះ​ក៏​បាន​ឲ្យ​ពរ​ដល់​ឆ្មប​ទាំង​ពីរ​នាក់​នោះ។ រីឯ​ពួក​អ៊ីស្រាអែល ពួក​គេ​មាន​ចំនួន​កាន់​តែ​ច្រើន ហើយ​កាន់​តែ​ខ្លាំង​ក្លា​ឡើង។ ២១  ចំណែក​ឆ្មប​ពីរ​នាក់​នោះ ព្រះ​ពិត​បាន​ឲ្យ​ពរ​ពួក​គេ​មាន​កូន​ចៅ​រៀង​ៗ​ខ្លួន ព្រោះ​តែ​ពួក​គេ​បាន​កោត​ខ្លាច​លោក។ ២២  ទី​បំផុត ផារ៉ូ​បាន​ចេញ​បញ្ជា​ដល់​រាស្ត្រ​របស់​គាត់​ថា​៖ ​«​ចូរ​យក​ទារក​ប្រុស​ៗ​ទាំង​អស់​របស់​ជន​ជាតិ​ហេប្រឺ បោះ​ទៅ​ក្នុង​ទន្លេ​នីល​ទៅ តែ​ទុក​ឲ្យ​ទារក​ស្រី​ៗ​នៅ​រស់​វិញ​»។+

កំណត់សម្គាល់

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល