លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទី១១

«ខ្ញុំបានតែងតាំងអ្នកជាអ្នកចាំយាម»

«ខ្ញុំបានតែងតាំងអ្នកជាអ្នកចាំយាម»

អេសេគាល ៣៣:៧

គោល​ចំណុច: ព្រះ​យេហូវ៉ា​តែង​តាំង​អ្នក​ចាំ​យាម ហើយ​ប្រាប់​គាត់​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ

១. សូម​រៀប​រាប់​អំពី​អ្វី​ដែល​អ្នក​ចាំ​យាម​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ និង​អំពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្រោយ​មក។

អ្នក​យាម​ម្នាក់​កំពុង​ឈរ​នៅ​លើ​កំពែង​ក្រុង​យេរូសាឡិម។ កាល​ដែល​ថ្ងៃ​កំពុង​លិច គាត់​បាន​យក​ដៃ​មក​បាំង​ភ្នែក​សង្កេត​មើល​ទៅ​ទិស​ខាង​លិច។ ភ្លាម​នោះ គាត់​លើក​ត្រែ​ឡើង ស្រូប​ខ្យល់​ចូល ហើយ​ផ្លុំ​ត្រែ​នោះ​ដើម្បី​ព្រមាន​បណ្ដា​ជន។ កង​ទ័ព​បាប៊ីឡូន​កំពុង​មក​ហើយ! ទោះ​ជា​អ្នក​ក្រុង​ឮ​សំឡេង​ត្រែ​លាន់​ឮ​ក៏​ដោយ តែ​ហួស​ពេល​ហើយ​សម្រាប់​ពួក​គេ។ ព្រោះ​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ព្រមាន​របស់​ព្រះ​ទេ។ អស់​ជា​ច្រើន​ទសវត្សរ៍ ពួក​អ្នក​ចាំ​យាម​ឬ​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង ព្រមាន​ពួក​គេ​ថា​ថ្ងៃ​នេះ​នឹង​មក​ដល់ តែ​ពួក​គេ​មិន​ស្ដាប់​ទេ។ ឥឡូវ​នេះ ទ័ព​បាប៊ីឡូន​ឡោម​ព័ទ្ធ​ក្រុង​ហើយ។ លុះ​ច្រើន​ខែ​ក្រោយ​មក ទ័ព​បាប៊ីឡូន​បាន​ទម្លាយ​កំពែង​ក្រុង ចូល​ទៅ​បំផ្លាញ​វិហារ ហើយ​សម្លាប់​អ្នក​ក្រុង​ដែល​គ្មាន​ជំនឿ​និង​ដែល​គោរព​បូជា​រូប​ព្រះ។ រីឯ​អ្នក​ខ្លះ​ទៀត ពួក​គេ​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។

២, ៣. ​(​ក​) តើ​សព្វ​ថ្ងៃ​មនុស្សជាតិ​កំពុង​ជួប​ប្រទះ​នឹង​ស្ថានភាព​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

សព្វ​ថ្ងៃ​នេះ ទ័ព​របស់​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​ដំណើរ​មក​វាយ​ប្រហារ​មនុស្សជាតិ​ដែល​គ្មាន​ជំនឿ​នៅ​ផែនដី។ (​បប. ១៧:១២​-​១៤​) ការ​វាយ​ប្រហារ​នោះ​នឹង​កើត​ឡើង​នៅ​ផ្នែក​ចុង​ក្រោយ​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស។ (​ម៉ាថ. ២៤:២១​) ប៉ុន្តែ គឺ​មិន​ទាន់​ហួស​ពេល​ទេ​សម្រាប់​មនុស្ស​ជា​ច្រើន ដែល​ធ្វើ​តាម​ការ​ព្រមាន​ពី​ពួក​អ្នក​ចាំ​យាម​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង។

តើ​អ្វី​ជំរុញ​ឲ្យ​ព្រះ​យេហូវ៉ា​តែង​តាំង​ពួក​អ្នក​ចាំ​យាម? តើ​អ្នក​ចាំ​យាម​ប្រកាស​ដំណឹង​បែប​ណា? តើ​អ្នក​ណា​បំពេញ​តួ​នាទី​នេះ? ហើយ​តើ​យើង​មាន​តួ​នាទី​អ្វី? សូម​ឲ្យ​យើង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

​«​អ្នក​ត្រូវ​ព្រមាន​ពួក​គេ​ជំនួស​ខ្ញុំ​»​

៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​តែង​តាំង​ពួក​អ្នក​ចាំ​យាម? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

សូម​អាន អេសេគាល ៣៣:៧តាម​ធម្មតា​ពួក​អ្នក​ចាំ​យាម​ឈរ​នៅ​លើ​កំពែង​ក្រុង ដើម្បី​មើល​ការ​ពារ​សុវត្ថិភាព​របស់​អ្នក​ក្រុង​នោះ។ ការ​មាន​ពួក​អ្នក​ចាំ​យាម​ជា​ភ័ស្តុតាង​បញ្ជាក់​ថា អ្នក​គ្រប់​គ្រង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាស្ត្រ​ខ្លួន។ ទោះ​ជា​សំឡេង​ត្រែ​របស់​អ្នក​ចាំ​យាម​ប្រហែល​ជា​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​កំពុង​ដេក​លក់​ភ្ញាក់​ក៏​ដោយ តែ​សំឡេង​ព្រមាន​នោះ​អាច​សង្គ្រោះ​ជីវិត​អស់​អ្នក​ដែល​ធ្វើ​តាម​ការ​ព្រមាន​នោះ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ពួក​អ្នក​ចាំ​យាម មិន​មែន​លោក​ចង់​បំភ័យ​ជន​ជាតិ​អ៊ីស្រាអែល​ដោយ​ដំណឹង​អាក្រក់​ទេ តែ​ដោយ​សារ​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាស្ត្រ​របស់​លោក ហើយ​ចង់​សង្គ្រោះ​ជីវិត​ពួក​គេ។

៥, ៦. តើ​របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​អំពី​យុត្តិធម៌​របស់​លោក​គឺ​ជា​អ្វី?

ពេល​តែង​តាំង​អេសេគាល​ឲ្យ​ធ្វើ​ជា​អ្នក​ចាំ​យាម ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​ផ្នែក​ផ្សេង​ៗ​នៃ​បុគ្គលិក​លក្ខណៈ​របស់​លោក ដែល​ជួយ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​លើ​លោក។ សូម​ពិចារណា​ផ្នែក​ពីរ​នៃ​បុគ្គលិក​លក្ខណៈ​របស់​លោក។

យុត្តិធម៌: ព្រះ​យេហូវ៉ា​បង្ហាញ​យុត្តិធម៌​របស់​លោក ដោយ​ប្រព្រឹត្ត​មិន​រើស​មុខ​មក​លើ​យើង​ម្នាក់​ៗ។ ជា​ឧទាហរណ៍ ទោះ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​បាន​ឮ​ដំណឹង​ដែល​អេសេគាល​ប្រកាស ហើយ​មិន​ធ្វើ​តាម​ក្ដី ក៏​ព្រះ​យេហូវ៉ា​មិន​ចាត់​ទុក​ពួក​គេ​ទាំង​អស់​ជា​ក្រុម​បះ​បោរ​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ចង់​ឃើញ​ពួក​គេ​ម្នាក់​ៗ​ប្រែ​ចិត្ត ហើយ​លោក​មាន​ប្រសាសន៍​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ព្រមាន​ដល់​«​មនុស្ស​សុចរិត​»​និង​«​មនុស្ស​ទុច្ចរិត​»។ ហេតុ​នេះ ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ពួក​គេ​ម្នាក់​ៗ​ដោយ​ផ្អែក​ទៅ​លើ​ប្រតិកម្ម​របស់​ពួក​គេ​ចំពោះ​ដំណឹង​នោះ។—អេគ. ៣៣:៨, ១៨​-​២០

៧. តើ​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​មនុស្ស​ដោយ​ផ្អែក​ទៅ​លើ​អ្វី?

បន្ថែម​ទៅ​ទៀត យើង​អាច​ឃើញ​យុត្តិធម៌​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​វិនិច្ឆ័យ​ទោស​មនុស្ស។ លោក​កាត់​ទោស​បុគ្គល​ម្នាក់​ៗ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ចំពោះ​ការ​ព្រមាន​នៅ​ពេល​បច្ចុប្បន្ន មិន​មែន​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​នៅ​អតីតកាល​នោះ​ទេ។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​អេសេគាល​ថា​៖ ​«​ពេល​ខ្ញុំ​និយាយ​ទៅ​មនុស្ស​ទុច្ចរិត​ថា​៖ ‹អ្នក​នឹង​ស្លាប់​ជា​ប្រាកដ!› តែ​បើ​មនុស្ស​ទុច្ចរិត​នោះ​កែ​ខ្លួន​ឈប់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទៀត ហើយ​បែរ​មក​ប្រព្រឹត្ត​អ្វី​ដែល​សុចរិត​និង​យុត្តិធម៌​វិញ . . . នោះ​គាត់​នឹង . . . បន្ត​រស់​រាន​មាន​ជីវិត​»។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​ឯ​អំពើ​ខុស​ឆ្គង​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ប្រព្រឹត្ត នឹង​គ្មាន​នរណា​នឹក​ចាំ​ទៀត​ទេ​»។ (​អេគ. ៣៣:១៤​-​១៦​) ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​បះ​បោរ​ប្រឆាំង​នៅ​ឥឡូវ​នេះ​មិន​អាច​រំពឹង​ថា​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់ ដោយ​សារ​តែ​គាត់​ធ្លាប់​ប្រព្រឹត្ត​សុចរិត​និង​ស្ដាប់​បង្គាប់​នៅ​អតីតកាល​នោះ​ទេ។ ព្រះ​យេហូវ៉ា​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា បើ​បុគ្គល​ម្នាក់​បែរ​ទៅ​ធ្វើ​ខុស​ដោយ​«​អាង​ថា​ខ្លួន​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ស្លាប់​ដោយ​សារ​កំហុស​ឆ្គង​របស់​ខ្លួន។ រីឯ​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​របស់​គាត់ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត​ឡើយ​»។—អេគ. ៣៣:១៣

៨. តើ​ការ​ព្រមាន​ទុក​ជា​មុន​បង្រៀន​យើង​យ៉ាង​ណា​អំពី​យុត្តិធម៌​របស់​ព្រះ​យេហូវ៉ា?

មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​អាច​ឃើញ​យុត្តិធម៌​របស់​ព្រះ​យេហូវ៉ា តាម​រយៈ​ការ​ព្រមាន​ដែល​លោក​បាន​ប្រាប់ មុន​នឹង​លោក​ចាត់​វិធានការ។ អេសេគាល​ចាប់​ផ្ដើម​បំពេញ​ភារកិច្ច​របស់​គាត់​ក្នុង​ការ​ព្រមាន ប្រហែល​៦​ឆ្នាំ​មុន​នឹង​កង​ទ័ព​បាប៊ីឡូន​មក​បំផ្លាញ​ក្រុង​យេរូសាឡិម។ ប៉ុន្តែ អេសេគាល​មិន​មែន​ជា​បុគ្គល​ដំបូង​ដែល​ព្រមាន​រាស្ត្រ​ព្រះ​ថា​ពួក​គេ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​នោះ​ទេ។ ជាង​១០០​ឆ្នាំ​មុន​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម ព្រះ​យេហូវ៉ា​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ដូច​ជា​ហូសេ អេសាយ មីកា អូដេត និង​យេរេមា​ឲ្យ​បំពេញ​តួ​នាទី​ជា​អ្នក​ចាំ​យាម។ ព្រះ​យេហូវ៉ា​បាន​ចាត់​យេរេមា​ឲ្យ​ទៅ​រំលឹក​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ​«​ខ្ញុំ​ក៏​បាន​តែង​តាំង​ពួក​អ្នក​យាម ហើយ​ពួក​គេ​បាន​និយាយ​ថា​៖ ‹ចូរ​ប្រុង​ស្ដាប់​សំឡេង​ផ្លុំ​ស្នែង​ទៅ!›​»។ (​យេ. ៦:១៧​) ដូច្នេះ ពេល​ដែល​ព្រះ​យេហូវ៉ា​កាត់​ទោស​ពួក​គេ​តាម​រយៈ​ពួក​បាប៊ីឡូន នោះ​ពួក​គេ​មិន​អាច​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​ពួក​អ្នក​ចាំ​យាម​ចំពោះ​ការ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នោះ​ឡើយ។

៩. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់?

សេចក្ដី​ស្រឡាញ់: ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដោយ​ចាត់​ពួក​អ្នក​ចាំ​យាម​របស់​លោក ឲ្យ​ទៅ​ព្រមាន​មិន​គ្រាន់​តែ​មនុស្ស​សុចរិត​ប៉ុណ្ណោះ​ទេ តែ​ក៏​ព្រមាន​មនុស្ស​ទុច្ចរិត​ផង​ដែរ គឺ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត​និង​ធ្វើ​ឲ្យ​នាម​របស់​លោក​អាប់​ឱន។ សូម​គិត​ទៅ​មើល បណ្ដា​ជន​អ៊ីស្រាអែល​ដែល​គេ​ស្គាល់​ថា​ជា​រាស្ត្រ​របស់​ព្រះ​បែរ​ជា​ក្បត់​លោក​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​ទៅ​គោរព​បូជា​ព្រះ​មិន​ពិត​ទៅ​វិញ! ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​អំពី​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​របស់​លោក​ចំពោះ​ការ​ក្បត់​នេះ ដោយ​ប្រៀប​ប្រដូច​ប្រជាជាតិ​នេះ​ទៅ​នឹង​ប្រពន្ធ​ដែល​ផិត​ក្បត់។ (​អេគ. ១៦:៣២​) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​ឆាប់​បោះ​បង់​ចោល​ពួក​គេ​ទេ។ លោក​ស្វែង​រក​ការ​ផ្សះ​ផ្សា មិន​មែន​ការ​សង​សឹក​ឡើយ។ ពេល​ដែល​លោក​ហូត​ដាវ​វិនិច្ឆ័យ​ទោស​ពួក​គេ នោះ​គឺ​ជា​ជម្រើស​ចុង​ក្រោយ មិន​មែន​ជា​ជម្រើស​ដំបូង​ទេ។ ហេតុ​អ្វី? លោក​បាន​ប្រាប់​អេសេគាល​ថា​៖ ​«​ខ្ញុំ​មិន​ត្រេក​អរ​ទេ ពេល​ឃើញ​មនុស្ស​ទុច្ចរិត​ស្លាប់។ ប៉ុន្តែ ខ្ញុំ​ពេញ​ចិត្ត​ណាស់​ពេល​ឃើញ​មនុស្ស​ទុច្ចរិត​កែ​ខ្លួន ហើយ​បន្ត​រស់​រាន​មាន​ជីវិត​»។ (​អេគ. ៣៣:១១​) នេះ​ជា​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​នៅ​សម័យ​មុន ហើយ​លោក​ក៏​មាន​អារម្មណ៍​ដូច្នេះ​ដែរ​ចំពោះ​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ។—ម៉ាឡ. ៣:៦

១០, ១១. តើ​យើង​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​លោក?

១០ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​របៀប​ដែល​ប្រកប​ដោយ​យុត្តិធម៌​និង​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ចំពោះ​បណ្ដា​ជន​អ៊ីស្រាអែល? មេ​រៀន​មួយ​គឺ​យើង​មិន​ត្រូវ​ចាត់​ទុក​មនុស្ស​ដែល​យើង​ផ្សព្វ​ផ្សាយ​ថា​ជា​ក្រុម​មនុស្ស​ដែល​មិន​អាច​កែ​ប្រែ​បាន​នោះ​ឡើយ តែ​យើង​ចង់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណុច​ល្អ​របស់​ពួក​គេ​ម្នាក់​ៗ។ គឺ​មិន​ត្រឹម​ត្រូវ​ទេ បើ​យើង​វិនិច្ឆ័យ​ទុក​ជា​មុន​ថា​មនុស្ស​ណា​ម្នាក់​មិន​សម​នឹង​ឮ​ដំណឹង​ដែល​យើង​ផ្សាយ ដោយ​សារ​តែ​ការ​ប្រព្រឹត្ត​ពី​មុន​របស់​គាត់។ ម្យ៉ាង​ទៀត បើ​យើង​វិនិច្ឆ័យ​បុគ្គល​ម្នាក់​ដោយ​សារ​តែ​ពណ៌​សម្បុរ ឋានៈ​សង្គម ឬ​ភាសា ឬ​មជ្ឈដ្ឋាន​របស់​គាត់ នោះ​គឺ​មិន​ត្រឹម​ត្រូវ​ឡើយ។ ព្រះ​យេហូវ៉ា​បាន​បង្រៀន​សាវ័ក​ពេត្រុស​នូវ​មេ​រៀន​ដ៏​សំខាន់​មួយ​ដែល​មាន​ឥទ្ធិពល​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ដែល​ថា​៖ ​«​ព្រះ​មិន​រើស​មុខ​ទេ។ ប៉ុន្តែ នៅ​គ្រប់​ប្រជាជាតិ អ្នក​ណា​ដែល​កោត​ខ្លាច​លោក ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ លោក​ពេញ​ចិត្ត​អ្នក​នោះ​»។—សកម្ម. ១០:៣៤, ៣៥

តើ​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​គេ​ឬ​ទេ? (សូម​មើល​វគ្គ​១០)

១១ មេ​រៀន​ដ៏​សំខាន់​មួយ​ទៀត គឺ​ថា​យើង​ត្រូវ​គិត​ពិចារណា​អំពី​ខ្លួន​យើង​ឲ្យ​បាន​ដិត​ដល់។ អំពើ​សុចរិត​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន មិន​អាច​ជា​លេស​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នៅ​ពេល​ឥឡូវ​នេះ​ទេ។ យើង​គួរ​ចាំ​ថា យើង​ក៏​មាន​ទំនោរ​ចិត្ត​ខុស​ឆ្គង​ដូច​មនុស្ស​ដែល​នៅ​តំបន់​ផ្សាយ​របស់​យើង​ដែរ។ ឱវាទ​ដែល​សាវ័ក​ប៉ូល​ឲ្យ​ដល់​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​ក៏​ជាប់​ទាក់​ទង​នឹង​យើង​ដែរ។ ឱវាទ​នោះ​ចែង​ថា​៖ ​«​ចូរ​ឲ្យ​អ្នក​ដែល​គិត​ថា​ខ្លួន​ឈរ ប្រយ័ត្ន​ក្រែង​លោ​ដួល។ គ្មាន​សេចក្ដី​ល្បួង​ណា​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដែល​មនុស្ស​ឯ​ទៀត​មិន​ធ្លាប់​ជួប​នោះ​ឡើយ​»។ (​១កូ. ១០:១២, ១៣​) យើង​មិន​ចង់​«​អាង​ថា​ខ្លួន​ជា​មនុស្ស​សុចរិត​»​ និង​អាង​ថា​យើង​កំពុង​ធ្វើ​កិច្ច​ការ​ល្អ​ជា​ច្រើន ហើយ​យក​នោះ​ជា​លេស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា រួច​គិត​ថា​ខ្លួន​នឹង​មិន​ទទួល​ទោស​នោះ​ទេ។ (​អេគ. ៣៣:១៣​) មិន​ថា​យើង​បម្រើ​ព្រះ​យេហូវ៉ា​យូរ​យ៉ាង​ណា​ក៏​ដោយ គឺ​ជា​ការ​ចាំ​បាច់​ឲ្យ​យើង​រក្សា​ចិត្ត​គំនិត​រាប​ទាប​និង​ចេះ​ស្ដាប់​បង្គាប់។

១២. បើ​យើង​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​នៅ​អតីតកាល តើ​យើង​គួរ​ចាំ​អំពី​អ្វី?

១២ ចុះ​បើ​យើង​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​នៅ​អតីតកាល តែ​ឥឡូវ​មាន​អារម្មណ៍​ស្ដាយ​ក្រោយ? តាម​រយៈ​ដំណឹង​ពី​អេសេគាល យើង​រៀន​ថា​ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​អស់​អ្នក​ធ្វើ​ខុស​ដែល​មិន​ប្រែ​ចិត្ត។ ប៉ុន្តែ យើង​ក៏​រៀន​ដែរ​ថា​គុណ​សម្បត្តិ​ចម្បង​របស់​ព្រះ​យេហូវ៉ា​គឺ​សេចក្ដី​ស្រឡាញ់។ ដូច្នេះ លោក​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ មិន​មែន​ជា​ព្រះ​នៃ​ការ​សង​សឹក​ទេ។ (​១យ៉ូន. ៤:៨​) បើ​យើង​បង្ហាញ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង​ថា​យើង​ប្រែ​ចិត្ត​មែន យើង​មិន​គួរ​មាន​អារម្មណ៍​ថា​ព្រះ​មិន​អាច​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង​បាន​ឡើយ។ (​យ៉ា. ៥:១៤, ១៥​) ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អភ័យ​ទោស​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​ក្បត់​លោក ដូច្នេះ​លោក​ក៏​ពេញ​ចិត្ត​អភ័យ​ទោស​ឲ្យ​យើង​ដែរ។—ចសព. ៨៦:៥

​«​ចូរ​និយាយ​ទៅ​កាន់​ជន​រួម​ជាតិ​អ្នក​»​

១៣, ១៤. ​(​ក​) តើ​ដំណឹង​បែប​ណា​ដែល​ពួក​អ្នក​ចាំ​យាម​ត្រូវ​ប្រកាស? (​ខ​) តើ​អេសាយ​បាន​ប្រកាស​ដំណឹង​អ្វី?

១៣ សូម​អាន អេសេគាល ៣៣:២, ៣តើ​ដំណឹង​បែប​ណា​ដែល​ពួក​អ្នក​ចាំ​យាម​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ប្រកាស? ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ភារកិច្ច​របស់​ពួក​គេ​គឺ​ព្រមាន​បណ្ដា​ជន តែ​ពួក​គេ​ក៏​ត្រូវ​ប្រកាស​ដំណឹង​ល្អ​ដែរ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ។

១៤ ប្រហែល​នៅ​ឆ្នាំ​៧៧៨​ដល់​ឆ្នាំ​៧៣២ មុន​គ.ស. អេសាយ​បាន​បំពេញ​ភារកិច្ច​ជា​អ្នក​ប្រកាស​ទំនាយ។ គាត់​ព្រមាន​ថា​ពួក​បាប៊ីឡូន​នឹង​ចាប់​យក​ក្រុង​យេរូសាឡិម ហើយ​ចាប់​អ្នក​ក្រុង​ធ្វើ​ជា​ឈ្លើយ។ (​អេ. ៣៩:៥​-​៧​) ប៉ុន្តែ ព្រះ​ក៏​បាន​ដឹក​នាំ​គាត់​ឲ្យ​សរសេរ​ថា​៖ ​«​ចូរ​ស្ដាប់! ពួក​អ្នក​ចាំ​យាម​របស់​អ្នក​កំពុង​បន្លឺ​សំឡេង​ឡើង ពួក​គេ​ស្រែក​ឡើង​ព្រម​គ្នា​ដោយ​អំណរ ព្រោះ​ពួក​គេ​នឹង​ឃើញ​យ៉ាង​ច្បាស់​នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា យក​ស៊ីយ៉ូន​ត្រឡប់​មក​វិញ​»។ (​អេ. ៥២:៨​) អេសាយ​បាន​ប្រកាស​ដំណឹង​ដ៏​ល្អ​បំផុត​គឺ​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ!

១៥. តើ​យេរេមា​បាន​ប្រកាស​ដំណឹង​អ្វី?

១៥ ចាប់​ពី​ឆ្នាំ​៦៤៧​ដល់​ឆ្នាំ​៥៨០ មុន​គ.ស. យេរេមា​បម្រើ​ជា​អ្នក​ប្រកាស​ទំនាយ។ ជា​ញឹក​ញយ បណ្ដា​ជន​ដាក់​ងារ​ឲ្យ​គាត់​ថា​«​ជន​ដែល​ប្រកាស​ពី​អន្តរាយ​»។ គាត់​ច្បាស់​ជា​បំពេញ​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ប្រសើរ​ក្នុង​ការ​ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ទុច្ចរិត អំពី​អន្តរាយ​ដែល​ព្រះ​យេហូវ៉ា​នឹង​នាំ​មក​លើ​ពួក​គេ។ * ប៉ុន្តែ យេរេមា​ក៏​ប្រកាស​អំពី​ដំណឹង​ល្អ​ដែរ ដោយ​ប្រាប់​ទុក​ជា​មុន​ថា​រាស្ត្រ​របស់​ព្រះ​នឹង​ត្រឡប់​មក​ស្រុក​របស់​ពួក​គេ​វិញ ហើយ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​សា​ជា​ថ្មី​នៅ​ទី​នោះ។—យេ. ២៩:១០​-​១៤; ៣៣:១០, ១១

១៦. តើ​តាម​របៀប​ណា​ដំណឹង​របស់​អេសេគាល​ផ្ដល់​ប្រយោជន៍​ដល់​ជន​និរទេស​នៅ​បាប៊ីឡូន?

១៦ នៅ​ឆ្នាំ​៦១៣ មុន​គ.ស. អេសេគាល​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ចាំ​យាម ហើយ​គាត់​បាន​បន្ត​បំពេញ​ភារកិច្ច​នោះ​យ៉ាង​ហោច​ណាស់​ដល់​ឆ្នាំ​៥៩១ មុន​គ.ស.។ ដូច​យើង​បាន​រៀន​នៅ​ជំពូក​ទី​៥​និង​ អេសេគាល​បាន​ព្រមាន​បណ្ដា​ជន​អ៊ីស្រាអែល​យ៉ាង​ខ្នះ​ខ្នែង​អំពី​ការ​បំផ្លាញ​ដែល​នឹង​ធ្លាក់​មក​លើ​ពួក​គេ។ ដោយ​ធ្វើ​ដូច្នេះ គាត់​បាន​រួច​ពី​ទោស​ឈាម​របស់​មនុស្ស​ដែល​នឹង​ស្លាប់។ នៅ​ដំណាល​គ្នា​នោះ គាត់​មិន​គ្រាន់​តែ​ព្រមាន​ជន​និរទេស​ថា​ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​ពួក​អ្នក​ក្បត់​ជំនឿ​នៅ​ក្រុង​យេរូសាឡិម​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​ជួយ​ជន​និរទេស​នៅ​ស្រុក​បាប៊ីឡូន​ឲ្យ​រក្សា​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា ដើម្បី​ពួក​គេ​អាច​ត្រៀម​ខ្លួន​សម្រាប់​កិច្ច​ការ​នៅ​ថ្ងៃ​អនាគត។ នៅ​ដំណាច់​៧០​ឆ្នាំ​នៃ​ការ​ជាប់​ជា​ឈ្លើយ ព្រះ​យេហូវ៉ា​នឹង​នាំ​រាស្ត្រ​របស់​លោក​ដែល​នៅ​សល់ ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ។ (​អេគ. ៣៦:៧​-​១១​) បណ្ដា​ជន​ទាំង​នេះ​ភាគ​ច្រើន​ជា​កូន​ចៅ​របស់​ពួក​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អេសេគាល។ ដូច​ជំពូក​ផ្សេង​ទៀត​ក្នុង​ផ្នែក​ទី​៣​នេះ​បាន​រៀប​រាប់ មាន​ដំណឹង​ល្អ​ជា​ច្រើន​ដែល​អេសេគាល​បាន​ប្រាប់ ដែល​បញ្ជាក់​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ​នៅ​ក្រុង​យេរូសាឡិម។

១៧. តើ​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ពួក​អ្នក​ចាំ​យាម​នៅ​ពេល​ណា?

១៧ ក្នុង​អំឡុង​ពេល​មុន​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​ក្នុង​ឆ្នាំ​៦០៧ មុន​គ.ស. មាន​ពួក​អ្នក​ប្រកាស​ទំនាយ​មួយ​ចំនួន​ដែល​ប្រាប់​ដំណឹង​ពី​ព្រះ​ដល់​រាស្ត្រ​លោក។ តើ​មាន​តែ​ពួក​គាត់​ប៉ុណ្ណោះ​ឬ​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ជា​អ្នក​ចាំ​យាម? មិន​មែន​ទេ។ រាល់​ព្រឹត្តិការណ៍​សំខាន់​ៗ​ក្នុង​អំឡុង​ពេល​ដែល​ព្រះ​យេហូវ៉ា​សម្រេច​គោល​បំណង​របស់​លោក លោក​បាន​តែង​តាំង​ពួក​អ្នក​ចាំ​យាម​ឲ្យ​ព្រមាន​មនុស្ស​ទុច្ចរិត និង​ឲ្យ​ប្រកាស​ដំណឹង​ល្អ។

ពួក​អ្នក​ចាំ​យាម​នៅ​សតវត្សរ៍​ទី​១

១៨. តើ​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​បំពេញ​ភារកិច្ច​អ្វី?

១៨ នៅ​សតវត្សរ៍​ទី​១ គ.ស. យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​បំពេញ​ភារកិច្ច​ជា​អ្នក​ចាំ​យាម។ គាត់​បាន​ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល​ថា បន្តិច​ទៀត​ព្រះ​នឹង​លែង​ទទួល​ស្គាល់​ពួក​គេ។ (​ម៉ាថ. ៣:១, ២, ៩​-​១១​) ប៉ុន្តែ គាត់​មិន​ត្រឹម​តែ​បំពេញ​ភារកិច្ច​នោះ​ប៉ុណ្ណោះ​ទេ តែ​គាត់​ធ្វើ​ច្រើន​ជាង​នោះ​ទៅ​ទៀត។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​យ៉ូហាន​គឺ​ជា​«​ទូត​»​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន ហើយ​គាត់​នឹង​រៀបចំ​ផ្លូវ​ឲ្យ​មេស្ស៊ី។ (​ម៉ាឡ. ៣:១; ម៉ាថ. ១១:៧​-​១០​) ភារកិច្ច​របស់​គាត់​រួម​បញ្ចូល​ការ​ប្រកាស​ដំណឹង​ល្អ ដែល​ថា​លោក​យេស៊ូ​ជា​«​កូន​ចៀម​របស់​ព្រះ​»​បាន​មក​ដល់ ហើយ​លោក​នឹង​ដក​យក​«​ភាព​ខុស​ឆ្គង​របស់​ពិភព​លោក​ចេញ​»។—យ៉ូន. ១:២៩, ៣០

១៩, ២០. តើ​តាម​របៀប​ណា​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បំពេញ​ភារកិច្ច​ជា​អ្នក​ចាំ​យាម?

១៩ ក្នុង​ចំណោម​អ្នក​ចាំ​យាម​ទាំង​អស់ លោក​យេស៊ូ​គឺ​ជា​អ្នក​ចាំ​យាម​ដែល​សំខាន់​ជាង​គេ​បំផុត។ ដូច​ព្រះ​យេហូវ៉ា​បាន​ចាត់​អេសេគាល លោក​ក៏​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ដល់​«​ពូជ​ពង្ស​អ៊ីស្រាអែល​»​ដែរ។ (​អេគ. ៣:១៧; ម៉ាថ. ១៥:២៤​) លោក​យេស៊ូ​បាន​ព្រមាន​ថា​បន្តិច​ទៀត ព្រះ​នឹង​លែង​ទទួល​ស្គាល់​ប្រជាជាតិ​អ៊ីស្រាអែល ហើយ​ប្រាប់​ថា​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​ម៉ាថ. ២៣:៣៧, ៣៨; ២៤:១, ២; លូក. ២១:២០​-​២៤​) ទោះ​ជា​យ៉ាង​នោះ​ក្ដី ភារកិច្ច​ចម្បង​របស់​លោក​គឺ​ប្រកាស​ដំណឹង​ល្អ។—លូក. ៤:១៧​-​២១

២០ កាល​ដែល​លោក​យេស៊ូ​នៅ​ផែនដី លោក​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ចំ​ៗ​ថា​៖ ​«​ចូរ​ចាំ​យាម​»។ (​ម៉ាថ. ២៤:៤២​) ពួក​គេ​បាន​ធ្វើ​តាម​បង្គាប់​លោក ហើយ​បំពេញ​ភារកិច្ច​ជា​អ្នក​ចាំ​យាម ដោយ​ព្រមាន​ថា​ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​ប្រជាជាតិ​អ៊ីស្រាអែល​និង​ក្រុង​យេរូសាឡិម​ទៀត​ហើយ។ (​រ៉ូម ៩:៦​-​៨; កាឡ. ៤:២៥, ២៦​) ដូច​ពួក​អ្នក​ចាំ​យាម​នៅ​សម័យ​មុន ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ក៏​ត្រូវ​ប្រកាស​ដំណឹង​ល្អ​ដែរ។ ដំណឹង​របស់​ពួក​គេ​រួម​បញ្ចូល​សេចក្ដី​ប្រកាស​ដ៏​អស្ចារ្យ ដែល​ថា​ជន​ជាតិ​ដទៃ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​រួម​ចំណែក​ជា​មួយ​នឹង​ពួក​អ្នក​រើស​តាំង​ដែល​ជា​អ៊ីស្រាអែល​នៃ​ព្រះ ហើយ​មាន​ឯកសិទ្ធិ​ជួយ​គ្រិស្ត​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​នៅ​ផែនដី។—សកម្ម. ១៥:១៤; កាឡ. ៦:១៥, ១៦; បប. ៥:៩, ១០

២១. តើ​ប៉ូល​បាន​ទុក​គំរូ​អ្វី?

២១ ក្នុង​ចំណោម​ពួក​អ្នក​ចាំ​យាម​នៅ​សតវត្សរ៍​ទី​១ សាវ័ក​ប៉ូល​បាន​ទុក​គំរូ​ដ៏​ប្រសើរ។ គាត់​បាន​បំពេញ​ភារកិច្ច​ខ្លួន​យ៉ាង​ហ្មត់​ចត់។ ដូច​អេសេគាល គាត់​ដឹង​ថា​គាត់​នឹង​មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស បើ​គាត់​មិន​បំពេញ​ភារកិច្ច​របស់​គាត់។ (​សកម្ម. ២០:២៦, ២៧​) ប៉ូល​បាន​ដើរ​តាម​លំអាន​ដាន​របស់​ពួក​អ្នក​ចាំ​យាម​ឯ​ទៀត ដោយ​ប្រកាស​ដំណឹង​ល្អ​ដែរ មិន​គ្រាន់​តែ​ប្រកាស​អំពី​ការ​ព្រមាន​ប៉ុណ្ណោះ​ទេ។ (​សកម្ម. ១៥:៣៥; រ៉ូម ១:១​-​៤​) តាម​ពិត ក្រោម​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​បរិសុទ្ធ គាត់​បាន​ដក​ស្រង់​ទំនាយ​ដែល​អេសាយ​បាន​កត់​ទុក ដែល​ថា​៖ ​«​នៅ​លើ​ភ្នំ​មាន​អ្នក​ដែល​កំពុង​នាំ​ដំណឹង​ល្អ​មក ជើង​របស់​គាត់​គឺ​ស្អាត​ណាស់​ហ្ន៎!​»។ បន្ថែម​ទៅ​ទៀត គាត់​បាន​បញ្ជាក់​ថា​ពាក្យ​នេះ​សំដៅ​ទៅ​លើ​កិច្ចការ​ដែល​ពួក​អ្នក​កាន់​តាម​គ្រិស្ត​ធ្វើ កាល​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ។—អេ. ៥២:៧, ៨; រ៉ូម ១០:១៣​-​១៥

២២. តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​ពួក​សាវ័ក​បាន​ស្លាប់?

២២ ក្រោយ​ពី​ពួក​សាវ័ក​បាន​ស្លាប់ ដូច​បាន​ប្រកាស​ទុក​ជា​មុន មាន​ពួក​អ្នក​ក្បត់​ជំនឿ​ជា​ច្រើន​ជ្រៀត​ចូល​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ (​សកម្ម. ២០:២៩, ៣០; ២​ថែ. ២:៣​-​៨​) អស់​រយៈ​ពេល​ជា​យូរ គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ដែល​ប្រៀប​ដូច​ជា​ស្រងែ មាន​ចំនួន​ច្រើន​ជាង​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​គ្រិស្ត​ដែល​ប្រៀប​ដូច​ជា​ស្រូវ​សាលី ហើយ​ដំណឹង​យ៉ាង​ជាក់​ច្បាស់​អំពី​រាជាណាចក្រ​ព្រះ​បាន​ត្រូវ​គ្រប​បាំង​ដោយ​សេចក្ដី​បង្រៀន​មិន​ពិត។ (​ម៉ាថ. ១៣:៣៦​-​៤៣​) ប៉ុន្តែ ពេល​គ្រា​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​អន្តរាគមន៍​មក​ដល់ លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​យុត្តិធម៌​ម្ដង​ទៀត ដោយ​តែង​តាំង​ពួក​អ្នក​ចាំ​យាម​ឲ្យ​ប្រកាស​ដំណឹង​ល្អ​និង​ការ​ព្រមាន​ចំ​ៗ។ តើ​អ្នក​ណា​ជា​អ្នក​ចាំ​យាម​ទាំង​នោះ?

ព្រះ​យេហូវ៉ា​បាន​ចាត់​អ្នក​ចាំ​យាម​ម្ដង​ទៀត​ឲ្យ​ទៅ​ព្រមាន​មនុស្ស​អាក្រក់

២៣. តើ​បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​បំពេញ​តួ​នាទី​អ្វី?

២៣ ក្នុង​អំឡុង​ពេល​មុន​ឆ្នាំ​១៩១៤ បង​ឆាល ថេស រ៉ាសិល និង​ពួក​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់ បាន​បំពេញ​ភារកិច្ច​ជា​«​ទូត​»​ដែល​នឹង​«​សម្អាត​ផ្លូវ​»​ មុន​នឹង​រាជាណាចក្រ​មេស្ស៊ី​បាន​ត្រូវ​ស្ថាបនា​ឡើង។ * (​ម៉ាឡ. ៣:១​) ក្រុម​នោះ​បាន​បំពេញ​ភារកិច្ច​ជា​អ្នក​ចាំ​យាម ដោយ​ប្រើ​ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន​ដែល​ប្រកាស​វត្តមាន​របស់​គ្រិស្ត ដើម្បី​ជួយ​ព្រមាន​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ និង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​លោក។

២៤. ​(​ក​) តើ​តាម​របៀប​ណា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បំពេញ​ភារកិច្ច​ជា​អ្នក​ចាំ​យាម? (​ខ​) តើ​អ្នក​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​ពួក​អ្នក​ចាំ​យាម​នៅ​សម័យ​បុរាណ? (​សូម​មើល​ប្រអប់​«​ពួក​អ្នក​ចាំ​យាម​ដែល​ជា​គំរូ​ល្អ​»​)

២៤ ក្រោយ​រាជាណាចក្រ​ព្រះ​បាន​ត្រូវ​ស្ថាបនា​ឡើង លោក​យេស៊ូ​បាន​តែង​តាំង​បុរស​មួយ​ក្រុម​តូច​ឲ្យ​បម្រើ​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់។ (​ម៉ាថ. ២៤:៤៥​-​៤៧​) ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ដែល​សព្វ​ថ្ងៃ​នេះ​យើង​ហៅ​ថា​គណៈ​អភិបាល បាន​បំពេញ​ភារកិច្ច​ជា​អ្នក​ចាំ​យាម។ ពួក​គាត់​នាំ​មុខ​ក្នុង​ការ​ប្រកាស​ការ​ព្រមាន​អំពី​«​ថ្ងៃ​សង​សឹក​របស់​ព្រះ​»​ និង​ប្រកាស​អំពី​«​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»។—អេ. ៦១:២; សូម​ពិនិត្យ​បន្ថែម កូរិនថូស​ទី​២ ៦:១, ២

២៥, ២៦. (​ក​) តើ​អ្នក​កាន់​តាម​ទាំង​អស់​របស់​គ្រិស្ត​ត្រូវ​បំពេញ​ភារកិច្ច​អ្វី? ហើយ​តើ​តាម​របៀប​ណា? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ជំពូក​បន្ទាប់?

២៥ កាល​ដែល​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​កំពុង​នាំ​មុខ​ក្នុង​កិច្ច​ការ​ជា​អ្នក​ចាំ​យាម លោក​យេស៊ូ​បាន​ប្រគល់​ភារកិច្ច​ដល់​អ្នក​កាន់​តាម​លោក​«​គ្រប់​គ្នា​»​ឲ្យ​«​ចាំ​យាម​»។ (​ម៉ាក. ១៣:៣៣​-​៣៧​) យើង​ស្ដាប់​បង្គាប់​លោក ដោយ​បន្ត​ចាំ​យាម ហើយ​គាំទ្រ​យ៉ាង​ស្មោះ​ចំពោះ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ដែល​ជា​អ្នក​ចាំ​យាម​នៅ​សព្វ​ថ្ងៃ​នេះ។ យើង​បង្ហាញ​ថា​យើង​ចាំ​យាម​ដោយ​បំពេញ​ភារកិច្ច​របស់​យើង​ជា​អ្នក​ផ្សព្វ​ផ្សាយ។ (​២​ធី. ៤:២​) តើ​អ្វី​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​ដូច្នេះ? មូលហេតុ​មួយ គឺ​យើង​ចង់​សង្គ្រោះ​ជីវិត​មនុស្ស។ (​១​ធី. ៤:១៦​) មិន​យូរ​ទៀត មនុស្ស​ជា​ច្រើន​នឹង​បាត់​បង់​ជីវិត​ដោយ​សារ​ពួក​គេ​មិន​អើពើ​នឹង​ការ​ព្រមាន​ពី​អ្នក​ចាំ​យាម​នៅ​សព្វ​ថ្ងៃ។ (​អេគ. ៣:១៩​) ប៉ុន្តែ អ្វី​ចម្បង​ដែល​ជំរុញ​ចិត្ត​យើង គឺ​យើង​ចង់​ចែក​រំលែក​ដំណឹង​ដ៏​ល្អ​បំផុត ពោល​គឺ​ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​រៀបចំ​ឡើង​វិញ​ហើយ! នា​ពេល​ឥឡូវ​នេះ​ជា​«​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​ មនុស្ស​ជា​ច្រើន​នៅ​មាន​ឱកាស​រួម​ចំណែក​ជា​មួយ​យើង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​យុត្តិធម៌។ មិន​យូរ​ទៀត មនុស្ស​ទាំង​អស់​ដែល​រួច​ជីវិត​ពី​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ នឹង​ទទួល​ប្រយោជន៍​ពី​ការ​គ្រប់​គ្រង​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ​ព្រះ។ គ្មាន​អ្វី​អាច​រា​រាំង​យើង​ពី​ការ​ជ្រោម​ជ្រែង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ដែល​ជា​អ្នក​ចាំ​យាម ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ដូច​នេះ​ឡើយ!—ម៉ាថ. ២៤:១៤

យើង​ពេញ​ចិត្ត​ជួយ​អ្នក​ចាំ​យាម​នៅ​សព្វ​ថ្ងៃ​នេះ ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ (សូម​មើល​វគ្គ​២៥)

២៦ សូម្បី​តែ​មុន​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ​មក​ដល់ ព្រះ​យេហូវ៉ា​បាន​បង្រួប​បង្រួម​រាស្ដ្រ​របស់​លោក​ឲ្យ​មាន​សាមគ្គីភាព​តាម​របៀប​ដ៏​អស្ចារ្យ។ ជំពូក​បន្ទាប់​នឹង​ពិចារណា​ទំនាយ​មួយ​ដែល​ទាក់​ទង​នឹង​ឈើ​ពីរ ដែល​អេសេគាល​បាន​ប្រើ​ដើម្បី​បញ្ជាក់​អំពី​របៀប​ដែល​ការ​បង្រួប​បង្រួម​នេះ​បាន​កើត​ឡើង។

^ វគ្គ 15 ពាក្យ​ភាសា​ដើម​ដែល​បក​ប្រែ​ថា​«​អន្តរាយ​»​មាន​ប្រមាណ​៦០​ដង​ក្នុង​សៀវភៅ​យេរេមា។