លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី២

រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌

រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌

គោល​ចំណុច​នៃ​ជំពូក​នេះ

របៀប​ដែល​ព្រះ​បាន​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ពេល​រាជាណាចក្រ​ចាប់​ផ្ដើម​គ្រប់​គ្រង

១, ២​. តើ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្សជាតិ​ជា​អ្វី ហើយ​ហេតុ​អ្វី​បាន​ជា​មនុស្ស​មិន​បាន​ឃើញ​ការ​ផ្លាស់​ប្ដូរ​នោះ?

 តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា ជីវិត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា បើ​អ្នក​បាន​រស់​នៅ​សម័យ​មួយ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ទំព័រ​ប្រវត្ដិសាស្ត្រ? មនុស្ស​ជា​ច្រើន​ឆ្ងល់​បែប​នេះ​មែន។ ប៉ុន្តែ សូម​គិត​អំពី​សំណួរ​ដូច​ត​ទៅ​នេះ: បើ​អ្នក​បាន​រស់​នៅ​សម័យ​មួយ​ដ៏​សំខាន់​បែប​នោះ​មែន តើ​អ្នក​អាច​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ព្រឹត្ដិការណ៍​សំខាន់​ៗ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​ឬ​ទេ? អ្នក​ប្រហែល​ជា​មិន​អាច​ឃើញ​បាន​ទេ។ ហេតុ​អ្វី? គឺ​ពី​ព្រោះ​អ្វី​ដែល​អ្នក​អាន​ក្នុង​សៀវភៅ​ប្រវត្ដិសាស្ត្រ ស្តី​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​ផ្ដួល​រំលំ​របប​នយោបាយ​ផ្សេង​ៗ ឬ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ឯ​ទៀត ច្រើន​តែ​កើត​ឡើង​នៅ​កន្លែង​ដែល​កំបាំង​ពី​ភ្នែក​មនុស្ស​ទូ​ទៅ។ ក្នុង​ន័យ​ម្យ៉ាង ព្រឹត្ដិការណ៍​ជា​ច្រើន​ក្នុង​ប្រវត្ដិសាស្ត្រ បាន​កើត​ឡើង​នៅ​កន្លែង​ដែល​មនុស្ស​មើល​មិន​ឃើញ​ឡើយ ដូច​ជា​ក្នុង​បន្ទប់​សម្ងាត់​របស់​ក្រុម​ប្រឹក្សា នៅ​មុខ​បល្ល័ង្ក​ស្តេច ឬ​នៅ​ក្នុង​ការិយាល័យ​ណា​មួយ​របស់​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​ការ​ផ្លាស់​ប្ដូរ​ទាំង​អស់​នោះ​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​រាប់​លាន​នាក់។

ចុះ​យ៉ាង​ណា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្សជាតិ? ព្រឹត្ដិការណ៍​នោះ​ក៏​បាន​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​រាប់​លាន​នាក់​ដែរ តែ​បាន​កើត​ឡើង​កំបាំង​ពី​ភ្នែក​មនុស្ស។ តើ​យើង​កំពុង​សំដៅ​លើ​អ្វី? យើង​សំដៅ​លើ​ពេល​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌។ រាជាណាចក្រ​នោះ​ជា​រដ្ឋាភិបាល​ដែល​ព្រះ​បាន​សន្យា​រៀប​ចំ​ឡើង​តាំង​ពី​យូរ​យារ​មក​ហើយ​នៅ​ស្ថាន​សួគ៌។ រដ្ឋាភិបាល​នោះ​នៅ​ក្រោម​អំណាច​របស់​មេស្ស៊ី។ មិន​យូរ​ទៀត រដ្ឋាភិបាល​នោះ​នឹង​បំផ្លាញ​របៀប​របប​ពិភព​លោក​ទាំង​មូល​នេះ។ (​សូម​អាន ដានីយ៉ែល ២:៣៤, ៣៥, ៤៤, ៤៥) ដោយ​សារ​មនុស្ស​មិន​បាន​ឃើញ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​នោះ តើ​យើង​គួរ​សន្និដ្ឋាន​ថា​ព្រះ​យេហូវ៉ា​បាន​លាក់​ព្រឹត្ដិការណ៍​នេះ មិន​ឲ្យ​មនុស្សជាតិ​ដឹង​ឬ​ទេ? ឬ​ផ្ទុយ​ទៅ​វិញ តើ​លោក​បាន​ជួយ​រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ឲ្យ​ត្រៀម​ខ្លួន​ទុក​ជា​មុន​សម្រាប់​ព្រឹត្ដិការណ៍​នោះ? សូម​យើង​ពិចារណា​អំពី​រឿង​នេះ។

«​ទូត​អញ . . . នឹង​រៀប​ចំ​ផ្លូវ​នៅ​មុខ​អញ​»​

៣​-​៥​. (​ក​) តើ​អ្នក​ណា​ជា​«​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​មក​»​ដែល​រៀប​រាប់​នៅ​ម៉ាឡាគី ៣:១? (​ខ​) មុន​«​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​»​មក​ដល់​វិហារ តើ​នឹង​មាន​អ្វី​កើត​ឡើង?

តាំង​ពី​សម័យ​បុរាណ ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ពេល​រាជាណាចក្រ​របស់​មេស្ស៊ី​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​ទំនាយ​នៅ​ម៉ាឡាគី ៣:១ ដែល​ថា​៖ ​«​មើល! អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ គាត់​នឹង​រៀប​ចំ​ផ្លូវ​នៅ​មុខ​អញ ហើយ​ព្រះ​អម្ចាស់[​ដ៏​ពិត​]ដែល​ឯង​រាល់​គ្នា​ស្វែងរក​នោះ ទ្រង់​នឹង​លោ​តែ​មក​ដល់​ព្រះ​វិហារ​របស់​ទ្រង់​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​មក ជា​សេចក្ដី​សញ្ញា​ដែល​ឯង​រាល់​គ្នា​ចង់​បាន​ទាំង​ម្ល៉េះ​នោះ​»។

ទំនាយ​នេះ​បាន​ត្រូវ​សម្រេច​នៅ​សម័យ​យើង​ដែរ ពេល​ព្រះ​យេហូវ៉ា​ដែល​ជា‹ព្រះ​អម្ចាស់​ដ៏​ពិត› បាន​មក​ត្រួត​ពិនិត្យ​ពួក​អ្នក​បម្រើ​របស់​លោក​នៅ​ផែន​ដី ដែល​ប្រៀប​ដូច​ជា​ទី​ធ្លា​នៃ​វិហារ​របស់​លោក។ ប៉ុន្តែ​តើ​លោក​បាន​ធ្វើ​ដូច្នេះ​នៅ​ពេល​ណា? ទំនាយ​នោះ​ពន្យល់​ថា ព្រះ​យេហូវ៉ា​នឹង​មក​ជា​មួយ​«​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​»។ តើ​ទូត​នេះ​ជា​អ្នក​ណា? ប្រាកដជា​មេស្ស៊ី​ដែល​ជា​ស្តេច គឺ​លោក​យេស៊ូ​គ្រិស្ត! (​លូក. ១:៦៨​-​៧៣​) ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​ដែល​បាន​ត្រូវ​តែង​តាំង​ថ្មី លោក​យេស៊ូ​នឹង​ត្រួត​ពិនិត្យ ហើយ​សម្រិត​សម្រាំង​រាស្ត្រ​របស់​ព្រះ​នៅ​ផែន​ដី។—១ពេ. ៤:១៧

ក៏​ប៉ុន្តែ តើ​អ្នក​ណា​ជា​«​ទូត​»​ទី១​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ម៉ាឡាគី ៣:១? បុគ្គល​នេះ​ត្រូវ​លេច​មក​មុន​វត្តមាន​របស់​មេស្ស៊ី​ដែល​ជា​ស្តេច។ ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្សរ៍​មុន​ឆ្នាំ​១៩១៤ តើ​មាន​អ្នក​ណា​ដែល​បាន​«​រៀប​ចំ​ផ្លូវ​»​សម្រាប់​មេស្ស៊ី​ដែល​ជា​ស្តេច​ឬ​ទេ?

៦​. តើ​អ្នក​ណា​ជា​«​ទូត​»​ដែល​បាន​មក​មុន ដើម្បី​ជួយ​រាស្ត្រ​របស់​ព្រះ​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្ដិការណ៍​ដែល​ត្រូវ​កើត​ឡើង​នៅ​ថ្ងៃ​មុខ?

ក្នុង​សៀវភៅ​នេះ យើង​នឹង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ដោយ​ពិចារណា​ប្រវត្ដិសាស្ត្រ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ។ ប្រវត្ដិសាស្ត្រ​នេះ​បង្ហាញ​ថា នៅ​ចុង​សតវត្សរ៍​ទី​១៩ មនុស្ស​ស្មោះ​ត្រង់​មួយ​ក្រុម​តូច​បាន​លេច​ឡើង​ជា​ក្រុម​តែ​មួយ​គត់ ដែល​ជា​គ្រិស្ត​សាសនិក​ពិត​ក្នុង​ចំណោម​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ដ៏​ច្រើន​សន្ធឹក។ ក្រុម​តូច​នោះ​បាន​ត្រូវ​ស្គាល់​ថា​និស្សិត​គម្ពីរ។ អ្នក​នាំ​មុខ​ពួក​គាត់​គឺ​បង​ប្រុស​ឆាល ថេស រ៉ាសិល និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់។ ពួក​គាត់​ពិត​ជា​បាន​ធ្វើ​ជា​«​ទូត​»​ដែល​បាន​ត្រូវ​ទាយ​ទុក​នោះ។ ពួក​គាត់​បាន​ធ្វើ​ដូច្នេះ ដោយ​ណែនាំ​រាស្ត្រ​របស់​ព្រះ​អំពី​របៀប​គោរព​ប្រណិប័តន៍ និង​ដោយ​ជួយ​ពួក​គេ​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ខាង​មុខ។ សូម​យើង​ពិចារណា​នូវ​វិធី​បួន​យ៉ាង​ដែល​«​ទូត​»​នេះ​បាន​ធ្វើ​ដូច្នេះ។

ការ​គោរព​ប្រណិប័តន៍​ដោយ​សេចក្ដី​ពិត

៧, ៨​. (​ក​) ក្នុង​ចន្លោះ​ឆ្នាំ​១៨០០​ដល់​ឆ្នាំ​១៩០០ តើ​អ្នក​ណា​បាន​បង្ហាញ​ថា​សេចក្ដី​បង្រៀន​អំពី​ព្រលឹង​អមតៈ​គឺ​មិន​ពិត? (​ខ​) តើ​បង​ឆាល រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​បាន​បង្ហាញ​ថា សេចក្ដី​បង្រៀន​អ្វី​ទៀត​គឺ​មិន​ពិត?

និស្សិត​គម្ពីរ​ទាំង​នោះ​បាន​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ពេល​ពួក​គេ​សិក្សា​គម្ពីរ។ ពួក​គេ​បាន​ពិភាក្សា​ឲ្យ​មាន​គំនិត​ស្រប​គ្នា​អំពី​សេចក្ដី​បង្រៀន​ដ៏​ពិត​និង​ច្បាស់លាស់ ហើយ​ក៏​បាន​ប្រមូល​សេចក្ដី​បង្រៀន​ទាំង​នោះ រួច​បោះ​ពុម្ព​ផ្សាយ។ អស់​រាប់​រយ​ឆ្នាំ ពិភព​គ្រិស្ត​សាសនា​ហាក់​ដូច​ជា​ស្ថិត​ក្នុង​ភាព​ងងឹត​សូន្យសុង។ ហេតុ​អ្វី? គឺ​ដោយ​សារ​សេចក្ដី​បង្រៀន​ជា​ច្រើន​របស់​ពួក​គេ មិន​មាន​ប្រភព​មក​ពី​គម្ពីរ​ទេ។ ឧទាហរណ៍​ជាក់​ស្តែង​មួយ គឺ​សេចក្ដី​បង្រៀន​ថា​មនុស្ស​មាន​ព្រលឹង​អមតៈ។ ប៉ុន្តែ ក្នុង​ចន្លោះ​ឆ្នាំ​១៨០០​ដល់​ឆ្នាំ​១៩០០ មនុស្ស​មួយ​ចំនួន​ដែល​សិក្សា​គម្ពីរ​ដោយ​ចិត្ត​ស្មោះ បាន​ពិនិត្យ​ពិច័យ​សេចក្ដី​បង្រៀន​នោះ ហើយ​ឃើញ​ថា​គ្មាន​ទី​សំអាង​ក្នុង​បណ្ដាំ​របស់​ព្រះ​ទេ។ លោក​ហេនរី គ្រូរ លោក​ចច ស្តេតសិន និង​លោក​ចច ស្ទ័រ បាន​សរសេរ​និង​ថ្លែង​សុន្ទរកថា​យ៉ាង​ក្លាហាន ដើម្បី​បង្ហាញ​ថា​នេះ​ជា​ពាក្យ​កុហក​របស់​សាថាន។ a ជា​លទ្ធផល អ្វី​ដែល​ពួក​គាត់​បាន​ផ្សាយ​នោះ បាន​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​បង​ឆាល រ៉ាសិល និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់។

និស្សិត​គម្ពីរ​មួយ​ក្រុម​តូច​នោះ បាន​យល់​ឃើញ​ថា សេចក្ដី​បង្រៀន​ផ្សេង​ទៀត​ដែល​ជាប់​ទាក់​ទង​នឹង​សេចក្ដី​បង្រៀន​អំពី​ព្រលឹង​អមតៈ ក៏​មិន​ពិត ហើយ​នាំ​ឲ្យ​ភាន់​ច្រឡំ​ដែរ ជាក់​ស្តែង​ដូច​ជា​សេចក្ដី​បង្រៀន​ដែល​ថា​មនុស្ស​ល្អ​ទាំង​អស់​ឡើង​ទៅ​ស្ថាន​សួគ៌ ឬ​ថា​ព្រះ​ធ្វើ​ទារុណកម្ម​ព្រលឹង​មនុស្ស​អាក្រក់​ក្នុង​ភ្លើង​នរក​ជា​រៀង​រហូត។ បង​រ៉ាសិល និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់ បាន​បោះ​ពុម្ព​អត្ថបទ សៀវភៅ ខិត្តប័ណ្ណ និង​សុន្ទរកថា​ជា​ច្រើន ដើម្បី​បញ្ជាក់​យ៉ាង​ក្លាហាន​ថា សេចក្ដី​បង្រៀន​ទាំង​នោះ​ជា​ពាក្យ​កុហក។

៩​. តើ​តាម​របៀប​ណា​ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​ថា សេចក្ដី​បង្រៀន​អំពី​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ​គឺ​មិន​ពិត?

សេចក្ដី​បង្រៀន​មួយ​ទៀត​ដែល​និស្សិត​គម្ពីរ​បាន​បង្ហាញ​ថា​ជា​សេចក្ដី​បង្រៀន​មិន​ពិត គឺ​ជា​សេចក្ដី​បង្រៀន​អំពី​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ ជា​សេចក្ដី​បង្រៀន​ដែល​មនុស្ស​ជា​ច្រើន​គោរព​ស្រឡាញ់។ នៅ​ឆ្នាំ​១៨៨៧ ទស្សនាវដ្ដី​ប៉ម​យាម b បាន​សរសេរ​ថា​៖ ​«​បទ​គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ទំនាក់​ទំនង​រវាង​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង ហើយ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា លោក​ទាំង​ពីរ​ជា​បុគ្គល​ផ្សេង​គ្នា​»។ បន្ទាប់​មក អត្ថបទ​នោះ​ចែង​ថា គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ដែល​«​សេចក្ដី​បង្រៀន​អំពី​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ ឬ​មាន​ព្រះ​តែ​មួយ​ក្នុង​ព្រះ​បី បាន​ក្លាយ​ទៅ​ជា​សេចក្ដី​បង្រៀន​ដ៏​សំខាន់ ហើយ​បាន​ត្រូវ​គេ​ទទួល​ស្គាល់​ជា​ទូ​ទៅ។ ប៉ុន្តែ​ការ​នោះ​គ្រាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ពិភព​គ្រិស្ត​សាសនា​គឺ​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ដេក​លក់​ស៊ប់​ទៅ ហើយ​ទុក​ឲ្យ​សត្រូវ​លួច​ចង​គាត់​នឹង​ច្រវាក់​»​ ក្នុង​ន័យ​ថា​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ហើយ​ទុក​ឲ្យ​សាថាន​លួច​នាំ​សេចក្ដី​បង្រៀន​មិន​ពិត​មក​លាយ​ជា​មួយ​សេចក្ដី​ពិត​ពី​គម្ពីរ រហូត​ដល់​សេចក្ដី​បង្រៀន​ទាំង​នោះ​ដក់​ជាប់ គាស់​រំលើង​ចេញ​ពុំ​បាន​ឡើយ។

១០​. តើ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​ដូច​ម្ដេច​ថា ឆ្នាំ​១៩១៤​ជា​ឆ្នាំ​ដ៏​សំខាន់?

១០ នៅ​សម័យ​នោះ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ផ្ដោត​ទៅ​លើ​ទំនាយ​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​វត្តមាន​របស់​គ្រិស្ត។ បង​ប្អូន​ស្មោះ​ត្រង់​ដែល​បាន​សរសេរ​ទស្សនាវដ្ដី​នោះ ជា​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ ពួក​គេ​បាន​ឃើញ​ថា ទំនាយ​របស់ដានីយ៉ែល​ដែល​ចែង​អំពី​«​៧​ខួប​»​ គឺ​ជាប់​ទាក់​ទង​នឹង​ពេល​វេលា​ដែល​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក ស្តី​អំពី​រាជាណាចក្រ​របស់​មេស្ស៊ី។ សូម្បី​តែ​ក្នុង​ចន្លោះ​ឆ្នាំ​១៨៧០​ដល់​ឆ្នាំ​១៨៨០​ក្ដី ពួក​គាត់​បាន​ដៅ​បញ្ជាក់​ថា ៧​ខួប​នោះ​នឹង​ចប់​នៅ​ឆ្នាំ​១៩១៤។ (​ដាន. ៤:២៥; លូក. ២១:២៤​) ទោះ​ជា​បង​ប្អូន​យើង​នៅ​គ្រា​នោះ​មិន​បាន​យល់​យ៉ាង​ពេល​លេញ​អំពី​សារៈសំខាន់​នៃ​ឆ្នាំ​នោះ​ក្ដី ក៏​ពួក​គេ​នៅ​តែ​ប្រកាស​អំពី​រឿង​នេះ​ដល់​មនុស្ស​នៅ​ទី​ជិត​ឆ្ងាយ ហើយ​យើង​នៅ​តែ​ទទួល​ប្រយោជន៍​ពី​ការ​ប្រកាស​របស់​ពួក​គេ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

១១, ១២​. (​ក​) តើ​បង​រ៉ាសិល​បាន​សរសើរ​និង​ឲ្យ​កិត្ដិយស​ដល់​អ្នក​ណា ស្តី​អំពី​អ្វី​ដែល​គាត់​បង្រៀន? (​ខ​) តើ​កិច្ច​ការ​ដែល​បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​បាន​ធ្វើ ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្សរ៍​មុន​ឆ្នាំ​១៩១៤​គឺ​សំខាន់​យ៉ាង​ណា?

១១ បង​រ៉ាសិល​និង​បង​ប្អូន​ស្មោះ​ត្រង់​ដែល​រួម​ការ​ងារ​ជា​មួយ​គាត់ មិន​បាន​អះអាង​ថា មាន​តែ​ពួក​គាត់​ប៉ុណ្ណោះ​ដែល​បាន​បើក​បង្ហាញ​និង​បាន​យល់​ដឹង​អំពី​សេចក្ដី​ពិត​ដ៏​សំខាន់​ៗ​ទាំង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ បង​រ៉ាសិល​បាន​សរសើរ​យ៉ាង​ខ្លាំង​នូវ​អ្នក​ឯ​ទៀត​ដែល​បាន​រស់​នៅ​មុន​គាត់​ថា ពួក​គេ​ក៏​បាន​រក​ឃើញ​និង​បាន​យល់​ចំណុច​ទាំង​នោះ​ដែរ។ សំខាន់​បំផុត គាត់​បាន​ឲ្យ​កិត្ដិយស​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បង្រៀន​រាស្ត្រ​របស់​លោក​អំពី​អ្វី​ដែលពួក​គេ​ត្រូវ​យល់ នៅ​ចំ​ពេល​ដែល​ពួក​គេ​ត្រូវ​យល់។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​ឲ្យ​ពរ​ដល់​ការ​ខំ​ព្យាយាម​របស់​បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់ ដែល​បាន​ញែក​សេចក្ដី​ពិត​ចេញ​ពី​សេចក្ដី​បង្រៀន​មិន​ពិត។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពួក​គាត់​កាន់​តែ​លេច​ធ្លោ​ឡើង​ជា​អ្នក​ដែល​ខុស​គ្នា​ឆ្ងាយ​ពី​ពិភព​គ្រិស្ត​សាសនា។

បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​បាន​គាំ​ទ្រ​និង​ការពារ​សេចក្ដី​ពិត​ពី​គម្ពីរ

១២ ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មុន​ឆ្នាំ​១៩១៤ កិច្ច​ការ​ដែល​បុរស​ស្មោះ​ត្រង់​ទាំង​នេះ​បាន​ធ្វើ​ដើម្បី​លើក​ស្ទួយ​សេចក្ដី​ពិត គឺ​អស្ចារ្យ​មែន! នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​១៩១៧ ទស្សនាវដ្ដី​ប៉ម​យាម បាន​សរសេរ​ថា​៖ ​«​ឥឡូវ មនុស្ស​រាប់​លាន​នាក់​សព្វ​ថ្ងៃ​នេះ​មាន​សេរី​ភាព ដោយ​បាន​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​ដែល​បណ្ដាល​មក​ពី​សេចក្ដី​បង្រៀន​អំពី​ភ្លើង​នរក និង​សេចក្ដី​បង្រៀន​មិន​ពិត​ឯ​ទៀត . . . សេចក្ដី​ពិត​ដែល​ចាប់​ផ្ដើម​មាន​ជាង​៤០​ឆ្នាំ​មក​ហើយ​នេះ កំពុង​កើន​ឡើង​ដូច​ជា​ទឹក​សមុទ្រ​ជោរ ក៏​នឹង​បន្ត​ចម្រើន​ឡើង​រហូត​ដល់​មាន​ពេញ​ផែន​ដី។ សត្រូវ​ណា​ដែល​ចង់​ទប់​ទល់ រា​រាំង​ការ​ចម្រើន​ឡើង​នៃ​សេចក្ដី​ពិត​មិន​ឲ្យ​មាន​ពេញ​ផែន​ដី ប្រាកដជា​នឹង​បរាជ័យ ដូច​មនុស្ស​ដែល​ខំ​យក​អំបោស​ទៅ​បោស​ទឹក​សមុទ្រ​ចេញ​ពី​ឆ្នេរ មិន​ឲ្យ​ទឹក​ជោរ​ឡើង​»។

១៣, ១៤​. (​ក​) តើ​«​ទូត​»​បាន​ជួយ​រៀប​ចំ​ផ្លូវ​សម្រាប់​មេស្ស៊ី​ដែល​ជា​ស្តេច​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​បង​ប្អូន​រួម​ជំនឿ​ដែល​បាន​រស់​នៅ​ជាង​មួយ​សតវត្សរ៍​មុន?

១៣ ​«​ទូត​»​ពិត​ជា​បាន​ជួយ​បើក​ផ្លូវ​ឲ្យ​ស្តេច​ដែល​ជា​មេស្ស៊ី​មែន! ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? សូម​ពិចារណា​អំពី​សំណួរ​ដូច​ត​ទៅ​នេះ: បើ​រាស្ត្រ​របស់​ព្រះ​មិន​បាន​យល់​ថា​លោក​យេស៊ូ​និង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​លោក​គឺ​ខុស​គ្នា​យ៉ាង​ណា តើ​ពួក​គេ​អាច​ត្រៀម​ខ្លួន​សម្រាប់​ការ​ចាប់​ផ្ដើម​នៃ​វត្តមាន​របស់​គ្រិស្ត​ឬ​ទេ? ប្រាកដជា​មិន​អាច​ទេ! ពួក​គេ​ក៏​មិន​អាច​ត្រៀម​ខ្លួន​ដែរ បើ​ពួក​គេ​បាន​គិត​ថា​មនុស្ស​ទាំង​អស់​អាច​ទទួល​ជីវិត​អមតៈ​ដោយ​ស្វ័យប្រវត្ដិ ហើយ​មិន​បាន​យល់​ថា​ជីវិត​អមតៈ​ជា​អំណោយ​ពិសេស​ដែល​ព្រះ​ប្រគល់​ឲ្យ​មនុស្ស​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត។ ម្យ៉ាង​ទៀត បើ​ពួក​គេ​គិត​ថា​ព្រះ​ធ្វើ​ទារុណកម្ម​មនុស្ស​ក្នុង​ភ្លើង​នរក​ជា​រៀង​រហូត នោះ​ពួក​គេ​ក៏​មិន​អាច​ត្រៀម​ខ្លួន​ដែរ!

១៤ ចុះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​វិញ? តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​បង​ប្អូន​របស់​យើង​ដែល​រស់​នៅ​ជាង​១០០​ឆ្នាំ​មុន​នោះ? យើង​ត្រូវ​ឧស្សាហ៍​អាន​និង​សិក្សា​បណ្ដាំ​របស់​ព្រះ ដូច​ពួក​គេ​ដែរ។ (​យ៉ូន. ១៧:៣​) ក្នុង​ពិភព​លោក​នេះ​ដែល​វក់​នឹង​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ ហើយ​កំពុង​ខ្វះ​ចំណេះ​អំពី​ព្រះ សូម​ឲ្យ​យើង​ក្រេប​ជញ្ជក់​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ដែល​ប្រៀប​ដូច​ជា​អាហារ​ពី​ព្រះ!—សូម​អាន ធីម៉ូថេ​ទី១ ៤:១៥

​«​រាស្ត្រ​ខ្ញុំ​អើយ ចូរ​ចេញ​ពី​ក្រុង​នោះ​មក​»​

១៥​. បន្ដិច​ម្ដង​ៗ តើ​និស្សិត​គម្ពីរ​ចាប់​ផ្ដើម​យល់​អ្វី? (​សូម​មើល​កំណត់​សម្គាល់​ដែរ​)

១៥ និស្សិត​គម្ពីរ​បាន​បង្រៀន​ថា ពួក​គេ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​និកាយ​ផ្សេង​ៗ​របស់​ពិភព​គ្រិស្ត​សាសនា​ជា​ដាច់​ខាត។ ក្នុង​ឆ្នាំ​១៨៧៩ ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​អំពី​«​វិហារ​របស់​ក្រុង​បាប៊ីឡូន​»។ តើ​នេះ​សំដៅ​លើ​ឥទ្ធិពល​របស់​សម្ដេច​ប៉ាប ឬ​សំដៅ​លើសាសនា​កាតូលិក? អស់​រាប់​រយ​ឆ្នាំ និកាយ​ប្រូតេស្តង់​ផ្សេង​ៗ​ធ្លាប់​បង្រៀន​ថា បាប៊ីឡូន​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ទំនាយ​គម្ពីរ គឺ​សំដៅ​លើ​សាសនា​កាតូលិក។ ក៏​ប៉ុន្តែ បន្ដិច​ម្ដង​ៗ និស្សិត​គម្ពីរ​បាន​យល់​ថា ​«​ក្រុង​បាប៊ីឡូន​»​រួម​បញ្ចូល​សាសនា​ទាំង​អស់​របស់​ពិភព​គ្រិស្ត​សាសនា​ដែល​មាន​នៅ​សម័យ​នេះ។ ហេតុ​អ្វី? ពី​ព្រោះ​សាសនា​ទាំង​អស់​នោះ​បង្រៀន​សេចក្ដី​ភូតភរ ដូច​អ្វី​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​នេះ។ c ក្រោយ​មក សៀវភៅ​របស់​យើង​ចាប់​ផ្ដើម​រៀប​រាប់​កាន់​តែ​ចំ​ទៅ​ៗ​អំពី​អ្វី​ដែល​មនុស្ស​មាន​ចិត្ត​ស្មោះ​នៅ​ក្នុង​និកាយ​ពិភព​គ្រិស្ត​សាសនា​ត្រូវ​ធ្វើ។

១៦, ១៧​. (​ក​) តើ​សៀវភៅ​ការ​ចាប់​ផ្ដើម​នៃ​រាជ្យ​មួយ​ពាន់​ឆ្នាំ និង​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ចែង​យ៉ាង​ណា​ដើម្បី​ជំរុញ​ចិត្ត​មនុស្ស​ឲ្យ​ដក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត? (​ខ​) តើ​អ្វី​បាន​ធ្វើ​ឲ្យ​ការ​ព្រមាន​នៅ​សម័យ​មុន​មិន​សូវ​មាន​ប្រសិទ្ធភាព? (​សូម​មើល​កំណត់​សម្គាល់​)

១៦ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៨៩១ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​ចាប់​ផ្ដើម​នៃ​រាជ្យ​មួយ​ពាន់​ឆ្នាំ ភាគ​ទី៣ ជា​ភាសា​អង់គ្លេស បាន​បញ្ជាក់​ថា​ព្រះ​មិន​ទទួល​ស្គាល់​សាសនា​ផ្សេង​ៗ​ដែល​ជា​ក្រុង​បាប៊ីឡូន​នៅ​សម័យ​នេះ​ទេ ដោយ​ចែង​ថា​៖ ​«​សាសនា​ទាំង​អស់​របស់​ពិភព​គ្រិស្ត​សាសនា​បាន​ត្រូវ​បដិសេធ​ចោល​»។ សៀវភៅ​នោះ​ក៏​បាន​ប្រាប់​ដែរ​ថា អស់​អ្នក​ដែល​«​មិន​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​មិន​ពិត និង​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​របស់​ពិភព​គ្រិស្ត​សាសនា ឥឡូវ​នេះ​បាន​ត្រូវ​ហៅ​ឲ្យ​ចេញ​ពី​សាសនា​ទាំង​នោះ​»។

១៧ នៅ​ខែ​មករា ឆ្នាំ​១៩០០ មាន​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ដែល​បាន​ដាស់​តឿន​អ្នក​ដែល​នៅ​តែ​ទុក​ឈ្មោះ​ជា​សមាជិក​ក្នុង​សាសនា​ណា​មួយ​របស់​ពិភព​គ្រិស្ត​សាសនា ហើយ​ដែល​វែក​ញែក​ថា​៖ ​«​ចិត្ត​ខ្ញុំ​ស្មោះ​ខាង​សេចក្ដី​ពិត​ទាំង​ស្រុង។ ខ្ញុំ​កម្រ​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាសនា​ផ្សេង​ទៀត​»។ អត្ថបទ​នោះ​បាន​សួរ​ថា​៖ ​«​តើ​នេះ​ជា​ការ​ត្រឹម​ត្រូវ​ទេ បើ​ខ្លួន​យើង​នៅ​ក្នុង​បាប៊ីឡូន​ពាក់​កណ្ដាល ហើយ​នៅ​ខាង​ក្រៅ​ពាក់​កណ្ដាល​នោះ? បើ​ធ្វើ​ដូច្នេះ តើ​យើង​ពិត​ជា​កំពុង​ស្ដាប់​បង្គាប់​ឬ? . . . តើ​ព្រះ​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​ដូច្នេះ​ឬ? ប្រាកដជា​មិន​មែន​ទេ។ អ្នក​នោះ[​ដែល​ជា​សមាជិក​សាសនា​ក្នុង​ពិភព​គ្រិស្ត​សាសនា​]បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​និកាយ​នោះ ពេល​ដែល​គាត់​ចុះ​ឈ្មោះ​ដំបូង​ជា​សមាជិក ហើយ​គាត់​ត្រូវ​ធ្វើ​តាម​ល័ក្ខខ័ណ្ឌ​ទាំង​អស់​នៃ​កិច្ច​ព្រម​ព្រៀង​នោះ រហូត​ដល់​អ្នក​នោះ . . . បញ្ជាក់​ជា​សាធារណៈ​ថា​គាត់​ឈប់​ធ្វើ​ជា​សមាជិក​»។ ក្នុង​ឆ្នាំ​ក្រោយ​ៗ​មក​ទៀត ចំណុច​នោះ​បាន​ត្រូវ​សង្កត់​កាន់​តែ​ធ្ងន់។ d អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ត្រូវ​បញ្ជាក់​ឲ្យ​ឃើញ​ថា ពួក​គេ​បាន​ផ្ដាច់​ទំនាក់​ទំនង​ទាំង​អស់​ជា​មួយ​សាសនា​មិន​ពិត។

១៨​. ហេតុ​អ្វី​មនុស្ស​ត្រូវ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា?

១៨ បើ​គ្មាន​ការ​ព្រមាន​ជា​ទៀង​ទាត់​បែប​នេះ ដែល​ឲ្យ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ទេ នោះ​តើ​គ្រិស្ត​នឹង​មាន​អ្នក​បម្រើ​មួយ​ក្រុម​នៅ​ផែន​ដី ដែល​បាន​ត្រូវ​រើស​តាំង​និង​ដែល​បាន​ត្រៀម​ខ្លួន​ហើយ ពេល​លោក​ទទួល​តំណែង​ជា​ស្តេច​ឬ​ទេ? ច្បាស់​ជា​នឹង​គ្មាន​ទេ ពី​ព្រោះ​មាន​តែ​គ្រិស្ត​សាសនិក​ដែល​ដក​ខ្លួន​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ប៉ុណ្ណោះ អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​«​ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្មពល​របស់​លោក​និង​ដោយ​សេចក្ដីពិត​»។ (​យ៉ូន. ៤:២៤​) ដូច​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​តាំង​ចិត្ត​មិន​ទទួល​ជា​ដាច់​ខាត​នូវ​ឥទ្ធិពល​ពី​សាសនា​មិន​ពិត​ឬ? ចូរ​ឲ្យ​យើង​បន្ត​ធ្វើ​តាម​បង្គាប់​ដែល​ថា​៖ ​«​រាស្ត្រ​ខ្ញុំ​អើយ ចូរ​ចេញ​ពី​ក្រុង​នោះ​មក​»​!—សូម​អាន ការ​បើក​បង្ហាញ ១៨:៤

ការ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ

១៩, ២០​. តើ​តាម​របៀប​ណា​ទស្សនាវដ្ដី​ប៉ម​យាម​បាន​លើក​ទឹក​ចិត្ត​រាស្ត្រ​របស់​ព្រះ​ឲ្យ​ជួប​ជុំ​គ្នា?

១៩ និស្សិត​គម្ពីរ​បាន​បង្រៀន​ថា អ្នក​រួម​ជំនឿ​គួរ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ បើ​អាច​ជួប​ជុំ​គ្នា​បាន។ ចំពោះ​គ្រិស្ត​សាសនិក​ពិត ការ​ដក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត​គឺ​មិន​គ្រប់​គ្រាន់​ទេ។ ពួក​គេ​ក៏​ត្រូវ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​ដែរ។ ចាប់​ពី​ទស្សនាវដ្ដី​ប៉ម​យាម​ដំបូង ទស្សនាវដ្ដី​នោះ​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​ឲ្យ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ។ ជា​ឧទាហរណ៍ នៅ​ខែ​កក្កដា ឆ្នាំ​១៨៨០ បង​រ៉ាសិល​បាន​រៀប​រាប់​អំពី​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ៗ ដើម្បី​ថ្លែង​សុន្ទរកថា ហើយ​គាត់​ប្រាប់​ថា​កិច្ច​ប្រជុំ​ទាំង​នោះ​បាន​លើក​ទឹក​ចិត្ត​គាត់​ខ្លាំង​ណាស់។ ក្រោយ​មក គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​ឲ្យ​ផ្ញើ​សំបុត្រ​បញ្ជាក់​អំពី​ការ​រីក​ចម្រើន​របស់​ពួក​គេ ហើយ​បាន​ប្រាប់ថា​សំបុត្រ​ខ្លះ​នឹង​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម។ តើ​គាត់​ចង់​ឲ្យ​ពួក​គេ​ផ្ញើ​សំបុត្រ​ដើម្បី​អ្វី? បង​រ៉ាសិល​បាន​ប្រាប់​ថា​៖ ​«​សូម​ប្រាប់​យើង​ទាំង​អស់​គ្នា​ឲ្យ​ដឹង​ថា . . . លោក​ម្ចាស់​កំពុង​ជួយ​បង​ប្អូន​ឲ្យ​រីក​ចម្រើន​យ៉ាង​ណា ហើយ​ថា​តើ​អ្នក​កំពុង​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែល​រួប​រួម​ក្នុង​ជំនឿ​ដ៏​ថ្លៃ​វិសេស​នេះ​ឬ​យ៉ាង​ណា​»។

បង​ឆាល រ៉ាសិល​ជា​មួយ​និស្សិត​គម្ពីរ​សម័យ​ដើម នៅ​ក្រុង​កូប៉ែនហាក ប្រទេស​ដាណឺម៉ាក ឆ្នាំ​១៩០៩

២០ នៅ​ឆ្នាំ​១៨៨២ ទស្សនាវដ្ដី​ប៉ម​យាម​មាន​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​ការ​ជួប​ជុំ​គ្នា​»។ អត្ថបទ​នោះ​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​ឲ្យ​ធ្វើ​កិច្ច​ប្រជុំ​ដើម្បី​ជួប​ជុំ​គ្នា​«​បង្កើន​ចំណេះ លើក​ទឹក​ចិត្ត និង​ពង្រឹង​ជំនឿ​គ្នា​ទៅ​វិញ​ទៅ​មក​»។ អត្ថបទ​នោះ​បញ្ជាក់​ថែម​ទៀត​ថា​៖ ​«​មិន​ចាំ​បាច់​មាន​អ្នក​ចេះ​ដឹង​ឬ​អ្នក​ដែល​មាន​ទេព​កោសល្យ​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។ សូម​បង​ប្អូន​ម្នាក់​ៗ​យក​គម្ពីរ ក្រដាស​សរសេរ ខ្មៅ​ដៃ ហើយ​ប្រើ​លិបិក្រម​គម្ពីរ . . . ឲ្យ​បាន​ច្រើន​បំផុត។ រួច​មក​ជ្រើស​រើស​ប្រធានបទ​មួយ ហើយ​អធិដ្ឋាន​សុំ​ជំនួយ​ពី​សកម្មពល​ដើម្បី​យល់​អំពី​ប្រធានបទ​នោះ។ ក្រោយ​មក សូម​អាន រំពឹង​គិត និង​ប្រៀប​ធៀប​បទ​គម្ពីរ​ផ្សេង​ៗ​ជា​មួយ​គ្នា។ បើ​ធ្វើ​ដូច្នេះ សកម្មពល​បរិសុទ្ធ​ប្រាកដជា​នឹង​ដឹក​នាំ​បង​ប្អូន​ឲ្យ​រក​ឃើញ​សេចក្ដី​ពិត​»។

២១​. តើ​ក្រុម​ជំនុំ​នៅ​ក្រុង​អាលីគេនី រដ្ឋ​ប៉ិនស៊ីវ៉ានី​បាន​ទុក​គំរូ​អ្វី​ស្តី​អំពី​កិច្ច​ប្រជុំ​និង​ការ​ពង្រឹង​ជំនឿ​បង​ប្អូន?

២១ មន្ទីរ​ចាត់​ការ​របស់​និស្សិត​គម្ពីរ​នៅ​សម័យ​នោះ​គឺ​ក្រុង​អាលីគេនី រដ្ឋ​ប៉ិនស៊ីវ៉ានី សហរដ្ឋ​អាម៉េរិក។ នៅ​ទី​នោះ ពួក​គេ​បាន​ទុក​គំរូ​ល្អ ដោយ​ជួប​ជុំ​គ្នា​តាម​បង្គាប់​របស់​ព្រះ​នៅ​ហេប្រឺ ១០:២៤, ២៥។ (​សូម​អាន​) យូរ​ឆ្នាំ​ក្រោយ​មក បង​ប្រុស​វ័យ​ចាស់​ម្នាក់​ឈ្មោះ​ឆាល ខេ​ប៉ិន​បាន​សរសេរ​អំពី​កិច្ច​ប្រជុំ​ទាំង​នោះ ដែល​គាត់​ធ្លាប់​ចូល​រួម​កាល​ពី​ក្មេង។ គាត់​សរសេរ​ថា​៖ ​«​ខ្ញុំ​នៅ​ចាំ​បទ​គម្ពីរ ដែល​បាន​ត្រូវ​សរសេរ​លើ​ជញ្ជាំង​នៅ​សាល​សន្និបាត​មួយ​របស់​សមាគម​យើង។ បទ​គម្ពីរ​នោះ​ថា‹អ្នក​រាល់​គ្នា​មាន​ម្ចាស់​តែ​មួយ គឺ​គ្រិស្ត ហើយ​អ្នក​រាល់​គ្នា​ជា​បង​ប្អូន›។ ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ​បទ​គម្ពីរ​នោះ ដោយ​សារ​បទ​គម្ពីរ​នោះ​បញ្ជាក់​ថា គ្មាន​ការ​បែង​ចែក​បព្វជិត​និង​គ្រហស្ថ​ក្នុង​រាស្ត្រ​ព្រះ​យេហូវ៉ា​ឡើយ​»។ (​ម៉ាថ. ២៣:៨​) បង​ខេ​ប៉ិន​ក៏​បាន​នឹក​ឃើញ​នូវ​កិច្ច​ប្រជុំ​ដែល​លើក​ទឹក​ចិត្ត និង​ការ​ព្យាយាម​របស់​បង​រ៉ាសិល ដែល​ខំ​ជួប​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​នៅ​ឯ​កិច្ច​ប្រជុំ​ទាំង​នោះ ដើម្បី​ពង្រឹង​ជំនឿ​និង​កម្លាំង​ចិត្ត​របស់​ពួក​គេ។

២២​. តើ​បង​ប្អូន​ស្មោះ​ត្រង់​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ទទួល​ការ​ណែនាំ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ពួក​គេ?

២២ បង​ប្អូន​ស្មោះ​ត្រង់ បាន​ធ្វើ​តាម​គំរូ​នេះ ហើយ​ក៏​បាន​ធ្វើ​តាម​ការ​ណែនាំ​ដែល​ពួក​គេ​បាន​ទទួល​ដែរ។ ក្រុម​ជំនុំ​ឯ​ទៀត​ក៏​បាន​ត្រូវ​រៀប​ចំ​ឡើង​នៅ​រដ្ឋ​ផ្សេង​ទៀត​ដែរ ដូច​ជា​នៅ​រដ្ឋ​អូហៃយ៉ូ​និង​រដ្ឋ​មី​ស៊ី​ហ្គិន​ជា​ដើម រួច​មក​ពេញ​អាម៉េរិក​ខាង​ជើង ហើយ​នៅ​ប្រទេស​ផ្សេង​ទៀត។ ឥឡូវ​សូម​ពិចារណា​ថា បើ​រាស្ត្រ​ស្មោះ​ត្រង់​របស់​ព្រះ​មិន​បាន​ត្រូវ​បង្ហាត់​បង្រៀន​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះ ដែល​ឲ្យ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ទេ តើ​ពួក​គេ​ពិត​ជា​អាច​ត្រៀម​ខ្លួន​មុន​វត្តមាន​របស់​គ្រិស្ត​ចាប់​ផ្ដើម​ឬ? ប្រាកដជា​មិន​អាច​ទេ! ចុះ​យ៉ាង​ណា​យើង​សព្វ​ថ្ងៃ​នេះ? ដូច​គ្នា​ដែរ យើង​ត្រូវ​តាំង​ចិត្ត​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិកជា​ទៀង​ទាត់ ដោយ​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​គោរព​ប្រណិប័តន៍​ជា​មួយ​គ្នា ហើយ​ពង្រឹង​ជំនឿ​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ

២៣​. តើ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ចែង​យ៉ាង​ណា​ដើម្បី​បញ្ជាក់​ថា អស់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ត្រូវ​ប្រកាស​ផ្សាយ​អំពី​សេចក្ដី​ពិត?

២៣ និស្សិត​គម្ពីរ​បាន​បង្រៀន​ថា គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ត្រូវ​ប្រកាស​ផ្សាយ​អំពី​សេចក្ដី​ពិត។ នៅ​ឆ្នាំ​១៨៨៥ ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​ថា​៖ ​«​យើង​មិន​គួរ​ភ្លេច​ថា​អស់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង គឺ​បាន​ត្រូវ​រើស​តាំង​ដើម្បី​ផ្សព្វ​ផ្សាយ (​អេ. ៦១:១​) ឬ​បាន​ត្រូវ​ហៅ​ឲ្យ​ចូល​រួម​កិច្ច​បម្រើ​»។ ទស្សនាវដ្ដី​ប៉ម​យាម​មួយ​បោះ​ពុម្ព​នៅ​ឆ្នាំ​១៨៨៨ បាន​ដាស់​តឿន​ថា​៖ ​«​តួនាទី​របស់​យើង​គឺ​ច្បាស់​លាស់​ហើយ . . . បើ​យើង​មិន​អើពើ​នឹង​តួនាទី​របស់​យើង ឬ​មួយ​ក៏​ខំ​រក​លេស​ដើម្បី​ខ្លួន​មិន​ចាំ​បាច់​ធ្វើ នេះ​ប្រាកដជា​មាន​ន័យ​ថា​យើង​ជា​អ្នក​បម្រើ​ដ៏​ខ្ជិល ហើយ​បង្ហាញ​ថា​យើង​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់​ខ្ពស់​ដែល​បាន​ត្រូវ​ប្រគល់​ឲ្យ​យើង​ឡើយ​»។

២៤, ២៥​. (​ក​) ក្រៅ​ពី​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​ផ្សព្វ​ផ្សាយ តើ​បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​បាន​ធ្វើ​អ្វី​ទៀត? (​ខ​) តើ​អ្នក​ត្រួស​ត្រាយ​ម្នាក់​នៅ​សម័យ​មុន​បាន​រៀប​រាប់​យ៉ាង​ណា អំពី​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​សម័យ​ដែល​«​មិន​ទាន់​មាន​ឡាន​»​?

២៤ បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​មិន​ត្រឹម​តែ​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ​ទេ តែ​ពួក​គាត់​ចាប់​ផ្ដើម​បោះ​ពុម្ព​ខិត្តប័ណ្ណ​ហៅ​ថា​ខិត្តប័ណ្ណ​និស្សិត​គម្ពីរ (​Bible Students’ Tracts​) ដែល​ក្រោយ​មក​ក៏​បាន​ត្រូវ​ហៅ​ថា​សាសន​វិទ្យា​បុរាណ​ប្រចាំ​ត្រី​មាស (​Old Theology Quarterly​)។ អ្នក​ដែល​អាន​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ទទួល​ខិត្តប័ណ្ណ​ទាំង​នេះ​ដើម្បី​ចែក​ចាយ​ដោយ​ឥត​គិត​ថ្លៃ។

យើង​គួរ​ពិចារណា​សំណួរ​ថា ‹តើ​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ច​ការ​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ​ឬ?›

២៥ បង​ប្អូន​ខ្លះ​បាន​ចូល​រួម​កិច្ច​បម្រើ​ពេញ​ពេល។ បង​ឆាល ខេ​ប៉ិន​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​នេះ​ធ្លាប់​ធ្វើ​ដូច្នេះ។ ក្រោយ​មក គាត់​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ធ្លាប់​ប្រើ​ផែនទី​សុរិយោដី​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​រដ្ឋ​ប៉ិនស៊ីវ៉ានី។ ផែនទី​ទាំង​នោះ​បង្ហាញ​ផ្លូវ​ទាំង​អស់ ដូច្នេះ ខ្ញុំ​អាច​ទៅ​តំបន់​ទាំង​អស់​នៅ​ក្នុង​សង្កាត់​នីមួយ​ៗ​ដោយ​ថ្មើរ​ជើង​បាន។ ជួន​កាល ក្រោយ​ពី​បាន​ផ្សព្វ​ផ្សាយ​អស់​បី​ថ្ងៃ​នៅ​ជនបទ ដោយ​ស្នើ​សុំ​ឲ្យ​ជាវ​សៀវភៅ​ចំណង​ជើង​ថា​ការ​សិក្សា​អំពី​បទ​គម្ពីរ ជា​ភាសា​អង់គ្លេស ខ្ញុំ​ជួល​រទេះ​សេះ​ដើម្បី​ដឹក​សៀវភៅ​នោះ​ទៅ​ចែក​អ្នក​ដែល​បាន​ជាវ។ ច្រើន​ដង​ខ្ញុំ​បាន​ឈប់ ហើយ​ស្នាក់​នៅ​ផ្ទះ​កសិករ​មួយ​យប់។ នៅ​សម័យ​នោះ មិន​ទាន់​មាន​ឡាន​ទេ​»។

អ្នក​ត្រួស​ត្រាយ​សម័យ​មុន។ សូម​កត់​សម្គាល់​តារាង​ហៅ​ថា​«​តារាង​នៃ​សម័យ​កាល​»​គូរ​លើ​រទេះ​សេះ

២៦​. (​ក​) ហេតុ​អ្វី​រាស្ត្រ​របស់​ព្រះ​ត្រូវ​ផ្សព្វ​ផ្សាយ​ទើប​អាច​ត្រៀម​ខ្លួន​សម្រាប់​ការ​គ្រប់​គ្រង​របស់​គ្រិស្ត? (​ខ​) តើ​យើង​គួរ​ពិចារណា​សំណួរ​អ្វី​ខ្លះ?

២៦ បង​ប្អូន​ដែល​ព្យាយាម​ផ្សព្វ​ផ្សាយ​នៅ​សម័យ​ដើម​នោះ ពិត​ជា​ត្រូវ​មាន​ចិត្ត​ក្លាហាន​និង​ចិត្ត​ខ្នះ​ខ្នែង។ បើ​គ្រិស្ត​សាសនិក​ពិត​មិន​បាន​ត្រូវ​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​ផ្សព្វ​ផ្សាយ តើ​ពួក​គេ​អាច​ត្រៀម​ខ្លួន​សម្រាប់​ការ​គ្រប់​គ្រង​របស់​គ្រិស្ត​បាន​ទេ? ប្រាកដជា​មិន​បាន​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​កិច្ច​ផ្សព្វ​ផ្សាយ​ត្រូវ​ជា​ផ្នែក​សំខាន់​មួយ​នៃ​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​គ្រិស្ត។ (​ម៉ាថ. ២៤:១៤​) ការ​ផ្សព្វ​ផ្សាយ​ជា​កិច្ច​ការ​មួយ​ដែល​ជួយ​សង្គ្រោះ​ជីវិត។ រាស្ត្រ​របស់​ព្រះ​ត្រូវ​ត្រៀម​ខ្លួន​យក​កិច្ច​ផ្សព្វ​ផ្សាយ​នោះ ជា​កិច្ច​ការ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។ សព្វ​ថ្ងៃ​នេះ យើង​គួរ​ពិចារណា​សំណួរ​ថា ‹តើ​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ច​ការ​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ​ឬ? តើ​ខ្ញុំ​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​អាច​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​ការ​នោះ​ឬ​ទេ?›។

រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង!

២៧, ២៨​. តើ​សាវ័ក​យ៉ូហាន​បាន​ឃើញ​អ្វី ហើយ​តើ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង?

២៧ នៅ​ទី​បំផុត ឆ្នាំ​១៩១៤ ដែល​ជា​ឆ្នាំ​សំខាន់​បាន​មក​ដល់។ ដូច​យើង​បាន​បញ្ជាក់​នៅ​ដើម​ជំពូក​នេះ គ្មាន​មនុស្សជាតិ​ណា​ម្នាក់​បាន​ឃើញ​ព្រឹត្ដិការណ៍​ដ៏​រុង​រឿង​អស្ចារ្យ​ដែល​បាន​កើត​ឡើង​នៅ​ស្ថាន​សួគ៌​ទេ។ ក៏​ប៉ុន្តែ រឿង​នោះ​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​សាវ័ក​យ៉ូហាន​ឃើញ​ក្នុង​គំនិត ដោយ​ប្រើ​និមិត្តរូប​ផ្សេង​ៗ។ សូម​ស្រមៃ​គិត​អំពី​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ។ គាត់​ឃើញ​«​និមិត្តរូប​ដ៏​សំខាន់​មួយ​»​នៅ​ស្ថាន​សួគ៌ គឺ​«​ស្ត្រី​មួយ​រូប​»​ជា​តំណាង​បុគ្គល​វិញ្ញាណ​ទាំង​ឡាយ​នៅ​ស្ថាន​សួគ៌​ដែល​រួម​គ្នា​ជា​អង្គ​ការ​របស់​ព្រះ។ ក្រោយ​មក យ៉ូហាន​ឃើញ​ស្ត្រី​នេះ​មាន​ទម្ងន់ រួច​សម្រាល​បាន​បុត្រ​មួយ។ គម្ពីរ​ប្រាប់​ថា​បុត្រ​ដែល​ជា​និមិត្តរូប​នេះ មិន​យូរ​ទៀត​នឹង​«​ឃ្វាល​ប្រជា​ជាតិ​ទាំង​ឡាយ​ដោយ​ដំបង​ដែក​»។ ប៉ុន្តែ ក្រោយ​ពី​បុត្រ​នោះ​កើត​មក​ភ្លាម គាត់​បាន​ត្រូវ​«​យក​យ៉ាង​លឿន​ទៅ​ឯ​ព្រះ​និង​បល្ល័ង្ក​របស់​លោក​»។ មាន​សំឡេង​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​នៅ​ស្ថាន​សួគ៌​ថា​៖ ​«​មើល! ព្រះ​បាន​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ! ឫទ្ធានុភាព​របស់​លោក​បាន​ទទួល​ជ័យ​ជម្នះ! រាជាណាចក្រ​របស់​លោក​បាន​ត្រូវ​ស្ថាបនា​ឡើង! គ្រិស្ត​របស់​លោក​ចាប់​ផ្ដើម​កាន់​អំណាច​ហើយ!​»។—បប. ១២:១, ៥, ១០

២៨ អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​យ៉ូហាន​ឃើញ​ក្នុង​គំនិត ប្រាកដជា​ការ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​មេស្ស៊ី។ គ្រា​នោះ​ច្បាស់​ជា​គ្រា​ដ៏​រុង​រឿង​អស្ចារ្យ​មែន ប៉ុន្តែ​នៅ​ពេល​នោះ​មិន​មែន​បុគ្គល​គ្រប់​រូប​សប្បាយ​ចិត្ត​ឡើយ។ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​បាន​ច្បាំង​នឹង​ពួក​ទេវតា​ស្មោះ​ត្រង់ ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​មីកែល​ឬ​គ្រិស្ត។ តើ​មាន​លទ្ធផល​យ៉ាង​ណា? គម្ពីរ​ចែង​ថា​៖ ​«​នាគ​ដ៏​ធំ​បាន​ត្រូវ​បោះ​ទម្លាក់ គឺ​ពស់​ដំបូង​បង្អស់ ជា​អ្នក​ដែល​ត្រូវ​ហៅ​ថា​មេ​កំណាច​និង​សាថាន និង​ជា​អ្នក​ដែល​កំពុង​បំភាន់​ពិភព​លោក​ទាំង​មូល វា​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ផែន​ដី ហើយ​បណ្ដា​ទេវតា​របស់​វា​ក៏​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ជា​មួយ​នឹង​វា​ដែរ​»។—បប. ១២:៧,

នៅ​ឆ្នាំ​១៩១៤ និស្សិត​គម្ពីរ​ចាប់​ផ្ដើម​យល់​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា គ្រិស្ត​មាន​វត្តមាន​ហើយ ទោះ​ជា​មនុស្ស​មើល​មិន​ឃើញ​ក៏​ដោយ

២៩, ៣០​. ក្រោយ​ពី​រាជាណាចក្រ​ក្រោម​មេស្ស៊ី​ចាប់​ផ្ដើម​គ្រប់​គ្រង តើ​ស្ថានភាព​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ណា (​ក​) នៅ​ផែន​ដី? (​ខ​) នៅ​ស្ថាន​សួគ៌?

២៩ ច្រើន​ឆ្នាំ​មុន​ឆ្នាំ​១៩១៤ និស្សិត​គម្ពីរ​បាន​ផ្សព្វ​ផ្សាយ​ថា គ្រា​លំបាក​មួយ​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ ប៉ុន្តែ​ពួក​គេ​ច្បាស់​ជា​មិន​បាន​ដឹង​ថា​អ្វី​ដែល​ពួក​គេ​បាន​ប្រកាស​ទុក​ជា​មុន​នោះ នឹង​កើត​ឡើង​ដល់​កម្រិត​ណា​ទេ។ អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​យ៉ូហាន​ឃើញ​នោះ បញ្ជាក់​ថា​សាថាន​នឹង​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ទៅ​លើ​សង្គម​មនុស្ស ក្រោយ​ពី​វា​បាន​ត្រូវ​បោះ​ទម្លាក់​មក​ផែន​ដី។ ការ​បើក​បង្ហាញ​នោះ​ថា​៖ ​«​វេទនា​ដល់​ផែន​ដី និង​សមុទ្រ ពី​ព្រោះ​មេ​កំណាច​បាន​ចុះ​ទៅ​ឯ​អ្នក​រាល់​គ្នា​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច​»។ (​បប. ១២:១២​) នៅ​ឆ្នាំ​១៩១៤ សង្គ្រាម​លោក​លើក​ទី១​បាន​ផ្ទុះ​ឡើង ហើយ​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា​គ្រិស្ត​មាន​វត្តមាន​ជា​ស្តេច បាន​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក។ ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នៃ​របៀប​របប​ពិភព​លោក​នេះ​បាន​ចាប់​ផ្ដើម។—២ធី. ៣:១

៣០ ក៏​ប៉ុន្តែ​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​បាន​អរ​សប្បាយ ពី​ព្រោះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​បាន​ត្រូវ​បណ្ដេញ​ចោល​ជា​រៀង​រហូត។ កំណត់​ហេតុ​របស់​យ៉ូហាន​ប្រាប់​ថា​៖ ​«​ស្ថាន​សួគ៌​និង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ស្ថាន​សួគ៌​អើយ ចូរ​រីក​រាយ​ចុះ!​»។ (​បប. ១២:១២​) លោក​យេស៊ូ​មាន​អំណាច​គ្រប់​គ្រង​ជា​ស្តេច ហើយ​ស្ថាន​សួគ៌​បាន​ត្រូវ​សម្អាត​រួច​ហើយ។ ដូច្នេះ​រាជាណាចក្រ​របស់​មេស្ស៊ី​អាច​ចាត់​វិធានការ ដើម្បី​ជួយ​រាស្ត្រ​របស់​ព្រះ​នៅ​ផែន​ដី។ តើ​រាជាណាចក្រ​នោះ​នឹង​ធ្វើ​អ្វី​ទៅ? ដូច​យើង​បាន​អាន​នៅ​ដើម​ជំពូក​នេះ​ថា មុន​បង្អស់​គ្រិស្ត​ត្រូវ​សម្រិត​សម្រាំង​អ្នក​បម្រើ​ព្រះ​នៅ​ផែន​ដី ក្នុង​នាម​ជា​«​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​មក​»។ តើ​ការ​សម្រិត​សម្រាំង​នោះ​រួម​បញ្ចូល​អ្វី?

គ្រា​សាកល្បង

៣១​. ស្តី​អំពី​ការ​សម្រិត​សម្រាំង តើ​ម៉ាឡាគី​បាន​ប្រកាស​អ្វី​ទុក​ជា​មុន ហើយ​តើ​អ្វី​ៗ​ទាំង​នោះ​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ពេល​ណា? (​សូម​មើល​កំណត់​សម្គាល់​ដែរ​)

៣១ ម៉ាឡាគី​បាន​ប្រកាស​ទុក​ជា​មុន​ថា ពេល​ដែល​ទទួល​ការ​សម្រិត​សម្រាំង នោះ​មិន​ស្រួល​ទេ។ គាត់​បាន​សរសេរ​ថា​៖ ​«​នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​យាង​មក​ដល់ តើ​នរ​ណា​អាច​ទ្រាំ​បាន? នៅ​ពេល​ព្រះ​អង្គ​លេច​មក តើ​នរ​ណា​អាច​ឈរ​បាន? ដ្បិត​ព្រះ​អង្គ​ប្រៀប​បាននឹង​ភ្លើង​របស់​ជាង​ដែក និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក​បំពាក់​»។ (​មគ. [​ម៉ាឡ.​] ៣:២, ខ.ស.​) ពាក្យ​នោះ​ពិត​ណាស់! នៅ​ឆ្នាំ​១៩១៤ រាស្ត្រ​របស់​ព្រះ​នៅ​ផែន​ដី​ចាប់​ផ្ដើម​ប្រឈម​មុខ​ការ​ល្បង​ល​និង​ការ​លំបាក​ដ៏​ខ្លាំង។ អ្វី​ៗ​ទាំង​នេះ​បាន​កើត​ឡើង​ផ្ទួន​ៗ​គ្នា។ កាល​ដែល​សង្គ្រាម​លោក​លើក​ទី១​នៅ​តែ​បន្ត​យ៉ាង​ក្ដៅ​គគុក​នោះ និស្សិត​គម្ពីរ​ជា​ច្រើន​នាក់​បាន​ត្រូវ​គេ​បៀត​បៀន​យ៉ាង​សាហាវ​ឬ​ត្រូវ​គេ​ចាប់​ដាក់​គុក។ e

៣២​. ក្រោយ​ពី​ឆ្នាំ​១៩១៦ តើ​រាស្ត្រ​របស់​ព្រះ​មាន​បញ្ហា​ផ្ទៃ​ក្នុង​អ្វី?

៣២ អង្គ​ការ​របស់​ព្រះ​ក៏​បាន​មាន​បញ្ហា​ផ្ទៃ​ក្នុង​ផង​ដែរ។ នៅ​ឆ្នាំ​១៩១៦ បង​រ៉ាសិល​បាន​ស្លាប់​ក្នុង​អាយុ​តែ​៦៤​ឆ្នាំ។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​បម្រើ​ព្រះ​ជា​ច្រើន​នាក់​ស្រឡាំងកាំង​ជា​ខ្លាំង។ ក្រោយ​ពី​គាត់​ស្លាប់​ទៅ ប្រតិកម្ម​របស់​បង​ប្អូន​ខ្លះ​បាន​បង្ហាញ​ថា ពួក​គេ​លើក​តម្កើង​បង​ប្រុស​គំរូ​នេះ​ហួស​ហេតុ​ពេក។ ទោះ​ជា​បង​រ៉ាសិល​មិន​ចង់​ឲ្យ​បង​ប្អូន​លើក​តម្កើង​គាត់​ដូច្នេះ​ក្ដី ក៏​បង​ប្អូន​ខ្លះ​ហាក់​ដូច​ជា​គោរព​ប្រណិប័តន៍​គាត់។ បង​ប្អូន​ជា​ច្រើន​បាន​គិត​ថា​សេចក្ដី​ពិត​កំពុង​ត្រូវ​បើក​បង្ហាញ​តាម​រយៈ​បង​រ៉ាសិល។ ដូច្នេះ​ក្រោយ​ពី​គាត់​ស្លាប់​ហើយ ពួក​គេ​គិត​ថា​លែង​មាន​ខ្សែ​រយៈ​សម្រាប់​បើក​បង្ហាញ​សេចក្ដី​ពិត​ត​ទៅ​ទៀត។ ហេតុ​នេះ​ពួក​គេ​ខ្លះ​បាន​ប្រឆាំង​យ៉ាង​ខ្លាំង ពេល​អង្គ​ការ​របស់​ព្រះ​ចង់​ឈាន​ទៅ​មុខ។ ចិត្ត​គំនិត​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ក្បត់​ជំនឿ​ដែល​ធ្វើ​ឲ្យ​អង្គ​ការ​របស់​ព្រះ​បែក​សាមគ្គី​គ្នា។

៣៣​. ពេល​អ្វី​ៗ​មិន​បាន​កើត​ឡើង​ដូច​រាស្ត្រ​របស់​ព្រះ​បាន​រំពឹង​ទុក តើ​នោះ​ល្បង​ល​ជំនឿ​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

៣៣ បញ្ហា​មួយ​ទៀត​ដែល​បាន​ល្បង​ល​ជំនឿ​របស់​បង​ប្អូន គឺ​ការ​ខក​ចិត្ត​ដោយ​សារ​អ្វី​ៗ​មិន​បាន​កើត​ឡើង​ដូច​ពួក​គេ​បាន​រំពឹង​ទុក។ ពិត​មែន​តែ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​យ៉ាង​ត្រឹម​ត្រូវ​ថា ឆ្នាំ​១៩១៤​ជា​ឆ្នាំ​ដែល​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នានា​នឹង​ចប់​សព្វ​គ្រប់ ប៉ុន្តែ​បង​ប្អូន​មិន​បាន​យល់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ឆ្នាំ​នោះ​ទេ។ (​លូក. ២១:២៤​) ពួក​គេ​បាន​គិត​ស្មានថា នៅ​ឆ្នាំ​១៩១៤ គ្រិស្ត​នឹង​នាំ​កូន​ក្រមុំ​របស់​លោក​ទៅ​ស្ថាន​សួគ៌ ពោល​គឺ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង ដើម្បី​ឲ្យ​ពួក​គេ​គ្រប់​គ្រង​ជា​មួយ​លោក។ នោះ​មិន​បាន​កើត​ឡើង​ទេ។ នៅ​ជិត​ដំណាច់​ឆ្នាំ​១៩១៧ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ប្រកាស​ថា គ្រា​ច្រូត​កាត់​ដែល​មាន​រយៈ​ពេល​៤០​ឆ្នាំ​នឹង​ចប់​ក្នុង​អំឡុង​រដូវ​ស្លឹក​ឈើ​លាស់​នៅ​ឆ្នាំ​១៩១៨។ ប៉ុន្តែ​កិច្ច​ផ្សព្វ​ផ្សាយ​មិន​បាន​ចប់​នៅ​ពេល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ កិច្ច​ផ្សព្វ​ផ្សាយ​បាន​បន្ត​រីក​ចម្រើន​បន្ទាប់​ពី​គ្រា​នោះ។ ទស្សនាវដ្ដី​ប៉ម​យាម​ប្រាប់​ត​ទៅ​ទៀត​ថា គ្រា​ច្រូត​កាត់​បាន​ចប់​មែន តែ​គ្រា​សម្រាប់​រើស​ផល​ដែល​នៅ​សល់​កំពុង​បន្ត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បង​ប្អូន​ជា​ច្រើន​បាន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​ពួក​គេ​ខក​ចិត្ត។

៣៤​. នៅ​ឆ្នាំ​១៩១៨ តើ​មាន​ការ​ល្បង​ល​ដ៏​ធំ​អ្វី ហើយ​ហេតុ​អ្វី​ពិភព​គ្រិស្ត​សាសនា​បាន​គិត​ថា​រាស្ត្រ​របស់​ព្រះ​បាន​«​ស្លាប់​»​ហើយ?

៣៤ ការ​ល្បង​ល​ដ៏​ធំ​និង​គួរ​ឲ្យ​ខ្លាច​មួយ​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៨។ បង​ប្រុស​ចូសេហ្វ រ៉ូធើហ្វឺត បាន​ស្នង​តំណែង​ជា​អ្នក​នាំ​មុខ​រាស្ត្រ​របស់​ព្រះ បន្ទាប់​ពី​បង​ឆាល រ៉ាសិល​បាន​ស្លាប់។ ប៉ុន្តែ​ក្រោយ​មក គាត់​នឹង​បង​ប្រុស​៧​នាក់​ទៀត​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវក្នុង​អង្គ​ការ​របស់​យើង​បាន​ត្រូវ​គេ​ចាប់​ខ្លួន។ ដោយ​អយុត្ដិធម៌ ពួក​គាត់​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​យូរ​ឆ្នាំ នៅ​ពន្ធនាគារ​ជាតិ នៅ​ក្រុង​អាត្លង់តា រដ្ឋ​ចចចៀ សហរដ្ឋ​អាម៉េរិក។ អស់​មួយ​រយៈ ប្រហែល​ជា​មើល​ទៅ​ដូច​ជា​រាស្ត្រ​របស់​ព្រះ​បាន​លែង​មាន​សកម្មភាព​ហើយ។ អ្នក​ដឹក​នាំ​គ្រិស្ត​សាសនា​ជា​ច្រើន​នាក់​បាន​អរ​សប្បាយ ពី​ព្រោះ​ពួក​គេ​បាន​គិត​ស្មានថា និស្សិត​គម្ពីរ​ចង្រៃ​នោះ​ប្រៀប​ដូច​ជា​«​ស្លាប់​»​ហើយ ពុំ​អាច​រំខាន​ពួក​គេ​ទៀត ដោយ​សារ​«​អ្នក​ដឹក​នាំ​»​របស់​និស្សិត​គម្ពីរ​ជាប់​គុក មន្ទីរ​ចាត់​ការ​នៅ​ក្រុង​ប៊្រុគ្លីន​បាន​បិទ​ទ្វារ ហើយ​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​អាម៉េរិក​និង​អឺរ៉ុប​កំពុង​រង​ការ​វាយ​ប្រហារ។ (​បប. ១១:៣, ៧​-​១០​) ពួក​គេ​បាន​ច្រឡំ​ធំ​មែន!

គ្រា​ដែល​ចាប់​ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ!

៣៥​. ហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​បាន​អនុញ្ញាត​ឲ្យ​អ្នក​កាន់​តាម​លោក​ជួប​ទុក្ខ​លំបាក ហើយ​តើ​លោក​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួក​គេ?

៣៥ ពួក​សត្រូវ​នៃ​សេចក្ដី​ពិត​ស្មាន​មិន​ដល់​ទេ​ថា លោក​យេស៊ូ​បាន​ឲ្យ​រាស្ត្រ​របស់​លោក​ជួប​ទុក្ខ​លំបាក​ទាំង​នេះ ដោយ​សារ​តែ​នៅ​ពេល​នោះ​ព្រះ​យេហូវ៉ា​កំពុង​បំពេញ​នាទី​ជា​«​ជាង​សំរង ហើយ​នឹង​ដេញ​អាចម៍​ប្រាក់​»។ (​ម៉ាឡ. ៣:៣​) ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​បាន​ជឿ​ជាក់​ថា ក្រោយ​ពី​ពួក​អ្នក​ស្មោះ​ត្រង់​ជួប​ការ​ល្បង​ល​ទាំង​នោះ​ដែល​ប្រៀប​ដូច​ជា​ឆ្លង​កាត់​ភ្លើង នោះ​ពួក​គេ​បាន​ត្រូវ​សម្រិត​សម្រាំង ហើយ​មាន​លក្ខណៈ​សម​ជាង​មុន​ទៅ​ទៀត​ដើម្បី​បំពេញ​កិច្ច​បម្រើ​ជូន​ស្តេច​របស់​ពួក​គេ។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​១៩១៩ សត្រូវ​របស់​រាស្ត្រ​ព្រះ​អាច​ឃើញ​ច្បាស់​ថា សកម្មពល​របស់​លោក​បាន​ធ្វើ​អ្វី​ដែល​ពួក​គេ​គិត​ស្មានថា​ពុំ​អាច​កើត​ឡើង​បាន​ឡើយ ពោល​គឺ បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ស្មោះ​ត្រង់​មាន​សកម្មភាព​ឡើង​វិញ! (​បប. ១១:១១​) តាម​មើល​ទៅ នៅ​ពេល​នោះ​គ្រិស្ត​បាន​ធ្វើ​អ្វី​មួយ​ដែល​ជា​លក្ខណៈ​ដ៏​សំខាន់​ក្នុង​សញ្ញា​សម្គាល់​នៃ​គ្រា​ចុង​ក្រោយ​បង្អស់ គឺ​លោក​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​»​នោះ​ជា​បុរស​ដែល​បាន​ត្រូវ​រើស​តាំង​មួយ​ក្រុម​តូច ដែល​ត្រូវ​នាំ​មុខ​រាស្ត្រ​របស់​លោក ដោយ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល។—ម៉ាថ. ២៤:៤៥​-​៤៧

៣៦​. តើ​អ្វី​បង្ហាញ​ថា​រាស្ត្រ​របស់​ព្រះ​ចាប់​ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ?

៣៦ បង​រ៉ូធើហ្វឺត និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់ បាន​ត្រូវ​ដោះ​លែង​ពី​គុក​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​១៩១៩។ មិន​យូរ​ក្រោយ​មក មហា​សន្និបាត​មួយ​បាន​ត្រូវ​រៀប​ចំ​សម្រាប់​ខែ​កញ្ញា​នៅ​ឆ្នាំ​នោះ។ បង​ប្អូន​ក៏​ចាប់​ផ្ដើម​រៀប​គម្រោង​បង្កើត​ទស្សនាវដ្ដី​មួយ​ទៀត ជា​ទស្សនាវដ្ដី​ទី២​របស់​ពួក​គេ ដែល​នឹង​ត្រូវ​ហៅ​ថា​សម័យ​រុង​រឿង (​The Golden Age​)។ ទស្សនាវដ្ដី​នេះ គឺ​ដើម្បី​ចែក​ជា​មួយ​នឹង​ទស្សនាវដ្ដី​ប៉ម​យាម ហើយ​បាន​ត្រូវ​រៀប​ចំ​ជា​ពិសេស​សម្រាប់​ចែក​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ f នៅ​ឆ្នាំ​ដដែល​នោះ ឯកសារ​ប៊ូឡើទិន (​Bulletin​) បាន​ត្រូវ​បោះ​ពុម្ព​ជា​លើក​ដំបូង ដែល​ឥឡូវ​នេះ​ហៅ​ថា កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក កំណត់​សម្រាប់​កិច្ច​ប្រជុំ។ ចាប់​តាំង​ពី​លេខ​ដំបូង ឯកសារ​ប៊ូឡើទិន​បាន​ជួយ​កិច្ច​បម្រើ​ផ្សាយ​ឲ្យ​ជឿនទៅ​មុខ។ យើង​អាច​ឃើញ​ច្បាស់​ថា ចាប់ពី​ឆ្នាំ​១៩១៩​មក​ម្ល៉េះ ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដើម្បី​ជួប​មនុស្ស​ដោយ​ផ្ទាល់ បាន​ក្លាយ​ទៅ​ជា​កិច្ច​ការ​ដ៏​សំខាន់។

៣៧​. ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​ឆ្នាំ​១៩១៩ ហេតុ​អ្វី​បង​ប្អូន​ខ្លះ​បាន​ទៅ​ជា​មិន​ស្មោះ​ត្រង់?

៣៧ កិច្ច​ផ្សព្វ​ផ្សាយ​បាន​បន្ត​សម្រិត​សម្រាំង​អ្នក​បម្រើ​របស់​គ្រិស្ត ដោយ​សារ​មនុស្ស​ដែល​មាន​អំណួត​ក្នុង​ចំណោម​ពួក​គេ មិន​ព្រម​បន្ទាប​ខ្លួន​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ឡើយ។ អ្នក​ដែល​មិន​ព្រម​សម្រប​ខ្លួន​បាន​ចែក​ផ្លូវ​គ្នា​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ស្មោះ​ត្រង់។ នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ឆ្នាំ​១៩១៩ មនុស្ស​មិន​ស្មោះ​ត្រង់​មួយ​ចំនួន​បាន​ខឹង ហើយ​ចាប់​ផ្ដើម​បង្កាច់​បង្ខូច​អ្នក​ស្មោះ​ត្រង់ រហូត​ដល់​បែរ​ជា​ចូល​ខាង​ពួក​អ្នក​ដែល​បៀត​បៀន​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា។

៣៨​. ពេល​អ្នក​កាន់​តាម​គ្រិស្ត​នៅ​ផែន​ដី​ទទួល​ជោគ​ជ័យ តើ​នោះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​អំពី​អ្វី?

៣៨ ក៏​ប៉ុន្តែ​ទោះ​ជា​មាន​ការ​ពាធា​ដូច្នេះ​ក្ដី អ្នក​កាន់​តាម​គ្រិស្ត​ដែល​នៅ​ផែន​ដី​បាន​បន្ត​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ តាំង​ពី​ពេល​នោះ រៀង​រាល់​ដង​ដែល​ពួក​គេ​ទទួល​បាន​ជោគ​ជ័យ នោះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា រាជាណាចក្រ​របស់​ព្រះ​កំពុង​គ្រប់​គ្រង​ហើយ! មាន​តែ​ពរ​និង​ការ​គាំ​ទ្រ​ពី​ព្រះ​តាម​រយៈ​បុត្រ​របស់​លោក​និង​រាជាណាចក្រក្រោម​អំណាច​របស់​មេស្ស៊ី​ប៉ុណ្ណោះ ដែល​អាច​ជួយ​មនុស្សជាតិ​មិន​ល្អ​ឥត​ខ្ចោះ​មួយ​ក្រុម ឲ្យ​យក​ឈ្នះ​សាថាន​និង​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​របស់​វា​ម្ដង​ហើយ​ម្ដង​ទៀត!—សូម​អាន អេសាយ ៥៤:១៧

បង​រ៉ូធើហ្វឺត​កំពុង ថ្លែង​សុន្ទរកថា​ដែល​ជំរុញ​ចិត្ត​យ៉ាង​ខ្លាំង​គ្រាន់​តែ​ប៉ុន្មាន​ខែ​ក្រោយ​ពី​គាត់​ត្រូវ​ដោះ​លែង​ពី​គុក

៣៩, ៤០​. (​ក​) តើ​សៀវភៅ​នេះ​មាន​លក្ខណៈ​អ្វី​ខ្លះ? (​ខ​) តើ​អ្នក​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​សិក្សា​សៀវភៅ​នេះ?

៣៩ ក្នុង​ជំពូក​បន្ត​បន្ទាប់ យើង​នឹង​ពិនិត្យ​មើល​នូវ​អ្វី​ដែល​រាជាណាចក្រ​របស់​ព្រះ​បាន​សម្រេច​នៅ​ផែន​ដី ក្នុង​អំឡុង​១០០​ឆ្នាំ​តាំង​ពី​រាជាណាចក្រ​នោះ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌។ ផ្នែក​នីមួយ​ៗ​នៃ​សៀវភៅ​នេះ​នឹង​បញ្ជាក់​ផ្នែក​មួយ​នៃ​កិច្ច​ការ​រាជាណាចក្រ​នៅ​ផែន​ដី។ នៅ​ជំពូក​នីមួយ​ៗ​មាន​ប្រអប់​សម្រាប់​រៀន​សា​ឡើង​វិញ ដែល​នឹង​ជួយ​យើង​ម្នាក់​ៗ​ឲ្យ​ពិចារណា​ថា តើ​យើង​ពិត​ជា​ចាត់​ទុក​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​ដ៏​ពិត​ប្រាកដ​ឬ​មិន​មែន។ នៅ​ជំពូក​ចុង​ក្រោយ យើង​នឹង​មើល​អ្វី​ដែល​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ពេល​ដែល​រាជាណាចក្រ​នោះ​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ដើម្បី​បំផ្លាញ​មនុស្ស​ទុច្ចរិត និង​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន។ តើ​ការ​សិក្សា​សៀវភៅ​នេះ​នឹង​ជួយ​អ្នក​យ៉ាង​ណា​ខ្លះ?

៤០ សាថាន​ចង់​បំផ្លាញ​ជំនឿ​របស់​អ្នក​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​ចង់​ពង្រឹង​ជំនឿ​របស់​អ្នក ដើម្បី​ឲ្យ​ជំនឿ​នោះ​ការពារ​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​កាន់​ជំហរ​មាំ​មួន។ (​អេភ. ៦:១៦​) ដូច្នេះ យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ខំ​ប្រឹង​សិក្សា​សៀវភៅ​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ សូម​សួរ​ខ្លួន​អ្នក​ម្ដង​ហើយ​ម្ដង​ទៀត​ថា ‹តើ​ខ្ញុំ​ចាត់​ទុក​រាជាណាចក្រ​របស់​ព្រះ​ថា​ជា​អ្វី​ដែល​មាន​មែន​ឬ?›។ បើ​អ្នក​មាន​ជំនឿ​មាំ​មួន​លើ​រាជាណាចក្រ​របស់​ព្រះ នោះ​ទំនង​ជា​គ្មាន​អ្វី​ដែល​អាច​បំផ្លាញ​ជំនឿ​របស់​អ្នក​បាន​ឡើយ ហើយ​អ្នក​ទំនង​ជា​នឹង​នៅ​ក្នុង​ចំណោម​អ្នក​ដែល​គាំ​ទ្រ​រាជាណាចក្រ​នោះ​យ៉ាង​ស្មោះ​ត្រង់​និង​យ៉ាង​សកម្ម នៅ​គ្រា​ដែល​មនុស្ស​ទាំង​អស់​ឃើញ​ថា​រាជាណាចក្រ​របស់​ព្រះ​មាន​ពិត​ប្រាកដ ហើយ​កំពុង​គ្រប់​គ្រង​មែន!

a ដើម្បី​រៀន​ថែម​ទៀត​អំពី​លោក​ស្ទ័រ លោក​ស្តេតសិន និង​លោក​គ្រូរ សូម​មើល​សៀវភៅ​ភាសា​អង់គ្លេស​ចំណង​ជើង​ថា សាក្សី​ព្រះ​យេហូវ៉ា ពួក​អ្នក​ប្រកាស​រាជាណាចក្រ​របស់​ព្រះ(​Jehovah’s WitnessesProclaimers of God’s Kingdom​) ទំព័រ​៤៥​-​៤៦។

b ទោះ​ជា​ចំណង​ជើង​នៃ​ទស្សនាវដ្ដី​របស់​យើង​បាន​ផ្លាស់​ប្ដូរ​ច្រើន​ដង​តាំង​ពី​ចេញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៨៧៩​ក្ដី តែ​ក្នុង​សៀវភៅ​នេះ យើង​នឹង​ហៅ​ទស្សនាវដ្ដី​នោះ​ថា ទស្សនាវដ្ដី​ប៉ម​យាម។

c ទោះ​ជា​និស្សិត​គម្ពីរ​បាន​ដក​ខ្លួន​ចេញ​ពី​អង្គ​ការ​សាសនា​ដែល​ជា​មិត្ត​របស់​ពិភព​លោក​នេះ​ក្ដី តែ​អស់​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​នោះ ពួក​គេ​នៅ​តែ​ចាត់​ទុក​បុគ្គល​ដែល​មិន​មែន​ជា​និស្សិត​គម្ពីរ ថា​ជា​បង​ប្អូន​គ្រិស្ត​សាសនិក ឲ្យ​តែ​ពួក​គេ​អះអាង​ថា​ពួក​គេ​មាន​ជំនឿ​លើ​ថ្លៃ​លោះ ហើយ​អះអាង​ថា​ពួក​គេ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ។

d កត្ដា​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ការ​ព្រមាន​មិន​សូវ​មាន​ប្រសិទ្ធភាព គឺ​ដោយ​សារ​ពួក​គេ​យល់​ថា នោះ​ច្រើន​តែ​សំដៅ​លើ​១៤៤.០០០​នាក់​ដែល​ជា​ហ្វូង​តូច​របស់​គ្រិស្ត​ប៉ុណ្ណោះ។ យើង​នឹង​ឃើញ​នៅជំពូក​ទី​៥ថា មុន​ឆ្នាំ​១៩៣៥ បង​ប្អូន​បាន​គិត​ថា ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ៧:៩, ១០ នឹង​រួម​បញ្ចូល​មនុស្ស​ច្រើន​ឥត​គណនា​ពី​និកាយ​ផ្សេង​ៗ​របស់​ពិភព​គ្រិស្ត​សាសនា ហើយ​ថា​ពួក​គេ​នឹង​ធ្វើ​ជា​ក្រុម​ទី២​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌ ជា​រង្វាន់​សម្រាប់​ការ​គាំ​ទ្រ​ខាង​គ្រិស្ត​នៅ​ទី​បញ្ចប់។

e នៅ​ខែ​កញ្ញា ឆ្នាំ​១៩២០ ទស្សនាវដ្ដី​សម័យ​រុង​រឿង (​ឥឡូវ​ហៅ​ថា ភ្ញាក់​រឭក!​) បាន​បោះ​ពុម្ព​លេខ​ពិសេស​ដែល​បាន​រៀប​រាប់​អំពី​ការ​បៀត​បៀន​ជា​ច្រើន​ករណី​នៅ​ប្រទេស​កាណាដា អង់គ្លេស អាឡឺម៉ង់ និង​សហរដ្ឋ​អាម៉េរិក ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១។ ពេល​ខ្លះ​ការ​បៀត​បៀន​នោះ​គឺ​ឃោរ​ឃៅ​ក្រៃ​លែង។ ក៏​ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មុន​សង្គ្រាម​លោក​លើក​ទី១ មិន​សូវ​មាន​ការ​បៀត​បៀន​បែប​នោះ​ទេ។

f អស់​ជា​ច្រើន​ឆ្នាំ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ត្រូវ​រៀប​ចំ​ជា​ពិសេស​ដើម្បី​អប់រំ​បង​ប្អូន​ក្នុង​ក្រុម​ហ្វូង​តូច។