អត្ថបទសិក្សា ២៣

ចម្រៀង​លេខ​២ នាម​លោក​គឺ​យេហូវ៉ា

តើ​នាម​របស់​ព្រះ​យេហូវ៉ា​សំខាន់​យ៉ាង​ណា​ចំពោះ​អ្នក?

តើ​នាម​របស់​ព្រះ​យេហូវ៉ា​សំខាន់​យ៉ាង​ណា​ចំពោះ​អ្នក?

«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ›​»។អេ. ៤៣:១០

ចំណុច​ផ្ដោត

ដើម្បី​បង្ហាញ​អំពី​តួ​នាទី​របស់​យើង​ក្នុង​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ និង​ជម្រះ​ការ​តិះ​ដៀល​ចំពោះ​នាម​របស់​លោក។

១​-​២. តើ​យើង​ដឹង​ថា​នាម​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ចំពោះ​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

 នាម​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​លោក​យេស៊ូ។ លោក​គឺ​ជា​បុគ្គល​ចម្បង​ដែល​បង្ហាញ​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​នាម​របស់​បិតា​លោក។ នៅ​ក្នុង​អត្ថបទ​មុន​យើង​បាន​រៀន​ថា លោក​យេស៊ូ​សុខ​ចិត្ត​ស្លាប់​ដើម្បី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ និង​បង្ហាញ​ថា​អ្វី​ទាំង​អស់​ដែល​ព្រះ​ធ្វើ​គឺ​ត្រឹម​ត្រូវ។ (​ម៉ាក. ១៤:៣៦; ហេ. ១០:៧​-​៩​) ក្រោយ​ពី​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក​យេស៊ូ លោក​នឹង​សុខ​ចិត្ត​ប្រគល់​គ្រប់​ទាំង​អំណាច​ដែល​លោក​មាន​ទៅ​បិតា​លោក ដើម្បី​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ។ (​១កូ. ១៥:២៦​-​២៨​) អ្វី​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា​បង្ហាញ​ថា លោក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់។

លោក​យេស៊ូ​បាន​មក​ផែន​ដី​ក្នុង​នាម​របស់​បិតា​លោក។ (​យ៉ូន. ៥:៤៣; ១២:១៣​) លោក​បាន​បង្ហាញ​នាម​របស់​បិតា​លោក​ឲ្យ​ពួក​អ្នក​កាន់​តាម​របស់​លោក​ស្គាល់។ (​យ៉ូន. ១៧:៦, ២៦​) លោក​បាន​បង្រៀន​និង​ធ្វើ​អព្ភូតហេតុ​ក្នុង​នាម​របស់​ព្រះ​យេហូវ៉ា។ (​យ៉ូន. ១០:២៥​) ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ការ​ពារ​ពួក​អ្នក​កាន់​តាម​របស់​លោក ‹ដោយ​យល់​ដល់​នាម​របស់​ព្រះ​យេហូវ៉ា›។ (​យ៉ូន. ១៧:១១​) យើង​ឃើញ​ច្បាស់​ថា ចំពោះ​លោក​យេស៊ូ នាម​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ជាង​អ្វី​ណា​ទាំង​អស់។ បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ដែល​និយាយ​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​មិន​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា​ឬ​ប្រើ​នាម​របស់​លោក?

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ពិត យើង​យក​តម្រាប់​លោក​យេស៊ូ​ដោយ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​នាម​របស់​បិតា​លោក។ (​១ពេ. ២:២១​) នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​អំពី​របៀប​ដែល​ពួក​អ្នក​ផ្សព្វ​ផ្សាយ​‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ› បាន​ត្រូវ​សម្គាល់​ដោយ​នាម​របស់​ព្រះ​យេហូវ៉ា។ (​ម៉ាថ. ២៤:១៤​) យើង​ក៏​នឹង​ពិចារណា​ថា តើ​នាម​របស់​ព្រះ​យេហូវ៉ា​គួរ​សំខាន់​យ៉ាង​ណា​ចំពោះ​យើង​ម្នាក់​ៗ​?

​«​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»​

៤. (​ក​) តើ​លោក​យេស៊ូ​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​អ្វី​បន្តិច​មុន​លោក​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ? (​ខ​)​ តើ​យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​អ្វី?

បន្តិច​មុន​លោក​យេស៊ូ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​របស់​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព ពេល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ទូ​ទាំង​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»។ (​សកម្ម. ១:៨​) ដូច្នេះ ពួក​អ្នក​កាន់​តាម​នឹង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​កន្លែង មិន​គ្រាន់​តែ​នៅ​ស្រុក​អ៊ីស្រាអែល​ទេ។ នៅ​ទី​បំផុត មនុស្ស​ពី​គ្រប់​ប្រជា​ជាតិ​នឹង​មាន​ឱកាស​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ (​ម៉ាថ. ២៨:១៩, ២០​) ប៉ុន្តែ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​»។ ដូច្នេះ តើ​អ្នក​កាន់​តាម​ថ្មី​ទាំង​នោះ​ត្រូវ​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា ឬ​តើ​ពួក​គេ​គ្រាន់​តែ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ​ប៉ុណ្ណោះ? ព្រឹត្តិការណ៍​ដែល​រៀប​រាប់​នៅ​សកម្មភាព ជំពូក​ទី​១៥ ជួយ​យើង​ឲ្យ​ទទួល​ចម្លើយ​ចំពោះ​សំណួរ​នេះ។

៥. តើ​តាម​របៀប​ណា​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បង្ហាញ​ថា​ការ​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

នៅ​ឆ្នាំ​៤៩ គ.ស. ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​ថា តើ​ជន​ជាតិ​ដទៃ​ដែល​មិន​បាន​កាត់​ចុង​ស្បែក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក? នៅ​ចុង​បញ្ចប់​នៃ​ការ​ពិភាក្សា​នោះ យ៉ាកុប​ដែល​ជា​ប្អូន​ប្រុស​រួម​ម្ដាយ​ជា​មួយ​លោក​យេស៊ូ​បាន​និយាយ​ថា​៖ ​«​[​ពេត្រុស​]​បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​របៀប​ដែល​ព្រះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ជា​លើក​ដំបូង​ទៅ​លើ​ប្រជា​ជាតិ​នានា ដើម្បី​ជ្រើស​រើស​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»។ តើ​យ៉ាកុប​កំពុង​សំដៅ​ទៅ​លើ​នាម​របស់​អ្នក​ណា? គាត់​ដក​ស្រង់​ពាក្យ​របស់​អ្នក​ប្រកាស​ទំនាយ​អេម៉ុស ពេល​គាត់​បន្ថែម​ថា​៖ ​«​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​នៅ​សល់​ពី​បណ្ដា​ជន​នេះ អាច​ស្វែង​រក​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត ជា​មួយ​នឹង​មនុស្ស​គ្រប់​ជន​ជាតិ ដែល​បាន​ត្រូវ​ហៅ​ដោយ​ឈ្មោះ​របស់​ខ្ញុំ។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​»។ (​សកម្ម. ១៥:១៤​-​១៨​) ពួក​អ្នក​កាន់​តាម​ថ្មី​ទាំង​នេះ​មិន​គ្រាន់​តែ​រៀន​អំពី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​‹បាន​ត្រូវ​ហៅ​ដោយ​ឈ្មោះ​របស់​លោក›​ដែរ។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​ត្រូវ​បង្ហាញ​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​នាម​របស់​ព្រះ ហើយ​ថា​មនុស្ស​នឹង​សម្គាល់​ពួក​គេ​ជា​តំណាង​នាម​នោះ។

នៅ​កិច្ច​ប្រជុំ​របស់​គណៈ​អភិបាល​នា​សតវត្សរ៍​ទី​១ ពួក​បុរស​ស្មោះ​ត្រង់​ទាំង​នោះ​បាន​យល់​ឃើញ​ច្បាស់​ថា គ្រិស្ត​សាសនិក​ត្រូវ​ជា​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​ព្រះ ​(​សូម​មើល​វគ្គ​៥​)​


៦​-​៧. (​ក​) ហេតុ​អ្វី​លោក​យេស៊ូ​មក​ផែន​ដី? (​ខ​)​ តើ​អ្វី​ជា​មូលហេតុ​សំខាន់​ជាង​នេះ​ដែល​លោក​យេស៊ូ​មក​ផែន​ដី?

ឈ្មោះ​របស់​លោក​យេស៊ូ​មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្គ្រោះ​»​ ហើយ​តាម​រយៈ​លោក​យេស៊ូ ព្រះ​យេហូវ៉ា​បាន​បើក​ឱកាស​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​បង្ហាញ​ជំនឿ​លើ​លោក​និង​បុត្រ​របស់​លោក​ទទួល​សេចក្ដី​សង្គ្រោះ។ លោក​យេស៊ូ​បាន​មក​ផែន​ដី​ដើម្បី​ផ្ដល់​ជីវិត​របស់​លោក​សម្រាប់​មនុស្សជាតិ។ (​ម៉ាថ. ២០:២៨​) យ៉ាង​នេះ លោក​បាន​បើក​ឱកាស​ឲ្យ​ពួក​គេ​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​និង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យ៉ូន. ៣:១៦

ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​មនុស្សជាតិ​ត្រូវ​ការ​ថ្លៃ​លោះ? គឺ​ដោយ​សារ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សួន​អេដែន។ ដូច​បាន​រៀប​រាប់​ក្នុង​អត្ថបទ​មុន ឪពុក​ម្ដាយ​ដំបូង​របស់​មនុស្សជាតិ គឺ​អាដាម​និង​អេវ៉ា បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ហេតុ​នេះ​ហើយ ពួក​គេ​បាន​បាត់​បង់​ឱកាស​រស់​ជា​រៀង​រហូត។ (​ដក. ៣:៦, ២៤​) ប៉ុន្តែ លោក​យេស៊ូ​មក​ផែន​ដី​ដើម្បី​ធ្វើ​អ្វី​ដែល​សំខាន់​ជាង​ការ​សង្គ្រោះ​មនុស្សជាតិ​ទៅ​ទៀត។ តើ​នោះ​គឺ​ជា​អ្វី? សូម​ចាំ​ថា នាម​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​បង្កាច់​បង្ខូច។ (​ដក. ៣:៤, ៥​) ដូច្នេះ មនុស្សជាតិ​ត្រូវ​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​ដែល​ធ្វើ​អ្វី​ខុស​ទាល់​តែ​សោះ ហើយ​ថា​នាម​របស់​លោក​គឺ​បរិសុទ្ធ។ លោក​យេស៊ូ​គឺ​ជា​បុគ្គល​ដ៏​ល្អ​បំផុត​ដើម្បី​បង្ហាញ​អំពី​រឿង​នេះ ដោយ​សារ​លោក​យេស៊ូ​ជា​តំណាង​ព្រះ​យេហូវ៉ា ហើយ​បាន​ធ្វើ​អ្វី​ទាំង​អស់​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​លោក​ធ្វើ។

ហេតុ​អ្វី​បាន​ជា​អ្នក​ដែល​និយាយ​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​មិន​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា​ឬ​ប្រើ​នាម​របស់​លោក?

៨. តើ​អស់​អ្នក​ដែល​ជឿ​លើ​លោក​យេស៊ូ​ត្រូវ​ទទួល​ស្គាល់​អ្វី?

អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ ទាំង​ជនជាតិ​យូដា​ទាំង​ជន​ជាតិ​ដទៃ នឹង​ត្រូវ​ទទួល​ស្គាល់​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ​របស់​ពួក​គេ គឺ​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​លោក​យេស៊ូ។ (​យ៉ូន. ១៧:៣​) បន្ថែម​ទៅ​ទៀត ដូច​លោក​យេស៊ូ ពួក​គេ​នឹង​ត្រូវ​ហៅ​ដោយ​នាម​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​ក៏​ត្រូវ​ទទួល​ស្គាល់​ដែរ​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ឲ្យ​នាម​នោះ​បាន​បរិសុទ្ធ។ ការ​សង្គ្រោះ​របស់​ពួក​គេ​អាស្រ័យ​ទៅ​លើ​អ្វី​នេះ។ (​សកម្ម. ២:២១, ២២​) ដូច្នេះ ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​របស់​លោក​យេស៊ូ ត្រូវ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ យើង​អាច​ឃើញ​មូលហេតុ​ដែល​លោក​យេស៊ូ​បញ្ចប់​សេចក្ដី​អធិដ្ឋាន​របស់​លោក ដែល​បាន​ត្រូវ​កត់​ទុក​នៅ​យ៉ូហាន ជំពូក​ទី​១៧​ដោយ​ពាក្យ​ថា​៖ ​«​ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក ក៏​នឹង​បង្ហាញ​ឲ្យ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​ខ្ញុំ និង​ដើម្បី​ឲ្យ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​ពួក​គាត់​»។—យ៉ូន. ១៧:២៦

​«​អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ​»​

៩. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​នាម​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ចំពោះ​យើង?

ពួក​អ្នក​កាន់​តាម​ពិត​ទាំង​អស់​របស់​លោក​យេស៊ូ​ត្រូវ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ។ (​ម៉ាថ. ៦:៩, ១០​) យើង​ត្រូវ​ចាត់​ទុក​នាម​របស់​ព្រះ​យេហូវ៉ា​ថា​សំខាន់​ជាង​នាម​ណា​ទាំង​អស់។ នេះ​ក៏​ជា​អ្វី​ដែល​យើង​ត្រូវ​បង្ហាញ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង​ដែរ។ ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ ហើយ​បង្ហាញ​ថា​អ្វី​ដែល​សាថាន​ចោទ​ប្រកាន់​ព្រះ​យេហូវ៉ា គឺ​មិន​មែន​ជា​ការ​ពិត?

១០. តើ​អេសាយ ជំពូក​ទី​៤២​ដល់​៤៤​ចែង​អំពី​អ្វី? (​អេសាយ ៤៣:៩; ៤៤:៧​-​៩​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ នៅ​អេសាយ ជំពូក​ទី​៤២​ដល់​៤៤ យើង​រៀន​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ។ ក្នុង​ជំពូក​ទាំង​នោះ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​លោក​នាំ​សាក្សី​មក​ផ្ដល់​ភ័ស្តុតាង​ដូច​ក្នុង​រឿង​កាត់​ក្ដី​ដែល​បញ្ជាក់​ថា ព្រះ​របស់​ពួក​គេ​ពិត​ជា​មាន​ជីវិត​រស់​នៅ​មែន។ ប៉ុន្តែ គ្មាន​សាក្សី​ណា​ទេ!—សូម​អាន អេសាយ ៤៣:៩; ៤៤:៧​-​៩

តាម​រយៈ​អ្វី​ដែល​យើង​និយាយ​និង​ធ្វើ យើង​បង្ហាញ​ថា​គ្មាន​ព្រះ​ណា​ក្រៅ​ពី​ព្រះ​យេហូវ៉ា​ទេ ​(​សូម​មើល​វគ្គ​១០​-​១១​)​


១១. តើ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​អ្វី​ទៅ​កាន់​រាស្ត្រ​របស់​លោក​នៅ​អេសាយ ៤៣:១០​-​១២?

១១ សូម​អាន អេសាយ ៤៣:១០​-​១២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​រាស្ត្រ​របស់​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ . . . ហើយ​ខ្ញុំ​គឺ​ជា​ព្រះ​»។ ព្រះ​យេហូវ៉ា​សួរ​ពួក​គេ​ថា​៖ ​«​ក្រៅ​ពី​ខ្ញុំ តើ​មាន​ព្រះ​ណា​ទៀត​ឬ?​»។ (​អេ. ៤៤:៨​) យើង​មាន​ឯកសិទ្ធិ​តប​ឆ្លើយ​សំណួរ​នោះ។ តើ​តាម​របៀប​ណា? តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង យើង​បង្ហាញ​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​គឺ​ជា​ព្រះ​ពិត។ នាម​របស់​លោក​គឺ​ខ្ពង់​ខ្ពស់​ជាង​នាម​ណា​ទាំង​អស់។ យើង​បង្ហាញ​តាម​រយៈ​របៀប​រស់​នៅ​របស់​យើង​ថា យើង​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ថា​យើង​ស្មោះ​ត្រង់​ចំពោះ​លោក មិន​ថា​យើង​ទទួល​ការ​បង្ខិត​បង្ខំ​បែប​ណា​ពី​សាថាន​ក៏​ដោយ។ យ៉ាង​នេះ យើង​មាន​ឱកាស​ជួយ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ។

១២. តើ​ទំនាយ​នៅ​អេសាយ ៤០:៣,​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

១២ ពេល​យើង​គាំទ្រ​នាម​ឬ​កេរ្តិ៍​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា យើង​កំពុង​យក​តម្រាប់​លោក​យេស៊ូ​គ្រិស្ត។ អេសាយ​ក៏​បាន​ប្រកាស​ទុក​ជា​មុន​ថា នឹង​មាន​បុគ្គល​ម្នាក់​ដែល​នឹង​«​រៀប​ចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា​»។ (​អេ. ៤០:៣​) តើ​នោះ​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច? យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​រៀប​ចំ​ផ្លូវ​សម្រាប់​លោក​យេស៊ូ ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា​និង​និយាយ​ក្នុង​នាម​លោក។ (​ម៉ាថ. ៣:៣; ម៉ាក. ១:២​-​៤; លូក. ៣:៣​-​៦​) ទំនាយ​នេះ​ក៏​ចែង​ថា​៖ ​«​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​បង្ហាញ​»។ (​អេ. ៤០:៥​) តើ​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ពេល​លោក​យេស៊ូ​មក​ផែន​ដី លោក​បាន​តំណាង​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ គឺ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​មក​ផែន​ដី។—យ៉ូន. ១២:៤៥

១៣. តើ​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១៣ ដូច​លោក​យេស៊ូ យើង​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា។ យើង​តំណាង​នាម​ព្រះ​យេហូវ៉ា ហើយ​យើង​ប្រាប់​មនុស្ស​ទាំង​អស់​ដែល​យើង​ជួប​អំពី​កិច្ច​ការ​អស្ចារ្យ​របស់​លោក។ ប៉ុន្តែ ដើម្បី​ធ្វើ​ជា​សាក្សី​ដ៏​ល្អ​អំពី​ព្រះ​យេហូវ៉ា យើង​ក៏​ត្រូវ​ប្រាប់​មនុស្ស​ឲ្យ​ស្គាល់​អំពី​អ្វី​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ។ (​សកម្ម. ១:៨​) លោក​យេស៊ូ​គឺ​ជា​សាក្សី​សំខាន់​ចម្បង​របស់​ព្រះ​យេហូវ៉ា ហើយ​យើង​ធ្វើ​តាម​គំរូ​របស់​លោក។ (​បប. ១:៥​) ប៉ុន្តែ តើ​នាម​របស់​ព្រះ​យេហូវ៉ា​គួរ​សំខាន់​យ៉ាង​ណា​ចំពោះ​យើង​ម្នាក់​ៗ​?

តើ​នាម​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​យ៉ាង​ណា​ចំពោះ​យើង?

១៤. ដូច​បាន​រៀប​រាប់​នៅ​ចម្រៀង​សរសើរ​ព្រះ ១០៥:៣ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​នាម​របស់​ព្រះ​យេហូវ៉ា?

១៤ យើង​មាន​មោទនភាព​ចំពោះ​នាម​របស់​ព្រះ​យេហូវ៉ា។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១០៥:៣) ព្រះ​យេហូវ៉ា​អរ​សប្បាយ​ពេល​ដែល​យើង​អួត​អំពី​នាម​លោក។ (​យេ. ៩:២៣, ២៤; ១កូ. ១:៣១; ២កូ. ១០:១៧​) ការ​«​អួត​អំពី​ព្រះ​យេហូវ៉ា​»​មាន​ន័យ​ថា យើង​មាន​មោទនភាព​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង។ យើង​ចាត់​ទុក​ការ​លើក​កិត្តិយស​នាម​របស់​លោក​និង​ការ​គាំទ្រ​កេរ្តិ៍​ឈ្មោះ​របស់​លោក​គឺ​ជា​ឯកសិទ្ធិ។ យើង​មិន​ត្រូវ​អៀន​ខ្មាស​ប្រាប់​អ្នក​រួម​ការ​ងារ សិស្ស​រួម​ថ្នាក់ អ្នក​ជិត​ខាង និង​អ្នក​ឯ​ទៀត​ថា​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទេ! មេ​កំណាច​ចង់​ឲ្យ​យើង​ឈប់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​នាម​របស់​ព្រះ​យេហូវ៉ា។ (​យេ. ១១:២១; បប. ១២:១៧​) តាម​ពិត សាថាន​និង​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​របស់​វា​ចង់​ឲ្យ​យើង​ភ្លេច​នាម​របស់​ព្រះ​យេហូវ៉ា។ (​យេ. ២៣:២៦, ២៧​) ប៉ុន្តែ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​នាម​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​បន្ត​ត្រេក​អរ​ចំពោះ​នាម​នោះ​«​គ្រប់​វេលា​»។—ចសព. ៥:១១; ៨៩:១៦

១៥. តើ​ការ​ហៅ​រក​នាម​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា?

១៥ យើង​បន្ត​ហៅ​រក​នាម​ព្រះ​យេហូវ៉ា។ (​យ៉ូល. ២:៣២; រ៉ូម ១០:១៣, ១៤​) ការ​ហៅ​រក​នាម​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​មាន​ន័យ​ថា យើង​ស្គាល់​និង​ប្រើ​នាម​របស់​ព្រះ​ផ្ទាល់​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ស្គាល់​បុគ្គលិក​លក្ខណៈ​របស់​លោក ទុក​ចិត្ត​លោក ហើយ​រក​ជំនួយ​និង​ការ​ណែនាំ​ពី​លោក​ដែរ។ (​ចសព. ២០:៧; ៩៩:៦; ១១៦:៤; ១៤៥:១៨​) ម្យ៉ាង​ទៀត យើង​ប្រកាស​ប្រាប់​អ្នក​ឯ​ទៀត​អំពី​នាម​និង​គុណ​សម្បត្តិ​របស់​លោក ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ប្រែ​ចិត្ត និង​ចាត់​វិធានការ​ដើម្បី​ពួក​គេ​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។—អេ. ១២:៤; សកម្ម. ២:២១, ៣៨

១៦. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​សាថាន​គឺ​ជា​អ្នក​ភូត​ភរ?

១៦ យើង​សុខ​ចិត្ត​រង​ទុក្ខ​ដើម្បី​នាម​ព្រះ​យេហូវ៉ា។ (​យ៉ា. ៥:១០, ១១​) ពេល​យើង​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​មិន​ថា​យើង​រង​ទុក្ខ​ក្ដី យើង​បង្ហាញ​ថា​សាថាន​គឺ​ជា​អ្នក​ភូត​ភរ។ នៅ​សម័យ​របស់​យ៉ូប សាថាន​បាន​ចោទ​ប្រកាន់​ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ថា​៖ ​«​មនុស្ស​នឹង​សុខ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់ ដើម្បី​រក្សា​ជីវិត​ខ្លួន​»។ (​យ៉ូប ២:៤​) សាថាន​បាន​អះអាង​ថា​មនុស្ស​នឹង​បម្រើ​ព្រះ​យេហូវ៉ា​នៅ​គ្រា​សុខ​ស្រួល​តែ​ប៉ុណ្ណោះ ហើយ​ថា​ពួក​គេ​នឹង​បោះ​បង់​ចោល​លោក បើ​ពួក​គេ​ជួប​ការ​ពិបាក។ យ៉ូប​ដែល​ជា​បុរស​ស្មោះ​ត្រង់​បាន​បង្ហាញ​ថា ការ​អះអាង​របស់​សាថាន​គឺ​មិន​ត្រឹម​ត្រូវ។ សព្វ​ថ្ងៃ​នេះ យើង​ក៏​អាច​បង្ហាញ​ថា​ទោះ​បី​ជា​ជីវិត​របស់​យើង​ពិបាក​យ៉ាង​ខ្លាំង ឬ​សាថាន​ព្យាយាម​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​ក្ដី យើង​នឹង​មិន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ យើង​អាច​ជឿ​ជាក់​ទាំង​ស្រុង​ថា ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​យើង​ដោយ​យល់​ដល់​នាម​របស់​លោក។—យ៉ូន. ១៧:១១

១៧. ដូច​បាន​រៀប​រាប់​នៅ​ពេត្រុស​ទី​១ ២:១២ តើ​មាន​របៀប​ផ្សេង​ទៀត​អ្វី​ដែល​យើង​អាច​នាំ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង?

១៧ យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង។ (​សុភ. ៣០:៩; យេ. ៧:៨​-​១១​) ដោយ​សារ​យើង​តំណាង​ព្រះ​យេហូវ៉ា​និង​នាម​របស់​លោក យើង​អាច​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង​ឬ​អាប់​ឱន។ (​សូម​អាន ពេត្រុស​ទី​១ ២:១២) ដូច្នេះ យើង​ចង់​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង។ ពេល​យើង​ធ្វើ​ដូច្នេះ ទោះ​បី​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី យើង​នឹង​នៅ​តែ​អាច​លើក​តម្កើង​នាម​ព្រះ​យេហូវ៉ា។

១៨. តើ​មាន​របៀប​ផ្សេង​ទៀត​អ្វី​ដែល​យើង​អាច​បង្ហាញ​ថា​នាម​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ចំពោះ​យើង? (​សូម​មើល​កំណត់​សម្គាល់​ផង​ដែរ​)

១៨ យើង​ចាត់​ទុក​នាម​របស់​ព្រះ​យេហូវ៉ា​ថា​សំខាន់​ជាង​កេរ្តិ៍​ឈ្មោះ​របស់​យើង។ (​ចសព. ១៣៨:២​) ហេតុ​អ្វី​នេះ​គឺ​សំខាន់​ម្ល៉េះ? ពីព្រោះ​ពេល​យើង​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត មនុស្ស​ច្រើន​តែ​មិន​ចូល​ចិត្ត ហើយ​និយាយ​អាក្រក់​អំពី​យើង។ a លោក​យេស៊ូ​សុខ​ចិត្ត​ស្លាប់​តាម​របៀប​ដែល​គួរ​ឲ្យ​អាម៉ាស់​ជា​ឧក្រិដ្ឋជន ដើម្បី​លើក​តម្កើង​នាម​របស់​ព្រះ​យេហូវ៉ា។ គម្ពីរ​ចែង​ថា លោក​«​មិន​បាន​អាម៉ាស់​ខ្មាស​»​ គឺ​លោក​មិន​បាន​បារម្ភ​ច្រើន​ពេក​អំពី​អ្វី​ដែល​អ្នក​ឯ​ទៀត​គិត​អំពី​លោក​នោះ​ទេ។ (​ហេ. ១២:២​-​៤​) ផ្ទុយ​ទៅ​វិញ លោក​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។—ម៉ាថ. ២៦:៣៩

១៩. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​នាម​របស់​ព្រះ​យេហូវ៉ា ហើយ​ហេតុ​អ្វី?

១៩ យើង​មាន​មោទនភាព​ដែល​យើង​អាច​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ចាត់​ទុក​ការ​ហៅ​ថា​ជា​សាក្សី​ព្រះ​យេហូវ៉ា​ជា​ឯកសិទ្ធិ។ យ៉ាង​នេះ យើង​សុខ​ចិត្ត​រង​ការ​មើល​ងាយ​ណា​ក៏​ដោយ​ដែល​យើង​ជួប។ ចំពោះ​យើង នាម​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ជាង​កេរ្ដិ៍​ឈ្មោះ​របស់​យើង។ ដូច្នេះ សូម​ឲ្យ​យើង​តាំង​ចិត្ត​បន្ត​សរសើរ​នាម​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​សាថាន​ខំ​ព្យាយាម​រា​រាំង​យើង​ពី​ការ​ធ្វើ​ដូច្នេះ​ក៏​ដោយ។ យ៉ាង​នេះ យើង​នឹង​បង្ហាញ​ថា​នាម​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​បំផុត​ចំពោះ​យើង ដូច​ដែល​សំខាន់​បំផុត​ចំពោះ​លោក​យេស៊ូ​គ្រិស្ត​ដែរ។

ចម្រៀង​លេខ​១០ ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង!

a សូម្បី​តែ​យ៉ូប​ដែល​ជា​បុរស​ស្មោះ​ត្រង់ ក៏​បាន​គិត​ច្រើន​ពេក​អំពី​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ពេល​បុរស​បី​នាក់​បាន​ចោទ​ប្រកាន់​គាត់។ ដំបូង ពេល​យ៉ូប​បាត់​បង់​កូន​និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​គាត់ ​«​គាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ឬ​ចោទ​ប្រកាន់​ថា​ព្រះ​បាន​ធ្វើ​ខុស​ឡើយ​»។ (​យ៉ូប ១:២២; ២:១០​) ប៉ុន្តែ ពេល​គេ​ចោទ​ប្រកាន់​ថា​គាត់​បាន​ធ្វើ​ខុស គាត់​បាន​ពោល​ពាក្យ​«​ដោយ​មិន​បាន​គិត​»។ គាត់​គិត​អំពី​ការ​និយាយ​ការ​ពារ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន ច្រើន​ជាង​ការ​ធ្វើ​ឲ្យ​នាម​ឬ​កេរ្តិ៍​ឈ្មោះ​របស់​ព្រះ​បាន​បរិសុទ្ធ។—យ៉ូប ៦:៣; ១៣:៤, ៥; ៣២:២; ៣៤:៥