លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​អ្វី​ជា​អំណោយ​ដ៏​ល្អ​បំផុត?

តើ​តាម​របៀប​ណា​យើង​អាច​ឲ្យ​អំណោយ​ដ៏​ល្អ​បំផុត?

តើ​តាម​របៀប​ណា​យើង​អាច​ឲ្យ​អំណោយ​ដ៏​ល្អ​បំផុត?

ការ​រក​អំណោយ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ណា​ម្នាក់​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​តម្លៃ​នៃ​អំណោយ​នោះ​អាស្រ័យ​ទៅ​លើ​អ្នក​ទទួល។ ម្យ៉ាង​ទៀត របៀប​ដែល​អ្នក​ទទួល​អំណោយ​ចាត់​ទុក​អំណោយ​ថា​ល្អ​បំផុត​ប្រហែល​ជា​ខុស​គ្នា​ពី​ម្នាក់​ទៀត។

ជា​ឧទាហរណ៍ យុវវ័យ​ម្នាក់​ប្រហែល​ជា​គិត​ថា​គ្រឿង​អេឡិចត្រូនិក​ថ្មី​បំផុត​គឺ​ជា​អំណោយ​ដ៏​វិសេស​បំផុត។ ម្យ៉ាង​វិញ​ទៀត មនុស្ស​ពេញ​វ័យ​ម្នាក់​ប្រហែល​ជា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​អំណោយ​ដែល​ក្រុម​គ្រួសារ​បាន​រក្សា​ទុក​អស់​ជា​ច្រើន​ជំនាន់។ នៅ​វប្បធម៌​ខ្លះ មនុស្ស​ក្មេង​ចាស់​ចង់​ទទួល​អំណោយ​ជា​លុយ​ជាង ដោយ​សារ​អ្នក​ទទួល​អាច​ប្រើ​តាម​ចិត្ដ​ចង់។

ទោះ​ជា​ពិបាក​ក៏​ដោយ មនុស្ស​ជា​ច្រើន​គិត​យ៉ាង​ដិត​ដល់​ក្នុង​ការ​ស្វែង​រក​អំណោយ​ដែល​សាក​សម​បំផុត​សម្រាប់​មនុស្ស​ពិសេស។ ការ​រក​អំណោយ​បែប​នោះ​គឺ​មិន​តែង​តែ​ស្រួល​ទេ តែ​ការ​ចង​ចាំ​ចំណុច​មួយ​ចំនួន នឹង​ទំនង​ជា​ជួយ​អ្នក​ឲ្យ​រក​អំណោយ​ដែល​ត្រូវ​ចិត្ដ​អ្នក​ទទួល។ សូម​យើង​ពិចារណា​ចំណុច​បួន​យ៉ាង​ដែល​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​អ្នក​ទទួល​សប្បាយ​ចិត្ដ។

បំណង​ប្រាថ្នា​របស់​អ្នក​ទទួល។ បុរស​ម្នាក់​នៅ​ក្រុង​បែលហ្វាស ប្រទេស​អៀរឡង់​ភាគ​ខាង​ជើង បាន​ហៅ​កង់​ប្រណាំង​ដែល​គាត់​បាន​ទទួល​កាល​អាយុ​១០​ឬ​១១​ឆ្នាំ ថា​ជា​អំណោយ​ល្អ​បំផុត។ ហេតុ​អ្វី? គាត់​បាន​ពន្យល់​ថា​៖ ​«​ខ្ញុំ​ពិត​ជា​ចង់​បាន​វា​ណាស់​»។ ពាក្យ​សម្ដី​នេះ​បង្ហាញ​ថា​ការ​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​គឺ​អាស្រ័យ​ទៅ​លើ​បំណង​ប្រាថ្នា​របស់​បុគ្គល​ម្នាក់​ៗ។ ដូច្នេះ​សូម​គិត​អំពី​បុគ្គល​ដែល​អ្នក​ចង់​ឲ្យ​អំណោយ។ សូម​ព្យាយាម​ដឹង​អំពី​ចំណាប់​អារម្មណ៍​និង​ចំណង់​ចូល​ចិត្ដ​របស់​បុគ្គល​ម្នាក់ ដោយ​សារ​នោះ​ជាប់​ទាក់​ទង​នឹង​អ្វី​ដែល​គាត់​ចង់​បាន។ ជា​ឧទាហរណ៍ ឪ​ពុក​ម្ដាយ​វ័យ​ចាស់​ច្រើន​តែ​ចូល​ចិត្ដ​ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ។ ប្រហែល​ពួក​គាត់​ចង់​ឃើញ​កូន​និង​ចៅ​របស់​ពួក​គាត់​ជា​រឿយ​ៗ​បើ​អាច​ធ្វើ​បាន។ ដូច្នេះ ពេល​ក្រុម​គ្រួសារ​ចំណាយ​ពេល​វិស្សមកាល​ជា​មួយ​ឪ​ពុក​ម្ដាយ​វ័យ​ចាស់ នោះ​ពួក​គាត់​នឹង​កាន់​តែ​សប្បាយ​ចិត្ដ ជា​ជាង​ទទួល​អំណោយ​ផ្សេង​ៗ។

កត្ដា​សំខាន់​ដើម្បី​ដឹង​អំពី​បំណង​ប្រាថ្នា​របស់​បុគ្គល​ម្នាក់​គឺ​ការ​ស្តាប់​យ៉ាង​យក​ចិត្ដ​ទុក​ដាក់។ គម្ពីរ​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​«​រហ័ស​ស្តាប់ មិន​រហ័ស​និយាយ​»។ (​យ៉ាកុប ១:១៩​) ជា​រៀង​រាល់​ថ្ងៃ កាល​ដែល​សន្ទនា​ជា​មួយ​មិត្ដ​ភក្ដិ​ឬ​សាច់​ញាតិ សូម​ស្តាប់​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ដើម្បី​ដឹង​អំពី​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ដ​និង​មិន​ចូល​ចិត្ដ។ យ៉ាង​នេះ អ្នក​អាច​ឲ្យ​អំណោយ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ពេញ​ចិត្ដ។

សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ទទួល។ អ្នក​ទទួល​ប្រហែល​ជា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​អំណោយ ទោះ​ជា​អំណោយ​នោះ​សាមញ្ញ​ក៏​ដោយ បើ​សិន​ជាអំណោយ​នោះ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​គាត់។ ប៉ុន្ដែ តើ​តាម​របៀប​ណា​អ្នក​អាច​ដឹង​អំពី​សេចក្ដី​ត្រូវ​ការ​របស់​បុគ្គល​ឯ​ទៀត?

តាម​មើល​ទៅ ការ​សួរ​ប្រហែល​ជា​វិធី​ដ៏​ស្រួល​បំផុត​ដើម្បី​ដឹង​អំពី​សេចក្ដី​ត្រូវ​ការ​ឬ​អ្វី​ដែល​បុគ្គល​ម្នាក់​ចង់​បាន។ ប៉ុន្ដែ សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​ឲ្យ​អំណោយ នេះ​ធ្វើ​ឲ្យ​លែង​មាន​អំណរ ដោយ​សារ​ពួក​គេ​ចង់​ធ្វើ​ឲ្យ​អ្នក​ទទួល​ភ្ញាក់​ផ្អើល​ដោយ​បាន​ទទួល​អំណោយ​ដែល​គាត់​ត្រូវ​ការ។ លើស​ពី​នេះ​ទៀត មនុស្ស​ខ្លះ​ប្រហែល​ជា​និយាយ​ដោយ​បើក​ចំហ​រ​អំពី​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ដ​ឬ​មិន​ចូល​ចិត្ដ តែ​ច្រើន​ដង​ពួក​គេ​មិន​ប្រាប់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ទេ។

ម៉្លោះ​ហើយ សូម​សង្កេត​មើល​និង​យក​ចិត្ដ​ទុក​ជា​ពិសេស​ចំពោះ​ស្ថានភាព​របស់​បុគ្គល​នោះ។ តើ​គាត់​ជា​បុរស​ឬ​ស្ដ្រី ក្មេង ចាស់ នៅ​លីវ រៀប​ការ លែង​លះ មេ​ម៉ាយ ពោះ​ម៉ាយ អ្នក​អត់​ការ​ងារ​ធ្វើ ឬ​ចូល​និវត្ដន៍​ឬ​ទេ? សូម​គិត​អំពី​អំណោយ​ដែល​អាច​ចំ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​បុគ្គល​នោះ។

ដើម្បី​យល់​ធ្លុះ​ជ្រៅ​អំពី​សេចក្ដី​ត្រូវ​ការ​របស់​បុគ្គល​ដែល​អ្នក​ចង់​ឲ្យ​អំណោយ សូម​សួរ​យោបល់​អ្នក​ដែល​ធ្លាប់​មាន​ស្ថានភាព​ស្រដៀង​គ្នា។ ពួក​គេ​ប្រហែល​ជា​អាច​ប្រាប់​អ្នក​អំពី​សេចក្ដី​ត្រូវ​ការ​ជា​ពិសេស​ដែល​មិន​សូវ​មាន​អ្នក​ណា​ដឹង។ ដោយ​ទទួល​យោបល់​បែប​នោះ អ្នក​ប្រហែល​ជា​អាច​ឲ្យ​អំណោយ​មួយ​ដែល​បំពេញ​សេចក្ដី​ត្រូវ​ការ​ដែល​អ្នក​ឯ​ទៀត​គិត​មិន​ដល់។

ពេល​វេលា។ គម្ពីរ​ចែង​ថា​៖ ​«​ពាក្យ​១​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎​»។ (​សុភាសិត ១៥:២៣​) បទ​គម្ពីរ​នេះ​បង្ហាញ​ថា​ពេល​យើង​និយាយ​ត្រូវ​ពេល ពាក្យ​របស់​យើង​មាន​ប្រសិទ្ធភាព​ច្រើន​ជាង។ ស្រដៀង​គ្នា​ដែរ ដូច​ពាក្យ​សម្ដី​ដែល​និយាយ​ត្រូវ​ពេល​អាច​ធ្វើ​ឲ្យ​អ្នក​ស្តាប់​សប្បាយ​ចិត្ដ​ណាស់ នោះ​អំណោយ​ដែល​ឲ្យ​ត្រូវ​ពេល ឬ​ត្រូវ​នឹង​ឱកាស​ពិសេស​ណា​មួយ អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​មាន​អំណរ​ក្រៃ​លែង។

ជា​ឧទាហរណ៍ មិត្ដ​ភក្ដិ​ម្នាក់​ជិត​រៀប​ការ។ មិន​យូរ​ទៀត យុវវ័យ​ម្នាក់​បញ្ចប់​ការ​សិក្សា។ ប្ដី​ប្រពន្ធ​មួយ​គូ​ជិត​មាន​កូន។ ទាំង​នេះ​គ្រាន់​តែ​ជា​ឱកាស​មួយ​ចំនួន​ដែល​មនុស្ស​ច្រើន​តែ​ជូន​អំណោយ។ អ្នក​ខ្លះ​គិត​ថា​គឺ​មាន​ប្រយោជន៍​ពេល​មាន​បញ្ជី​អំពី​ព្រឹត្ដិការណ៍​ពិសេស​ទាំង​នេះ ដែល​នឹង​កើត​ឡើង​នៅ​ឆ្នាំ​បន្ទាប់។ តាម​របៀប​នេះ ពួក​គេ​អាច​រៀប​គម្រោង​សម្រាប់​អំណោយ​ដ៏​ល្អ​បំផុត​ក្នុង​ឱកាស​ពិសេស​នីមួយ​ៗ។ *

ពិត​មែន អ្នក​មិន​ចាំ​បាច់​ឲ្យ​អំណោយ​តែ​ក្នុង​ឱកាស​ពិសេស​ប៉ុណ្ណោះ​ទេ។ អ្នក​អាច​មាន​អំណរ​ដែល​មក​ពី​ការ​ឲ្យ​ពេល​ណា​ក៏​បាន។ ប៉ុន្ដែ សូម​ប្រយ័ត្ន។ ជា​ឧទាហរណ៍ បើ​បុរស​ម្នាក់​ឲ្យ​អំណោយ​មួយ​ដល់​ស្ដ្រី​ម្នាក់​ដោយ​គ្មាន​មូលហេតុ នាង​អាច​សន្និដ្ឋាន​ថា​អំណោយ​នោះ​គឺ​ជា​ការ​បញ្ជាក់​អំពី​ចំណាប់​អារម្មណ៍​របស់​បុរស​នោះ​ដើម្បី​ស្គាល់​នាង​ថែម​ទៀត។ អំណោយ​បែប​នោះ​អាច​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ឬ​នាំ​ឲ្យ​ស្មុគ​ស្មាញ លុះ​ត្រា​តែ​ដោយ​មាន​គោល​បំណង​ពិត​ប្រាកដ​និង​ត្រឹម​ត្រូវ។ នេះ​បញ្ជាក់​ថា​មាន​ចំណុច​សំខាន់​មួយ​ទៀត​ដែល​គួរ​ពិចារណា ពោល​គឺ​បំណង​ចិត្ដ​របស់​អ្នក​ឲ្យ។

បំណង​ចិត្ដ​របស់​អ្នក​ឲ្យ។ ដូច​ឧទាហរណ៍​វគ្គ​មុន​បង្ហាញ គឺ​ជា​ការ​ល្អ​ដែល​អ្នក​ឲ្យ​គួរ​ពិចារណា​ថា​តើ​អ្នក​ទទួល​អាច​យល់​ច្រឡំ​អំពី​បំណង​ចិត្ដ​របស់​គាត់​ឬ​យ៉ាង​ណា។ មួយ​វិញ​ទៀត អ្នក​ឲ្យ​គួរ​ពិនិត្យ​ពិចារណា​អំពី​បំណង​ចិត្ដ​របស់​ខ្លួន​ផ្ទាល់។ មនុស្ស​ភាគ​ច្រើន​ឲ្យ​អំណោយ​ដោយ​ចិត្ដ​ស្មោះ តែ​មនុស្ស​ជា​ច្រើន​ទៀត​ឲ្យ​អំណោយ​នៅ​ពេល​ខ្លះ​ក្នុង​មួយ​ឆ្នាំ ដោយ​សារ​ពួក​គេ​មាន​អារម្មណ៍​ថា​ត្រូវ​ធ្វើ​ដូច្នេះ។ រីឯ​មនុស្ស​ខ្លះ​ទៀត​ឲ្យ​អំណោយ​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​ប្រយោជន៍​ឬ​ទទួល​អ្វី​មួយ​មក​វិញ។

តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​ការ​ឲ្យ​អំណោយ​របស់​អ្នក​គឺ​ជា​បំណង​ចិត្ដ​ល្អ? គម្ពីរ​ចែង​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​សេចក្ដី​ស្រឡាញ់​»។ (​កូរិនថូស​ទី១ ១៦:១៤​) បើ​អ្នក​ឲ្យ​អំណោយ​ដោយ​សេចក្ដី​ស្រឡាញ់​ស្មោះ​និង​ដោយ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ដែល​ទទួល​អំណោយ នោះ​អ្នក​នឹង​ទទួល​អំណរ ហើយ​អ្នក​នឹង​មាន​សុភមង្គល​ច្រើន​ជាង​ដែល​មក​ពី​ចិត្ដ​ទូលាយ​ពិត​ប្រាកដ។ ពេល​អ្នក​ឲ្យ​អំណោយ​ដោយ​ស្មោះ​ពី​ចិត្ដ អ្នក​ក៏​ធ្វើ​ឲ្យ​ព្រះ​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​សប្បាយ​រីក​រាយ​ដែរ។ សាវ័ក​ប៉ូល​បាន​សរសើរ​គ្រិស្ដ​សាសនិក​នៅ​ក្រុង​កូរិនថូស​សម័យ​បុរាណ ពេល​ពួក​គាត់​បាន​បង្ហាញ​ចិត្ដ​សប្បុរស​និង​សប្បាយ​ក្នុង​ការ​គាំ​ទ្រ​កិច្ច​ការ​ផ្ដល់​ជំនួយ​សម្រាប់​គ្រិស្ដ​សាសនិក​រួម​ជំនឿ​នៅ​តំបន់​យូឌា។ ប៉ូល​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ដ​សប្បាយ​»។—កូរិនថូស​ទី២ ៩:៧

ការ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ចំណុច​ដែល​យើង​បាន​ពិចារណា អាច​ជួយ​អ្នក​ឲ្យ​ជូន​អំណោយ​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​សប្បាយ​ចិត្ដ។ ព្រះ​ក៏​បាន​ធ្វើ​តាម​ចំណុច​ទាំង​នេះ​និង​ចំណុច​ជា​ច្រើន​ឯ​ទៀត​ពេល​ដែល​លោក​រៀប​ចំ​អំណោយ​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្សជាតិ។ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ពិចារណា​អំណោយ​ដ៏​អស្ចារ្យ​នេះ​ដោយ​អាន​អត្ថបទ​បន្ទាប់។

^ វគ្គ 13 មនុស្ស​ជា​ច្រើន​ក៏​ឲ្យ​អំណោយ​ក្នុង​ថ្ងៃ​ខួប​កំណើត​និង​បុណ្យ​ឯ​ទៀត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បុណ្យ​ទាំង​នេះ​ច្រើន​តែ​រួម​បញ្ចូល​ទំនៀម​ទម្លាប់​ដែល​ខុស​ពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ សូម​មើល​អត្ថបទ ​«​អ្នក​អាន​សួរ​ថា តើ​បុណ្យ​ណូអែល​សម្រាប់​គ្រិស្ដ​សាសនិក​ឬ​ទេ?​»​ក្នុង​ទស្សនាវដ្ដី​នេះ។