តើ​ទំនាយ​ជា​អ្វី?

តើ​ទំនាយ​ជា​អ្វី?

ចម្លើយ​ពី​គម្ពីរ

 ទំនាយ​គឺ​ជា​ដំណឹង​មក​ពី​ព្រះ ឬ​ការ​បើក​បង្ហាញ​ពី​ព្រះ។ គម្ពីរ​ចែង​ថា​អ្នក​ប្រកាស​ទំនាយ​«​បាន​និយាយ​អ្វី​ដែល​មក​ពី​ព្រះ ដោយ​មាន​ឫទ្ធានុភាព​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ​»។ (​ពេត្រុស​ទី​២ ១:២០, ២១​) ដូច្នេះ អ្នក​ប្រកាស​ទំនាយ​គឺ​ជា​បុគ្គល​ដែល​បាន​ទទួល​ដំណឹង​ពី​ព្រះ ហើយ​ប្រាប់​ដំណឹង​នោះ​ដល់​អ្នក​ឯ​ទៀត។—សកម្មភាព ៣:១៨

តើ​អ្នក​ប្រកាស​ទំនាយ​ទទួល​ដំណឹង​ពី​ព្រះ​តាម​របៀប​ណា?

 ព្រះ​បាន​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​ប្រាប់​គំនិត​លោក​ដល់​អ្នក​ប្រកាស​ទំនាយ​របស់​លោក។ វិធី​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖

  •   ជា​សំណេរ។ ព្រះ​បាន​ប្រើ​វិធី​នេះ​ពេល​លោក​បាន​ផ្ដល់​ឲ្យ​ម៉ូសេ​នូវ​បន្ទះ​ថ្ម​ដែល​មាន​ក្រឹត្យ​វិន័យ​ទាំង​ដប់​ដែល​លោក​បាន​សរសេរ​ដោយ​ផ្ទាល់។—ដំណើរ​ចាក​ចេញ ៣១:១៨

  •   ជា​ការ​សន្ទនា​តាម​រយៈ​ទេវតា។ ជា​ឧទាហរណ៍ ព្រះ​បាន​ប្រើ​ទេវតា​មួយ​រូប​ឲ្យ​ផ្ដល់​ការ​ណែនាំ​ដល់​ម៉ូសេ​អំពី​ដំណឹង​ដែល​គាត់​ត្រូវ​និយាយ​ប្រាប់​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប។ (​ដំណើរ​ចាក​ចេញ ៣:២​-​៤, ១០​) ពេល​ដំណឹង​ដែល​ត្រូវ​ប្រាប់​នោះ គឺ​ចំ​ៗ​និង​ម៉ឺង​ម៉ាត់ ព្រះ​បាន​ណែនាំ​ទេវតា​ឲ្យ​ប្រកាស​ដំណឹង​របស់​លោក ដូច​លោក​បាន​ធ្វើ​ពេល​លោក​បាន​ប្រាប់​ម៉ូសេ​ថា​៖​«​អ្នក​ត្រូវ​កត់​ទុក​ពាក្យ​ទាំង​នេះ ព្រោះ​ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​និង​បណ្ដា​ជន​អ៊ីស្រាអែល ស្រប​ទៅ​តាម​ពាក្យ​ទាំង​នេះ​»។—ដំណើរ​ចាក​ចេញ ៣៤:២៧ a

  •   ជា​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត។ មាន​ពេល​ខ្លះ លោក​បាន​ឲ្យ​អ្នក​ប្រកាស​ទំនាយ​ឃើញ​ក្នុង​គំនិត​កាល​ដែល​គាត់​កំពុង​ដឹង​ខ្លួន​និង​មាន​ស្មារតី​ល្អ។ (​អេសាយ ១:១; ហាបាគុក ១:១​) អ្នក​ប្រកាស​ទំនាយ​ខ្លះ​បាន​ឃើញ​ទិដ្ឋភាព​នោះ​យ៉ាង​រស់​រវើក​ហាក់​ដូច​ជា​ពួក​គេ​ស្ថិត​ក្នុង​ទិដ្ឋភាព​នោះ​តែ​ម្ដង។ (​លូកា ៩:២៨​-​៣៦; ការ​បើក​បង្ហាញ ១:១០​-​១៧​) នៅ​ពេល​ផ្សេង​ទៀត ព្រះ​បាន​ឲ្យ​ពួក​គេ​ឃើញ​ក្នុង​គំនិត​កាល​ដែល​ពួក​គេ​កំពុង​លង់​ស្មារតី។ (​សកម្មភាព ១០:១០, ១១; ២២:១៧​-​២១​) បន្ថែម​ទៅ​ទៀត ព្រះ​ក៏​ប្រាប់​ដំណឹង​របស់​លោក​តាម​រយៈ​សុបិន​កាល​ដែល​អ្នក​ប្រកាស​ទំនាយ​កំពុង​ដេក​លក់​ដែរ។—ដានីយ៉ែល ៧:១; សកម្មភាព ១៦:៩, ១០

  •   ជា​ការ​ដឹក​នាំ​គំនិត។ ព្រះ​បាន​ដឹក​នាំ​គំនិត​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ឲ្យ​បក​ស្រាយ​ដំណឹង​របស់​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​គម្ពីរ​ចែង​ថា​៖​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) ព្រះ​បាន​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​ឬ​ដាក់​គំនិត​របស់​លោក​ទៅ​ក្នុង​គំនិត​របស់​ពួក​អ្នក​បម្រើ​លោក។ ដូច្នេះ ដំណឹង​នោះ​គឺ​ជា​ដំណឹង​របស់​ព្រះ តែ​អ្នក​ប្រកាស​ទំនាយ​បាន​ជ្រើស​រើស​ពាក្យ​និយាយ​អំពី​ដំណឹង​នោះ។—សាំយូអែល​ទី​២ ២៣:១, ២

តើ​ទំនាយ​ទាំង​អស់​តែង​តែ​ទាក់​ទង​នឹង​ការ​ប្រកាស​ទុក​ជា​មុន​អំពី​អនាគត​ឬ?

 មិន​មែន​ទេ ទំនាយ​គម្ពីរ​មិន​តែង​តែ​ជា​ការ​ប្រកាស​ទុក​ជា​មុន​អំពី​អនាគត​ឡើយ។ ប៉ុន្តែ ដំណឹង​ភាគ​ច្រើន​ពី​ព្រះ​ទាក់​ទង​នឹង​អនាគត ទោះ​ជា​មិន​ចំ​ៗ​ក៏​ដោយ។ ជា​ឧទាហរណ៍ អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ពី​បុរាណ​អំពី​ទង្វើ​ដ៏​អាក្រក់​របស់​ពួក​គេ។ ការ​ព្រមាន​ទាំង​នោះ​បាន​រៀប​រាប់​អំពី​ពរ​ដែល​ពួក​គេ​នឹង​ទទួល​បើ​ពួក​គេ​ធ្វើ​តាម​ការ​ព្រមាន ហើយ​ក៏​រៀប​រាប់​អំពី​ទុក្ខ​វេទនា​ផង​ដែរ​បើ​ពួក​គេ​មិន​ព្រម​ធ្វើ​តាម​ការ​ព្រមាន។ (​យេរេមា ២៥:៤​-​៦​) ដូច្នេះ ពួក​គេ​ទទួល​លទ្ធផល​យ៉ាង​ណា​គឺ​ស្រេច​ទៅ​លើ​ថា​ពួក​គេ​សម្រេច​ធ្វើ​តាម​ឬ​មិន​ធ្វើ​តាម។—ការ​បំភ្លឺ​ច្បាប់ ៣០:១៩, ២០

ទំនាយ​គម្ពីរ​ខ្លះ​ដែល​មិន​ទាក់​ទង​នឹង​អនាគត

  •   មាន​ពេល​មួយ បណ្ដា​ជន​អ៊ីស្រាអែល​បាន​សុំ​ជំនួយ​ពី​ព្រះ។ លោក​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឲ្យ​ពន្យល់​ពួក​គេ​ថា​ដោយ​សារ​ពួក​គេ​មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះ នោះ​លោក​មិន​ជួយ​ពួក​គេ​ទេ។—អ្នក​សម្រេច​ក្ដី ៦:៦​-​១០

  •   ពេល​លោក​យេស៊ូ​និយាយ​ទៅ​កាន់​ស្ត្រី​ជន​ជាតិ​សាម៉ារី លោក​បាន​ប្រាប់​អំពី​ជីវិត​អតីតកាល​របស់​នាង ហើយ​ថា​លោក​បាន​ដឹង​អំពី​រឿង​នោះ​ដោយ​សារ​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​លោក​ដឹង។ នាង​បាន​ទទួល​ស្គាល់​ថា​លោក​ជា​អ្នក​ប្រកាស​ទំនាយ ទោះ​ជា​លោក​មិន​បាន​ប្រាប់​នាង​អំពី​អនាគត​ក៏​ដោយ។—យ៉ូហាន ៤:១៧​-​១៩

  •   នៅ​ពេល​ដែល​លោក​យេស៊ូ​ទទួល​ការ​ល្បង​ល ពួក​សត្រូវ​របស់​លោក​បាន​គ្រប​មុខ​លោក វាយ​លោក រួច​និយាយ​ថា​៖​«​ចូរ​ប្រកាស​ទំនាយ​មក! តើ​អ្នក​ណា​បាន​វាយ​ឯង?​»។ ពួក​គេ​មិន​បាន​ប្រាប់​លោក​យេស៊ូ​ឲ្យ​ប្រាប់​ពួក​គេ​អំពី​អនាគត​ទេ តែ​ពួក​គេ​ចង់​ឲ្យ​លោក​បង្ហាញ​ឫទ្ធានុភាព​ពី​ព្រះ​ដើម្បី​បញ្ជាក់​ថា​អ្នក​ណា​បាន​វាយ​លោក។—លូកា ២២:៦៣, ៦៤

a ទោះ​ជា​ដំបូង​មើល​ទៅ​ព្រះ​បាន​និយាយ​ទៅ​កាន់​ម៉ូសេ​ដោយ​ផ្ទាល់​ក្ដី តែ​ឧទាហរណ៍​នេះ​បង្ហាញ​ថា​ព្រះ​បាន​ប្រើ​ទេវតា​ឲ្យ​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​ម៉ូសេ​អំពី​ក្រឹត្យ​វិន័យ​ម៉ូសេ។—សកម្មភាព ៧:៥៣; កាឡាទី ៣:១៩