លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២៨

ចូរដឹងគុណព្រះយេហូវ៉ានិងលោកយេស៊ូ

ចូរដឹងគុណព្រះយេហូវ៉ានិងលោកយេស៊ូ

ពេល​មិត្ត​ម្នាក់​ឲ្យ​អំណោយ​វិសេស​ដល់​អ្នក តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? អ្នក​ប្រាកដ​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ហើយ​អ្នក​ចង់​បង្ហាញ​មិត្ត​របស់​អ្នក​ថា អ្នក​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​ដែល​គាត់​បាន​ឲ្យ​អ្នក។ ចុះ​អំណោយ​វិសេស​បំផុត​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ឲ្យ​យើង តើ​នោះ​ជា​អ្វី? ហើយ​តើ​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះអំណោយ​នោះ​យ៉ាង​ដូច​ម្ដេច?

១. តើ​តាម​វិធី​ណា​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ព្រះ​និង​គ្រិស្ត​បាន​ធ្វើ​សម្រាប់​យើង?

គម្ពីរ​សន្យា​ថា​៖ ​«​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​[​លោក​យេស៊ូ​]​»​អាច​រស់​ជា​រៀង​រហូត។ (​យ៉ូហាន ៣:១៦​) តើ​ការ​បង្ហាញ​ជំនឿ​មាន​ន័យ​យ៉ាង​ណា? នេះ​មាន​ន័យ​ថា​យើង​មិន​គ្រាន់​តែ​ជឿ​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​បង្ហាញ​ជំនឿ​លើ​លោក​តាម​រយៈ​ការ​សម្រេច​ចិត្ត​និង​អ្វី​ដែល​យើង​ធ្វើ​ដែរ។ (​យ៉ាកុប ២:១៧​) ពេល​យើង​បង្ហាញ​ជំនឿ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត នោះ​យើង​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​យេស៊ូ និង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​លោក។​—សូម​អាន យ៉ូហាន ១៤:២១

២. តើ​ការ​ចូល​រួម​កម្ម​វិធី​ពិសេស​អ្វី​ជួយ​យើង​ឲ្យ​បង្ហាញ​ថា យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

នៅ​ល្ងាច​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​អំពី​វិធី​មួយ​ទៀត ដែល​ពួក​គេ​អាច​ដឹង​គុណ​លោក​ដែល​បាន​លះ​បង់​ជីវិត។ លោក​បាន​ប្រាប់​ពួក​គេ​ឲ្យ​មក​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​ពិសេស​មួយ ដែល​គម្ពីរ​ហៅ​ថា​«​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​»​ ហើយ​ក៏​បាន​ត្រូវ​ហៅ​ដែរ​ថា ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត។ (​កូរិនថូស​ទី​១ ១១:២០​) លោក​យេស៊ូ​បាន​ផ្ដើម​ធ្វើ​ពិធី​នោះ ព្រោះ​លោក​ចង់​ឲ្យ​ពួក​សាវ័ក​របស់​លោក​និង​គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​ចាំ​ថា លោក​បាន​ប្រគល់​ជីវិត​សម្រាប់​ពួក​គេ។ ស្ដី​អំពី​ពិធី​នេះ លោក​យេស៊ូ​បាន​បង្គាប់​ថា​៖ ​«​ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ​»។ (​លូកា ២២:១៩​) ពេល​អ្នក​ចូល​រួម​ពិធី​រំលឹក អ្នក​បង្ហាញ​ថា​អ្នក​ដឹង​គុណ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ចំពោះ​យើង។

បង្កើន​ចំណេះ

សូម​ពិនិត្យ​មើល​វិធី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ដឹង​គុណ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​លោក​ទាំង​ពីរ។ សូម​ពិចារណា​អំពី​សារៈ​សំខាន់​នៃ​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត។

៣. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ចិត្ត​ដឹង​គុណ?

សូម​ស្រមៃ​គិត​ថា អ្នក​កំពុង​លង់​ទឹក ហើយ​មាន​មនុស្ស​ម្នាក់​បាន​មក​ជួយ​សង្គ្រោះ​អ្នក។ តើ​អ្នក​នឹង​គិត​ថា​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​អ្នក​គឺ​ជា​រឿង​ធម្មតា​ឬ​ទេ? ឬ​ក៏​អ្នក​ខំ​រក​វិធី​ដើម្បី​សង​គុណ​គាត់​វិញ?

យើង​អាច​មាន​ឱកាស​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ សូម​អាន យ៉ូហាន​ទី​១ ៤:៨​-​១០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​ជា​អំណោយ​ដ៏​វិសេស​មួយ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ​សម្រាប់​អ្នក?

តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ? សូម​អាន កូរិនថូស​ទី​២ ៥:១៥ និង​យ៉ូហាន​ទី​១ ៤:១១; ៥:៣ ក្រោយ​ពី​អាន​បទ​គម្ពីរ​នីមួយ​ៗ​ហើយ សូម​ពិភាក្សា​សំណួរ​នេះ​៖

  • យោង​តាម​បទ​គម្ពីរ​នេះ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ដឹង​គុណ​លោក​ទាំង​ពីរ?

៤. យក​តម្រាប់​លោក​យេស៊ូ

វិធី​មួយ​ទៀត​ដែល​យើង​អាច​ដឹង​គុណ គឺ​ដោយ​យក​តម្រាប់​លោក​យេស៊ូ។ សូម​អាន ពេត្រុស​ទី​១ ២:២១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្នក​អាច​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់​តាម​វិធី​ណា​ខ្លះ?

៥. ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត

ដើម្បី​ដឹង​ថា​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ដែល​ធ្វើ​នៅ​លើក​ដំបូង មាន​លំនាំ​បែប​ណា សូម​អាន លូកា ២២:១៤, ១៩, ២០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​មាន​លំនាំ​បែប​ណា?

  • តើ​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ​តំណាង​អ្វី? (​សូម​មើល​ខ​១៩​និង​២០​)

លោក​យេស៊ូ​ចង់​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​មួយ​ឆ្នាំ​ម្ដង នៅ​ចំ​ថ្ងៃ​ដែល​លោក​ស្លាប់។ ហេតុ​នេះ ជា​រៀង​រាល់​ឆ្នាំ សាក្សី​ព្រះ​យេហូវ៉ា​តែង​តែ​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត តាម​លំនាំ​ដើម​ដែល​លោក​បាន​បង្គាប់​ឲ្យ​ធ្វើ។ ដើម្បី​ដឹង​អំពី​សារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​នេះ សូមលេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ពិធី​រំលឹក​ធ្វើ​ឡើង​តាម​របៀប​ណា?

នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ​ជា​វត្ថុ​តំណាង។ នំ​ប៉័ង​តំណាង​រូប​កាយ​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ ដែល​បាន​ត្រូវ​លះ​បង់​ដើម្បី​យើង។ ស្រា​ទំពាំង​បាយ​ជូរ​តំណាង​ឈាម​របស់​លោក

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​គ្រាន់​តែ​ជឿ​លោក​យេស៊ូ បាន​សង្គ្រោះ​ហើយ​»។

  • តើ​អ្នក​អាច​ប្រើ​យ៉ូហាន ៣:១៦ និង​យ៉ា​កុប ២:១៧ ដើម្បី​ពន្យល់​យ៉ាង​ណា​ថា គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ?

សេចក្ដី​សង្ខេប

យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​សម្រាប់​យើង ដោយ​បង្ហាញ​ជំនឿ​លើ​លោក និង​ដោយ​ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​លោក។

រៀន​សា​ឡើង​វិញ

  • តើ​ការ​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា?

  • តើ​អ្នក​ចង់​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​អ្នក​ដឹង​គុណ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

  • ហេតុ​អ្វី​ជា​ការ​សំខាន់​ម្ល៉េះ​ឲ្យ​យើង​ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

តើ​មរណភាព​របស់​គ្រិស្ត​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

លោក​ប្រើ​រូប​កាយ​ដើម្បី​លើក​តម្កើង​ព្រះ​យេហូវ៉ា (៩:២៨)

សូម​អាន​បទ​ពិសោធន៍​«​ខ្ញុំ​មាន​ជីវិត​ស្អាត​ស្អំ​ម្ដង​ទៀត​»​ ដើម្បី​ស្គាល់​អំពី​របៀប​ដែល​ស្ត្រី​ម្នាក់​មាន​ជីវិត​ប្រសើរ​ជាង ពេល​នាង​ដឹង​អំពី​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត។

«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ ​(​brwp១១០៨០១​)