លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៧

តើលោកយេស៊ូជាបុគ្គលបែបណា?

តើលោកយេស៊ូជាបុគ្គលបែបណា?

កាល​ដែល​យើង​រៀន​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ និង​អ្វី​ដែល​លោក​បាន​ធ្វើ​នៅ​ផែនដី យើង​ឃើញ​គុណ​សម្បត្តិ​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​យើង​ចង់​ធ្វើ​ជា​មិត្ត​របស់​លោក និង​ចង់​ធ្វើ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​លោក។ តើ​គុណ​សម្បត្តិ​ណា​ខ្លះ​របស់​លោក​យេស៊ូ​ដែល​ទាក់​ទាញ​ចិត្ត​យើង? ហើយ​តើ​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១. តើ​លោក​យេស៊ូ​ដូច​បិតា​លោក​ក្នុង​ន័យ​អ្វី?

អស់​រាប់​ពាន់​លាន​ឆ្នាំ​នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​បាន​សង្កេត​មើល និង​រៀន​ពី​បិតា​ជា​ទី​ស្រឡាញ់​របស់​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​យេស៊ូ​មាន​ការ​គិត​គូរ មាន​អារម្មណ៍ និង​មាន​ការ​ប្រព្រឹត្ត​ដូច​បិតា​របស់​លោក។ (​សូម​អាន យ៉ូហាន ៥:១៩​) តាម​ការ​ពិត លោក​យេស៊ូ​យក​តម្រាប់​គុណ​សម្បត្តិ​របស់​បិតា​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ រហូត​ដល់​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​»។ (​យ៉ូហាន ១៤:៩​) កាល​ដែល​អ្នក​រៀន​អំពី​គុណ​សម្បត្តិ​របស់​លោក​យេស៊ូ អ្នក​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់។ ជា​ឧទាហរណ៍ ពេល​លោក​យេស៊ូ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស នោះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ក៏​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ដែរ នេះ​រួម​បញ្ចូល​អ្នក​ផ្ទាល់។

២. តើ​លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​ស្រឡាញ់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពិភព​លោក​នេះ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌ ព្រោះ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្គាប់​ខ្ញុំ​ឲ្យ​ធ្វើ​»។ (​យ៉ូហាន ១៤:៣១​) ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ចំពោះ​បិតា​លោក ដោយ​ស្ដាប់​បង្គាប់​បិតា សូម្បី​តែ​នៅ​ពេល​ពិបាក។ ម្យ៉ាង​ទៀត លោក​យេស៊ូ​ចូល​ចិត្ត​និយាយ​អំពី​បិតា​លោក និង​ចូល​ចិត្ត​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​បិតា​លោក។​—យ៉ូហាន ១៤:២៣

៣. តើ​លោក​យេស៊ូ​បង្ហាញ​ថា​លោក​ស្រឡាញ់​មនុស្ស​តាម​របៀប​ណា?

គម្ពីរ​ចែង​ថា​លោក​យេស៊ូ​«​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​នឹង​មនុស្សជាតិ​»។ (​សុភាសិត ៨:៣១​) លោក​បាន​បង្ហាញ​ថា​លោក​ស្រឡាញ់​មនុស្ស ដោយ​លើក​ទឹក​ចិត្ត​និង​ជួយ​ពួក​គេ​ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន។ អព្ភូតហេតុ​របស់​លោក​យេស៊ូ​មិន​គ្រាន់​តែ​បង្ហាញ​អំពី​ឫទ្ធានុភាព​របស់​លោក​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ហាញ​អំពី​ចិត្ត​អាណិត​អាសូរ​របស់​លោក​ដែរ។ (​ម៉ាកុស ១:៤០​-​៤២​) លោក​បាន​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដោយ​សប្បុរស​និង​ដោយ​មិន​រើស​មុខ។ ប្រសាសន៍​របស់​លោក​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ដែល​បាន​ស្ដាប់​លោក​ដោយ​មាន​ចិត្ត​ស្មោះ។ លោក​យេស៊ូ​ស្ម័គ្រ​ចិត្ត​រង​ការ​ឈឺ​ចាប់​រហូត​ដល់​ស្លាប់ ដោយ​សារ​លោក​ស្រឡាញ់​មនុស្ស​ទាំង​អស់។ ប៉ុន្តែ ជា​ពិសេស​លោក​ស្រឡាញ់​អស់​អ្នក​ដែល​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក។​—សូម​អាន យ៉ូហាន ១៥:១៣, ១៤

បង្កើន​ចំណេះ

សូម​រៀន​ថែម​ទៀត​អំពី​គុណ​សម្បត្តិ​របស់​លោក​យេស៊ូ ហើយ​សូម​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​ទូលាយ​ដូច​លោក។

៤. លោក​យេស៊ូ​ស្រឡាញ់​បិតា​របស់​លោក

គំរូ​របស់​លោក​យេស៊ូ​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ។ សូម​អាន លូកា ៦:១២ និង​យ៉ូហាន ១៥:១០; ១៧:២៦ បន្ទាប់​ពី​អាន​ខ​គម្ពីរ​នីមួយ​ៗ សូម​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដូច​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​ស្រឡាញ់​បិតា​របស់​លោក​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​លោក​តែង​តែ​អធិដ្ឋាន​ទៅ​បិតា

៥. លោក​យេស៊ូ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដែល​មាន​សេចក្ដី​ត្រូវ​ការ

លោក​យេស៊ូ​ចាត់​ទុក​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ថា សំខាន់​ជាង​សេចក្ដី​ត្រូវ​ការ​របស់​លោក។ ទោះ​ជា​លោក​ហត់​នឿយ​ក៏​ដោយ លោក​បាន​ចំណាយ​ពេល​វេលា​និង​កម្លាំង​ដើម្បី​ជួយ​មនុស្ស។ សូម​អាន ម៉ាកុស ៦:៣០​-​៤៤ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​កំណត់​ហេតុ​នេះ តើ​លោក​យេស៊ូ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត​តាម​របៀប​ណា​ខ្លះ? (​សូម​មើល​ខ​៣១, ៣៤, ៤១ និង​៤២​)

  • តើ​អ្វី​បាន​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​ជួយ​មនុស្ស? (​សូម​មើល​ខ​៣៤​)

  • ដោយ​សារ​លោក​យេស៊ូ​បង្ហាញ​គុណ​សម្បត្តិ​ដូច​ព្រះ​យេហូវ៉ា តើ​អ្វី​ទាំង​អស់​នេះ​បង្រៀន​អ្នក​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា?

  • តើ​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត​តាម​វិធី​ណា​ខ្លះ?

៦. លោក​យេស៊ូ​មាន​ចិត្ត​ទូលាយ

លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​ទូលាយ ទោះ​ជា​លោក​មិន​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក៏​ដោយ ហើយ​លោក​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បង្ហាញ​ចិត្ត​ទូលាយ​ដែរ។ សូម​អាន សកម្មភាព ២០:៣៥ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • យោង​តាម​ប្រសាសន៍​លោក​យេស៊ូ តើ​យើង​អាច​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច?

លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ទោះ​ជា​យើង​មិន​សូវ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក៏​ដោយ តើ​យើង​អាច​ឲ្យ​តាម​វិធី​ណា​ខ្លះ?

តើ​អ្នក​ដឹង​ទេ?

គម្ពីរ​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ក្នុង​នាម​លោក​យេស៊ូ។ (​សូម​អាន យ៉ូហាន ១៦:២៣, ២៤​) ពេល​យើង​អធិដ្ឋាន​ក្នុង​នាម​លោក​យេស៊ូ នោះ​បង្ហាញ​ថា​យើង​ទទួល​ស្គាល់​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ដើម្បី​ជួយ​យើង​ឲ្យ​ទៅ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា។

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ព្រះ​មិន​ខ្វល់​អំពី​ការ​ឈឺ​ចាប់​របស់​យើង​ទេ​»។

  • ដោយ​សារ​លោក​យេស៊ូ​មាន​គុណ​សម្បត្តិ​ដូច​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​លោក តើ​ការ​ប្រព្រឹត្ត​របស់​លោក​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង?

សេចក្ដី​សង្ខេប

លោក​យេស៊ូ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ស្រឡាញ់​មនុស្ស។ លោក​យេស៊ូ​មាន​គុណ​សម្បត្តិ​ដូច​បិតា​របស់​លោក ដូច្នេះ​ពេល​អ្នក​ស្គាល់​លោក​យេស៊ូ​ច្បាស់​យ៉ាង​ណា អ្នក​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​យ៉ាង​នោះ​ដែរ។

រៀន​សា​ឡើង​វិញ

  • តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ដូច​លោក​យេស៊ូ?

  • តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដូច​លោក​យេស៊ូ?

  • តើ​គុណ​សម្បត្តិ​មួយ​ណា​របស់​លោក​យេស៊ូ​ដែល​អ្នក​ចូល​ចិត្ត​ខ្លាំង​ជាង​គេ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​ពិចារណា​គុណ​សម្បត្តិ​ខ្លះ​របស់​លោក​យេស៊ូ​ដែល​យើង​អាច​ធ្វើ​តាម។

«​ដើម្បី​យក​តម្រាប់​លោក​យេស៊ូ សូម . . .​»​ ​(​លោក​យេស៊ូ ជា​ផ្លូវ ជា​សេចក្ដី​ពិត ជា​ជីវិត ទំព័រ​៣១៧​)

សូម​ពិចារណា​មូលហេតុ​ដែល​យើង​ត្រូវ​អធិដ្ឋាន​ក្នុង​នាម​លោក​យេស៊ូ។

«​ហេតុ​អ្វី​ត្រូវ​អធិដ្ឋាន​ក្នុង​នាម​លោក​យេស៊ូ?​»​ ​(​brwp០៨០២០១​)

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​រូប​រាង​របស់​លោក​យេស៊ូ?

«​តើ​លោក​យេស៊ូ​មាន​រូប​រាង​បែប​ណា?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)