លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៣

«ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន»

«ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន»

១​-​៣​. តើ​អ្វី​ខ្លះ​បាន​ធ្វើ​ឲ្យ​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​ខុស​ប្លែក​ពី​មនុស្ស​ទាំង​អស់​ក្នុង​ប្រវត្ដិសាស្ដ្រ?

ប្រមាណ​២.០០០​ឆ្នាំ​មុន នៅ​ថ្ងៃ​មួយ​ក្នុង​រដូវ​ផ្កា​រីក បុរស​ម្នាក់​ដែល​គ្មាន​ទោស​ត្រូវ​បាន​គេ​ជំនុំ​ជំ​រះ កាត់​ទោស​ដោយ​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​ដែល​គាត់​ពុំ​បាន​ប្រព្រឹត្ដ រួច​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់។ នេះ​មិន​មែន​ជា​លើក​ដំបូង​ដែល​មនុស្ស​ម្នាក់​ត្រូវ​គេ​ប្រហារ​ជីវិត​យ៉ាង​សាហាវ​គ្មាន​មេត្ដា​ដោយ​អយុត្ដិធម៌​ដូច្នេះ​ទេ ហើយ​ក៏​គួរ​ឲ្យ​សោក​ស្តាយ​ណាស់​ដែរ ព្រោះ​នេះ​ពុំ​មែន​ជា​លើក​ចុង​ក្រោយ​ដែល​រឿង​បែប​នេះ​បាន​កើត​ឡើង​នោះ​ទេ។ ក៏​ប៉ុន្ដែ មរណភាព​របស់​បុរស​នេះ​គឺ​ខុស​ប្លែក​ពី​គេ​ទាំង​អស់។

នៅ​ពេល​ដែល​បុរស​នេះ​ឈឺ​ចាប់​យ៉ាង​វេទនា​ជិត​ដល់​មរណកាល​នោះ ផ្ទៃ​មេឃ​បង្ហាញ​ឲ្យ​ឃើញ​ថា​នេះ​ជា​ព្រឹត្ដិការណ៍​សំខាន់​ណាស់។ ទោះ​ជា​ព្រឹត្ដិការណ៍​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ត្រង់​ក៏​ដោយ ក៏​ស្រុក​នោះ​បាន​ត្រឡប់​ជា​ងងឹត​វិញ។ ប្រវត្ដិវិទូ​ម្នាក់​បាន​ប្រាប់​ថា៖«ព្រះ​អាទិត្យ​បាត់​រស្មី»។ (លូកា ២៣:៤៤, ៤៥, ខ.ស.) បន្ទាប់​មក មុន​ដែល​បុរស​នេះ​ផុត​ដង្ហើម​ទៅ គាត់​ពោល​ពាក្យ​ដូច​ត​ទៅ​នេះ​ដែល​ពុំ​អាច​បំភ្លេច​បាន​ថា៖«ខ្ញុំ​បាន​សំ​រេច​សព្វ​គ្រប់​អស់​ហើយ!»។ គឺ​ពិត​មែន​ដោយ​ពលិ​ជីវិត​ខ្លួន បុរស​នេះ​បាន​សម្រេច​ការ​ដ៏​អស្ចារ្យ​មួយ។ ក្នុង​ចំណោម​មនុស្ស​ជាតិ ពលិកម្ម​របស់​គាត់​ជា​ការ​ប្រព្រឹត្ដ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​បំផុត។—យ៉ូហាន ១៥:១៣; យ៉ូហាន ១៩:៣០, ខ.ស.

បុរស​នេះ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ។ មនុស្ស​ដឹង​ទូទៅ​អំពី​ការ​ឈឺ​ចាប់​និង​ការ​សោយ​ទិវង្គត​របស់​ទ្រង់​នៅ​ថ្ងៃ​ដែល​គួរ​ឲ្យ​ខ្លោច​ផ្សា​គឺ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣​ស.យ.។ ក៏​ប៉ុន្ដែ មាន​ចំណុច​សំខាន់​មួយ​ដែល​មនុស្ស​ច្រើន​តែ​មិន​បាន​កត់​សម្គាល់​នោះ​ទេ។ ទោះ​ជា​ព្រះ​យេស៊ូ​បាន​ឈឺ​ចាប់​យ៉ាង​វេទនា​ក៏​ពិត​មែន តែ​មាន​បុគ្គល​ម្នាក់​ទៀត​ដែល​បាន​ឈឺ​ចាប់​ជាង​នោះ​ទៅ​ទៀត។ ការ​ពិត នៅ​ថ្ងៃ​នោះ​មាន​បុគ្គល​ម្នាក់​ទៀត​បាន​ធ្វើ​ពលិកម្ម​ដ៏​ធំ​ជាង​ពលិកម្ម​របស់​ព្រះ​យេស៊ូ​ឆ្ងាយ​ណាស់។ ក្នុង​សកលលោក​ទាំង​មូល ពលិកម្ម​នោះ​ជា​ការ​ប្រព្រឹត្ដ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​បំផុត។ តើ​ការ​ប្រព្រឹត្ដ​នោះ​ជា​អ្វី​ទៅ? ចម្លើយ​សំរាប់​សំនួរ​នេះ​សម​ជា​សេចក្ដី​ផ្ដើម​ចំពោះ​ការ​ពន្យល់​នូវ​រឿង​មួយ​ដែល​សំខាន់​បំផុត ពោល​គឺ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។

ការ​ប្រព្រឹត្ដ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជ្រាល​ជ្រៅ​បំផុត

៤​. ហេតុ​អ្វី​ទាហាន​រ៉ូម​ម្នាក់​ទទួល​ស្គាល់​ថា​ព្រះ​យេស៊ូ​មិន​មែន​ជា​បុរស​ធម្មតា​នោះ? ហើយ​តើ​ទាហាន​នេះ​សន្និដ្ឋាន​យ៉ាង​ណា?

ទាហាន​រ៉ូម​ម្នាក់​ដែល​ចាត់​ចែង​ការ​ប្រហារ​ព្រះ​ជន្ម​ព្រះ​យេស៊ូ បាន​នឹក​អស្ចារ្យ​នឹង​ភាព​ងងឹត​ដែល​មាន​មុន​ព្រះ​យេស៊ូ​សោយ​ទិវង្គត និង​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ដែល​មាន​ក្រោយ​ទ្រង់​សោយ​ទិវង្គត។ ទាហាន​នោះ​បាន​ពោល​ថា៖«នេះ​ពិត​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​មែន»។ (ម៉ាថាយ ២៧:៥៤) ច្បាស់​ហើយ ព្រះ​យេស៊ូ​មិន​មែន​ជា​បុរស​ធម្មតា​ទេ។ ទាហាន​នេះ​បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើ​គុត​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត! តើ​ព្រះ​វរបិតា​ស្រឡាញ់​ព្រះ​រាជបុត្រា​នេះ​ប៉ុន​ណា?

៥​. មុន​ដែល​មាន​ព្រះ​ជន្ម​នៅ​ផែន​ដី តើ​ព្រះ​រាជបុត្រា​គង់​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ​វរបិតា​អស់​រយៈ​ពេល​ប៉ុន្មាន?

ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​យេស៊ូ​ជា«បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក»។ (កូល៉ុស ១:១៥) សូម​គិត​ទៅ​មើល ព្រះ​រាជបុត្រា​របស់​ព្រះ​យេហូវ៉ា​ធ្លាប់​មាន​ព្រះ​ជន្ម​រស់​មុន​មាន​សកលលោក​ទៅ​ទៀត! តើ​ព្រះ​វរបិតា​និង​ព្រះ​រាជបុត្រា​ធ្លាប់​គង់​នៅ​ជា​មួយ​គ្នា​អស់​រយៈ​ពេល​ប៉ុន្មាន​ទៅ? អ្នក​វិទ្យា​សាស្ដ្រ​ខ្លះ​ប៉ាន់​ស្មាន​ថា​សកលលោក​មាន​កំណើត​តាំង​ពី​១.៣០០​កោដិ​ឆ្នាំ​មុន។ តើ​អ្នក​អាច​ស្រមៃ​គិត​ទៅ​ដល់​រយៈ​ពេល​ដ៏​វែង​ដូច្នេះ​បាន​ទេ? ប៉ុន្ដែ មិន​ថា​ការ​ប៉ាន់​ស្មាន​នេះ​ត្រូវ​ឬ​មិន​ត្រូវ​ក៏​ដោយ វា​នៅ​តែ​តិច​ជាង​ព្រះ​ជន្មាយុ​របស់​ព្រះ​រាជបុត្រា​ព្រះ​យេហូវ៉ា! តើ​ព្រះ​រាជបុត្រា​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​រយៈ​ពេល​យ៉ាង​វែង​បែប​នេះ?

៦​. (ក) តើ​ព្រះ​រាជបុត្រា​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ការ​អ្វី មុន​ប្រសូត​មក​ជា​មនុស្ស​ជាតិ​ម្នាក់? (ខ) រវាង​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រា​របស់​ទ្រង់​តើ​មាន​ចំណង​បែប​ណា?

ព្រះ​រាជបុត្រា​មាន​ក្ដី​សោមនស្ស​រីក​រាយ​ជា«មេ​ជាង»របស់​ព្រះ​វរបិតា​ទ្រង់។ (សុភាសិត ៨:៣០) ព្រះ​គម្ពីរ​ចែង​ថា៖«គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី[ព្រះ​រាជបុត្រា]​ឡើយ»។ (យ៉ូហាន ១:៣) ដូច្នេះ ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រា​របស់​ទ្រង់​បាន​រួម​គ្នា​បង្កើត​របស់​សព្វសារពើ​ទាំង​អស់។ ទ្រង់​ទាំង​ពីរ​អង្គ​ច្បាស់​ជា​បាន​រីក​រាយ​និង​រំភើប​ព្រះ​ទ័យ​ជា​ទី​បំផុត! មនុស្ស​ជា​ច្រើន​យល់​ស្រប​ថា ចំណង​នៃ​សេចក្ដី​ស្រឡាញ់​រវាង​មាតា​បិតា​និង​បុត្រ​ធី​តា​ពិត​ជា​ចំណង​ដ៏​រឹង​មាំ​គួរ​ឲ្យ​អស្ចារ្យ​ណាស់។ ហើយ​សេចក្ដី​ស្រឡាញ់«ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍»។ (កូល៉ុស ៣:១៤) ហេតុ​នេះ​ហើយ គ្មាន​យើង​ណា​ម្នាក់​អាច​យល់​ពី​ភាព​រឹង​មាំ​នៃ​ចំណង​សេចក្ដី​ស្រឡាញ់​ដែល​មាន​អស់​កាល​ជា​យូរ​ដូច្នេះ​បាន​ទេ សូម្បី​តែ​យល់​បន្ដិច​ក៏​មិន​បាន​ផង មែន​ទេ? យើង​ឃើញ​ច្បាស់​ថា ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រា​របស់​ទ្រង់​មាន​ចំណង​សេចក្ដី​ស្រឡាញ់​ដ៏​រឹង​មាំ​បំផុត​ដែល​ធ្លាប់​មាន។

៧​. នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក តើ​ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​អារម្មណ៍​របស់​ទ្រង់​ចំពោះ​ព្រះ​រាជបុត្រា​យ៉ាង​ដូច​ម្ដេច?

យ៉ាង​ណា​ក៏​ដោយ ព្រះ​វរបិតា​ចាត់​ព្រះ​រាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​ផែន​ដី​ប្រសូត​ជា​កូន​មនុស្ស។ នេះ​មាន​ន័យ​ថា អស់​ជា​ច្រើន​ឆ្នាំ ព្រះ​យេហូវ៉ា​ត្រូវ​សុខ​ចិត្ដ​អត់​មាន​ភាព​ស្និទ្ធ​ស្នា​ល​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់។ ព្រះ​យេហូវ៉ា​បាន​ទត​ពី​ស្ថាន​សួគ៌​មក​ទាំង​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​កាល​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​ធំ​ឡើង​ជា​បុរស​គ្រប់​ល័ក្ខណ៍។ នៅ​ពេល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្មាយុ​ប្រមាណ​៣០​ឆ្នាំ ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ យើង​មិន​ចាំ​បាច់​ស្មាន​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ព្រះ​យេស៊ូ​នៅ​ពេល​នោះ​ឡើយ។ ព្រះ​វរបិតា​មាន​បន្ទូល​ពី​ស្ថាន​សួគ៌​ដោយ​អង្គ​ទ្រង់​ផ្ទាល់​ថា៖‹នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ដ​យើង​ណាស់!›។ (ម៉ាថាយ ៣:១៧) ដោយ​ឃើញ​ថា​ព្រះ​យេស៊ូ​បាន​ធ្វើ​តាម​អ្វី​ទាំង​អស់​ដែល​បាន​ទាយ​ទុក​ជា​មុន​យ៉ាង​ស្មោះ​ត្រង់ ហើយ​ក៏​បាន​ធ្វើ​តាម​អ្វី​ទាំង​អស់​ដែល​ត្រូវ​តម្រូវ​ពី​ទ្រង់ នោះ​ព្រះ​វរបិតា​ពិត​ជា​ពេញ​ព្រះ​ហឫទ័យ​ណាស់!—យ៉ូហាន ៥:៣៦; ១៧:៤

៨, ៩​. (ក) តើ​ព្រះ​យេស៊ូ​ត្រូវ​រង​ទ្រាំ​នឹង​អ្វី​ខ្លះ​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣​ស.យ.? ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ព្រះ​ទ័យ​ព្រះ​វរបិតា​របស់​ទ្រង់? (ខ) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ព្រះ​រាជបុត្រា​របស់​ទ្រង់​រង​ទុក្ខ​និង​សោយ​ទិវង្គត​នោះ?

ក៏​ប៉ុន្ដែ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣​ស.យ.? តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​យប់​ដែល​ព្រះ​យេស៊ូ​ត្រូវ​គេ​ក្បត់ ហើយ​ត្រូវ​ក្រុម​ជន​ឃោរ​ឃៅ​ចាប់​ខ្លួន? តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មិត្ដ​សំឡាញ់​របស់​ព្រះ​យេស៊ូ​រត់​ចោល​ទ្រង់ និង​ទ្រង់​ត្រូវ​គេ​នាំ​ទៅ​វិនិច្ឆ័យ​ខុស​ច្បាប់? តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ព្រះ​យេស៊ូ​ត្រូវ​គេ​សើច​ចំអក ស្ដោះ​ទឹក​មាត់​ដាក់ និង​វាយ​តប់​នោះ? តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ត្រូវ​គេ​វាយ​វាត់​នឹង​ខ្សែ​តី រយះ​ដាច់​សាច់​ខ្នង​ទ្រង់​នោះ? តើ​ទ្រង់​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ត្រូវ​គេ​បោះ​ដែក​គោល​ភ្ជាប់​ព្រះ​ហស្ដ​និង​ព្រះ​បាទ​លើ​បង្គោល​ឈើ រួច​ព្យួរ​ទ្រង់​ចោល​ឲ្យ​មនុស្ស​តិះ​ដៀល​នោះ? តើ​ព្រះ​វរបិតា​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ព្រះ​រាជបុត្រា​របស់​ទ្រង់​ស្រែក​ទូល​ទ្រង់​ទាំង​ឈឺ​ចាប់​យ៉ាង​វេទនា​នោះ? តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ព្រះ​យេស៊ូ​ផុត​ដង្ហើម​ទៅ ហើយ​ជា​លើក​ទី​មួយ​តាំង​ពី​កំណើត​សកលលោក​មក មិន​មាន​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់?—ម៉ាថាយ ២៦:​១៤​-​១៦, ៤៦,​ ៤៧, ៥៦, ៥៩, ៦៧; ២៧:៣៨​-​៤៤, ៤៦; យ៉ូហាន ១៩:១

«ព្រះ . . . ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១»

យើង​រក​ពាក្យ​ឆ្លើយ​ពុំ​បាន​ទេ។ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ក៏​ចេះ​មាន​អារម្មណ៍​ដែរ ការ​ឈឺ​ចាប់​ក្នុង​ព្រះ​ទ័យ​នៅ​ពេល​ដែល​ព្រះ​រាជបុត្រា​របស់​ទ្រង់​បាន​សោយ​ទិវង្គត​នោះ គឺ​ខ្លាំង​រក​ពណ៌នា​ពុំ​បាន​ឡើយ។ ប៉ុន្ដែ យើង​អាច​ពណ៌នា​នូវ​អ្វី​ដែល​ជំរុញ​ព្រះ​ទ័យ​ព្រះយេហូវ៉ា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង។ ហេតុ​អ្វី​បាន​ជា​ព្រះ​វរបិតា​សុខ​ចិត្ដ​ឈឺ​ចាប់​ដូច្នេះ? ព្រះ​យេហូវ៉ា​លាត​ត្រដាង​ឲ្យ​យើង​យល់​នូវ​អ្វី​ដ៏​អស្ចារ្យ​មួយ​នៅ​យ៉ូហាន ៣:១៦ ជា​ខ​គម្ពីរ​មួយ​សំខាន់​ដល់​ម៉្លេះ​ដែល​ធ្លាប់​មាន​គេ​ហៅ​ថា សេចក្ដី​សង្ខេប​នៃ​សៀវភៅ​ដំណឹង​ល្អ។ ខ​នោះ​អាន​ថា៖ «ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។ ដូច្នេះ បើ​និយាយ​ឲ្យ​ចំ​ទៅ អ្វី​ដែល​បាន​ជំរុញ​ព្រះ​ទ័យ​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​ដូច្នេះ គឺ​សេចក្ដី​ស្រឡាញ់។ ការ​ចាត់​ព្រះ​រាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​រង​ទុក្ខ​និង​សោយ​ទិវង្គត​ជំនួស​យើង​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា ដែល​ជា​ការ​ប្រព្រឹត្ដ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បំផុត​ដែល​ធ្លាប់​មាន។

អត្ថ​ន័យ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

១០​. តើ​មនុស្ស​ជាតិ​ត្រូវ​ការ​អ្វី​ជា​ចាំ​បាច់? ហើយ​តើ​អ្វី​បាន​កើត​ឡើង​ដល់​អត្ថ​ន័យ​នៃ​ពាក្យ​«សេចក្ដី​ស្រឡាញ់»?

១០ តើ​ពាក្យ«សេចក្ដី​ស្រឡាញ់»មាន​ន័យ​ដូច​ម្ដេច? មាន​គេ​ពណ៌នា​ថា​សេចក្ដី​ស្រឡាញ់​ជា​តម្រូវ​ការ​ចាំ​បាច់​បំផុត​របស់​មនុស្ស​ជាតិ។ ពី​កំណើត​រហូត​ដល់​ស្លាប់ មនុស្ស​ខំ​ព្យាយាម​រក​សេចក្ដី​ស្រឡាញ់​ទាល់​តែ​បាន។ មនុស្ស​ក៏​ទទួល​នូវ​កម្លាំង​កាយ​កម្លាំង​ចិត្ដ​ពី​ភាព​កក់​ក្ដៅ​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​ពេល​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់​អាច​ធ្វើ​ឲ្យ​មនុស្ស​សោក​សង្រេង​រីង​រៃ​រហូត​ដល់​ស្លាប់​ក៏​មាន។ យ៉ាង​ណា​ក៏​ដោយ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​អត្ថ​ន័យ​នៃ​សេចក្ដី​ស្រឡាញ់​គឺ​ពិបាក​បក​ស្រាយ​ណាស់។ មនុស្ស​និយាយ​ច្រើន​អំពី​សេចក្ដី​ស្រឡាញ់។ មាន​សៀវភៅ ចំ​រៀង និង​កំណាព្យ​ជា​ច្រើន​មិន​ចេះ​អស់​ដែល​ចែង​អំពី​សេចក្ដី​ស្រឡាញ់។ អ្វីៗ​ទាំង​នេះ​មិន​តែង​តែ​បញ្ជាក់​អត្ថ​ន័យ​នៃ​សេចក្ដី​ស្រឡាញ់​ទេ។ ការ​ពិត ពាក្យ​នេះ​ត្រូវ​ប្រើ​ច្រើន​ហួស​ហេតុ​ពេក​រហូត​ដល់​នាំ​ឲ្យ​អត្ថ​ន័យ​ពិត​កាន់​តែ​ស្រពិច​ស្រពិល​យល់​ពុំ​ច្បាស់​ទៅ​វិញ។

១១, ១២​. (ក) តើ​យើង​អាច​រៀន​ជា​ច្រើន​អំពី​សេចក្ដី​ស្រឡាញ់​នៅ​ឯ​ណា? ហើយ​ហេតុ​អ្វី​អាច​រៀន​ពី​នោះ​បាន? (ខ) តើ​សេចក្ដី​ស្រឡាញ់​បែប​ណា​ខ្លះ​ដែល​ត្រូវ​បញ្ជាក់​នៅ​ក្នុង​ភាសា​ក្រិច​ពី​បុរាណ? ហើយ​តើ​ពាក្យ​មួយ​ណា​បក​ប្រែ​ថា«សេចក្ដី​ស្រឡាញ់»ដែល​ត្រូវ​ប្រើ​ច្រើន​ជាង​គេ​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច? (សូម​មើល​សម្គាល់​ហេតុ​ដែរ) (គ) តើ​សេចក្ដី​ស្រឡាញ់​បែប​អាហ្កាប៉េ​ជា​អ្វី?

១១ ក៏​ប៉ុន្ដែ ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់។ វចនានុក្រម​ពាក្យ​ក្នុង​សញ្ញា​ថ្មី​របស់​លោក​វ៉ាញ​ពន្យល់​ថា៖«សេចក្ដី​ស្រឡាញ់​អាច​ត្រូវ​សម្គាល់​ដោយ​សារ​តែ​ការ​ប្រព្រឹត្ដ​ដែល​វា​ជំរុញ»។ កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​ស្ដី​អំពី​ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ជា​ច្រើន​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ឬ​ភាព​ស្និទ្ធ​ស្នា​ល​យ៉ាង​កក់​ក្ដៅ​ដែល​មាន​ចំពោះ​សត្ដនិករ​របស់​ទ្រង់។ ជា​ឧទាហរណ៍ ការ​ប្រព្រឹត្ដ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ត្រូវ​ពណ៌នា​ខាង​លើ​នេះ ពិត​ជា​សម្ដែង​ឲ្យ​យល់​ច្រើន​ណាស់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា មែន​ទេ? ក្នុង​ជំពូក​ក្រោយៗ​មក​យើង​នឹង​ឃើញ​ឧទាហរណ៍​ថែម​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ប្រព្រឹត្ដ​របស់​ទ្រង់។ ម្យ៉ាង​ទៀត យើង​អាច​យល់​ធ្លុះ​ជ្រៅ​ជាង​ដោយ​មើល​ពាក្យ​ភាសា​ដើម​ដែល​បក​ប្រែ​ថា«សេចក្ដី​ស្រឡាញ់»ក្នុង​ព្រះ​គម្ពីរ។ ក្នុង​ភាសា​ក្រិច​ពី​បុរាណ មាន​ពាក្យ​បួន​ដែល​ត្រូវ​បក​ប្រែ​ថា«សេចក្ដី​ស្រឡាញ់»។ * ក្នុង​ចំណោម​នេះ​មាន​ពាក្យ​មួយ​ដែល​ត្រូវ​ប្រើ​ច្រើន​ជាង​គេ​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច​គឺ​អាហ្កាប៉េ។ វចនានុក្រម​ព្រះ​គម្ពីរ​មួយ​ចែង​ថា​ពាក្យ​នេះ​គឺ​ជា«ពាក្យ​ខ្លាំង​បំផុត​សំរាប់​សេចក្ដី​ស្រឡាញ់»។ ហេតុ​អ្វី?

១២ អាហ្កាប៉េ​សំដៅ​លើ​សេចក្ដី​ស្រឡាញ់​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​គោល​ការណ៍។ ដូច្នេះ សេចក្ដី​ស្រឡាញ់​បែប​នេះ​មិន​គ្រាន់​តែ​ជា​អារម្មណ៍​ដែល​យើង​មាន​ចំពោះ​អ្នក​ណា​ម្នាក់​ទេ។ អាហ្កាប៉េ​មាន​ន័យ​ទូលំ​ទូលាយ​ជាង និង​មាន​មូលដ្ឋាន​ទៅ​លើ​គំនិត​និង​ចេតនារម្មណ៍។ សំខាន់​បំផុត អាហ្កាប៉េ​គ្មាន​អត្ដទត្ថភាព​ទាល់​តែ​សោះ។ ជា​ឧទាហរណ៍ សូម​មើល​យ៉ូហាន ៣:១៦​ម្ដង​ទៀត។ ចំពោះ«មនុស្ស​លោក»ដែល​ព្រះ​បាន​ស្រឡាញ់​រហូត​ដល់​សុខ​ចិត្ដ​ប្រទាន​ព្រះ​រាជបុត្រា​តែ​មួយ​នោះ តើ​ពួក​គេ​ជា​អ្នក​ណា? នោះ​គឺ​ជា​មនុស្ស​លោក​ដែល​អាច​ត្រូវ​ប្រោស​លោះ​បាន។ នោះ​រួម​បញ្ចូល​មនុស្ស​ជា​ច្រើន​នាក់​ដែល​កំពុង​តែ​ដើរ​តាម​គន្លង​ជីវិត​ជា​អ្នក​ធ្វើ​អំពើ​បាប​នៅ​ឡើយ។ តើ​ព្រះ​យេហូវ៉ា​ស្រឡាញ់​រាប់​អាន​មនុស្ស​ម្នាក់ៗ​បែប​នេះ​ជា​មិត្ដ​សំឡាញ់​របស់​ទ្រង់ ដូច​ទ្រង់​ស្រឡាញ់​អ័ប្រាហាំ​ដែល​ស្មោះ​ភក្ដី​នោះ​ឬ​ទេ? (យ៉ាកុប ២:២៣) អត់​ទេ! ប៉ុន្ដែ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ប្រព្រឹត្ដ​ល្អ​ទៅ​លើ​មនុស្ស​គ្រប់​រូប ទោះ​ជា​នេះ​តម្រូវ​ឲ្យ​ទ្រង់​ធ្វើ​ពលិកម្ម​យ៉ាង​ធំ​ក៏​ដោយ។ ទ្រង់​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​មនុស្ស​ប្រែ​ចិត្ដ​និង​ផ្លាស់​ប្រែ​គន្លង​ជីវិត។ (ពេត្រុសទី២ ៣:៩) មនុស្ស​ជា​ច្រើន​ធ្វើ​ដូច្នេះ​មែន។ ទ្រង់​ទទួល​អ្នក​ទាំង​នេះ​ដោយ​រីក​រាយ​ឲ្យ​ធ្វើ​ជា​មិត្ដ​សំឡាញ់​របស់​ទ្រង់។

១៣, ១៤​. តើ​អ្វី​បង្ហាញ​ថា​អាហ្កាប៉េ​រួម​បញ្ចូល​ភាព​ស្និទ្ធ​ស្នា​ល​ដ៏​កក់​ក្ដៅ​ជា​ញឹក​ញាប់?

១៣ ប៉ុន្ដែ មនុស្ស​ខ្លះ​យល់​ច្រឡំ​អំពី​អាហ្កាប៉េ។ ពួក​គេ​គិត​ថា​នេះ​សំដៅ​លើ​សេចក្ដី​ស្រឡាញ់​ដែល​គ្មាន​ភាព​កក់​ក្ដៅ​និង​គ្រាន់​តែ​ជា​ទ្រឹស្ដី​ប៉ុណ្ណោះ។ ការ​ពិត ជា​ញឹក​ញាប់​អាហ្កាប៉េ​ក៏​រួម​បញ្ចូល​ភាព​ស្និទ្ធ​ស្នា​ល​ដ៏​កក់​ក្ដៅ​ផង​ដែរ។ ជា​ឧទាហរណ៍ នៅ​ពេល​យ៉ូហាន​បាន​សរសេរ​ថា៖«ព្រះ​វរបិតា ទ្រង់​ស្រឡាញ់​ព្រះ​រាជបុត្រា» គាត់​បាន​ប្រើ​ពាក្យ​មួយ​ក្លាយ​មក​ពី​អាហ្កាប៉េ។ (យ៉ូហាន ៣:៣៥) តើ​សេចក្ដី​ស្រឡាញ់​បែប​នេះ​គ្មាន​ភាព​កក់​ក្ដៅ​ឬ? អត់​ទេ! នៅ​យ៉ូហាន ៥:២០ សូម​កត់​សម្គាល់​នូវ​អ្វី​ព្រះ​យេស៊ូ​មាន​បន្ទូល​ម្ដង​ទៀត​ថា«ព្រះ​វរបិតា​ទ្រង់​ស្រឡាញ់​ព្រះ​រាជបុត្រា» ដោយ​ប្រើ​ពាក្យ​មួយ​ក្លាយ​មក​ពី​ហ្វៃឡេអូ។ ជា​ញឹក​ញាប់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​ភាព​ស្និទ្ធ​ស្នា​ល​ដ៏​កក់​ក្ដៅ​ដែរ។ ប៉ុន្ដែ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​មិន​ដែល​ដឹក​នាំ​ដោយ​មនោសញ្ចេតនា​ប៉ុណ្ណោះ​ទេ។ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តែង​តែ​ត្រូវ​ដឹក​នាំ​ដោយ​គោល​ការណ៍​របស់​ទ្រង់​ដែល​ប្រកប​ដោយ​យុត្ដិធម៌​និង​ប្រាជ្ញា។

១៤ ដូច​ដែល​យើង​បាន​ឃើញ​ហើយ គុណ​សម្បត្ដិ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​ឆ្នើម ឥត​ខ្ចោះ និង​ទាក់​ទាញ​ទឹក​ចិត្ដ​យើង​ផង​ដែរ។ ប៉ុន្ដែ គុណ​សម្បត្ដិ​ដែល​ធ្វើ​ឲ្យ​យើង​ស្រឡាញ់​ទ្រង់​ជាង​គេ​គឺ​សេចក្ដី​ស្រឡាញ់។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​គុណ​សម្បត្ដិ​ដែល​ទាញ​យើង​ខ្លាំង​បំផុត​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។ យើង​សប្បាយ​ណាស់​ដែល​សេចក្ដី​ស្រឡាញ់​ជា​គុណ​សម្បត្ដិ​ចំ​បង​របស់​ទ្រង់។ តើ​យើង​ដឹង​ថា សេចក្ដី​ស្រឡាញ់​ជា​គុណ​សម្បត្ដិ​ចំ​បង​របស់​ទ្រង់​ដោយ​ដូច​ម្ដេច?

«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»

១៥​. តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា? ហើយ​ហេតុ​អ្វី​ក៏​ចំណែង​នេះ​ខុស​ប្លែក​ពី​ចំណែង​អំពី​គុណ​សម្បត្ដិ​ឯ​ទៀត? (សូម​មើល​សម្គាល់​ហេតុ​ដែរ)

១៥ អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​សេចក្ដី​ស្រឡាញ់ គឺ​ខុស​គ្នា​ពី​ចំណែង​អំពី​គុណ​សម្បត្ដិ​សំខាន់​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា។ បទ​គម្ពីរ​មិន​ដែល​ចែង​ថា ព្រះ​ជា​តេជានុភាព ឬ​ព្រះ​ជា​យុត្ដិធម៌ ឬ​ព្រះ​ជា​ប្រាជ្ញា​នោះ​ទេ។ ទ្រង់​មាន​គុណ​សម្បត្ដិ​ទាំង​នេះ ហើយ​ទ្រង់​ក៏​ជា​ប្រភព​ដើម​នៃ​គុណ​សម្បត្ដិ​ទាំង​បី​នេះ។ ប៉ុន្ដែ ចំពោះ​គុណ​សម្បត្ដិ​ទី​បួន មាន​ចំណែង​មួយ​ដែល​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ​ថា៖«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»។ * (យ៉ូហានទី១ ៤:៨) តើ​នេះ​មាន​ន័យ​ដូច​ម្ដេច?

១៦​-​១៨​. (ក) ហេតុ​អ្វី​ព្រះ​គម្ពីរ​ចែង​ថា«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»? (ខ) ក្នុង​ចំណោម​សត្ដនិករ​ទាំង​ពួង​នៅ​លើ​ផែន​ដី ហេតុ​អ្វី​បាន​ជា​សមរម្យ​ដែល​មនុស្ស​ជាតិ​តំណាង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា?

១៦ ឃ្លា​ថា«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»មិន​មែន​ជា​ការ​ប្រៀប​ធៀប​ដូច​ជា​ចង់​និយាយ​ថា«ព្រះ​គឺ​ស្មើ​នឹង​សេចក្ដី​ស្រឡាញ់»​ទេ។ យើង​ក៏​មិន​អាច​កែ​ប្រែ​ឃ្លា​នោះ​ឲ្យ​ផ្ទុយ​ទៅ​វិញ​ថា«សេចក្ដី​ស្រឡាញ់​ជា​ព្រះ»បាន​ទេ។ ព្រះ​យេហូវ៉ា​មិន​មែន​ជា​គុណ​សម្បត្ដិ​អ​រូបិយ​មួយ​ឡើយ។ ទ្រង់​ជា​បុគ្គល​មួយ​រូប​ដែល​ចេះ​មាន​អារម្មណ៍​ផ្សេងៗ​ជា​ច្រើន និង​មាន​លក្ខណៈ​ជា​ច្រើន​បន្ថែម​នឹង​សេចក្ដី​ស្រឡាញ់។ ប៉ុន្ដែ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​គឺ​ជ្រាល​ជ្រៅ​ពន់ពេក។ ហេតុ​នេះ​ហើយ ឯកសារ​យោង​មួយ​បាន​បញ្ជាក់​ទៅ​លើ​ខ​នេះ​ថា៖​«សេចក្ដី​ស្រឡាញ់​ជា​ធាតុ​ពិត​របស់​ព្រះ»។ ជា​ទូទៅ យើង​អាច​ពន្យល់​ដូច​ត​ទៅ​នេះ៖ តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​សមត្ថភាព​ឲ្យ​ទ្រង់​ធ្វើ​អ្វី​មួយ។ យុត្ដិធម៌​និង​ប្រាជ្ញា​របស់​ទ្រង់​ដឹក​នាទ្រង់​ពេល​ធ្វើ​អ្វី​មួយ។ ប៉ុន្ដែ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ជំរុញ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​ធ្វើ​អ្វី​មួយ។ បន្ថែម​ទៅ​ទៀត សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ស​ឲ្យ​ឃើញ​ជា​និច្ច​ក្នុង​របៀប​ដែល​ទ្រង់​ប្រើ​គុណ​សម្បត្ដិ​ឯ​ទៀត។

១៧ ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ប្រសើរ​ឧត្ដម​បំផុត​ពី​សេចក្ដី​ស្រឡាញ់។ ដូច្នេះ យើង​ត្រូវ​តែ​រៀន​អំពី​ព្រះ​យេហូវ៉ា ទើប​អាច​យល់​ថា​សេចក្ដី​ស្រឡាញ់​ដែល​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​ជា​អ្វី​ទៅ។ ជា​ការ​ពិត​មែន​ដែល​មនុស្ស​ជាតិ​ក៏​សម្ដែង​គុណ​សម្បត្ដិ​ដ៏​ប្រសើរ​ថ្លៃ​ថ្លា​នេះ​ដែរ។ ប៉ុន្ដែ ហេតុ​អ្វី​មនុស្ស​មាន​គុណ​សម្បត្ដិ​នេះ? នៅ​ពេល​ព្រះ​យេហូវ៉ា​កំពុង​តែ​បង្កើត​របស់​សព្វសារពើ តាម​មើល​ទៅ​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ព្រះ​រាជបុត្រា​របស់​ទ្រង់​ថា៖«ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង»។ (លោកុប្បត្ដិ ១:២៦) ក្នុង​ចំណោម​ជីវិត​ទាំង​ឡាយ​នៅ​លើ​ផែន​ដី មាន​តែ​មនុស្ស​ដែល​អាច​សម្រេច​ចិត្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​បាន។ ពេល​ធ្វើ​ដូច្នេះ ពួក​គេ​យក​តម្រាប់​តាម​ព្រះ​វរបិតា​របស់​ខ្លួន​នៅ​ស្ថាន​សួគ៌។ សូម​នឹក​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​យក​សត្ដនិករ​ផ្សេងៗ​ឲ្យ​តំណាង​គុណ​សម្បត្ដិ​សំខាន់ៗ​របស់​ទ្រង់។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​យក​មនុស្ស​ជាតិ​ដែល​ជា​ការ​បង្កើត​ខ្ពង់​ខ្ពស់​បំផុត​នៅ​លើ​ផែន​ដី ដើម្បី​តំណាង​គុណ​សម្បត្ដិ​ដែល​លេច​ធ្លោ​បំផុត​របស់​ទ្រង់ ពោល​គឺ​សេចក្ដី​ស្រឡាញ់។—អេសេគាល ១:១០

១៨ នៅ​ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​សម​ស្រប​ទៅ​តាម​គោល​ការណ៍​ដោយ​មិន​គិត​ប្រយោជន៍​ខ្លួន​នោះ យើង​កំពុង​តែ​សម្ដែង​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ដែល​លេច​ធ្លោ​ជាង​គេ។ នេះ​គឺ​ដូច​ជា​សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា៖«ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន»។ (យ៉ូហានទី១ ៤:១៩) ប៉ុន្ដែ តើ​ព្រះ​យេហូវ៉ា​បាន​ស្រឡាញ់​យើង​ជា​មុន​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​បាន​ផ្ដើម​បង្ហាញ​សេចក្ដី​ស្រឡាញ់

១៩​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​សេចក្ដី​ស្រឡាញ់​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា?

១៩ សេចក្ដី​ស្រឡាញ់​មិន​មែន​ជា​អ្វី​ដែល​ទើប​តែ​ចាប់​ផ្ដើម​មាន​ឡើង​នោះ​ទេ។ យ៉ាង​ណា​មិញ តើ​អ្វី​បាន​ជំរុញ​ព្រះ​ទ័យ​ព្រះ​យេហូវ៉ា​ឲ្យ​ចាប់​ផ្ដើម​បង្កើត​របស់​សព្វសារពើ? គឺ​មិន​មែន​ដោយ​សារ​ទ្រង់​ត្រូវ​តែ​មាន​គ្នា​ដើម្បី​កុំ​ឲ្យ​កណ្ដោច​កណ្ដែង​ឡើយ។ ព្រះ​យេហូវ៉ា​មាន​គ្រប់​លក្ខណៈ​ទាំង​អស់​មិន​ខ្វះ​អ្វី​ឡើយ​ដែល​ទ្រង់​ត្រូវ​ការ​ពី​អ្នក​ឯ​ទៀត​នោះ។ ប៉ុន្ដែ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ជា​គុណ​សម្បត្ដិ​មួយ​ដែល​សម្ដែង​មក​ក្នុង​ការ​ប្រព្រឹត្ដ ហើយ​គ្មាន​អ្វី​ប្លែក​ទេ​ដែល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ទ្រង់​ឲ្យ​ចង់​មាន​សត្ដនិករ​ឯ​ទៀត​ដែល​មាន​សម្បជញ្ញៈ ដើម្បី​ឲ្យ​ពួក​គេ​អាច​អរ​សប្បាយ​នឹង​ជីវិត​រស់​នៅ​ដូច​ទ្រង់​ដែរ។ «ដើម​ការ​ដែល​ព្រះ​ទ្រង់​បង្កើត​មក»ជា​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ទ្រង់។ (វិវរណៈ ៣:១៤) បន្ទាប់​មក ព្រះ​យេហូវ៉ា​ប្រើ​មេ​ជាង​នេះ​ដើម្បី​ធ្វើ​របស់​សព្វសារពើ ចាប់​ពី​បណ្ដា​ទេវតា។ (យ៉ូប ៣៨:៤, ៧; កូល៉ុស ១:១៦) ដោយ​មាន​សេរីភាព សតិ​បញ្ញា និង​អារម្មណ៍ បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​ទាំង​នេះ​មាន​ឱកាស​ដើម្បី​ចង​ដោយ​ខ្លួន​ឯង​នូវ​សម្ព័ន្ធ​មេត្រី​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជា​មួយ​ទេវតា​ឯ​ទៀត​និង​សំខាន់​បំផុត​ជា​មួយ​ព្រះ​យេហូវ៉ា។ (កូរិនថូសទី២ ៣:១៧) ដូច្នេះ ទេវតា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​សារ​ត្រូវ​បាន​ព្រះ​ស្រឡាញ់​ជា​មុន។

២០, ២១​. តើ​អ័ដាម​និង​អេវ៉ា​មាន​ភស្ដុ​តាង​អ្វី​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ? ប៉ុន្ដែ តើ​ពួក​គេ​បាន​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច?

២០ មនុស្ស​ជាតិ​ក៏​ដូច្នេះ​ដែរ។ ពី​ដំបូង​មក អ័ដាម​និង​អេវ៉ា​ស្ថិត​ក្នុង​សភាព​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ មិន​ថា​អ័ដាម​និង​អេវ៉ា​មើល​កន្លែង​ណា​ក៏​ដោយ​ក្នុង​សួន​មនោ​រម្យ​អេដែន​ដែល​ជា​លំនៅ​ពួក​គេ​នោះ អាច​ឃើញ​ភស្ដុ​តាង​ដែល​បញ្ជាក់​ថា ព្រះ​វរបិតា​ពិត​ជា​ស្រឡាញ់​ពួក​គេ​ណាស់។ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង៖«ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ធ្វើ​សួន​ច្បារ​១​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ទ្រង់​បាន​សូន​ធ្វើ​ឲ្យ​នៅ​ទី​នោះ»។ (លោកុប្បត្ដិ ២:៨) តើ​អ្នក​ធ្លាប់​ទៅ​សួន​ឧទ្យាន​ដ៏​សែន​ស្អាត​មួយ​ឬ​ទេ? តើ​អ្វី​បាន​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ដ​ជាង​គេ? តើ​អ្នក​ពេញ​ចិត្ដ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ដែល​ចាំង​ព្រិចៗ​តាម​ស្លឹក​ឈើ​ឬ? ឬ​ក៏​តើ​បុប្ផា​ជាតិ​ជា​ច្រើន​ចម្រុះ​ពណ៌​បាន​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ដ​ជាង​គេ​នោះ? ឬ​មួយ​ក៏​តើ​សូរ​ទឹក​អូ​រ​ហូរ​រឹមៗ​ដូច​តន្ដ្រី​កំដរ​អារម្មណ៍ ហើយ​បក្សា​បក្សី​និង​សត្វ​ល្អិត​ដែល​យំ​ឆ្លើយ​ឆ្លង​គ្នា​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ដ​វិញ? ចុះ​ចំណែក​ក្លិន​ពិដោរ​របស់​ដើម​ឈើ ផ្លែ និង​ផ្កា​នោះ? ទោះ​ជា​អ្នក​បាន​ពេញ​ចិត្ដ​មួយ​ណា​ជាង​គេ​ក៏​ដោយ គ្មាន​ឧទ្យាន​ណា​មួយ​សព្វ​ថ្ងៃ​នេះ​អាច​ប្រៀប​ស្មើ​នឹង​សួន​អេដែន​បាន​ឡើយ។ ហេតុ​អ្វី?

២១ សួន​នោះ​ធ្វើ​ដោយ​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់! ច្បាស់​ជា​ល្អ​វិចិត្រ​រក​ពណ៌នា​ពុំ​បាន​ឡើយ។ អស់​ទាំង​ដើម​ឈើ​សុទ្ធតែ​ផ្ដល់​សោភ័ណ​ភាព​ឬ​ក៏​មាន​ផ្លែ​ឈ្ងុយ​ឆ្ងាញ់។ សួន​នោះ​មាន​ទឹក​ច្រើន ហើយ​ក៏​ធំ​ទូលាយ​ផង ថែម​ទាំង​ពោរ​ពេញ​ទៅ​ដោយ​សត្វ​សព្វ​បែប​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ទី​បំផុត។ អ័ដាម​និង​អេវ៉ា​មាន​អ្វី​សព្វ​បែប​យ៉ាង​ដើម្បី​មាន​ជីវិត​ដ៏​សែន​សប្បាយ​និង​គាប់​ចិត្ដ រួម​ទាំង​ការ​ងារ​ដ៏​គួរ​ឲ្យ​ពេញ​ចិត្ដ​និង​ក៏​មាន​គូ​ដ៏​គ្រប់​ល័ក្ខណ៍។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ​ជា​មុន ហើយ​ពួក​គេ​មាន​ហេតុ​ជា​ច្រើន​ដែល​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់​វិញ។ ប៉ុន្ដែ ពួក​គេ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ជា​ជាង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ស្តាប់​បង្គាប់​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ ពួក​គេ​បាន​គិត​តែ​ប្រយោជន៍​ខ្លួន​និង​បះបោរ​ប្រឆាំង​នឹង​ទ្រង់​ទៅ​វិញ។—លោកុប្បត្ដិ ជំពូក​ទី​២

២២​. តើ​របៀប​ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​តប​ចំពោះ​ការ​បះបោរ​ប្រឆាំង​នៅ​អេដែន​បង្ហាញ​ថា​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺ​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច?

២២ ព្រះ​យេហូវ៉ា​ពិត​ជា​ឈឺ​ចាប់​ក្នុង​ព្រះ​ហឫទ័យ​ណាស់! ប៉ុន្ដែ តើ​ការ​បះបោរ​នេះ​ធ្វើ​ឲ្យ​ទ្រង់​លែង​មាន​សេចក្ដី​ស្រឡាញ់​ឬ? មិន​មែន​ទេ! «សេចក្ដី​សប្បុរស[ឬ«សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់», ព.ថ., សម្គាល់​ហេតុ]របស់​ទ្រង់​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប»។ (ទំនុក​ដំកើង ១៣៦:១) ដូច្នេះ ភ្លាមៗ​នោះ​ទ្រង់​មាន​គោល​បំណង​រៀប​ចំ​វិធី​ដែល​អាច​ប្រោស​លោះ​កូន​ចៅ​ណា​របស់​អ័ដាម​និង​អេវ៉ា​ដែល​មាន​ចិត្ដ​គំនិត​ត្រឹម​ត្រូវ។ ដូច​យើង​បាន​ឃើញ សំ​វិធានការ​ទាំង​នេះ​រួម​បញ្ចូល​ការ​បូជា​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់​ជា​តម្លៃ​លោះ ដែល​ជា​ពលិកម្ម​យ៉ាង​ធំ​សំរាប់​ព្រះ។—យ៉ូហានទី១ ៤:១០

២៣​. តើ​អ្វី​ជា​ហេតុ​មួយ​ដែល​ព្រះ​យេហូវ៉ា​ជា‹ព្រះ​ប្រកប​ដោយ​សុភមង្គល›? ហើយ​តើ​សំនួរ​សំខាន់​អ្វី​នឹង​ត្រូវ​ពន្យល់​ក្នុង​ជំពូក​បន្ទាប់?

២៣ ពិត​មែន តាំង​ពី​ដើម​ដំបូង​ព្រះ​យេហូវ៉ា​បាន​ផ្ដើម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ជាតិ។ តាម​វិធី​ជា​ច្រើន​រាប់​មិន​អស់«ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន»។ ដោយ​សារ​សេចក្ដី​ស្រឡាញ់​បណ្ដុះ​ឲ្យ​មាន​សាមគ្គី​ភាព​និង​អំណរ​នោះ គ្មាន​អ្វី​ប្លែក​ទេ​ដែល​ព្រះ​យេហូវ៉ា​ត្រូវ​ហៅ​ថា‹ព្រះ​ប្រកប​ដោយ​សុភមង្គល›។ (ធីម៉ូថេ​ទី​១ ១:១១, ខ.ស.) ក៏​ប៉ុន្ដែ នេះ​នាំ​ឲ្យ​មាន​សំនួរ​សំខាន់​មួយ។ តើ​ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​យើង​ម្នាក់ៗ​ឬ​ទេ? ជំពូក​បន្ទាប់​នឹង​បញ្ជាក់​រឿង​នេះ។

^ វគ្គ 11 កិរិយា​ស័ព្ទ​ហ្វៃឡេអូ​ត្រូវ​ប្រើ​ជា​ច្រើន​ដង​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច ហើយ​មាន​ន័យ​ថា«ភាព​ស្និទ្ធ​ស្នា​ល​ដ៏​កក់​ក្ដៅ ការ​ពេញ​ចិត្ដ ឬ​ការ​ចូល​ចិត្ដ(ដូច​អារម្មណ៍​ដែល​មាន​ចំពោះ​មិត្ដ​ជិត​ស្និទ្ធ​ឬ​បង​ប្អូន​បង្កើត)»។ ពាក្យ​មួយ​ដែល​ក្លាយ​មក​ពី​ពាក្យ​ស្ទហ្គី ដែល​សំដៅ​លើ​សេចក្ដី​ស្រឡាញ់​ប្រកប​ដោយ​ភាព​ជិត​ស្និទ្ធ​រវាង​សមាជិក​ក្រុម​គ្រួសារ ត្រូវ​ប្រើ​នៅ​ធីម៉ូថេ​ទី​២ ៣:៣​ដើម្បី​បង្ហាញ​ថា​សេចក្ដី​ស្រឡាញ់​បែប​នេះ​នឹង​កម្រ​មាន​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។ អេរ៉ុស​ឬ​ស្នេហា​រវាង​មនុស្ស​ប្រុស​និង​ស្រី​មិន​ប្រើ​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច​ឡើយ។ ប៉ុន្ដែ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ត្រូវ​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ។—សុភាសិត ៥:១៥​-​២០

^ វគ្គ 15 មាន​ចំណែង​ឯ​ទៀត​ក្នុង​ព្រះ​គម្ពីរ​ដែល​មាន​លំនាំ​ស្រដៀង​គ្នា​នេះ​ដែរ។ ឧទាហរណ៍៖​«ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ»​និង​«ព្រះ . . . ជា​ភ្លើង​ដែល​ឆេះ​បន្សុស»។ (យ៉ូហានទី១ ១:៥; ហេព្រើរ ១២:២៩) ប៉ុន្ដែ យើង​ត្រូវ​យល់​ថា​ឃ្លា​ទាំង​ពីរ​នេះ​ចែង​ជា​អត្ថបដិរូប ដ្បិត​ខ​ទាំង​នេះ​ប្រៀប​ធៀប​ព្រះ​យេហូវ៉ា​ទៅ​នឹង​វត្ថុ​ធាតុ។ ព្រះ​យេហូវ៉ា​គឺ​ដូច​ពន្លឺ​ពីព្រោះ​ទ្រង់​បរិសុទ្ធ​និង​ទៀង​ត្រង់។ គ្មាន«សេចក្ដី​ងងឹត»ណា​ឬ​ភាព​ស្មោកគ្រោក​ណា​ក្នុង​ទ្រង់​ឡើយ។ ហើយ​ទ្រង់​អាច​ត្រូវ​ប្រៀប​ធៀប​ទៅ​នឹង​ភ្លើង​បាន ដោយ​សារ​ទ្រង់​ប្រើ​តេជានុភាព​ដើម្បី​បំផ្លិច​បំផ្លាញ។