លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២០

«ព្រះ​ហឫទ័យ​ប្រកប​ដោយ​ប្រាជ្ញា»​តែ​ព្រះ​ទ័យ​រាប​ទាប

«ព្រះ​ហឫទ័យ​ប្រកប​ដោយ​ប្រាជ្ញា»​តែ​ព្រះ​ទ័យ​រាប​ទាប

១​-​៣​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រាប​ទាប?

បិតា​ម្នាក់​ចង់​បង្រៀន​កូន​តូច​របស់​ខ្លួន​នូវ​មេ​រៀន​មួយ​ដ៏​សំខាន់​ណាស់។ គាត់​ចង់​ជំរុញ​ទឹក​ចិត្ដ​កូន។ តើ​បិតា​គួរ​ប្រព្រឹត្ដ​យ៉ាង​ណា? តើ​គាត់​គួរ​ឈរ​សម្លុត​កូន​និង​និយាយ​គំរោះ​គំរើយ​ទេ? ឬ​ក៏​តើ​គាត់​គួរ​បន្ទាប​ខ្លួន​ទៅ​ជិត​កូន​និង​និយាយ​ដោយ​ស្លូតបូត​គួរ​ឲ្យ​ចូល​ចិត្ដ​វិញ? បិតា​ម្នាក់​ដែល​មាន​ប្រាជ្ញា​និង​ចិត្ដ​រាប​ទាប ប្រាកដ​ជា​នឹង​សម្រេច​ចិត្ដ​ប្រព្រឹត្ដ​ដោយ​ស្លូតបូត​វិញ។

តើ​ព្រះ​យេហូវ៉ា​ជា​បិតា​បែប​ណា? តើ​ទ្រង់​ជា​ព្រះ​អួត​ឬ​មាន​ព្រះ​ទ័យ​រាប​ទាប? កាច​ឬ​ក៏​ស្លូត? ព្រះ​យេហូវ៉ា​មាន​គ្រប់​ទាំង​ចំណេះ និង​គ្រប់​ទាំង​ប្រាជ្ញា។ ប៉ុន្ដែ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ថា​ការ​មាន​ចំណេះ​ឬ​បញ្ញា​មិន​តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ដ​រាប​ទាប​ទេ? គឺ​ដូច​ព្រះ​គម្ពីរ​ចែង​ថា៖«ចំណេះ នោះ​នាំ​ឲ្យ​ចិត្ដ​ប៉ោង​ឡើង»។ (កូរិនថូសទី១ ៣:១៩; ៨:១) ក៏​ប៉ុន្ដែ ព្រះ​យេហូវ៉ា«មាន​ព្រះ​ហឫទ័យ​ប្រកប​ដោយ​ប្រាជ្ញា» តែ​ទ្រង់​ក៏​មាន​ព្រះ​ទ័យ​រាប​ទាប​ដែរ។ (យ៉ូប ៩:៤) នេះ​មិន​បាន​ន័យ​ថា​ទ្រង់​មាន​ឋានៈ​ទាប ឬ​ក៏​ទ្រង់​មិន​ឧត្ដុង្គ​ឧត្ដម​នោះ​ទេ ប៉ុន្ដែ​នេះ​បាន​ន័យ​ថា​ទ្រង់​គ្មាន​អំនួត​ទាល់​តែ​សោះ។ ហេតុ​អ្វី?

ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ។ ហេតុ​នេះ ទ្រង់​មិន​ចេះ​អួត​ទេ ដ្បិត​អំនួត​ជា​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក​វិញ។ (ម៉ាកុស ៧:២០​-​២២) ម្យ៉ាង​ទៀត សូម​កត់​សម្គាល់​អ្វី​ដែល​ព្យាការី​យេរេមា​បាន​ទូល​ព្រះ​យេហូវ៉ា៖«ព្រលឹង​ទ្រង់​នៅ​តែ​ចាំ​បាន​នៅ​ឡើយ ហើយ​ក៏​ឱន​ចុះ​មក​ជិត​ទូល​បង្គំ»។ * (បរិទេវ ៣:២០, ព.ថ.) សូម​គិត​ទៅ​មើល! ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​អម្ចាស់​មហា​ក្សត្រ​សកលលោក សុខ​ចិត្ដ«ឱន​ចុះ»ឬ​បន្ទាប​អង្គ​ទ្រង់​មក​ជិត​យេរេមា ដើម្បី​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​បុរស​ឥត​គ្រប់​ល័ក្ខណ៍​នេះ។ (ទំនុក​ដំកើង ១១៣:៧) ពិត​ណាស់ ព្រះ​យេហូវ៉ា​គឺ​មាន​ព្រះ​ទ័យ​រាប​ទាប។ ប៉ុន្ដែ តើ​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ? តើ​នោះ​ទាក់​ទង​នឹង​ប្រាជ្ញា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​នោះ​មាន​សារៈ​សំខាន់​ចំពោះ​យើង?

របៀប​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប

៤, ៥​. (ក) តើ​ភាព​រាប​ទាប​ជា​អ្វី? តើ​នោះ​ស​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច​ខ្លះ? ហើយ​ហេតុ​អ្វី​យើង​មិន​គួរ​យល់​ច្រឡំ​ថា​ភាព​រាប​ទាប​គឺ​ដូច​គ្នា​នឹង​ភាព​ទន់​ខ្សោយ​ឬ​ការ​ខ្វះ​ភាព​ក្លាហាន​នោះ? (ខ) ស្ដី​អំពី​ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​ដាវីឌ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​យ៉ាង​ដូច​ម្ដេច? តើ​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ប៉ុន​ណា​ចំពោះ​យើង?

ភាព​រាប​ទាប​គឺ​ជា​ការ​គ្មាន​សេចក្ដី​ក្រអឺត​ក្រទម​ឬ​អំនួត។ ភាព​រាប​ទាប​ជា​គុណ​សម្បត្ដិ​មួយ​ដែល​មាន​នៅ​ក្នុង​ចិត្ដ ហើយ​គឺ​ស​ឲ្យ​ឃើញ​ដោយ​លក្ខណៈ​ផ្សេងៗ​ដូច​ជា​ភាព​ស្លូតបូត ចិត្ដ​អត់​ធ្មត់ និង​ការ​ចេះ​យោគ​យល់​ជា​ដើម។ (កាឡាទី ៥:២២, ២៣) ក៏​ប៉ុន្ដែ កុំ​ឲ្យ​យល់​ច្រឡំ​ឡើយ គុណ​សម្បត្ដិ​ទាំង​នេះ​ដែល​ពេញ​ព្រះ​ហឫទ័យ​ព្រះ​មិន​មែន​ជា​សញ្ញា​សម្គាល់​ពី​ភាព​ទន់​ខ្សោយ​ឬ​ក៏​ការ​ខ្វះ​ភាព​ក្លាហាន​នោះ​ទេ ដ្បិត​លក្ខណៈ​ទាំង​ពីរ​នេះ​មិន​ត្រូវ​គ្នា​នឹង​សេចក្ដី​ក្រោធ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា ឬ​ក៏​ការ​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​បំផ្លាញ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ័យ​រាប​ទាប​និង​ភាព​ស្លូតបូត​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ឲ្យ​ឃើញ​នូវ​កម្លាំង​ដ៏​មហិមា​របស់​ទ្រង់​ក្នុង​ការ​ទប់​ព្រះ​ទ័យ​យ៉ាង​ល្អ​ឥត​ខ្ចោះ។ (អេសាយ ៤២:១៤) តើ​ភាព​រាប​ទាប​ជាប់​ទាក់​ទង​នឹង​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច? ឯកសារ​យោង​ព្រះ​គម្ពីរ​មួយ​កត់​សម្គាល់​ថា៖«នៅ​ទី​បំផុត ភាព​រាប​ទាប​ត្រូវ​បញ្ជាក់ . . . ដោយ​ការ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន ហើយ​ក៏​ជា​ឫស​គល់​នៃ​ប្រាជ្ញា​គ្រប់​យ៉ាង»។ ដូច្នេះ មិន​អាច​មាន​ប្រាជ្ញា​ពិត​បើ​គ្មាន​ភាព​រាប​ទាប​នោះ។ តើ​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​យើង?

បិតា​ម្នាក់​ដែល​មាន​ប្រាជ្ញា​ប្រព្រឹត្ដ​ដោយ​រាប​ទាប​និង​ស្លូតបូត​ទៅ​លើ​កូន​ខ្លួន

ស្ដេច​ដាវីឌ​បាន​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា​ថា៖«ទ្រង់​បាន​ប្រទាន​ខែល ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មក​ទូល​បង្គំ ព្រះ​ហស្ដ​ស្ដាំ​ទ្រង់​បាន​ទប់​ទល់​ទូល​បង្គំ ហើយ​សេចក្ដី​ស្រទន់​[ឬ​«ព្រះ​ទ័យ​រាប​ទាប», ព.ថ.]​របស់​ទ្រង់​ក៏​ធ្វើ​ឲ្យ​ទូល​បង្គំ​បាន​ជា​ធំ»។ (ទំនុក​ដំកើង ១៨:៣៥) នេះ​ប្រៀប​ដូច​ជា​ព្រះ​យេហូវ៉ា​បន្ទាប​អង្គ​ទ្រង់​មក​ជិត​ដើម្បី​ចាត់​វិធានការ​ផ្ដល់​ប្រយោជន៍​ឲ្យ​បុរស​ឥត​គ្រប់​ល័ក្ខណ៍​នេះ ដោយ​ការពារ​និង​ទ្រទ្រង់​គាត់​ជា​រៀង​រាល់​ថ្ងៃ។ ដាវីឌ​ទទួល​ស្គាល់​ថា បើ​គាត់​ទទួល​សេចក្ដី​សង្គ្រោះ និង​ក្រោយ​មក​បាន​ធ្វើ​ធំ​មួយ​កំរិត​ដោយ​ឡើង​ជា​ស្ដេច នោះ​គឺ​ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​សុខ​ចិត្ដ​បន្ទាប​អង្គ​ទ្រង់​មក​ជួយ​គាត់។ ការ​ពិត បើ​ព្រះ​យេហូវ៉ា​មិន​មាន​ព្រះ​ទ័យ​រាប​ទាប និង​មិន​សុខ​ចិត្ដ​បន្ទាប​អង្គ​ទ្រង់​ដើម្បី​ប្រព្រឹត្ដ​មក​លើ​យើង​ដូច​ជា​បិតា​ដែល​ស្លូតបូត​និង​មាន​សេចក្ដី​ស្រឡាញ់​នោះ តើ​យើង​ណា​ម្នាក់​នឹង​អាច​សង្ឃឹម​ថា​ខ្លួន​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ឬ​ទេ?

៦, ៧​. (ក) ហេតុ​អ្វី​ព្រះ​គម្ពីរ​មិន​ដែល​ចែង​ថា​ព្រះ​យេហូវ៉ា​សុភាព? (ខ) តើ​ភាព​ស្លូតបូត​និង​ប្រាជ្ញា​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ណា? តើ​អ្នក​ណា​ជា​គំរូ​ល្អ​បំផុត​ចំពោះ​រឿង​នេះ?

ចិត្ដ​សុភាព​គឺ​ជា​គុណ​សម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា​មួយ​ដែល​មនុស្ស​ស្មោះ​ភក្ដី​គួរ​បណ្ដុះ​ឲ្យ​មាន។ ចិត្ដ​សុភាព​ក៏​ដូច​ជា​ភាព​រាប​ទាប​ក្នុង​ន័យ​ថា នោះ​ជាប់​ទាក់​ទង​នឹង​ប្រាជ្ញា​ដែរ។ ជា​ឧទាហរណ៍ សុភាសិត ១១:២ ចែង​ថា៖«ប្រាជ្ញា​តែង​នៅ​នឹង​មនុស្ស​សុភាព»។ ក៏​ប៉ុន្ដែ ព្រះ​គម្ពីរ​មិន​ដែល​ចែង​ថា​ព្រះ​យេហូវ៉ា​សុភាព​ឡើយ។ ហេតុ​អ្វី? នេះ​មិន​បាន​ន័យ​ថា​ទ្រង់​មិន​សុភាព​នោះ​ទេ។ ប៉ុន្ដែ នៅ​ពេល​ដែល​បទ​គម្ពីរ​ប្រើ​ពាក្យ​សុភាព​សំដៅ​លើ​មនុស្ស នេះ​រួម​បញ្ចូល​ការ​ទទួល​ស្គាល់​កំរិត​នៃ​សមត្ថភាព​ខ្លួន។ សមត្ថភាព​របស់​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្តា​គ្មាន​កំរិត​ឡើយ លើក​លែង​តែ​កំរិត​ដែល​ទ្រង់​ដាក់​ទៅ​លើ​អង្គ​ទ្រង់​ផ្ទាល់​ដោយ​សារ​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ទ្រង់។ (ម៉ាកុស ១០:២៧; ទីតុស ១:២) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​មិន​ស្ថិត​ក្រោម​បង្គាប់​នរណា​ទេ ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។ ដូច្នេះ អត្ថ​ន័យ​នៃ​ពាក្យ​សុភាព​នេះ​មិន​អាច​សំដៅ​លើ​ព្រះ​យេហូវ៉ា​ទេ។

ប៉ុន្ដែ ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រាប​ទាប​និង​ស្លូតបូត។ ទ្រង់​បង្រៀន​អ្នក​បំរើ​ទ្រង់​ថា ភាព​ស្លូតបូត​គឺ​ជា​លក្ខណៈ​ចាំ​បាច់​នៃ​ប្រាជ្ញា​ពិត។ បន្ទូល​ទ្រង់​ចែង​អំពី«ភាព​ស្លូតបូត​ដែល​ជា​របស់​ផង​ប្រាជ្ញា»។ * (យ៉ាកុប ៣:១៣, ព.ថ.) សូម​ពិចារណា​គំរូ​របស់​ព្រះ​យេហូវ៉ា​អំពី​រឿង​នេះ។

ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​ដោយ​ប្រគល់​កិច្ច​ការ​និង​ដោយ​ស្តាប់

៨​-​១០​. (ក) ការ​ដែល​ព្រះ​យេហូវ៉ា​សុខ​ចិត្ដ​ប្រគល់​កិច្ច​ការ​និង​ស្តាប់​អ្នក​ឯ​ទៀត ហេតុ​អ្វី​នោះ​អស្ចារ្យ? (ខ) តើ​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្តា​បាន​ប្រព្រឹត្ដ​យ៉ាង​រាប​ទាប​ទៅ​លើ​បណ្ដា​ទេវតា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​សុខ​ចិត្ដ​ស្តាប់​អ្នក​ដទៃ​និង​ប្រគល់​កិច្ច​ការ​ដល់​អ្នក​ឯ​ទៀត។ នេះ​ជា​ភស្ដុ​តាង​ដែល​បញ្ជាក់​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​និង​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ក្នុង​ចិត្ដ។ គឺ​អស្ចារ្យ​ណាស់​ដែល​ព្រះ​យេហូវ៉ា​សុខ​ចិត្ដ​ស្តាប់​និង​ប្រគល់​កិច្ច​ការ​ដល់​អ្នក​ដទៃ ដ្បិត​ទ្រង់​មិន​ត្រូវ​ការ​ជំនួយ​ឬ​ក៏​យោបល់​ពី​អ្នក​ឯ​ទៀត​ទេ។ (អេសាយ ៤០:១៣, ១៤; រ៉ូម ១១:៣៤, ៣៥) យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​ចែង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ព្រះ​យេហូវ៉ា​បន្ទាប​អង្គ​ទ្រង់​ដោយ​ធ្វើ​ដូច្នេះ។

ជា​ឧទាហរណ៍ សូម​ពិចារណា​នូវ​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​អ័ប្រាហាំ។ អ័ប្រាហាំ​មាន​ភ្ញៀវ​បី​នាក់ ដែល​មាន​ភ្ញៀវ​ម្នាក់​អ័ប្រាហាំ​ហៅ​ថា«ព្រះ​យេហូវ៉ា»។ ការ​ពិត ភ្ញៀវ​ទាំង​បី​នេះ​គឺ​ជា​ទេវតា តែ​ទេវតា​មួយ​ក្នុង​ចំណោម​បី​រូប​នេះ​បាន​តាង​នាម​ព្រះ​យេហូវ៉ា​និង​ប្រព្រឹត្ដ​ក្នុង​នាម​ព្រះ​យេហូវ៉ា។ នៅ​ពេល​ទេវតា​នេះ​បាន​និយាយ​ឬ​ក៏​ធ្វើ​អ្វី​មួយ គឺ​ដូច​ជា​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ឬ​ក៏​ធ្វើ​ដែរ។ តាម​រយៈ​ទេវតា​នេះ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ថា​ទ្រង់​បាន​ឮ​នូវ«សំរែក​[«ការ​ចោទ​ប្រកាន់», ព.ថ.]​នៃ​ក្រុង​សូដុំម​នឹង​ក្រុង​កូម៉ូរ៉ា»ដែល​បាន​លាន់​ឮ​ដល់​ទ្រង់។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖«យើង​ត្រូវ​តែ​ចុះ​ទៅ​មើល​ដើម្បី​អោយ​ដឹង​ថា អំពើ​ដែល​គេ​ប្រព្រឹត្ដ​នោះ ពិត​ដូច​ពាក្យ​ដែល​លាន់​ឮ​មក​ដល់​យើង ឬ​យ៉ាង​ណា។ បើ​ពិត​ឬ​មិន​ពិត យើង​មុខ​ជា​ដឹង​មិន​ខាន»។ (លោកុប្បត្ដិ ១៨:៣, ២០, កំណើត​ពិភព​លោក ១៨:២១, ខ.ស.) ពិត​ណាស់ បន្ទូល​ព្រះ​យេហូវ៉ា​មិន​បាន​ន័យ​ថា​ទ្រង់​នឹង«ចុះ​ទៅ​មើល»ដោយ​ផ្ទាល់​អង្គ​ទ្រង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​ចាត់​ទេវតា​ម្ដង​ទៀត​ឲ្យ​ចុះ​ទៅ​ជា​តំណាង​ទ្រង់។ (លោកុប្បត្ដិ ១៩:១) ហេតុ​អ្វី? តើ​ព្រះ​យេហូវ៉ា​ដែល​អាច​ទត​ឃើញ​អ្វី​ទាំង​អស់​គ្មាន​សមត្ថភាព«ដឹង»ដោយ​អង្គ​ទ្រង់​ផ្ទាល់​ពី​ស្ថានការណ៍​ពិត​នៅ​តំបន់​នោះ​ទេ​ឬ? ប្រាកដ​ជា​មាន​សមត្ថភាព​ដឹង​មែន!។ ប៉ុន្ដែ ដោយ​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​ព្រះ​យេហូវ៉ា​ប្រគល់​កិច្ច​ការ​នេះ​ដល់​ពួក​ទេវតា ឲ្យ​ចុះ​ទៅ​សង្កេត​មើល​ស្ថានការណ៍​និង​ជួប​លោក​ឡុត​ហើយ​ក្រុម​គ្រួសារ​គាត់​នៅ​ទី​ក្រុង​សូដុំម។

១០ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​សុខ​ចិត្ដ​ស្តាប់​ផង​ដែរ។ មាន​គ្រា​មួយ​ដែល​ទ្រង់​សូម​យោបល់​បណ្ដា​ទេវតា​របស់​ទ្រង់​ស្ដី​ពី​វិធី​ផ្សេងៗ​ដែល​អាច​រំលំ​ស្ដេច​ទុច្ចរិត​មួយ​អង្គ​ឈ្មោះ​អ័ហាប។ ព្រះ​យេហូវ៉ា​មិន​ត្រូវ​ការ​ជំនួយ​នេះ​ទេ។ តែ​ទ្រង់​នៅ​តែ​ព្រម​តាម​យោបល់​របស់​ទេវតា​មួយ​រូប​និង​បាន​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​ទេវតា​នេះ​ធ្វើ​តាម​យោបល់​នោះ​ដែរ។ (ពង្សាវតារ​ក្សត្រ​ទី​១ ២២:១៩​-​២២) នេះ​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​របស់​ទ្រង់ មែន​ទេ?

១១, ១២​. តើ​អ័ប្រាហាំ​មាន​ឱកាស​ឃើញ​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​ដោយ​ដូច​ម្ដេច?

១១ ព្រះ​យេហូវ៉ា​ក៏​សុខ​ចិត្ដ​ស្តាប់​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ដែរ នៅ​ពេល​ដែល​ពួក​គេ​ចង់​ទូល​ទ្រង់​អំពី​កង្វល់​របស់​ខ្លួន។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ជា​លើក​ដំបូង​ថា ទ្រង់​មាន​បំណង​បំផ្លាញ​ចោល​ទី​ក្រុង​សូដុំម​និង​កូម៉ូរ៉ា នោះ​អ័ប្រាហាំ​ដែល​ជា​បុរស​ស្មោះ​ភក្ដី​នោះ​បាន​ឆ្ងល់​ណាស់។ អ័ប្រាហាំ​បាន​និយាយ​ថា៖«មិន​គួរ​គប្បី​ឲ្យ​ទ្រង់​ប្រព្រឹត្ដ​ដូច្នោះ។ . . . ព្រះ​ដ៏​ជា​ចៅ​ក្រម​នៃ​ផែន​ដី​ទាំង​មូល តើ​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌​ទេ​ឬ​អី?»។ អ័ប្រាហាំ​បាន​ទូល​សួរ​ព្រះ​យេហូវ៉ា​ថា​តើ​ទ្រង់​នឹង​ប្រណី​ដល់​ទី​ក្រុង​ទាំង​ពីរ​នោះ​ឬ​ក៏​អត់ បើ​មាន​មនុស្ស​សុចរិត​៥០​នាក់​នៅ​ទី​នោះ។ ព្រះ​យេហូវ៉ា​បាន​ធានា​ថា​ទ្រង់​នឹង​ប្រណី​មែន។ ប៉ុន្ដែ អ័ប្រាហាំ​បាន​សួរ​ម្ដង​ទៀត​ដោយ​បញ្ចុះ​ចំនួន​បន្ដិច​ម្ដងៗ​ថា ចុះ​បើ​មាន​៤៥​នាក់ ៤០​នាក់ និង​ចំនួន​នេះ​ចេះ​តែ​ចុះ​បន្ដ​បន្ទាប់។ ទោះ​ជា​ព្រះ​យេហូវ៉ា​ធានា​អ័ប្រាហាំ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ពិត​មែន ក៏​អ័ប្រាហាំ​បន្ដ​ព្យាយាម​សួរ​រហូត​ដល់​នៅ​សល់​តែ​មនុស្ស​សុចរិត​១០​នាក់។ ប្រហែល​ជា​អ័ប្រាហាំ​មិន​យល់​យ៉ាង​សព្វ​គ្រប់​អំពី​ទំហំ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ក៏​មិន​ដឹង។ យ៉ាង​ណា​ក៏​ដោយ ដោយ​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​និង​ការ​អត់​ធ្មត់ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​អ័ប្រាហាំ​ដែល​ជា​មិត្ដ​សំឡាញ់​និង​ជា​អ្នក​បំរើ​របស់​ទ្រង់ បញ្ជាក់​នូវ​កង្វល់​របស់​ខ្លួន​តាម​របៀប​នេះ។—លោកុប្បត្ដិ ១៨:២៣​-​៣៣

១២ ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​មាន​វិជ្ជា​ជ្រៅ​ជ្រះ តើ​មាន​ប៉ុន្មាន​នាក់​នឹង​ស្តាប់​មនុស្ស​ម្នាក់​យ៉ាង​អត់​ធ្មត់​ដូច្នេះ បើ​អ្នក​នោះ​មាន​ចំណេះ​តិច​ជាង​គាត់​ឆ្ងាយ​ណាស់? * តែ​ព្រះ​របស់​យើង​មាន​ព្រះ​ទ័យ​រាប​ទាប​ដូច្នេះ។ ក្នុង​កំឡុង​ពេល​ពិភាក្សា​រវាង​អ័ប្រាហាំ​និង​ព្រះ​យេហូវ៉ា អ័ប្រាហាំ​ក៏​ចាប់​ផ្ដើម​យល់​ថា​ព្រះ​យេហូវ៉ា​គឺ«យឺត​នឹង​ខ្ញាល់»ដែរ។ (និក្ខមនំ ៣៤:៦) អ័ប្រាហាំ​ប្រហែល​ជា​ទទួល​ស្គាល់​ថា គាត់​គ្មាន​សិទ្ធិ​សួរ​រក​ហេតុ​ផល​ពី​ព្រះ​យេហូវ៉ា​អំពី​អ្វី​ដែល​ទ្រង់​ធ្វើ​ទេ ទើប​គាត់​អង្វរ​ព្រះ​ពីរ​ដង​ថា៖«សូម​កុំ​ឲ្យ​ព្រះ​អម្ចាស់​ខ្ញាល់»។ (លោកុប្បត្ដិ ១៨:៣០, ៣២) ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​មិន​ខ្ញាល់​ទេ។ ទ្រង់​ពិត​ជា​មាន«ភាព​ស្លូតបូត​ដែល​ជា​របស់​ផង​ប្រាជ្ញា»។

ព្រះ​យេហូវ៉ា​ចេះ​យោគ​យល់

១៣​. ហេតុ​អ្វី​ពាក្យ​ថា«ចេះ​យោគ​យល់»ពណ៌នា​ពី​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​សម​ត្រឹម​ត្រូវ?

១៣ ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​ក៏​ស​ឲ្យ​ឃើញ​តាម​រយៈ​គុណ​សម្បត្ដិ​មួយ​ទៀត​ដ៏​ប្រសើរ​ថ្លៃ​ថ្លា។ គុណ​សម្បត្ដិ​នោះ​គឺ​ការ​ចេះ​យោគ​យល់។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​គុណ​សម្បត្ដិ​នេះ​មិន​សូវ​មាន​ក្នុង​ចំណោម​មនុស្ស​ជាតិ​ឥត​គ្រប់​ល័ក្ខណ៍​ទេ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​សុខ​ចិត្ដ​ស្តាប់​ទេវតា​និង​មនុស្ស​ដែល​ទ្រង់​បង្កើត​ទេ​តែ​ទ្រង់​ក៏​សុខ​ចិត្ដ​ព្រម​តាម​នៅ​ពេល​ដែល​នោះ​មិន​ខុស​ពី​គោល​ការណ៍​សុចរិត​របស់​ទ្រង់។ គុណ​សម្បត្ដិ​នេះ​ក៏​ជា​សញ្ញា​សម្គាល់​ប្រាជ្ញា​របស់​ព្រះ​ដែរ។ យ៉ាកុប ៣:១៧ ចែង​ថា៖‹ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​នោះ​មាន​សេចក្ដី​សំ​ឡូ​ត[ឬ«ចេះ​យោគ​យល់», ព.ថ.]›។ តើ​ព្រះ​យេហូវ៉ា​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា​ចេះ​យោគ​យល់​យ៉ាង​ដូច​ម្ដេច? របៀប​មួយ​គឺ ទ្រង់​ចេះ​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ។ សូម​ចាំ​ថា ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ថា ទ្រង់​បណ្ដាល​ឲ្យ​អង្គ​ទ្រង់​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់។ (និក្ខមនំ ៣:១៤) នេះ​បង្ហាញ​ថា​ទ្រង់​ចេះ​យោគ​យល់​និង​មាន​គំនិត​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ មែន​ទេ?

១៤, ១៥​. ចក្ខុនិមិត្ដ​ដែល​អេសេគាល​ឃើញ​អំពី​រទេះ​ព្រះ​យេហូវ៉ា​នៅ​លើ​មេឃ តើ​នោះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌? តើ​អង្គការ​នេះ​ខុស​គ្នា​ពី​អង្គការ​របស់​លោកីយ៍​យ៉ាង​ណា?

១៤ កំណត់​ហេតុ​បទ​គម្ពីរ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ជួយ​យើង​ចាប់​ផ្ដើម​យល់​នូវ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ។ ព្យាការី​អេសេគាល​ឃើញ​ចក្ខុនិមិត្ដ​មួយ​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌​ដែល​សុទ្ធតែ​ជា​បុគ្គល​វិញ្ញាណ។ អេសេគាល​ឃើញ​រទេះ​មួយ​ដែល​មាន​ទំហំ​ធំ​គួរ​ឲ្យ​ស្ញប់​ស្ញែង​ណាស់ ជា​យាន​ជំនិះ​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់​ដែល​ដំណើរ​របស់​រទេះ​នេះ​ទ្រង់​ជា​អ្នក​កំណត់​ជា​និច្ច។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​របៀប​រទេះ​នេះ​បំលាស់ទី។ កង់​ធំ​សម្បើម​របស់​រទេះ​នោះ​មាន​មុខ​បួន និង​ពេញ​ដោយ​ភ្នែក​ដើម្បី​អាច​ឃើញ​អ្វី​នៅ​គ្រប់​ទី​កន្លែង​និង​ផ្លាស់​ប្ដូរ​ទិស​ដៅ​ក្នុង​តែ​មួយ​រំពេច​ដោយ​មិន​ចាំ​បាច់​ឈប់​ឬ​បត់​ទេ។ ហើយ​រទេះ​ដ៏​ធំ​សម្បើម​នេះ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​យឺតៗ​ដូច​យាន​ជំនិះ​ធ្ងន់ៗ​ធំ​សំ​ពីង​សំពោង​ដែល​មនុស្ស​បង្កើត​ទេ។ រទេះ​នេះ​អាច​បំលាស់ទី​យ៉ាង​លឿន​ដូច​ផ្លេកបន្ទោរ និង​ក៏​អាច​បត់​បាន​ដូច​មុំ​កែង​ទៀត! (អេសេគាល ១:១, ១៤​-​២៨) ពិត​ណាស់ អង្គការ​របស់​ព្រះ​យេហូវ៉ា​ក៏​ដូច​ជា​ទ្រង់​ដែរ​ដែល​ជា​ព្រះ​មហា​ក្សត្រ​មាន​គ្រប់​ព្រះ​ចេស្តា​ដែល​កាន់​កាប់​ទៅ​លើ​អង្គការ​នេះ ដ្បិត​អង្គការ​នេះ​មាន​សមត្ថភាព​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ​យ៉ាង​ប្រសើរ​បំផុត ដោយ​ឆ្លើយ​តប​នឹង​ស្ថានការណ៍​ហើយ​សេចក្ដី​ត្រូវ​ការ​ដែល​តែង​តែ​ប្រែ​ប្រួល​ជា​និច្ច។

១៥ មនុស្ស​ជាតិ​មិន​អាច​ប្រែ​ប្រួល​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដូច្នេះ​ឡើយ។ ប៉ុន្ដែ មនុស្ស​និង​បណ្ដា​អង្គការ​របស់​ពួក​គេ​ច្រើន​តែ​តឹង​តែង​ទៅ​វិញ ជា​ជាង​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ ហើយ​ច្រើន​តែ​តឹងរ៉ឹង​ហួស​ហេតុ​ជា​ជាង​ចេះ​យោគ​យល់។ ជា​ឧទាហរណ៍: នាវា​ធំ​សំរាប់​ដឹក​ប្រេង​និង​អយស្ម័យ​យាន​ដឹក​ជញ្ជូន​ប្រហែល​ជា​មាន​ទំហំ​ធំ​និង​កម្លាំង​ខ្លាំង​គួរ​ឲ្យ​កោត​ស្ងើច​មែន។ ប៉ុន្ដែ តើ​វា​អាច​ប្ដូរ​ល្បឿន​និង​ទិស​ដៅ​ទៅ​តាម​កាលៈទេសៈ​បើ​មាន​ការ​ប្រែ​ប្រួល​ភ្លាមៗ​នោះ​បាន​ទេ? បើ​មាន​អ្វី​មួយ​ធ្លាក់​លើ​ផ្លូវ​នៅ​មុខ​អយស្ម័យ​យាន​នោះ វា​បត់​មិន​កើត​ទេ ហើយ​ឈប់​ង៉ក់​ក៏​មិន​បាន​ដែរ។ ជួន​កាល​ក្រោយ​ចាប់​ហ្វ្រាំង​ហើយ អយស្ម័យ​យាន​ធ្ងន់ៗ​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​ជាង​មួយ​គីឡូម៉ែត្រ​ទើប​អាច​ឈប់​បាន! ស្រដៀង​គ្នា​ដែរ នាវា​ធំៗ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​អស់​៨​គីឡូម៉ែត្រ​ក្រោយ​ពន្លត់​ម៉ាស៊ីន​ហើយ។ ទោះ​បើ​ដាក់​លេខ​ម៉ាស៊ីន​ឲ្យ​នាវា​ថយ​ទៅ​ក្រោយ​ក៏​ដោយ ក៏​វា​អាច​នៅ​តែ​លយ​ទៅ​មុខ​អស់​៣​គីឡូម៉ែត្រ​បាន! អង្គការ​មនុស្ស​ជាតិ​ដែល​ច្រើន​តែ​តឹងរ៉ឹង​និង​មិន​ចេះ​យោគ​យល់​ក៏​ដូច្នេះ​ដែរ។ ជា​ញឹក​ញាប់​ដោយ​ព្រោះ​អំនួត​របស់​មនុស្ស ពួក​គេ​មិន​ព្រម​ប្រែ​ប្រួល​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​និង​កាលៈទេសៈ​ទេ។ ភាព​តឹងរ៉ឹង​បែប​នេះ​បាន​ធ្វើ​ឲ្យ​សាជីវកម្ម​និង​រដ្ឋាភិបាល​ផ្សេងៗ​រលំ។ (សុភាសិត ១៦:១៨) យើង​ពិត​ជា​រីក​រាយ​ណាស់​ដែល​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​ទ្រង់​គឺ​មិន​ដូច្នេះ​សោះ​ឡើយ!

របៀប​ព្រះ​យេហូវ៉ា​បង្ហាញ​ការ​យោគ​យល់

១៦​. មុន​ដែល​ក្រុង​សូដុំម​និង​កូម៉ូរ៉ា​ត្រូវ​បំផ្លាញ​ចោល​នោះ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​ចេះ​យោគ​យល់​នឹង​ឡុត​យ៉ាង​ដូច​ម្ដេច?

១៦ សូម​ពិចារណា​ម្ដង​ទៀត​នូវ​ការ​បំផ្លាញ​ទី​ក្រុង​សូដុំម​និង​កូម៉ូរ៉ា។ ឡុត​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ការ​ណែនាំ​យ៉ាង​ច្បាស់​លាស់​ពី​ទេវតា​របស់​ព្រះ​យេហូវ៉ា​ថា៖«ចូរ​រត់​ទៅ​ឯ​ភ្នំ»។ ក៏​ប៉ុន្ដែ ឡុត​មិន​ពេញ​ចិត្ដ​ទេ។ គាត់​បាន​អង្វរ​ថា៖«ទេ! លោក​ម្ចាស់​អើយ!»។ ដោយ​សារ​ឡុត​ជឿ​ជាក់​ថា​គាត់​នឹង​ស្លាប់​បើ​ត្រូវ​រត់​ទៅ​ឯ​ភ្នំ នោះ​គាត់​អង្វរ​សូម​ការ​អនុញ្ញាត​ឲ្យ​រូប​គាត់​និង​ក្រុម​គ្រួសារ​រត់​ទៅ​ទី​ក្រុង​ជិត​នោះ​ឈ្មោះ​សូ​អារ​វិញ។ សូម​នឹក​ចាំ​ថា ព្រះ​យេហូវ៉ា​មាន​បំណង​បំផ្លាញ​ទី​ក្រុង​សូ​អារ​ចោល​ដែរ។ ម្យ៉ាង​ទៀត ការ​ភ័យ​ខ្លាច​របស់​ឡុត​គ្មាន​ទី​សំ​អាង​ពិត​ប្រាកដ​នោះ​ទេ។ ព្រះ​យេហូវ៉ា​ប្រាកដ​ជា​អាច​ការពារ​ជីវិត​ឡុត​ក្នុង​តំបន់​ភ្នំ​បាន! យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ព្រម​តាម​ការ​អង្វរ​របស់​ឡុត​និង​បាន​ប្រណី​ចំពោះ​ទី​ក្រុង​សូ​អារ។ ទេវតា​នោះ​ប្រាប់​ឡុត​ថា៖‹មើល! យើង​ព្រម​តាម​អ្នក​ក្នុង​ការ​នេះ​ដែរ›។ (លោកុប្បត្ដិ ១៩:១៧​-​២២) ព្រះ​យេហូវ៉ា​ពិត​ជា​ចេះ​យោគ​យល់ មែន​ទេ?

១៧, ១៨​. ចំពោះ​ប្រជាជន​នីនីវេ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​ចេះ​យោគ​យល់​យ៉ាង​ដូច​ម្ដេច?

១៧ ព្រះ​យេហូវ៉ា​ក៏​ឆ្លើយ​តប​ចំពោះ​ការ​ប្រែ​ចិត្ដ​ដែល​ស្មោះ​អស់​ពី​ចិត្ដ ដោយ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ជា​និច្ច។ សូម​ពិចារណា​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ព្យាការី​យ៉ូណាស​ត្រូវ​បញ្ជូន​ទៅ​ទី​ក្រុង​នីនីវេ​ដែល​ពោរ​ពេញ​ដោយ​មនុស្ស​ទុច្ចរិត​និង​ឃោរ​ឃៅ​នោះ។ នៅ​ពេល​ដែល​យ៉ូណាស​ដើរ​ទូ​ទាំង​ទី​ក្រុង​នោះ សារ​ដែល​ព្រះ​បណ្ដាល​ឲ្យ​គាត់​ប្រកាស​គឺ​ស្រួល​យល់​ដែល​ថា: នៅ​តែ​៤០​ថ្ងៃ​ទៀត ទី​ក្រុង​ខ្លាំង​ពូកែ​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល។ ប៉ុន្ដែ កាលៈទេសៈ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ធំ។ ប្រជាជន​នីនីវេ​បាន​ប្រែ​ចិត្ដ!—យ៉ូណាស ជំពូក​ទី​៣

១៨ យើង​អាច​ទាញ​យក​មេ​រៀន​មួយ​ពី​ការ​ប្រៀប​ធៀប​របៀប​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​និង​របៀប​យ៉ូណាស​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​នេះ។ ក្នុង​ករណី​នេះ ព្រះ​យេហូវ៉ា​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ ដោយ​បណ្ដាល​ឲ្យ​អង្គ​ទ្រង់​ក្លាយ​ទៅ​ជា​អ្នក​ដែល​អត់​ឱន​ទោស​អំពើ​បាប ជា​ជាង«អ្នក​ចំ​បាំង»។ * (និក្ខមនំ ១៥:៣) ផ្ទុយ​ទៅ​វិញ យ៉ូណាស​រឹង​ណាស់​មិន​ព្រម​ប្រែ​ប្រួល​និង​មិន​សូវ​មាន​សេចក្ដី​មេត្ដា​ទេ។ ជា​ជាង​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​និង​យោគ​យល់ យ៉ូណាស​បាន​ប្រព្រឹត្ដ​តប​ដូច​ជា​អយស្ម័យ​យាន​ដឹក​ជញ្ជូន​ឬ​ក៏​នាវា​ធំ ដែល​បាន​រៀប​រាប់​មុន​នេះ។ គាត់​បាន​ប្រកាស​ថា​ពួក​គេ​នឹង​ស្លាប់ ដូច្នេះ​ត្រូវ​តែ​ស្លាប់​មិន​ខាន! ប៉ុន្ដែ ដោយ​ព្រះ​ទ័យ​អត់​ធ្មត់ ព្រះ​យេហូវ៉ា​បង្រៀន​បុរស​ដែល​មិន​ចេះ​អត់​ធ្មត់​នេះ​នូវ​មេ​រៀន​មួយ​ដែល​គាត់​ភ្លេច​ពុំ​បាន​ស្ដី​អំពី​ការ​យោគ​យល់​និង​សេចក្ដី​មេត្ដា​ករុណា។—យ៉ូណាស ជំពូក​ទី​៤

ព្រះ​យេហូវ៉ា​ចេះ​យោគ​យល់​និង​ទ្រង់​ជ្រាប​ពី​កំរិត​សមត្ថភាព​របស់​យើង

១៩​. (ក) ហេតុ​អ្វី​យើង​អាច​ដឹង​ថា​ព្រះ​យេហូវ៉ា​ចេះ​យោគ​យល់​ចំពោះ​យើង​ដោយ​គិត​ពី​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​យើង? (ខ) តើ​សុភាសិត ១៩:១៧ បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ចៅហ្វាយ​ដែល‹ចេះ​យោគ​យល់​និង​ល្អ› ហើយ​ក៏​មាន​ព្រះ​ទ័យ​រាប​ទាប​ជា​ទី​បំផុត​យ៉ាង​ដូច​ម្ដេច?

១៩ ជា​ចុង​បញ្ចប់ ព្រះ​យេហូវ៉ា​ចេះ​យោគ​យល់​ចំពោះ​យើង​ដោយ​គិត​ពី​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​យើង។ ស្ដេច​ដាវីឌ​មាន​បន្ទូល​ថា៖«ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ»។ (ទំនុក​ដំកើង ១០៣:១៤) ព្រះ​យេហូវ៉ា​យល់​នូវ​កំរិត​សមត្ថភាព​និង​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​យើង​យ៉ាង​ច្បាស់​ជាង​យើង​ទៅ​ទៀត។ ទ្រង់​មិន​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ហួស​ពី​សមត្ថភាព​របស់​យើង​នោះ​ទេ។ ព្រះ​គម្ពីរ​បញ្ជាក់​ភាព​ផ្ទុយ​គ្នា​រវាង​មនុស្ស​ជាតិ​ដែល​ជា​ចៅហ្វាយ«ស្លូតបូត[ឬ«ចេះ​យោគ​យល់», ព.ថ.]ល្អ» និង​ចៅហ្វាយ​ដែល«កាច[ឬ«ពិបាក​គាប់​ចិត្ដ», ព.ថ.]»។ (ពេត្រុសទី១ ២:១៨) តើ​ព្រះ​យេហូវ៉ា​ជា​ចៅហ្វាយ​បែប​ណា? សូម​កត់​សម្គាល់​អ្វី​ដែល​សុភាសិត ១៩:១៧ ចែង​ថា៖​«អ្នក​ណា​ដែល​មាន​ចិត្ដ​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី»។ ពិត​ណាស់ មាន​តែ​ចៅហ្វាយ​ល្អ​ហើយ​ចេះ​យោគ​យល់​ទេ​ដែល​កត់​សម្គាល់​រាល់​ការ​សប្បុរស​ដែល​យើង​ធ្វើ​ដើម្បី​អ្នក​ខ្សត់​ខ្សោយ។ បន្ថែម​ទៅ​ទៀត បទ​គម្ពីរ​នេះ​នាំ​ឲ្យ​យើង​សន្និដ្ឋាន​ថា​អ្នក​បង្កើត​សកលលោក​ចាត់​ទុក​ថា ទ្រង់​ជំពាក់​អស់​អ្នក​ដែល​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដូច​នេះ ដែល​ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ជាតិ​ប៉ុណ្ណោះ! ទ្រង់​ពិត​ជា​មាន​ព្រះ​ទ័យ​រាប​ទាប​ជា​ទី​បំផុត។

២០​. តើ​អ្វី​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្តាប់​និង​ឆ្លើយ​តប​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង?

២០ ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​យ៉ាង​ស្លូតបូត​និង​ចេះ​យោគ​យល់​ដូច​គ្នា​ចំពោះ​អ្នក​បំរើ​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ។ នៅ​ពេល​ដែល​យើង​អធិស្ឋាន​ដោយ​មាន​ជំនឿ ទ្រង់​ស្តាប់។ ទោះ​ជា​ទ្រង់​មិន​ចាត់​ទេវតា​ឲ្យ​មក​និយាយ​ជា​មួយ​យើង​ក៏​ដោយ តែ​យើង​មិន​គួរ​សន្និដ្ឋាន​ថា​ទ្រង់​មិន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង​នោះ​ទេ។ សូម​នឹក​ចាំ​ថា នៅ​ពេល​ដែល​សាវ័ក​ប៉ុល​សូម​អ្នក​ជឿ​គ្នី​គ្នា«ជួយ​អធិស្ឋាន»ឲ្យ​គេ​ដោះ​លែង​គាត់​ចេញ​ពី​គុក គាត់​ក៏​បាន​និយាយ​ថា៖«ឲ្យ​ខ្ញុំ​បាន​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ​ជា​ឆាប់ៗ»។ (ហេព្រើរ ១៣:១៨, ១៩) ដូច្នេះ សេចក្ដី​អធិស្ឋាន​របស់​យើង​អាច​ជំរុញ​ព្រះ​ទ័យ​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ទ្រង់​ប្រហែល​ជា​គ្មាន​បំណង​ធ្វើ​ពី​មុន​ទេ!—យ៉ាកុប ៥:១៦

២១​. តើ​យើង​មិន​គួរ​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា? តែ​ផ្ទុយ​ទៅ​វិញ តើ​យើង​គួរ​ស្គាល់​អ្វី​អំពី​ទ្រង់?

២១ ភាព​ស្លូតបូត ការ​សុខ​ចិត្ដ​ស្តាប់ ព្រះ​ទ័យ​អត់​ធ្មត់ និង​ការ​ចេះ​យោគ​យល់​ដែល​ទាំង​អស់​នេះ​ជា​លក្ខណៈ​នៃ​ព្រះ​ទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា នេះ​ច្បាស់​ជា​មិន​បាន​ន័យ​ថា​ព្រះ​យេហូវ៉ា​បន្ធូរ​គោល​ការណ៍​សុចរិត​របស់​ទ្រង់​ឡើយ។ បព្វជិត​ពិភព​គ្រីស្ទ​សាសនា​ប្រហែល​ជា​គិត​ថា ពួក​គេ​កំពុង​តែ​យោគ​យល់​នៅ​ពេល​ដែល​បង្រៀន​ឲ្យ​ត្រូវ​ចិត្ដ​សមាជិក​របស់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​គោល​ការណ៍​សីលធម៌​របស់​ព្រះ​យេហូវ៉ា​ធូរ​រលុង​ទៅ​វិញ។ (ធីម៉ូថេ​ទី​២ ៤:៣) មនុស្ស​ជាតិ​មាន​ភាព​ទន់​ទោរ​ទៅ​រក​ការ​បន្ទន់​តាម​អ្វី​ដែល​ផ្ដល់​ផល​ប្រយោជន៍​ភ្លាមៗ តែ​ទង្វើ​នេះ​មិន​ទាក់​ទង​នឹង​ការ​ចេះ​យោគ​យល់​របស់​ព្រះ​ទាល់​តែ​សោះ។ ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ។ ទ្រង់​នឹង​មិន​ដែល​បង្ខូច​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ទ្រង់​ឡើយ។ (លេវីវិន័យ ១១:៤៤) ដូច្នេះ ចូរ​យើង​ស្រឡាញ់​ការ​ចេះ​យោគ​យល់​របស់​ព្រះ​យេហូវ៉ា ពីព្រោះ​នោះ​ពិត​ជា​ភស្ដុ​តាង​ដែល​បញ្ជាក់​ពី​ព្រះ​ទ័យ​រាប​ទាប​របស់​ទ្រង់។ អ្នក​ច្បាស់​ជា​រីក​រាយ​ណាស់​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​ដែល​មាន​ប្រាជ្ញា​ជាង​គេ​បំផុត​ក្នុង​សកលលោក ក៏​មាន​ព្រះ​ទ័យ​រាប​ទាប​ដ៏​ប្រសើរ​បំផុត មែន​ទេ? គួរ​ឲ្យ​សប្បាយ​ណាស់! យើង​អាច​ចូល​ទៅ​ជិត​ព្រះ​មួយ​អង្គ​ដែល​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង តែ​ក៏​ស្លូតបូត អត់​ធ្មត់ និង​ចេះ​យោគ​យល់​ដែរ!

^ វគ្គ 3 ពួក​ស្ក្រែប(ស្មៀន)ឬ​សូភេរីម​បាន​កែ​ប្រែ​ខ​នេះ​ដើម្បី​ឲ្យ​គេ​យល់​ថា​យេរេមា​ឱន​ចុះ មិន​មែន​ព្រះ​យេហូវ៉ា​ឱន​ចុះ​ទេ។ តាម​មើល​ទៅ ពួក​គេ​គិត​ថា​គឺ​មិន​សម​ទេ​បើ​សរសេរ​ថា ព្រះ​បន្ទាប​អង្គ​ទ្រង់​នោះ។ ជា​លទ្ធផល សេចក្ដី​បក​ប្រែ​ជា​ច្រើន​ខក​ខាន​បញ្ជាក់​នូវ​ចំណុច​សំខាន់​ក្នុង​ខ​គម្ពីរ​ដ៏​ពីរោះ​ស្តាប់​នេះ។ ក៏​ប៉ុន្ដែ ព្រះ​គម្ពីរ​អង់គ្លេស​កំណែ​ថ្មី​ដាក់​ពាក្យ​សំ​ដី​យេរេមា​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ​ពេល​គាត់​ទូល​ព្រះ​ថា៖«សូម​ចាំ! ឱ​ព្រះ​អើយ! សូម​ចាំ​និង​ឱន​ចុះ​មក​ជិត​ទូល​បង្គំ»។

^ វគ្គ 7 ព្រះ​គម្ពីរ​កំណែ​ផ្សេង​ទៀត​ចែង​ថា«ភាព​រាប​ទាប​ដែល​កើត​មក​ពី​ប្រាជ្ញា»និង«ភាព​ស្លូតបូត​ដែល​ជា​សញ្ញា​សំ​គាល់​ប្រាជ្ញា»។

^ វគ្គ 12 គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ព្រះ​គម្ពីរ​បញ្ជាក់​ថា ចិត្ដ​អត់​ធ្មត់​គឺ​ផ្ទុយ​ពី​ចិត្ដ​អំនួត។ (សាស្តា ៧:៨) ការ​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ភស្ដុ​តាង​ថែម​ទៀត​ថា​ទ្រង់​មាន​ព្រះ​ទ័យ​រាប​ទាប។—ពេត្រុសទី២ ៣:៩

^ វគ្គ 18 ទំនុក​ដំកើង ៨៦:៥ ចែង​ថា​ព្រះ​យេហូវ៉ា«ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស»។ នៅ​ពេល​ដែល​ទំនុក​នេះ​ត្រូវ​បក​ប្រែ​ជា​ភាសា​ក្រិច ពាក្យ​ថា«បំរុង​តែ​នឹង​អត់​ទោស»ត្រូវ​បាន​បក​ប្រែ​ជា​ពាក្យ​អេពីអីកេស​ឬ«ចេះ​យោគ​យល់»។