លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរអរសប្បាយនឹងសេចក្ដីសង្ឃឹមរបស់យើង

ចូរអរសប្បាយនឹងសេចក្ដីសង្ឃឹមរបស់យើង

ចូរ​អរ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម​របស់​យើង

​«​[​មាន​]​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​ជីវិត​គ្មាន​ទី​បញ្ចប់ ជា​អ្វី​ដែល​ព្រះ​ដែល​មិន​អាច​កុហក បាន​សន្យា​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​»។—ទីត. ១:២

ការ​ពិនិត្យ​សា​ឡើង​វិញ

ហេតុ​អ្វី​យើង​ដឹង​ថា​មាន​អំណរ​នៅ​ស្ថាន​សួគ៌ ពេល​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ម្នាក់​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​ខ្លួន?

តើ​សេចក្ដី​សង្ឃឹម​របស់​ចៀម​ឯ​ទៀត​និង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទាក់​ទង​គ្នា​យ៉ាង​ដូច​ម្ដេច?

ដើម្បី​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​យើង​បាន​សម្រេច តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដែល​ជា​«​ការ​ប្រព្រឹត្ត​បរិសុទ្ធ​»​និង​«​ការ​អ្វី ដែល​បង្ហាញ​ពី​ភក្ដីភាព​ចំពោះ​ព្រះ​»​?

១​. តើ​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​»។ ក្រោយ​ពី​និយាយ​ពាក្យ​នេះ ប៉ូល​បាន​បន្ថែម​ថា ព្រះ​យេហូវ៉ា​អាច​‹ធ្វើ​ឲ្យ​យើង​ពោរ​ពេញ​ទៅ​ដោយ​អំណរ​និង​សេចក្ដី​សុខសាន្ត​គ្រប់​ប្រការ ដោយ​សារ​យើង​មាន​ជំនឿ​លើ​លោក ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​បរិបូរ​ដោយ​ឫទ្ធានុភាព​នៃ​សកម្មពល​បរិសុទ្ធ›។ (​រ៉ូម ១៥:​១៣​) បើ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​បរិបូរ យើង​នឹង​អាច​ស៊ូ​ទ្រាំ​ចំពោះ​បញ្ហា​គ្រប់​បែប​យ៉ាង ព្រោះ​ចិត្ត​របស់​យើង​ពោរ​ពេញ​ទៅ​ដោយ​អំណរ​និង​សេចក្ដី​សុខសាន្ត។ សេចក្ដី​សង្ឃឹម​បែប​នេះ​នឹង​ក្លាយ​ទៅ​ជា​«​យុថ្កា​សម្រាប់​ជីវិត . . . ក៏​រឹង​មាំ​និង​ពិត​ប្រាកដ​»​សម្រាប់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង និង​គ្រិស្ត​សាសនិក​ឯ​ទៀត។ (​ហេ. ៦:​១៨, ១៩​) សេចក្ដី​សង្ឃឹម​អាច​ជួយ​យើង​ឲ្យ​កាន់​ជំហរ​មាំ​មួន ពេល​មាន​ការ​ពិបាក​ក្នុង​ជីវិត ហើយ​សេចក្ដី​សង្ឃឹម​នេះ​នឹង​ជួយ​យើង​កុំ​ឲ្យ​រសាត់​ចេញ​ដោយ​មាន​ចិត្ត​សង្ស័យ​ឬ​ខ្វះ​ជំនឿ។—សូម​អាន ហេប្រឺ ២:១; ៦:១១

២​. គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​មាន​សេចក្ដី​សង្ឃឹម​ពីរ​ផ្សេង​គ្នា តើ​នោះ​ជា​អ្វី? ហើយ​ហេតុ​អ្វី​«​ចៀម​ឯ​ទៀត​»​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​សង្ឃឹម​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង?

គ្រិស្ត​សាសនិក​ដែល​កំពុង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ​មាន​សេចក្ដី​សង្ឃឹម​ពីរ​ផ្សេង​គ្នា។ សមាជិក​«​ហ្វូង​តូច​»​នៃ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​សល់​លើ​ផែនដី​នេះ មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌ ដោយ​ធ្វើ​ជា​ស្តេច​និង​ជា​សង្ឃ​ជា​មួយ​នឹង​គ្រិស្ត​ក្នុង​រាជាណាចក្រ​របស់​លោក។ (​លូក. ១២:៣២; បប. ៥:៩, ១០​) ចំណែក​ឯ​«​មនុស្ស​មួយ​ក្រុម​ធំ​»​នៃ​«​ចៀម​ឯ​ទៀត​»​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត​លើ​ផែនដី​ដែល​ជា​សួន​ឧទ្យាន ដោយ​ធ្វើ​ជា​រាស្ត្រ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​មេស្ស៊ី។ (​បប. ៧:៩, ១០; យ៉ូន. ១០:១៦​) ចៀម​ឯ​ទៀត​មិន​គួរ​ភ្លេច​ថា សេចក្ដី​សង្គ្រោះ​របស់​ពួក​គេ អាស្រ័យ​ទៅ​លើ​ការ​គាំទ្រ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង គឺ​«​ពួក​បង​ប្អូន​»​របស់​គ្រិស្ត​ដែល​នៅ​សល់​លើ​ផែនដី។ (​ម៉ាថ. ២៥:៣៤​-​៤០​) ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ទទួល​រង្វាន់​របស់​ពួក​គេ ហើយ​សេចក្ដី​សង្ឃឹម​របស់​ចៀម​ឯ​ទៀត​ក៏​នឹង​បាន​សម្រេច​ដែរ។ (​សូម​អាន ហេប្រឺ ១១:៣៩, ៤០) មុន​ដំបូង សូម​ឲ្យ​យើង​ពិចារណា​អំពី​សេចក្ដី​សង្ឃឹម​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។

​​«​សេចក្ដី​សង្ឃឹម​ដែល​ស្ថិតស្ថេរ​»​របស់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង

៣, ៤​. ​«​ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដែល​ស្ថិតស្ថេរ​»​ តើ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​បាន​«​កើត​ជា​ថ្មី​»​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​សេចក្ដី​សង្ឃឹម​នោះ​ជា​អ្វី?

សាវ័ក​ពេត្រុស​បាន​សរសេរ​សំបុត្រ​ពីរ​ទៅ​បង​ប្អូន​គ្រិស្ត​សាសនិក ដែល​គាត់​ហៅ​ថា​«​ពួក​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​»។ (​១ពេ. ១:១​) គាត់​បាន​សរសេរ​យ៉ាង​ល្អិត​ល្អន់​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​របស់​ហ្វូង​តូច។ ក្នុង​សំបុត្រ​ទី​១​របស់​ពេត្រុស គាត់​បាន​សរសេរ​ថា​៖ ​«​សូម​សរសើរ​លោក​ដែល​ជា​ព្រះ​និង​ជា​បិតា​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ព្រោះ​ដោយ​សេចក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​របស់​លោក លោក​បាន​ធ្វើ​ឲ្យ​យើង​កើត​ជា​ថ្មី ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដែល​ស្ថិតស្ថេរ តាម​រយៈ​ការ​ប្រោស​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ទទួល​មត៌ក​ដែល​មិន​អាច​ខូច​ទៅ ដែល​ឥត​សៅហ្មង ហើយ​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍។ មត៌ក​នោះ​បាន​ត្រូវ​បម្រុង​ទុក​នៅ​ស្ថាន​សួគ៌​សម្រាប់​អ្នក​រាល់​គ្នា ដែល​កំពុង​ទទួល​ការ​រក្សា​ការពារ​ដោយ​ឫទ្ធានុភាព​របស់​ព្រះ តាម​រយៈ​ជំនឿ ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​ដែល​នឹង​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​នៅ​គ្រា​ចុង​ក្រោយ។ ដោយ​សារ​ការ​ទាំង​នោះ អ្នក​រាល់​គ្នា​កំពុង​ត្រេក​អរ​យ៉ាង​ខ្លាំង​»។—១ពេ. ១:៣​-​៦

គ្រិស្ត​សាសនិក​មួយ​ក្រុម​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ដើម្បី​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​ក្នុង​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ បាន​«​កើត​ជា​ថ្មី​»​ គឺជា​កូន​របស់​ព្រះ​ដែល​លោក​បាន​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ ពួក​គេ​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​ដើម្បី​ធ្វើ​ជា​ស្តេច​និង​ជា​សង្ឃ​ជា​មួយ​គ្រិស្ត។ (​បប. ២០:៦​) ពេត្រុស​បាន​បញ្ជាក់​ថា ការ​«​កើត​ជា​ថ្មី​»​នេះ នាំ​ឲ្យ​ពួក​គេ​មាន​«​សេចក្ដី​សង្ឃឹម​ដែល​ស្ថិតស្ថេរ​»​ ពោល​គឺ​«​មត៌ក​ដែល​មិន​អាច​ខូច​ទៅ ដែល​ឥត​សៅហ្មង ហើយ​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍​»​ ដែល​បាន​ត្រូវ​បម្រុង​ទុក​សម្រាប់​ពួក​គេ​«​នៅ​ស្ថាន​សួគ៌​»។ ហេតុ​នេះ​ហើយ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​«​ត្រេក​អរ​យ៉ាង​ខ្លាំង​»​ចំពោះ​សេចក្ដី​សង្ឃឹម​ដែល​ស្ថិតស្ថេរ​របស់​ពួក​គេ! ក៏​ប៉ុន្តែ ដើម្បី​ឲ្យ​បាន​ដូច​ពួក​គេ​សង្ឃឹម ពួក​គេ​ត្រូវ​រក្សា​ភាព​ស្មោះ​ត្រង់​ជា​និច្ច។

៥, ៦​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ត្រូវ​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​ខ្លួន​ឲ្យ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​បាន​ហៅ​និង​ជ្រើស​រើស​ឲ្យ​ទៅ​ស្ថាន​សួគ៌?

ក្នុង​សំបុត្រ​ទី​២​របស់​ពេត្រុស គាត់​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​‹ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួក​គេ​ស្មោះ​ត្រង់​ជា​និច្ច ដើម្បី​រក្សា​ខ្លួន​ឲ្យ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​បាន​ហៅ​និង​ជ្រើស​រើស›។ (​២ពេ. ១:១០​) ពួក​គេ​ត្រូវ​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​របស់​គ្រិស្ត​សាសនិក ដូច​ជា​ជំនឿ ភក្ដីភាព​ចំពោះ​ព្រះ ការ​រាប់​អាន​គ្នា​ជា​បង​ប្អូន និង​សេចក្ដី​ស្រឡាញ់។ ពេត្រុស​បាន​បញ្ជាក់​ថា​៖ ‹ប្រសិនបើ​អ្នក​រាល់​គ្នា​មាន​លក្ខណៈ​ទាំង​នោះ​ជា​បរិបូរ លក្ខណៈ​ទាំង​នោះ​នឹង​ការពារ​មិន​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​អសកម្ម ឬ​ឥត​ផល​ទេ›។—សូម​អាន ពេត្រុសទី២ ១:៥​-​៨

នៅ​សតវត្សរ៍​ទី​១ គ្រិស្ត​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ភីឡាដិលភា​ដែល​នៅ​តាម​ឆ្នេរ​តំបន់​អាស៊ី​ប៉ែក​ខាង​លិច​ថា​៖ ​«​ដោយ​សារ​អ្នក​បាន​កាន់​តាម​អ្វី​ដែល​អ្នក​បាន​ឮ​ស្តី​អំពី​ការ​ស៊ូ​ទ្រាំ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​រក្សា​ការពារ​អ្នក​នៅ​គ្រា​ល្បង​ល ដែល​នឹង​កើត​ឡើង​ពេញ​ផែនដី​ទាំង​មូល ដើម្បី​ល្បង​ល​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី។ ខ្ញុំ​នឹង​មក​យ៉ាង​ឆាប់។ ចូរ​កាន់​ខ្ជាប់​តាម​អ្វី​ដែល​អ្នក​មាន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​យក​មកុដ​របស់​អ្នក​»។ (​បប. ៣:១០, ១១​) បើ​គ្រិស្ត​សាសនិក​ម្នាក់​ដែល​បាន​ត្រូវ​រើស​តាំង​លែង​ស្មោះ​ត្រង់ គាត់​នឹង​មិន​ទទួល​«​មកុដ​នៃ​សិរី​រុងរឿង​ដែល​មិន​អាច​សាប​សូន្យ​»​ឡើយ ព្រោះ​មកុដ​នោះ ព្រះ​បាន​សន្យា​ឲ្យ​ដល់​ពួក​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ដែល​នៅ​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់។—១ពេ. ៥:៤; បប. ២:១០

ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ

៧​. តើ​យូដាស​បាន​បញ្ជាក់​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​អ្វី​ក្នុង​សំបុត្រ​របស់​គាត់?

ប្រហែល​នៅ​ឆ្នាំ​៦៥ គ.ស. យូដាស​ដែល​ជា​ប្អូន​ប្រុស​របស់​លោក​យេស៊ូ​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​បង​ប្អូន​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​គាត់​បាន​ហៅ​ពួក​គេ​ថា​៖ ​«​អស់​អ្នក​ដែល​បាន​ត្រូវ​ហៅ​»។ (​យូ. ១; សូម​ពិនិត្យ​បន្ថែម ហេប្រឺ ៣:១​) គាត់​ចង់​សរសេរ​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ស្តី​ពី​សេចក្ដី​សង្គ្រោះ ដែល​គ្រិស្ត​សាសនិក​ទាំង​ឡាយ​ដែល​បាន​ត្រូវ​រើស​តាំង​«​នឹង​ទទួល​»។ (​យូ. ៣​) ទោះ​ជា​គាត់​ត្រូវ​បញ្ជាក់​អំពី​បញ្ហា​បន្ទាន់​ផ្សេង​ទៀត​ក៏​ដោយ នៅ​ក្នុង​ពាក្យ​បញ្ចប់​នៃ​សំបុត្រ​ដ៏​ខ្លី​នោះ គាត់​បាន​រៀប​រាប់​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​របស់​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ថា​៖ ​«​ចំពោះ​ព្រះ​ដែល​អាច​ការពារ​អ្នក​រាល់​គ្នា កុំ​ឲ្យ​ជំពប់​ដួល ហើយ​ដែល​អាច​ទុក​អ្នក​រាល់​គ្នា​ឲ្យ​ឥត​សៅហ្មង​នៅ​មុខ​សិរី​រុងរឿង​របស់​លោក​ដោយ​មាន​អំណរ​ក្រៃ​លែង សូម​លោក​ដែល​ជា​ព្រះ​តែ​មួយ និង​អ្នក​សង្គ្រោះ​យើង តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង មាន​សិរី​រុងរឿង ភាព​ឧត្តុង្គឧត្តម ឫទ្ធានុភាព និង​អំណាច​ស្ថិតស្ថេរ​ជា​និច្ចកាល​ត​រៀង​មក​ដល់​ឥឡូវ​នេះ និង​ជា​រៀង​រហូត​ត​ទៅ​»។—យូ. ២៤, ២៥

៨​. យោង​ទៅ​តាម​យូដាស​២៤ តើ​អ្វី​បង្ហាញ​ថា​មាន​អំណរ​នៅ​ស្ថាន​សួគ៌ ពេល​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ម្នាក់​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​ខ្លួន?

ពួក​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ដែល​បាន​ត្រូវ​រើស​តាំង​ប្រាកដជា​ចង់​ការពារ​ខ្លួន​កុំ​ឲ្យ​ជំពប់​ដួល ដែល​នាំ​ឲ្យ​ខ្លួន​ទទួល​សេចក្ដី​ហិន​វិនាស។ ដោយ​មាន​មូលដ្ឋាន​លើ​គម្ពីរ ពួក​គេ​សង្ឃឹម​ថា​លោក​យេស៊ូ​គ្រិស្ត​នឹង​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ និង​ផ្ដល់​ឲ្យ​ពួក​គេ​មាន​រូប​កាយ​ជា​វិញ្ញាណ​ដ៏​ល្អ​ឥត​ខ្ចោះ។ នេះ​នឹង​ឲ្យ​ពួក​គេ​អាច​ចូល​ទៅ​ឯ​ព្រះ​បាន។ ពេល​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ណា​ម្នាក់​ស្លាប់​ដោយ​រក្សា​ភាព​ស្មោះ​ត្រង់ នោះ​គាត់​ប្រាកដជា​នឹង​ត្រូវ​«​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​វិញ្ញាណ​»​ដែល​«​មិន​អាច​ខូច​ទៅ​បាន​ទេ . . . [​ហើយ​]​មាន​សិរី​រុងរឿង​»​ទៀត​ផង។ (​១កូ. ១៥:​៤២​-​៤៤​) បើ​«​នៅ​ស្ថាន​សួគ៌​នឹង​មាន​អំណរ​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ម្នាក់​ដែល​ប្រែ​ចិត្ត​»​ នោះ​ប្រាកដជា​មាន​អំណរ​ខ្លាំង​ជាង​នោះ​ទៅ​ទៀត ពេល​ដែល​បង​ប្អូន​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​របស់​ព្រះ​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​រហូត​ដល់​ស្លាប់។ (​លូក. ១៥:៧​) ព្រះ​យេហូវ៉ា​និង​បុគ្គល​វិញ្ញាណ​ស្មោះ​ត្រង់​ទាំង​ឡាយ​ត្រេក​អរ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ដែល​ទទួល​រង្វាន់​របស់​ពួក​គាត់​ដោយ​មាន​«​អំណរ​ក្រៃ​លែង​»។—សូម​អាន យ៉ូហានទី១ ៣:២

៩​. ចំពោះ​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ដែល​បាន​ត្រូវ​រើស​តាំង តើ​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​ជា​«​ពរ​ដ៏​វិសេស​»​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​សេចក្ដី​សង្ឃឹម​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​សល់​លើ​ផែនដី?

ដូច​គ្នា​ដែរ ពេត្រុស​បាន​សរសេរ​ទៅ​ឲ្យ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ថា បើ​ពួក​គេ​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួក​គេ​ស្មោះ​ត្រង់​ជា​និច្ច ដើម្បី​រក្សា​ខ្លួន​ឲ្យ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​បាន​ហៅ នោះ​ពួក​គេ​«​នឹង​ទទួល​ពរ​ដ៏​វិសេស គឺ​[​ពួក​គេ​]​នឹង​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​រាជាណាចក្រ​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍​របស់​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​អ្នក​សង្គ្រោះ​និង​ជា​ម្ចាស់​របស់​យើង​»។ (​២ពេ. ១:១០, ១១​) ពេល​ពេត្រុស​សរសេរ​ថា​ពួក​គេ​នឹង​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​ដោយ​មាន​«​ពរ​ដ៏​វិសេស​»​ គាត់​ប្រហែលជា​ចង់​បញ្ជាក់​ថា​ពួក​គេ​នឹង​ចូល​ស្ថាន​សួគ៌​ដោយ​មាន​សិរី​រុង​រឿង។ ​«​ពរ​ដ៏​វិសេស​»​នេះ​ក៏​អាច​សំដៅ​ទៅ​លើ​ពរ​ជា​ច្រើន​ដែល​ពួក​គេ​នឹង​ទទួល​នៅ​ស្ថាន​សួគ៌​ដែរ។ ពួក​គេ​អាច​ពិចារណា​អំពី​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន​ដោយ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ និង​មាន​អំណរ​យ៉ាង​ក្រៃ​លែង។ សេចក្ដី​សង្ឃឹម​នេះ​ប្រាកដជា​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​សល់​លើ​ផែនដី​មាន​កម្លាំង​ក្នុង​ការ​«​ប្រុង​ប្រៀប​គំនិត​ដើម្បី​ធ្វើ​សកម្មភាព​»។—១ពេ. ១:១៣

«​សេចក្ដី​សង្ឃឹម​»​របស់​ចៀម​ឯ​ទៀត

១០, ១១​. ​(​ក​) តើ​ពួក​ចៀម​ឯ​ទៀត​មាន​សេចក្ដី​សង្ឃឹម​អ្វី? (​ខ​)​ តើ​គ្រិស្ត​និង​«​គ្រា​ដែល​កូន​ព្រះ​នឹង​ត្រូវ​សម្ដែង​»​ ទាក់​ទង​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី​យ៉ាង​ដូច​ម្ដេច?

១០ សាវ័ក​ប៉ូល​បាន​សរសេរ​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​ឲ្យ​ក្លាយ​ជា​«​កូន​ព្រះ​»​ថា ជា​«​អ្នក​ទទួល​មត៌ក​»​ជា​មួយ​នឹង​គ្រិស្ត។ ក្រោយ​មក គាត់​បាន​បញ្ជាក់​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ពួក​ចៀម​ឯ​ទៀត​ដែល​គ្មាន​ចំនួន​កំណត់ ដោយ​និយាយ​ថា​៖ ​«​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​[​មនុស្ស​ជាតិ​]​កំពុង​ទន្ទឹង​រង់​ចាំ​យ៉ាង​រំភើប​នូវ​គ្រា​ដែល​កូន​ព្រះ​[​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​]​នឹង​ត្រូវ​សម្ដែង។ អ្វី​ដែល​ព្រះ​បាន​បង្កើត​បាន​ត្រូវ​បណ្ដាល​ឲ្យ​មាន​ជីវិត​ដែល​ជា​អសារ​ឥត​ការ មិន​មែន​ដោយ​បំណង​ប្រាថ្នា​របស់​ពួក​គេ​ឡើយ តែ​ដោយ​បំណង​ប្រាថ្នា​របស់​ព្រះ​វិញ ដោយ​ផ្ដល់​សេចក្ដី​សង្ឃឹម​ថា អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​ក៏​នឹង​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ខូច​រលួយ ដើម្បី​មាន​សេរីភាព​រុងរឿង​ជា​កូន​ព្រះ​»។—រ៉ូម ៨:​១៤​-​២១

១១ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​«​សេចក្ដី​សង្ឃឹម​»​ដល់​មនុស្ស​ជាតិ ពេល​ដែល​លោក​បាន​សន្យា​ថា តាម​រយៈ​«​ពូជ​»​ដែល​បាន​ត្រូវ​សន្យា លោក​នឹង​សង្គ្រោះ​ពួក​គេ​ពី​«​ពស់​ដំបូង​បង្អស់​»​គឺ​មេកំណាច​និង​សាថាន។ (​បប. ១២:៩; លោ. ៣:១៥​) លោក​យេស៊ូ​គ្រិស្ត​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​«​ពូជ​»​នេះ។ (​កាឡ. ៣:១៦​) តាម​រយៈ​មរណភាព​របស់​លោក​យេស៊ូ​និង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ផ្ដល់​មូលដ្ឋាន​ដ៏​រឹង​មាំ​ឲ្យ​មនុស្ស​ជាតិ​មាន​សេចក្ដី​សង្ឃឹម​រួច​ផុត​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ការ​សម្រេច​នៃ​សេចក្ដី​សង្ឃឹម​នេះ​គឺ​ទាក់​ទង​នឹង​«​គ្រា​ដែល​កូន​ព្រះ​នឹង​ត្រូវ​សម្ដែង​»។ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​ទទួល​សិរី​រុងរឿង​នៅ​ស្ថាន​សួគ៌​គឺជា​ផ្នែក​ទី​២​នៃ​«​ពូជ​»​នោះ។ ពួក​គាត់​នឹង​ត្រូវ​‹បាន​សម្ដែង› គឺ​ពេល​ដែល​ពួក​គាត់​រួម​ចំណែក​ជា​មួយ​នឹង​គ្រិស្ត​ក្នុង​ការ​បំផ្លាញ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន។ (​បប. ២:​២៦, ២៧​) យ៉ាង​នេះ ពួក​ចៀម​ឯ​ទៀត​ដែល​ចេញ​ពី​គ្រា​វេទនា​ដ៏​ខ្លាំង​នឹង​ទទួល​សេចក្ដី​សង្គ្រោះ។—បប. ៧:៩, ១០, ១៤

១២​. ពេល​ដែល​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ត្រូវ​បាន​បើក​សម្ដែង តើ​មនុស្ស​ជាតិ​នឹង​ទទួល​ប្រយោជន៍​ដ៏​អស្ចារ្យ​អ្វី?

១២ លទ្ធផល​នៃ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត​នឹង​ជួយ​មនុស្ស​ជាតិ​បាន​ច្រើន​ណាស់! នៅ​គ្រា​នោះ សិរី​រុងរឿង​របស់​«​កូន​ព្រះ​»​នឹង​‹ត្រូវ​បាន​សម្ដែង›​ថែម​ទៀត ពេល​ពួក​គាត់​ធ្វើ​ជា​សង្ឃ​ជា​មួយ​គ្រិស្ត ព្រម​ទាំង​ផ្ដល់​ផល​ប្រយោជន៍​ពី​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​ដល់​មនុស្ស​ជាតិ។ ក្នុង​នាម​ជា​រាស្ត្រ​របស់​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ ​«​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​»​នឹង​ចាប់​ផ្ដើម​រួច​ផុត​ពី​ឥទ្ធិពល​នៃ​អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ មនុស្ស​ដែល​ស្ដាប់​បង្គាប់​«​នឹង​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ខូច​រលួយ​»​បន្ដិច​ម្ដង​ៗ។ បើ​ពួក​គេ​នៅ​តែ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​រហូត​ដល់​ផុត​១.០០០​ឆ្នាំ​និង​ក្នុង​អំឡុង​ការ​សាកល្បង​ចុង​ក្រោយ ឈ្មោះ​របស់​ពួក​គេ​នឹង​ត្រូវ​កត់​ទុក​ជា​អចិន្ត្រៃយ៍​ក្នុង​«​បញ្ជី​ជីវិត​»។ ពួក​គេ​នឹង​មាន​«​សេរីភាព​រុងរឿង​ជា​កូន​ព្រះ​»។ (​បប. ២០:៧, ៨, ១១, ១២​) នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មែន!

ចូរ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​ដក់​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ជា​និច្ច

១៣​. តើ​យើង​មាន​សេចក្ដី​សង្ឃឹម​ដោយ​សារ​អ្វី? ហើយ​តើ​គ្រិស្ត​នឹង​ត្រូវ​សម្ដែង​នៅ​ពេល​ណា?

១៣ សំបុត្រ​ទាំង​ពីរ​របស់​ពេត្រុស​បាន​ជួយ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​និង​ពួក​ចៀម​ឯ​ទៀត​យ៉ាង​ច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ពួក​គេ​ជា​និច្ច។ គាត់​បាន​បញ្ជាក់​ថា ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​នេះ​មិន​មែន​ដោយ​សារ​កិច្ចការ​របស់​ពួក​គេ​នោះ​ទេ តែ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​វិញ។ ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ចូរ​ដឹង​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់ ចូរ​សង្ឃឹម​លើ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​អ្នក​រាល់​គ្នា​នឹង​ទទួល​ពេល​ដែល​លោក​យេស៊ូ​គ្រិស្ត​នឹង​ត្រូវ​សម្ដែង​»។ (​១ពេ. ១:១៣​) គ្រិស្ត​នឹង​ត្រូវ​សម្ដែង ពេល​ដែល​លោក​មក​ដើម្បី​ឲ្យ​រង្វាន់​ដល់​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក និង​ពេល​លោក​ដាក់​ទោស​មនុស្ស​ទុច្ចរិត​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា។—សូម​អាន ថែស្សាឡូនិច​ទី​២ ១:៦​-​១០

១៤, ១៥​. ​(​ក​) ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​ដក់​ជាប់​ក្នុង​ចិត្ត​របស់​យើង​ជា​និច្ច តើ​យើង​ត្រូវ​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី? (​ខ​)​ តើ​ពេត្រុស​បាន​ឲ្យ​ឱវាទ​អ្វី?

១៤ ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​ដក់​ជាប់​ក្នុង​ចិត្ត​របស់​យើង​ជា​និច្ច យើង​ត្រូវ​ចាំ​មិន​ភ្លេច​ថា​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»​គឺ​ជិត​ដល់​ហើយ។ ចិត្ត​គំនិត​នេះ​គួរ​មាន​ឥទ្ធិពល​ទៅ​លើ​អ្វី​ទាំង​អស់​ដែល​យើង​ធ្វើ។ នៅ​ថ្ងៃ​នោះ ​«​មេឃ​»​ឬ​ការ​គ្រប់​គ្រង​របស់​មនុស្ស​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល ជា​មួយ​នឹង​«​ផែនដី​»​ឬ​សង្គម​មនុស្ស​អាក្រក់​និង​«​ធាតុ​នានា​»​របស់​វា។ ពេត្រុស​បាន​សរសេរ​ថា​៖ ​«​អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ប្រភេទ​ណា . . . ដោយ​ទន្ទឹង​ហើយ​ចាំ​ជាប់​ជា​និច្ច​នូវ​ការ​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។ តាម​រយៈ​ថ្ងៃ​នោះ មេឃ​នឹង​ត្រូវ​ភ្លើង​ឆេះ​រលាយ​សាប​សូន្យ ឯ​ធាតុ​នានា​នឹង​ក្ដៅ​ក្រៃ​លែង​ហើយ​រលាយ​បាត់​ទៅ!​»។—២ពេ. ៣:១០​-​១២

១៥ ​«​មេឃ​ថ្មី​[​រាជរដ្ឋាភិបាល​របស់​គ្រិស្ត​]​និង​ផែនដី​ថ្មី​[​សង្គម​មនុស្ស​ថ្មី​]​»​នឹង​ជំនួស​«​មេឃ​»​និង​«​ផែនដី​»​នៅ​បច្ចុប្បន្ន​នេះ។ (​២ពេ. ៣:​១៣​) ដោយ​សារ​យើង​កំពុង​«​ទន្ទឹង​រង់​ចាំ​»​ឬ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​អំពី​ពិភព​លោក​ថ្មី​ដក់​ជាប់​ក្នុង​ចិត្ត​របស់​យើង នោះ​ពេត្រុស​បាន​ឲ្យ​ឱវាទ​យ៉ាង​ចំ​ៗ​ថា​៖ ​«​ដូច្នេះ បង​ប្អូន​ទី​ស្រឡាញ់​អើយ ដោយ​សារ​អ្នក​រាល់​គ្នា​កំពុង​ទន្ទឹង​ការ​ទាំង​នេះ ចូរ​ខំ​អស់ពី​សមត្ថភាព ដើម្បី​នៅ​ទី​បំផុត​លោក​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​គឺ​ឥត​ស្នាម​ប្រឡាក់ ស្អាត​ស្អំ ហើយ​មាន​សន្ដិភាព​»។—២ពេ. ៣:១៤

ចូរ​រស់​នៅ​ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​យើង

១៦, ១៧​. ​(​ក​) តើ​«​ការ​ប្រព្រឹត្ត​បរិសុទ្ធ​»​និង​«​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដីភាព​ចំពោះ​ព្រះ​»​ត្រូវ​រួម​បញ្ចូល​អ្វី​ខ្លះ? (​ខ​)​ តើ​សេចក្ដី​សង្ឃឹម​របស់​យើង​នឹង​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៦ យើង​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​ដក់​ជាប់​ក្នុង​ចិត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​រស់​នៅ​ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ដែរ។ យើង​គួរ​ពិចារណា​ថា​យើង​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត​ឬ​យ៉ាង​ណា។ ក្នុង​«​ការ​ប្រព្រឹត្ត​បរិសុទ្ធ​»​រួម​មាន​ការ​«​ប្រព្រឹត្ត​ល្អ​ប្រសើរ​ជា​និច្ច​ក្នុង​ចំណោម​មនុស្ស​ខាង​ពិភព​លោក​នេះ​»​ដោយ​ធ្វើ​អ្វី​ដែល​ព្រះ​ចាត់​ទុក​ថា​ត្រឹម​ត្រូវ។ (​២ពេ. ៣:១១; ១ពេ. ២:១២​) យើង​ក៏​ត្រូវ​«​ស្រឡាញ់​គ្នា​»​ដែរ។ នេះ​រួម​បញ្ចូល​ការ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​រក្សា​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ ហើយ​ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ឲ្យ​មាន​សាមគ្គី​ភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក។ (​យ៉ូន. ១៣:៣៥​) ​«​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដីភាព​ចំពោះ​ព្រះ​»​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ថា​យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ នេះ​រួម​បញ្ចូល​ការ​អធិដ្ឋាន​ដែល​មាន​ន័យ​ខ្លឹម​សារ អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ សិក្សា​ផ្ទាល់​ខ្លួន​យ៉ាង​ស៊ី​ជម្រៅ គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ និង​ចូល​រួម​ផ្សព្វ​ផ្សាយ​‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›។—ម៉ាថ. ២៤:១៤

១៧ យើង​ម្នាក់​ៗ​ចង់​ធ្វើ​ជា​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ជា​មនុស្ស​ដែល​ព្រះ​នឹង​សង្គ្រោះ ពេល​ដែល​លោក​បំផ្លាញ​របៀប​របប​នៃ​ពិភព​លោក​ដ៏​អាក្រក់​នៅ​សម័យ​នេះ​ឲ្យ​«​រលាយ​សាប​សូន្យ​»។ ដូច្នេះ​បើ​យើង​ជា​មនុស្ស​ប្រភេទ​នោះ យើង​នឹង​មាន​«​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​ជីវិត​គ្មាន​ទី​បញ្ចប់ ជា​អ្វី​ដែល​ព្រះ​ដែល​មិន​អាច​កុហក បាន​សន្យា​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​»។—ទីត. ១:២

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២២​]

ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​«​កើត​ជា​ថ្មី​ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដែល​ស្ថិតស្ថេរ​»​

[​រូបភាព​នៅ​ទំព័រ​២៤​]

ចូរ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ក្រុម​គ្រួសារ​អ្នក​ជា​និច្ច