លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទេវតាទាំងឡាយជា«វិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ»

ទេវតាទាំងឡាយជា«វិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ»

ទេវតា​ទាំង​ឡាយ​ជា​«​វិញ្ញាណ​ដែល​បំពេញ​កិច្ច​បម្រើ​សាធារណៈ​»​

​«​ទេវតា​ទាំង​ឡាយ​ជា​វិញ្ញាណ​ដែល​បំពេញ​កិច្ច​បម្រើ​សាធារណៈ ហើយ​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មត៌ក មែន​ទេ?​»។—ហេ. ១:១៤

១​. តើ​យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​អ្វី​ពី​សៀវភៅ​ម៉ាថាយ ១៨:១០ និង​ហេប្រឺ ១:១៤?

លោក​យេស៊ូ​គ្រិស្ត​បាន​ព្រមាន​បុគ្គល​ណា​ដែល​ប្រហែលជា​បង្ខូច​ជំនឿ​របស់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មើល​ងាយ​អ្នក​តូច​បែប​នេះ​ឡើយ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា​របស់​អ្នក​ទាំង​នោះ ដែល​នៅ​ស្ថាន​សួគ៌​តែង​តែ​ឃើញ​មុខ​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​»។ (​ម៉ាថ. ១៨:១០​) សាវ័ក​ប៉ូល​បាន​សំដៅ​ទៅ​លើ​ទេវតា​សុចរិត ពេល​គាត់​សរសេរ​ថា​៖ ​«​ទេវតា​ទាំង​ឡាយ​ជា​វិញ្ញាណ​ដែល​បំពេញ​កិច្ច​បម្រើ​សាធារណៈ ហើយ​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មត៌ក មែន​ទេ?​»។ (​ហេ. ១:១៤​) ពាក្យ​ទាំង​នោះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​ដោយ​ធានា​ថា ព្រះ​ប្រើ​ពួក​ទេវតា​ដើម្បី​ជួយ​យើង។ តើ​គម្ពីរ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ទេវតា? តើ​ពួក​ទេវតា​ជួយ​យើង​យ៉ាង​ណា? តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​ពួក​ទេវតា?

២, ៣​. តើ​ទេវតា​ទាំង​ឡាយ​មាន​ភារកិច្ច​អ្វី​ខ្លះ?

នៅ​ស្ថាន​សួគ៌​មាន​ទេវតា​ស្មោះ​ត្រង់​រាប់​លាន និង​ទេវតា​ទាំង​ឡាយ​មាន​«​ឥទ្ធិ​ឫទ្ធិ​ខ្លាំង ហើយ​ក៏​ប្រតិបត្ដិ​តាម​បង្គាប់​[​ព្រះ​]​»។ (​ទំនុក. ១០៣:២០; សូម​អាន ការ​បើក​បង្ហាញ ៥:១១​) បុត្រ​វិញ្ញាណ​ទាំង​នេះ​របស់​ព្រះ​មាន​បុគ្គលិក​លក្ខណៈ ហើយ​មាន​ចិត្ត​សេរី​និង​គុណ​សម្បត្ដិ​ដូច​លោក។ ពួក​គេ​បាន​ត្រូវ​រៀប​ចំ​យ៉ាង​ល្អ​ប្រសើរ ហើយ​មាន​ឋានៈ​ខ្ពស់​ក្នុង​ការ​រៀប​ចំ​របស់​ព្រះ។ មហា​ទេវតា​គឺ​មី​កែ​ល (​ជា​ឈ្មោះ​របស់​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​)។ (​ដាន. ១០:១៣; យូ. ៩​) ​«​បុត្រ​ច្បង​ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​»​នេះ ជា​«​បណ្ដាំ​»​ឬ​អ្នក​នាំ​ពាក្យ​របស់​ព្រះ ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រើ​លោក​ក្នុង​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់​ឯ​ទៀត។—កូឡ. ១:១៥​-​១៧; យ៉ូន. ១:១​-​៣

បន្ទាប់​ពី​មហា​ទេវតា​គឺ​សេរភីម ដែល​ប្រកាស​ប្រាប់​ពី​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា និង​ជួយ​រាស្ត្រ​ព្រះ​ឲ្យ​រស់​នៅ​តាម​ខ្នាត​តម្រា​របស់​លោក។ បន្ទាប់​ពី​នេះ​ក៏​មាន​ចេរូប៊ីន ដែល​បម្រើ​ជា​អ្នក​ដែល​លើក​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ (​លោ. ៣:២៤; អេ. ៦:១​-​៣, ៦, ៧​) បន្ទាប់​ពី​នេះ​ក៏​មាន​ទេវតា​ឯ​ទៀត​ឬ​អ្នក​នាំ​សារ ដែល​មាន​ភារកិច្ច​ផ្សេង​ៗ​ដើម្បី​ជួយ​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ។—ហេ. ១២:២២, ២៣

៤​. តើ​ពួក​ទេវតា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ព្រះ​ចាប់​តាំង​បង្ក​ផែនដី​ឡើង? ហើយ​តើ​មនុស្ស​អាច​មាន​អ្វី​បើ​បាន​ប្រើ​ចិត្ត​សេរី​យ៉ាង​ត្រឹម​ត្រូវ?

ទេវតា​ទាំង​ឡាយ​បាន​រីករាយ​ពេល​ព្រះ​«​ចាប់​តាំង​បង្ក​ផែនដី​ឡើង​»​ ហើយ​ចូល​រួម​ដោយ​ចិត្ត​រំភើប​ក្នុង​កិច្ចការ​របស់​ពួក​គេ កាល​ដែល​ផែនដី​ក្លាយ​ទៅ​ជា​ទី​លំនៅ​របស់​មនុស្ស​ជាតិ។ (​យ៉ូប ៣៨:៤,​) ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​«​តូច​ទាប​ជាង​បណ្ដា​ទេវតា​បន្ដិច​»​ ប៉ុន្តែ​យើង​ត្រូវ​បាន​បង្កើត​ដូច​«​រូប​»​លោក យ៉ាង​នេះ​មនុស្ស​អាច​បង្ហាញ​គុណ​សម្បត្ដិ​ដូច​ព្រះ។ (​ហេ. ២:៧; លោ. ១:២៦​) ប្រសិនបើ​អាដាម​និង​អេវ៉ា​ប្រើ​ចិត្ត​សេរី​យ៉ាង​ត្រឹម​ត្រូវ នោះ​ពួក​គេ​និង​កូន​ចៅ​អាច​បន្ត​រស់​នៅ​ក្នុង​សួន​ឧទ្យាន ហើយ​រួម​ចំណែក​ជា​មួយ​ទេវតា​ទាំង​ឡាយ​ក្នុង​ក្រុម​គ្រួសារ​សកលលោក​របស់​ព្រះ​យេហូវ៉ា។

៥, ៦​. តើ​មាន​ការ​បះបោរ​ប្រឆាំង​ណា​កើត​ឡើង​នៅ​ស្ថាន​សួគ៌? ហើយ​តើ​ព្រះ​បាន​ធ្វើ​អ្វី?

បណ្ដា​ទេវតា​ដ៏​បរិសុទ្ធ​ពិត​ជា​ទាស់​ចិត្ត​មែន ពេល​ឃើញ​ការ​បះបោរ​ចាប់​ផ្ដើម​កើត​ឡើង​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ​នៅ​ឯ​ស្ថាន​សួគ៌។ ទេវតា​មួយ​រូប​ពី​ចំណោម​ពួក​គេ​លែង​ពេញ​ចិត្ត​សរសើរ​ព្រះ​យេហូវ៉ា​ទៀត ហើយ​មាន​ចិត្ត​ចង់​ឲ្យ​គេ​គោរព​ប្រណិប័តន៍​វា​វិញ។ ទេវតា​នោះ​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​ហៅ​ថា​សាថាន (​មាន​ន័យ​ថា ​«​អ្នក​ប្រឆាំង​»​)។ នេះ​គឺ​ដោយ​សារ​វា​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ហើយ​ដោយ​មាន​មហិច្ឆតា វា​ខំ​បង្កើត​ការ​គ្រប់​គ្រង​មួយ​ប្រកួត​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ពេល​សាថាន​ពោល​ពាក្យ​កុហក នោះ​វា​បញ្ឆោត​គូ​ស្វាមីភរិយា​ដំបូង​ដោយ​ទាក់​ទាញ​ចិត្ត​ពួក​គេ​ឲ្យ​រួម​ដៃ​ជា​មួយ​វា​ក្នុង​ការ​បះបោរ​ប្រឆាំង​នឹង​អ្នក​បង្កើត​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់។—លោ. ៣:៤, ៥; យ៉ូន. ៨:៤៤

ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​លើ​សាថាន​ភ្លាម​ដោយ​ពោល​ពាក្យ​ក្នុង​ទំនាយ​ដំបូង​ដែល​មាន​ក្នុង​គម្ពីរ​ថា​៖ ​«​អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ​»។ (​លោ. ៣:១៥​) សេចក្ដី​ខ្មាំង​ឬ​ការ​ប្រឆាំង​គ្នា​នេះ​នឹង​មាន​រវាង​សាថាន​និង​«​ស្ត្រី​»​របស់​ព្រះ។ ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​ចាត់​ទុក​អង្គការ​នៅ​ស្ថាន​សួគ៌​ដែល​មាន​ទេវតា​ស្មោះ​ត្រង់ ដូច​ជា​ភរិយា​ជា​ទី​ស្រឡាញ់​ដែល​នៅ​ជាប់​ជា​មួយ​លោក​ជា​ស្វាមី។ យើង​មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​ដោយ​សារ​ទំនាយ​នេះ ទោះ​ជា​រឿង​ល្អិត​ល្អន់​នៃ​ទំនាយ​នៅ​តែ​ជា​«​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​»​ដែល​នឹង​ត្រូវ​លាត​ត្រដាង​បន្ដិច​ម្ដង​ៗ​ក៏​ដោយ។ ព្រះ​មាន​បំណង​ឲ្យ​បុគ្គល​ម្នាក់​ពី​ចំណោម​អង្គការ​របស់​លោក​នៅ​ស្ថាន​សួគ៌​កម្ទេច​ចោល​ពួក​បះបោរ​ទាំង​អស់ ហើយ​តាម​រយៈ​បុគ្គល​នោះ​«​អ្វី​ៗ​នៅ​ស្ថាន​សួគ៌​និង​អ្វី​ៗ​នៅ​ផែនដី​»​នឹង​ត្រូវ​បង្រួប​បង្រួម។—អេភ. ១:៨​-​១០

៧​. តើ​ទេវតា​ខ្លះ​នៅ​សម័យ​ណូអេ​បាន​ធ្វើ​អ្វី? ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ដល់​ទេវតា​ទាំង​នោះ?

នៅ​សម័យ​ណូអេ ទេវតា​មួយ​ចំនួន​បោះបង់​ចោល​«​ស្ថាន​ដែល​ខ្លួន​ត្រូវ​នៅ​»​ ហើយ​ប្រែ​ក្រឡា​ជា​មនុស្ស​ក្នុង​បំណង​រក​បំពេញ​តណ្ហា​ខ្លួន​នៅ​ផែនដី។ (​យូ. ៦; លោ. ៦:១​-​៤​) ព្រះ​យេហូវ៉ា​ដាក់​ទេវតា​ដែល​បះបោរ​នោះ​ក្នុង​ភាព​ងងឹត​សូន្យសុង ហើយ​ពួក​គេ​រួម​ដៃ​ជា​មួយ​សាថាន​ក្នុង​ការ​ក្លាយ​ទៅ​ជា​«​ពួក​វិញ្ញាណ​ទុច្ចរិត​»​ ព្រម​ទាំង​ជាស​ត្រូវ​ដ៏​កំណាច​នៃ​អ្នក​បម្រើ​របស់​ព្រះ។—អេភ. ៦:១១​-​១៣; ២ពេ. ២:៤

តើ​ពួក​ទេវតា​ជួយ​យើង​យ៉ាង​ណា?

៨, ៩​. តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ទេវតា​ឲ្យ​ជួយ​មនុស្ស​យ៉ាង​ដូច​ម្ដេច?

ក្នុង​ចំណោម​អស់​អ្នក​ដែល​ទេវតា​បាន​បម្រើ​គឺ​អាប្រាហាំ យ៉ាកុប ម៉ូសេ យ៉ូស្វេ អេសាយ ដានីយ៉ែល លោក​យេស៊ូ ពេត្រុស យ៉ូហាន និង​ប៉ូល។ បណ្ដា​ទេវតា​សុចរិត​បាន​ដាក់​ទោស​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ ហើយ​ពាំ​នាំ​ទំនាយ​និង​ការ​ណែនាំ រួម​ទាំង​ក្រឹត្យ​វិន័យ​ម៉ូសេ​ផង។ (​២ព. ១៩:៣៥; ដាន. ១០:៥, ១១, ១៤; សកម្ម. ៧:៥៣; បប. ១:១​) ដោយ​សារ​យើង​មាន​បណ្ដាំ​របស់​ព្រះ​ទាំង​មូល នោះ​ប្រហែលជា​មិន​ត្រូវ​ការ​ទេវតា​នាំ​ដំណឹង​ពី​ព្រះ​ឡើយ។ (​២ធី. ៣:១៦, ១៧​) មនុស្ស​យើង​មិន​អាច​មើល​ឃើញ​កិច្ចការ​ដែល​ទេវតា​ធ្វើ​ទេ តែ​បណ្ដា​ទេវតា​ទាំង​នេះ​កំពុង​ជាប់​រវល់​ខ្លាំង​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​និង​ការ​គាំទ្រ​អ្នក​បម្រើ​របស់​ព្រះ។

គម្ពីរ​ធានា​យើង​ថា​៖ ​«​ទេវតា​នៃ​ព្រះ​យេហូវ៉ា​ចោមរោម​នៅ​ជុំ​វិញ​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច​»។ (​ទំនុក. ៣៤:៧; ៩១:១១​) ដោយ​ព្រោះ​សាថាន​បាន​ចោទ​ថា​មនុស្ស​មិន​អាច​រក្សា​ភាព​ស្មោះ​គ្រប់​លក្ខណៈ​ពេល​មាន​ទុក្ខ​លំបាក នោះ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​វា​បង្ក​ឲ្យ​យើង​មាន​ទុក្ខ​លំបាក​សព្វ​គ្រប់​បែប​យ៉ាង។ (​លូក. ២១:១៦​-​១៩​) យ៉ាង​ណា​ក៏​ដោយ ព្រះ​ជ្រាប​ថា​ការ​ល្បង​ល​ប៉ុណ្ណា​គឺ​ល្មម​គ្រប់​គ្រាន់​ឲ្យ​យើង​បញ្ជាក់​ពី​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង​ចំពោះ​លោក ហើយ​ថា​មិន​ចាំ​បាច់​ឲ្យ​ទទួល​ការ​ល្បង​ល​លើស​ពី​នោះ​ទេ។ (​សូម​អាន កូរិនថូសទី១ ១០:១៣​) ពួក​ទេវតា​តែង​តែ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​ធ្វើ​អន្តរាគមន៍​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ពួក​ទេវតា​បាន​សង្គ្រោះ​សាដ្រាក់ មែសាក់ អ័បេឌនេកោ ដានីយ៉ែល និង​ពេត្រុស ប៉ុន្តែ​មិន​បាន​សង្គ្រោះ​ស្ទេផាន និង​យ៉ាកុប​កុំ​ឲ្យ​ពួក​សត្រូវ​សម្លាប់​ឡើយ។ (​ដាន. ៣:១៧, ១៨, ២៨; ៦:២២; សកម្ម. ៧:៥៩, ៦០; ១២:១​-​៣, ៧, ១១​) កាលៈទេសៈ​របស់​ពួក​គេ​និង​បញ្ហា​ដែល​ចោទ​ឡើង​គឺ​ខុស​គ្នា។ ស្រ​ដៀង​គ្នា​ដែរ បង​ប្អូន​រួម​ជំនឿ​ខ្លះ​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​ជំរំ​ឃុំឃាំង​ណាត្ស៊ី តែ​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​បង​ប្អូន​ភាគ​ច្រើន​ដែល​នៅ​ជំរំ​ឃុំឃាំង​នោះ​វិញ។

១០​. បន្ថែម​ពី​ជំនួយ​ទេវតា តើ​យើង​អាច​ទទួល​ជំនួយ​តាម​វិធី​ណា​ទៀត?

១០ គម្ពីរ​មិន​បង្រៀន​ថា​មនុស្ស​យើង​មាន​ទេវតា​ម្នាក់​មួយ​ដែល​តាម​ថែ​រក្សា​យើង​ឡើយ។ យើង​អធិដ្ឋាន​ដោយ​មាន​ទំនុក​ចិត្ត​ថា​«​អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង​»។ (​១យ៉ូន. ៥:១៤​) ពិត​មែន ព្រះ​យេហូវ៉ា​អាច​បញ្ជូន​ទេវតា​មក​ដើម្បី​ជួយ​យើង​បាន តែ​យើង​ប្រហែល​ជា​ទទួល​ជំនួយ​តាម​វិធី​ផ្សេង​ៗ​ទៀត។ បង​ប្អូន​គ្រិស្ត​សាសនិក​ប្រហែល​ជា​នឹង​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​សម្រាល​ទុក្ខ​និង​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ឯ​ទៀត។ ម្យ៉ាង​ទៀត ព្រះ​អាច​ផ្ដល់​ប្រាជ្ញា​និង​កម្លាំង​ចិត្ត​ដើម្បី​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​ដែល​ធ្វើ​ទុក្ខ​ដល់​យើង ហាក់​ដូច​ជា​«​ទេវតា​មួយ​របស់​សាថាន​»​កំពុង​ទះ​យើង។—២កូ. ១២:៧​-​១០; ១ថែ. ៥:១៤

យក​តម្រាប់​តាម​លោក​យេស៊ូ

១១​. តើ​បណ្ដា​ទេវតា​បាន​ត្រូវ​ប្រើ​ដើម្បី​ជួយ​លោក​យេស៊ូ​យ៉ាង​ណា? ហើយ​តើ​លោក​បាន​បង្ហាញ​អ្វី​ដោយ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ?

១១ សូម​ពិចារណា​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រើ​បណ្ដា​ទេវតា​ក្នុង​ករណី​លោក​យេស៊ូ។ បណ្ដា​ទេវតា​បាន​ប្រកាស​ប្រាប់​ពី​កំណើត​និង​ការ​រស់​ឡើង​វិញ​របស់​លោក​យេស៊ូ ហើយ​ផ្ដល់​ជំនួយ​ពេល​ដែល​លោក​នៅ​ផែនដី។ បណ្ដា​ទេវតា​អាច​ការពារ​កុំ​ឲ្យ​គេ​ចាប់​និង​សម្លាប់​លោក​បាន។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ទេវតា​មួយ​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​ពង្រឹង​កម្លាំង​ចិត្ត​លោក។ (​ម៉ាថ. ២៨:៥, ៦; លូក. ២:៨​-​១១; ២២:៤៣​) ដោយ​សម​ស្រប​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា នោះ​លោក​យេស៊ូ​បាន​ផ្ដល់​ជីវិត​ជា​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ ហើយ​បង្ហាញ​ទី​សំ​អាង​ថា ទោះ​ជា​មាន​សេចក្ដី​ល្បួង​ខ្លាំង​បំផុត​ក៏​ដោយ មនុស្ស​ល្អ​ឥត​ខ្ចោះ​អាច​រក្សា​ភាព​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​បាន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ប្រោស​លោក​យេស៊ូ​ឲ្យ​មាន​ជីវិត​អមតៈ​នៅ​ឯ​ស្ថាន​សួគ៌ និង​ផ្ដល់​«​គ្រប់​ទាំង​អំណាច​»​ដល់​លោក សូម្បី​តែ​ទេវតា​ក៏​នៅ​ក្រោម​បង្គាប់​របស់​លោក​ដែរ។ (​ម៉ាថ. ២៨:១៨; សកម្ម. ២:៣២; ១ពេ. ៣:២២​) យ៉ាង​នេះ លោក​យេស៊ូ​ជា​បុគ្គល​សំខាន់​បំផុត​ដែល​រួម​ចំណែក​ក្នុង​«​ពូជ​»​របស់​«​ស្ត្រី​»​ដែល​ជា​របស់​ផង​ព្រះ។—លោ. ៣:​១៥; កាឡ. ៣:១៦

១២​. តើ​លោក​យេស៊ូ​បង្ហាញ​ថា​លោក​ចេះ​ដឹង​ខុស​ត្រូវ​យ៉ាង​ដូច​ម្ដេច?

១២ លោក​យេស៊ូ​ដឹង​ថា​គឺជា​ការ​ខុស​បើ​លោក​ល្បង​ល​ព្រះ​យេហូវ៉ា​ដោយ​សង្ឃឹម​ថា ព្រះ​នឹង​ចាត់​ទេវតា​មក​សង្គ្រោះ​លោក​បើ​លោក​ធ្វើ​អ្វី​ដោយ​ធ្វេស​ប្រហែស។ (​សូម​អាន ម៉ាថាយ ៤:៥​-​៧​) ដូច្នេះ សូម​ឲ្យ​យើង​យក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​រស់​នៅ​ដោយ​«​ដឹង​ខុស​ត្រូវ​»​ និង​មិន​ប្រថុយ​គ្រោះ​ថ្នាក់​ដោយ​មិន​ចាំ​បាច់ ប៉ុន្តែ​មាន​ទំនុក​ចិត្ត​ពេល​ត្រូវ​ប្រឈម​មុខ​ការ​បៀតបៀន។—ទីត. ២:១២

តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ទេវតា​ស្មោះ​ត្រង់?

១៣​. តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​គំរូ​របស់​បណ្ដា​ទេវតា​សុចរិត​ដែល​ត្រូវ​រៀប​រាប់​នៅ​ពេត្រុសទី២ ២:៩​-​១១?

១៣ ពេល​សាវ័ក​ពេត្រុស​ប្រដៅ​តម្រង់​អស់​អ្នក​ដែល​«​និយាយ​ប្រមាថ​»​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ នោះ​គាត់​លើក​ឡើង​ពី​គំរូ​ល្អ​របស់​ពួក​ទេវតា​សុចរិត។ ទោះ​ជា​ពួក​ទេវតា​មាន​កម្លាំង​ខ្លាំង​ក៏​ដោយ តែ​ពួក​គេ​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​មិន​វិនិច្ឆ័យ​ទោស​អ្នក​ឯ​ទៀត ​«​ដោយ​សារ​គោរព​ព្រះ​យេហូវ៉ា​»។ (​សូម​អាន ពេត្រុសទី២ ២:៩​-​១១​) ដូច្នេះ សូម​ឲ្យ​យើង​ជៀស​ចេញ​ពី​ការ​វិនិច្ឆ័យ​មិន​សមរម្យ និង​គោរព​អស់​អ្នក​ដែល​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ ហើយ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ​រឿង​ទាំង​អស់ ព្រោះ​លោក​ជា​ចៅ​ក្រម​ដ៏​ខ្ពស់​បំផុត។—រ៉ូម ១២:១៨, ១៩; ហេ. ១៣:១៧

១៤​. តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​ទេវតា​ស្តី​អំពី​ចិត្ត​រាប​ទាប?

១៤ បណ្ដា​ទេវតា​របស់​ព្រះ​យេហូវ៉ា​ទុក​គំរូ​ល្អ​ស្តី​អំពី​កិច្ច​បម្រើ​ព្រះ​ដោយ​ចិត្ត​រាប​ទាប។ ទេវតា​ខ្លះ​មិន​ព្រម​ប្រាប់​ឈ្មោះ​ដល់​មនុស្ស​ទេ។ (​លោ. ៣២:២៩; ចៅ. ១៣:១៧, ១៨​) ទោះ​ជា​មាន​ទេវតា​រាប់​លាន​នៅ​ស្ថាន​សួគ៌​ក៏​ដោយ តែ​គម្ពីរ​រៀប​រាប់​ឈ្មោះ​មីកែល​និង​កាព្រីយ៉ែល​ប៉ុណ្ណោះ។ នេះ​ប្រហែលជា​ដើម្បី​ការពារ​កុំ​ឲ្យ​យើង​លើក​កិត្ដិយស​ទេវតា​ហួស​ហេតុ​ពេក។ (​លូក. ១:២៦; បប. ១២:៧​) ពេល​សាវ័ក​យ៉ូហាន​បាន​លំឱន​កាយ​ដើម្បី​គោរព​ប្រណិប័តន៍​នៅ​មុខ​ទេវតា​មួយ​រូប ទេវតា​នោះ​បាន​ដាស់​តឿន​យ៉ូហាន​ថា​៖ ​«​ចូរ​ប្រយ័ត្ន! កុំ​ធ្វើ​ដូច្នោះ! ខ្ញុំ​គ្រាន់តែ​ជា​ខ្ញុំ​បម្រើ​ដូច​អ្នក​និង​ដូច​បង​ប្អូន​របស់​អ្នក​»។ (​បប. ២២:៨, ៩​) យើង​គួរ​អធិដ្ឋាន​ដល់​ព្រះ​និង​គោរព​ប្រណិប័តន៍​លោក​តែ​មួយ​ប៉ុណ្ណោះ។—សូម​អាន ម៉ាថាយ ៤:៨​-​១០

១៥​. តើ​បណ្ដា​ទេវតា​ទុក​គំរូ​ឲ្យ​យើង​ក្នុង​ការ​បង្ហាញ​ចិត្ត​អត់​ធ្មត់​យ៉ាង​ណា?

១៥ បណ្ដា​ទេវតា​ក៏​ទុក​គំរូ​ក្នុង​ការ​បង្ហាញ​សេចក្ដី​អត់​ធ្មត់​ដែរ។ ពួក​គេ​ចាប់​អារម្មណ៍​ចង់​ដឹង​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ ពីព្រោះ​គម្ពីរ​ចែង​ថា​៖ ​«​បណ្ដា​ទេវតា​ប៉ង​ប្រាថ្នា​ពិនិត្យ​មើល​ការ​នោះ​ឯង​»។ (​១ពេ. ១:១២​) ប៉ុន្តែ​ពួក​គេ​មិន​ដឹង​រឿង​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​ទាំង​អស់​ឡើយ។ ដូច្នេះ តើ​ពួក​គេ​ធ្វើ​អ្វី? ពួក​គេ​បាន​ចាំ​យ៉ាង​អត់​ធ្មត់​រហូត​ដល់​ពេល​ព្រះ​កំណត់​ឲ្យ​«​ដឹង . . . តាម​រយៈ​ក្រុម​ជំនុំ​»​នូវ​«​លក្ខណៈ​ដ៏​ច្រើន​អនេក​នៃ​ប្រាជ្ញា​»​របស់​លោក។—អេភ. ៣:​១០, ១១

១៦​. តើ​ការ​ប្រព្រឹត្ត​របស់​យើង​មាន​ឥទ្ធិពល​លើ​បណ្ដា​ទេវតា​យ៉ាង​ណា?

១៦ ‹បណ្ដា​ទេវតា​ទស្សនា›​មើល​ពួក​គ្រិស្ត​សាសនិក​ដែល​កំពុង​រង​ទុក្ខ​លំបាក។ (​១កូ. ៤:៩​) បណ្ដា​ទេវតា​ពិត​ជា​ពេញ​ចិត្ត​ពេល​ឃើញ​យើង​បង្ហាញ​ភាព​ស្មោះ​ត្រង់ ហើយ​ក៏​មាន​អំណរ​ដែរ​ពេល​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ប្រែ​ចិត្ត សូម្បី​តែ​ម្នាក់​ក៏​ដោយ។ (​លូក. ១៥:១០​) ពួក​ទេវតា​ក៏​បាន​សង្កេត​មើល​ការ​ប្រព្រឹត្ត​របស់​ស្ត្រី​ទាំង​ឡាយ​ដែល​ជា​គ្រិស្ត​សាសនិក ដែល​ធ្វើ​អ្វី​ៗ​សម​ស្រប​តាម​គោលការណ៍​របស់​ព្រះ។ គម្ពីរ​បញ្ជាក់​ថា​«​ស្ត្រី​ត្រូវ​មាន​អ្វី​លើ​ក្បាល​ដែល​បញ្ជាក់​ពី​ការ​ចុះ​ចូល . . . ដោយ​សារ​បណ្ដា​ទេវតា​»។ (​១កូ. ១១:៣, ១០​) ពិត​មែន បណ្ដា​ទេវតា​សប្បាយ​ចិត្ត​ពេល​ឃើញ​ស្ត្រី​ទាំង​ឡាយ​ដែល​ជា​គ្រិស្ត​សាសនិក និង​អ្នក​បម្រើ​ព្រះ​ទាំង​អស់​នៅ​ផែនដី​ធ្វើ​តាម​របៀប​រៀប​ចំ​និង​ប្រមុខ​ភាព​របស់​ព្រះ។ ការ​ស្ដាប់​បង្គាប់​បែប​នេះ​ជា​ការ​រំលឹក​ដ៏​ល្អ​សម្រាប់​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌។

ទេវតា​ជួយ​គាំទ្រ​កិច្ចការ​ផ្សាយ

១៧, ១៨​. ហេតុ​អ្វី​បាន​ជា​យើង​អាច​ពោល​ថា​ពួក​ទេវតា​គាំទ្រ​ការ​ផ្សព្វ​ផ្សាយ​របស់​យើង?

១៧ ទេវតា​ចូល​រួម​ក្នុង​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ខ្លះ​ដែល​កើត​ឡើង​នៅ​«​ថ្ងៃ​របស់​លោក​ម្ចាស់​»។ ព្រឹត្ដិការណ៍​ទាំង​នោះ​រួម​បញ្ចូល​កំណើត​នៃ​រាជាណាចក្រ​របស់​ព្រះ​នៅ​ឆ្នាំ​១៩១៤ ហើយ​ការ​ទម្លាក់​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​ពី​ស្ថាន​សួគ៌​ដោយ​«​មីកែល​និង​បណ្ដា​ទេវតា​របស់​លោក​»។ (​បប. ១:១០; ១១:១៥; ១២:៥​-​៩​) សាវ័ក​យ៉ូហាន​ឃើញ​«​ទេវតា​មួយ . . . ដែល​កំពុង​ហោះ​នៅ​កណ្ដាល​មេឃ ហើយ​គាត់​មាន​ដំណឹង​ល្អ​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍ ជា​ដំណឹង​ដែល​នាំ​ឲ្យ​រីករាយ​សម្រាប់​ប្រកាស​ប្រាប់​ដល់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី​»។ ទេវតា​នោះ​ប្រកាស​ប្រាប់​ថា​៖ ​«​ចូរ​កោត​ខ្លាច​ព្រះ ហើយ​សរសើរ​តម្កើង​លោក ពីព្រោះ​គ្រា​ដែល​លោក​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​បាន​មក​ដល់​ហើយ ដូច្នេះ ចូរ​គោរព​ប្រណិប័តន៍​លោក​ដែល​បាន​បង្កើត​មេឃ​និង​ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ឡាយ​»។ (​បប. ១៤:៦, ៧​) យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​ធានា​រ៉ាប់រង​អ្នក​បម្រើ​របស់​លោក​ថា ទោះ​ជា​មាន​ការ​ប្រឆាំង​ក្រៃ​លែង​ពី​មេកំណាច​ក៏​ដោយ នោះ​បណ្ដា​ទេវតា​នឹង​គាំទ្រ​ពួក​គេ​ពេល​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែល​បាន​ស្ថាបនា​ហើយ។—បប. ១២:១៣, ១៧

១៨ នៅ​សម័យ​មុន ពួក​ទេវតា​បាន​ប្រាប់​និង​នាំ​ភីលីព​ទៅ​ជួប​មន្ត្រី​ជាន់​ខ្ពស់​ជន​ជាតិ​អេចូពី​ម្នាក់ តែ​សព្វ​ថ្ងៃ​នេះ​ពួក​ទេវតា​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ (​សកម្ម. ៨:២៦​-​២៩​) យ៉ាង​ណា​ក៏​ដោយ មាន​បទ​ពិសោធន៍​ជា​ច្រើន​នៅ​សម័យ​ទំនើប​នេះ​ដែល​ផ្ដល់​ទី​សំ​អាង​ថា ទោះ​ជា​យើង​មិន​អាច​មើល​ឃើញ​ទេវតា​ក៏​ដោយ ពួក​គេ​កំពុង​គាំទ្រ​កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​យើង ហើយ​នាំ​យើង​ទៅ​ជួប​អស់​អ្នក​ដែល​មាន​«​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​សកម្ម. ១៣:៤៨​) ពិត​ជា​សំខាន់​ណាស់​ឲ្យ​យើង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ទៀង​ទាត់ ដើម្បី​ឲ្យ​យើង​មាន​ឱកាស​ជួប​អស់​អ្នក​ដែល​«​គោរព​ប្រណិប័តន៍​បិតា​នៅ​ស្ថាន​សួគ៌​ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្មពល​របស់​លោក​និង​ដោយ​សេចក្ដី​ពិត​»​!—យ៉ូន. ៤:២៣, ២៤

១៩, ២០​. តើ​បណ្ដា​ទេវតា​មាន​ចំណែក​អ្វី​ក្នុង​ព្រឹត្ដិការណ៍​ដែល​បញ្ជាក់​ពី​«​ទី​បញ្ចប់​របៀប​របប​ពិភព​លោក​»​?

១៩ លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​គ្រា​របស់​យើង​ថា​៖ ​«​នៅ​ទី​បញ្ចប់​របៀប​របប​ពិភព​លោក​នេះ​»​ បណ្ដា​ទេវតា​នឹង​«​ញែក​មនុស្ស​ទុច្ចរិត​ចេញ​ពី​ចំណោម​មនុស្ស​សុចរិត​»។ (​ម៉ាថ. ១៣:៣៧​-​៤៣, ៤៩​) ទេវតា​ទាំង​ឡាយ​រួម​ចំណែក​ក្នុង​ការ​ប្រមូល​និង​ការ​បោះត្រា​លើ​ថ្ងាស​ពួក​ខ្ញុំ​បម្រើ​នៃ​ព្រះ។ (​សូម​អាន ម៉ាថាយ ២៤:៣១; បប. ៧:១​-​៣​) ម្យ៉ាង​ទៀត ពួក​ទេវតា​ក៏​មក​ជា​មួយ​លោក​យេស៊ូ​ពេល​លោក​«​ញែក​ចៀម​ចេញ​ពី​ពពែ​»។—ម៉ាថ. ២៥:៣១​-​៣៣, ៤៦

២០ ​«​ពេល​ដែល​លោក​ម្ចាស់​យេស៊ូ​លេច​មក​ពី​ស្ថាន​សួគ៌​ជា​មួយ​នឹង​បណ្ដា​ទេវតា​ខ្លាំងក្លា​របស់​លោក​»​ នោះ​«​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ​និង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​»​នឹង​ត្រូវ​ទទួល​សេចក្ដី​ហិន​វិនាស។ (​២ថែ. ១:៦​-​១០​) ពេល​យ៉ូហាន​ឃើញ​ព្រឹត្ដិការណ៍​ដដែល​នោះ​ក្នុង​គំនិត គាត់​បាន​រៀប​រាប់​ថា​លោក​យេស៊ូ​និង​បណ្ដា​កង​ទ័ព​ទេវតា​នៅ​ស្ថាន​សួគ៌​ជិះ​សេះ​សម្បុរ​ស ដើម្បី​ធ្វើសង្គ្រាម​ដោយ​សុចរិត​យុត្ដិធម៌។—បប. ១៩:១១​-​១៤

២១​. តើ​ទេវតា​ដែល​«​កាន់​កូន​សោ​នៃ​ទី​ជ្រៅ​បំផុត​និង​ច្រវាក់​ដ៏​ធំ​មួយ​នៅ​ដៃ​»​នឹង​ធ្វើ​អ្វី​ចំពោះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា?

២១ យ៉ូហាន​ក៏​បាន​«​ឃើញ​ទេវតា​មួយ​រូប​ចុះ​ពី​ស្ថាន​សួគ៌​មក ដោយ​កាន់​កូន​សោ​នៃ​ទី​ជ្រៅ​បំផុត​និង​ច្រវាក់​ដ៏​ធំ​មួយ​នៅ​ដៃ​»។ ទេវតា​នេះ​គឺ​មហា​ទេវតា​មី​កែ​ល។ លោក​នឹង​ចាប់​ចង​មេកំណាច ហើយ​តាម​មើល​ទៅ​ក៏​ចាប់​ពួក​វិញ្ញាណ​កំណាច​ដែរ រួច​បោះ​ពួក​វា​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត។ ពួក​គេ​នឹង​ត្រូវ​ដោះ​លែង​មួយ​រយៈ​ពេល​ខ្លី​នៅ​ចុង​ការ​សោយរាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត ហើយ​នៅ​ពេល​នោះ​មនុស្ស​ជាតិ​ដែល​ល្អ​ឥត​ខ្ចោះ​នឹង​ត្រូវ​ល្បង​ល​ជា​លើក​ចុង​ក្រោយ។ បន្ទាប់​មក សាថាន​និង​អ្នក​បះបោរ​ប្រឆាំង​ទាំង​អស់​ឯ​ទៀត​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​បប. ២០:១​-​៣, ៧​-​១០; ១យ៉ូន. ៣:៨​) នៅ​ពេល​នោះ គ្មាន​ការ​បះបោរ​ប្រឆាំង​នឹង​ព្រះ​ទៀត​ឡើយ។

២២​. តើ​បណ្ដា​ទេវតា​រួម​ចំណែក​ក្នុង​ព្រឹត្ដិការណ៍​ដែល​ជិត​មក​ដល់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ភារកិច្ច​របស់​បណ្ដា​ទេវតា?

២២ សេចក្ដី​សង្គ្រោះ​ពី​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន​គឺ​ជិត​មក​ដល់​ហើយ។ បណ្ដា​ទេវតា​នឹង​មាន​ភារកិច្ច​ពិសេស​ក្នុង​អំឡុង​ព្រឹត្ដិការណ៍​សំខាន់​ៗ​ដែល​នឹង​ស​ឲ្យ​ឃើញ​ថា ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង ហើយ​ព្រឹត្ដិការណ៍​នោះ​នឹង​សម្រេច​គោល​បំណង​របស់​ព្រះ​ចំពោះ​ផែនដី​និង​មនុស្ស​ជាតិ​យ៉ាង​ពេញ​លេញ។ ពួក​ទេវតា​សុចរិត​ពិត​ជា​«​វិញ្ញាណ​ដែល​បំពេញ​កិច្ច​បម្រើ​សាធារណៈ ហើយ​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មត៌ក​»។ ដូច្នេះ សូម​ឲ្យ​យើង​អរគុណ​ព្រះ​យេហូវ៉ា​ដោយ​ព្រោះ​លោក​ប្រើ​ពួក​ទេវតា​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​តាម​បំណង​របស់​លោក ហើយ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ពួក​ទេវតា​មាន​ភារកិច្ច​អ្វី​ខ្លះ?

តើ​ទេវតា​ខ្លះ​នៅ​សម័យ​ណូអេ​បាន​ធ្វើ​អ្វី?

តើ​ព្រះ​បាន​ប្រើ​បណ្ដា​ទេវតា​ដើម្បី​ជួយ​យើង​យ៉ាង​ណា?

តើ​បណ្ដា​ទេវតា​រួម​ចំណែក​ក្នុង​កិច្ចការ​អ្វី​ខ្លះ​នៅ​សម័យ​យើង?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៣]

ទេវតា​រីករាយ​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ

[រូបភាព​នៅ​ទំព័រ​២៤]

ដូច​ក្នុង​ករណី​របស់​ដានីយ៉ែល បណ្ដា​ទេវតា​តែង​តែ​ប្រុង​ប្រៀប​ជា​និច្ច ដើម្បី​ធ្វើ​អន្តរាគមន៍​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ

[រូបភាព​នៅ​ទំព័រ​២៦]

ចូរ​មាន​ចិត្ត​ក្លាហាន! ពីព្រោះ​ពួក​ទេវតា​កំពុង​គាំទ្រ​កិច្ចការ​ផ្សព្វ​ផ្សាយ!

[អ្នក​ផ្ដល់​សិទ្ធិ]

Globe: NASA photo