លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើនេះពិតជាគ្រា«ចុងក្រោយ»នៃពិភពលោកមែនឬ?

តើនេះពិតជាគ្រា«ចុងក្រោយ»នៃពិភពលោកមែនឬ?

តើ​នេះ​ពិត​ជា​គ្រា«ចុង​ក្រោយ»នៃ​ពិភពលោក​មែន​ឬ?

ព្រះ​គម្ពីរ​បរិសុទ្ធ​រៀប​រាប់​អំពី​ជាន់​ក្រោយ​ឬ​ពេល​ចុង​ក្រោយ​បង្អស់​នៃ​ពិភពលោក​ដោយ​ពន្យល់​ថា លក្ខណៈ​សម្គាល់​គ្រា​នេះ​មាន​ពីរ​ប្រភេទ។ មុន​ដំបូង ព្រះ​គម្ពីរ​ទាយ​ប្រាប់​ពី​ព្រឹត្ដិការណ៍​ក្នុង​កំលុង​គ្រា​ដែល​ហៅ​ថា «អវសាន​កាល​នៃ​ពិភពលោក»។ (ម៉ាថាយ ២៤:៣, ខ.ស.) ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​រៀប​រាប់​អំពី​អាកប្បកិរិយា​ដែល​មនុស្ស​នឹង​មាន​នៅ​«ជាន់​ក្រោយ​បង្អស់» ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​មនុស្ស​នៅ​សម័យ​មុនៗ។—ធីម៉ូថេទី២ ៣:១

ព្រឹត្ដិការណ៍​ដែល​កំពុង​តែ​កើត​មាន​ឡើង​ទូទាំង​ពិភពលោក រួម​ជា​មួយ​អត្ត​ចរិត​របស់​មនុស្ស ជា​ទី​សំអាង​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា នេះ​ពិត​ជា​គ្រា​ចុង​ក្រោយ​នៃ​ពិភពលោក​អាក្រក់​នេះ​មែន ហើយ​បន្ដិច​ទៀត​ព្រះ​រាជាណាចក្រ​របស់​ព្រះ​អម្ចាស់​នឹង​នាំ​ឲ្យ​មនុស្ស​ដែល​ស្រឡាញ់​ទ្រង់​ទទួល​ពរ​ជា​រៀង​រហូត។ មុន​ដំបូង យើង​សូម​ពិនិត្យ​មើល​ព្រឹត្ដិការណ៍​សំខាន់ៗ​បី​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​ជា​សញ្ញា​សម្គាល់​ដែល​បង្ហាញ​ថា​នេះ​ជា​គ្រា​ចុង​ក្រោយ​បង្អស់។

ទុក្ខ​លំបាក​មុន​គេ​បង្អស់

ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ប្រជាជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជាជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត។ នៅ​តាម​តំបន់​ផ្សេងៗ​នឹង​មាន​កើត​ទុរ្ភិក្ស​និង​រញ្ជួយ​ផែនដី»។ ទ្រង់​បាន​មាន​បន្ទូល​ទៀត​ថា​៖ «ការ​ទាំង​នោះ​ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ»​ឬ​ជា​ទុក្ខ​លំបាក​មុន​គេ​បង្អស់​ដែល​មនុស្ស​ត្រូវ​ជួបប្រទះ។ (ម៉ាថាយ ២៤:៧, ខ.ស.; ២៤:៨) យើង​សូម​ពិភាក្សា​អំពី​«ការ​ទាំង​នោះ»​ម្ដង​មួយៗ។

ក្នុង​កំលុង​ពេល​១០០​ឆ្នាំ​កន្លង​ទៅ​នេះ សង្គ្រាម​និង​ការ​ទាស់ទែង​គ្នា​រវាង​មនុស្ស​ពូជ​សាសន៍​ផ្សេងៗ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន។ សេចក្ដី​រាយ​ការណ៍​ពី​វិទ្យា​ស្ថាន​មួយ​ប្រាប់​ឲ្យ​ដឹង​ថា​៖ «ចំនួន​មនុស្ស​ដែល​ស្លាប់​ដោយសារ​សង្គ្រាម​នៅ​សតវត្សរ៍[ទី២០​ប៉ុណ្ណោះ] មាន​ច្រើន​ជាង​បី​ដង​ចំនួន​អ្នក​ស្លាប់​ក្នុង​សង្គ្រាម​ទាំង​ឡាយ​តាំង​ពី​សតវត្សរ៍​ទី​មួយ​រហូត​មក​ដល់​ឆ្នាំ​១៨៩៩ គ.ស.»។ (Worldwatch Institute) លោក​យ៉ូណាថាន ក្លវើ​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​គាត់​ថា​៖ «គេ​ប៉ាន់​ស្មាន​ថា មនុស្ស​៨៦​លាន​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​នានា​រវាង​ឆ្នាំ​១៩០០​និង​ឆ្នាំ​១៩៨៩។ . . . ចំនួន​មនុស្ស​ស្លាប់​ដោយសារ​សង្គ្រាម​នៅ​សតវត្សរ៍​ទី​ម្ភៃ​មាន​ទំហំ​ដែល​យើង​នឹក​ស្មាន​មិន​ដល់​ទេ។ បើ​ចែក​ចំនួន​អ្នក​ស្លាប់​នឹង​កៅសិប​ឆ្នាំ​ដែល​មាន​សង្គ្រាម​នោះ លទ្ធផល​បង្ហាញ​ឲ្យ​ឃើញ​ថា​សង្គ្រាម​បាន​បណ្ដាល​ឲ្យ​មនុស្ស​២​.​៥០០​នាក់​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ ឬ​១០០​នាក់​ស្លាប់​រាល់​ម៉ោង។ ប៉ុន្តែ​ការ​ចែក​ចំនួន​សរុប​នេះ​មិន​អាច​យក​ជា​ការ​បាន​ទេ ពីព្រោះ​ពីរ​ភាគ​បី​នៃ​អស់​អ្នក​ដែល​ស្លាប់​នោះ គឺ​បាន​ស្លាប់​ក្នុង​សង្គ្រាម​លោក​ទាំង​ពីរ(៥៨​លាន​នាក់)»។ (Humanity—A Moral History of the Twentieth Century) គួរ​ឲ្យ​អាណិត​ណាស់! នូវ​ពួក​ញាតិ​មិត្ត​រាប់​លាន​នាក់​ដែល​កាន់ទុក្ខ​និង​មាន​ការ​ឈឺ​ចាប់​ចំពោះ​បងប្អូន​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​ទាំង​នោះ។

លក្ខណៈ​សម្គាល់​មួយ​ទៀត​នៃ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ គឺ​ជា​ទុរ្ភិក្ស។ ទោះ​ជា​មាន​ស្បៀង​អាហារ​យ៉ាង​បរិបូរ​ក្នុង​ពិភពលោក​យើង​ក្ដី ក៏​នៅ​តែ​មាន​ទុរ្ភិក្ស​ទៀត។ ពួក​អ្នក​ស្រាវជ្រាវ​ប្រាប់​ថា ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​កន្លង​ទៅ​នេះ មនុស្ស​បាន​ផលិត​អាហារ​ច្រើន​ជាង​អត្រា​កំណើន​ប្រជាជន​ទៅ​ទៀត។ យ៉ាង​ណា​ក៏​ដោយ តំបន់​មាន​ទុរ្ភិក្ស​គឺ​សម្បូរ​ណាស់ ពីព្រោះ​មនុស្ស​ជា​ច្រើន​មិន​មាន​ដី​សម្រាប់​ដាំ​ដំណាំ ឬ​ក៏​គ្មាន​លុយ​ទិញ​អាហារ។ នៅ​ឯ​ប្រទេស​នានា​ដែល​កំពុង​អភិវឌ្ឍ មនុស្ស​ប្រមាណ​១​.​២០០​លាន​នាក់​រក​លុយ​ប្រហែល​ជា​មិន​ដល់​មួយ​ដុល្លារ​អា​ម៉េរិក​ផង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ចិញ្ចឹម​ជីវិត។ មនុស្ស​ជាង​៧៨០​លាន​នាក់​ក្នុង​ចំណោម​នោះ ស្គាល់​តែ​ការ​អត់​ឃ្លាន។ យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក រៀង​រាល់​ឆ្នាំ​កុមារ​កុមារី​ជាង​ប្រាំ​លាន​នាក់​ស្លាប់​ដោយសារ​អត់​អាហារ។

ចុះ​យ៉ាង​ណា​ចំពោះ​ការ​រញ្ជួយ​ដី​វិញ? យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​មួយ​ខាង​ផែនដី​វិទ្យា​នៅ​សហរដ្ឋ​អា​ម៉េរិក រៀង​រាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ​១៩៩០ មាន​ការ​រញ្ជួយ​ដី​១៧​ដង​ជា​មធ្យម ដែល​ខ្លាំង​ល្មម​នឹង​ធ្វើ​ឲ្យ​អគារ​បាក់​ខ្ទេចខ្ទី។ នេះ​បាន​ន័យ​ថា រៀង​រាល់​ឆ្នាំ​ជា​មធ្យម មាន​ការ​រញ្ជួយ​ដី​ខ្លាំង​ល្មម​នឹង​កម្ទេច​អគារ​ខ្លះ​អស់​រលីង។ ប្រភព​ព័ត៌មាន​មួយ​ទៀត​ប្រាប់​ឲ្យ​ដឹង​ថា​៖ «ក្នុង​កំលុង​១០០​ឆ្នាំ​កន្លង​ទៅ​នេះ ការ​រញ្ជួយ​ដី​បាន​នាំ​ឲ្យ​មនុស្ស​រាប់​សែន​នាក់​បាត់បង់​ជីវិត»។ មូលហេតុ​មួយ​ដែល​មាន​ជន​រងគ្រោះ​ច្រើន​ម្ល៉េះ គឺ​ដោយសារ​តាំង​ពី​ឆ្នាំ​១៩១៤ មនុស្ស​កាន់​តែ​ច្រើន​សុខ​ចិត្ត​រស់​នៅ​តំបន់​ដែល​មាន​រញ្ជួយ​ដី។

ព្រឹត្ដិការណ៍​សំខាន់ៗ​ឯ​ទៀត

ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ‹នៅ​តំបន់​ផ្សេងៗ​នឹង​មាន​ជំងឺ​រាតត្បាត›។ (លូកា ២១:១១, ខ.ស.) សព្វ​ថ្ងៃ​នេះ ផ្នែក​វេជ្ជសាស្ត្រ​មាន​ភាព​ជឿនលឿន​ជាង​មុនៗ​ទៅ​ទៀត។ យ៉ាង​ណា​ក៏​ដោយ ជំងឺ​ទាំង​ចាស់​ទាំង​ថ្មី​កំពុង​តែ​ញាំ​ញី​មនុស្ស​ជាតិ។ សេចក្ដី​រាយ​ការណ៍​មួយ​ប្រាប់​ថា​៖ «តាំង​ពី​ឆ្នាំ​១៩៧៣ ជំងឺ​២០​ប្រភេទ​ដែល​មនុស្ស​ស្គាល់​ទូទៅ ដូច​ជា​ជំងឺរបេង គ្រុន​ចាញ់​និង​អាសន្ន​រោគ​រា​ករូស បាន​លេច​មក​សា​ជា​ថ្មី​ឬ​បាន​ឆ្លង​ដល់​ប្រទេស​ឯ​ទៀត​ដែរ។ ជំងឺ​ប្រភេទ​ខ្លះ​នេះ​កំពុង​តែ​ធ្វើ​ទុក្ខ​ខ្លាំង​ជាង​មុន ឬ​ស៊ាំ​នឹង​ថ្នាំ​ក៏​មាន។ តាំង​ពី​ឆ្នាំ​១៩៧៣ មាន​ជំងឺ​ថ្មី​យ៉ាង​តិច ៣០​ប្រភេទ រួម​ទាំង​វីរុស​ដែល​មាន​ឈ្មោះ​ថា ហ៊ីវ (HIV) [និង]​ជំងឺ​ថ្លើម​ប្រភេទ​សេ​[ជា​ដើម] ដែល​គ្មាន​វិធី​ព្យាបាល​ឲ្យ​ជា​បាន​ឡើយ»។ (U.S. National Intelligence Council) របាយ​ការណ៍​មួយ​ពី​អង្គការ​កាក​បាទ​ក្រហម ចុះ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០០០ បង្ហាញ​ឲ្យ​ឃើញ​ថា ឆ្នាំ​មុន​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ដោយ​ជំងឺ​រាតត្បាត គឺ​ច្រើន​ជាង​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មហន្តរាយ​ធម្មជាតិ ១៦០​ដង!

‹ការ​ចំរើន​ឡើង​នៃ​ការ​ទទឹង​ច្បាប់›ជា​លក្ខណៈ​មួយ​ទៀត​ដែល​យើង​គួរ​កត់​សម្គាល់​ស្តី​អំពី​គ្រា​ចុង​ក្រោយ​នេះ។ (ម៉ាថាយ ២៤:១២) នៅ​សព្វ​ថ្ងៃ កម្រ​ណាស់​ដែល​មនុស្ស​ចេញ​ពី​ផ្ទះ​ដោយ​មិន​ចាក់​សោ ហើយ​ស្ទើរតែ​គ្មាន​កន្លែង​ណា​នៅ​លើ​ផែនដី​ដែល​មនុស្ស​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ពេល​ដើរ​ពេល​យប់។ ហើយ​ចុះ​យ៉ាង​ណា​ចំពោះ​ការ​បង្ខូច​បរិស្ថាន រួម​ទាំង​ទឹក ដី​និង​ខ្យល់​ដែល​ច្រើន​តែ​កើត​មាន​ឡើង​ដោយសារ​ទង្វើ​ខុស​ច្បាប់? នេះ​ក៏​មាន​លក្ខណៈ​សម​ស្រប​ទៅ​តាម​អ្វី​ដែល​បាន​ទាយ​ទុក​ក្នុង​ព្រះ​គម្ពីរ។ សៀវភៅ​វិវរណៈ​រៀប​រាប់​អំពី​កំណត់​ពេល​របស់​ព្រះ​ក្នុង​ការ​«បំផ្លាញ​ពួក​អ្នក​ដែល​បង្ខូច​ផែនដី»។—វិវរណៈ ១១:១៨

លក្ខណៈ​របស់​មនុស្ស​នៅ​គ្រា​ចុង​ក្រោយ​បង្អស់

ក្នុង​សៀវភៅ​ធីម៉ូថេទី២ ៣:១​-​៥ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​ឲ្យ​ដឹង​ថា នៅ​ជាន់​ក្រោយ​បង្អស់​នឹង​មាន​គ្រា​លំបាក​ណាស់!»។ រួច​មក គាត់​រៀប​រាប់​អំពី​លក្ខណៈ​២០​យ៉ាង​នៃ​មនុស្ស​ដែល​មិន​គោរព​ព្រះ។ ត​ទៅ​នេះ សូម​អញ្ជើញ​មើល​អ្វី​ដែល​បាន​សរសេរ​ពេល​ថ្មីៗ​នេះ អំពី​លក្ខណៈ​របស់​មនុស្ស​ជាតិ​នៅ​នា​បច្ចុប្បន្ន​កាល។ ដោយ​ការ​សង្កេត​មើល តើ​លោក​អ្នក​ធ្លាប់​ឃើញ​មនុស្ស​បង្ហាញ​អត្ត​ចរិត​បែប​នេះ​ឬ​ទេ?

«ស្រឡាញ់​តែ​ខ្លួន​ឯង»។ (ធីម៉ូថេទី២ ៣:២) «[មនុស្ស]​ចេះ​តែ​ធ្វើ​តាម​ចិត្ត​ខ្លួន​ឯង​ជាង​មុនៗ​ទៅ​ទៀត។ គឺ​ហាក់​ដូច​ជា​[គេ]​ចង់​លើក​ខ្លួន​ជា​ព្រះ ហើយ​រំពឹង​ថា​អ្នក​ដទៃ​នឹង​គោរព​គេ​យ៉ាង​នេះ​ដែរ»។—កាសែត Financial Times នៅ​ប្រទេស​អង់គ្លេស

«ស្រឡាញ់​ប្រាក់»។ (ធីម៉ូថេទី២ ៣:២) «ពេល​ថ្មីៗ​នេះ មនុស្ស​ចេះ​តែ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ជាជាង​មាន​ជីវភាព​សាមញ្ញ។ គេ​មាន​គំនិត​ថា បើ​អត់​មាន​លុយ​រស់​នៅ​ឥត​មាន​ន័យ»។—កាសែត Jakarta Post នៅ​ប្រទេស​ឥណ្ឌូនេ​ស៊ី

«មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ»។ (ធីម៉ូថេទី២ ៣:២) «មាតា​បិតា​ជា​ច្រើន​ចេះ​តែ​ឆ្ងល់​ពេល​កូន​អាយុ​ត្រឹម​តែ​៤​ឆ្នាំ​បញ្ជា​ឪពុក​ម្ដាយ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ដូច​វា​ជា​[ស្តេច​មួយ​អង្គ]​អ៊ីចឹង . . . ឬ​ពេល​ឮ​កូន​អាយុ​តែ​៨​ឆ្នាំ​ស្រែក​ដាក់​ឪពុក​ម្ដាយ​ថា​៖ ‹ខ្ញុំ​ស្អប់​ប៉ា​ម៉ាក់​ណាស់!›»។—ទស្សនាវដ្ដី American Educator នៅ​សហរដ្ឋ​អា​ម៉េរិក

«មាន​ចិត្ត​មិន​បរិសុទ្ធ[ឬ​«មិន​ស្មោះ​ត្រង់»]»។ (ធីម៉ូថេទី២ ៣:​២; ព.ថ.) «គោលការណ៍​សីលធម៌​ដែល​ប្រហែល​ជា​បាន​ប្រែប្រួល​ច្រើន​ជាង​គេ​បង្អស់​[ក្នុង​កំលុង​៤០​ឆ្នាំ​ទៅ​នេះ] គឺ​ថា​បុរស​កាន់​តែ​ច្រើន​សុខ​ចិត្ត​បោះបង់​ចោល​ប្រពន្ធ​និង​កូន​របស់​ខ្លួន»។—ទស្សនាវដ្ដី Wilson Quarterly នៅ​សហរដ្ឋ​អា​ម៉េរិក

‹មិន​ចេះ​ស្រឡាញ់​គ្នា›។ (ធីម៉ូថេទី២ ៣:៣) «ទូទាំង​ពិភពលោក អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ​ជា​រឿង​ចម្បង​ដែល​មនុស្ស​ជា​ច្រើន​ជួបប្រទះ​រាល់​តែ​ថ្ងៃ»។—ទស្សនាវដ្ដី Journal of the American Medical Association នៅ​សហរដ្ឋ​អា​ម៉េរិក

«មិន​ចេះ​ទប់​ចិត្ត»។ (ធីម៉ូថេទី២ ៣:៣) «រាល់​ពេល​ព្រឹក រឿង​ជា​ច្រើន​នៅ​ទំព័រ​ទី​មួយ​នៃ​កាសែត​នេះ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​មិន​ចេះ​ទប់​ចិត្ត គ្មាន​សីលធម៌​និង​គ្មាន​ចិត្ត​មេត្ដា​ចំពោះ​អ្នក​ដទៃ ឬ​ក៏​ធ្វើ​បាប​ខ្លួន​ឯង​ផង។ . . . បើ​យើង​ចេះ​តែ​មាន​កំហឹង​ដូច​នេះ​ទៀត សីលធម៌​របស់​មនុស្ស​នឹង​វិនាស​ហិន​ហោច​ជា​មិន​ខាន»។—កាសែត Bangkok Post នៅ​ប្រទេស​ថៃ

«មាន​ចិត្ត​សាហាវ»។ (ធីម៉ូថេទី២ ៣:៣) «ការ​មួម៉ៅ​និង​កំហឹង​ដែល​ទប់​មិន​បាន​របស់​មនុស្ស​បាន​ស​ឲ្យ​ឃើញ​ពេល​បើកបរ ធ្វើ​បាប​ក្រុម​គ្រួសារ . . . ហើយ​ធ្វើ​បទ​ឧក្រិដ្ឋ​យ៉ាង​ឃោរឃៅ​ដោយ​ឥត​ហេតុ។ អ្នក​ខ្លះ​រង​អំពើ​ហិង្សា​ដោយ​ចៃដន្យ​ទាំង​ពុំ​ដឹង​ខ្លួន ដែល​នាំ​ឲ្យ​គេ​លែង​ចង់​ចេញ​ទៅ​ខាង​ក្រៅ​ដោយ​ព្រោះ​គ្មាន​សុវត្ថិភាព»។—កាសែត Business Day នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង

«ចូល​ចិត្ត​សប្បាយ​ជាជាង​ស្រឡាញ់​ព្រះ»។ (ធីម៉ូថេទី២ ៣:៤, ខ.ស.) «មនុស្ស​កំពុង​តែ​ប្រឆាំង​នឹង​សីលធម៌​របស់​គ្រិស្ត​សាសនា​ដោយ​មាន​បំណង​រក​សិទ្ធិ​សេរីភាព​ក្នុង​ការ​រួម​ដំណេក​តាម​តែ​ចិត្ត​ខ្លួន»។—ទស្សនាវដ្ដី Boundless តាម​ប្រព័ន្ធ​អ៊ីនធឺណិត

«មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ចេស្ដា[ទ្រង់]»។ (ធីម៉ូថេទី២ ៣:៥) «[ស្ត្រី​ម្នាក់​ដែល​ធ្លាប់​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ប្រទេស​ហូឡង់]​ទទួល​ស្គាល់​ថា ពួក​អ្នក​ដែល​បាន​ប្រឆាំង​នឹង​ការ​អនុម័ត​ច្បាប់​ឲ្យ​[រក​ស៊ី​ផ្លូវ​ភេទ]​នោះ ច្រើន​តែ​ជា​អ្នក​កាន់​សាសនា។ ស្ត្រី​នេះ​ក៏​គិត​មួយ​ភ្លែត​ហើយ​និយាយ​ដោយ​ទឹក​មុខ​ញញឹម​ថា ពេល​គាត់​ប្រកប​មុខ​របរ​នោះ គាត់​ក៏​មាន​បព្វជិត​[សាសនា]​ប៉ុន្មាន​នាក់​ជា​ម៉ូយ​ដែរ។ ស្ត្រី​នេះ​ក៏​សើច​ពេល​និយាយ​ថា​៖ ‹ភ្ញៀវ​ល្អ​បំផុត​របស់​ស្រី​ផ្កាមាស សុទ្ធតែ​ជា​អ្នក​កាន់​សាសនា›»។—កាសែត National Catholic Reporter នៅ​សហរដ្ឋ​អា​ម៉េរិក

តើ​មាន​អ្វី​កើត​ឡើង​ពេល​អនាគត?

ពិភពលោក​នេះ​ពិត​ជា​ពេញ​ទៅ​ដោយ​ភាព​ចលាចល​មែន ដូច​បាន​ទាយ​ទុក​ក្នុង​ព្រះ​គម្ពីរ។ ប៉ុន្តែ បទ​ទំនាយ​អំពី‹អ្វី​ដែល​សំគាល់​អោយ​ដឹង​ថា ព្រះ​គ្រិស្ត​យាង​មក​ហើយ និង​ដល់​អវសាន​កាល​នៃ​ពិភពលោក›ក៏​មាន​លក្ខណៈ​សម្គាល់​ល្អ​មួយ​ដែរ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ដំណឹង​ល្អ​នេះ​ដែល​សំដែង​ពី​នគរ​[ព្រះ] នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍»។ (ម៉ាថាយ ២៤:៣, ខ.ស.; ២៤:១៤) នៅ​ប្រទេស​ជាង​២៣០ មនុស្ស​កំពុង​តែ​ផ្សាយ​ដំណឹង​ល្អ​អំពី​នគរ​ព្រះ។ មនុស្ស​ជាង​៦​លាន​នាក់​ពី​«គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ​ហើយ​គ្រប់​ទាំង​ភាសា»​មាន​សកម្មភាព​ក្នុង​កិច្ចការ​ប្រកាស​ផ្សាយ​អំពី​រាជ្យ​របស់​ព្រះ​អម្ចាស់។ (វិវរណៈ ៧:៩) តើ​ការ​ខ្នះខ្នែង​របស់​ពួក​គេ​មាន​លទ្ធផល​អ្វី? ពួក​គេ​បាន​ផ្សាយ​សារ​ដែល​មនុស្ស​ស្ទើរតែ​គ្រប់​រូប​នៅ​លើ​ផែនដី​អាច​ទទួល​បាន ដែល​ជួយ​ពន្យល់​ឲ្យ​ដឹង​ថា​នគរ​ព្រះ​ជា​អ្វី​ហើយ​នឹង​សម្រេច​ការ​អ្វី​ខ្លះ ព្រម​ទាំង​ពន្យល់​អំពី​របៀប​ទទួល​ពរ​ពី​នគរ​ទ្រង់​ផង។ ប្រាកដ​ហើយ ‹ចំណេះ​ពិត​បាន​ចំរើន​ឡើង​មែន នៅ​ឯ​គ្រា​ចុង​បំផុត›នេះ។—ដានីយ៉ែល ១២:៤

គប្បី​ឲ្យ​លោក​អ្នក​ក្រេប​យក​ចំណេះ​ពិត​នេះ ដ្បិត​សូម​គិត​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ពេល​ព្រះ​យេហូវ៉ា​សម្រេច​ព្រះទ័យ​ថា មិន​ចាំបាច់​ផ្សាយ​ដំណឹង​ល្អ​ទៀត។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា នៅ​ពេល​នោះ​«អវសាន​កាល​នៃ​ពិភពលោក»​នឹង​មក​ដល់។ (ម៉ាថាយ ២៤:១៤, ខ.ស.) គ្រា​នោះ​ជា​ពេល​ដែល​ព្រះ​អម្ចាស់​នឹង​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​អស់​ចេញ​ពី​ផែនដី។ សុភាសិត ២:២២ ចែង​ថា​៖ «មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រ​ទូ​សរ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ»។ ចុះ​យ៉ាង​ណា​ចំពោះ​សាតាំង​និង​ពួក​វា? គេ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ជង្ហុក​មួយ​ដែល​ប្រៀប​ដូច​ជា​គុក ហើយ​មិន​អាច​នាំ​អស់​ទាំង​សាសន៍​ឲ្យ​វង្វេង​ទៀត​ទេ។ (វិវរណៈ ២០:១​-​៣) រួច​មក «មនុស្ស​ទៀងត្រង់ . . . ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់»​លើ​ផែនដី។ ពួក​គេ​នឹង​ទទួល​ពរ​ដ៏​អស្ចារ្យ​ពី​នគរ​ព្រះ!—សុភាសិត ២:២១; វិវរណៈ ២១:៣​-​៥

តើ​អ្នក​គួរ​ធ្វើ​អ្វី?

គ្មាន​ហេតុ​សង្ស័យ​អ្វី​ឡើយ ថា​ទីបញ្ចប់​នៃ​របប​លោកិយ​របស់​សាតាំង​ជិត​ដល់​ហើយ។ នៅ​ពេល​ឥឡូវ​នេះ បើ​មនុស្ស​ចេះ​តែ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ទី​សំអាង​ដែល​បង្ហាញ​ថា​នេះ​ពិត​ជា​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​ពិភពលោក​នេះ នោះ​ពួក​គេ​នឹង​មិន​ដឹង​ខ្លួន​សោះ​ពេល​ទីបញ្ចប់​មក​ដល់! (ម៉ាថាយ ២៤:៣៧​-​៣៩; ថែស្សាឡូនីចទី១ ៥:២) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់​ពួក​អ្នក​ដែល​ស្ដាប់​ទ្រង់​ថា​៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​នឹង​សេចក្ដី​ខ្វល់ខ្វាយ​នៅ​ជីវិត នោះ​លោតែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម។ ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​គ្រប់​លើ​ផែនដី។ ដូច្នេះ ចូរ​ចាំ​យាម​ចុះ! ហើយ​អធិស្ឋាន​ជានិច្ច​ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង»។—លូកា ២១:៣៤​-​៣៦

ព្រះ​យេស៊ូ​ជា​កូន​មនុស្ស​នោះ ហើយ​មាន​តែ​ពួក​អ្នក​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់​ដែល​អាច​សង្ឃឹម​ទទួល​សេចក្ដី​សង្គ្រោះ​ពេល​ទីបញ្ចប់​នៃ​ពិភពលោក​នេះ​មក​ដល់។ ក្នុង​ចន្លោះ​ពេល​នេះ គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រិស្ត! ពេល​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា មនុស្ស​ត្រូវ​«ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូ​វ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក» ទើប​គេ​អាច​ទទួល‹ជីវិត​អស់កល្ប​ជានិច្ច›ឬ​រស់​ជា​រៀង​រហូត។ (យ៉ូហាន ១៧:៣) យ៉ាង​នេះ គប្បី​ឲ្យ​លោក​អ្នក​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​តម្រូវ​ការ​របស់​ទ្រង់។ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ជួយ​លោក​អ្នក​ឲ្យ​យល់​ច្បាស់​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន។ ដូច្នេះ យើង​សូម​ស្វាគមន៍​លោក​អ្នក​យ៉ាង​កក់ក្ដៅ​ឲ្យ​ទៅ​ជួប​ពួក​គាត់ ឬ​សរសេរ​សំបុត្រ​ជូន​អង្គការ​ដែល​បោះ​ពុម្ព​ទស្សនាវដ្ដី​នេះ​ក៏​បាន។

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៧]

លក្ខណៈ​ដែល​សម្គាល់ គ្រា​ចុង​ក្រោយ​បង្អស់

ព្រឹត្ដិការណ៍​សំខាន់ៗ​:

សង្គ្រាម—ម៉ាថាយ ២៤:៦, ៧

ទុរ្ភិក្ស—ម៉ាថាយ ២៤:៧

រញ្ជួយ​ដី—ម៉ាថាយ ២៤:៧

រោគ​រាតត្បាត—លូកា ២១:១១

ការ​ចម្រើន​ឡើង​នៃ​ការ​ទទឹង​ច្បាប់—ម៉ាថាយ ២៤:១២

ការ​បង្ខូច​ផែនដី—វិវរណៈ ១១:១៨

លក្ខណៈ​របស់​មនុស្ស:

ស្រឡាញ់​តែ​ខ្លួន​ឯង —ធីម៉ូថេទី២ ៣:២

ស្រឡាញ់​ប្រាក់—ធីម៉ូថេទី២ ៣:២

មាន​ឫក​ខ្ពស់—ធីម៉ូថេទី២ ៣:២

មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ—ធីម៉ូថេទី២ ៣:២

រមិលគុណ—ធីម៉ូថេទី២ ៣:២

មិន​ស្មោះ​ត្រង់ —ធីម៉ូថេទី២ ៣:២, ព.ថ.

មិន​ចេះ​ស្រឡាញ់​គ្នា —ធីម៉ូថេទី២ ៣:៣

មិន​ចេះ​ទប់​ចិត្ត —ធីម៉ូថេទី២ ៣:៣

មាន​ចិត្ត​សាហាវ —ធីម៉ូថេទី២ ៣:៣

ចូល​ចិត្ត​តែ​ការ​សប្បាយ—ធីម៉ូថេទី២ ៣:៤

កាន់​សាសនា​តែ​សម្បក​ក្រៅ—ធីម៉ូថេទី២ ៣:៥

លក្ខណៈ​របស់​អ្នក​ថ្វាយ​បង្គំ​ព្រះ​ពិត:

មាន​ចំណេះ​ច្រើន​ពី​ព្រះ​គម្ពីរ —ដានីយ៉ែល ១២:៤

ផ្សព្វផ្សាយ​ដំណឹង​ល្អ​ទូទាំង​ពិភពលោក—ម៉ាថាយ ២៤:១៤

[អ្នក​ផ្ដល់​សិទ្ធិ]

UNITED NATIONS/Photo by F. GRIFFING