លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យក្ដីស្រឡាញ់ពង្រឹងចិត្ដក្លាហានរបស់អ្នកចុះ!

ចូរឲ្យក្ដីស្រឡាញ់ពង្រឹងចិត្ដក្លាហានរបស់អ្នកចុះ!

ចូរ​ឲ្យ​ក្ដី​ស្រឡាញ់​ពង្រឹង​ចិត្ត​ក្លាហាន​របស់​អ្នក​ចុះ!

​«ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដី​ស្រឡាញ់​នឹង​ប្រាជ្ញា​នឹង​ធឹង​វិញ»។—ធីម៉ូថេទី២ ១:៧

១, ២​. (ក) តើ​សេចក្ដី​ស្រឡាញ់​អាច​ជំរុញ​មនុស្ស​ឲ្យ​ធ្វើ​អ្វី? (ខ) តើ​ព្រះទ័យ​ក្លាហាន​របស់​ព្រះ​យេស៊ូ​មាន​លក្ខណៈ​អ្វី​ដ៏​អស្ចារ្យ?

ស្វាមី​ភរិយា​ថ្មីថ្មោង​មួយ​គូ​កំពុង​តែ​ហែល​ទឹក​នៅ​សមុទ្រ​ជិត​ទី​ក្រុង​មួយ​នា​ប្រទេស​អូស្ដ្រាលី​ប៉ែក​ខាង​កើត។ ពួក​គាត់​ជ្រមុជ​ទឹក​ដោយ​ពាក់​អុក​ស៊ី​ហ៊្សែន​ហើយ​កំពុង​តែ​ឡើង​ទៅ​លើ​វិញ ស្រាប់​តែ​មាន​ត្រី​ឆ្លាម​មួយ​ក្បាល​ហែល​យ៉ាង​លឿន​ឆ្ពោះ​ទៅ​រក​ស្ត្រី​នោះ។ ដោយ​ចិត្ត​ក្លាហាន ស្វាមី​នាង​បាន​រុញ​នាង​ចេញ​ហើយ​ខ្លួន​គាត់​ក៏​ត្រូវ​ឆ្លាម​ស៊ី។ ពេល​ធ្វើ​បុណ្យ​សព នាង​មាន​ប្រសាសន៍​អំពី​ស្វាមី​ថា​៖ «គាត់​បាន​ប្ដូរ​ជីវិត​ដើម្បី​ខ្ញុំ»។

ពិត​មែន​ហើយ សេចក្ដី​ស្រឡាញ់​អាច​ជំរុញ​មនុស្ស​ឲ្យ​បង្ហាញ​ចិត្ត​ក្លាហាន​យ៉ាង​អស្ចារ្យ​មែន! ព្រះ​យេស៊ូ​ក៏​មាន​ទស្សនៈ​ដូច​គ្នា​ដែរ ហើយ​មាន​បន្ទូល​ថា​៖ «គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្ដូរ​ជីវិត​ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ»។ (យ៉ូហាន ១៥:​១៣) មិន​ដល់​២៤​ម៉ោង​ក្រោយ​នោះ​មក ព្រះ​យេស៊ូ​បាន​ប្ដូរ​ព្រះ​ជន្ម​ទ្រង់ មិន​មែន​សម្រាប់​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​មនុស្ស​លោក​ទាំង​ឡាយ​វិញ។ (ម៉ាថាយ ២០:២៨) ម្យ៉ាង​ទៀត ការ​សម្រេច​ប្ដូរ​ព្រះ​ជន្ម​ជំនួស​មនុស្ស មិន​ផុស​ចេញ​ពី​ចិត្ត​អង់អាច​តែ​មួយ​រំពេច​នោះ​ទេ ដ្បិត​យូរ​ឆ្នាំ​មុន ព្រះ​យេស៊ូ​ជ្រាប​ថា​គេ​នឹង​ធ្វើ​បាប ចំអក កាត់​ទោស​ខុស​ច្បាប់​ហើយ​នៅ​ទីបំផុត​ធ្វើ​គុត​ទ្រង់​នៅ​លើ​បង្គោល​ទារុណកម្ម។ ព្រះ​យេស៊ូ​ក៏​បាន​ជម្រាប​ដល់​សិស្ស​ទ្រង់​ឲ្យ​គេ​ដឹង​ទុក​ជា​មុន​ដែរ​ថា​៖ «មើល! យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ឯ​ពួក​សង្គ្រាជ​នឹង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត ហើយ​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ពួក​នោះ​នឹង​ចំអក​មើលងាយ វាយ​នឹង​រំពាត់ ស្ដោះ​ដាក់​ហើយ​សំឡាប់​លោក»។—ម៉ាកុស ១០:៣៣, ៣៤

៣​. តើ​អ្វី​បាន​ជួយ​ឲ្យ​ព្រះ​យេស៊ូ​មាន​ព្រះទ័យ​ក្លាហាន​ដ៏​អស្ចារ្យ?

តើ​អ្វី​បាន​ជួយ​ឲ្យ​ព្រះ​យេស៊ូ​មាន​ព្រះទ័យ​ក្លាហាន​ដ៏​លើស​លប់​នោះ? ជំនឿ​និង​ការ​កោត​ខ្លាច​ដល់​ព្រះ​បាន​ពង្រឹង​ព្រះទ័យ​ក្លាហាន​របស់​ទ្រង់។ (ហេព្រើរ ៥:៧; ១២:២) ប៉ុន្តែ សំខាន់​បំផុត ព្រះទ័យ​ក្លាហាន​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូ​បាន​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​ព្រះ​យេហូវ៉ា​និង​មនុស្ស​ទាំង​ឡាយ។ (យ៉ូហានទី១ ៣:១៦) បើ​យើង​ខំ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ រួម​ជា​មួយ​ជំនឿ​និង​ការ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​យើង​ក៏​អាច​បង្ហាញ​ចិត្ត​ក្លាហាន​ដូច​ព្រះ​គ្រិស្ត​ដែរ។ (អេភេសូរ ៥:២) តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ​ដោយ​របៀប​ណា? មុន​ដំបូង យើង​ត្រូវ​ទទួល​ស្គាល់​ថា តើ​អ្នក​ណា​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់​ពិត?

«សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ»

៤​. តើ​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់​ក្នុង​ន័យ​អ្វី?

ព្រះ​យេហូវ៉ា​ជា​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​គេ​បង្អស់ ហើយ​ទ្រង់​ក៏​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់​ដែរ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ «ពួក​ស្ងួនភ្ងា​អើយ! យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ​ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ។ តែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពីព្រោះ​ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង»។ (យ៉ូហានទី១ ៤:៧, ៨) អាស្រ័យ​ហេតុ​នេះ មនុស្ស​មិន​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេហូវ៉ា​ទាល់តែ​គេ​ចូល​ទៅ​ជិត​ទ្រង់​ដោយ​ទទួល​ចំណេះ​ពិត​និង​អនុវត្ត​តាម​ចំណេះ​នោះ​ដោយ​ស្ដាប់​បង្គាប់​ទ្រង់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។—ភីលីព ១:៩; យ៉ាកុប ៤:៨; យ៉ូហានទី១ ៥:៣

៥, ៦​. ចំពោះ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នៅ​សម័យ​ដើម តើ​អ្វី​បាន​ជួយ​ពួក​គេ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដូច​ទ្រង់?

ពេល​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​លើក​ចុង​ក្រោយ​បង្អស់​ជា​មួយ​ពួក​សាវ័ក​ស្មោះ​ត្រង់​១១​នាក់​នោះ ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ស្គាល់​ព្រះ​យេហូវ៉ា​និង​ការ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​រមែង​ជាប់​ទាក់ទង​គ្នា។ ព្រះ​យេស៊ូ​អធិស្ឋាន​ទូល​ថា​៖ «ទូល​បង្គំ​បាន​ឲ្យ​គេ​ស្គាល់​ព្រះ​នាម​ទ្រង់ ក៏​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​ស្រឡាញ់​ដល់​ទូល​បង្គំ បាន​នៅ​ក្នុង​គេ ហើយ​ឲ្យ​ទូល​បង្គំ​នៅ​ក្នុង​គេ​ដែរ»។ (យ៉ូហាន ១៧:២៦) ព្រះ​យេស៊ូ​បាន​ឲ្យ​សិស្ស​ទ្រង់​ស្គាល់​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ដោយ​ពន្យល់​អំពី​គុណសម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ទ្រង់​និង​បង្ហាញ​គុណសម្បត្ដិ​ដូច​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ​អាច​មាន​បន្ទូល​ថា​៖ «អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះ​វរបិតា​ដែរ»។ (យ៉ូហាន ១៤:៩, ១០; ១៧:៨) យ៉ាង​នេះ ព្រះ​យេស៊ូ​បាន​ជួយ​ពួក​សិស្ស​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា ដូច​ជា​ទ្រង់​និង​ព្រះ​វរបិតា​ទ្រង់​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​គ្រិស្ត​ជា​ផលផ្លែ​នៃ​វិញ្ញាណ​បរិសុទ្ធ​ដែរ។ (កាឡាទី ៥:២២) នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស. ពួក​គ្រិស្ត​សា​សនិក​សម័យ​ដើម​បាន​ទទួល​វិញ្ញាណ​បរិសុទ្ធ​ដូច​ព្រះ​យេស៊ូ​សន្យា​ប្រគល់​ឲ្យ​គេ។ វិញ្ញាណ​នោះ​ជួយ​ពួក​គេ​នឹក​ចាំ​នូវ​សេចក្ដី​ជា​ច្រើន​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន ហើយ​ជួយ​ឲ្យ​គេ​យល់​កាន់​តែ​ច្បាស់​នូវ​អត្ថន័យ​នៃ​បទ​គម្ពីរ​ទាំង​ឡាយ។ តាម​មើល​ទៅ ការ​យល់​ធ្លុះ​ជ្រៅ​នោះ​បាន​ជួយ​ចម្រើន​សេចក្ដី​ស្រឡាញ់​របស់​គេ។ (យ៉ូហាន ១៤:២៦; ១៥:២៦) តើ​មាន​លទ្ធផល​អ្វី? លទ្ធផល​គឺ ពួក​គេ​បាន​ផ្សាយ​ដំណឹង​ល្អ​ដោយ​ចិត្ត​ខ្នះខ្នែង​ហើយ​អង់អាច​ផង សូម្បី​តែ​ពេល​ត្រូវ​ប្រថុយ​ជីវិត​ក៏​ដោយ។—កិច្ចការ ៥:​២៨, ២៩

ការ​បង្ហាញ​ចិត្ត​ក្លាហាន​និង​សេចក្ដី​ស្រឡាញ់

៧​. ពេល​ប៉ុល​និង​បាណាបាស​បាន​ធ្វើ​ទស្សនកិច្ច​ជា​មួយ​គ្នា​ជា​សាសនទូត តើ​ពួក​គាត់​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​អ្វី​ខ្លះ?

សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដី​ស្រឡាញ់ នឹង​ប្រាជ្ញា​នឹង​ធឹង​វិញ»។ (ធីម៉ូថេទី២ ១:៧) ប៉ុល​មាន​ប្រសាសន៍​នោះ​ដោយ​ផ្អែក​លើ​បទពិសោធន៍​ផ្ទាល់​ខ្លួន។ សូម​គិត​ពិចារណា​អំពី​អ្វី​ដែល​ប៉ុល​និង​បាណាបាស​បាន​រងគ្រោះ​ពេល​ធ្វើ​ទស្សនកិច្ច​ជា​មួយ​គ្នា​ជា​សាសនទូត។ ពួក​គាត់​បាន​ផ្សាយ​ដំណឹង​ល្អ​នៅ​ទី​ក្រុង​ផ្សេងៗ រួម​ទាំង​ក្រុង​អាន់ទីយ៉ូក អ៊ី​កូ​នាម​និង​លីស្ដ្រា។ ក្នុង​ក្រុង​នីមួយៗ​នោះ មនុស្ស​ខ្លះ​បាន​ក្លាយ​ជា​អ្នក​ជឿ តែ​អ្នក​ខ្លះ​បាន​ប្រឆាំង​យ៉ាង​សាហាវ​យង់ឃ្នង។ (កិច្ចការ ១៣:២, ១៤, ៤៥, ៥០; ១៤:១, ៥) ជាក់​ស្តែង​នៅ​ទី​ក្រុង​លីស្ដ្រា មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​បាន​ត្រូវ​អុច​អាល​ឲ្យ​មាន​កំហឹង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គេ​ចោល​ប៉ុល​នឹង​ថ្ម​រហូត​ដល់​ស្មាន​ថា គាត់​ស្លាប់​ហើយ។ «ប៉ុន្តែ ពួក​សិស្ស​មក​ចោម​ព័ទ្ធ​គាត់ រួច​គាត់​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។ ហើយ​ដល់​ថ្ងៃ​ស្អែក គាត់​នឹង​បាណាបាស​ក៏​ចេញ​ទៅ​ឯ​ឌើបេ»។—កិច្ចការ ១៤:៦, ១៩, ២០

៨​. តើ​ចិត្ត​ក្លាហាន​របស់​ប៉ុល​និង​បាណាបាស​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ពួក​គាត់​ស្រឡាញ់​បងប្អូន​ណាស់?

តើ​ការ​ប៉ុនប៉ង​សម្លាប់​ប៉ុល​នោះ ធ្វើ​ឲ្យ​គាត់​និង​បាណាបាស​ភ័យ​ខ្លាច​ដល់​ម្ល៉េះ​ចង់​ឈប់​ផ្សព្វផ្សាយ​ឬ? មិន​ទាល់តែ​សោះ! ផ្ទុយ​ទៅ​វិញ ក្រោយ​ប៉ុល​និង​បាណាបាស​បាន​បញ្ចុះបញ្ចូល​ឲ្យ​មាន​«សិស្ស​ជា​ច្រើន»​នៅ​ក្រុង​ឌើបេ​នោះ ពួក​គាត់​«ក៏​ត្រឡប់​ទៅ​ឯ​លីស្ដ្រា អ៊ីកូនាម នឹង​អាន់ទីយ៉ូក​វិញ»។ ហេតុ​អ្វី? គឺ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ថ្មីៗ​ឲ្យ​នៅ​ស្ថិតស្ថេរ​ក្នុង​សេចក្ដី​ជំនឿ​ដោយ​មាន​ជំនឿ​មុត​មាំ។ ប៉ុល​និង​បាណាបាស​បាន​មាន​ប្រសាសន៍​ថា​៖ «[យើង]​ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន»។ យ៉ាង​ច្បាស់​ណាស់ ប៉ុល​និង​បាណាបាស​មាន​ចិត្ត​ក្លាហាន​ដោយ​ព្រោះ​ពួក​គាត់​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​«ហ្វូង​ចៀម»​របស់​ព្រះ​គ្រិស្ត។ (កិច្ចការ ១៤:២១​-​២៣; យ៉ូហាន ២១:១៥​-​១៧) ក្នុង​អស់​ទាំង​ក្រុមជំនុំ​ថ្មីៗ​នោះ ប៉ុល​និង​បាណាបាស​បាន​តែងតាំង​បុរស​ខ្លះ​ជា​អ្នក​ចាស់​ទុំ ហើយ​ក្រោយ​មក​បាន​អធិស្ឋាន​និង​«ប្រគល់​គេ​ទុក​នឹង​ព្រះ​អម្ចាស់ ដែល​គេ​បាន​ជឿ​ដល់​ទ្រង់​ហើយ»។

៩​. តើ​សេចក្ដី​ស្រឡាញ់​ដែល​ប៉ុល​បង្ហាញ​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​ពី​ក្រុង​អេភេសូរ​បាន​ជំរុញ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​បែប​ណា?

ប៉ុល​បាន​បង្ហាញ​ចិត្ត​ក្លាហាន​និង​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ច្រើន​ចំពោះ​ពួក​គ្រិស្ត​សា​សនិក​នៅ​សម័យ​ដើម​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង​ដែរ។ សូម​នឹក​ចាំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ប៉ុល​ជួប​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ​ពី​ទី​ក្រុង​អេភេសូរ។ ប៉ុល​ធ្លាប់​នៅ​ទី​ក្រុង​នោះ​អស់​រយៈ​ពេល​បី​ឆ្នាំ ហើយ​បាន​ទទួល​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​នៅ​ទី​នោះ​ផង។ (កិច្ចការ ២០:១៧​-​៣១) ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​ចាស់​ទុំ​ទាំង​នោះ​ឲ្យ​ឃ្វាល​ហ្វូង​ចៀម​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ជា​បញ្ញើ រួច​មក​បាន​លុត​ជង្គង់​ជា​មួយ​ពួក​គាត់​ហើយ​អធិស្ឋាន​ផង។ បន្ទាប់​មក «គ្រប់​គ្នា​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់​ថើប​ដោយ​ថ្និតថ្នម ទាំង​មាន​សេចក្ដី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ»។ ប្រាកដ​ហើយ បុរស​ទាំង​នោះ​ពិត​ជា​ស្រឡាញ់​ប៉ុល​ណាស់! ហើយ​ពេល​ប៉ុល​និង​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​គាត់​ត្រូវ‹ឃ្លាត​ផុត​ពី›ពួក​អ្នក​ចាស់​ទុំ​ទាំង​ឡាយ នោះ​គ្រប់​គ្នា​សុទ្ធតែ​ស្រងូត​ស្រងាត់​ណាស់!—កិច្ចការ ២០:៣៦​–​២១:១

១០​. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​បង្ហាញ​ចិត្ត​ក្លាហាន​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​យ៉ាង​ដូច​ម្ដេច?

១០ នៅ​សព្វ​ថ្ងៃ​នេះ បងប្អូន​ទាំង​ឡាយ​ក៏​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ណាស់​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ក្រុមជំនុំ​នានា និង​អ្នក​ចាស់​ទុំ​ដែល​មាន​ភារកិច្ច​ផ្សេង​ទៀត​ដែរ។ បងប្អូន​ទាំង​អស់​គ្នា​ស្រឡាញ់​អ្នក​ចាស់​ទុំ​ទាំង​នេះ​ពីព្រោះ​ពួក​គាត់​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​ថែទាំ​ចៀម​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ នៅ​ប្រទេស​ខ្លះ​រដ្ឋាភិបាល​ដាក់​បម្រាម​លើ​កិច្ចការ​ផ្សព្វផ្សាយ​របស់​យើង ហើយ​ប្រទេស​ឯ​ទៀត​ចេះ​តែ​មាន​សង្គ្រាម​រហូត ប៉ុន្តែ ពួក​អ្នក​ចាស់​ទុំ​និង​ភរិយា​របស់​គាត់​នៅ​តែ​ធ្វើ​ដំណើរ​ដើម្បី​ត្រួត​ពិនិត្យ​ក្រុមជំនុំ​នានា ទោះ​ជា​ត្រូវ​ប្រថុយ​ជីវិត​និង​សេរីភាព​របស់​ខ្លួន​ក៏​ដោយ។ ម្យ៉ាង​ទៀត ពួក​អ្នក​ធំ​ដែល​កាន់​អំណាច​រួម​ជា​មួយ​ពួក​គ្នីគ្នា​របស់​គេ​បាន​បៀតបៀន​យ៉ាង​ខ្លាំង​ចំពោះ​ស្មរបន្ទាល់​ជា​ច្រើន ដោយ​ព្រោះ​ពួក​គេ​មិន​ព្រម​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​របស់​បងប្អូន​រួម​ជំនឿ ឬ​មិន​ប្រាប់​ថា​អាហារ​ខាង​វិញ្ញាណ​របស់​ពួក​គេ​មក​ពី​ណា។ ស្មរបន្ទាល់​រាប់​ពាន់​នាក់​ទៀត​បាន​ទទួល​ទារុណកម្ម ទុក្ខ​បៀតបៀន​ឬ​រហូត​ដល់​ស្លាប់​ផង ដោយ​ព្រោះ​មិន​ព្រម​ឈប់​ផ្សាយ​ដំណឹង​ល្អ ឬ​មិន​ឈប់​ជួបជុំ​ជា​មួយ​បងប្អូន​រួម​ជំនឿ​ក្នុង​កម្មវិធី​ប្រជុំ​ជា​ពួក​គ្រិស្ត​សា​សនិក។ (កិច្ចការ ៥:២៨, ២៩; ហេព្រើរ ១០:២៤, ២៥) ចូរ​ឲ្យ​យើង​មាន​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ដូច​បងប្អូន​ទាំង​នោះ​ដែល​ពេញ​ទៅ​ដោយ​ចិត្ត​ក្លាហាន!—ថែស្សាឡូនីចទី១ ១:៦

កុំ​ឲ្យ​រសាយ​សេចក្ដី​ស្រឡាញ់

១១​. តើ​សាតាំង​ច្បាំង​នឹង​ពួក​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ប្រើ​វិធី​ណា​ខ្លះ? តើ​នេះ​តម្រូវ​ឲ្យ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី?

១១ ពេល​សាតាំង​បាន​ត្រូវ​បោះ​មក​លើ​ផែនដី វា​មាន​បំណង​បញ្ចេញ​កំហឹង​លើ​អស់​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា ពីព្រោះ​ពួក​គេ​កំពុង​តែ​«កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​[ធ្វើ]​បន្ទាល់​ពី​ព្រះ​យេស៊ូ​វ»។ (វិវរណៈ ១២:៩, ១៧) វិធី​មួយ​ដែល​សាតាំង​ប្រើ គឺ​ការ​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ វា​ច្រើន​តែ​បរាជ័យ​ពេល​ធ្វើ​ដូច្នេះ ពីព្រោះ​ពេល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទទួល​ទុក្ខ​បៀតបៀន​នោះ ពួក​គេ​ចេះ​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ចំពោះ​គ្នា​ជា​គ្រិស្ត​សា​សនិក ហើយ​នេះ​ក៏​ជំរុញ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ខ្នះខ្នែង​កាន់​តែ​ច្រើន​ផង​ដែរ។ វិធី​មួយ​ទៀត​ដែល​សាតាំង​ចូល​ចិត្ត​ប្រើ គឺ​ការ​ទាមទារ​ឲ្យ​យើង​ធ្វើ​តាម​ទំនោរ​ចិត្ត​អាក្រក់​ដែល​បណ្ដាល​មក​ពី​ភាព​មិន​គ្រប់​លក្ខណ៍​របស់​យើង។ ការ​ទប់ទល់​នឹង​មធ្យោបាយ​មួយ​នេះ​តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន​បែប​ផ្សេង ពីព្រោះ​នេះ​ជា​ការ​តទល់​នឹង​ចិត្ត​របស់​យើង​ផ្ទាល់ គឺ​ការ​ប្រឆាំង​នឹង​ចំណង់​មិន​ល្អ​ក្នុង​ចិត្ត​យើង​ដែល​ជា‹គ្រឿង​បញ្ឆោត​ហើយ​អាក្រក់›ផង។—យេរេមា ១៧:​៩; យ៉ាកុប ១:១៤, ១៥

១២​. ដោយ​មាន​បំណង​ពង្រេចពង្រឹល​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា តើ​សាតាំង​ប្រើ​«វិញ្ញាណ​របស់​លោកីយ»​ដោយ​របៀប​ណា?

១២ សាតាំង​ក៏​មាន​អាវុធ​មួយ​ទៀត​ដែល​មាន​ឥទ្ធិពល​ខ្លាំង ពោល​គឺ «វិញ្ញាណ​របស់​លោកីយ»។ វិញ្ញាណ​នេះ​ជា​គំនិត​ឬ​ទំនោរ​ចិត្ត​ក្នុង​លោកិយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​មនុស្ស​ជាតិ ហើយ​ជំរុញ​ឲ្យ​គេ​ប្រព្រឹត្ត​ខុស​ផ្ទុយ​ពី​ការ​ណែនាំ​របស់​វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​យេហូវ៉ា។ (កូរិនថូសទី១ ២:១២) វិញ្ញាណ​របស់​លោកិយ​ជំរុញ​ចិត្ត​មនុស្ស​ឲ្យ​ប្រមូល​វត្ថុ​ទ្រព្យ​និង​មាន​ចិត្ត​លោភ ដែល​ទាក់ទាញ​«សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក»។ (យ៉ូហានទី១ ២:១៦; ធីម៉ូថេទី១ ៦:៩, ១០) វត្ថុ​ទ្រព្យ​និង​លុយ​កាក់​មិន​ជា​របស់​អាក្រក់​ទេ ប៉ុន្តែ​សាតាំង​អាច​មាន​ជ័យ​ជម្នះ​លើ​យើង​បាន បើ​យើង​ចាប់​ផ្ដើម​ស្រឡាញ់​របស់​ទាំង​នោះ​ច្រើន​ជាង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ វិញ្ញាណ​របស់​លោកិយ​នេះ​មាន​អំណាច​ឬ​ឥទ្ធិពល​ហាក់​ដូច​ជា​«គ្រប់គ្រង»​លើ​មនុស្ស​ជាតិ ពីព្រោះ​លោកិយ​នេះ​តែង​ទាមទារ​ឲ្យ​មនុស្ស​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​មិន​គ្រប់​លក្ខណ៍​របស់​ខ្លួន ហើយ​តែង​មាន​អំណាច​ជា​ដរាប​មក​លើ​មនុស្ស​ទោះ​ជា​គេ​មិន​ដឹង​ខ្លួន​ក៏​ដោយ។ វិញ្ញាណ​របស់​លោកិយ​ក៏​ប្រៀប​ដូច​ជា​ខ្យល់​លើ​អាកាស​ពីព្រោះ​មាន​នៅ​គ្រប់​កន្លែង។ កុំ​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​លោកិយ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​អ្នក​ឲ្យ​សោះ!—អេភេសូរ ២:២, ៣; សុភាសិត ៤:២៣

១៣​. ដើម្បី​រក្សា​ឲ្យ​មាន​សីលធម៌ តើ​កាលៈទេសៈ​អ្វី​ខ្លះ​តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន?

១៣ យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​រក្សា​ឲ្យ​មាន​សីលធម៌ ទើប​យើង​អាច​ស្អប់​និង​ទប់ទល់​ចំពោះ​វិញ្ញាណ​អាក្រក់​របស់​លោកិយ​នេះ។ ជា​ឧទាហរណ៍ បើ​យើង​កំពុង​តែ​មើល​ភាពយន្ត ទូរទស្សន៍​ឬ​កុំព្យូទ័រ ស្រាប់​តែ​ចេញ​រូបភាព​មិន​ល្អ យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​បិទ​វា​ឬ​ដើរ​ចេញ​ពី​រោងកុន។ យើង​ក៏​ត្រូវ​តែ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ទប់ទល់​នឹង​ការ​បង្ខិត​បង្ខំ​មិន​ល្អ​ពី​អ្នក​ដទៃ និង​ឈប់​សេពគប់​ជា​មួយ​ពួក​ម៉ាក​អាក្រក់​ឬ​មនុស្ស​ឯ​ទៀត​ដែល​មាន​ឥទ្ធិពល​មិន​ល្អ​លើ​យើង។ មួយ​ទៀត យើង​ក៏​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​តាម​ច្បាប់​និង​គោលការណ៍​របស់​ព្រះ​យេហូវ៉ា​ពេល​ដែល​មនុស្ស​ដទៃ​ចំអក​ដាក់​យើង មិន​ថា​ជា​មិត្ត​រួម​ថ្នាក់ អ្នក​ដែល​យើង​ធ្វើ​ការ​ជា​មួយ អ្នក​ជិត​ខាង​ឬ​ញាតិ​សន្ដាន​ជា​ដើម។—កូរិនថូសទី១ ១៥:៣៣; យ៉ូហានទី១ ៥:១៩

១៤​. បើ​វិញ្ញាណ​របស់​លោកិយ​នេះ​ចាប់​មាន​ឥទ្ធិពល​លើ​យើង តើ​យើង​គួរ​ធ្វើ​អ្វី?

១៤ ហេតុ​នេះ​ហើយ​បាន​ជា​សំខាន់​ណាស់​ឲ្យ​យើង​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ចំពោះ​ព្រះ​យេហូវ៉ា​និង​បងប្អូន​រួម​ជំនឿ។ ចូរ​ឆ្លៀត​ពេល​ដើម្បី​ពិនិត្យ​មើល​គោល​ដៅ​ក្នុង​ជីវិត​របស់​អ្នក​ដើម្បី​ឲ្យ​ដឹង​ថា តើ​វិញ្ញាណ​របស់​លោកិយ​នេះ​កំពុង​តែ​មាន​ឥទ្ធិពល​លើ​អ្នក​ឬ​យ៉ាង​ណា? បើ​មាន​មែន សូម្បី​តែ​បន្ដិច​បន្តួច​ក្ដី ចូរ​អធិស្ឋាន​សូម​ព្រះ​យេហូវ៉ា​ជួយ​អ្នក​មាន​ចិត្ត​ក្លាហាន​ដើម្បី​ជម្រះ​ចិត្ត​គំនិត​នោះ ហើយ​ទប់​កុំ​ឲ្យ​លោកិយ​មាន​ឥទ្ធិពល​លើ​អ្នក​ទៀត។ ព្រះ​យេហូវ៉ា​នឹង​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​ណា​ដែល​ទូល​ទ្រង់​ដោយ​ចិត្ត​ស្មោះ។ (ទំនុកដំកើង ៥១:១៧) ណា​មួយ​ទៀត វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​ខ្លាំង​ជាង​វិញ្ញាណ​របស់​លោកិយ​នេះ​ឆ្ងាយ​ណាស់!—យ៉ូហានទី១ ៤:៤

ការ​បង្ហាញ​ចិត្ត​ក្លាហាន​ពេល​មាន​ទុក្ខ​លំបាក

១៥, ១៦​. តើ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​គ្រិស្ត​អាច​ជួយ​យើង​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​យ៉ាង​ណា? សូម​រៀប​រាប់​ឧទាហរណ៍​មួយ។

១៥ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ត្រូវ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ឯ​ទៀត​ដូច​ជា​ផលវិបាក​ដែល​មក​ពី​ភាព​មិន​គ្រប់​លក្ខណ៍​និង​ភាព​ចាស់​ជរា​ដែល​ចេះ​តែ​នាំ​ឲ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់ ពិការភាព​និង​ការ​ធ្លាក់​ទឹក​ចិត្ត​ជា​ដើម។ (រ៉ូម ៨:២២) ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​គ្រិស្ត​អាច​ជួយ​យើង​ស៊ូទ្រាំ​នឹង​បញ្ហា​បែប​នេះ​បាន។ ជា​ឧទាហរណ៍ សូម​គិត​អំពី​នារី​ម្នាក់​នៅ​ប្រទេស​សំប៊ី ឈ្មោះ​ណាម៉ាំងកូវ៉ា ដែល​បាន​ធំ​ឡើង​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ដែល​ជា​គ្រិស្ត​សា​សនិក។ ពេល​មាន​អាយុ​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ណាម៉ាំងកូវ៉ា​ក្លាយ​ជា​ជន​ពិការ។ នាង​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ខ្មាស​គេ​ណាស់ ដោយ​គិត​ថា​មនុស្ស​នឹង​ខ្ពើម​ឆ្អើម​ពេល​ឃើញ​រូប​ខ្ញុំ។ ប៉ុន្តែ បងប្អូន​ខាង​វិញ្ញាណ​បាន​ជួយ​នាង​ខ្ញុំ​ឲ្យ​កែ​ប្រែ​ទស្សនៈ​នេះ។ ជា​លទ្ធផល ខ្ញុំ​បាន​យក​ឈ្នះ​អារម្មណ៍​ដែល​ខ្មាស​គេ ហើយ​ក្រោយ​មក​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក»។

១៦ ណាម៉ាំងកូវ៉ា​មាន​កៅអី​សម្រាប់​អ្នក​ពិការ ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខ្សាច់​ម្ដងម្កាល នាង​ត្រូវ​វារ​វិញ។ យ៉ាង​ណា​ក្ដី នាង​បាន​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​យ៉ាង​ហោច​ណាស់​ពីរ​ដង​រាល់​ឆ្នាំ។ ថ្ងៃ​មួយ​ពេល​នាង​ផ្សព្វផ្សាយ ម្ចាស់​ផ្ទះ​បាន​ចាប់​ផ្ដើម​យំ។ ហេតុ​អ្វី? ពីព្រោះ​គាត់​កោត​ស្ងើច​ចំពោះ​ជំនឿ​និង​ចិត្ត​ក្លាហាន​របស់​នាង។ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ប្រទាន​ពរ​យ៉ាង​វិសេស​លើ​ណាម៉ាំងកូវ៉ា ដ្បិត​សិស្ស​ប្រាំ​នាក់​ដែល​រៀន​ព្រះ​គម្ពីរ​ជា​មួយ​នាង​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ឥឡូវ​នេះ​មាន​ម្នាក់​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ។ នាង​មាន​ប្រសាសន៍​ទៀត​ថា​៖ «ខ្ញុំ​តែង​តែ​ចុក​ជើង​ណាស់ តែ​ខ្ញុំ​មិន​ឈប់​ទេ»។ ប្អូន​ស្រី​នេះ​រួម​ចំណែក​ក្នុង​ចំណោម​ស្មរបន្ទាល់​ជា​ច្រើន​ទូទាំង​ពិភពលោក​ដែល​មាន​រូប​សាច់​ខ្សោយ​តែ​មាន​កម្លាំង​ចិត្ត​ខ្លាំង​ដោយ​ព្រោះ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​អ្នក​ជិត​ខាង។ ព្រះ​យេហូវ៉ា​ពិត​ជា​គាប់​ព្រះ​ហឫទ័យ​ណាស់​ចំពោះ​បងប្អូន​ទាំង​នេះ!—ហាកាយ ២:៧

១៧, ១៨​. តើ​បងប្អូន​ជា​ច្រើន​កំពុង​តែ​ធ្វើ​អ្វី​ដើម្បី​ស៊ូទ្រាំ​នឹង​ជំងឺ​ហើយ​ទុក្ខ​លំបាក​ផ្សេងៗ​ទៀត? សូម​រៀប​រាប់​បទពិសោធន៍​ខ្លះ​របស់​បងប្អូន​ដែល​អ្នក​ស្គាល់។

១៧ ជំងឺ​រ៉ាំរ៉ៃ​ក៏​អាច​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត​ឬ​រហូត​ដល់​ខូច​ចិត្ត​ផង។ អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុមជំនុំ​មួយ​មាន​ប្រសាសន៍​ថា​៖ «ក្នុង​ក្រុម​សិក្សា​របស់​ខ្ញុំ បង​ស្រី​ម្នាក់​មាន​ជំងឺ​ទឹកនោម​ផ្អែម​និង​ខូច​តម្រង​នោម ម្នាក់​មាន​ជំងឺ​មហារីក ពីរ​នាក់​មាន​ជំងឺ​សន្លាក់​ឆ្អឹង​ធ្ងន់ធ្ងរ និង​បង​ស្រី​ម្នាក់​ទៀត​មាន​ជំងឺ​[ចម្លែក​ពីរ]​តែ​ម្ដង។ ជួន​កាល​បង​ស្រី​ទាំង​នេះ​ពិបាក​ចិត្ត តែ​ពួក​គាត់​មិន​ខាន​ចូល​រួម​កិច្ច​ប្រជុំ​ឡើយ លើក​លែង​តែ​ឈឺ​ខ្លាំង​ឬ​កំពុង​ដេក​ពេទ្យ។ បង​ស្រី​ទាំង​ប្រាំ​រួម​ចំណែក​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ទៀងទាត់។ ពួក​គាត់​រំលឹក​ខ្ញុំ​ពី​ទស្សនៈ​របស់​ប៉ុល​ដែល​និយាយ​ថា​៖ ‹កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ›។ ខ្ញុំ​កោត​ស្ងើច​ណាស់​ចំពោះ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​ក្លាហាន​របស់​បង​ស្រី​ទាំង​នេះ។ ប្រហែល​ជា​ទុក្ខ​លំបាក​ដែល​ពួក​គាត់​ស៊ូទ្រាំ​នោះ បាន​ជួយ​ឲ្យ​គាត់​យល់​ច្បាស់​ជាង​អំពី​អ្វី​ដែល​សំខាន់​ក្នុង​ជីវិត»។—កូរិនថូសទី២ ១២:១០

១៨ ប្រសិន​បើ​អ្នក​កំពុង​តែ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់ ពិការភាព​ឬ​មាន​ទុក្ខ​លំបាក​អ្វី​ទៀត «ចូរ​អធិស្ឋាន​ឥត​ឈប់ឈរ»​សូម​ជំនួយ​ដើម្បី​កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​ខ្លាំង​ពេក។ (ថែស្សាឡូនីចទី១ ៥:១៤, ១៧) សូម្បី​មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោរ​ក៏​ដោយ ប៉ុន្តែ ចូរ​ព្យាយាម​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​ល្អ ដូច​ជា​រឿង​ខាង​វិញ្ញាណ​ដែល​រួម​បញ្ចូល​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ទៅ​លើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ បង​ស្រី​ម្នាក់​ប្រាប់​ពី​ទស្សនៈ​របស់​គាត់​ថា​៖ «ចំពោះ​នាង​ខ្ញុំ កិច្ច​បម្រើ​ផ្សាយ​ប្រៀប​ដូច​ជា​ថ្នាំ​ផ្សះ»។ ត្រូវ​មែន ការ​ប្រាប់​មនុស្ស​ដទៃ​នូវ​ដំណឹង​ល្អ​អំពី​ព្រះ រមែង​ជួយ​បង​ស្រី​ឲ្យ​មាន​ទស្សនៈ​វិជ្ជមាន។

ក្ដី​ស្រឡាញ់​ជួយ​អ្នក​ធ្វើ​ខុស​ត្រឡប់​មក​រ​ក​ព្រះ​វិញ

១៩, ២០​. (ក) តើ​អ្វី​អាច​ជួយ​អ្នក​ដែល​ធ្វើ​បាប​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​វិញ? (ខ) តើ​អត្ថបទ​ជា​បន្ទាប់​នឹង​ពិភាក្សា​អំពី​អ្វី?

១៩ បើ​អ្នក​ជឿ​គ្នីគ្នា​ប្រព្រឹត្ត​អំពើ​បាប​ឬ​ក្លាយ​ជា​មាន​ភាព​ខ្សោយ​ខាង​វិញ្ញាណ ពួក​គេ​ពិបាក​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​វិញ។ ប៉ុន្តែ អ្នក​ទាំង​នោះ​អាច​មាន​ចិត្ត​ក្លាហាន​មក​រក​ព្រះ​យេហូវ៉ា​វិញ​បាន ឲ្យ​តែ​ពួក​គេ​ប្រែ​ចិត្ត​និង​ខំ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់​ម្ដង​ទៀត។ សូម​គិត​អំពី​បុរស​ម្នាក់​ឈ្មោះ​ម៉ារីអូ * ដែល​រស់​នៅ​សហរដ្ឋ​អា​ម៉េរិក។ ម៉ារីអូ​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក ហើយ​បាន​ក្លាយ​ជា​អ្នក​ប្រមឹក​ទាំង​ប្រើ​គ្រឿង​ញៀន​ផង។ ២០​ឆ្នាំ​ក្រោយ​មក គាត់​ក៏​ជាប់​គុក។ ម៉ារីអូ​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ចាប់​ផ្ដើម​គិត​ច្រើន​អំពី​អនាគត​របស់​ខ្ញុំ ហើយ​ក៏​ចាប់​ផ្ដើម​អាន​ព្រះ​គម្ពីរ​ម្ដង​ទៀត។ មិន​យូរ​មិន​ឆាប់​ខ្ញុំ​ក៏​ពេញ​ចិត្ត​ចំពោះ​គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ម្ដង​ទៀត ជា​ពិសេស​ចំពោះ​ព្រះទ័យ​មេត្ដាករុណា​របស់​ទ្រង់។ ខ្ញុំ​បាន​អធិស្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​សូម​ទ្រង់​អាណិត​មេត្ដា​ដល់​ខ្ញុំ។ ពេល​ខ្ញុំ​បាន​ត្រូវ​ដោះ​លែង​ពី​គុក​មក ខ្ញុំ​មិន​សេពគប់​ជា​មួយ​អតីត​ពួក​ម៉ាក​ទេ តែ​បាន​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​ពួក​គ្រិស្ត​សា​សនិក ហើយ​នៅ​ទីបំផុត​បងប្អូន​ទាំង​នោះ​ក៏​ឲ្យ​ខ្ញុំ​មាន​មិត្តភាព​ជា​មួយ​នឹង​ពួក​គាត់​ម្ដង​ទៀត។ ឥឡូវ​ខ្ញុំ​មាន​សុខភាព​មិន​ល្អ​ទុក​ជា​ផល​អាក្រក់​ដែល​ខ្ញុំ​កំពុង​តែ​ច្រូត​ពី​អ្វី​ដែល​បាន​សាប​ព្រោះ​ពី​មុន ក៏​ប៉ុន្តែ​ខ្ញុំ​រីករាយ​វិញ​ពីព្រោះ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ។ ខ្ញុំ​ចេះ​តែ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា​ជា​អនេក​ប្ប​ការ ដោយសារ​ទ្រង់​មាន​ព្រះទ័យ​អាណិតអាសូរ​និង​អត់​ទោស​ឲ្យ​ខ្ញុំ»។—ទំនុកដំកើង ១០៣:៩​-​១៣; ១៣០:៣, ៤; កាឡាទី ៦:៧, ៨

២០ គឺ​ច្បាស់​ហើយ អស់​អ្នក​ដែល​ធ្លាប់​ធ្វើ​ខុស​ដូច​ម៉ារីអូ ពិត​ជា​ត្រូវ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​វិញ។ ប៉ុន្តែ ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ឡើង​វិញ​ដោយ​សិក្សា​ព្រះ​គម្ពីរ អធិស្ឋាន​និង​រំពឹង​គិត នឹង​ជួយ​អ្នក​ដែល​ធ្វើ​ខុស​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​សម្រេច​គោល​ដៅ​នោះ។ ម៉ារីអូ​ក៏​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ដោយ​សង្ឃឹម​ទៅ​លើ​អនាគត​ល្អ​ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ត្រូវ​មែន សេចក្ដី​សង្ឃឹម​រួម​ជា​មួយ​សេចក្ដី​ស្រឡាញ់ ជំនឿ​និង​ការ​កោត​ខ្លាច​ព្រះ ពិត​ជា​អាច​មាន​ឥទ្ធិពល​ខ្លាំង​លើ​ជីវិត​យើង។ ក្នុង​អត្ថបទ​ជា​បន្ទាប់​យើង​នឹង​ពិនិត្យ​មើល​ច្រើន​ថែម​ទៀត​អំពី​សេចក្ដី​សង្ឃឹម​ដែល​ជា​អំណោយ​ដ៏​ពិសេស​ពី​ព្រះ​យេហូវ៉ា។

[កំណត់​សម្គាល់]

^ វគ្គ 19 នេះ​មិន​មែន​ជា​ឈ្មោះ​ពិត។

តើ​អ្នក​អាច​ឆ្លើយ​បាន​ទេ?

តើ​សេចក្ដី​ស្រឡាញ់​បាន​ជួយ​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច​ឲ្យ​មាន​ព្រះទ័យ​ក្លាហាន​អស្ចារ្យ?

តើ​សេចក្ដី​ស្រឡាញ់​បាន​ជួយ​ប៉ុល​និង​បាណាបាស​យ៉ាង​ដូច​ម្ដេច​ឲ្យ​មាន​ចិត្ត​ក្លាហាន​អស្ចារ្យ?

តើ​សាតាំង​ខំ​ពង្រេចពង្រឹល​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត​សា​សនិក​យើង​ដោយ​របៀប​ណា?

តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​មាន​ចិត្ត​ក្លាហាន​ដើម្បី​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ខ្លះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៦]

យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ

[រូបភាព​នៅ​ទំព័រ​២៦]

ស៊ូទូទូ ណាម៉ាំងកូវ៉ា