លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពេលដែលជំនឿរបស់យើងបានត្រូវល្បងល យើងមិនមែននៅតែឯងទេ

ពេលដែលជំនឿរបស់យើងបានត្រូវល្បងល យើងមិនមែននៅតែឯងទេ

ពេល​ដែល​ជំនឿ​របស់​យើង​បាន​ត្រូវ​ល្បង​ល យើង​មិន​មែន​នៅ​តែ​ឯង​ទេ

វិគ្គី​ជា​ទារក​ស្រស់​ស្អាត មាន​សុខភាព​ដ៏​ល្អ និង​រស់​រវើក​មែន​ទែន។ ត្រូវ​ហើយ ពេល​នាង​កើត​មក​នៅ​និទាឃៈ​រដូវ នៅ​ឆ្នាំ​១៩៩៣ យើង​ពិត​ជា​បាន​សប្បាយ​រីករាយ​ណាស់។ យើង​បាន​រស់​នៅ​ទី​ក្រុង​តូច​មួយ​នៅ​ប្រទេស​ស៊ុយអែត​ប៉ែក​ខាង​ត្បូង និង​ជីវិត​យើង​សុខ​សប្បាយ​មែន​ទែន។

ក៏​ប៉ុន្តែ នៅ​ពេល​ដែល​វិគ្គី​គ្រប់​អាយុ​តែ​មួយ​ឆ្នាំ​កន្លះ ជីវភាព​យើង​ក៏​ហាក់​ដូច​ជា​បាន​រលំ​ដួល​តែ​ម្ដង។ នាង​មិន​ស្រួល​ខ្លួន​អស់​មួយ​រយៈ​យ៉ាង​យូរ ដូច្នេះ​យើង​បាន​នាំ​នាង​ទៅ​មន្ទីរ​ពេទ្យ។ យើង​នឹង​ចាំ​មិន​ភ្លេច​ទេ នូវ​ពេល​នោះ​ឯង​ដែល​លោក​គ្រូ​ពេទ្យ​បាន​ប្រាប់​យើង​ថា កូន​ស្រី​របស់​យើង​មាន​ជម្ងឺ​លូគេមី​លីមហ្វូប្លាស្ទីច (lymphoblastic leukemia)។ នេះ​ជា​រោគ​មហារីក​ឈាម​ម្យ៉ាង​របស់​កូន​ក្មេង ដែល​មាន​ឥទ្ធិពល​ទៅ​លើ​កោសិកា​ឈាម​ស។

គឺ​ពិបាក​មែន​ទែន ឲ្យ​យើង​ទទួល​ស្គាល់​ថា កូន​តូច​របស់​យើង​មាន​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ។ វិគ្គី​ទើប​តែ​បាន​ដឹង​ខ្លួន​ឃើញ​របស់​នៅ​ជុំ​វិញ​នាង តែ​ឥឡូវ​នាង​ជិត​នឹង​ស្លាប់​ហើយ។ ដោយ​ចង់​សម្រាល​ទុក្ខ​យើង នោះ​លោក​គ្រូ​ពេទ្យ​បាន​ជំរាប​ប្រាប់​ថា គេ​មាន​វិធី​ព្យាបាល​មួយ​ដែល​ច្រើន​តែ​បាន​ជោគ​ជ័យ ដែល​រួម​បញ្ចូល​ការ​ចាក់​បញ្ចូល​ធាតុ​គីមី និង​ការ​ចាក់​បញ្ចូល​ឈាម​ជា​ច្រើន​ដង​ផង។ សេចក្ដី​នោះ​ឯង​បាន​ប៉ះ​ទង្គិច​ចិត្ត​យើង​យ៉ាង​ខ្លាំង​ជា​លើក​ទី​ពីរ។

ជំនឿ​របស់​យើង​បាន​ត្រូវ​ល្បង​ល

យើង​ប្រាកដ​ជា​ស្រឡាញ់​កូន​ស្រី​របស់​យើង​ណាស់ និង​ចង់​រក​វិធី​ព្យាបាល​ដ៏​ល្អ​បំផុត​ឲ្យ​នាង។ ប៉ុន្តែ​យើង​មិន​អាច​យល់​ព្រម​នឹង​ការ​ចាក់​បញ្ចូល​ឈាម​ទេ។ យើង​ជឿ​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ គឺ​ព្រះ​គម្ពីរ​ដែល​ប្រាប់​យ៉ាង​ច្បាស់​លាស់​ថា ជន​គ្រីស្ទាន​ត្រូវ‹ជៀស​វាង​ពី​ឈាម›។ (កិច្ច​ការ ១៥:២៨, ២៩) យើង​ថែម​ទាំង​ដឹង​ថា ការ​ចាក់​បញ្ចូល​ឈាម​ក៏​អាច​មាន​គ្រោះ​ថ្នាក់​ផង​ដែរ។ មនុស្ស​រាប់​ពាន់​នាក់​បានទទួល​ជម្ងឺ​ឆ្លង​មក​ពី​ការ​ចាក់​បញ្ចូល​ឈាម និង​បាន​ស្លាប់​ដែរ។ វិធី​ព្យាបាល​ផ្សេង​ទៀត ជា​វិធី​ដ៏​ល្អ​ប្រសើរ​ដែល​មិន​ជាប់​ទាក់​ទង​នឹង​ការ​ចាក់​បញ្ចូល​ឈាម​ឡើយ។ ស្តី​អំពី​រឿង​នេះ ការ​ត​ស៊ូ​ដើម្បី​ជំនឿ​យើង​បាន​ចាប់​ផ្ដើម​ហើយ។

តើ​យើង​អាច​ធ្វើ​អ្វី​ទៅ? យើង​បាន​ទាក់​ទង​ក្រុម​ផ្ដល់​ពត៌មាន​ខាង​ពេទ្យ នៅ​ឯ​ការិយាល័យ​សាខា​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ស៊ុយអែត ដើម្បី​សុំ​ជំនួយ។ a ភ្លាម​ៗ​នោះ​គេ​បាន​ផ្ញើ​ទូរសារ​ទៅ​មន្ទីរ​ពេទ្យ​ផ្សេង​ៗ​នា​ទ្វីប​អឺរ៉ុប ដើម្បី​ស្វែង​រក​មន្ទីរ​ពេទ្យ​មួយ និង​គ្រូ​ពេទ្យ​ណា​ម្នាក់​ដែល​យល់​ព្រម​ប្រើ​វិធី​ព្យាបាល​ចាក់​បញ្ចូល​ធាតុ​គីមី​ដោយ​មិន​ចាក់​បញ្ចូល​ឈាម​ទេ។ ចិត្ត​ខ្នះ​ខ្នែង​និង​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​គ្រីស្ទាន​បាន​បង្ហាញ​ដើម្បី​ជួយ​យើង​នោះ បាន​ពង្រឹង​កម្លាំង​យើង​ណាស់។ យើង​មិន​ដែល​នៅ​តែ​ឯង​ទេ ក្នុង​ការ​ត​ស៊ូ​ដើម្បី​ជំនឿ​យើង​នោះ។

ក្នុង​កំឡុង​ពេល​តែ​ប៉ុន្មាន​ម៉ោង គេ​បាន​រក​ឃើញ​លោក​គ្រូ​ពេទ្យ​ម្នាក់​និង​មន្ទីរ​ពេទ្យ​មួយ​នៅ​ទី​ក្រុង​ហុំបឺក ខេត្ត​សា ប្រទេស​អាល្លឺម៉ង់។ គេ​បាន​រៀបចំ​ឲ្យ​យើង​ជិះ​យន្ត​ហោះ​នៅ​ថ្ងៃ​ស្អែក ទៅ​ទី​នោះ​ដើម្បី​ឲ្យ​គេ​មើល​វិគ្គី។ នៅ​ពេល​ដែល​យើង​បាន​ទៅ​ដល់​នោះ បង​ប្អូន​គ្រីស្ទាន​របស់​យើង​ពី​ក្រុម​ជំនុំ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នា​តំបន់​ទី​ក្រុង​ហុំបឺក​នោះ ព្រម​ទាំង​ញាតិ​សន្ដាន​ខ្លះ​ៗ​របស់​យើង បាន​ទទួល​ស្វាគមន៍​យើង។ ក៏​មាន​ម្នាក់​ដែល​តំណាង​នូវ​គណៈ​កម្មាធិការ​ទាក់​ទង​បុគ្គលិក​មន្ទីរ​ពេទ្យ​នៅ​តំបន់​នោះ បាន​ស្វាគមន៍​យើង​យ៉ាង​កក់​ក្ដៅ​ផង​ដែរ។ គាត់​បាន​មក​ជា​មួយ​នឹង​យើង​ទៅ​ឯ​មន្ទីរ​ពេទ្យ និង​បាន​ជួយ​យើង​ច្រើន​ណាស់។ យើង​មាន​ចិត្ត​ធូរ​បន្ដិច​ដោយ​ឃើញ​ថា ទោះ​ជា​នៅ​ប្រទេស​ផ្សេង​នោះ យើង​ក៏​មាន​បង​ប្អូន​ខាង​វិញ្ញាណ​ជួយ​គាំទ្រ​យើង​ដែរ។

នៅ​ពេល​ដែល​យើង​បាន​ជួប​លោក​គ្រូ​ពេទ្យ​ហ្គ្រហ្វ នៅ​ឯ​មន្ទីរ​ពេទ្យ​នោះ យើង​មាន​ចិត្ត​ធូរ​ស្បើយ​ម្ដង​ទៀត។ គាត់​ចេះ​យោគ​យល់​មែន​ទែន និង​បាន​ធានា​ថា គាត់​នឹង​ធ្វើ​អ្វី​ៗ​ក៏​ដោយ​ដើម្បី​ព្យាបាល​វិគ្គី​ដោយ​មិន​ចាក់​បញ្ចូល​ឈាម​ទេ។ ទោះ​ជា​ចំនួន​ហេម៉ូក្លូប៊ីន(hemoglobin) របស់​នាង​នឹង​ចុះ​ទៅ​ជា​៥​ក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ(5g/dl)ក៏​ដោយ លោក​នឹង​សុខ​ចិត្ត​បន្ត​ការ​ព្យាបាល​ដោយ​មិន​ចាក់​បញ្ចូល​ឈាម​ទេ។ លោក​ក៏​បាន​ជំរាប​ប្រាប់​ថា ការ​សម្គាល់​ជម្ងឺ​ឲ្យ​បាន​ឆាប់​រហ័ស​នោះ ថែម​ទាំង​ការ​ប្រញាប់​នាំ​វិគ្គី​មក​ទី​នេះ ក៏​បាន​ពង្រីក​លទ្ធភាព​ព្យាបាល​ជម្ងឺ​នោះ​បាន។ លោក​គ្រូ​ពេទ្យ​បាន​សារភាព​ថា ក្នុង​ករណី​ជម្ងឺ​របស់​វិគ្គី នេះ​ជា​លើក​ដំបូង​ដែល​គាត់​នឹង​ចាក់​បញ្ចូល​ធាតុ​គីមី​ដោយ​មិន​ចាក់​បញ្ចូល​ឈាម។ យើង​បាន​អរគុណ​លោក​គ្រូ​ពេទ្យ​ហ្គ្រហ្វ​ណាស់ និង​បាន​កោត​សរសើរ​នូវ​ចិត្ត​ក្លាហាន​របស់​លោក ព្រម​ទាំង​ការ​តាំង​ចិត្ត​របស់​គាត់​ចង់​ជួយ​យើង​ដែរ។

បញ្ហា​ផ្នែក​លុយ​កាក់

ពេល​នោះ​ឯង​បាន​មក​ដល់​នូវ​បញ្ហា​ដែល​ថា តើ​យើង​អាច​រក​លុយ​នៅ​ឯ​ណា​ដើម្បី​បង់​ថ្លៃ​ការ​ព្យាបាល​នោះ? យើង​បាន​ស្រឡាំងកាំង​ពេល​ដែល​គេ​បាន​ប្រាប់​ថា ការ​ព្យាបាល​រយៈ​ពេល​ពីរ​ឆ្នាំ​និង​មាន​តម្លៃ​ប្រមាណ​១៥០.០០០​ឌុយឆឺម៉ាក។ យើង​មិន​ដែល​មាន​លុយ​សូម្បី​តែ​មួយ​ផ្នែក​តូច​នៃ​ចំនួន​នោះ​ផង តែ​ជា​ការ​សំខាន់​ដែល​យើង​ចាប់​ផ្ដើម​ការ​ព្យាបាល​របស់​វិគ្គី​ឲ្យ​បាន​ភ្លាម​ៗ​នោះ។ ដោយ​ព្រោះ​យើង​បាន​ចេញ​ពី​ប្រទេស​ស៊ុយអែត​ទៅ​ឯ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ទទួល​ការ​ព្យាបាល​នោះ យើង​មិន​អាច​ទទួល​ជំនួយ​ពី​សុខាភិបាល​សាធារណៈ​បាន​ឡើយ។ ដូច្នេះ យើង​បាន​នៅ​ទី​នោះ​ជា​មួយ​នឹង​កូន​ស្រី​តូច​របស់​យើង​ដែល​កំពុង​តែ​ឈឺ​ខ្លាំង ថែម​ទាំង​មាន​អ្នក​ជំនាញ​ខាង​ផ្នែក​វិជ្ជា​ពេទ្យ​ដែល​ត្រៀម​នឹង​ជួយ​ផង​ដែរ តែ​យើង​គ្មាន​លុយ​គ្រប់​គ្រាន់​ឡើយ។

មន្ទីរ​ពេទ្យ​នោះ​បាន​ជួយ​សម្រួល​ដោយ​ថា គេ​អាច​ចាប់​ផ្ដើម​ការ​ព្យាបាល​បាន​ភ្លាម​ៗ​នោះ បើ​យើង​បង់​លុយ​ដំបូង​តែ​២០.០០០​ម៉ាក​ទេ និង​ចុះ​ហត្ថលេខា​ធានា​ថា នឹង​សង​បំណុល​វិញ​ដែរ។ យើង​មាន​ប្រាក់​សន្សំ​បាន​ខ្លះ​ៗ និង​ដោយ​ទទួល​ជំនួយ​ពី​មិត្ត​សំឡាញ់​និង​ញាតិ​សន្ដាន ក៏​អាច​បង់​ប្រាក់​២០.០០០​ម៉ាក​នោះ​បាន។ តែ​ចុះ​យ៉ាង​ណា​នឹង​ថ្លៃ​ដែល​នៅ​សល់​នោះ?

ម្ដង​ទៀត​នោះ​យើង​បាន​ទទួល​សេចក្ដី​រំឭក​ថា យើង​មិន​មែន​នៅ​តែ​ឯង​ទេ ក្នុង​ការ​ត​ស៊ូ​ដើម្បី​ជំនឿ​នោះ។ បង​ប្រុស​ម្នាក់​ខាង​វិញ្ញាណ ដែល​យើង​មិន​ទាន់​ស្គាល់​នៅ​ពេល​នោះ​ទេ ក៏​បាន​សុខ​ចិត្ត​បង់​ថ្លៃ​ដែល​នៅ​សល់​នោះ។ ក៏​ប៉ុន្តែ យើង​មិន​បាន​ពឹង​ជំនួយ​ពី​គាត់​ទេ ដោយ​ព្រោះ​យើង​បាន​រៀបចំ​តាម​វិធី​ផ្សេង​ទៀត។

អ្នក​ជំនាញ​ខាង​វិជ្ជា​ពេទ្យ​មាន​ប្រសិទ្ធភាព

គេ​បាន​ចាប់​ផ្ដើម​វិធី​ព្យាបាល​ដោយ​ចាក់​បញ្ចូល​ធាតុ​គីមី។ ថ្ងៃ​និង​សប្ដាហ៍​និមួយ​ៗ​បាន​កន្លង​ផុត​ទៅ។ ជួន​កាល​គឺ​ពិបាក​ណាស់ និង​ជា​ការ​នឿយ​ហត់​សំរាប់​យើង​ផង និង​សំរាប់​កូន​ស្រី​តូច​របស់​យើង​ដែរ។ យ៉ាង​ណា​ក្ដី យើង​បាន​សប្បាយ​ចិត្ត​ណាស់ និង​មាន​អំណរ​គុណ​មែន​ទែន ជា​រៀង​រាល់​ដង​នាង​បាន​បង្ហាញ​លក្ខណៈ​ថា កំពុង​តែ​បាន​ធូរ​ស្រាល​ឡើង​ៗ។ វិធី​ចាក់​ធាតុ​គីមី​នោះ​មាន​រយៈ​ពេល​ប្រាំ​បី​ខែ។ ចំនួន​ហេម៉ូក្លូប៊ីន​តិច​ជាង​គេ​របស់​នាង បាន​ចុះ​ទៅ​ជា​៦​ក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ(6g/dl)និង​លោក​គ្រូ​ពេទ្យ​ហ្គ្រហ្វ​បាន​រក្សា​ពាក្យ​សន្យា​របស់​គាត់។

ជាង​ប្រាំ​មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​នេះ និង​ការ​ពិនិត្យ​មើល​នូវ​ទឹក​ស្រោម​ខួរ​ឆ្អឹង​ខ្នង​របស់​នាង ក៏​បង្ហាញ​ថា គ្មាន​ជម្ងឺ​លូគេមី​នោះ​ទៀត​ទេ។ ឥឡូវ​នេះ វិគ្គី​ជា​ក្មេង​ស្រី​ដ៏​សុខ​សប្បាយ​ដែល​គ្មាន​រោគ​សញ្ញា​នោះទៀត​ឡើយ។ មែន​ហើយ ដែល​វិគ្គី​បាន​ជា​ឡើង​វិញ​យ៉ាង​ពេញ​លេញ​នោះ មើល​ទៅ​ដូច​ជា​អព្ភូតហេតុ​មួយ។ យើង​ដឹង​ថា កូន​ក្មេង​ជា​ច្រើន​នាក់​ដែល​មាន​ជម្ងឺ​ដូច​គ្នា​នេះ បាន​ស្លាប់​ទៅ​ទោះ​ជា​បាន​ទទួល​វិធី​ព្យាបាល​ដោយ​ចាក់​បញ្ចូល​ធាតុ​គីមី​និង​ឈាម​ក៏​ដោយ។

យើង​បាន​ឈ្នះ​នូវ​ការ​ត​ស៊ូ​ដើម្បី​ជំនឿ គឺ​ដោយ​ទទួល​ជំនួយ​ពី​ញាតិ​សន្ដាន បង​ប្អូន​គ្រីស្ទាន និង​អ្នក​ជំនាញ​ផ្នែក​វិជ្ជា​ពេទ្យ។ ក្រុម​ផ្ដល់​ពត៌មាន​ខាង​ពេទ្យ​នោះ​បាន​ជួយ​គាំទ្រ​យើង​២៤​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ។ លោក​គ្រូ​ពេទ្យ​ហ្គ្រហ្វ​និង​គ្នី​គ្នា​របស់​គាត់​ក៏​បាន​អនុវត្ត​នូវ​បំនិន​របស់​ខ្លួន​ដើម្បី​ជួយ​វិគ្គី​ឲ្យ​បាន​ជា​វិញ។ យើង​សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា​ជា​អនេកប្បការ។

ជំនឿ​របស់​យើង​បាន​ត្រូវ​ពង្រឹង

សំខាន់​បំផុត​គឺ យើង​អរ​ព្រះ​គុណ​ដល់​ព្រះ​របស់​យើង គឺ​ព្រះ​យេហូវ៉ា ដោយ​ព្រោះ​ទ្រង់​បាន​ថែ​រក្សា​យើង​ដោយ​សេចក្ដី​ស្រឡាញ់ និង​សំរាប់​កម្លាំង​ដែល​យើង​បាន​ទទួល​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ គឺ​ព្រះ​គម្ពីរ។ ពេល​ដែល​យើង​គិត​មើល​ពី​ព្រឹត្ដិការណ៍​ទាំង​ប៉ុន្មាន​កន្លង​ផុត​ទៅ​នេះ យើង​ទទួល​ស្គាល់​ថា យើង​បាន​រៀន​អ្វី​ៗ​ជា​ច្រើន​ណាស់ និង​ថា​បទ​ពិសោធ​ដ៏​លំបាក​មួយ​នេះ​បាន​ពង្រឹង​ជំនឿ​របស់​យើង​ប៉ុណ្ណា​ទៅ។

ឥឡូវ​នេះ យើង​មាន​ចិត្ត​ប្រាថ្នា​ចង់​រក្សា​ទុក​នូវ​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា និង​ចង់​បង្រៀន​កូន​ស្រី​របស់​យើង​អំពី​តម្លៃ​នៃ​ការ​រស់​នៅ​ឲ្យ​បាន​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​ទ្រង់។ មែន​ហើយ យើង​ចង់​ប្រទាន​ឲ្យ​នាង​មាន​មរតក​ដ៏​ល្អ​ខាង​វិញ្ញាណ ជា​ជីវិត​ជា​រៀង​រហូត​ក្នុង​សួន​មនោរម្យ​ដែល​រៀប​នឹង​មាន​នៅ​លើ​ផែនដី​យើង​នេះ។—អត្ថបទ​នេះ​បាន​ត្រូវ​ជូន​ដោយ​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត

[កំណត់​សម្គាល់]

a ក្រុម​ផ្ដល់​ពត៌មាន​ខាង​ពេទ្យ​នោះ ធ្វើ​ការ​ត្រួត​ពិនិត្យ​នូវ​គណៈ​កម្មាធិការ​និមួយ​ៗ​ដែល​ទាក់​ទង​នឹង​បុគ្គលិក​មន្ទីរ​ពេទ្យ។ គណៈ​កម្មាធិការ​ទាំង​នេះ​ជា​ជន​គ្រីស្ទាន​ដែល​បំរើ​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត ក៏​បាន​ត្រូវ​បង្ហាត់​បណ្ដុះ​ឲ្យ​លោក​គ្រូ​ពេទ្យ​នានា​យល់​ចិត្ត​នឹង​អ្នក​ជម្ងឺ​ដែល​ជា​ស្មរបន្ទាល់។ មាន​គណៈ​កម្មាធិការ​ទាំង​នេះ​ដែល​ទាក់​ទង​បុគ្គលិក​មន្ទីរ​ពេទ្យ ជាង​១.៤០០​ក្រុម ដែល​ជួយ​អ្នក​ជម្ងឺ​នៅ​ជាង​២០០​ប្រទេស។