លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការស្វែងរកសេចក្ដីពិត

ការស្វែងរកសេចក្ដីពិត

ការ​ស្គាល់​ការ​ពិត​អាច​ជួយ​សង្គ្រោះ​ជីវិត​យើង។ ជា​ឧទាហរណ៍ សូម​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​យើង​៖ តើ​ជំងឺ​រាត​ត្បាត​អាច​ឆ្លង​យ៉ាង​ដូច​ម្ដេច?

អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ គ្មាន​អ្នក​ណា​ដឹង​ចម្លើយ​ចំពោះ​សំណួរ​នោះ​ទេ ដំណាល​គ្នា​នោះ​ដែរ​រោគ​រាត​ត្បាត​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់។ នៅ​ទី​បំផុត ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​ដឹង​ចម្លើយ។ ពួក​គេ​រក​ឃើញ​ថា​ជំងឺ​ច្រើន​តែ​បង្ក​ដោយ​មេ​រោគ គឺ​មីក្រូ​សារពាង្គកាយ ដូច​ជា​បាក់តេរី​និង​វីរុស​ជា​ដើម។ ការ​រក​ឃើញ​ការ​ពិត​តែ​មួយ​នោះ​បាន​ជួយ​មនុស្ស​ឲ្យ​បង្ការ និង​ព្យាបាល​ជំងឺ​ជា​ច្រើន នេះ​បាន​ជួយ​មនុស្ស​រាប់​ពាន់​លាន​នាក់​ឲ្យ​មាន​សុខភាព​ល្អ​ជាង​និង​រស់​នៅ​យូរ​ជាង។

ចុះ​យ៉ាង​ណា​ចំពោះ​សំណួរ​សំខាន់​ៗ​ឯ​ទៀត? តើ​អ្នក​គិត​ថា​ការ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ត​ទៅ​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​អ្នក?

  • តើ​ព្រះ​ជា​អ្នក​ណា?

  • តើ​លោក​យេស៊ូ​គ្រិស្ត​ជា​អ្នក​ណា?

  • តើ​រាជាណាចក្រ​ព្រះ​គឺ​ជា​អ្វី?

  • តើ​ថ្ងៃ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា?

មនុស្ស​រាប់​លាន​នាក់​បាន​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ ហើយ​នេះ​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​ជីវិត​ប្រសើរ​ជាង។ អ្នក​ក៏​អាច​ទទួល​ប្រយោជន៍​ពី​ចម្លើយ​នោះ​ដែរ។

តើ​អ្នក​អាច​រក​ឃើញ​សេចក្ដី​ពិត​បាន​ទេ?

អ្នក​ប្រហែល​ឆ្ងល់​ថា ‹តើ​អាច​រក​សេចក្ដី​ពិត​អំពី​អ្វី​មួយ​យ៉ាង​ដូច​ម្ដេច?›។ តាម​មើល​ទៅ ការ​រក​សេចក្ដី​ពិត​អំពី​អ្វី​ៗ​ជា​ច្រើន​គឺ​កាន់​តែ​ពិបាក។ ហេតុ​អ្វី?

មនុស្ស​ជា​ច្រើន​មិន​ទុក​ចិត្ត​រដ្ឋាភិបាល ក្រុម​ហ៊ុនពាណិជ្ជកម្ម​ឬ​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន ស្ដី​អំពី​សេចក្ដី​ពិត​ទេ។ ពួក​គេ​ពិបាក​ដឹង​ថា​អ្នក​ឯ​ទៀត​និយាយ​ការ​ពិត ឬ​ប្រាប់​មតិ លាក់​ព័ត៌មាន​ខ្លះ​ឬ​ក៏​កុហក​យ៉ាង​ណា​នោះ​ទេ។ ដោយ​សារ​មនុស្ស​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ជា​ច្រើន នោះ​ពួក​គេ​មិន​ឯកភាព​គ្នា​ស្ដី​អំពី​អ្វី​ជា​ការ​ពិត សូម្បី​តែ​ការ​ពិត​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​គេ​ក៏​ដោយ។

ទោះ​ជា​មាន​ការ​ពិបាក​បែប​នេះ​ក៏​ដោយ អ្នក​នៅ​តែ​អាច​រក​ឃើញ​ចម្លើយ​ពិត​ចំពោះ​សំណួរ​សំខាន់​ៗ​ក្នុង​ជីវិត។ តើ​តាម​របៀប​ណា? ដោយ​ធ្វើ​អ្វី​មួយ​ចំនួន​ដែល​ជួយ​អ្នក​ឲ្យ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ឯ​ទៀត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

ការ​ស្វែង​រក​របស់​អ្នក​ចំពោះ​សេចក្ដី​ពិត

អ្នក​ព្យាយាម​ស្វែង​រក​សេចក្ដី​ពិត​អំពី​រឿង​ផ្សេង​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ សូម​ពិចារណា​អំពី​ស្ថានភាព​របស់​ជេស៊ីកា។ គាត់​និយាយ​ថា​៖ ​«​កូន​ស្រី​ខ្ញុំ​មាន​ប្រតិកម្ម​នឹង​សណ្ដែក​ដី​ខ្លាំង​ដល់​ម្ល៉េះ ដែល​ប្រូតេអ៊ីន​សណ្ដែក​ដី​តូច​បំផុត​អាច​បណ្ដាល​ឲ្យ​គាត់​ស្លាប់​»។ ជេស៊ីកា​ត្រូវ​ដឹង​ថា​អាហារ​ដែល​គាត់​ទិញ​នឹង​មិន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ដល់​កូន​ស្រី​របស់​គាត់។ គាត់​បន្ថែម​ថា​៖ ​«​មុន​បង្អស់​ខ្ញុំ​ឆែក​មើល​គ្រឿង​ផ្សំ​នៅ​លើ​កញ្ចប់​អាហារ។ ក្រោយ​មក ខ្ញុំ​ស្រាវ​ជ្រាវ​បន្ថែម ហើយ​ក៏​ទាក់​ទង​ក្រុម​ហ៊ុន​ដែល​ផលិត​អាហារ​នោះ​ដើម្បី​បញ្ជាក់​ថា​មិន​មាន​ប្រូតេអ៊ីន​របស់​សណ្ដែក​ដី​ខ្លះ​ដែល​លាយ​ចូល​ជា​មួយ​អាហារ​ដោយ​ចៃដន្យ​នៅ​ឯ​រោង​ចក្រ។ ខ្ញុំ​ក៏​ពិចារណា​ប្រភព​ព័ត៌មាន​ឯ​ទៀត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដើម្បី​ខ្ញុំ​អាច​ជឿ​ជាក់​ថា​ក្រុម​ហ៊ុន​នោះ​រៀប​ចំ​អាហារ​តាម​របៀប​ត្រឹម​ត្រូវ​»។

សំណួរ​ដែល​អ្នក​ព្យាយាម​រក​ចម្លើយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រហែល​ជា​មិន​សំខាន់​ចាំ​បាច់​ដូច​ជេស៊ីកា​ទេ តែ​ដូច​ជេស៊ីកា អ្នក​អាច​ប្រើ​វិធី​ដូច​ត​ទៅ​ដើម្បី​រក​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​មាន​៖

  • ស្វែង​រក​ព័ត៌មាន​ពិត។

  • ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្រភព​ព័ត៌មាន​គឺ​គួរ​ឲ្យ​ទុក​ចិត្ត។

វិធី​ដដែល​នេះ​អាច​ជួយ​អ្នក​រក​ឃើញ​ចម្លើយ​ពិត​ចំពោះ​សំណួរ​សំខាន់​ៗ​ក្នុង​ជីវិត។ តើ​តាម​របៀប​ណា?

សៀវភៅ​ពិសេស​នៃ​សេចក្ដី​ពិត

ពេល​ស្វែង​រក​សេចក្ដី​ពិត​ក្នុង​គម្ពីរ ជេស៊ីកា​បាន​ប្រើ​វិធីស្រដៀង​គ្នា​នឹង​វិធី​ដែល​គាត់​ប្រើ​ពេល​រក​ព័ត៌មាន​អំពី​ប្រតិកម្ម​នឹង​អាហារ​របស់​កូន​ស្រី​គាត់។ គាត់​និយាយ​ថា​៖ ​«​ការ​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ព្យាយាម​ស្រាវ​ជ្រាវ​បាន​ជួយ​ខ្ញុំ​រក​ឃើញ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​»។ ដូច​ជេស៊ីកា មនុស្ស​រាប់​លាន​នាក់​បាន​រៀន​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​សំណួរ​ទាំង​នេះ​៖

  • ហេតុ​អ្វី​យើង​មាន​ជីវិត?

  • តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​ស្លាប់?

  • ហេតុ​អ្វី​មាន​ទុក្ខ​វេទនា?

  • តើ​ព្រះ​កំពុង​ធ្វើ​អ្វី​ដើម្បី​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់?

  • តើ​យើង​អាច​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​យ៉ាង​ដូច​ម្ដេច?

អ្នក​អាច​រក​ឃើញ​ចម្លើយ​ពិត​ចំពោះ​សំណួរ​ទាំង​នេះ​និង​សំណួរ​ឯ​ទៀត​ដោយ​អាន​គម្ពីរ​និង​ស្រាវ​ជ្រាវ​បន្ថែម​តាម​គេហទំព័រ​www.jw.org/km ។