លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​កុំ​ឲ្យ​កំហុស​របស់​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​អ្នក​ជំពប់​ដួល​ឡើយ

ចូរ​កុំ​ឲ្យ​កំហុស​របស់​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​អ្នក​ជំពប់​ដួល​ឡើយ

​«​ចូរ . . . អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។—កូឡុស ៣:១៣

ចម្រៀង​លេខ: ៥៣, ២៨

១, ២​. តើ​គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​យ៉ាង​ណា​អំពី​ការ​រីក​ចម្រើន​នៃ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា?

នៅ​ទូ​ទាំង​ផែន​ដី មាន​អង្គ​ការ​មួយ​ដែល​មាន​សមាជិក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ចង់​បម្រើ​លោក។ ពួក​អ្នក​ទាំង​នោះ​គឺ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ទោះ​ជា​ពួក​គេ​មាន​ភាព​ខុស​ឆ្គង​និង​ធ្វើ​ខុស​ក្ដី ព្រះ​យេហូវ៉ា​ណែនាំ​ពួក​គេ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​លោក។ សូម​យើង​ពិចារណា​អំពី​របៀប​ខ្លះ​ដែល​លោក​បាន​ផ្ដល់​ពរ​ឲ្យ​ពួក​គេ។

នៅ​ឆ្នាំ​១៩១៤ មាន​មនុស្ស​តិច​ណាស់​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ទៅ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ជា​លទ្ធផល មនុស្ស​រាប់​លាន​នាក់​បាន​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ ហើយ​បាន​ក្លាយ​ទៅ​ជា​សាក្សី​របស់​លោក។ ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​អំពី​ការ​រីក​ចម្រើន​ដ៏​អស្ចារ្យ​នេះ ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​តូច​បំផុត​នឹង​ត្រឡប់​ជា​មនុស្ស​១​ពាន់ ហើយ​ពួក​មាន​គ្នា​តិច​នឹង​ត្រឡប់​ទៅ​ជា​សាសន៍​១​យ៉ាង​ពូកែ។ អញ​នេះ​គឺ​ព្រះ​យេហូវ៉ា អញ​នឹង​បញ្ជឿន​ឲ្យ​ការ​នេះ​ឆាប់​កើត​ឡើង​នៅ​ពេល​កំណត់​»។ (​អេសាយ ៦០:២២​) សព្វ​ថ្ងៃ​នេះ យើង​អាច​ឃើញ​ច្បាស់​ថា​ទំនាយ​នេះ​បាន​សម្រេច។ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​គឺ​ប្រៀប​ដូច​ជា​ប្រជា​ជាតិ​មួយ​ដ៏​ធំ។ តាមពិត ចំនួន​ប្រជាជន​នៃ​ប្រទេស​នីមួយ​ៗ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​មាន​តិច​ជាង​ចំនួន​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក។

៣​. តើ​អ្នក​បម្រើ​របស់​ព្រះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ណា?

ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ដ្រ​របស់​លោក​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង។ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»​ ហើយ​ពួក​គេ​យក​តម្រាប់​លោក។ (​យ៉ូហាន​ទី១ ៤:៨​) លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​«​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​»។ លោក​ក៏​បាន​ប្រាប់​ពួក​គេ​ដែរ​ថា​៖ ​«​យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។ (​យ៉ូហាន ១៣:៣៤, ៣៥​) នៅ​សម័យ​នេះ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក សូម្បី​តែ​នៅ​ពេល​ដែល​ប្រជា​ជាតិ​នា​នា​បាន​ធ្វើ​សង្គ្រាម​ក្ដី។ ជា​ឧទាហរណ៍ នៅ​សង្គ្រាម​លោក​លើក​ទី២ មនុស្ស​ប្រហែល​ជា​៥៥​លាន​នាក់​បាន​ស្លាប់។ ប៉ុន្ដែ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​មិន​បាន​សម្លាប់​អ្នក​ណា​ម្នាក់​ក្នុង​សង្គ្រាម​នោះ​ឡើយ។ (​សូម​អាន មីកា ៤:១, ) នេះ​បាន​ជួយ​ពួក​គេ​រក្សា​ខ្លួន​ឲ្យ​«​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ណា​ម្នាក់​ទេ​»។—សកម្មភាព ២០:២៦

៤​. ហេតុ​អ្វី​ការ​រីក​ចម្រើន​នៃ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​គួរ​ឲ្យ​កត់​សម្គាល់?

ចំនួន​នៃ​រាស្ដ្រ​របស់​ព្រះ​បន្ដ​កើន​ឡើង ទោះ​ជា​ពួក​គេ​មាន​សត្រូវ​ដ៏​ខ្លាំង​ក្លា​មួយ​ក៏​ដោយ ពោល​គឺ​សាថាន។ វា​គឺ​ជា​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ (​កូរិនថូស​ទី២ ៤:៤​) សាថាន​កាន់​កាប់​លើ​អង្គ​ការ​នយោបាយ​ក្នុង​ពិភព​លោក​នេះ ព្រម​ទាំង​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ផង​ដែរ ហើយ​វា​ប្រើ​អ្វី​ទាំង​នេះ​ដើម្បី​ព្យាយាម​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ប៉ុន្ដែ វា​មិន​អាច​បញ្ឈប់​កិច្ច​ការ​នេះ​បាន​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ សាថាន​ដឹង​ថា​វា​នៅ​សល់​ពេល​តែ​បន្ដិច​បន្ដួច ហេតុ​នេះ​វា​បន្ដ​ព្យាយាម​បញ្ឈប់​យើង​ពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។—ការ​បើក​បង្ហាញ ១២:១២

តើ​អ្នក​នឹង​មាន​ភក្ដី​ភាព​ឬ​ទេ​ពេល​អ្នក​ឯ​ទៀត​ធ្វើ​ខុស?

៥​. ហេតុ​អ្វី​ជួន​កាល​អ្នក​ឯ​ទៀត​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ដ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

អ្នក​បម្រើ​របស់​ព្រះ​រៀន​ថា​ការ​ស្រឡាញ់​ព្រះ​និង​មនុស្ស​ឯ​ទៀត គឺ​សំខាន់​ណាស់។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​‹អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ដ អស់​ពី​ព្រលឹង ហើយ​អស់​ពី​សមត្ថភាព​រិះ​គិត›។ នេះ​ជា​បញ្ញត្ដិ​ទី​មួយ ហើយ​ជា​បញ្ញត្ដិ​សំខាន់​ជាង​គេ។ បញ្ញត្ដិ​សំខាន់​ទី​ពីរ​ក៏​ស្រដៀង​នឹង​នេះ​ដែរ គឺ​៖ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›​»។ (​ម៉ាថាយ ២២:៣៥​-​៣៩​) ក៏​ប៉ុន្ដែ គម្ពីរ​បង្ហាញ​ថា​មនុស្សជាតិ​ទាំង​អស់​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​តាំង​ពី​កំណើត​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​អាដាម។ (​សូម​អាន រ៉ូម ៥:១២, ១៩) ដូច្នេះ ជួន​កាល​បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ប្រហែល​ជា​និយាយ​ឬ​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​យើង​ឈឺ​ចិត្ដ។ ពេល​នេះ​កើត​ឡើង តើ​យើង​នឹង​ធ្វើ​អ្វី? តើ​យើង​នឹង​នៅ​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង​ឬ​ទេ? តើ​យើង​នឹង​មាន​ភក្ដី​ភាព​ចំពោះ​លោក​និង​រាស្ដ្រ​របស់​លោក​ឬ​ទេ? គម្ពីរ​ប្រាប់​យើង​អំពី​អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​ដែល​បាន​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ដ។ សូម​យើង​ពិចារណា​អំពី​មេ​រៀន​ដែល​យើង​អាច​ទាញ​យក​ពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពួក​គេ។

បើ​អ្នក​រស់​នៅ​ស្រុក​អ៊ីស្រាអែល​នៅ​សម័យ​អេលី​និង​កូន​ប្រុស​របស់​គាត់ តើ​អ្នក​នឹង​ប្រព្រឹត្ដ​យ៉ាង​ណា? (​សូម​មើល​វគ្គ​៦​)

៦​. តើ​អេលី​មិន​បាន​ប្រៀន​ប្រដៅ​កូន​ប្រុស​របស់​គាត់​ក្នុង​ន័យ​យ៉ាង​ណា?

ជា​ឧទាហរណ៍ អេលី​គឺ​ជា​សម្ដេច​សង្ឃ​នៃ​អ៊ីស្រាអែល ប៉ុន្ដែ​កូន​ប្រុស​ពីរ​នាក់​របស់​គាត់​បាន​បំពាន​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ គម្ពីរ​ចែង​ថា​៖ ​«​កូន​របស់​អេលី គេ​ជា​មនុស្ស​គំរក់​អាក្រក់ ឥត​ស្គាល់​ដល់​ព្រះ​យេហូវ៉ា​ទេ​»។ (​សាំយូអែល​ទី១ ២:១២​) ទោះ​ជា​អេលី​បាន​ដឹង​ថា​កូន​ប្រុស​របស់​គាត់​កំពុង​ធ្វើ​អ្វី​ដែល​អាក្រក់​ណាស់​ក្ដី គាត់​មិន​សូវ​បាន​ប្រដៅ​ពួក​គេ​ទេ។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​អេលី​និង​កូន​ប្រុស​ពីរ​នាក់​របស់​គាត់។ ក្រោយ​មក​ទៀត លោក​លែង​អនុញ្ញាត​ឲ្យ​កូន​ចៅ​របស់​អេលី​បម្រើ​ជា​សម្ដេច​សង្ឃ​ទៀត។ (​សាំយូអែល​ទី១ ៣:១០​-​១៤​) បើ​អ្នក​រស់​នៅ​សម័យ​អេលី ហើយ​ដឹង​ថា​គាត់​បាន​បណ្ដោយ​កូន​ប្រុស​គាត់​ឲ្យ​ធ្វើ​អ្វី​ដ៏​អាក្រក់ តើ​អ្នក​នឹង​ជំពប់​ដួល​ឬ​ទេ? តើ​ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យ​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ​ឬ ហើយ​ជា​លទ្ធផល តើ​អ្នក​នឹង​ឈប់​បម្រើ​លោក​ឬ​ទេ?

៧​. តើ​ដាវីឌ​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​អ្វី ហើយ​តើ​ព្រះ​បាន​ធ្វើ​អ្វី​ចំពោះ​រឿង​នោះ?

ដាវីឌ​មាន​គុណ​សម្បត្ដិ​ដ៏​ប្រសើរ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ស្រឡាញ់​គាត់​ខ្លាំង​ណាស់។ (​សាំយូអែល​ទី១ ១៣:១៣, ១៤; សកម្មភាព ១៣:២២​) ប៉ុន្ដែ​ដាវីឌ​បាន​ធ្វើ​អ្វី​ដ៏​អាក្រក់​ណាស់។ ពេល​អ៊ូរី​កំពុង​ធ្វើ​សង្គ្រាម ដាវីឌ​បាន​រួម​ដំណេក​ជា​មួយ​នឹង​បាតសេបា​ដែល​ជា​ប្រពន្ធ​របស់​អ៊ូរី ហើយ​នាង​ចាប់​មាន​ផ្ទៃ​ពោះ។ ដាវីឌ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ​ទេ។ ដូច្នេះ គាត់​បាន​បញ្ជា​អ៊ូរី​ឲ្យ​មក​ជួប​គាត់ ហើយ​បាន​ព្យាយាម​ធ្វើ​ឲ្យ​អ៊ូរី​ព្រម​ទៅ​ផ្ទះ។ ដាវីឌ​បាន​សង្ឃឹម​ថា​អ៊ូរី​នឹង​រួម​ដំណេក​ជា​មួយ​នឹង​បាតសេបា ដើម្បី​មនុស្ស​ឯ​ទៀត​នឹង​គិត​ថា​អ៊ូរី​ជា​ឪ​ពុក​របស់​កូន​នោះ។ ប៉ុន្ដែ អ៊ូរី​មិន​បាន​ទៅ​ផ្ទះ​ទេ។ ដូច្នេះ ដាវីឌ​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ៊ូរី​នឹង​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ។ ដោយ​សារ​ដាវីឌ​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង។ (​សាំយូអែល​ទី២ ១២:៩​-​១២​) ប៉ុន្ដែ ព្រះ​យេហូវ៉ា​មាន​ចិត្ដ​មេត្ដា​ករុណា ហើយ​បាន​អភ័យ​ទោស​ឲ្យ​ដាវីឌ ដោយ​សារ​លោក​បាន​ដឹង​ថា​ធម្មតា​គាត់​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​ពង្សាវតារ​ក្សត្រ​ទី១ ៩:៤​) បើ​អ្នក​រស់​នៅ​ពេល​នោះ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​ដាវីឌ​បាន​ធ្វើ? តើ​អ្នក​នឹង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ?

៨​. (​ក​) តើ​តាម​របៀប​ណា​សាវ័ក​ពេត្រុស​មិន​បាន​រក្សា​ពាក្យ​សម្ដី​របស់​គាត់? (​ខ​) ក្រោយ​ពី​ពេត្រុស​បាន​ធ្វើ​ខុស ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បន្ដ​ប្រើ​គាត់?

គំរូ​មួយ​ទៀត​ក្នុង​គម្ពីរ​គឺ​សាវ័ក​ពេត្រុស។ លោក​យេស៊ូ​បាន​ជ្រើស​រើស​គាត់​ឲ្យ​ធ្វើ​ជា​សាវ័ក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ជួន​កាល​ពេត្រុស​បាន​និយាយ​ឬ​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ។ ជាឧទាហរណ៍ ពេត្រុស​បាន​និយាយ​ថា​គាត់​នឹង​មិន​បោះ​បង់​លោក​យេស៊ូ​ទេ ទោះ​ជា​ពួក​គេ​ទាំង​អស់​គ្នា​បោះ​បង់​លោក​ក៏​ដោយ។ (​ម៉ាកុស ១៤:២៧​-​៣១, ៥០​) ប៉ុន្ដែ បន្ទាប់​ពី​លោក​យេស៊ូ​បាន​ត្រូវ​គេ​ចាប់​ខ្លួន សាវ័ក​របស់​លោក​ទាំង​អស់ រួម​ទាំង​ពេត្រុស​បាន​បោះ​បង់​លោក។ ក្រោយ​មក អស់​បី​ដង​ពេត្រុស​បាន​និយាយ​ថា​គាត់​មិន​ស្គាល់​លោក​យេស៊ូ​ទេ។ (​ម៉ាកុស ១៤:៥៣, ៥៤, ៦៦​-​៧២​) ប៉ុន្ដែ ពេត្រុស​ឈឺ​ចិត្ដ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់ ហើយ​បាន​បន្ដ​ប្រើ​គាត់។ បើ​អ្នក​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​ពេល​នោះ ហើយ​បាន​ដឹង​អំពី​អ្វី​ដែល​ពេត្រុស​បាន​ធ្វើ តើ​អ្នក​នឹង​បន្ដ​ទុក​ចិត្ដ​ទៅ​លើ​ព្រះ​យេហូវ៉ា​ឬ​ទេ?

យើង​អាច​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​និង​យុត្ដិធម៌

៩​. ហេតុ​អ្វី​អ្នក​ទុក​ចិត្ដ​ថា​ព្រះ​តែង​តែ​យុត្ដិធម៌?

តាម​រយៈ​គំរូ​ទាំង​នេះ យើង​ឃើញ​ថា​អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដែល​អាក្រក់ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ដ​យ៉ាង​ខ្លាំង។ ពេល​នេះ​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​នឹង​ធ្វើ​អ្វី? តើ​អ្នក​នឹង​ឈប់​ចូល​រួម​កិច្ច​ប្រជុំ ឬ​ថែម​ទាំង​បោះ​បង់​ព្រះ​យេហូវ៉ា​និង​រាស្ដ្រ​របស់​លោក​តែ​ម្ដង​ឬ​ទេ? ឬ​តើ​អ្នក​នឹង​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​មាន​ចិត្ដ​មេត្ដា​ករុណា ហើយ​ថា​លោក​ប្រហែល​ជា​រង់​ចាំ​បុគ្គល​ណា​ម្នាក់​ឲ្យ​ប្រែ​ចិត្ដ? ប៉ុន្ដែ ប្រហែល​ជា​មាន​ពេល​ខ្លះ​ដែល​បុគ្គល​ម្នាក់​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​មិន​ស្តាយ​ក្រោយ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ។ តើ​អ្នក​នឹង​ទុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​ដឹង​រឿង​នេះ ហើយ​ថា​លោក​នឹង​ធ្វើ​អ្វី​មួយ​នៅ​ពេល​ដែល​សម​ត្រឹម​ត្រូវ​ឬ​ទេ? លោក​ប្រហែល​ជា​នឹង​ដក​បុគ្គល​នោះ​ចេញ​ពី​ក្រុម​ជំនុំ​បើ​ចាំ​បាច់។ តើ​អ្នក​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​និង​យុត្ដិធម៌​ឬ​ទេ?

ចូរ​រក្សា​ភក្ដី​ភាព

១០​. តើ​លោក​យេស៊ូ​យល់​យ៉ាង​ណា​អំពី​កំហុស​របស់​យូដាស​អ៊ីស្ការីយ៉ុត​និង​ពេត្រុស?

១០ គម្ពីរ​ចែង​អំពី​បុគ្គល​ជា​ច្រើន​ដែល​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​រាស្ដ្រ​របស់​លោក ទោះ​ជា​អ្នក​ឯ​ទៀត​នៅ​ជុំ​វិញ​ពួក​គេ​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​ក្ដី។ លោក​យេស៊ូ​គឺ​ជា​គំរូ​ដ៏​ប្រសើរ​បំផុត។ បន្ទាប់​ពី​លោក​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​បិតា​របស់​លោក​ពេញ​មួយ​យប់ លោក​បាន​ជ្រើស​រើស​សាវ័ក​១២​នាក់។ ប៉ុន្ដែ ក្រោយ​មក​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ក្បត់​លោក​យេស៊ូ។ ម្យ៉ាង​ទៀត សាវ័ក​ពេត្រុស​បាន​និយាយ​ថា​គាត់​មិន​ស្គាល់​លោក​យេស៊ូ​ទេ។ (​លូកា ៦:១២​-​១៦; ២២:២​-​៦, ៣១, ៣២​) ពេល​អ្នក​កាន់​តាម​ខ្លះ​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​ខក​ចិត្ដ លោក​មិន​បាន​បន្ទោស​ព្រះ​យេហូវ៉ា ឬ​អ្នក​កាន់​តាម​ឯ​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​នៅ​ជិត​ស្និទ្ធ​នឹង​បិតា​របស់​លោក ហើយ​បាន​បន្ដ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​បាន​ផ្ដល់​រង្វាន់​ឲ្យ​លោក​ដោយ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ហើយ​ក្រោយ​មក​បាន​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។—ម៉ាថាយ ២៨:៧, ១៨​-​២០

១១​. ស្ដី​អំពី​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ តើ​គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​អ្វី?

១១ គំរូ​របស់​លោក​យេស៊ូ​បង្រៀន​យើង​ឲ្យ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​រាស្ដ្រ​របស់​លោក។ យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ​ដូច្នេះ។ យើង​អាច​ឃើញ​ថា​ព្រះ​យេហូវ៉ា​កំពុង​ណែនាំ​អ្នក​បម្រើ​របស់​លោក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ លោក​កំពុង​ជួយ​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​មាន​តែ​ពួក​គេ​ប៉ុណ្ណោះ​ដែល​កំពុង​ធ្វើ​កិច្ច​ការ​នេះ។ ពួក​គេ​ក៏​ពិត​ជា​សប្បាយ​និង​មាន​សាមគ្គី​ភាព ដោយ​សារ​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​កំពុង​បង្រៀនពួក​គេ។ ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​ដូច្នេះ ពេល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ពួក​អ្នក​បំរើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ដ​អំណរ​»។—អេសាយ ៦៥:១៤

បើ​យើង​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា​និង​រាស្ដ្រ​របស់​លោក​ដោយ​សារ​បុគ្គល​ណា​ម្នាក់​ធ្វើ​ខុស នោះ​គឺ​ជា​ការ​មិន​ឈ្លាស​វៃ​និង​អយុត្ដិធម៌​ណាស់

១២​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត?

១២ យើង​ពិត​ជា​សប្បាយ​រីក​រាយ ដោយ​សារ​ព្រះ​យេហូវ៉ា​ណែនាំ​យើង និង​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ល្អ​ជា​ច្រើន។ ផ្ទុយ​ទៅ​វិញ មនុស្ស​ក្នុង​ពិភព​លោក​របស់​សាថាន​មិន​សប្បាយ​រីក​រាយ ហើយ​គ្មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​ចំពោះ​អនាគត​ទេ។ បើ​យើង​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា​និង​រាស្ដ្រ​របស់​លោក​ដោយ​សារ​ទង្វើ​ឬ​ពាក្យ​សម្ដី​មិន​ត្រឹម​ត្រូវ​របស់​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ នោះ​គឺ​ជា​ការ​មិន​ឈ្លាស​វៃ​និង​អយុត្ដិធម៌​ណាស់! ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក។ យើង​ក៏​ត្រូវ​រៀន​អំពី​ទស្សនៈ​ដែល​យើង​គួរ​មាន​និង​របៀប​ប្រព្រឹត្ដ​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត​ដែរ។

តើ​អ្នក​គួរ​ប្រព្រឹត្ដ​យ៉ាង​ណា?

១៣, ១៤​. (​ក​) ហេតុ​អ្វី​យើង​គួរ​មាន​ចិត្ដ​អត់​ធ្មត់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក? (​ខ​) តើ​យើង​ចង់​នឹក​ចាំ​អំពី​សេចក្ដី​សន្យា​អ្វី?

១៣ តើ​អ្នក​គួរ​ប្រព្រឹត្ដ​យ៉ាង​ណា បើ​បង​ប្អូន​ណា​ម្នាក់​និយាយ​ឬ​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​អ្នក​ឈឺ​ចិត្ដ? គម្ពីរ​ផ្ដល់​ឱវាទ​នេះ​ដែល​ថា​៖ ​«​កុំ​ឲ្យ​មាន​ចិត្ដ​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី​ល្ងើ​»។ (​សាស្តា ៧:៩​) យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ចេះ​ធ្វើ​ខុស។ ដូច្នេះ យើង​មិន​អាច​រំពឹង​ថា​បង​ប្អូន​របស់​យើង​នឹង​តែង​តែ​និយាយ​ឬ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឡើយ។ ម្យ៉ាង​ទៀត គឺ​មិន​មែន​ជា​ការ​ល្អ​ទេ​ដែល​យើង​បន្ដ​គិត​អំពី​កំហុស​របស់​ពួក​គេ។ បើ​យើង​ធ្វើ​ដូច្នេះ យើង​ប្រហែល​ជា​លែង​មាន​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ អាក្រក់​ជាង​នេះ​ទៅ​ទៀត ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ចុះ​ខ្សោយ ហើយ​យើង​ប្រហែល​ជា​ចាក​ចេញ​ពី​អង្គ​ការ​របស់​លោក។ យ៉ាង​នេះ យើង​មិន​អាច​បម្រើ​ព្រះ​យេហូវ៉ា ឬ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​លោក​ឡើយ។

១៤ ដូច្នេះ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​បន្ដ​មាន​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា កាល​ដែល​អ្នក​ឯ​ទៀត​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​អ្នក​ទើស​ចិត្ដ? សូម​នឹក​ចាំ​ជា​និច្ច​អំពី​សេចក្ដី​សន្យា​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ដ​របស់​លោក ដែល​ថា​៖ ​«​មើល! អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែន​ដី​ថ្មី ឯ​របស់​ពី​មុន​ៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ​»។ (​អេសាយ ៦៥:១៧; ពេត្រុស​ទី២ ៣:១៣​) ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ទាំង​នេះ​ឲ្យ​អ្នក បើ​អ្នក​រក្សា​ភក្ដី​ភាព​ចំពោះ​លោក។

១៥​. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ​ពេល​អ្នក​ឯ​ទៀត​ធ្វើ​ខុស?

១៥ ពិត​មែន យើង​មិន​ទាន់​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​ទេ។ ដូច្នេះ បើ​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ដ យើង​ត្រូវ​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត នោះ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ដែរ។ ក៏​ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត​ទេ នោះ​បិតា​របស់​អ្នក​ក៏​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ដែរ​»។ ម្យ៉ាង​ទៀត ពេល​ពេត្រុស​បាន​សួរ​លោក​យេស៊ូ​ថា​យើង​គួរ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​«​រហូត​ដល់​ប្រាំ​ពីរ​ដង​»​ឬ​យ៉ាង​ណា លោក​យេស៊ូ​បាន​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ថា មិន​មែន​រហូត​ដល់​ប្រាំ​ពីរ​ដង​ទេ តែ​រហូត​ដល់​ចិតសិប​ប្រាំ​ពីរ​ដង​»។ លោក​យេស៊ូ​បាន​បង្រៀន​យើង​ថា​យើង​គួរ​សុខ​ចិត្ដ​អភ័យ​ទោសឲ្យ​អ្នក​ឯ​ទៀត​ជា​និច្ច។—ម៉ាថាយ ៦:១៤, ១៥; ១៨:២១, ២២

១៦​. តើ​យ៉ូសែប​បាន​ទុក​គំរូ​ល្អ​អ្វី?

១៦ គំរូ​របស់​យ៉ូសែប​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ដ​ពេល​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ខុស​នឹង​យើង។ មាន​តែ​យ៉ូសែប​និង​ប្អូន​ប្រុស​របស់​គាត់​ប៉ុណ្ណោះ​ដែល​ជា​កូន​ប្រុស​របស់​យ៉ាកុប​និង​រ៉ាជែល។ យ៉ាកុប​មាន​កូន​ប្រុស​១០​នាក់​ទៀត ប៉ុន្ដែ​គាត់​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​ពួក​គេ។ នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ច្រណែន​យ៉ូសែប​ខ្លាំង​ណាស់។ តាម​ពិត ពួក​គេ​ស្អប់​យ៉ូសែប​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​ពួក​គេ​បាន​លក់​គាត់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ ហើយ​គាត់​បាន​ត្រូវ​គេ​យក​ទៅ​ស្រុក​អេស៊ីប។ អស់​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ស្ដេច​ស្រុក​អេស៊ីប​បាន​តែង​តាំង​យ៉ូសែប​ឲ្យ​ធ្វើ​ជា​បុគ្គល​ដែល​មាន​អំណាច​បន្ទាប់​ពី​គាត់​ក្នុង​ស្រុក​នោះ ដោយ​សារ​គាត់​បាន​កោត​ស្ងើច​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​ការ​ល្អ​របស់​យ៉ូសែប។ ក្រោយ​មក បង​ប្រុស​ៗ​របស់​យ៉ូសែប​បាន​មក​ស្រុក​អេស៊ីប​ដើម្បី​ទិញ​អាហារ ដោយ​សារ​មាន​ការ​អត់​ឃ្លាន។ ពេល​ពួក​គេ​បាន​ឃើញ​យ៉ូសែប ពួក​គេ​មិន​បាន​ចំណាំ​គាត់​ទេ ប៉ុន្ដែ​គាត់​ដឹង​ថា​ពួក​គេ​ជា​អ្នក​ណា។ ទោះ​ជា​ពួក​គេ​ធ្លាប់​ប្រព្រឹត្ដ​អាក្រក់​ទៅ​លើ​គាត់​ក្ដី គាត់​មិន​បាន​ដាក់​ទោស​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ​គាត់​បាន​សាកល្បង​ពួក​គេ​ដើម្បី​ដឹង​ថា​ពួក​គេ​ពិត​ជា​បាន​កែ​ប្រែ​ឬ​យ៉ាង​ណា។ ពេល​យ៉ូសែប​ឃើញ​ថា​ពួក​គេ​បាន​កែ​ប្រែ គាត់​បាន​ប្រាប់​ពួក​គេ​ថា​គាត់​គឺ​ជា​បង​ប្អូន​របស់​ពួក​គេ។ ក្រោយ​មក​គាត់​បាន​សម្រាល​ទុក្ខ​ពួក​គេ ហើយ​បាន​និយាយ​ថា​៖ ​«​កុំ​ឲ្យ​ខ្លាច​ឡើយ។ ខ្ញុំ​នឹង​ចិញ្ចឹម​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដែរ​»។—លោកុប្បត្ដិ ៥០:២១

១៧​. ពេល​អ្នក​ឯ​ទៀត​ធ្វើ​ខុស តើ​អ្នក​ចង់​ធ្វើ​អ្វី?

១៧ សូម​ចាំ​ថា​ដោយ​សារ​មនុស្ស​ទាំង​អស់​មាន​កំហុស អ្នក​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទើស​ចិត្ដ​ដែរ។ ដូច្នេះ បើ​អ្នក​យល់​ថា​អ្នក​បាន​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​ឈឺ​ចិត្ដ ចូរ​ធ្វើ​តាម​ឱវាទ​ពី​គម្ពីរ។ ចូរ​សុំ​បុគ្គល​នោះ​អភ័យ​ទោស​ឲ្យ​អ្នក ហើយ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​គាត់។ (​សូម​អាន ម៉ាថាយ ៥:២៣, ២៤) យើង​ចូល​ចិត្ដ​ពេល​អ្នក​ឯ​ទៀត​អភ័យ​ទោស​ឲ្យ​យើង។ ហេតុ​នេះ យើង​គួរ​ធ្វើ​ដូច្នេះ​ដែរ​ចំពោះ​ពួក​គេ។ កូឡុស ៣:១៣​ប្រាប់​យើង​ថា​៖ ​«​ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ បើ​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់។ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ម៉្លោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ​ដែរ​»។ បើ​យើង​ពិត​ជា​ស្រឡាញ់​បង​ប្អូន​របស់​យើង យើង​នឹង​មិន​បន្ដ​ឈឺ​ចិត្ដ​អំពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ពី​មុន​ឡើយ។ (​កូរិនថូស​ទី១ ១៣:៥​) ម្យ៉ាង​ទៀត បើ​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត ព្រះ​យេហូវ៉ា​ក៏​នឹង​អភ័យ​ទោស​ឲ្យ​យើង​ដែរ។ ដូច្នេះ ពេល​អ្នក​ឯ​ទៀត​ធ្វើ​ខុស សូម​យើង​មាន​ចិត្ដ​មេត្ដា​ករុណា​ចំពោះ​ពួក​គេ ដូច​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​ដែល​មាន​ចិត្ដ​មេត្ដា​ករុណា​ចំពោះ​យើង។—សូម​អាន ទំនុក​តម្កើង ១០៣:១២​-​១៤