លោតទៅអត្ថបទ

តើ​មាន​ចំណុច​ខ្លះ​ក្នុង​គម្ពីរ​ដែល​ផ្ទុយ​គ្នា​ឬ​ទេ?

តើ​មាន​ចំណុច​ខ្លះ​ក្នុង​គម្ពីរ​ដែល​ផ្ទុយ​គ្នា​ឬ​ទេ?

ចម្លើយ​ពី​គម្ពីរ

 អត់​ទេ គម្ពីរ​ទាំង​មូល​គឺ​ស្រប​គ្នា។ ទោះ​បី​ជា​ផ្នែក​ខ្លះ​ក្នុង​គម្ពីរ​មើល​ទៅ​ផ្ទុយ​គ្នា​ក៏​ដោយ តែ​យើង​នឹង​យល់​កាន់​តែ​ច្បាស់​អំពី​អ្វី​ទាំង​នោះ​ពេល​យើង​ធ្វើ​តាម​គោល​ការណ៍​ខ្លះ​ៗ​នៅ​ខាង​ក្រោម​នេះ​៖

  1.  ១. ពិចារណា​អំពី​បរិបទ។ បើ​គេ​ដក​ស្រង់​អ្វី​ដែល​អ្នក​និពន្ធ​ណា​ម្នាក់​បាន​សរសេរ​ដោយ​មិន​គិត​អំពី​បរិបទ នោះ​អ្វី​ដែល​គាត់​បាន​សរសេរ​អាច​មើល​ទៅ​ផ្ទុយ​ពី​គ្នា។

  2.  ២. ពិចារណា​អំពី​ទស្សនៈ​របស់​អ្នក​សរសេរ។ ពេល​ដែល​មនុស្ស​ឃើញ​ព្រឹត្តិការណ៍​មួយ​កើត​ឡើង ពួក​គេ​ម្នាក់​ៗ​អាច​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ ប៉ុន្តែ​ពួក​គេ​ប្រហែល​ជា​មិន​ប្រើ​ពាក្យ​ដូច​គ្នា ឬ​ប្រាប់​អំពី​ព័ត៌មាន​ដូច​គ្នា​ទាំង​ស្រុង​នោះ​ទេ។

  3.  ៣. គិត​អំពី​ប្រវត្តិសាស្ត្រ​និង​ទំនៀម​ទម្លាប់។

  4.  ៤. យល់​អំពី​ពេល​ដែល​គម្ពីរ​ប្រើ​ពាក្យ​ន័យ​ធៀប​និង​ពាក្យ​ន័យ​ត្រង់។

  5.  ៥. គេ​អាច​និយាយ​ថា​បុគ្គល​ម្នាក់​បាន​ធ្វើ​ឬ​សម្រេច​អ្វី​មួយ ទោះ​ជា​គាត់​មិន​បាន​ធ្វើ​ដោយ​ផ្ទាល់​ក៏​ដោយ។ a

  6.  ៦. អាន​គម្ពីរ​ដែល​មាន​ការ​បក​ប្រែ​ត្រឹម​ត្រូវ។

  7.  ៧. ជៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​គម្ពីរ​ស្រប​នឹង​សេចក្ដី​បង្រៀន​ខាង​សាសនា​ដែល​មិន​ត្រឹម​ត្រូវ។

 ឧទាហរណ៍​បន្ត​បន្ទាប់​នេះ​នឹង​បង្ហាញ​អំពី​របៀប​ដែល​គោល​ការណ៍​នៅ​ខាង​លើ​អាច​ជួយ​ពន្យល់​ចំណុច​ខ្លះ​ៗ​ដែល​មើល​ទៅ​ផ្ទុយ​គ្នា​នៅ​ក្នុង​គម្ពីរ។

គោល​ការណ៍​ទី​១​៖ បរិបទ

  បើ​ព្រះ​បាន​សម្រាក​នៅ​ថ្ងៃ​ទី​៧ ហេតុ​អ្វី​គម្ពីរ​ចែង​ថា​លោក​នៅ​តែ​ធ្វើ​ការ​រហូត​ដល់​ឥឡូវ? កំណត់​ហេតុ​នៅ​ដើម​កំណើត​អំពី​ការ​បង្កើត​រៀប​រាប់​ថា​៖​«​នៅ​ថ្ងៃ​ទី​៧ . . . លោក​បាន​សម្រាក​ពី​កិច្ចការ​ទាំង​អស់​»។ យោង​ទៅ​តាម​បរិបទ​នៃ​កំណត់​ហេតុ​នេះ ព្រះ​បាន​សម្រាក​ពី​កិច្ច​ការ​បង្កើត ពោល​គឺ​ការ​បង្កើត​ផែន​ដី និង​ជីវិត​ទាំង​ឡាយ​នៅ​លើ​ផែន​ដី។ (​ដើម​កំណើត ២:២​-​៤​) ដូច្នេះ​ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​ព្រះ​«​នៅ​តែ​ធ្វើ​ការ​រហូត​ដល់​ឥឡូវ​នេះ​»​ លោក​មិន​បាន​និយាយ​ផ្ទុយ​ពី​កំណត់​ហេតុ​នោះ​ទេ ដោយ​សារ​លោក​ចង់​បញ្ជាក់​អំពី​កិច្ច​ការ​ផ្សេង​ទៀត​របស់​ព្រះ។ (​យ៉ូហាន ៥:១៧​) កិច្ច​ការ​របស់​ព្រះ​រួម​មាន​ការ​បណ្ដាល​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ ហើយ​ផ្ដល់​ការ​ណែនាំ​និង​មើល​ថែ​មនុស្សជាតិ។—ចម្រៀង​សរសើរ​ព្រះ ២០:៦; ១០៥:៥; ពេត្រុស​ទី​២ ១:២១

គោល​ការណ៍​ទី​២​និង​ទី​៣​៖ ទស្សនៈ​របស់​អ្នក​សរសេរ​និង​ប្រវត្តិសាស្ត្រ

  តើ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​ដែល​ងងឹត​ភ្នែក​ជា​សះ​ស្បើយ​នៅ​ឯ​ណា? សៀវភៅ​លូកា​បាន​សរសេរ​ថា​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​ដែល​ងងឹត​ភ្នែក​ម្នាក់​ជា​សះ​ស្បើយ​កាល​ដែល​លោក​«​មក​ជិត​ដល់​ក្រុង​យេរីខូ​»​ តែ​សៀវភៅ​ម៉ាថាយ​បាន​សរសេរ​ថា​លោក​បាន​ព្យាបាល​បុរស​ងងឹត​ភ្នែក​ពីរ​នាក់​ពេល​ដែល​លោក​កំពុង​«​ចេញ​ពី​ក្រុង​យេរីខូ​»។ (​លូកា ១៨:៣៥​-​៤៣; ម៉ាថាយ ២០:២៩​-​៣៤​) សៀវភៅ​ទាំង​ពីរ​នេះ​មាន​ព័ត៌មាន​ដែល​ជួយ​យើង​ឲ្យ​យល់​ស្ថានភាព​នៅ​ពេល​នោះ​កាន់​តែ​ច្បាស់។ ម៉ាថាយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំនួន​បុរស​ដែល​នៅ​ទី​នោះ រីឯ​លូកា​ផ្ដោត​អារម្មណ៍​ទៅ​លើ​បុរស​ដែល​បាន​សន្ទនា​ជា​មួយ​លោក​យេស៊ូ។ ស្ដី​អំពី​ទី​កន្លែង​ដែល​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​នេះ បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​ថា​នៅ​សម័យ​លោក​យេស៊ូ យេរីខូ​មាន​ក្រុង​ពីរ គឺ​ក្រុង​ចាស់​និង​ក្រុង​ថ្មី។ ក្រុង​ចាស់​ដែល​បាន​សាង​សង់​ដោយ​ជនជាតិ​យូដា​មាន​ចម្ងាយ​១.៥​គីឡូ​ម៉ែត្រ​ពី​ក្រុង​ថ្មី​ដែល​បាន​សាង​សង់​នៅ​សម័យ​រ៉ូម។ លោក​យេស៊ូ​ប្រហែល​ជា​នៅ​ពាក់​កណ្ដាល​រវាង​ក្រុង​ទាំង​ពីរ​នេះ​ពេល​ដែល​លោក​បាន​ធ្វើ​អព្ភូតហេតុ​នោះ។

គោល​ការណ៍​ទី​៤​៖ ពាក្យ​ន័យ​ធៀប​និង​ពាក្យ​ន័យ​ត្រង់

  តើ​ផែន​ដី​នឹង​ត្រូវ​បំផ្លាញ​ឬ​ទេ? នៅ​អ្នក​ទូន្មាន ១:៤ គម្ពីរ​ចែង​ថា​៖​«​ផែន​ដី​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។ ប៉ុន្តែ​មនុស្ស​ខ្លះ​គិត​ថា នេះ​គឺ​ផ្ទុយ​គ្នា​ពី​បទ​គម្ពីរ​មួយ​ទៀត​ដែល​ចែង​ថា​៖​«​ផែន​ដី​និង​ការ​សព្វសារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ​»។ (​ពេត្រុស​ទី​២ ៣:១០; សមាគម​ព្រះ​គម្ពីរ​កម្ពុជា​) គម្ពីរ​ប្រើ​ពាក្យ​«​ផែន​ដី​»​ក្នុង​ន័យ​ត្រង់​ដោយ​សំដៅ​ទៅ​លើ​ភព​ផែន​ដី​របស់​យើង ប៉ុន្តែ​ពេល​ប្រើ​ពាក្យ​ផែន​ដី​ក្នុង​ន័យ​ធៀប គម្ពីរ​ចង់​សំដៅ​ទៅ​លើ​មនុស្ស​ដែល​រស់​នៅ​លើ​ផែន​ដី​វិញ។ (​ដើម​កំណើត ១:១; ១១:១​) ការ​បំផ្លាញ​«​ផែន​ដី​»​ដែល​បាន​រៀប​រាប់​នៅ​ពេត្រុស​ទី​២ ៣:១០ មិន​មាន​ន័យ​ថា​បំផ្លាញ​ផែន​ដី​ក្នុង​ន័យ​ត្រង់​នោះ​ទេ ប៉ុន្តែ​នេះ​ចង់​សំដៅ​ទៅ​លើ‹ការ​បំផ្លាញ​មនុស្ស​ដែល​មិន​កោត​ខ្លាច​ព្រះ›។—ពេត្រុស​ទី​២ ៣:៧

គោល​ការណ៍​ទី​៥​៖ អ្នក​ដែល​បាន​សម្រេច​អ្វី​មួយ

  នៅ​ក្រុង​កាពើណិម តើ​អ្នក​ណា​បាន​ប្រាប់​លោក​យេស៊ូ​អំពី​សំណូម​ពរ​របស់​នាយ​ទាហាន? ម៉ាថាយ ៨:៥, ៦ ចែង​ថា នាយ​ទាហាន​ម្នាក់​បាន​មក​អង្វរ​លោក​យេស៊ូ រីឯ​លូកា ៧:៣ ចែង​ថា​នាយ​ទាហាន​នោះ​បាន​ចាត់​ពួក​បុរស​ចាស់​ទុំ​ជនជាតិ​យូដា​ខ្លះ​ឲ្យ​ទៅ​ជួប​លោក​យេស៊ូ។ នេះ​មើល​ទៅ​គឺ​ផ្ទុយ​គ្នា តែ​យើង​អាច​យល់​ថា​នោះ​គឺ​ជា​សំណូម​ពរ​របស់​នាយ​ទាហាន តែ​គាត់​មិន​បាន​ទៅ​ជួប​លោក​យេស៊ូ​ដោយ​ផ្ទាល់​ទេ គាត់​បាន​ចាត់​ពួក​បុរស​ចាស់​ទុំ​ឲ្យ​ទៅ​ជួប​លោក​យេស៊ូ​ជា​តំណាង​របស់​គាត់។

គោល​ការណ៍​ទី​៦​៖ សេចក្ដី​បក​ប្រែ​គម្ពីរ​ដែល​ត្រឹម​ត្រូវ

  តើ​យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង​ឬ​ទេ? គម្ពីរ​បង្រៀន​ថា​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​នេះ​តាម​រយៈ​បុរស​ដំបូង ពោល​គឺ​អាដាម។ (​រ៉ូម ៥:១២​) សេចក្ដី​បក​ប្រែ​ខ្លះ​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា​គម្ពីរ​មាន​សេចក្ដី​បង្រៀន​ផ្ទុយ​គ្នា ដោយ​បក​ថា​មនុស្ស​ល្អ​«​មិន​ប្រព្រឹត្ត​អំពើ​បាប​»​ ឬ​«​មិន​ដែល​ធ្វើ​បាប​ទេ​»។ (​យ៉ូហាន​ទី​១ ៣:៦; ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; សមាគម​ព្រះ​គម្ពីរ​កម្ពុជា​) ប៉ុន្តែ ក្នុង​ភាសា​ដើម កិរិយាសព្ទ​ភាសា​ក្រិច​សម្រាប់​ពាក្យ​«​អំពើ​ខុស​ឆ្គង​»​ បង្កប់​អត្ថន័យ​ថា នេះ​គឺ​ជា​អ្វី​មួយ​ដែល​កំពុង​តែ​កើត​ឡើង។ ភាព​ខុស​ឆ្គង​ដែល​យើង​បាន​ទទួល​ពី​អាដាម​ដែល​យើង​មិន​អាច​គេច​ផុត​បាន គឺ​ខុស​គ្នា​ពី​អំពើ​ខុស​ឆ្គង​ដែល​មក​ពី​ការ​មិន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ដោយ​ចេតនា។ ដូច្នេះ សេចក្ដី​បក​ប្រែ​ឯ​ទៀត​ជួយ​ឲ្យ​លែង​មាន​ការ​យល់​ច្រឡំ​នេះ ដោយ​ប្រើ​ពាក្យ​ត្រឹម​ត្រូវ​ដែល​ថា មនុស្ស​ល្អ​«​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទេ​»។—សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

គោល​ការណ៍​ទី​៧​៖ សេចក្ដី​បង្រៀន​ពី​គម្ពីរ​ជា​ជាង​សេចក្ដី​បង្រៀន​របស់​សាសនា

  តើ​លោក​យេស៊ូ​មាន​ឋានៈ​ស្មើ​នឹង​ព្រះ​ឬ​ទាប​ជាង? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖​«​ខ្ញុំ​និង​បិតា​នៅ​ស្ថាន​សួគ៌​គឺ​តែ​មួយ​»​ ហើយ​នេះ​ស្ដាប់​ទៅ​គឺ​ផ្ទុយ​គ្នា​ពី​ពាក្យ​របស់​លោក​ដែល​ថា​៖​«​បិតា​នៅ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​ខ្ញុំ​»។ (​យ៉ូហាន ១០:៣០; ១៤:២៨​) ដើម្បី​យល់​បទ​គម្ពីរ​ទាំង​នេះ យើង​ត្រូវ​ពិនិត្យ​មើល​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ ជា​ជាង​ព្យាយាម​ធ្វើ​ឲ្យ​បទ​គម្ពីរ​ស្រប​គ្នា​នឹង​សេចក្ដី​បង្រៀន​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ ដែល​មិន​មាន​មូលដ្ឋាន​ទៅ​លើ​គម្ពីរ។ គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ជា​បិតា​របស់​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​ព្រះ​របស់​លោក​យេស៊ូ​ដែរ និង​ជា​បុគ្គល​ដែល​លោក​យេស៊ូ​គោរព​ប្រណិប័តន៍។ (​ម៉ាថាយ ៤:១០; ម៉ាកុស ១៥:៣៤; យ៉ូហាន ១៧:៣; ២០:១៧; កូរិនថូស​ទី​២ ១:៣​) ដូច្នេះ លោក​យេស៊ូ​មិន​មាន​ឋានៈ​ស្មើ​នឹង​ព្រះ​ទេ។

 ដោយ​ពិនិត្យ​មើល​បរិបទ យើង​ឃើញ​ថា​ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖​«​ខ្ញុំ​និង​បិតា​នៅ​ស្ថាន​សួគ៌​គឺ​តែ​មួយ​»​ លោក​ចង់​បញ្ជាក់​ថា​លោក​មាន​គោល​បំណង​ដូច​បិតា​របស់​លោក គឺ​ព្រះ​យេហូវ៉ា។ ក្រោយ​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖​«​បិតា​នៅ​ស្ថាន​សួគ៌​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​រួប​រួម​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​យ៉ូហាន ១០:៣៨​) លោក​យេស៊ូ​ក៏​មាន​គោល​បំណង​ដូច​អ្នក​កាន់​តាម​លោក​ដែរ ដោយ​សារ​លោក​អធិដ្ឋាន​ទៅ​ព្រះ​អំពី​ពួក​គាត់​ថា​៖​«​ខ្ញុំ​បាន​តម្កើង​ពួក​គាត់ ដូច​លោក​បាន​តម្កើង​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​ពួក​គាត់​រួម​គ្នា​តែ​មួយ ដូច​យើង​រួម​គ្នា​តែ​មួយ។ ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​ពួក​គាត់ ហើយ​លោក​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​»។—យ៉ូហាន ១៧:២២, ២៣

a ជា​ឧទាហរណ៍ សព្វវចនាធិប្បាយ​ប៊្រីធែណ​នី​កា​បាន​រៀប​រាប់​អំពី​ប្រាសាទ​បុរាណ​តាច ម៉ាហាល (​Taj Mahal) ថា​៖​«​ប្រាសាទ​នេះ​បាន​ត្រូវ​សាង​សង់​ដោយ​អធិរាជ​មូហ្គល​ម្នាក់ ឈ្មោះ​សា​ចាហាន​»។ តែ​តាម​ពិត គាត់​មិន​បាន​សាង​សង់​ប្រាសាទ​នេះ​ដោយ​ខ្លួន​ឯង​ទេ។ អត្ថបទ​ពី​សព្វវចនាធិប្បាយ​នោះ​បាន​បន្ថែម​ថា​៖​«​មាន​កម្មករ​ច្រើន​ជាង​២០.០០០​នាក់​»​ដែល​បាន​ធ្វើ​កិច្ច​ការ​សាង​សង់​នេះ។