លោតទៅអត្ថបទ

ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​នៅ​តែ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដែល​ធ្លាប់​និយាយ​ថា«ខ្ញុំ​មិន​ចាប់​អារម្មណ៍»?

ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​នៅ​តែ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដែល​ធ្លាប់​និយាយ​ថា«ខ្ញុំ​មិន​ចាប់​អារម្មណ៍»?

 សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង ជំរុញ​ចិត្ត​សាក្សី​ព្រះ​យេហូវ៉ា​ឲ្យ​ចែក​រំលែក​ព័ត៌មាន​ក្នុង​គម្ពីរ​ដល់​មនុស្ស​ទាំង​អស់ នេះ​រួម​បញ្ចូល​អ្នក​ដែល​ធ្លាប់​និយាយ​ថា​«​ខ្ញុំ​មិន​ចាប់​អារម្មណ៍​»​ផង​ដែរ។ (​ម៉ាថាយ ២២:៣៧​-​៣៩​) ដោយ​សារ​យើង​ស្រឡាញ់​ព្រះ នោះ​យើង​ចង់​ស្ដាប់​បង្គាប់​បុត្រ​របស់​លោក​ដែល​ឲ្យ​យើង​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​»។ (​សកម្មភាព ១០:៤២; យ៉ូហាន​ទី​១ ៥:៣​) ដើម្បី​ធ្វើ​ដូច្នេះ យើង​ប្រាប់​ដំណឹង​របស់​ព្រះ​ដល់​មនុស្ស​អស់​ជា​ច្រើន​ដង ដូច​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ពី​សម័យ​បុរាណ​ធ្លាប់​ធ្វើ​ដែរ។ (​យេរេមា ២៥:៤​) ដោយ​សារ​យើង​ស្រឡាញ់​អ្នក​ជិត​ខាង យើង​ព្យាយាម​ចែក​រំលែក‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›ដល់​ពួក​គេ ព្រោះ​នេះ​ជា​ដំណឹង​ដែល​អាច​សង្គ្រោះ​ជីវិត​របស់​ពួក​គេ។ យើង​ចែក​រំលែក​ដំណឹង​ល្អ​ដល់​មនុស្ស​ទាំង​អស់ រួម​ទាំង​អ្នក​ដែល​មិន​ចាប់​អារម្មណ៍​ដែរ។—ម៉ាថាយ ២៤:១៤

 ជា​ញឹក​ញយ ពេល​យើង​ត្រឡប់​ទៅ​ផ្ទះ​ដែល​ពី​មុន​មិន​ចាប់​អារម្មណ៍ យើង​ជួប​អ្នក​ចាប់​អារម្មណ៍។ សូម​ពិចារណា​មូលហេតុ​បី​យ៉ាង​៖

  •   គេ​រើ​ផ្ទះ មាន​ម្ចាស់​ផ្ទះ​ផ្សេង។

  •   អ្នក​ឯ​ទៀត​នៅ​ក្នុង​ផ្ទះ​នោះ​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ដំណឹង​របស់​យើង។

  •   មនុស្ស​អាច​ផ្លាស់​ប្ដូរ​គំនិត។ ដោយ​សារ​ព្រឹត្តិការណ៍​ពិភព​លោក​ឬ​កាលៈទេសៈ​ផ្ទាល់​ខ្លួន អាច​នាំ​ឲ្យ​អ្នក​ខ្លះ​ចាប់​ផ្ដើម​«​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​»​ ហើយ​ចាប់​អារម្មណ៍​ដំណឹង​ក្នុង​គម្ពីរ។ (​ម៉ាថាយ ៥:៣​) សូម្បី​តែ​អ្នក​ទាំង​នោះ​ធ្លាប់​ប្រឆាំង ក៏​អាច​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​បាន​ដែរ ដូច​បទ​ពិសោធន៍​របស់​សាវ័ក​ប៉ូល។—ធីម៉ូថេ​ទី​១ ១:១៣

 ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​មិន​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​ទទួល​យក​ដំណឹង​ដែល​យើង​ផ្សាយ​ទេ។ (​ពេត្រុស​ទី​១ ៣:១៥​) យើង​ជឿ​ថា​មនុស្ស​ម្នាក់​ៗ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​អំពី​រឿង​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ។—ការ​បំភ្លឺ​ច្បាប់ ៣០:១៩, ២០