លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១

តើ​មាន​ដំណឹង​ល្អ​អ្វី?

តើ​មាន​ដំណឹង​ល្អ​អ្វី?

១​. តើ​ព្រះ​មាន​ដំណឹង​អ្វី?

ព្រះ​ចង់​ឲ្យ​មនុស្ស​មាន​ជីវិត​រីក​រាយ​នៅ​ផែន​ដី។ ដោយ​សារ​លោក​ស្រឡាញ់​មនុស្ស​ជាតិ លោក​បាន​បង្កើត​ផែន​ដី និង​របស់​ទាំង​អស់​ដែល​មាន​នៅ​ផែន​ដី។ បន្តិច​ទៀត លោក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទូ​ទាំង​ផែន​ដី​មាន​អនាគត​ដ៏​ល្អ​ប្រសើរ។ លោក​នឹង​បំបាត់​ចោល​នូវ​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា។—សូម​អាន យេរេមា ២៩:១១

យើង​ដឹង​ថា មិន​ធ្លាប់​មាន​រដ្ឋាភិបាល​ណា​មួយ​ដែល​អាច​បំបាត់​ចោល​ទាំង​ស្រុង​នូវ​អំពើ​ហិង្សា ជំងឺ ឬ​សេចក្ដី​ស្លាប់​ឡើយ។ ប៉ុន្តែ មាន​ដំណឹង​ល្អ​សម្រាប់​យើង គឺ​បន្តិច​ទៀត ព្រះ​នឹង​បំបាត់​ចោល​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស ហើយ​ជំនួស​វិញ​ដោយ​រដ្ឋាភិបាល​របស់​លោក។ ពេល​នោះ​រាស្ដ្រ​របស់​លោក​នឹង​មាន​សេចក្ដី​សុខ​សាន្ត ហើយ​មាន​សុខភាព​ល្អ។—សូម​អាន អេសាយ ២៥:៨; ៣៣:២៤; ដា​នី​យ៉ែល ២:៤៤

២​. ហេតុ​អ្វី​ដំណឹង​ល្អ​នោះ​សំខាន់​ម៉្លេះ​នៅ​សព្វ​ថ្ងៃ​នេះ?

ព្រះ​នឹង​បំផ្លាញ​ចោល​មនុស្ស​អាក្រក់​ពី​ផែន​ដី។ នេះ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​បំបាត់​ចោល​នូវ​ទុក្ខ​វេទនា​ទាំង​អស់។ (​សេផានា ២:៣​) តើ​ពេល​ណា​ដែល​លោក​នឹង​ធ្វើ​ដូច្នេះ? បណ្ដាំ​របស់​ព្រះ​បាន​ទាយ​អំពី​ស្ថានភាព​ផ្សេង​ៗ​ដែល​កំពុង​យាយី​មនុស្ស​ជាតិ​នៅ​សព្វ​ថ្ងៃ​នេះ។ អំពើ​អាក្រក់​ជា​ច្រើន​ដែល​កំពុង​កើត​ឡើង​នៅ​ផែន​ដី​បញ្ជាក់​ឲ្យ​ឃើញ​ថា ពេល​ដែល​ព្រះ​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​គឺ​ជិត​មក​ដល់​ហើយ។—សូម​អាន ធីម៉ូថេ​ទី២ ៣:១​-​៥

៣​. តើ​យើង​គួរ​ធ្វើ​អ្វី?

យើង​គួរ​រៀន​អំពី​ព្រះ​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ គម្ពីរ​ប្រៀប​ដូច​ជា​សំបុត្រ​មួយ​ដែល​យើង​បាន​ទទួល​ពី​បិតា​ដែល​ស្រឡាញ់​យើង។ គម្ពីរ​ប្រាប់​យើង​អំពី​របៀប​ដែល​យើង​អាច​មាន​ជីវិត​ដ៏​ប្រសើរ​ជាង​នៅ​ឥឡូវ​នេះ និង​របៀប​ដែល​យើង​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែន​ដី​នា​អនាគត។ មនុស្ស​ខ្លះ​ប្រាកដ​ជា​មិន​ចូល​ចិត្ត​ទេ កាល​ដែល​ឃើញ​លោក​អ្នក​កំពុង​ទទួល​ជំនួយ​ដើម្បី​យល់​អំពី​គម្ពីរ​នោះ។ ក៏​ប៉ុន្តែ លោក​អ្នក​មិន​គួរ​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​លោក​អ្នក​ធ្លាក់​ទឹក​ចិត្ត ហើយ​បាត់​បង់​ឱកាស​ដ៏​ល្អ​អស្ចារ្យ​នេះ​ឡើយ។—សូម​អាន សុភាសិត ២៩:២៥; ការ​បើក​បង្ហាញ ១៤:៦, ៧