លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីសំណួរនេះសំខាន់?

ហេតុអ្វីសំណួរនេះសំខាន់?

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​យើង​ត្រូវ​ការ​ព្រះ​ទេ?

ហេតុ​អ្វី​សំណួរ​នេះ​សំខាន់?

ថ្មី​ៗ​នេះ​មាន​ស្លាក​ធំ​មួយ​ដែល​សរសេរ​ថា​៖ ​«​មនុស្ស​រាប់​លាន​នាក់​គិត​ថា​ខ្លួន​មិន​ត្រូវ​ការ​ព្រះ​ទេ។ ចុះ​អ្នក​វិញ?​»។ ក្រុម​អ្នក​មិន​ជឿ​ថា​មាន​ព្រះ​បាន​បង់​លុយ​ឲ្យ​គេ​ដាក់​ស្លាក​នេះ។ តាម​មើល​ទៅ ពួក​គេ​គិត​ថា​ខ្លួន​មិន​ត្រូវ​ការ​ព្រះ​សោះ។

មួយ​វិញ​ទៀត មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា​ជឿ​ព្រះ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​ហាក់​ដូច​ជា​គ្មាន​ព្រះ​ទេ។ មេ​អេវ៉ែក​ក្នុង​សាសនា​កាតូលិក​ម្នាក់​ឈ្មោះ​សាល់វ៉ាតូរ៉េ ហ្វីស្ស៊ីគែឡា បាន​និយាយ​អំពី​សមាជិក​របស់​វិហារ​គាត់​ថា​៖ ​«​សព្វ​ថ្ងៃ​នេះ ពេល​គេ​មើល​មក​យើង ប្រហែល​គ្មាន​អ្នក​ណា​ស្គាល់​ថា​យើង​ជា​គ្រិស្ត​សាសនិក​ទេ ពីព្រោះ​របៀប​រស់​នៅ​របស់​យើង​ដូច​ជា​អ្នក​ដែល​មិន​ជឿ​ព្រះ​»។

អ្នក​ខ្លះ​រវល់​ពេក​គ្មាន​ពេល​គិត​អំពី​ព្រះ។ ពួក​គេ​គិត​ថា​ព្រះ​នៅ​ឆ្ងាយ​ពេក​ឬ​លោក​មិន​អាច​ជួយ​ពួក​គេ​បាន​ឡើយ។ យ៉ាង​ច្រើន បុគ្គល​បែប​នេះ​រក​ព្រះ​នៅ​ពេល​ដែល​ពួក​គេ​មាន​បញ្ហា​ឬ​ត្រូវ​ការ​អ្វី​មួយ​ប៉ុណ្ណោះ ពោល​គឺ​ពួក​គេ​ចាត់​ទុក​លោក​ដូច​ជា​អ្នក​បម្រើ​ដែល​ចង់​ហៅ​ពេល​ណា​ក៏​បាន។

អ្នក​ខ្លះ​ទៀត​មិន​ធ្វើ​តាម​សេចក្ដី​បង្រៀន​ខាង​សាសនា​របស់​ពួក​គេ​ទេ ប្រហែល​ដោយ​សារ​ពួក​គេ​មិន​គិត​ថា​សេចក្ដី​បង្រៀន​ទាំង​នោះ​មាន​ប្រយោជន៍​ឡើយ។ ឧទាហរណ៍​មួយ នៅ​ប្រទេស​អាឡឺម៉ង់​អ្នក​កាន់​សាសនា​កាតូលិក​៧៦​ភាគ​រយ​គិត​ថា បុរស​និង​ស្ត្រី​អាច​រួម​រស់​ជា​មួយ​គ្នា​បាន​មុន​រៀប​ការ។ ទស្សនៈ​នេះ​ផ្ទុយ​ពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ផង​និង​វិហារ​ផង។ (​កូរិនថូសទី១ ៦:១៨; ហេប្រឺ ១៣:៤​) ប៉ុន្តែ មិន​គ្រាន់តែ​អ្នក​កាន់​សាសនា​កាតូលិក​ប៉ុណ្ណោះ​ទេ​ដែល​ឃើញ​ថា សមាជិក​របស់​ខ្លួន​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​បង្រៀន​របស់​សាសនា​ខ្លួន តែ​បព្វជិត​ពី​សាសនា​ឯ​ទៀត​ក៏​និយាយ​ទាំង​សោកស្ដាយ​ថា សមាជិក​របស់​ពួក​គេ​ក៏​ប្រព្រឹត្ត​ដូច​«​ពួក​អ្នក​ដែល​មិន​ជឿ​ថា​មាន​ព្រះ​»​ដែរ។

ជា​ការ​សម​ហេតុ​ផល​ដែល​ឧទាហរណ៍​ទាំង​នេះ​ធ្វើ​ឲ្យ​ឆ្ងល់​ថា: តើ​យើង​ពិត​ជា​ត្រូវ​ការ​ព្រះ​ទេ? នេះ​មិន​មែន​ជា​សំណួរ​ថ្មី​ទេ ព្រោះ​សំណួរ​នេះ​ក៏​បាន​ត្រូវ​លើក​ឡើង​ក្នុង​កំណត់​ហេតុ​ដំបូង​ក្នុង​គម្ពីរ​ដែរ។ ដើម្បី​រក​ចម្លើយ​ចំពោះ​សំណួរ​នេះ សូម​ឲ្យ​យើង​ពិចារណា​រឿង​មួយ​ចំនួន​ដែល​បាន​ត្រូវ​លើក​ឡើង​ក្នុង​គម្ពីរ​នៅ​សៀវភៅ​លោកុប្បត្តិ។

[រូបភាព​នៅ​ទំព័រ​៣]