លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែប្រែ​ជីវិត

«​ពួក​គាត់​ចង់​ឲ្យ​ខ្ញុំ​ស្វែង​យល់​សេចក្ដី​ពិត​ដោយ​ខ្លួន​ឯង​»​

រៀប​រាប់​ដោយ លូអ៊ីស អាលេហ្វន់សូ

ឆ្នាំ​កំណើត: ១៩៨២

ប្រទេស​កំណើត: សាធារណរដ្ឋដូមីនីកាំង

ប្រវត្ដិ: បាន​ធំ​ឡើង​ក្នុង​សាសនា​មរមន

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​បាន​កើត​នៅ​សាន់តូ ដូមីងកូ សាធារណរដ្ឋដូមីនីកាំង។ ខ្ញុំ​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​បួន​នាក់។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​មាន​ការ​អប់រំ​ខ្ពស់ និង​ចង់​ឲ្យ​ពួក​យើង​ធំ​ឡើង​ក្នុង​ចំណោម​មនុស្ស​ល្អ​និង​ទៀង​ត្រង់។ បួន​ឆ្នាំ​មុន​ដែល​ខ្ញុំ​កើត ឪពុក​ម្ដាយ​ខ្ញុំ​បាន​ជួប​សាសនទូត​មរមន។ ឪពុក​ម្ដាយ​ខ្ញុំ​បាន​កោត​ស្ងើច​កាល​ដែល​ឃើញ​យុវជន​សាសនា​មរមន​ស្លៀក​ពាក់​ស្អាត​បាត ហើយ​មាន​សុជីវធម៌។ មិន​យូរ​ប៉ុន្មាន​ពួក​គាត់​បាន​សម្រេច​ចិត្ត​ថា គ្រួសារ​យើង​នឹង​ចូល​ជា​សមាជិក​វិហារ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឬ​វិហារ​មរមន។ យើង​នៅ​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ដែល​ចូល​មុន​គេ។

ពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​ចូល​ចិត្ត​ពិធី​ជួប​ជុំ​កម្សាន្ត​នៅ​ឯ​វិហារ និង​សេចក្ដី​បង្រៀន​របស់​មរមន​ដែល​បញ្ជាក់​អំពី​ជីវិត​គ្រួសារ​និង​គោលការណ៍​សីលធម៌។ ខ្ញុំ​មាន​មោទនភាព​ជា​អ្នក​កាន់​សាសនា​មរមន និង​មាន​គោលដៅ​ចង់​ក្លាយ​ជា​សាសនទូត។

ពេល​ខ្ញុំ​អាយុ​១៨​ឆ្នាំ ក្រុម​គ្រួសារ​របស់​ខ្ញុំ​ប្ដូរ​ទៅ​រស់​នៅ​សហរដ្ឋអាម៉េរិក ដើម្បី​ខ្ញុំ​អាច​បន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ល្អ​បាន។ ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក ម្ដាយ​មីង​និង​ឪពុកមា​របស់​ខ្ញុំ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​មក​លេង​យើង​នៅ​រដ្ឋ​ហ្ល័ររីដា។ ពួក​គាត់​អញ្ជើញ​ពួក​យើង​ឲ្យ​ចូល​រួម​មហាសន្និបាត​ដែល​បង្រៀន​អំពី​គម្ពីរ។ ខ្ញុំ​មាន​ចិត្ត​កោត​ស្ងើច​ដែល​មនុស្ស​នៅ​ជុំ​វិញ​ខ្ញុំ​បើក​មើល​បទ​គម្ពីរ និង​កត់​កំណត់។ ឃើញ​ដូច្នេះ​ខ្ញុំ​បាន​សុំ​ក្រដាស​និង​ប៊ិច រួច​ធ្វើ​ដូច​ពួក​គាត់​ដែរ។

ក្រោយ​មហាសន្និបាត​នោះ ម្ដាយ​មីង​និង​ឪពុកមា​របស់​ខ្ញុំ​និយាយ​ថា​ពួក​គាត់​អាច​ជួយ​ខ្ញុំ​ឲ្យ​រៀន​អំពី​គម្ពីរ ដោយ​ឃើញ​ថា​ខ្ញុំ​ចាប់​អារម្មណ៍​ចង់​ធ្វើ​ជា​សាសនទូត។ ខ្ញុំ​គិត​ថា​នេះ​ជា​គំនិត​ល្អ​មែន ពីព្រោះ​នៅ​ពេល​នោះ​ខ្ញុំ​ស្គាល់​សៀវភៅ​មរមន​ជាង​ស្គាល់​គម្ពីរ។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែប្រែ​ជីវិត: ក្នុង​អំឡុង​ពេល​ដែល​យើង​ពិគ្រោះ​គ្នា​អំពី​គម្ពីរ​តាម​ទូរស័ព្ទ ម្ដាយ​មីង​និង​ឪពុកមា​របស់​ខ្ញុំ​តែង​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ប្រៀប​ធៀប​អ្វី​ដែល​ខ្ញុំ​ជឿ​ទៅ​នឹង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ ពួក​គាត់​ចង់​ឲ្យ​ខ្ញុំ​ស្វែង​យល់​សេចក្ដី​ពិត​ដោយ​ខ្លួន​ឯង។

ខ្ញុំ​យល់​ស្រប​នឹង​អ្វី​ៗ​ជា​ច្រើន​នៃ​ជំនឿ​របស់​សាសនា​មរមន។ ប៉ុន្តែ ខ្ញុំ​មិន​ទាន់​ច្បាស់​ថា​គំនិត​ទាំង​អស់​នោះ​ស្រប​គ្នា​នឹង​អ្វី​ដែល​មាន​ក្នុង​គម្ពីរ​នៅ​ឡើយ​ទេ។ ម្ដាយ​មីង​ខ្ញុំ​ផ្ញើ​ទស្សនាវដ្ដី​ភ្ញាក់​រឭក!(​Awake!​)ឲ្យ​ខ្ញុំ​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៥ បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ក្នុង​នោះ​មាន​អត្ថបទ​ខ្លះ​និយាយ​អំពី​ជំនឿ​របស់​សាសនា​មរមន។ ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​ដោយ​សារ​មាន​សេចក្ដី​បង្រៀន​ជា​ច្រើន​របស់​សាសនា​មរមន​ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង។ នោះ​ជំរុញ​ខ្ញុំ​ឲ្យ​ស្រាវជ្រាវ​តាម​រយៈ​គេហទំព័រ​របស់​ពួក​មរមន​ដើម្បី​ឲ្យ​ច្បាស់​ថា​អ្វី​ដែល​បាន​រៀប​រាប់​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ជា​ការ​ពិត។ ពេល​ដែល​ខ្ញុំ​ទៅ​លេង​សារមន្ទីរ​នៅ​រដ្ឋ​យូថា ខ្ញុំ​បាន​ឃើញ​កាន់​តែ​ច្បាស់​ថា​អ្វី​ដែល​បាន​រៀប​រាប់​ក្នុង​ទស្សនាវដ្ដី​នោះ គឺជា​ការ​ពិត​មែន។

ខ្ញុំ​ធ្លាប់​តែ​ជឿ​ថា​សៀវភៅ​មរមន​និង​គម្ពីរ​មិន​ប្រឆាំង​គ្នា​ទេ។ ក៏​ប៉ុន្តែ ពេល​ខ្ញុំ​ចាប់​ផ្ដើម​អាន​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​ខ្ញុំ​បាន​សង្កេត​ឃើញ​ភាព​មិន​ស្រប​គ្នា​រវាង​សេចក្ដី​បង្រៀន​របស់​មរមន​និង​អ្វី​ដែល​ចែង​ក្នុង​គម្ពីរ។ ឧទាហរណ៍ ក្នុង​គម្ពីរ​នៅ​សៀវភៅ​អេសេគាល ១៨:៤​ចែង​ថា ព្រលឹង​ស្លាប់។ ផ្ទុយ​ទៅ​វិញ សៀវភៅ​មរមន នៅ​អាលម៉ា ៤២:​៩​ចែង​ថា​៖ ​«​ព្រលឹង​ពុំ​អាច​ស្លាប់​ឡើយ​»។

បន្ថែម​ទៅ​លើ​សេចក្ដី​បង្រៀន​ដែល​មិន​ស្រប​គ្នា ខ្ញុំ​ច្របូកច្របល់​អំពី​គំនិត​ជាតិ​និយម​ដែល​បង្រៀន​ដោយ​ពួក​មរមន។ ជា​ឧទាហរណ៍ ពួក​មរមន​បាន​បង្រៀន​ថា​ពី​ដើម​សួន​ច្បារ​អេដែន​ស្ថិត​នៅ​ចាក​សិន​ខោ​នទី រដ្ឋ​មីហ្សូរី សហរដ្ឋអាម៉េរិក។ បន្ថែម​ទៀត អ្នក​ដឹក​នាំ​សាសនា​បង្រៀន​ថា ​«​នគរ​ព្រះ​នឹង​គ្រប់​គ្រង​តាម​រយៈ​សហរដ្ឋអាម៉េរិក​ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​សេរីភាព​និង​សិទ្ធ​ស្មើ​ភាព​គ្នា​»។

ខ្ញុំ​មាន​ការ​សង្ស័យ​អំពី​អ្វី​ដែល​ពួក​មរមន​បង្រៀន​ថា​នឹង​កើត​ឡើង​ដល់​ប្រទេស​ខ្ញុំ​និង​ប្រទេស​ផ្សេង​ៗ​ទៀត។ នៅ​ល្ងាច​មួយ ពេល​ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ពី​ប្អូន​ប្រុស​មរមន​ម្នាក់​ដែល​កំពុង​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​ធ្វើ​ជា​សាសនទូត ខ្ញុំ​បាន​និយាយ​អំពី​រឿង​នេះ។ ខ្ញុំ​បាន​សួរ​គាត់​ចំ​ៗ​ថា បើ​ប្រទេស​របស់​គាត់​ធ្វើសង្គ្រាម​ជា​មួយ​ប្រទេស​របស់​ពួក​គេ តើ​គាត់​នឹង​ប្រយុទ្ធ​ជា​មួយ​អ្នក​ជឿ​គ្នីគ្នា​របស់​គាត់​ទេ? ខ្ញុំ​ភ្ញាក់​ផ្អើល​ពេល​គាត់​ឆ្លើយ​ថា​បាទ! ខ្ញុំ​ស្រាវជ្រាវ​បន្ថែម​ទៀត​អំពី​សេចក្ដី​បង្រៀន​នៃ​ជំនឿ​របស់​ខ្ញុំ និង​សុំ​យោបល់​ពី​អ្នក​ដឹក​នាំ​វិហារ​មរមន។ ពួក​គេ​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ​ថា ថ្ងៃ​មួយ​សំណួរ​របស់​ខ្ញុំ​និង​អាថ៌​កំបាំង​ផ្សេង​ទៀត​នឹង​បាន​ត្រូវ​ដោះ​ស្រាយ​ដូច​ជា​ពន្លឺ​ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង។

ខ្ញុំ​ខក​ចិត្ត​នឹង​ការ​បក​ស្រាយ​របស់​ពួក​មរមន។ ដូច្នេះ ខ្ញុំ​បាន​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ខ្លួន​ខ្ញុំ​និង​មូលហេតុ​ដែល​ខ្ញុំ​ចង់​ធ្វើ​ជា​សាសនទូត​មរមន។ ខ្ញុំ​ទទួល​ស្គាល់​ថា មូលហេតុ​មួយ​ដែល​ខ្ញុំ​ចង់​ធ្វើ​ជា​សាសនទូត ព្រោះ​ខ្ញុំ​ចង់​ជួយ​មនុស្ស​ឯ​ទៀត។ មូលហេតុ​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​ធ្វើ​ជា​សាសនទូត ដោយ​សារ​មនុស្ស​នឹង​គោរព​ខ្ញុំ។ ក៏​ប៉ុន្តែ អ្វី​ដែល​ព្រះ​ចូល​ចិត្ត ខ្ញុំ​ពិត​ជា​មិន​បាន​ដឹង​ច្រើន​អំពី​លោក​ទេ។ ថ្វី​បើ​ពី​មុន​ខ្ញុំ​បាន​ពិនិត្យ​មើល​គម្ពីរ​ច្រើន​ដង​ច្រើន​សា​ក្ដី តែ​ខ្ញុំ​មិន​បាន​ឲ្យ​តម្លៃ​គម្ពីរ​ទាល់​តែ​សោះ។ ខ្ញុំ​មិន​បាន​ដឹង​អ្វី​សោះ​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី​និង​មនុស្ស​ជាតិ។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: តាម​រយៈ​ការ​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​រៀន​អ្វី​ៗ​ជា​ច្រើន ក្នុង​នោះ​ខ្ញុំ​បាន​រៀន​អំពី​នាម​របស់​ព្រះ អ្វី​ដែល​នឹង​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់ និង​តួនាទី​របស់​លោក​យេស៊ូ​ក្នុង​ការ​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ។ នៅ​ទី​បំផុត ខ្ញុំ​បាន​ស្គាល់​សៀវភៅ​ដ៏​អស្ចារ្យ​នេះ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​និយាយ​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​សេចក្ដី​ពិត។ ខ្ញុំ​បាន​ដឹង​ថា​មាន​ព្រះ ប៉ុន្តែ ឥឡូវ​ខ្ញុំ​អាច​និយាយ​ទៅ​លោក​តាម​រយៈ​សេចក្ដី​អធិដ្ឋាន​ដូច​ជា​និយាយ​ជា​មួយ​មិត្ត​ដ៏​ល្អ​របស់​ខ្ញុំ។ ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០០៤។ ប្រាំមួយ​ខែ​ក្រោយ​មក​ខ្ញុំ​ចាប់​ផ្ដើម​បម្រើ​ពេញ​ពេល​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ជា​គ្រិស្ត​សាសនិក។

អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ ខ្ញុំ​បាន​បម្រើ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ប៊្រុគ្លីន​រដ្ឋ​ញូវ​យ៉ក។ ខ្ញុំ​មាន​អំណរ​យ៉ាង​ក្រៃ​លែង​ដែល​ខ្ញុំ​អាច​រួម​ចំណែក​ក្នុង​ការ​ផលិត​គម្ពីរ និង​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដែល​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​អាច​ទទួល​ប្រយោជន៍ ហើយ​ខ្ញុំ​រក្សា​អំណរ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា។

[​រូបភាព​នៅ​ទំព័រ​៨​]

[​រូបភាព​នៅ​ទំព័រ​៩​]