តើគម្ពីរហាមមិនឲ្យលេងល្បែងស៊ីសងឬទេ?

តើគម្ពីរហាមមិនឲ្យលេងល្បែងស៊ីសងឬទេ?

តើ​គម្ពីរ​ហាម​មិន​ឲ្យ​លេង​ល្បែង​ស៊ីសង​ឬ​ទេ?

រឿង​ ល្បី​ៗ​និង​កម្មវិធី​ទូរទស្សន៍​ច្រើន​តែ​បង្ហាញ​អំពី​ការ​លេង​ល្បែង​ស៊ីសង ជា​ពិសេស​នៅ​ក្នុង​កាស៊ីណូ ដែល​ជា​ការ​កម្សាន្ត​របស់​អ្នក​មាន​សម្ផស្ស​ស្អាត សេដ្ឋី និង​មនុស្ស​ដែល​ទាន់​សម័យ។ តាម​ពិត មនុស្ស​ទូទៅ​ដែល​មើល​ខ្សែ​ភាពយន្ត​នោះ កត់​សម្គាល់​ថា​នេះ​គ្រាន់តែ​ជា​រឿង​ប្រឌិត​ឬ​ជា​គំនិត​រវើរវាយ​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ក្នុង​ជីវិត​ពិត ក្រៅ​ពី​លេង​ល្បែង​ក្នុង​កាស៊ីណូ មនុស្ស​អាច​លេង​ល្បែង​ស៊ីសង​តាម​រយៈ​ការ​ចាក់​ឆ្នោត ចាក់​បាល់ ការ​លេង​បៀ​ដាក់​លុយ និង​ការ​លេង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ដើម។ សៀវភៅ​មួយ​ដែល​រៀប​រាប់​អំពី​ការ​លេង​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​រៀប​រាប់​ថា ការ​លេង​ល្បែង​ស៊ីសង​«​ស្ទើរតែ​ជា​អំពើ​អបាយមុខ​មួយ​ដែល​កំពុង​ទាក់​ទាញ​ចិត្ត​មនុស្ស​យ៉ាង​លឿន​ដូច​ជា​ភ្លើង​ឆេះ​ព្រៃ​»។ (​Internet Gambling​) ជា​ឧទាហរណ៍ ការ​លេង​បៀ​ផែ ឥឡូវ​ជា​កីឡា​ធម្មតា​មួយ​ដែល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ យោង​ទៅ​តាម​សារ​ព័ត៌មាន​មួយ អ្នក​ជំនាញ​ការ​បាន​រៀប​រាប់​ថា ក្នុង​សហរដ្ឋអាម៉េរិក ចំនួន​អ្នក​លេង​បៀ​ផែ​បាន​កើន​ឡើង​មួយ​ទ្វេ​ជា​ពីរ​ក្នុង​អំឡុង​១៨​ខែ​នៅ​ពេល​ថ្មី​ៗ​នេះ។

ល្បែង​ស៊ីសង​គឺជា​ការ​ភ្នាល់​ដាក់​លុយ​ដែល​មាន​ឈ្នះ​មាន​ចាញ់។ មនុស្ស​ជា​ច្រើន​វែក​ញែក​ថា ដរាប​ណា​លុយ​នោះ​ជា​របស់​អ្នក​លេង​ល្បែង​ផ្ទាល់ ហើយ​គាត់​មិន​ញៀន​ល្បែង នោះ​ការ​លេង​ល្បែង​ស៊ីសង​មិន​មាន​អ្វី​ខុស​ទេ។ តាម​ពិត សូម្បី​តែ​សព្វវចនាធិប្បាយ​ខាង​សាសនា​កាតូលិក​មួយ​ក៏​បាន​និយាយ​ថា ការ​លេង​ល្បែង​ស៊ីសង​«​មិន​មែន​ជា​អំពើ​ខុស​ឆ្គង​ទេ លើក​លែង​តែ​ការ​លេង​ល្បែង​នោះ​រារាំង​គេ​ពី​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​»។ (​New Catholic Encyclopedia​) ក៏​ប៉ុន្តែ គ្មាន​បទ​គម្ពីរ​ណា​ដែល​គាំទ្រ​ការ​សន្និដ្ឋាន​នេះ​ទេ។ ដូច្នេះ តើ​ពួក​គ្រិស្ត​សាសនិក​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​រឿង​នេះ? តើ​គម្ពីរ​អនុញ្ញាត​ឲ្យ​យើង​លេង​ល្បែង​ស៊ីសង ឬ​ក៏​ហាម​យើង​វិញ?

យើង​ត្រូវ​កត់​សម្គាល់​ថា​គម្ពីរ​បរិសុទ្ធ​មិន​និយាយ​ចំ​ៗ​អំពី​ការ​លេង​ល្បែង​ស៊ីសង​ទេ។ ក៏​ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​យើង​គ្មាន​ការ​ណែនាំ​អំពី​រឿង​នេះ​ឡើយ។ ជា​ជាង​ឲ្យ​ច្បាប់​ដែល​ទាក់​ទង​រាល់​ការ​ប្រព្រឹត្ត​និង​កាលៈទេសៈ​របស់​យើង នោះ​គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​«​យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​»​វិញ។ (​អេភេសូរ ៥:១៧​) យោង​ទៅ​តាម​បណ្ឌិត​ខាង​គម្ពីរ​ម្នាក់​ឈ្មោះ​អេតូប៊ឺត វីលលៀម ប៊ូលីងហ្គើ បាន​និយាយ​អំពី​ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា​«​យល់​»​គឺ​សំដៅ​ទៅ​លើ​ការ​ប្រមូល​ព័ត៌មាន​ផ្សេង​ៗ​ពី​ចំណុច​មួយ​«​ដោយ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ចំណុច​ទាំង​នោះ​ដើម្បី​មាន​ចំណេះ​»។ ដូច្នេះ គ្រិស្ត​សាសនិក​ម្នាក់​អាច​យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​ស្តី​អំពី​រឿង​នេះ ដោយ​ប្រមូល​និង​សញ្ជឹង​គិត​គោលការណ៍​ផ្សេង​ៗ​ក្នុង​គម្ពីរ​ដែល​ទាក់​ទង​នឹង​ការ​លេង​ល្បែង​ស៊ីសង។ ពេល​ដែល​អ្នក​អាន​បទ​គម្ពីរ​ដែល​បាន​ត្រូវ​ដក​ស្រង់​ក្នុង​អត្ថបទ​នេះ សូម​ដណ្ដឹង​សួរ​ខ្លួន​អ្នក​ថា​‹តើ​បទ​គម្ពីរ​នេះ​គាំទ្រ​ការ​លេង​ល្បែង​ស៊ីសង​ឬ​ទេ? តើ​បណ្ដាំ​របស់​ព្រះ​បញ្ជាក់​យ៉ាង​ណា​អំពី​បំណង​ប្រាថ្នា​របស់​លោក​ចំពោះ​រឿង​នេះ?›។

ការ​ចង់​មាន​សំណាង​ល្អ

ដោយ​សារ​ការ​លេង​ល្បែង​ស៊ីសង​គឺជា​ការ​ភ្នាល់​ដាក់​លុយ​ដែល​មាន​ឈ្នះ​មាន​ចាញ់ នោះ​ការ​ជឿ​លើ​សំណាង មាន​សារៈសំខាន់​ណាស់​ចំពោះ​អ្នក​លេង​ល្បែង ព្រោះ​គេ​ជឿ​ថា​នេះ​ជា​អ្វី​មួយ​ដែល​ជួយ​គេ​ឲ្យ​ឈ្នះ។ ជា​ឧទាហរណ៍ គេ​រើស​លេខ​ល្អ​ៗ​ដើម្បី​ចាក់​ឆ្នោត ឬ​ពេល​លេង​បៀ​ចិន គេ​ហាម​មិន​ឲ្យ​និយាយ​ពាក្យ​ខ្លះ​ៗ ឬ​គេ​ផ្លុំ​គ្រាប់​ឡុកឡាក់​មុន​ពេល​ក្រឡុក។ ហេតុ​អ្វី? ពីព្រោះ​ពួក​អ្នក​លេង​ល្បែង​ច្រើន​តែ​ជឿ​ថា​ពួក​គេ​នឹង​មាន​សំណាង​ល្អ។

តើ​ការ​លេង​ល្បែង​ដោយ​ចង់​មាន​សំណាង​ល្អ​ខុស​ឬ​ទេ? បណ្ដា​ជន​អ៊ីស្រាអែល​ខ្លះ​ពី​សម័យ​បុរាណ​មិន​បាន​គិត​ថា​វា​ខុស​ទេ។ ពួក​គេ​ជឿ​ថា​សំណាង​ល្អ​នោះ​នាំ​ឲ្យ​ពួក​គេ​មាន​ភាព​ចម្រុងចម្រើន។ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​នេះ? តាម​រយៈ​អ្នក​ប្រកាស​ទំនាយ លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ឯង​រាល់​គ្នា​ដែល​បោះបង់​ចោល​ព្រះ​យេហូវ៉ា គឺជា​ពួក​អ្នក​ដែល​ភ្លេច​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ក៏​រៀប​អាស​នា​១​ថ្វាយ​ដល់​ព្រះ​មាន​លាភ ព្រម​ទាំង​ចាក់​ស្រា​ពេញ​ពែង ថ្វាយ​ដល់​ព្រះ​វាសនា​»។ (​អេសាយ ៦៥:១១​) ចំពោះ​ព្រះ​យេហូវ៉ា ការ​ជឿ​លើ​សំណាង​ល្អ​ឬ​លាភ គឺជា​ការ​គោរព​បូជា​រូប​ព្រះ ហើយ​នេះ​មិន​អាច​ស៊ី​គ្នា​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ឡើយ។ ការ​ជឿ​ដូច្នេះ​បង្ហាញ​ថា​ពួក​គេ​ទុក​ចិត្ត​ទៅ​លើ​ថាមពល​មួយ​ដែល​មិន​មាន​ពិត​ប្រាកដជា​ជាង​ទៅ​លើ​ព្រះ​ពិត​វិញ។ សព្វ​ថ្ងៃ​នេះ គ្មាន​អ្វី​ដែល​បញ្ជាក់​ថា​ព្រះ​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​លោក​នោះ​ទេ។

តើ​គេ​ឈ្នះ​ពី​អ្នក​ណា?

មិន​ថា​គេ​លេង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ចាក់​ឆ្នោត ចាក់​បាល់ ឬ​លេង​នៅ​ក្នុង​កាស៊ីណូ​ក្ដី អ្នក​លេង​ល្បែង​ស៊ីសង​ច្រើន​តែ​មិន​គិត​អំពី​ប្រភព​នៃ​រង្វាន់​ដែល​គេ​ចង់​ឈ្នះ​នោះ​ឡើយ។ ការ​លេង​ល្បែង​ស៊ីសង​គឺ​ខុស​គ្នា​ពី​ការ​ទិញ​អ្វី​មួយ ព្រោះ​ពួក​គេ​ចង់​ឈ្នះ​លុយ​របស់​អ្នក​ចាញ់។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ការ​ញៀន​និង​សុខភាព​ផ្លូវ​ចិត្ត​នៃ​ប្រទេស​កាណាដា​បាន​រៀប​រាប់​ថា ​«​ដើម្បី​ឲ្យ​អ្នក​ឈ្នះ​ឆ្នោត​ម្នាក់​ក្លាយ​ជាម​ហា​សេដ្ឋី ត្រូវ​មាន​មនុស្ស​រាប់​លាន​នាក់​ចាញ់​លុយ​របស់​ពួក​គេ!​»។ តើ​គោលការណ៍​អ្វី​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​គ្រិស្ត​សាសនិក​ម្នាក់​ឲ្យ​យល់​អារម្មណ៍​របស់​ព្រះ​ស្តី​អំពី​រឿង​នេះ?

ក្រឹត្យ​វិន័យ​ចុង​ក្រោយ​ក្នុង​ក្រឹត្យ​វិន័យ​១០​ប្រការ ដែល​ព្រះ​ផ្ដល់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចែង​ថា​៖ ​«​កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ក៏​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ​ក្ដី ឬ​គោ លា​ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ​»។ (​និក្ខមនំ ២០:១៧​) ការ​លោភ​ចង់​បាន​របស់​អ្វី​ផង​អ្នក​ជិត​ខាង រួម​មាន​សម្ភារៈ ទ្រព្យ​សម្បត្ដិ និង​លុយ​កាក់ នោះ​គឺជា​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដូច​ជា​ការ​ចង់​បាន​ប្រពន្ធ​របស់​គេ​ដែរ។ ច្រើន​សតវត្សរ៍​ក្រោយ​មក សាវ័ក​ប៉ូល​បាន​ដក​ស្រង់​ច្បាប់​នេះ​ប្រាប់​ដល់​ពួក​គ្រិស្ត​សាសនិក​ថា​៖ ​«​អ្នក​មិន​ត្រូវ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ដទៃ​»។ (​រ៉ូម ៧:៧​) តើ​គ្រិស្ត​សាសនិក​ម្នាក់​ដែល​ខំ​ឈ្នះ​ប្រាក់​ពី​អ្នក​ឯ​ទៀត​ជា​អ្នក​ដែល​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ដទៃ​ឬ​ទេ?

អ្នក​និពន្ធ​សារ​ព័ត៌មាន​ម្នាក់​ឈ្មោះ​ជេ ហ្វីលីប វ៉ូហ្គើល​បាន​សរសេរ​ថា​៖ ​«​មិន​ថា​ពួក​គេ​[​អ្នក​លេង​ល្បែង​ភាគ​ច្រើន​]​ព្រម​ទទួល​ស្គាល់​ឬ​ក៏​អត់ គឺ​មុន​ពួក​គេ​ចាប់​ផ្ដើម​លេង ពួក​គេ​ស្រមៃ​ថា​ពួក​គេ​ឈ្នះ​លុយ​យ៉ាង​ច្រើន​ពី​ការ​ភ្នាល់​នោះ ទោះ​ជា​ពួក​គេ​ដាក់​លុយ​តែ​ពីរ​បី​ដុល្លារ​ក៏​ដោយ​»។ អ្នក​លេង​ល្បែង​បែប​នេះ​ស្រមៃ​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន​ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​អ្វី​ទាំង​អស់។ នេះ​គឺ​ខុស​ស្រឡះ​ពី​ឱវាទ​ក្នុង​គម្ពីរ​ដែល​ឲ្យ​គ្រិស្ត​សាសនិក​«​ធ្វើ​ការ​ទៀង​ត្រង់​យ៉ាង​នឿយ​ហត់​ដោយ​ដៃ​ខ្លួន​ឯង ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត​»។ (​អេភេសូរ ៤:២៨​) បន្ថែម​ទៅ​ទៀត សាវ័ក​ប៉ូល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ ​«​ប្រសិនបើ​មាន​អ្នក​ណា​ដែល​មិន​ចង់​ធ្វើ​ការ អ្នក​នោះ​មិន​ត្រូវ​បរិភោគ​ឡើយ​»។ គាត់​បាន​បន្ត​ថា​ពួក​គេ​គួរ​«​បរិភោគ​អាហារ​ដែល​ពួក​គេ​បាន​មក​ពី​ការ​ខំ​ប្រឹង​របស់​ខ្លួន​»។ (​ថែស្សាឡូនិច​ទី​២ ៣:១០, ១២​) ប៉ុន្តែ តើ​គេ​អាច​ចាត់​ទុក​ការ​លេង​ល្បែង​ស៊ីសង​ថា​ជា​ការងារ​ត្រឹម​ត្រូវ​ឬ​ទេ?

ទោះ​ជា​ការ​លេង​ល្បែង​ស៊ីសង​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​រំភើប​ចិត្ត​ក៏​ដោយ លុយ​ដែល​អ្នក​លេង​ល្បែង​ទទួល​គឺជា​ការ​ឈ្នះ មិន​មែន​ជា​លុយ​ដែល​បាន​មក​ពី​ការ​ខំ​ប្រឹង​របស់​គាត់​ក្នុង​ការ​ធ្វើ​ការ ឬ​ជា​ថ្លៃ​សេវា​ដែល​គាត់​ទទួល​នោះ​ទេ។ ក្នុង​ការ​លេង​ល្បែង​ស៊ីសង ឈ្នះ​ឬ​ចាញ់​អាស្រ័យ​ទៅ​លើ​ឱកាស និង​សេចក្ដី​សង្ឃឹម​ដែល​ថា​បន្ដិច​ទៀត​ឬ​ក៏​ក្រោយ​មក​យើង​នឹង​ឈ្នះ។ បើ​និយាយ​ឲ្យ​ចំ​ទៅ អ្នក​លេង​ល្បែង​ចង់​បាន​អ្វី​មួយ​ដោយ​មិន​ចង់​ធ្វើ​អ្វី​សោះ។ ផ្ទុយ​ទៅ​វិញ គ្រិស្ត​សាសនិក​ពិត​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​រក​ប្រាក់​ដោយ​ធ្វើ​ការ​យ៉ាង​ទៀង​ត្រង់។ ស្តេច​សាឡូម៉ូន​ជា​ស្តេច​ដែល​មាន​ប្រាជ្ញា​បាន​សរសេរ​ថា​៖ ​«​គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី​ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីករាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​»។ បន្ទាប់​មក គាត់​បន្ថែម​ថា​៖ ​«​ការ​នេះ​មក​ពី​ព្រះ​ហស្ត​នៃ​ព្រះ​»។ (​សាស្ដា ២:២៤​) ពិត​មែន អ្នក​បម្រើ​របស់​ព្រះ​មិន​ពឹង​ផ្អែក​ទៅ​លើ​គំនិត​រវើរវាយ​ឬ​រក​លុយ​តាម​ផ្លូវ​កាត់​ទេ តែ​ពួក​គេ​ពឹង​លើ​ព្រះ​ដើម្បី​មាន​សុភមង្គល​និង​ទទួល​ពរ​ពី​លោក​វិញ។

យើង​ត្រូវ​ចៀស​ចេញ​ពី​«​អន្ទាក់​»​

ទោះ​ជា​មនុស្ស​ម្នាក់​ធ្លាប់​លេង​ល្បែង​ឈ្នះ​ក៏​ដោយ ជា​ការ​ល្អ​ឲ្យ​គាត់​ពិចារណា​មិន​គ្រាន់តែ​អំពី​អារម្មណ៍​រំភើប​ដែល​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ទេ តែ​គាត់​គួរ​គិត​អំពី​ផល​ប៉ះពាល់​ដ៏​យូរ​អង្វែង​ដែល​មក​ពី​ការ​លេង​ល្បែង​ស៊ីសង។ សុភាសិត ២០:២១​បាន​ចែង​ថា​៖ ​«​មរ​ដក​ដែល​ដើម​ដំបូង​បាន​យ៉ាង​រួសរាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ​»។ មនុស្ស​ជា​ច្រើន​ដែល​ឈ្នះ​ឆ្នោត​និង​ឈ្នះ​ល្បែង​ផ្សេង​ទៀត​បាន​យល់​ថា ទ្រព្យ​សម្បត្ដិ​ដែល​បាន​មក​ពី​ការ​ឈ្នះ​ល្បែង​មិន​នាំ​ឲ្យ​ពួក​គេ​មាន​សុភមង្គល​ទេ តែ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​ឬ​មាន​ទុក្ខ​ព្រួយ​វិញ។ ហេតុ​នេះ ជា​ការ​ប្រសើរ​ជាង​ឲ្យ​យើង​ធ្វើ​តាម​ដំបូន្មាន​ក្នុង​គម្ពីរ​ជា​ជាង​ពឹង​លើ​«​ទ្រព្យ​ដែល​មិន​ទៀង តែ​មាន​សង្ឃឹម​លើ​ព្រះ ដែល​ផ្គត់​ផ្គង់​អ្វី​ៗ​ទាំង​អស់​ដល់​យើង ដើម្បី​ឲ្យ​យើង​បាន​សប្បាយ​»។—ធីម៉ូថេទី១ ៦:១៧

ការ​លេង​ល្បែង​ស៊ីសង​នាំ​ឲ្យ​មាន​ផល​អាក្រក់ មិន​គ្រាន់​ជា​ការ​ឈ្នះ​និង​ចាញ់​តែ​ប៉ុណ្ណោះ​ទេ។ បណ្ដាំ​របស់​ព្រះ​ប្រាប់​ថា​៖ ​«​អ្នក​ដែល​តាំង​ចិត្ត​ធ្វើ​ជា​អ្នក​មាន ជួប​ប្រទះ​នឹង​សេចក្ដី​ល្បួង ហើយ​ក៏​ធ្លាក់​ចូល​អន្ទាក់ ថែម​ទាំង​ចាប់​ផ្ដើម​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ជា​ច្រើន​ដែល​ផ្ដេសផ្ដាស និង​នាំ​ឲ្យ​មាន​ទុក្ខ​លំបាក ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ធ្វើ​ឲ្យ​មនុស្ស​លិច​លង់​ទៅ​ក្នុង​សេចក្ដី​វិនាស​អន្តរាយ​»។ (​ធីម៉ូថេទី១ ៦:៩​) ធម្មតា​អន្ទាក់​គេ​ប្រើ​ដើម្បី​ទាក់​អ្វី​មួយ។ មនុស្ស​ច្រើន​ឥត​គណនា​ដែល​តាំង​ចិត្ត​លេង​ល្បែង​ដាក់​លុយ​តែ​បន្ដិច​បន្តួច​ឬ​លេង​តែ​ពីរ​បី​ដង បាន​ជាប់​អន្ទាក់​និង​មិន​អាច​ឈប់​ពី​ការ​ញៀន​ល្បែង​បាន​ឡើយ។ នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​ការងារ បំផ្លាញ​ទឹក​ចិត្ត​មនុស្ស​ជា​ទី​ស្រឡាញ់ និង​ធ្វើ​ឲ្យ​បែកបាក់​ក្រុម​គ្រួសារ។

ដោយ​ពិចារណា​បទ​គម្ពីរ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ល្បែង​ស៊ីសង តើ​អ្នក​យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​ចំពោះ​រឿង​នេះ​ឬ​ទេ? សាវ័ក​ប៉ូល​បាន​រំលឹក​គ្រិស្ត​សាសនិក​ថា​៖ ​«​ឈប់​យក​តម្រាប់​តាម​របៀប​របប​ពិភព​លោក​នេះ តែ​ចូរ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​»។ (​រ៉ូម ១២:២​) បំណង​ប្រាថ្នា​របស់​ព្រះ​គួរ​ដឹក​នាំ​ជីវិត​របស់​យើង​ជា​គ្រិស្ត​សាសនិក មិន​មែន​គំនិត​របស់​មនុស្ស​ទូទៅ​ទេ។ ក្នុង​នាម​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ នោះ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​សប្បាយ​ក្នុង​ជីវិត ហើយ​ចៀស​ផុត​ពី​ផល​អាក្រក់​ដែល​មក​ពី​អន្ទាក់​នៃ​ការ​លេង​ល្បែង​ស៊ីសង។—ធីម៉ូថេទី១ ១:១១

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២១​]

អ្នក​បម្រើ​ព្រះ​រក​ប្រាក់​ដោយ​ធ្វើ​ការ​យ៉ាង​ទៀង​ត្រង់

[ប្រអប់​នៅ​ទំព័រ​២០​]

ការ​រំភើប​ចិត្ត​ពេល​ដែល​ឈ្នះ

បើ​យើង​មាន​ទម្លាប់​លេង​ល្បែង​ស៊ីសង តើ​នោះ​ធ្វើ​ឲ្យ​យើង​ស្រួល​ញៀន​វា​ឬ​ទេ? បន្ទាប់​ពី​សិក្សា​អំពី​ប្រតិកម្ម​របស់​អ្នក​ឈ្នះ​និង​អ្នក​ចាញ់ ក្នុង​ពេល​លេង​ល្បែង​ស៊ីសង នោះ​គ្រូ​ពេទ្យ​ចិត្ត​វិជ្ជា​ម្នាក់​ឈ្មោះ​ហាន់ប្រេធើ​បាន​កត់​សម្គាល់​ថា​៖ ​«​តាម​ការ​ពិសោធន៍ យើង​បាន​ឃើញ​ថា ពេល​ពួក​អ្នក​ដែល​ឈ្នះ​ល្បែង និង​ពេល​ពួក​អ្នក​ដែល​ញៀន​អាភៀន ចាក់​អាភៀន​ចូល​ក្នុង​ខ្លួន ខួរ​ក្បាល​របស់​ពួក​គេ​មាន​ដំណើរ​ការ​ស្រដៀង​គ្នា​»។

[​រូបភាព​នៅ​ទំព័រ​២០​]

តើ​ពួក​អ្នក​លេង​ល្បែង​ស៊ីសង​សង្ឃឹម​ថា គេ​ឈ្នះ​ប្រាក់​ពី​អ្នក​ណា?