លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើរាជាណាចក្ររបស់ព្រះជាអ្វី?

តើរាជាណាចក្ររបស់ព្រះជាអ្វី?

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ . . . ​»។—ម៉ាថាយ ២៤:១៤

ក្នុង​សុន្ទរកថា​ដ៏​ល្បី​មួយ​ដែល​លោក​យេស៊ូ​ថ្លែង​នៅ​លើ​ភ្នំ លោក​ផ្ដល់​ការ​អធិដ្ឋាន​គំរូ​មួយ ដែល​រួម​មាន​ពាក្យ​អង្វរ​នេះ​ទៅ​ព្រះ​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»។ មនុស្ស​រាប់​លាន​នាក់​បាន​ទន្ទេញ​ចាំ​រត់​មាត់​ពាក្យ​អធិដ្ឋាន​នេះ ហើយ​ក៏​បាន​ពោល​ពាក្យ​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ដែរ។ សព្វវចនាធិប្បាយ​មួយ​បាន​រៀប​រាប់​ថា នេះ​ជា​«​សេចក្ដី​អធិដ្ឋាន​សំខាន់​បំផុត​ដែល​គ្រិស្ត​សាសនិក​ទាំង​អស់​ប្រើ​ក្នុង​ការ​គោរព​ប្រណិប័តន៍​»។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដែល​ពោល​ពាក្យ​អធិដ្ឋាន​នោះ​មិន​បាន​ដឹង​ថា​រាជាណាចក្រ​នេះ​ជា​អ្វី ឬ​ពេល​ដែល​រាជាណាចក្រ​មក​ដល់ រាជាណាចក្រ​នេះ​នឹង​ធ្វើ​អ្វី​នោះ​ទេ។—ម៉ាថាយ ៦:៩, ១០

នេះ​មិន​មែន​ជា​អ្វី​ដែល​ចម្លែក​ឡើយ ពីព្រោះ​ពួក​អ្នក​ដឹក​នាំ​នៃ​ពិភព​គ្រិស្ត​សាសនា​ពន្យល់​អំពី​រាជាណាចក្រ​នេះ​តាម​របៀប​ដែល​ពិបាក​យល់ និង​ស្មុគ​ស្មាញ ហើយ​ក៏​ខុស​ៗ​ពី​គ្នា។ អ្នក​ដឹក​នាំ​សាសនា​ម្នាក់​បាន​សរសេរ​ថា រាជាណាចក្រ​របស់​ព្រះ​គឺជា​«​អ្វី​ដែល​ហួស​វិស័យ​ធម្មជាតិ . . . ដែល​មាន​ក្នុង​ចិត្ត​យើង​ដែល​អាច​ផ្សារ​ភ្ជាប់​ជា​មួយ​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ . . . ដែល​ជា​ការ​ទាក់​ទង​ជា​មួយ​ព្រះ​ដែល​អាច​នាំ​ឲ្យ​មនុស្ស​ទទួល​សេចក្ដី​សង្គ្រោះ​បាន​»។ ម្នាក់​ទៀត​ពន្យល់​ថា​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​ជា​«​ការ​ណែនាំ​អំពី​សាសនា​»។ បន្ថែម​ទៅ​ទៀត សៀវភៅ​មួយ​នៃ​សាសនា​កាតូលិក​បាន​ចែង​ថា​៖ ​«​រាជាណាចក្រ​របស់​ព្រះ​[​គឺជា​]​សេចក្ដី​សុចរិត សេចក្ដី​សុខសាន្ត និង​អំណរ​ដែល​មក​ពី​វិញ្ញាណ​បរិសុទ្ធ​»​ (​Catechism of the Catholic Church​)។

លោក​អ្នក​នឹង​ទទួល​ការ​ពន្យល់​ដែល​ច្បាស់​ជាង​ក្នុង​ទំព័រ​ទី​២​នៃ​ទស្សនាវដ្ដី​នេះ។ ក្នុង​នោះ​ពន្យល់​ថា​៖ ​«​រាជាណាចក្រ​របស់​ព្រះ​ជា​រាជ​រដ្ឋាភិបាល​មួយ​នៅ​ឯ​ស្ថាន​សួគ៌ ដែល​មិន​យូរ​ប៉ុន្មាន​ទៀត​នឹង​ដក​អំពើ​អាក្រក់​ទាំង​អស់​ចេញ ហើយ​នាំ​ឲ្យ​មាន​សួន​ឧទ្យាន​នៅ​ពេញ​ផែនដី​»។ សូម​ពិចារណា​អំពី​របៀប​ដែល​គម្ពីរ​គាំទ្រ​ការ​ពន្យល់​នេះ។

ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ នៅ​លើ​ផែនដី​ទាំង​មូល​នា​ពេល​អនាគត

រាជាណាចក្រ​គឺជា​រដ្ឋាភិបាល​មួយ​ដែល​មាន​ស្តេច​ជា​អ្នក​គ្រប់​គ្រង។ ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​គឺជា​លោក​យេស៊ូ​គ្រិស្ត​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់​បាន​ឃើញ​ក្នុង​គំនិត​អំពី​ការ​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌ ដោយ​គាត់​សរសេរ​ថា​៖ ​«​ខ្ញុំ​ក៏​ឃើញ​ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់​នោះ មាន​១​អង្គ​ដូច​ជា​មនុស្ស​ជាតិ​[​លោក​យេស៊ូ​] ទ្រង់​យាង​មក​ក្នុង​ពពកឰ​ដ៏​អាកាស ទ្រង់​យាង​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​បុរាណ​នោះ​[​ព្រះ​យេហូវ៉ា​] ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ​អង្គ នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់​គ្រង នឹង​សិរី​ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្ដា​ជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់។ ឯ​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិតស្ថេរ​នៅ​អស់​កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង​»។—ដានីយ៉ែល ៧:១៣, ១៤

សៀវភៅ​ក្នុង​គម្ពីរ​ឈ្មោះ​ដានីយ៉ែល​បង្ហាញ​ថា​រាជាណាចក្រ​នឹង​ត្រូវ​ស្ថាបនា​ឡើង​ដោយ​ព្រះ​ផ្ទាល់ ក៏​បង្ហាញ​ថា​រាជាណាចក្រ​នោះ​នឹង​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស ហើយ​ថា​គ្មាន​អ្វី​ដែល​អាច​ផ្ដួល​រលំ​រាជាណាចក្រ​នោះ​បាន​ឡើយ។ ក្នុង​ជំពូក​ទី​២​នៃ​សៀវភៅ​នោះ​បាន​ពណ៌​នា​អំពី​សុបិន​មួយ​ដែល​ព្រះ​ធ្វើ​ឲ្យ​ស្តេច​បាប៊ីឡូន​យល់សប្ដិ​ឃើញ ដែល​ក្នុង​នោះ​គាត់​បាន​ឃើញ​រូប​ធំ​សម្បើម​មួយ​ដែល​តំណាង​នូវ​ការ​គ្រប់​គ្រង​នៃ​មហាអំណាច​ដែល​មាន​ជា​បន្ត​បន្ទាប់​គ្នា។ ដានីយ៉ែល​បាន​បក​ស្រាយ​សុបិន​នោះ ដោយ​សរសេរ​ថា​៖ ​«​នៅ​ថ្ងៃ​[​ជាន់​]​ក្រោយ . . . ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​»។—ដានីយ៉ែល ២:២៨, ៤៤

ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​មិន​មែន​គ្រប់​គ្រង​តែ​ម្នាក់​ឯង​ទេ។ ក្នុង​អំឡុង​គ្រា​ដែល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​នៅ​ផែនដី លោក​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​សាវ័ក​ដែល​ស្មោះ​ត្រង់​របស់​លោក​ថា ព្រះ​នឹង​ប្រោស​ពួក​គាត់​និង​អ្នក​ខ្លះ​ទៀត​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ ហើយ​ពួក​គាត់​ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដែរ។ (​លូកា ២២:២៨​-​៣០​) នេះ​មិន​មែន​ជា​បល្ល័ង្ក​មែនទែន​នោះ​ទេ ពីព្រោះ​លោក​បាន​បញ្ជាក់​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​ស្ថិត​នៅ​ស្ថាន​សួគ៌។ គម្ពីរ​ពណ៌​នា​ពួក​អ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​លោក​នឹង​មក​ពី​«​គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា គ្រប់​ពូជ​សាសន៍ និង​គ្រប់​ប្រជាជាតិ​»។ ពួក​គាត់​នឹង​ទៅ​‹ជា​រាជាណាចក្រ​មួយ​និង​ជា​សង្ឃ​របស់​ព្រះ​នៃ​យើង ហើយ​ពួក​គាត់​នឹង​ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​លើ​ផែនដី›។—ការ​បើក​បង្ហាញ ៥:៩, ១០

ហេតុ​អ្វី​ដំណឹង​អំពី​រាជាណាចក្រ​ជា​ដំណឹង​ល្អ?

សូម​កត់​សម្គាល់​ថា​គ្រិស្ត​យេស៊ូ​បាន​ត្រូវ​ប្រគល់​អំណាច​ឲ្យ​គ្រប់​គ្រង​លើ​«​បណ្ដា​ជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​»​ ហើយ​ពួក​អ្នក​ដែល​ចូល​រួម​គ្រប់​គ្រង​ជា​មួយ​លោក​នឹង​«​ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​លើ​ផែនដី​»។ បើ​ដូច្នេះ តើ​រាស្ត្រ​នៃ​រាជាណាចក្រ​នេះ​ជា​អ្នក​ណា? គឺ​ពួក​អ្នក​ដែល​ស្ដាប់ ហើយ​ធ្វើ​តាម​ដំណឹង​ល្អ​ដែល​កំពុង​ផ្សព្វ​ផ្សាយ​នៅ​សព្វ​ថ្ងៃ​នេះ។ រាស្ត្រ​ទាំង​នោះ​ក៏​រួម​បញ្ចូល​ពួក​អ្នក​ដែល​ព្រះ​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត​ដែរ។

គម្ពីរ​បាន​រៀប​រាប់​យ៉ាង​ពីរោះ​អំពី​ពរ​ដែល​បណ្ដា​ជន​នឹង​ទទួល នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​នោះ។ ពរ​ទាំង​នោះ​មាន​ដូច​ត​ទៅ:

«​ទ្រង់​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំ​ងាប់ រហូត​ដល់​ចុង​ផែនដី ទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​អស់​ទាំង​រទេះ​ចំ​បាំង​នៅ​ក្នុង​ភ្លើង​»។ទំនុកតម្កើង ៤៦:៩

«​គ្រា​នោះ មនុស្ស​នឹង​សង់ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំ​ការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ​»។អេសាយ ៦៥:២១, ២២

«​[​ព្រះ​]​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។ការ​បើក​បង្ហាញ ២១:៣, ៤

«​គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន។ គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​ក៏​នឹង​ច្រៀង​ឡើង​»។អេសាយ ៣៥:៥, ៦

«​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់​លោក[​យេស៊ូ​] ហើយ​ចេញ​មក អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ​ហើយ​បាន​ជីវិត​»។យ៉ូហាន ៥:២៨, ២៩

«​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជាម​រដក ហើយ​នឹង​បាន​ចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ​»។ទំនុកតម្កើង ៣៧:១១

នេះ​ពិត​ជា​ដំណឹង​ល្អ​មែន! បន្ថែម​ទៅ​ទៀត ទំនាយ​ទាំង​ប៉ុន្មាន​ដែល​បាន​សម្រេច​រួច​មក​ហើយ​បាន​បង្ហាញ​ថា បន្ដិច​ទៀត​រាជាណាចក្រ​នេះ​នឹង​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល​ជា​មិន​ខាន។