គន្លឹះសុភមង្គលគ្រួសារ
វិធីដោះស្រាយបញ្ហាដោយជោគជ័យក្នុងឆ្នាំដំបូងនៃអាពាហ៍ពិពាហ៍
បុរសម្នាក់និយាយថា៖ «ខ្ញុំភ្ញាក់ផ្អើលដោយដឹងថា ខ្ញុំនិងប្រពន្ធខ្ញុំខុសគ្នាឆ្ងាយណាស់! ជាឧទាហរណ៍ ខ្ញុំចូលចិត្តក្រោកពីព្រលឹម តែគាត់ចូលចិត្តចូលគេងយប់ជ្រៅ។ ដោយសារអារម្មណ៍របស់គាត់ឆាប់ផ្លាស់ប្ដូរ ខ្ញុំពិតជាពិបាកយល់អារម្មណ៍គាត់! ម្យ៉ាងទៀត ពេលខ្ញុំធ្វើម្ហូប គាត់រិះគន់ខ្ញុំណាស់ ជាពិសេសពេលខ្ញុំជូតដៃដោយប្រើក្រណាត់ជូតចាន»។
ប្រពន្ធគាត់ស្រដីថា៖ «ប្ដីខ្ញុំមិនចូលចិត្តនិយាយច្រើនទេ។ ចំណែកក្រុមគ្រួសារខ្ញុំ ពួកគាត់និយាយច្រើន ជាពិសេសពេលញ៉ាំបាយជាមួយគ្នា ហើយខ្ញុំក៏មានទម្លាប់និយាយច្រើនដែរ។ ពេលប្ដីខ្ញុំធ្វើម្ហូប គាត់ប្រើក្រណាត់ជូតចានដើម្បីជូតដៃគាត់! នេះធ្វើឲ្យខ្ញុំទើសចិត្តណាស់! ខ្ញុំមិនយល់ចិត្តប្រុសៗសោះ! តើអ្នកឯទៀតធ្វើយ៉ាងណាដើម្បីបានជោគជ័យក្នុងអាពាហ៍ពិពាហ៍?»។
ប្រសិនបើអ្នកទើបនឹងរៀបការ តើអ្នកជួបប្រទះការពិបាកស្រដៀងនេះឬទេ? ក្រោយរៀបការ តើគូរបស់អ្នកស្រាប់តែមានគុណវិបត្ដិនិងទម្លាប់ប្លែកៗដែលគាត់មិនមាន ពេលអ្នកសេពគប់គាត់ឬទេ? តើអ្នកអាចធ្វើយ៉ាងដូចម្ដេចដើម្បីកុំឲ្យ‹ការលំបាកផ្សេងៗដែលប្ដីប្រពន្ធមាន›ប៉ះពាល់ដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នក?—កូរិនថូសទី១ ៧:២៨
មុនបង្អស់ កុំឲ្យគិតថាដោយសារអ្នកបានរៀបការ អ្នកនិងគូរបស់អ្នកនឹងក្លាយទៅជាអ្នកជំនាញខាងអាពាហ៍ពិពាហ៍ភ្លាមៗឡើយ។ អ្នកប្រហែលជាមានការប៉ិនប្រសប់ក្នុងការយកចិត្តទុកដាក់នឹងអ្នកឯទៀតពេលអ្នកនៅលីវនៅឡើយ ហើយប្រហែលជាអ្នកធ្វើដូច្នេះបានកាន់តែប្រសើរឡើង ពេលអ្នកសេពគប់គ្នាក្នុងបំណងរៀបការជាមួយគ្នា។ ក៏ប៉ុន្តែ អាពាហ៍ពិពាហ៍នឹងសាកល្បងការប៉ិនប្រសប់នោះតាមវិធីដែលអ្នកមិនធ្លាប់ធ្វើ ហើយទំនងជាតម្រូវឲ្យអ្នកមានការប៉ិនប្រសប់ឯទៀត។ តើអ្នកនឹងធ្វើខុសខ្លះឬទេ? អ្នកនឹងធ្វើខុសខ្លះមែន។ តើអ្នកអាចបណ្ដុះឲ្យមានការប៉ិនប្រសប់ដែលអ្នកត្រូវការឬទេ? អ្នកប្រាកដជាអាចបណ្ដុះឲ្យមានមែន!
វិធីល្អបំផុតដើម្បីធ្វើឲ្យការប៉ិនប្រសប់ណាមួយបានកាន់តែប្រសើរឡើង គឺឲ្យយើងសុំយោបល់ពីអ្នកជំនាញខាងរឿងនោះ ហើយធ្វើតាមយោបល់របស់គាត់។ អ្នកជំនាញប្រសើរបំផុតខាងអាពាហ៍ពិពាហ៍គឺព្រះយេហូវ៉ា។ យ៉ាងណាមិញ គឺលោកដែលជាអ្នកបង្កើតឲ្យយើងមានសេចក្ដីប្រាថ្នាចង់រៀបការ។ (លោកុប្បត្តិ ២:២២-២៤) សូមកត់សម្គាល់នូវរបៀបដែលបណ្ដាំរបស់លោក អាចជួយអ្នកឲ្យយកឈ្នះការពិបាក ហើយបណ្ដុះឲ្យមានការប៉ិនប្រសប់ដែលអ្នកត្រូវការដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍របស់អ្នកបានជោគជ័យ មិនគ្រាន់តែនៅឆ្នាំដំបូងប៉ុណ្ណោះទេ តែជារៀងរហូតវិញ។
ការប៉ិនប្រសប់ទី១: រៀនឲ្យចេះពិគ្រោះគ្នា
តើមានការពិបាកអ្វីខ្លះ?
ប្ដីម្នាក់នៅប្រទេសជប៉ុនឈ្មោះខេជី * ជួនកាលភ្លេចថាការសម្រេចចិត្តរបស់គាត់ប៉ះពាល់ដល់ប្រពន្ធរបស់គាត់។ គាត់និយាយថា៖ «ពេលគេអញ្ជើញខ្ញុំឲ្យទៅឯណា ខ្ញុំព្រមជាមួយគេភ្លាម មុនពិគ្រោះជាមួយប្រពន្ធខ្ញុំ។ ក្រោយមក ពេលខ្ញុំប្រាប់ប្រពន្ធខ្ញុំ គាត់ប្រាប់ថាគាត់មិនអាចទៅបានទេ»។ អាលិនដែលជាប្ដីម្នាក់នៅប្រទេសអូស្ដ្រាលី ពោលថា៖ «ខ្ញុំគិតថាខ្ញុំមិនសមជាបុរសទេបើខ្ញុំត្រូវពិគ្រោះគ្នាជាមួយប្រពន្ធអំពីរឿងផ្សេងៗ»។ គាត់ជួបប្រទះការពិបាកដោយសារមជ្ឈដ្ឋានដែលគាត់ធ្លាប់រស់នៅ។ ដាយអែនដែលរស់នៅប្រទេសអង់គ្លេស ក៏មានការពិបាកស្រដៀងគ្នានេះដែរ។ គាត់បានស្រដីថា៖«ទម្លាប់ខ្ញុំ គឺខ្ញុំតែងតែសុំយោបល់ពីឪពុកម្ដាយនិងបងប្អូនខ្ញុំ។ ហេតុនេះ ពេលខ្ញុំទើបនឹងរៀបការ ហើយត្រូវធ្វើការសម្រេចចិត្ត ខ្ញុំបានពិគ្រោះគ្នាជាមួយពួកគាត់ ជាជាងជាមួយប្ដីខ្ញុំ»។
តើដំណោះស្រាយគឺយ៉ាងណា?
សូមចាំថាព្រះយេហូវ៉ាចាត់ទុកប្ដីនិងប្រពន្ធថាជា«សាច់ឈាមតែមួយ»។ (ម៉ាថ. ១៩:៣-៦) តាមទស្សនៈរបស់លោក គ្មានទំនាក់ទំនងណារវាងមនុស្សនិងមនុស្សដែលសំខាន់ជាងទំនាក់ទំនងរវាងប្ដីប្រពន្ធឡើយ! ដើម្បីរក្សាចំណងនោះឲ្យបានរឹងមាំ ការប្រាស្រ័យទាក់ទងល្អគឺសំខាន់ចាំបាច់។
ប្ដីប្រពន្ធអាចទាញយកមេរៀនជាច្រើនដោយពិនិត្យមើលរបៀបដែលព្រះយេហូវ៉ាបានប្រាស្រ័យទាក់ទងជាមួយអាប្រាហាំ។ ជាឧទាហរណ៍ សូមអានការសន្ទនាដែលបានកត់ទុកក្នុងសៀវភៅលោកុប្បត្តិ ១៨:១៧-៣៣។ សូមកត់សម្គាល់ថា វិធីបីដែលព្រះបានលើកកិត្ដិយសអាប្រាហាំគឺ៖ (១) ព្រះយេហូវ៉ាបានពន្យល់អ្វីដែលលោកបម្រុងធ្វើ។ (២) លោកបានស្ដាប់ កាលដែលអាប្រាហាំពន្យល់អំពីទស្សនៈរបស់គាត់។ (៣) បើអាចធ្វើបាន ព្រះយេហូវ៉ាបានផ្លាស់ប្ដូរអ្វីដែលលោកបម្រុងធ្វើដើម្បីធ្វើតាមសំណូមពររបស់អាប្រាហាំ។ ដូច្នេះ កាលដែលអ្នកពិគ្រោះគ្នាជាមួយគូរបស់អ្នក តើអ្នកអាចធ្វើតាមវិធីនេះយ៉ាងដូចម្ដេច?
សូមសាកវិធីនេះ: ពេលពិភាក្សាអំពីរឿងណាដែលប៉ះពាល់គូរបស់អ្នក (១) សូមពន្យល់អំពីវិធីដែលអ្នកចង់ដោះស្រាយរឿងនោះ តែសូមនិយាយអំពីគំនិតរបស់អ្នកថាជាយោបល់ មិនមែនជាការសម្រេចចិត្តចុងក្រោយដែលមិនអាចផ្លាស់ប្ដូរបានឡើយ។ (២) សូមឲ្យគូរបស់អ្នកបញ្ចេញមតិ ហើយទទួលស្គាល់ថាគាត់មានសិទ្ធិមានទស្សនៈផ្សេងពីអ្នក។ (៣) ‹ចូរឲ្យមនុស្ស . . . ឃើញថាអ្នកជាមនុស្សសមហេតុផល› ដោយធ្វើតាមចំណង់ចំណូលចិត្តគូរបស់អ្នក ពេលដែលអាចធ្វើទៅបាន។—ភីលីព ៤:៥
ការប៉ិនប្រសប់ទី២: រៀនឲ្យចេះប្រាស្រ័យទាក់ទងគ្នាដោយមិនធ្វើឲ្យគេទើសចិត្ត
តើមានការពិបាកអ្វីខ្លះ?
អាស្រ័យទៅលើក្រុមគ្រួសារឬទម្លាប់រស់នៅរបស់អ្នក អ្នកប្រហែលជាមានទម្លាប់បញ្ចេញមតិយ៉ាងម៉ឺងម៉ាត់ឬបញ្ចេញមតិតាមរបៀបដែលធ្វើឲ្យអ្នកឯទៀតទើសចិត្ត។ ជាឧទាហរណ៍ លីអែមដែលរស់នៅទ្វីបអឺរ៉ុប និយាយថា៖ «នៅស្រុក
កំណើតរបស់ខ្ញុំ មនុស្សនិយាយជាមួយគ្នាដោយមិនគិតអំពីអារម្មណ៍របស់អ្នកឯទៀតទេ។ ខ្ញុំនិយាយត្រង់ៗ ហើយនេះច្រើនតែធ្វើឲ្យប្រពន្ធខ្ញុំអន់ចិត្ត។ ខ្ញុំត្រូវរៀនឲ្យចេះនិយាយដោយទន់ភ្លន់»។តើដំណោះស្រាយគឺយ៉ាងណា?
កុំឲ្យស្មានថាគូរបស់អ្នកចង់ឲ្យអ្នកនិយាយទៅកាន់គាត់តាមទម្លាប់របស់អ្នក។ (ភីលីព ២:៣, ៤) ដំបូន្មានដែលសាវ័កប៉ូលបានជូនដល់សាសនទូតម្នាក់ ក៏អាចជួយពួកអ្នកដែលទើបនឹងរៀបការដែរ។ គាត់បានសរសេរថា៖ «ខ្ញុំបម្រើរបស់លោកម្ចាស់មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្តដោយសុភាព»។ ក្នុងភាសាក្រិច ពាក្យដែលបានត្រូវបកប្រែថា«សុភាព»ក៏អាចបកប្រែថា«មិនធ្វើឲ្យគេទើសចិត្ត»ដែរ។ (ធីម៉ូថេទី២ ២:២៤) ការនិយាយជាមួយអ្នកឯទៀតដោយមិនធ្វើឲ្យគេទើសចិត្តគឺជាសមត្ថភាពយល់ថា យើងត្រូវប្រុងប្រយ័ត្នក្នុងរឿងណាមួយ ហើយបង្ហាញសេចក្ដីសប្បុរសដោយមិនធ្វើឲ្យអ្នកឯទៀតអន់ចិត្តឡើយ។
សូមសាកវិធីនេះ: ពេលអ្នកខឹងគូរបស់អ្នក សូមស្រមៃគិតថាអ្នកកំពុងនិយាយជាមួយមិត្តឬនិយោជករបស់អ្នកវិញ។ តើអ្នកនឹងនៅតែបញ្ចេញសំឡេងឬប្រើពាក្យដូចដែលអ្នកនិយាយទៅគូរបស់អ្នកឬទេ? បន្ទាប់មក សូមគិតអំពីមូលហេតុដែលអ្នកគួរនិយាយទៅគូរបស់អ្នកដោយមិនធ្វើឲ្យគាត់ទើសចិត្តនិងដោយបង្ហាញការគោរពច្រើនជាងនិយាយទៅកាន់មិត្តឬនិយោជករបស់អ្នកទៅទៀត។—កូឡុស ៤:៦
ការប៉ិនប្រសប់ទី៣: រៀនឲ្យចេះប្រែប្រួលទៅតាមតួនាទីថ្មីរបស់អ្នក
តើមានការពិបាកអ្វីខ្លះ?
ពេលទើបនឹងរៀបការ ប្ដីប្រហែលជាប្រើអំណាចដោយមិនសមរម្យ ឬប្រពន្ធមិនចេះជូនយោបល់ដោយមិនធ្វើឲ្យប្ដីទើសចិត្តឡើយ។ ជាឧទាហរណ៍ អេនតូនីអូដែលជាប្ដីម្នាក់នៅប្រទេសអ៊ីតាលី និយាយថា៖ «កម្រណាស់ដែលឪពុកខ្ញុំពិគ្រោះជាមួយម្ដាយខ្ញុំអំពីរឿងដែលទាក់ទងនឹងគ្រួសារយើង។ ហេតុនេះ ពេលខ្ញុំទើបតែរៀបការ ខ្ញុំគ្រប់គ្រងលើគ្រួសារខ្ញុំហាក់ដូចជាខ្ញុំជាស្តេចមួយអង្គ»។ ប្រពន្ធម្នាក់នៅប្រទេសកាណាដាឈ្មោះដេប៊ី ពោលថា៖ «ខ្ញុំទាមទារឲ្យប្ដីខ្ញុំមានសណ្ដាប់ធ្នាប់ជាង។ របៀបដែលខ្ញុំប្រាប់គាត់គឺហាក់ដូចជាខ្ញុំជាអ្នកបង្គាប់បញ្ជា តែនេះធ្វើឲ្យគាត់កាន់តែផ្គើនខ្ញុំឡើង»។
តើដំណោះស្រាយសម្រាប់ប្ដីគឺយ៉ាងណា?
ប្ដីខ្លះយល់ច្រឡំអំពីអ្វីដែលគម្ពីរចែងស្តីអំពីការចុះចូលរបស់ប្រពន្ធ និងការស្ដាប់បង្គាប់របស់កូនចំពោះឪពុកម្ដាយ។ (កូឡុស ៣:២០; ពេត្រុសទី១ ) ប៉ុន្តែ គម្ពីរចែងថាប្ដីត្រូវ«នៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ»។ គម្ពីរមិនបានចែងដូច្នេះទេអំពីឪពុកម្ដាយនិងកូន។ ( ៣:១ម៉ាថាយ ១៩:៥) ព្រះយេហូវ៉ាបានពណ៌នាថាប្រពន្ធជាជំនួយឬជាមនុស្សដែលមានសិទ្ធិស្មើគ្នានឹងប្ដី។ (លោកុប្បត្តិ ២:១៨) លោកមិនដែលសំដៅទៅកូនក្មេងជាជំនួយឬជាមនុស្សដែលមានសិទ្ធិស្មើឪពុកម្ដាយឡើយ។ តើអ្នកគិតយ៉ាងណា? បើប្ដីម្នាក់ប្រព្រឹត្តទៅលើប្រពន្ធដូចប្រពន្ធជាកូនក្មេង តើប្ដីនោះនឹងផ្ដល់កិត្ដិយសដល់ចំណងអាពាហ៍ពិពាហ៍ឬទេ?
តាមពិត បណ្ដាំរបស់ព្រះដាស់តឿនអ្នកឲ្យប្រព្រឹត្តទៅលើប្រពន្ធ តាមរបៀបដែលគ្រិស្តប្រព្រឹត្តទៅលើក្រុមជំនុំគ្រិស្តសាសនិក។ អ្នកអាចធ្វើឲ្យប្រពន្ធគោរពអ្នកជាប្រមុខរបស់នាងយ៉ាងងាយជាង បើ(១) អ្នកមិនតម្រូវឲ្យនាងចុះចូលអ្នកភ្លាមៗនិងចុះចូលឲ្យបានល្អឥតខ្ចោះទេ ហើយ(២) អ្នកស្រឡាញ់នាងដូចស្រឡាញ់រូបកាយរបស់ខ្លួន ថ្វីបើមានការពិបាកកើតឡើងក៏ដោយ។—អេភេសូរ ៥:២៥-២៩
តើដំណោះស្រាយសម្រាប់ប្រពន្ធគឺយ៉ាងណា?
សូមទទួលស្គាល់ថា ប្ដីរបស់អ្នកគឺជាប្រមុខរបស់អ្នកដែលព្រះបានតែងតាំង។ (កូរិនថូសទី១ ១១:៣) បើអ្នកលើកកិត្ដិយសប្ដីរបស់អ្នក អ្នកលើកកិត្ដិយសព្រះ។ បើអ្នកមិនព្រមចុះចូលប្រមុខភាពរបស់ប្ដី នោះអ្នកមិនគ្រាន់តែបង្ហាញអារម្មណ៍របស់អ្នកចំពោះប្ដីប៉ុណ្ណោះទេ តែក៏ចំពោះព្រះនិងតម្រូវការរបស់លោកផងដែរ។—កូឡុស ៣:១៨
ពេលពិគ្រោះគ្នាអំពីបញ្ហាផ្សេងៗ ចូររៀនឲ្យចេះដោះស្រាយបញ្ហានោះ ជាជាងថាឲ្យប្ដី។ ជាឧទាហរណ៍ មហាក្សត្រីអេសធើរចង់ឲ្យស្តេចអ័ហាស៊ូរុសដែលជាប្ដីរបស់នាង រកយុត្ដិធម៌ចំពោះរឿងមួយ។ ជាជាងឈ្លោះប្រកែកជាមួយប្ដី នាងបានប្រាប់ប្ដីយ៉ាងប៉ិនប្រសប់ ដោយមិនធ្វើឲ្យប្ដីទើសចិត្ត។ ប្ដីនាងទទួលយកយោបល់របស់នាង ហើយនៅទីបំផុតបានធ្វើតាមយោបល់នោះ។ (នាងអេសធើរ ៧:១-៤; ៨:៣-៨) ប្ដីរបស់អ្នកទំនងជាស្រឡាញ់អ្នកកាន់តែខ្លាំងឡើង បើ(១) អ្នកទុកពេលវេលាគ្រប់គ្រាន់ឲ្យគាត់បំពេញតាមតួនាទីថ្មីរបស់គាត់ជាប្រមុខនៃគ្រួសារ ហើយ(២) អ្នកគោរពគាត់ សូម្បីតែពេលគាត់ធ្វើខុសក៏ដោយ។—អេភេសូរ ៥:៣៣
សូមសាកវិធីនេះ: ជាជាងគិតអំពីអ្វីដែលគូរបស់អ្នកត្រូវកែប្រែ សូមកត់ទុកអ្វីដែលខ្លួនអ្នកត្រូវកែប្រែវិញ។ ចំពោះប្ដី: ពេលប្រពន្ធអន់ចិត្តដោយសារអ្នកមិនបានដឹកនាំគាត់ឬដោយសាររបៀបដែលអ្នកដឹកនាំគាត់មិនបានល្អ សូមសួរគាត់ថា តើអ្នកអាចធ្វើអ្វីខ្លះដើម្បីដឹកនាំឲ្យបានកាន់តែប្រសើរឡើង? ហើយក្រោយមកកត់ទុកយោបល់នោះ។ ចំពោះប្រពន្ធ: ពេលប្ដីគិតថាអ្នកមិនគោរពគាត់ សូមសួរគាត់អំពីវិធីដែលអ្នកអាចធ្វើឲ្យបានប្រសើរឡើងចំពោះរឿងនេះ ហើយកត់ទុកយោបល់របស់គាត់។
កុំតម្រូវហួសហេតុពេក តែមានគំនិតសមហេតុផល
ការរៀនរក្សាឲ្យមានចំណងអាពាហ៍ពិពាហ៍ដែលប្រកបដោយសុភមង្គលនិងមានតុល្យភាព គឺដូចជាការរៀនជិះកង់។ ពេលរៀនចេះជិះកង់ស្ទាត់ អ្នកដឹងថា ជួនកាល អ្នកនឹងដួល។ ដូចគ្នាដែរ អ្នកគួរចាំថា អ្នកនឹងមានកំហុសខ្លះដែលធ្វើឲ្យអ្នកខ្មាសគេ កាលដែលអ្នកមានបទពិសោធន៍ក្នុងអាពាហ៍ពិពាហ៍។
កុំម៉ឺងម៉ាត់ពេក តែចេះសើចសប្បាយផង។ ចូរយកចិត្តទុកដាក់នឹងកង្វល់របស់គូអ្នក តែរៀនឲ្យចេះសើចអំពីកំហុសរបស់អ្នក។ សូមឆ្លៀតយកឱកាសដើម្បីធ្វើឲ្យគូរបស់អ្នករីករាយក្នុងអំឡុងឆ្នាំដំបូងនៃអាពាហ៍ពិពាហ៍។ (ចោទិយកថា ២៤:៥) សំខាន់បំផុត ចូរឲ្យបណ្ដាំរបស់ព្រះណែនាំចំណងអាពាហ៍ពិពាហ៍របស់អ្នក។ បើអ្នកធ្វើដូច្នេះ ចំណងអាពាហ៍ពិពាហ៍របស់អ្នកនឹងកាន់តែរឹងមាំនៅឆ្នាំបន្តបន្ទាប់។
^ វគ្គ 9 ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
សូមសួរខ្លួនអ្នកថា . . .
-
តើខ្ញុំចាត់ទុកគូរបស់ខ្ញុំជាមនុស្សជិតស្និទ្ធបំផុតនិងគួរឲ្យទុកចិត្ត ឬខ្ញុំចូលចិត្តសុំយោបល់ពីអ្នកឯទៀតវិញ?
-
នៅពេលថ្មីៗនេះ តើខ្ញុំបានធ្វើអ្វីខ្លះដែលបង្ហាញថាខ្ញុំស្រឡាញ់និងគោរពគូរបស់ខ្ញុំ?