លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលថ្លៃលោះសង្គ្រោះយើង

របៀបដែលថ្លៃលោះសង្គ្រោះយើង

របៀប​ដែល​ថ្លៃ​លោះ​សង្គ្រោះ​យើង

«អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ រីឯ​អ្នក​ណា​ដែល​មិន​ស្ដាប់​បង្គាប់​បុត្រ​របស់​លោក អ្នក​នោះ​នឹង​មិន​ទទួល​ជីវិត​ឡើយ តែ​កំហឹង​របស់​ព្រះ​នៅ​ជាប់​នឹង​អ្នក​នោះ»។—យ៉ូន. ៣:៣៦

១, ២. តើ​មូលហេតុ​មួយ​ដែល​ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ជា​លើក​ដំបូង គឺ​ជា​អ្វី?

ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន​លេខ​៤ ដែល​ចេញ​នៅ​ខែ​តុលា​ឆ្នាំ​១៨៧៩ ជា​ភាសា​អង់គ្លេស​បាន​ចែង​ថា៖ «អ្នក​ណា​ដែល​សិក្សា​គម្ពីរ​យ៉ាង​ដិត​ដល់ អ្នក​នោះ​នឹង​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃ​មរណភាព​របស់​គ្រិស្ត»។ សេចក្ដី​បញ្ចប់​នៃ​អត្ថបទ​នោះ​ក៏​បាន​បញ្ជាក់​ចំណុច​សំខាន់​មួយ​ដែល​ថា៖ «ចូរ​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន​នឹង​អ្វី​ៗ​ក៏​ដោយ​ដែល​បន្ទាប​បន្ថោក​ឬ​មិន​ទទួល​ស្គាល់​ថា មរណភាព​របស់​គ្រិស្ត​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ ហើយ​លោះ​យើង​ពី​ការ​ខុស​ឆ្គង»។—សូម​អាន យ៉ូហាន​ទី​១ ២:១, ២

មូលហេតុ​មួយ​ដែល​ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ជា​លើក​ដំបូង​នៅ​ខែ​កក្កដា​ឆ្នាំ​១៨៧៩ គឺ​ដើម្បី​ការ​ពារ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ស្តី​អំពី​ថ្លៃ​លោះ (ទស្សនាវដ្ដី​នេះ​ឥឡូវ​ហៅ​ថា​ទស្សនាវដ្ដី​ប៉ម​យាម)។ ព័ត៌មាន​ក្នុង​ទស្សនាវដ្ដី​នោះ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា‹អាហារ​តាម​ត្រូវ​ពេល› ពី​ព្រោះ​នៅ​ចុង​សតវត្សរ៍​ទី​១៩ មាន​មនុស្ស​កាន់​តែ​ច្រើន​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក បាន​ចាប់​ផ្ដើម​សង្ស័យ​ថា​មរណភាព​របស់​លោក​យេស៊ូ​មិន​អាច​លោះ​យើង​ពី​អំពើ​ខុស​ឆ្គង​ទេ។ (ម៉ាថ. ២៤:៤៥) នៅ​គ្រា​នោះ មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ជឿ​ទៅ​លើ​ទ្រឹស្តី​នៃ​ការ​វិវត្តន៍ ដែល​ជា​ទ្រឹស្តី​ផ្ទុយ​ពី​ការ​ពិត​ដែល​ថា​មនុស្ស​បាត់​បង់​ភាព​ល្អ​ឥត​ខ្ចោះ។ ពួក​អ្នក​ដែល​ជឿ​ទៅ​លើ​ទ្រឹស្តី​នៃ​ការ​វិវត្តន៍​បង្រៀន​ថា មនុស្សជាតិ​មាន​ភាព​ប្រសើរ​ឡើង​ដោយ​ឯកឯង ហើយ​មិន​ត្រូវ​ការ​ថ្លៃ​លោះ​ទេ។ ហេតុ​នេះ ដំបូន្មាន​របស់​សាវ័ក​ប៉ូល​ទៅ​ធីម៉ូថេ​គឺ​ត្រឹម​ត្រូវ ដែល​ថា៖ «ចូរ​រក្សា​ការ​ពារ​អ្វី​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​អ្នក ដោយ​ជៀស​ចេញ​ពី​សម្ដី​អសារ​ឥត​ការ​ដែល​មិន​ស្រប​តាម​អ្វី​ដែលបរិសុទ្ធ ហើយ​ពី​ភាព​មិន​ស្រប​គ្នា​នៃ​អ្វី​ដែល​គេ​ហៅ​ខុស​ថា‹ចំណេះ›។ ព្រោះ​អ្នក​ខ្លះ​បាន​បែរ​ចេញ​ពី​ជំនឿ ដោយ​សារ​បង្អួត​ចំណេះ​បែប​នោះ»។—១ធី. ៦:២០, ២១

៣. តើ​យើង​នឹង​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ?

អ្នក​ប្រាកដ​ជា​បាន​តាំង​ចិត្ត​មិន​ឲ្យ​ខ្លួន​អ្នក‹បែរ​ចេញ​ពី​ជំនឿ›ទេ។ ដើម្បី​រក្សា​ឲ្យ​មាន​ជំនឿ​មាំ​មួន ជា​ការ​ល្អ​ឲ្យ​អ្នក​ពិចារណា​សំណួរ​ទាំង​នេះ​ដូច​ជា ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ការ​ថ្លៃ​លោះ? តើ​ថ្លៃ​លោះ​តម្រូវ​ឲ្យ​មាន​ការ​លះបង់​អ្វី? តើ​ខ្ញុំ​អាច​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​ការ​រៀបចំ​ដ៏​វិសេស​វិសាល​នេះ​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កំហឹង​របស់​ព្រះ?

យើង​អាច​រួច​ផុត​ពី​កំហឹង​របស់​ព្រះ

៤, ៥. តើ​អ្វី​បង្ហាញ​ថា​កំហឹង​របស់​ព្រះ​នៅ​ជាប់​នឹង​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ?

គម្ពីរ​បរិសុទ្ធ​និង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​បង្ហាញ​ថា កំហឹង​របស់​ព្រះ«នៅ​ជាប់»នឹង​មនុស្សជាតិ​តាំង​ពី​ពេល​អាដាម​ធ្វើ​ខុស។ (យ៉ូន. ៣:៣៦) នេះ​បាន​ត្រូវ​ឃើញ​ច្បាស់​ដោយ​សារ​មនុស្ស​ទាំង​អស់​មិន​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​បាន​ឡើយ។ ការ​គ្រប់​គ្រង​របស់​សាថាន​ដែល​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​ព្រះ មិន​អាច​ការ​ពារ​មនុស្សជាតិ​ទាំង​ស្រុង​ពី​ទុក្ខ​លំបាក​ដែល​ពួក​គេ​មាន​ឥត​ឈប់​ឈរ​ទេ ហើយ​គ្មាន​រដ្ឋាភិបាល​ណា​មួយ​របស់​មនុស្ស​ដែល​មាន​សមត្ថភាព​បំពេញ​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំ​បាច់​របស់​ពលរដ្ឋ​ទាំង​អស់​បាន​ឡើយ។ (១យ៉ូន. ៥:១៩) ម្ល៉ោះ​ហើយ​សង្គ្រាម ឧក្រិដ្ឋកម្ម និង​ភាព​ក្រី​ក្រ​នៅ​តែ​ញាំញី​មនុស្សជាតិ។

ច្បាស់​ណាស់ ព្រះ​យេហូវ៉ា​មិន​ឲ្យ​ពរ​ដល់​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ​ទេ។ ប៉ូល​បាន​ស្រដី​ថា៖ «កំហឹង​របស់​ព្រះ​កំពុង​ត្រូវ​សម្ដែង​ចេញ​ពី​ស្ថាន​សួគ៌ ទាស់​នឹង​គ្រប់​ទាំង​អំពើ​ឥត​គោរព​ព្រះ»។ (រ៉ូម ១:១៨​-​២០) ហេតុ​នេះ ពួក​អ្នក​ដែល​មាន​របៀប​រស់​នៅ​ដែល​ព្រះ​មិន​ពេញ​ចិត្ត ហើយ​មិន​ប្រែ​ចិត្ត នោះ​មិន​អាច​គេច​ផុត​ពី​ផល​វិបាក​ដែល​មក​ពី​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ទេ។ សព្វ​ថ្ងៃ កំហឹង​របស់​ព្រះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​តាម​រយៈ​សារ​ដែល​ប្រាប់​ពី​ការ​វិនិច្ឆ័យ​ទោស​ដែល​ប្រៀប​ដូច​ជា​ទុក្ខ​វេទនា​ដែល​កំពុង​ចាក់​ទៅ​លើ​ពិភព​លោក​របស់​សាថាន ហើយ​សារ​បែប​នេះ​មាន​ក្នុង​សៀវភៅ​ជា​ច្រើន​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។—បប. ១៦:១

៦, ៧. តើ​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ កំពុង​នាំ​មុខ​ក្នុង​កិច្ច​ការ​អ្វី? ហើយ​តើ​មនុស្ស​ដែល​រួម​ចំណែក​ក្នុង​ពិភព​លោក​របស់​សាថាន នៅ​តែ​មាន​ឱកាស​ធ្វើ​អ្វី?

តើ​នេះ​មាន​ន័យ​ថា គ្មាន​ពេល​ទៀត​ឲ្យ​មនុស្ស​រំដោះ​ខ្លួន​ពី​ការ​សង្កត់​សង្កិន​របស់​សាថាន ហើយ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ឬ​ទេ? មិន​មែន​ទេ ព្រោះ​មនុស្សជាតិ​នៅ​តែ​មាន​ឱកាស​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ដែល​ជា«ទូត​តំណាង​គ្រិស្ត»កំពុង​នាំ​មុខ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ តាម​រយៈ​កិច្ច​បម្រើ​ផ្សាយ​នេះ មនុស្ស​គ្រប់​ជាតិ​សាសន៍​បាន​ត្រូវ​អញ្ជើញ​ឲ្យ«ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ»។—២កូ. ៥:២០, ២១

សាវ័ក​ប៉ូល​បាន​ថ្លែង​ថា​លោក​យេស៊ូ«សង្គ្រោះ​យើង​ពី​កំហឹង​ដែល​នឹង​មក»។ (១ថែ. ១:១០) កំហឹង​នេះ​ដែល​ជា​កំហឹង​ចុង​ក្រោយ​របស់​ព្រះ​យេហូវ៉ា នឹង​បណ្ដាល​ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​ខុស​ដែល​មិន​ប្រែ​ចិត្ត ទទួល​សេចក្ដី​ហិន​វិនាស​ជា​រៀង​រហូត។ (២ថែ. ១:៦​-​៩) តើ​នរណា​នឹង​គេច​ផុត​បាន? គម្ពីរ​ចែង​ថា៖ «អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ រីឯ​អ្នក​ណា​ដែល​មិន​ស្ដាប់​បង្គាប់​បុត្រ​របស់​លោក អ្នក​នោះ​នឹង​មិន​ទទួល​ជីវិត​ឡើយ តែ​កំហឹង​របស់​ព្រះ​នៅ​ជាប់​នឹង​អ្នក​នោះ»។ (យ៉ូន. ៣:៣៦) ត្រូវ​ហើយ ពេល​របៀប​របប​នេះ​មក​ដល់​ទី​បញ្ចប់ មនុស្ស​ទាំង​អស់​ដែល​កំពុង​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​និង​ថ្លៃ​លោះ នឹង​មិន​ត្រូវ​បំផ្លាញ​ចោល​ទេ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​កំហឹង​របស់​ព្រះ។

តើ​ថ្លៃ​លោះ​សង្គ្រោះ​មនុស្សជាតិ​យ៉ាង​ដូច​ម្ដេច?

៨. (ក) តើ​អាដាម​និង​អេវ៉ា​អាច​មាន​អនាគត​អស្ចារ្យ​បែប​ណា? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​លោក​ជា​ព្រះ​ដែល​មាន​យុត្ដិធម៌​ល្អ​ឥត​ខ្ចោះ?

ព្រះ​បាន​បង្កើត​អាដាម​និង​អេវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ។ បើ​ពួក​គេ​ចេះស្ដាប់​បង្គាប់​ព្រះ​រហូត នោះ​ឥឡូវ​នេះ ផែនដី​បាន​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ហើយ ជា​កន្លែង​ដែល​ពួក​គេ​នឹង​រស់​នៅ​ជា​មួយ​កូន​ចៅ​របស់​ពួក​គេ​ដែល​មាន​ចិត្ត​សប្បាយ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​បំពាន​បញ្ញត្ដិ​របស់​ព្រះ​ដោយ​ចេតនា។ ជា​លទ្ធផល ពួក​គេ​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ស្លាប់​ជា​រៀង​រហូត ហើយ​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​សួន​ឧទ្យាន​ដំបូង​នោះ។ ពេល​អាដាម​និង​អេវ៉ា​បង្កើត​កូន ភាព​ខុស​ឆ្គង​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្សជាតិ ហើយ​នៅ​ទី​បំផុត បុរស​និង​ស្ត្រី​ដំបូង​កាន់​តែ​ចាស់​ទៅ​ៗ​ហើយ​ស្លាប់។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​គឺ​ជា​ការ​ពិត​មែន។ ម្យ៉ាង​ទៀត លោក​ជា​ព្រះ​ដែល​មាន​យុត្ដិធម៌​ល្អ​ឥត​ខ្ចោះ។ ព្រះ​យេហូវ៉ា​បាន​ព្រមាន​អាដាម​ថា​ការ​បរិភោគ​ផ្លែ​ឈើ​ដែល​លោក​បាន​ហាមឃាត់ នោះ​នឹង​នាំ​ឲ្យ​ស្លាប់ ហើយ​នេះ​បាន​កើត​ឡើង​មែន។

៩, ១០. (ក) ហេតុ​អ្វី​បាន​ជា​កូន​ចៅ​របស់​អាដាម​ស្លាប់? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​ជា​រៀង​រហូត?

ដោយ​សារ​យើង​ជា​កូន​ចៅ​របស់​អាដាម យើង​មាន​រូប​កាយ​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ដែល​ងាយ​ធ្វើ​ខុស ហើយ​នៅ​ទី​បំផុត​ត្រូវ​ស្លាប់។ ពេល​ព្រះ​កាត់​ទោស​អាដាម​ឲ្យ​ត្រូវ​ស្លាប់ យើង​ក៏​ទទួល​ការ​កាត់​ទោស​នោះ​ដែរ។ បើ​ព្រះ​យេហូវ៉ា​បំបាត់​ចោល​ជរា​ភាព​និង​សេចក្ដី​ស្លាប់​ដោយ​មិន​មាន​ថ្លៃ​លោះ នោះ​លោក​នឹង​មិន​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​ទេ។ ប៉ូល​ហាក់​ដូច​ជា​និយាយ​តំណាង​យើង​ទាំង​អស់​គ្នា​ពេល​គាត់​ស្រដី​ថា៖ «យើង​ដឹង​ថា​ច្បាប់​មក​ពី​វិញ្ញាណ ប៉ុន្តែ​ខ្ញុំ​ជា​សាច់​ឈាម ដែល​បាន​ត្រូវ​លក់​ជា​ខ្ញុំ​បម្រើ​ភាព​ខុស​ឆ្គង។ ពិបាក​ចិត្ត​ណាស់​ខ្ញុំ! តើ​អ្នក​ណា​នឹង​សង្គ្រោះ​ខ្ញុំ​ពី​រូប​កាយ​ដែល​កំពុង​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​របៀប​នេះ?»។—រ៉ូម ៧:១៤, ២៤

១០ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ផ្ដល់​នូវ​មូលដ្ឋាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ដែល​អាច​ឲ្យ​លោក​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង ហើយ​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ដាក់​ទោស​ឲ្យ​ស្លាប់​ជា​រៀង​រហូត។ លោក​បាន​ធ្វើ​ដូច្នេះ​ដោយ​ចាត់​បុត្រ​លោក​ពី​ស្ថាន​សួគ៌​ឲ្យ​កើត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ម្នាក់​ដែល​អាច​ផ្ដល់​ជីវិត​ជា​ថ្លៃ​លោះ​សម្រាប់​យើង។ មិន​ដូច​អាដាម លោក​យេស៊ូ​នៅ​តែ​រក្សា​ភាព​ល្អ​ឥត​ខ្ចោះ​របស់​លោក។ ប្រាកដ​មែន «លោក​មិន​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សោះ»។ (១ពេ. ២:២២) ហេតុ​នេះ លោក​អាច​ធ្វើ​ជា​ឪពុក​របស់​មនុស្សជាតិ​ដែល​ល្អ​ឥត​ខ្ចោះ។ ក៏​ប៉ុន្តែ លោក​អនុញ្ញាត​ឲ្យ​សត្រូវ​របស់​ព្រះ​សម្លាប់​លោក​ដើម្បី​លោក​អាច​ទទួល​យក​កូន​ចៅ​របស់​អាដាម​ដែល​មាន​ភាព​ខុស​ឆ្គង ធ្វើ​ជា​កូន ហើយ​ផ្ដល់​លទ្ធភាព​ឲ្យ​ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​លោក​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ គម្ពីរ​ពន្យល់​ថា៖ «មាន​ព្រះ​តែ​មួយ និង​អ្នក​សម្រុះ​សម្រួល​តែ​មួយ​រវាង​ព្រះ​និង​មនុស្សជាតិ គឺ​បុរស​ម្នាក់ គ្រិស្ត​យេស៊ូ ដែល​បាន​ប្រគល់​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់»។—១ធី. ២:៥, ៦

១១. (ក) តើ​យើង​អាច​ប្រៀប​ប្រដូច​ប្រយោជន៍​នៃ​ថ្លៃ​លោះ​ទៅ​នឹង​អ្វី? (ខ) តើ​នរណា​ខ្លះ​អាច​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ?

១១ ដើម្បី​យល់​នូវ​របៀប​ដែល​ថ្លៃ​លោះ​សង្គ្រោះ​យើង សូម​គិត​អំពី​ឧទាហរណ៍​នេះ។ ម្ចាស់​ធនាគារ​មួយ​ដែល​ពុក​រលួយ​បាន​បោក​បន្លំ​យក​ប្រាក់​សន្សំ​ទាំង​អស់​របស់​អ្នក​វិនិយោគទុន​ដែល​ដាក់​លុយ​ក្នុង​ធនាគារ​នោះ ហើយ​នេះ​បណ្ដាល​ឲ្យ​អ្នក​វិនិយោគទុន​ទាំង​នោះ​ជំពាក់​បំណុល​គេ។ ម្ចាស់​ធនាគារ​នោះ​បាន​ទទួល​ការ​កាត់​ទោស​យ៉ាង​ត្រឹម​ត្រូវ​ឲ្យ​ជាប់​គុក​ជា​ច្រើន​ឆ្នាំ។ ចុះ​ចំពោះ​អ្នក​វិនិយោគទុន​ទាំង​នោះ​ដែល​ជា​ជន​ស្លូត​ត្រង់? ពួក​គាត់​ធ្លាក់​ខ្លួន​ក្រ ហើយ​ពួក​គាត់​គ្មាន​មធ្យោបាយ​ដើម្បី​រួច​ផុត​ពី​ភាព​ក្រី​ក្រ​បាន​ទេ លើក​លែង​តែ​បុរស​ដ៏​ស្តុកស្តម្ភ​ម្នាក់​ដែល​មាន​ចិត្ត​ល្អ​ទិញ​យក​ធនាគារ​នោះ ហើយ​ឲ្យ​ប្រាក់​សន្សំ​ទាំង​អស់​ដល់​ជន​រង​គ្រោះ​វិញ ថែម​ទាំង​ជួយ​ឲ្យ​ពួក​គាត់​រួច​បំណុល។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​និង​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​បាន​ទិញ​កូន​ចៅ​របស់​អាដាម ហើយ​លុប​ចោល​ភាព​ខុស​ឆ្គង​របស់​ពួក​គាត់​ដែល​ប្រៀប​ដូច​ជា​បំណុល ដោយ​ផ្អែក​លើ​ឈាម​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​បង្ហូរ។ ហេតុ​នេះ​ហើយ​បាន​ជា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​អាច​និយាយ​អំពី​លោក​យេស៊ូ​ថា៖ «មើល​ហ្ន៎! កូន​ចៀម​របស់​ព្រះ ដែល​ដក​យក​ភាព​ខុស​ឆ្គង​របស់​ពិភព​លោក​ចេញ!»។ (យ៉ូន. ១:២៩) លោក​មិន​គ្រាន់​តែ​ដក​យក​ភាព​ខុស​ឆ្គង​របស់​មនុស្ស​ដែល​នៅ​រស់​ចេញ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដក​យក​ភាព​ខុស​ឆ្គង​របស់​មនុស្ស​ដែល​បាន​ស្លាប់​ដែរ។

តើ​ថ្លៃ​លោះ​តម្រូវ​ឲ្យ​មាន​ការ​លះបង់​អ្វី?

១២, ១៣. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​អំពី​ការ​ដែល​អាប្រាហាំ​ស្ម័គ្រ​ចិត្ត​បូជា​អ៊ីសាក?

១២ យើង​មិន​អាច​យល់​ច្បាស់​នូវ​អ្វី​ដែល​បិតា​នៅ​ស្ថាន​សួគ៌​របស់​យើង​និង​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​បាន​លះ​បង់​ដើម្បី​បង់​ថ្លៃ​លោះ​ឡើយ។ ប៉ុន្តែ​គម្ពីរ​រៀប​រាប់​នូវ​កំណត់​ហេតុ​ដែល​អាច​ជួយ​យើង​ឲ្យ​សញ្ជឹង​គិត​អំពី​រឿង​នេះ។ ជា​ឧទាហរណ៍ សូម​នឹក​គិត​ថា​អាប្រាហាំ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គាត់​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ម៉ូរីយ៉ា​អស់​បី​ថ្ងៃ​តាម​បង្គាប់​របស់​ព្រះ​ដែល​ថា៖ «ចូរ​យក​អ៊ីសាក​កូន​ឯង ដែល​ជា​កូន​សំឡាញ់​តែ​១​នោះ​ទៅ​ឥឡូវ នាំ​គ្នា​ទៅ​ឯ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​ជា​ដង្វាយ​ដុត​នៅ​លើ​ភ្នំ​១​ក្នុង​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ប្រាប់​ឯង​នោះ»។—លោ. ២២:២​-​៤

១៣ នៅ​ទី​បំផុត អាប្រាហាំ​បាន​ទៅ​ដល់​កន្លែង​ដែល​ព្រះ​បាន​បង្ហាញ​ប្រាប់​គាត់។ សូម​គិត​ថា​អាប្រាហាំ​ពិបាក​ចិត្ត​ខ្លាំង​ប៉ុណ្ណា​ពេល​គាត់​ចង​ដៃចង​ជើង​អ៊ីសាក ហើយ​ឲ្យ​កូន​ដេក​លើ​ទី​បូជា​ដែល​គាត់​បាន​ធ្វើ​ដោយ​ផ្ទាល់។ អាប្រាហាំ​ពិត​ជា​ឈឺ​ចាប់​ក្នុង​ចិត្ត​ណាស់​ពេល​គាត់​លើក​កាំបិត​សម្លាប់​កូន! សូម​នឹក​គិត​ពី​អារម្មណ៍​របស់​អ៊ីសាក​ពេល​គាត់​ដេក​លើ​ទី​បូជា​ដោយ​ដឹង​ថា កាំបិត​នឹង​មុត​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន​គាត់​ដែល​បណ្ដាល​ឲ្យ​ស្លាប់។ តែ​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​បញ្ឈប់​អាប្រាហាំ​ទាន់​ពេល។ អ្វី​ដែល​អាប្រាហាំ​និង​អ៊ីសាក​បាន​ធ្វើ​ក្នុង​ឱកាស​នោះ​ជួយ​យើង​ឲ្យ​យល់​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​លះ​បង់​ដើម្បី​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​របស់​សាថាន​ធ្វើ​ឃាត​បុត្រ​របស់​លោក។ ការ​សហការ​របស់​អ៊ីសាក​ជា​មួយ​នឹង​អាប្រាហាំ​បង្ហាញ​ច្បាស់​ពី​ការ​ស្ម័គ្រ​ចិត្ត​របស់​លោក​យេស៊ូ​ដើម្បី​រង​ទុក្ខ និង​ទទួល​មរណភាព​ដើម្បី​យើង។—ហេ. ១១:១៧​-​១៩

១៤. តើ​មាន​អ្វី​កើត​ឡើង​ក្នុង​ជីវិត​របស់​យ៉ាកុប​ដែល​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​ការ​លះបង់​សម្រាប់​ថ្លៃ​លោះ?

១៤ យើង​ក៏​អាច​យល់​ដែរ​អំពី​ការ​លះបង់​សម្រាប់​ថ្លៃ​លោះ ដោយ​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​យ៉ាកុប។ ក្នុង​ចំណោម​កូន​ប្រុស​ទាំង​អស់​របស់​យ៉ាកុប យ៉ូសែប​ជា​កូន​ប្រុស​ម្នាក់​ដែល​យ៉ាកុប​ស្រឡាញ់​ជាង​គេ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ បង​ប្រុស​ៗ​របស់​គាត់​បាន​ច្រណែន ហើយ​ស្អប់​គាត់។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យ៉ូសែប​ស្ម័គ្រ​ចិត្ត​ធ្វើ​តាម​ឪពុក​គាត់​ដែល​ចាត់​គាត់​ឲ្យ​ទៅ​មើល​ថា បង​ប្រុស​ៗ​គាត់​បាន​សុខ​សប្បាយ​ឬ​យ៉ាង​ណា។ ពេល​នោះ​ពួក​គេ​កំពុង​ឃ្វាល​ហ្វូង​ចៀម​របស់​យ៉ាកុប​នៅ​ក្រុង​ហេប្រុន​ដែល​ស្ថិត​នៅ​ខាង​ជើង​ផ្ទះ​ពួក​គេ​ចម្ងាយ​ប្រហែល​១០០​គីឡូ​ម៉ែត្រ។ សូម​នឹក​គិត​ថា​តើ​យ៉ាកុប​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​កូន​ប្រុស​ៗ​របស់​គាត់​ត្រឡប់​មក​វិញ​ដោយ​យក​មក​ជា​មួយ​នូវ​សម្លៀក​បំពាក់​របស់​យ៉ូសែប​ដែល​ប្រឡាក់​ដោយ​ឈាម! គាត់​ឧទាន​ថា៖ «គឺ​ជា​អាវ​របស់​កូន​អញ​ពិត! មុខ​ជា​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ហើយ យ៉ូសែប​បាន​ត្រូវ​ហែក​ខ្ទេច​ខ្ទី​ជា​ប្រាកដ!»។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​យ៉ាកុប​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ គាត់​បាន​កាន់​ទុក្ខ​យ៉ូសែប​អស់​ជា​ច្រើន​ថ្ងៃ។ (លោ. ៣៧:៣៣, ៣៤) ពេល​មាន​រឿង​ណា​មួយ​កើត​ឡើង ព្រះ​យេហូវ៉ា​មិន​មាន​ប្រតិកម្ម​ដូច​គ្នា​បេះ​បិទ​នឹង​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ឡើយ។ ក៏​ប៉ុន្តែ ការ​សញ្ជឹង​គិត​អំពី​រឿង​នេះ​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​យ៉ាកុប អាច​ជួយ​យើង​ឲ្យ​យល់​មួយ​កម្រិត​នូវ​អារម្មណ៍​ដែល​ព្រះ​ពិត​ជា​មាន ពេល​គេ​ធ្វើ​បាប​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក ហើយ​សម្លាប់​យ៉ាង​សាហាវ ពេល​បុត្រ​លោក​ជា​មនុស្ស។

ប្រយោជន៍​នៃ​ថ្លៃ​លោះ

១៥, ១៦. (ក) តើ​ព្រះ​យេហូវ៉ា​បង្ហាញ​តាម​របៀប​ណា​ថា​លោក​ពេញ​ចិត្ត​នឹង​ថ្លៃ​លោះ? (ខ) តើ​អ្នក​បាន​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​ថ្លៃ​លោះ?

១៥ ព្រះ​យេហូវ៉ា​បាន​ប្រោស​បុត្រ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​រូប​កាយ​ដ៏​រុង​រឿង។ (១ពេ. ៣:១៨) អស់​រយៈ​ពេល​៤០​ថ្ងៃ លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​លេច​ខ្លួន​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ឃើញ ព្រម​ទាំង​ពង្រឹង​ជំនឿ​របស់​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​កិច្ច​ផ្សព្វ​ផ្សាយ​ដ៏​ធំ​ដែល​ពួក​គេ​នឹង​ធ្វើ។ ក្រោយ​មក លោក​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ ហើយ​ជូន​ព្រះ​នូវ​តម្លៃ​នៃ​ឈាម​របស់​លោក​ដែល​បាន​ត្រូវ​បង្ហូរ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​អ្នក​កាន់​តាម​ពិត​របស់​លោក​ដែល​បង្ហាញ​ជំនឿ​លើ​តម្លៃ​នៃ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​នោះ។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា លោក​ពេញ​ចិត្ត​នឹង​ថ្លៃ​លោះ​របស់​គ្រិស្ត​ដោយ​ចាត់​ឲ្យ​លោក​យេស៊ូ​ចាក់​សកម្មពល​បរិសុទ្ធ​ទៅ​លើ​ពួក​អ្នក​កាន់​តាម​លោក ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម​នា​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។—សកម្ម. ២:៣៣

១៦ ភ្លាម​ៗ​នោះ ពួក​អ្នក​កាន់​តាម​ទាំង​នេះ​របស់​គ្រិស្ត ដែល​បាន​ត្រូវ​រើស​តាំង​បាន​ចាប់​ផ្ដើម​ដាស់​តឿន​មនុស្ស​ឯ​ទៀត​ថា ពួក​គេ​អាច​គេច​ចេញ​ពី​កំហឹង​របស់​ព្រះ​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​លោក​យេស៊ូ​គ្រិស្ត ដើម្បី​ឲ្យ​ការ​ខុស​ឆ្គង​របស់​ពួក​គេ​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ។ (សូម​អាន សកម្មភាព ២:៣៨​-​៤០) តាំង​ពី​ថ្ងៃ​ដ៏​សំខាន់​នោះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ​បាន​ទាញ​នាំ​មនុស្ស​រាប់​លាន​នាក់​ពី​គ្រប់​ជាតិ​សាសន៍​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​លោក ដោយ​ផ្អែក​លើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ។ (យ៉ូន. ៦:៤៤) ដូច្នេះ នៅ​ទី​នេះ យើង​ត្រូវ​ពិចារណា​អំពី​សំណួរ​ពីរ​ទៀត​គឺ តើ​យើង​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អ​របស់​យើង​ឬ? តើ​យើង​អាច​បាត់​បង់​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​នេះ​ឬ​ទេ?

១៧. តើ​អ្នក​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពរ​ដ៏​អស្ចារ្យ​ដោយ​សារ​អ្នក​ជា​មិត្ត​របស់​ព្រះ?

១៧ គ្មាន​នរណា​ម្នាក់​សម​នឹង​ទទួល​ថ្លៃ​លោះ​ទេ។ ប៉ុន្តែ ដោយ​បង្ហាញ​ជំនឿ​លើ​ថ្លៃ​លោះ មនុស្ស​រាប់​លាន​នាក់​បាន​ក្លាយ​ទៅ​ជា​មិត្ត​របស់​ព្រះ ហើយ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ក្លាយ​ទៅ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា​មិន​ធានា​ថា យើង​នឹង​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​លោក​រហូត​ទេ។ ដើម្បី​គេច​ផុត​ពី​កំហឹង​របស់​ព្រះ​ដែល​នឹង​មាន​នៅ​ថ្ងៃ​អនាគត យើង​ត្រូវ​បន្ត​បង្ហាញ​កតញ្ញុតាធម៌​យ៉ាង​ខ្លាំង​ចំពោះ«ថ្លៃ​លោះ​ដែល​គ្រិស្ត​យេស៊ូ​បាន​បង់»។—រ៉ូម ៣:២៤; សូម​អាន ភីលីព ២:១២

ចូរ​បន្ត​បង្ហាញ​ជំនឿ​លើ​ថ្លៃ​លោះ

១៨. តើ​ការ​បង្ហាញ​ជំនឿ​លើ​ថ្លៃ​លោះ​រួម​បញ្ចូល​អ្វី?

១៨ យ៉ូហាន ៣:៣៦​គឺ​ជា​ប្រធានបទ​គម្ពីរ​នៃ​អត្ថបទ​នេះ ហើយ​ខ​នោះ​បញ្ជាក់​ថា​ការ​បង្ហាញ​ជំនឿ​លើ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​ក៏​រួម​បញ្ចូល​ការ​ស្ដាប់​បង្គាប់​លោក​ដែរ។ ការ​ដឹង​គុណ​ចំពោះ​ថ្លៃ​លោះ​គួរ​ជំរុញ​យើង​ឲ្យ​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ រួម​ទាំង​អ្វី​ៗ​ដែល​លោក​បាន​បង្រៀន​អំពី​សីលធម៌​ដែរ។ (ម៉ាក. ៧:២១​-​២៣) «កំហឹង​របស់​ព្រះ​នឹង​មក»លើ​មនុស្ស​ទាំង​អស់​ដែល​ប្រព្រឹត្ត​ដោយ​មិន​ប្រែ​ចិត្ត ដូច​ជា​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​និយាយ​កំប្លែង​អាសអាភាស និង«អំពើ​ស្មោក​គ្រោក»សព្វ​បែប​យ៉ាង​ដែល​រួម​មាន​ការ​មើល​រូប​អាសអាភាស​ជា​ទៀង​ទាត់។—អេភ. ៥:៣​-​៦

១៩. តើ​យើង​អាច​បង្ហាញ​ជំនឿ​លើ​ថ្លៃ​លោះ​តាម​វិធី​ណា​ខ្លះ?

១៩ ការ​ដឹង​គុណ​របស់​យើង​ចំពោះ​ថ្លៃ​លោះ​គួរ​ធ្វើ​ឲ្យ​យើង​ជាប់​រវល់«ធ្វើ​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ»។ (២ពេ. ៣:១១) សូម​ឲ្យ​យើង​ទុក​ពេល​យ៉ាង​ច្រើន​ដើម្បី​អធិដ្ឋាន​យ៉ាង​ទៀង​ទាត់​និង​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដើម្បី​សិក្សា​គម្ពីរ​ដោយ​ខ្លួន​ឯង ចូល​រួម​កិច្ច​ប្រជុំ គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ និង​ចូល​រួម​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ម្យ៉ាង​ទៀត សូម​ឲ្យ​យើង«កុំ​ភ្លេច​ធ្វើ​ការ​ល្អ ហើយ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀត ព្រោះ​ព្រះ​ពេញ​ចិត្ត​នឹង​គ្រឿង​បូជា​បែប​នេះ»។—ហេ. ១៣:១៥, ១៦

២០. តើ​មនុស្ស​ទាំង​អស់​ដែល​បន្ត​បង្ហាញ​ជំនឿ​លើ​ថ្លៃ​លោះ​អាច​ទទួល​ពរ​អ្វី​នៅ​ថ្ងៃ​អនាគត?

២០ ពេល​ព្រះ​បញ្ចេញ​កំហឹង​របស់​លោក​លើ​របៀប​របប​ដ៏​អាក្រក់​នេះ យើង​ពិត​ជា​សប្បាយ​មែន​ដែល​យើង​បាន​បង្ហាញ​ជំនឿ​លើ​ថ្លៃ​លោះ ហើយ​បាន​បន្ត​បង្ហាញ​កតញ្ញុតាធម៌​ចំពោះ​ថ្លៃ​លោះ​នោះ! ម្យ៉ាង​ទៀត ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា​ថា​នឹង​មក យើង​នឹង​មាន​ចិត្ត​កតញ្ញូ​ជា​រៀង​រហូត​ចំពោះ​របៀប​រៀបចំ​ដ៏​អស្ចារ្យ​នេះ​ដែល​បាន​ជួយ​យើង​ឲ្យ​រួច​ផុត​ពី​កំហឹង​របស់​ព្រះ។—សូម​អាន យ៉ូហាន ៣:១៦; ការ​បើក​បង្ហាញ ៧:៩, ១០, ១៣, ១៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​យើង​ត្រូវ​ការ​ថ្លៃ​លោះ?

• តើ​ថ្លៃ​លោះ​តម្រូវ​ឲ្យ​លះ​បង់​អ្វី?

• តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ថ្លៃ​លោះ?

• តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​១៤]

មនុស្សជាតិ​នៅ​មាន​ឱកាស​ផ្សះ​ផ្សា​ជា​មួយ​ព្រះ​យេហូវ៉ា

[រូប​ភាព​នៅ​ទំព័រ​១៦]

ការ​សញ្ជឹង​គិត​អំពី​អ្វី​ដែល​កើត​ឡើង​ដល់​អាប្រាហាំ អ៊ីសាក​និង​យ៉ាកុប​អាច​ជួយ​យើង​ឲ្យ​ដឹង​គុណ​ចំពោះ​ការ​លះបង់​ដ៏​ធំ​ធេង​ដើម្បី​បង់​ថ្លៃ​លោះ