តើលោកអ្នកអាចស្គាល់នាមរបស់ព្រះឬទេ?
តើលោកអ្នកអាចស្គាល់នាមរបស់ព្រះឬទេ?
ប្រសិនបើមនុស្សដែលមានមុខមាត់ សូមឲ្យលោកអ្នកហៅឈ្មោះគាត់ជាជាងឋានៈរបស់គាត់ នេះពិតជាកិត្ដិយសមែន។ ធម្មតា គេនិយាយទៅកាន់អ្នកដែលមានបុណ្យស័ក្ដិខ្ពស់ដោយហៅតាមឋានៈដូចជា«ព្រះករុណា» «ឯកឧត្តម» ឬ«លោកប្រធាន»ជាដើម។ ដូច្នេះ បើបុគ្គលម្នាក់ដែលមានឋានៈខ្ពស់ប្រាប់លោកអ្នកថា៖ «សូមហៅឈ្មោះខ្ញុំ» នោះលោកអ្នកពិតជាមានអារម្មណ៍ថាលោកអ្នកមានឯកសិទ្ធិណាស់។
នៅក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះដ៏ពិត លោកប្រាប់យើងថា៖ «អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ»។ (អេសាយ ៤២:៨) លោកមានឋានៈជាច្រើនដូចជា«អ្នកបង្កើត» «ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត» និង«ម្ចាស់ដ៏ឧត្តមបំផុត»។ ទោះជាយ៉ាងនេះក៏ដោយ លោកតែងតែផ្ដល់កិត្ដិយសដល់អ្នកបម្រើដ៏ស្មោះត្រង់របស់លោក ដោយឲ្យពួកគេហៅឈ្មោះរបស់លោក។
ជាឧទាហរណ៍ ពេលស្តេចសាឡូម៉ូនសម្ពោធវិហារនៅក្រុងយេរូសាឡិម គាត់បានអធិដ្ឋានដោយពាក្យផ្ដើមថា៖ «ឱព្រះយេហូវ៉ា»។ (ពង្សាវតារក្សត្រទី១ ៨:២២, ២៣) អេលីយ៉ាដែលជាអ្នកប្រកាសទំនាយម្នាក់ បានអង្វរព្រះថា៖ «ឱព្រះយេហូវ៉ាអើយ សូមស្ដាប់ទូលបង្គំ»។ (ពង្សាវតារក្សត្រទី១ ១៨:៣៧) ហើយពេលអេសាយដែលជាអ្នកប្រកាសទំនាយ បាននិយាយទៅកាន់ព្រះដោយតំណាងបណ្ដាជនអ៊ីស្រាអែល គាត់បានស្រដីថា៖ «ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ»។ (អេសាយ ៦៣:១៦) ច្បាស់ណាស់ បិតារបស់យើងនៅស្ថានសួគ៌ចង់ឲ្យយើងហៅឈ្មោះរបស់លោក។
ថ្វីបើការនិយាយទៅកាន់ព្រះយេហូវ៉ាដោយហៅឈ្មោះលោកគឺសំខាន់មែន តែការស្គាល់លោកច្បាស់ជាប់ទាក់ទងនឹងអ្វីច្រើនជាងនេះទៅទៀត។ ចំពោះមនុស្សដែលស្រឡាញ់និងទុកចិត្តព្រះយេហូវ៉ា លោកសន្យាថា៖ «អញនឹងជួយឲ្យរួច . . . ពីព្រោះ[គាត់]បានស្គាល់ឈ្មោះអញ»។ (ទំនុកតម្កើង ៩១:១៤) ត្រូវហើយ ការស្គាល់ឈ្មោះរបស់ព្រះមានអត្ថន័យជ្រាលជ្រៅណាស់ ពីព្រោះនេះជាកត្ដាសំខាន់មួយដើម្បីឲ្យព្រះជួយការពារយើង។ បើដូច្នោះ តើលោកអ្នកត្រូវធ្វើអ្វីទើបស្គាល់នាមរបស់ព្រះយេហូវ៉ា ថែមទាំងមានចំណងមេត្រីភាពជាមួយលោក?