លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

 អនុស្សាវរីយ៍ពីសម័យមុន

«ផ្ទះរបស់ខ្ញុំនៅជាមួយនឹងខ្ញុំជានិច្ច»

«ផ្ទះរបស់ខ្ញុំនៅជាមួយនឹងខ្ញុំជានិច្ច»

ក្នុងអំឡុងពេលមានសកម្មភាពផ្សព្វផ្សាយយ៉ាងលឿនរយៈពេលថ្ងៃ នៅខែសីហានិងខែកញ្ញា ឆ្នាំ១៩២៩ អ្នកផ្សព្វផ្សាយជាង១០.០០០នាក់បានផ្សព្វផ្សាយពីកន្លែងមួយទៅកន្លែងមួយនៅសហរដ្ឋអាម៉េរិក។ ពួកគាត់បានផ្ដល់សៀវភៅនិងកូនសៀវភៅប្រហែលជា២៥០.០០០ក្បាលឲ្យបណ្ដាជន។ ក្នុងចំណោមអ្នកផ្សព្វផ្សាយអំពីរាជាណាចក្រទាំងនេះ មានអ្នកត្រួសត្រាយប្រហែលជាមួយពាន់នាក់។ ចំនួនរបស់ពួកគាត់បានកើនឡើងយ៉ាងខ្លាំង! ឯកសារប៊ូឡើទិន (Bulletin) * បានសរសេរអំពីការកើនឡើងនេះ«ដែលស្ទើរតែមិនគួរជឿ»ថា ចំនួនអ្នកត្រួសត្រាយបានកើនឡើងមួយជាបីពីឆ្នាំ១៩២៧ដល់ឆ្នាំ១៩២៩។

នៅចុងឆ្នាំ១៩២៩ មានវិបត្ដិហិរញ្ញវត្ថុ។ នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ១៩២៩ ដែលគេហៅថាជាថ្ងៃអង្គារដ៏អាក្រក់ តម្លៃផ្សារភាគហ៊ុននៅក្រុងញូវយ៉កដែលធ្លាក់ចុះយ៉ាងខ្លាំង បានធ្វើឲ្យសេដ្ឋកិច្ចទូទាំងពិភពលោកមានវិបត្ដិធ្ងន់ធ្ងរ។ ធនាគាររាប់ពាន់បានក្ស័យធន។ កសិដ្ឋានជាច្រើនឈប់ដំណើរការ។ រោងចក្រធំបានបិទទ្វារ។ មនុស្សរាប់លាននាក់បានបាត់បង់ការងារ។ នៅឆ្នាំ១៩៣៣ នៅសហរដ្ឋអាម៉េរិក ការរឹបយកផ្ទះបានឡើងដល់កំពូលគឺ១.០០០ខ្នងក្នុងមួយថ្ងៃ។

តើអ្នកផ្សព្វផ្សាយពេញពេលអាចដោះស្រាយជីវភាពរស់នៅក្នុងអំឡុងគ្រាមានវិបត្ដិបែបនេះយ៉ាងដូចម្ដេច? ចម្លើយគឺផ្ទះដែលមានកង់។ ឡានដែលជាផ្ទះមួយ ឬផ្ទះសណ្ដោងមួយដែលមិនចាំបាច់បង់ឈ្នួលផ្ទះនិងពន្ធ បានជួយអ្នកត្រួសត្រាយជាច្រើននាក់ឲ្យបន្ដកិច្ចបម្រើផ្សាយដោយចំណាយតិចបំផុត។ * ក្នុងអំឡុងពេលមានមហាសន្និបាត ផ្ទះចល័តគឺជាបន្ទប់សណ្ឋាគារមួយដែលមិនគិតថ្លៃ។ នៅឆ្នាំ១៩៣៤ ឯកសារប៊ូឡើទិនមានប្លង់ល្អិតល្អន់សម្រាប់ផ្ទះតូចមួយ តែស្រួលរស់នៅ ដោយមានអ្វីដែលមានប្រយោជន៍ដូចជាប្រព័ន្ធទឹក ចង្ក្រាន គ្រែដែលបត់បាន និងការដាក់វត្ថុធាតុដើម្បីការពារត្រជាក់។

អ្នកផ្សព្វផ្សាយដែលចេះឆ្នៃប្រឌិតដែលនៅជុំវិញពិភពលោកបានចាប់ផ្ដើមសង់ផ្ទះដែលមានកង់។ បងប្រុសឈ្មោះវីកទឺរ ប្លាកវេលបាននឹកចាំថា«ណូអេគ្មានបទពិសោធន៍ក្នុងការសង់ទូកទេ ហើយខ្ញុំក៏គ្មានបទពិសោធន៍ចំណេះដឹងអំពីការសង់ផ្ទះសណ្ដោងដែរ»។ ប៉ុន្ដែវីកទឺរពិតជាបានសង់ផ្ទះនោះមែន។

ឡានដែលជាផ្ទះមួយ ដែលគេហៀបនឹងចម្លងកាត់ទន្លេមួយនារដូវភ្លៀង នៅប្រទេសឥណ្ឌា

អេវឺរីនិងឡូវីនយ៉ា ប៊ី្រស្ដូ មានឡានដែលជាផ្ទះមួយ។ អេវឺរីបាននិយាយថា«ផ្ទះរបស់ខ្ញុំនៅជាមួយនឹងខ្ញុំជានិច្ច»។ ក្រុមគ្រួសារប៊ី្រស្ដូបានត្រួសត្រាយជាមួយនឹងហាវីនិងអាន ខនរ៉ូ ដែលឡានចល័តរបស់ពួកគាត់មានជញ្ជាំងធ្វើពីក្រដាសលាបជ័រកៅស៊ូ។ រាល់ដងដែលពួកគាត់រើផ្ទះរបស់ពួកគាត់ បំណែកក្រដាសរបេះធ្លាក់។ អេវឺរីនឹកចាំថា«គ្មានអ្នកណាធ្លាប់ឃើញផ្ទះសណ្ដោងបែបនេះពីមុនទេ ហើយតាំងពីពេលនោះមកមិនដែលឃើញមានមួយដូចនោះដែរ!»។ ប៉ុន្ដែអេវឺរីនិយាយថា ក្រុមគ្រួសារខនរ៉ូនិងកូនប្រុសពីរនាក់របស់ពួកគាត់គឺជា«ក្រុមគ្រួសារដែលមានសុភមង្គលបំផុត»។ ហាវី ខនរ៉ូបានសរសេរថា«យើងមិនដែលខ្វះអ្វីសោះ ហើយយើងមានអារម្មណ៍ថាយើងមានសុវត្ថិភាពទាំងស្រុងនៅក្នុងកិច្ចបម្រើព្រះយេហូវ៉ា និងនៅក្រោមការថែទាំដែលប្រកបដោយសេចក្ដីស្រឡាញ់របស់លោក»។ ក្រោយមក ក្រុមគ្រួសារខនរ៉ូទាំងបួននាក់នោះបានចូលរៀននៅសាលាគីលាត ហើយបានត្រូវចាត់ឲ្យទៅបម្រើនៅប្រទេសពេរូជាសាសនទូត។

ក្រុមគ្រួសារបាថៃណូសក៏បានត្រួសត្រាយជាក្រុមគ្រួសារដែរ។ ក្រោយពីជូស្ដូនិងវិនឆិនសាបានដឹងថាពួកគាត់នឹងមានកូន ពួកគាត់កែឆ្នៃឡានដឹកទំនិញម៉ាកហ្វ័តឆ្នាំ១៩២៩ ជាផ្ទះមួយដែល«មើលទៅដូចជាសណ្ឋាគារដ៏ល្អ»បើប្រៀបនឹងតង់ដែលពួកគាត់ធ្លាប់រស់នៅពីមុន។ ពួកគាត់បានបន្ដផ្សព្វ ផ្សាយជាមួយកូនស្រីតូចរបស់ពួកគាត់នៅក្នុងតំបន់ដែលពួកគាត់ពេញចិត្ដជាងគេ ដោយផ្សព្វផ្សាយដល់ជនជាតិអ៊ីតាលីដែលរស់នៅសហរដ្ឋអាម៉េរិក។

មនុស្សជាច្រើនបានស្ដាប់ដំណឹងល្អ ប៉ុន្ដែកម្រណាស់ដែលបណ្ដាជនក្រីក្រ ហើយគ្មានការងារធ្វើ អាចធ្វើវិភាគទានជាលុយសម្រាប់សៀវភៅដែលមានមូលដ្ឋានលើគម្ពីរ។ ផ្ទុយទៅវិញ ពួកគាត់បានដោះដូរជាមួយនឹងរបស់ផ្សេងៗ។ អ្នកត្រួសត្រាយពីរនាក់បានធ្វើបញ្ជីរបស់៦៤ប្រភេទដែលអ្នកចាប់អារម្មណ៍បានឲ្យពួកគាត់។ បញ្ជីនោះមើលទៅ«ដូចជាបញ្ជីទំនិញនៅក្នុងហាងមួយនៅជនបទ»។

ហ្វ្រេដ អានដឺសុនបានជួបកសិករម្នាក់ដែលចង់បានសៀវភៅរបស់យើងមួយចំនួន ហើយបានសុំដូរជាមួយនឹងវ៉ែនតាគូដែលពីមុនជារបស់ម្ដាយគាត់។ នៅកសិដ្ឋានបន្ទាប់ បុរសម្នាក់មានចំណាប់អារម្មណ៍លើសៀវភៅរបស់យើង ប៉ុន្ដែគាត់បាននិយាយថា«ខ្ញុំគ្មានវ៉ែនតាដើម្បីមើលទេ»។ ប៉ុន្ដែ ពេលគាត់ពាក់វ៉ែនតារបស់អ្នកជិតខាងគាត់ គាត់អាចមើលសៀវភៅបានច្បាស់ល្អ ហើយគាត់សប្បាយចិត្ដធ្វើវិភាគទានសម្រាប់សៀវភៅនិងវ៉ែនតា។

ហឺបឺត អាប់បត បានដាក់ទ្រុងមាន់មួយដែលយួរបាននៅក្នុងឡានរបស់គាត់។ ក្រោយពីបានដោះដូរជាមួយនឹងមាន់បីបួន គាត់យកមាន់ទាំងនោះទៅលក់នៅផ្សារ ហើយចាក់សាំងឡានពេញធុង។ គាត់បានសរសេរថា«មែនហើយ មានពេលដែលយើងស្ទើរតែគ្មានសល់លុយទេ តែយើងមិនឲ្យអ្វីនោះបញ្ឈប់យើងឡើយ។ បើឡានយើងមានសាំង យើងនឹងបន្ដ ដោយមានជំនឿនិងទំនុកចិត្ដលើព្រះយេហូវ៉ា»។

ការពឹងផ្អែកលើព្រះយេហូវ៉ានិងការតាំងចិត្ដរឹងមាំបានជួយរាស្ដ្ររបស់លោកក្នុងឆ្នាំដ៏លំបាកទាំងនោះ។ ក្នុងអំឡុងពេលព្យុះភ្លៀងមួយ ម៉ាកស្វែលនិងអេមី លូវីសបានរត់ចេញពីផ្ទះសណ្ដោងរបស់ពួកគាត់ទាន់ពេល ហើយបានឃើញផ្ទះសណ្ដោងនោះដាច់ជាពីរដោយដើមឈើមួយរលំលើ។ ម៉ាកស្វែលបានសរសេរថា«អ្វីទាំងនេះមិនមែនជាឧបសគ្គទេ គ្រាន់តែជាហេតុការណ៍អាក្រក់ប៉ុណ្ណោះ ហើយយើងមិនដែលគិតបោះបង់ចោលកិច្ចការរបស់យើងឡើយ។ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយយើងចង់ធ្វើកិច្ចការទាំងនោះ»។ ដោយឥតភ័យខ្លាចនិងដោយមានជំនួយពីមិត្ដភក្ដិដែលមានសេចក្ដីស្រឡាញ់ ម៉ាកស្វែលនិងអេមីបានសង់ផ្ទះរបស់ពួកគាត់ដែលមានកង់ឡើងវិញ។

នៅក្នុងគ្រាលំបាកដែលយើងជួបប្រទះ គំនិតលះបង់ប្រយោជន៍ខ្លួនដដែលនេះជាលក្ខណៈរបស់សាក្សីព្រះយេហូវ៉ារាប់លាននាក់ដែលមានចិត្ដខ្នះខ្នែង។ យ៉ាងណាមិញ ដូចពួកអ្នកត្រួសត្រាយជំនាន់ដើម យើងតាំងចិត្ដបន្ដកិច្ចការផ្សព្វផ្សាយរហូតដល់ពេលដែលព្រះយេហូវ៉ាមានប្រសាសន៍ថាកិច្ចការនោះគឺរួចរាល់ហើយ។

^ ???? 3 ឥឡូវនេះហៅថាកិច្ចបម្រើព្រះ។

^ ???? 5 នៅគ្រានោះ អ្នកត្រួសត្រាយភាគច្រើនមិនធ្វើការងារចិញ្ចឹមជីវិតទេ។ ពួកគាត់បានទទួលសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ ដែលបានត្រូវបញ្ចុះថ្លៃ ហើយពួកគាត់បានប្រើវិភាគទានដែលបានមកពីការជូនសៀវភៅនោះសម្រាប់ការចំណាយក្នុងការរស់នៅដ៏សាមញ្ញបំផុតរបស់ពួកគាត់។