លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើយ៉ូសេហ្វឺសពិតជាបានសរសេរវគ្គនោះឬទេ?

តើយ៉ូសេហ្វឺសពិតជាបានសរសេរវគ្គនោះឬទេ?

តើ​យ៉ូសេហ្វឺស​ពិត​ជា​បាន​សរសេរ​វគ្គ​នោះ​ឬ​ទេ?

ក្នុង​ក្បាល​ទី​២០​នៃ​សៀវភៅ​ប្រវត្ដិសាស្ត្រ​បុរាណ​របស់​ជន​ជាតិ​យូដា (​Jewish Antiquities​) សរសេរ​ដោយ ប្រវត្ដិវិទូ​ម្នាក់​នៅ​សតវត្សរ៍​ទី​១​ឈ្មោះ​ផ្លាវៀស យ៉ូសេហ្វឺស បាន​រៀប​រាប់​អំពី​ការ​ស្លាប់​របស់​«​យ៉ាកុប ប្អូន​របស់​យេស៊ូ​ដែល​ហៅ​ថា​គ្រិស្ត​»។ បណ្ឌិត​ជា​ច្រើន​នាក់​ចាត់​ទុក​ថា​យ៉ូសេហ្វឺស​បាន​សរសេរ​សេចក្ដី​បញ្ជាក់​នេះ។ ប៉ុន្តែ មាន​សេចក្ដី​បញ្ជាក់​មួយ​ទៀត​ស្តី​អំពី​លោក​យេស៊ូ​ក្នុង​សៀវភៅ​នោះ ដែល​បណ្ឌិត​ខ្លះ​សង្ស័យ​ថា យ៉ូសេហ្វឺស​មិន​បាន​សរសេរ​ទេ។ សេចក្ដី​បញ្ជាក់​នេះ​ដែល​គេ​ហៅ​ថាជា ថេស្ធីម៉ូនីយ៉ូម ផ្លាវីយ៉ានូម (​Testimonium Flavianum​) ចែង​ថា​៖

​«​នៅ​ពេល​នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ ដែល​ជា​បុរស​ដ៏​ឈ្លាស​វៃ។ ខ្ញុំ​មិន​ដឹង​ថា​ការ​ហៅ​លោក​ថា​ជា​បុរស​គឺ​សម​ឬ​មិន​សម​ទេ ដោយ​សារ​លោក​បាន​ធ្វើ​ការ​អស្ចារ្យ។ លោក​ជា​អ្នក​បង្រៀន​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ស្ដាប់។ លោក​បាន​ទាក់​ទាញ​មនុស្ស​ជា​ច្រើន ទាំង​ជន​ជាតិ​យូដា ទាំង​ជន​ជាតិ​ដទៃ​ឲ្យ​មក​ឯ​លោក។ លោក​ជា​គ្រិស្ត ហើយ​ពីឡាត​បាន​កាត់​ទោស​លោក​ឲ្យ​ត្រូវ​គេ​ព្យួរ​លើ​ឈើ​ឆ្កាង តាម​សំណូម​ពរ​របស់​បុរស​ដែល​មាន​មុខ​មាត់​ក្នុង​ចំណោម​យើង។ ពួក​អ្នក​ដែល​បាន​ស្រឡាញ់​លោក​តាំង​ពី​ដើម​ដំបូង មិន​បាន​បោះបង់​ចោល​លោក​ឡើយ ពីព្រោះ​លោក​បាន​លេច​មក​ជួប​ពួក​គេ​ទាំង​មាន​ជីវិត​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៣ បន្ទាប់​ពី​លោក​ស្លាប់ ដូច​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាន​ទាយ​អំពី​អ្វី​ៗ​ទាំង​នេះ និង​អ្វី​ៗ​ដ៏​អស្ចារ្យ​រាប់​ពាន់​ទៀត​អំពី​លោក​និង​ក្រុម​គ្រិស្ត​សាសនិក ដែល​មាន​ឈ្មោះ​ដូច្នេះ​តាម​ឈ្មោះ​របស់​លោក ហើយ​ពួក​គេ​មិន​បាន​រលាយ​សាប​សូន្យ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​»​ (​Josephus—Jewish Antiquities, XVIII, 3, 3​)។

តាំង​ពី​ចុង​សតវត្សរ៍​ទី​១៦​មក ពួក​អ្នក​ដែល​ជឿ​ថា​យ៉ូសេហ្វឺស​ជា​អ្នក​សរសេរ​វគ្គ​នេះ និង​ពួក​អ្នក​ដែល​មិន​ជឿ​ថា​យ៉ូសេហ្វឺស​បាន​សរសេរ​វគ្គ​នេះ​បាន​ជជែក​ប្រកែក​គ្នា​យ៉ាង​ខ្លាំង។ លោក​សឺច បាដេ​ដែល​ជា​ប្រវត្ដិវិទូ​ជន​ជាតិ​បារាំង និង​ជា​អ្នក​ជំនាញ​ផ្នែក​សៀវភៅ​បុរាណ​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ដ៏​ស្មុគ​ស្មាញ​នៃ​ការ​ជជែក​ប្រកែក​គ្នា​នេះ ដែល​បាន​ក្លាយ​ទៅ​ជា​បញ្ហា​ដែល​ពិបាក​ដោះ​ស្រាយ​អស់​រយៈ​ពេល​ជាង​៤​សតវត្សរ៍។ គាត់​បាន​បោះពុម្ព​ផ្សាយ​ការ​ស្រាវជ្រាវ​របស់​គាត់​ក្នុង​សៀវភៅ​មួយ (​Le Testimonium Flavianum—Examen historique considérations historiographiques​)។

យ៉ូសេហ្វឺស​មិន​មែន​ជា​គ្រិស្ត​សាសនិក​ទេ។ គាត់​កាន់​សាសនា​យូដា ហើយ​បាន​សរសេរ​អំពី​ប្រវត្ដិសាស្ត្រ​នៃ​ជន​ជាតិ​យូដា។ ហេតុ​នេះ ការ​ខ្វែង​គំនិត​គ្នា​ច្រើន​តែ​ទាក់​ទង​នឹង​ពាក្យ​ដែល​ថា​លោក​យេស៊ូ​គឺ​«​ជា​គ្រិស្ត​»។ ប៉ុន្តែ​ក្រោយ​ធ្វើ​ការ​វិភាគ បាដេ​បាន​ពន្យល់​ថា ​«​នេះ​គឺ​ស្រប​តាម​ក្បួន​នៃ​ភាសា​ក្រិច​ស្តី​អំពី​របៀប​ប្រាប់​ឈ្មោះ​មនុស្ស​»។ បាដេ​បាន​បន្ថែម​ថា ដោយ​សារ​សាសនាយូដា​និង​គ្រិស្ត​សាសនា​មាន​ជំនឿ​ខ្លះ​ដូច​គ្នា នោះ​«​យ៉ូសេហ្វឺស​ពិត​ជា​អាច​ប្រើ​ពាក្យ​គ្រិស្តុស​បាន​»​ ហើយ​ថា​ដោយ​សារ​យ៉ូសេហ្វឺស​បាន​ប្រើ​ពាក្យ​គ្រិស្ត នោះ​«​ជា​តម្រុយ​មួយ​ដែល​អ្នក​រិះ​គន់​គួរតែ​កត់​សម្គាល់​»។

តើ​មនុស្ស​ម្នាក់​បាន​លួច​បន្ថែម​វគ្គ​នោះ​ក្រោយ​មក ដោយ​ធ្វើ​តាម​របៀប​សរសេរ​របស់​យ៉ូសេហ្វឺស​ឬ​ទេ? ដោយ​ផ្អែក​ទៅ​លើ​ភ័ស្តុតាង​ខាង​ប្រវត្ដិសាស្ត្រ និង​ដោយ​បាន​ពិនិត្យ​មើល​សៀវភៅ​ផ្ទាល់ បាដេ​បាន​សន្និដ្ឋាន​ថា បើ​វគ្គ​នោះ​ជា​ការ​ក្លែង​បន្លំ​មែន ទាល់​តែ​អ្នក​ក្លែង​បន្លំ​នោះ​ចេះ​ធ្វើ​អព្ភូតហេតុ។ នេះ​តម្រូវ​ឲ្យ​មាន​«​អ្នក​ក្លែង​បន្លំ​ដែល​មាន​ការ​ប៉ិនប្រសប់​លើស​មនុស្ស​ទាំង​អស់​ក្នុង​ពិភព​លោក​នៅ​សម័យ​បុរាណ​នោះ​»​ ឬ​បើ​និយាយ​ម្យ៉ាង​វិញ​ទៀត បុគ្គល​ដែល​ក្លែង​បន្លំ​នោះ​«​ត្រូវ​ដូច​យ៉ូសេហ្វឺស​ទាំង​ស្រុង​»។

បើ​ដូច្នេះ ហេតុ​អ្វី​ពួក​បណ្ឌិត​មិន​ជឿ​ថា យ៉ូសេហ្វឺស​បាន​សរសេរ​វគ្គ​នោះ? បាដេ​ពន្យល់​ដើម​ហេតុ​នៃ​បញ្ហា​នេះ​ថា​៖ ​«​មាន​ការ​សង្ស័យ​ទៅ​លើ​សេចក្ដី​បញ្ជាក់​ថេស្ធីម៉ូ​នី​យ៉ូម គ្រាន់តែ​ដោយ​សារ​មាន​គេ​សួរ​អំពី​សេចក្ដី​បញ្ជាក់​នោះ។ ចំពោះ​ឯកសារ​បុរាណ​ភាគ​ច្រើន​គ្មាន​បញ្ហា​បែប​នេះ​ទេ​»។ គាត់​បាន​និយាយ​ត​ទៅ​ទៀត​ថា ក្នុង​អំឡុង​រាប់​សតវត្សរ៍​កន្លង​ទៅ​ហើយ​នេះ ប្រវត្ដិវិទូ​បាន​សង្ស័យ​ទៅ​លើ​សេចក្ដី​បញ្ជាក់​ថេស្ធីម៉ូ​នី​យ៉ូម​ដោយ​សារ​មាន​«​បំណង​មិន​ត្រឹម​ត្រូវ​»​ មិន​មែន​ដោយ​សារបាន​វិភាគ​មើល​ឯកសារ​នោះ រួច​ធ្វើ​ការ​សន្និដ្ឋាន​ទេ។

តើ​ការ​វែក​ញែក​របស់​បាដេ​នឹង​ធ្វើ​ឲ្យ​ពួក​បណ្ឌិត​ផ្លាស់​ប្ដូរ​ទស្សនៈ​អំពី​ថេស្ធីម៉ូនីយ៉ូម ផ្លាវីយ៉ានូម​ឬ​ទេ? ពេល​វេលា​នឹង​បញ្ជាក់​អំពី​រឿង​នេះ។ ប៉ុន្តែ​ការ​វែក​ញែក​នេះ​បាន​នាំ​ឲ្យ​បណ្ឌិត​ដ៏​ល្បីល្បាញ​ម្នាក់​ជឿ​ជាក់ គឺ​បណ្ឌិត​ពីយែរ ហ្សរត្រេន ដែល​ស្រាវជ្រាវ​ខាង​សាសនា​យូដា​ក្រោម​ឥទ្ធិពល​ក្រិច​និង​ខាង​សាសនា​គ្រិស្ត​ពី​បុរាណ។ គាត់​ធ្លាប់​ចាត់​ទុក​ថា​ថេស្ធីម៉ូ​នី​យ៉ូម​ជា​វគ្គ​ដែល​បុគ្គល​ផ្សេង​បាន​សរសេរ​បន្ថែម​ក្រោយ​មក ក៏​ធ្លាប់​បង្អាប់​មើល​ងាយ​អ្នក​ដែល​ជឿ​ថា​វគ្គ​នោះ​បាន​ត្រូវ​សរសេរ​ដោយ​យ៉ូសេហ្វឺស។ ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ។ គាត់​សន្និដ្ឋាន​ថា ការ​ស្រាវជ្រាវ​របស់​បាដេ​គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​កែប្រែ​នោះ។ ឥឡូវ​នេះ​ហ្សរត្រេន​បាន​ប្រកាស​ថា​៖ ​«​ចាប់​ពី​ឥឡូវ​នេះ​ទៅ គ្មាន​នរណា​ម្នាក់​គួរ​សង្ស័យ​ថា​យ៉ូសេហ្វឺស​ជា​អ្នក​សរសេរ​វគ្គ​នេះ​ឡើយ​»។

តែ​សាក្សី​ព្រះ​យេហូវ៉ា​មាន​មូលហេតុ​ច្រើន​ជាង​ក្នុង​ការ​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​គ្រិស្ត ពោល​គឺ ទី​សម្អាង​ក្នុង​គម្ពីរ។—២ធី. ៣:១៦