លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការលើកទឹកចិត្ដដែលចេញពី«មាត់កូនក្មេង»

ការលើកទឹកចិត្ដដែលចេញពី«មាត់កូនក្មេង»

ការ​លើក​ទឹក​ចិត្ត​ដែល​ចេញ​ពី«មាត់​កូន​ក្មេង»

នៅ​ខែ​ធ្នូ ឆ្នាំ​២០០៩ តុលាការ​កំពូល​នៃ​ប្រទេស​រុស្ស៊ី​បាន​គាំទ្រ​សេចក្ដី​សម្រេច​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​រំលាយ​ចោល​អង្គការ​សាសនា​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្រុង​តាហ្គិនរ៉ក នា​ប្រទេស​រុស្ស៊ី ដែល​នាំ​ឲ្យ​មាន​ការ​រឹប​អូស​យក​សាល​ប្រជុំ និង​មាន​ការ​ប្រកាស​ថា​សៀវភៅ​៣៤​របស់​អង្គការ​យើង​បាន​ត្រូវ​ចាត់​ទុក​ថា​ជ្រុល​និយម។ រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​និង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នេះ បាន​ត្រូវ​ចុះ​ផ្សាយ​លើ​គេហទំព័រ​ជា​ផ្លូវ​ការ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ជា​មួយ​រូប​ថត​នៃ​បង​ប្អូន​រួម​ជំនឿ​និង​រូប​ថត​កុមារ ដែល​បាន​ទទួល​ផល​វិបាក​ពី​សេចក្ដី​សម្រេច​នេះ។

ប៉ុន្មាន​ខែ​ក្រោយ​មក មន្ទីរ​គ្រប់​គ្រង​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​រុស្ស៊ី​បាន​ទទួល​ប្រអប់​មួយ​និង​សំបុត្រ​ដែល​ផ្ញើ​មក​ពី​សាក្សី​ព្រះ​យេហូវ៉ា​មួយ​គ្រួសារ នៅ​រដ្ឋ​ឃ្វីន​ស្លែន នា​ប្រទេស​អូស្ដ្រាលី ដែល​បាន​ឃើញ​របាយការណ៍​អំពី​សេចក្ដី​សម្រេច​របស់​តុលាការ។ សំបុត្រ​នោះ​មាន​សេចក្ដី​ថា៖ «បង​ប្អូន​ជា​ទី​ស្រឡាញ់ កូន​យើង​ឈ្មោះ​ខូឌី​និង​ឡារិស្សា បាន​រំជួល​ចិត្ត​ជា​ខ្លាំង​ដោយ​ឃើញ​ជំនឿ​និង​ទុក្ខ​លំបាក​នៃ​មិត្ត​ភក្ដិ​នៅ​រុស្ស៊ី។ ពួក​គេ​បាន​សរសេរ​ប័ណ្ណ​និង​សំបុត្រ ព្រម​ទាំង​រៀបចំ​កញ្ចប់​តូច​មួយ​ជា​អំណោយ ដែល​យើង​ចង់​ផ្ញើ​ទៅ​ជូន​កុមារ​នៅ​ក្រុង​តាហ្គិនរ៉ក ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា​នៅ​តំបន់​ដ៏​សែន​ឆ្ងាយ​ពី​ពួក​គេ​ក៏​មាន​កុមារ​ឯ​ទៀត​ដែល​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ ហើយ​គិត​ដល់​ពួក​គេ​ដែរ។ ខូឌី​និង​ឡារិស្សា​សូម​ផ្ញើ​សេចក្ដី​ស្រឡាញ់​ដ៏​កក់​ក្ដៅ . . . ដល់​ពួក​គេ»។

ក្រោយ​ពី​បាន​ទទួល​អំណោយ​ទាំង​នោះ កុមារ​នៅ​តាហ្គិនរ៉ក​ក៏​បាន​សរសេរ​សំបុត្រ​អរគុណ​ដែល​លម្អ​ដោយ​រូបភាព​ផ្សេងៗទៅ​ក្រុម​គ្រួសារ​នោះ​នៅ​ប្រទេស​អូស្ដ្រាលី។ ដោយ​រំភើប​ចិត្ត​នឹង​ពាក្យ​លើក​ទឹក​ចិត្ត​ដែល​ចេញ​ពី«មាត់​កូន​ក្មេង» សាក្សី​ម្នាក់​ដែល​កំពុង​បម្រើ​នៅ​ការិយាល័យ​សាខា​នៅ​រុស្ស៊ី បាន​សរសេរ​សំបុត្រ​ទៅ​ខូឌី​និង​ឡារិស្សា​ថា៖ «អ្នក​អាច​ស្រមៃ​ឃើញ​នូវ​ការ​ពិបាក​របស់​កុមារ​ព្រម​ទាំង​មនុស្ស​ពេញ​វ័យ ពេល​ដែល​ពួក​គេ​ទទួល​ការ​ដាក់​ទោស​ចំពោះ​អ្វី​ដែល​ពួក​គេ​មិន​បាន​ធ្វើ។ បង​ប្អូន​ប្រុស​ស្រី​យើង​នៅ​ក្រុង​តាហ្គិនរ៉ក​មិន​បាន​ធ្វើ​អ្វី​ខុស​សោះ ក៏​ប៉ុន្តែ​សាល​ប្រជុំ​ពួក​គេ​បាន​ត្រូវ​រឹប​អូស។ នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ចិត្ត​ណាស់។ ពួក​គេ​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា​មាន​អ្នក​ណា​ម្នាក់​ដែល​នៅ​ម្ខាង​ទៀត​នៃ​ផែនដី កំពុង​គិត​ដល់​ពួក​គេ។ សូម​អរគុណ​ចំពោះ​អារម្មណ៍​កក់​ក្ដៅ​និង​ចិត្ត​ទូលាយ​របស់​អ្នក!»។—ទំនុក. ៨:២

យើង​ពិត​ជា​ផ្នែក​មួយ​នៃ​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​និង​បញ្ហា​ផ្សេងៗក្នុង​ជីវិត។ ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពុង​ពិភាក្សា​គ្នា​ថា​តើ​សៀវភៅ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ញុះញង់​ឲ្យ​មាន​ការ​ស្អប់​គ្នា​ឬ​មិន​មែន កុមារ​របស់​យើង​សម្ដែង​យ៉ាង​ស្ងៀម​ស្ងាត់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​គេ​ចំពោះ​សុខុមាលភាព​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍​និង​វប្បធម៌​ឡើយ ហើយ​បញ្ជាក់​នូវ​សេចក្ដី​ពិត​នៃ​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា៖ «យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា»។—យ៉ូន. ១៣:៣៥

[រូបភាព​នៅ​ទំព័រ​៣២]

កុមារ​នៅ​ប្រទេស​រុស្ស៊ី (ខាង​ឆ្វេង) ដែល​បាន​ទទួល​អំណោយ​ពី​កុមារ​នៅ​ប្រទេស​អូស្ដ្រាលី (ខាង​ស្ដាំ)