លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររៀនពីព្រះយេហូវ៉ានិងលោកយេស៊ូស្ដីអំពីចិត្ដអត់ធ្មត់

ចូររៀនពីព្រះយេហូវ៉ានិងលោកយេស៊ូស្ដីអំពីចិត្ដអត់ធ្មត់

ចូរ​រៀន​ពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ស្តី​អំពី​ចិត្ត​អត់​ធ្មត់

«ចូរ​ចាត់​ទុក​ចិត្ត​អត់​ធ្មត់​របស់​លោក​ម្ចាស់​យើង​ថា​ជា​សេចក្ដី​សង្គ្រោះ»។—២ពេ. ៣:១៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​មាន​ចិត្ត​អត់​ធ្មត់?

ហេតុ​អ្វី​លោក​យេស៊ូ​ត្រូវ​អត់​ធ្មត់​អស់​រយៈ​ពេល​យូរ?

តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​យើង​កាន់​តែ​មាន​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ?

១​. តើ​បង​ប្អូន​ខ្លះ​ដែល​ស្មោះ​ត្រង់​ឆ្ងល់​អំពី​អ្វី?

បង​ស្រី​ដ៏​ស្មោះ​ត្រង់​ម្នាក់​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ជា​ច្រើន​អស់​បី​បួន​ទសវត្សរ៍​បាន​សួរ​ដោយ​ចិត្ត​រាប​ទាប​ថា៖ «តើ​ខ្ញុំ​នឹង​ឃើញ​ទី​បញ្ចប់​មក​ដល់​មុន​ខ្ញុំ​ស្លាប់​ឬ​ទេ?»។ បង​ប្អូន​ខ្លះ​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​ជា​យូរ​ឆ្នាំ​ហើយ​បាន​ឆ្ងល់​អំពី​រឿង​ដូច​គ្នា​ដែរ។ យើង​ចង់​ឲ្យ​ថ្ងៃ​ដែល​ព្រះ​ធ្វើ​អ្វីៗទាំង​អស់​ថ្មី​មក​ដល់ ហើយ​បំបាត់​បញ្ហា​ដែល​យើង​ជួប​ប្រទះ​សព្វ​ថ្ងៃ​នេះ។ (បប. ២១:៥) ទោះ​ជា​មាន​មូលហេតុ​ជា​ច្រើន​ដែល​នាំ​ឲ្យ​យើង​ជឿ​ថា​ទី​បញ្ចប់​នៃ​របៀប​របប​សាថាន​គឺ​ជិត​មក​ដល់​ណាស់​ហើយ​ក្ដី ការ​រង់​ចាំ​ថ្ងៃ​នោះ​ដោយ​ចិត្ត​អត់​ធ្មត់​អាច​ជា​ការ​ពិបាក។

២​. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ ស្តី​អំពី​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ?

ប៉ុន្តែ គម្ពីរ​បង្ហាញ​ថា​យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់។ ដូច​អ្នក​បម្រើ​ព្រះ​នៅ​សម័យ​មុន យើង​នឹង​ទទួល​អ្វី​ដែល​ព្រះ​បាន​សន្យា​ចំពោះ​យើង បើ​យើង​មាន​ជំនឿ​រឹង​មាំ ហើយ​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​នូវ​គ្រា​ដែល​លោក​សម្រេច​សេចក្ដី​សន្យា​ទាំង​នោះ។ (សូម​អាន ហេប្រឺ ៦:១១, ១២) ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់។ លោក​អាច​បំបាត់​អំពើ​អាក្រក់​ចោល​នៅ​ពេល​ណា​ក៏​បាន ប៉ុន្តែ​លោក​កំពុង​រង់​ចាំ​ពេល​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ​ដូច្នេះ។ (រ៉ូម ៩:២០​-​២៤) ហេតុ​អ្វី​លោក​អត់​ធ្មត់​ខ្លាំង​បែប​នេះ? តើ​លោក​យេស៊ូ​ជា​គំរូ​ក្នុង​ការ​បង្ហាញ​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ​យ៉ាង​ដូច​ម្ដេច? តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ បើ​យើង​បណ្ដុះ​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​អាច​ជួយ​យើង​បង្កើន​ចិត្ត​អត់​ធ្មត់​ហើយ​ពង្រឹង​ជំនឿ​យើង សូម្បី​តែ​នេះ​មើល​ទៅ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​ពន្យារ​ពេល​ក្នុង​ការ​សម្រេច​សេចក្ដី​សន្យា​របស់​លោក​ក៏​ដោយ។

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់?

៣, ៤​. (ក) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​លោក​ចំពោះ​ផែនដី? (ខ) តើ​ព្រះ​យេហូវ៉ា​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​បះបោរ​នៅ​សួន​អេដែន?

មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់។ ពិត​មែន​តែ​លោក​មាន​អំណាច​ខ្លាំង​បំផុត​លើ​ពិភព​លោក​នៅ​គ្រប់​ពេល​ទាំង​អស់ ប៉ុន្តែ​ការ​បះបោរ​នៅ​សួន​អេដែន​នាំ​ឲ្យ​មាន​សំណួរ​ដ៏​សំខាន់​ដែល​ទាក់​ទង​នឹង​សកលលោក​ទាំង​មូល។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់ ដោយ​ដឹង​ថា​គឺ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ផ្ដល់​ចម្លើយ​ដ៏​ល្អ​បំផុត​ចំពោះ​សំណួរ​ទាំង​នោះ។ ដោយ​សារ​ព្រះ​ដឹង​យ៉ាង​ល្អិត​ល្អន់​អំពី​ការ​ប្រព្រឹត្ត​និង​ចិត្ត​គំនិត​របស់​បុគ្គល​ដែល​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី លោក​ប្រាកដជា​ចាត់​វិធានការ​ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត។—ហេ. ៤:១៣

ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ឲ្យ​កូន​ចៅ​អាដាម​និង​អេវ៉ា​មាន​នៅ​ពាស​ពេញ​ផែនដី។ ពេល​សាថាន​បោក​បញ្ឆោត​អេវ៉ា ហើយ​ពេល​អាដាម​មិន​ស្ដាប់​បង្គាប់​ព្រះ លោក​មិន​បាន​បោះបង់​ចោល​គោល​បំណង​របស់​លោក​ឡើយ។ លោក​មិន​បាន​តក់​ស្លុត មិន​បាន​សម្រេច​ចិត្ត​ដោយ​ខ្វះ​ការ​ពិចារណា មាន​ប្រតិកម្ម​ហួស​ហេតុ​ពេក ឬ​បោះបង់​ចោល​មនុស្ស​ជាតិ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​រក​វិធី​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​ចំពោះ​មនុស្ស​ជាតិ​និង​ភព​ផែនដី។ (អេ. ៥៥:១១) ដើម្បី​សម្រេច​គោល​បំណង​របស់​លោក ហើយ​បង្ហាញ​ថា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ការ​ទប់​ចិត្ត​និង​ចិត្ត​អត់​ធ្មត់​ដ៏​អស្ចារ្យ ថែម​ទាំង​បាន​រង់​ចាំ​អស់​រាប់​ពាន់​ឆ្នាំ​ដើម្បី​ឲ្យ​ផ្នែក​ខ្លះ​នៃ​គោល​បំណង​របស់​លោក​បាន​សម្រេច​តាម​របៀប​ដ៏​ប្រសើរ​បំផុត។

៥​. តើ​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​បាន​ពរ​អ្វី​ខ្លះ?

មូលហេតុ​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​បាន​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់ គឺ​ដើម្បី​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ថែម​ទៀត​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ឥឡូវ​នេះ លោក​កំពុង​រៀបចំ​ដើម្បី​សង្គ្រោះ«មនុស្ស​មួយ​ក្រុម​ធំ»។ (បប. ៧:៩, ១៤; ១៤:៦) ព្រះ​យេហូវ៉ា​ទាក់​ទង​មនុស្ស​តាម​រយៈ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង ដោយ​អញ្ជើញ​ពួក​គេ​ឲ្យ​រៀន​អំពី​រាជាណាចក្រ​និង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក។ ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​គឺជា​ដំណឹង​ដ៏​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​ជាតិ ហេតុ​នេះ​ហើយ​បាន​ជា​ដំណឹង​នេះ​គឺជា«ដំណឹង​ល្អ»។ (ម៉ាថ. ២៤:១៤) បុគ្គល​ម្នាក់ៗដែល​ព្រះ​យេហូវ៉ា​ទាញ​នាំ​មក ក្លាយ​ទៅ​ជា​សមាជិក​ក្រុម​ជំនុំ​នៅ​ទូ​ទាំង​ពិភព​លោក ដែល​ពោរ​ពេញ​ដោយ​មិត្ត​ភក្ដិ​ពិត​ដែល​ស្រឡាញ់​អ្វី​ដែល​ត្រឹម​ត្រូវ។ (យ៉ូន. ៦:៤៤​-​៤៧) ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជួយ​មនុស្ស​បែប​នេះ​ឲ្យ​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។ លោក​ក៏​បាន​ជ្រើស​រើស​ពី​ចំណោម​មនុស្ស​ជាតិ​នូវ​បុគ្គល​ដែល​នឹង​ក្លាយ​ជា​សមាជិក​នៃ​រដ្ឋាភិបាល​របស់​លោក​នៅ​ស្ថាន​សួគ៌។ ពេល​ដែល​ពួក​គេ​ទទួល​ឋានៈ​នៅ​ស្ថាន​សួគ៌ ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​នេះ​នឹង​ជួយ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ឲ្យ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ និង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ច្បាស់​ណាស់ សូម្បី​តែ​ក្នុង​អំឡុង​ពេល​លោក​កំពុង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់ ព្រះ​យេហូវ៉ា​កំពុង​ព្យាយាម​សម្រេច​សេចក្ដី​សន្យា​របស់​លោក​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។

៦​. (ក) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​មាន​ចិត្ត​អត់​ធ្មត់​នៅ​សម័យ​ណូអេ? (ខ) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់​នៅ​សម័យ​យើង?

របៀប​ដែល​លោក​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​អាក្រក់​មុន​ទឹក​ជំនន់​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់ ទោះ​ជា​អ្នក​ឯ​ទៀត​ធ្វើ​អ្វី​ដ៏​អាក្រក់​ដើម្បី​ប្រមាថ​មើល​ងាយ​លោក​ក៏​ដោយ។ កាល​នោះ​ផែនដី​ទាំង​មូល​បាន​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ប្រាសចាក​សីលធម៌​និង​អំពើ​ហិង្សា ហើយ​ព្រះ​យេហូវ៉ា​មាន«ហឫទ័យ​ព្រួយ»ដោយ​សារ​ស្ថានភាព​របស់​មនុស្ស​កាន់​តែ​អាក្រក់​ទៅៗ។ (លោ. ៦:២​-​៨) លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ស្ថានភាព​បែប​នោះ​ជា​រៀង​រហូត​ឡើយ ហេតុ​នេះ​លោក​តាំង​ចិត្ត​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ដើម្បី​បំផ្លាញ​មនុស្ស​ជាតិ​ដែល​មិន​ស្ដាប់​បង្គាប់។ ពេល​ដែល«ព្រះ​កំពុង​រង់​ចាំ​ដោយ​អត់​ធ្មត់​នៅ​សម័យ​ណូអេ» ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​រៀបចំ​ដើម្បី​សង្គ្រោះ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់។ (១ពេ. ៣:២០) នៅ​ពេល​ត្រឹម​ត្រូវ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក ហើយ​បាន​ចាត់​ឲ្យ​គាត់​សង់​ទូក​ធំ​មួយ។ (លោ. ៦:១៤​-​២២) ម្យ៉ាង​ទៀត ណូអេ​ជា«អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត» គាត់​ប្រាប់​អ្នក​ជិត​ខាង​អំពី​ការ​បំផ្លាញ​ដែល​នឹង​មក​ដល់។ (២ពេ. ២:៥) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​សម័យ​របស់​យើង​ក៏​ស្រដៀង​គ្នា​នឹង​សម័យ​របស់​ណូអេ​ដែរ។ ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​អំពី​ពេល​ដែល​លោក​នឹង​បញ្ចប់​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ។ គ្មាន​មនុស្ស​ណា​ម្នាក់​ដឹង​អំពី«ថ្ងៃ​និង​ម៉ោង»ដែល​ទី​បញ្ចប់​នឹង​មក​ដល់​ឡើយ។ (ម៉ាថ. ២៤:៣៦) នៅ​សព្វ​ថ្ងៃ​នេះ យើង​មាន​កិច្ចការ​ដែល​ព្រះ​ឲ្យ​យើង​ធ្វើ គឺ​ការ​ព្រមាន​មនុស្ស ហើយ​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​ពួក​គេ​អាច​ទទួល​សេចក្ដី​សង្គ្រោះ។

៧​. តើ​ព្រះ​យេហូវ៉ា​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ឬ​ទេ? សូម​ពន្យល់។

ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​មិន​មាន​ន័យ​ថា លោក​គ្រាន់តែ​ចាំ​ឲ្យ​ពេល​វេលា​កន្លង​ផុត​ទៅ​នោះ​ទេ។ ពេល​ព្រះ​មាន​ចិត្ត​អត់​ធ្មត់ នោះ​យើង​មិន​គួរ​ច្រឡំ​ថា​លោក​ព្រងើយ​កន្តើយ​ឬ​មិន​យក​ចិត្ត​ទុក​ដាក់​នឹងយើង​នោះ​ទេ! ប៉ុន្តែ​យើង​ប្រហែលជា​ងាយ​គិត​របៀប​នេះ​កាល​ដែល​យើង​កាន់​តែ​ចាស់​ទៅ​ឬ​រង​ទុក្ខ​ក្នុង​របៀប​របប​ដ៏​អាក្រក់​នេះ។ យើង​ប្រហែលជា​ធ្លាក់​ទឹក​ចិត្ត​ឬ​មាន​អារម្មណ៍​ថា​ព្រះ​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក។ (ហេ. ១០:៣៦) សូម​កុំ​ភ្លេច​ថា មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​នាំ​ឲ្យ​លោក​អត់​ធ្មត់ ហើយ​ថា​លោក​ប្រើ​ពេល​ទាំង​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​បម្រើ​ស្មោះ​ភក្ដី​របស់​លោក។ (២ពេ. ២:៣; ៣:៩) សូម​ពិចារណា​ដែរ​អំពី​របៀប​ដែល​លោក​យេស៊ូ​បង្ហាញ​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ។

តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​ទុក​គំរូ​ល្អ​ស្តី​អំពី​ចិត្ត​អត់​ធ្មត់?

៨​. តើ​ក្នុង​ស្ថានភាព​បែប​ណា​ដែល​លោក​យេស៊ូ​មាន​ចិត្ត​អត់​ធ្មត់?

លោក​យេស៊ូ​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​លោក​បាន​ធ្វើ​ដូច្នេះ​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ ពេល​ដែល​សាថាន​បាន​បះបោរ ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​ថា​កូន​តែ​មួយ​របស់​លោក​នឹង​មក​ផែនដី​ក្នុង​នាម​ជា​មេស្ស៊ី។ សូម​គិត​អំពី​ចិត្ត​អត់​ធ្មត់​ដែល​លោក​យេស៊ូ​បាន​បង្ហាញ​ក្នុង​អំឡុង​ពេល​ដែល​លោក​រង់​ចាំ​អស់​រាប់​ពាន់​ឆ្នាំ​រហូត​ដល់​ពេល​នោះ​មក​ដល់។ (សូម​អាន កាឡាទី ៤:៤) លោក​មិន​រង់​ចាំ​ពេល​នោះ​ដោយ​គ្មាន​សកម្មភាព​នោះ​ទេ តែ​លោក​ជាប់​រវល់​នឹង​កិច្ចការ​ដែល​បិតា​ចាត់​ឲ្យ​លោក​ធ្វើ។ នៅ​ទី​បំផុត​ពេល​ដែល​លោក​បាន​មក​ផែនដី លោក​បាន​ដឹង​ថា​លោក​នឹង​ត្រូវ​ស្លាប់​ដោយ​សារ​សាថាន​ដូច​ទំនាយ​បាន​ចែង។ (លោ. ៣:១៥; ម៉ាថ. ១៦:២១) លោក​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដោយ​ចិត្ត​អត់​ធ្មត់ ទោះ​ជា​នេះ​មាន​ន័យ​ថា​លោក​ត្រូវ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ក៏​ដោយ។ លោក​បាន​បង្ហាញ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​តាម​របៀប​ដ៏​អស្ចារ្យ​បំផុត។ លោក​មិន​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​ខ្លួន​លោក​និង​ឋានៈ​របស់​លោក​ទេ ហើយ​យើង​គួរ​ធ្វើ​តាម​គំរូ​របស់​លោក។—ហេ. ៥:៨, ៩

៩, ១០​. (ក) តើ​លោក​យេស៊ូ​កំពុង​ធ្វើ​អ្វី កាល​ដែល​លោក​រង់​ចាំ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ដោយ​ចិត្ត​អត់​ធ្មត់? (ខ) តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា?

ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ទទួល​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី។ (ម៉ាថ. ២៨:១៨) លោក​ប្រើ​អំណាច​នោះ​ដើម្បី​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ស្រប​តាម​ពេល​កំណត់​របស់​លោក។ លោក​យេស៊ូ​បាន​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​នៅ​ខាង​ស្ដាំ​ព្រះ​រហូត​ដល់​ឆ្នាំ​១៩១៤ រហូត​ដល់​សត្រូវ​របស់​លោក​បាន​ត្រូវ​ដាក់​ជា​កំណល់​កល់​ជើង​លោក។ (ទំនុក. ១១០:១, ២; ហេ. ១០:១២, ១៣) មិន​យូរ​ទៀត លោក​នឹង​ចាត់​វិធានការ​ដើម្បី​បំផ្លាញ​របៀប​របប​របស់​សាថាន។ កាល​ដែល​លោក​យេស៊ូ​រង់​ចាំ​ពេល​នោះ លោក​ជួយ​មនុស្ស​ឲ្យ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ ហើយ​នាំ​ពួក​គេ​ទៅ​ឯ«ទឹក​ដែល​ផ្ដល់​ជីវិត»។—បប. ៧:១៧

១០ តាម​រយៈ​គំរូ​របស់​លោក​យេស៊ូ តើ​អ្នក​យល់​ថា​អ្នក​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា? លោក​យេស៊ូ​ច្បាស់​ជា​ចង់​ធ្វើ​អ្វី​ក៏​ដោយ​ដែល​បិតា​លោក​សុំ​ឲ្យ​លោក​ធ្វើ ប៉ុន្តែ​លោក​សុខ​ចិត្ត​រង់​ចាំ​ពេល​កំណត់​របស់​ព្រះ។ កាល​ដែល​យើង​រង់​ចាំ​ទី​បញ្ចប់​នៃ​របៀប​របប​ដ៏​អាក្រក់​របស់​សាថាន យើង​ទាំង​អស់​គ្នា​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ ដើម្បី​រង់​ចាំ​ការ​ណែនាំ​ពី​លោក ហើយ​មិន​ឈប់​បម្រើ​លោក​ដោយ​សារ​យើង​ធ្លាក់​ទឹក​ចិត្ត​នោះ​ទេ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បង្កើន​ចិត្ត​អត់​ធ្មត់​បែប​នេះ​ដូច​ព្រះ?

តើ​ខ្ញុំ​បណ្ដុះ​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ​យ៉ាង​ដូច​ម្ដេច?

១១​. (ក) តើ​ជំនឿ​ទាក់​ទង​នឹង​ចិត្ត​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ?

១១ មុន​លោក​យេស៊ូ​មក​ផែនដី អ្នក​ប្រកាស​ទំនាយ​និង​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត​បាន​ទុក​គំរូ​ល្អ​ស្តី​អំពី​របៀប​ដែល​មនុស្ស​អាច​ស៊ូ​ទ្រាំ​ដោយ​ចិត្ត​អត់​ធ្មត់​ថ្វី​បើ​ពួក​គេ​មិន​ល្អ​ឥត​ខ្ចោះ។ ចិត្ត​អត់​ធ្មត់​និង​ជំនឿ​របស់​ពួក​គេ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ស្អិត​ល្មួត។ (សូម​អាន យ៉ាកុប ៥:១០, ១១) ប្រសិនបើ​ពួក​គេ​មិន​សូវ​ជឿ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ពួក​គេ ពោល​គឺ​បើ​ពួក​គេ​គ្មាន​ជំនឿ តើ​ពួក​គេ​នឹង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​នូវ​ការ​សម្រេច​សេចក្ដី​សន្យា​របស់​ព្រះ​ឬ​ទេ? ម្ដង​ហើយ​ម្ដង​ទៀត ពួក​គេ​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ឬ​ដ៏​ពិបាក​ចំពោះ​ជំនឿ​របស់​ពួក​គេ ដោយ​សារ​ពួក​គេ​ទុក​ចិត្ត​ថា​នៅ​ទី​បំផុត​ព្រះ​នឹង​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​សន្យា។ (ហេ. ១១:១៣, ៣៥​-​៤០) មាន​មូលហេតុ​កាន់​តែ​ច្រើន​ថែម​ទៀត​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​រឹង​មាំ ពីព្រោះ​ឥឡូវ​នេះ​លោក​យេស៊ូ​បម្រើ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ«ជំនឿ​របស់​យើង​បាន​ពេញ​លក្ខណៈ»។ (ហេ. ១២:២) លោក​បាន​សម្រេច​ទំនាយ ហើយ​បង្ហាញ​ឲ្យ​ឃើញ​គោល​បំណង​របស់​ព្រះ​តាម​របៀប​ដែល​ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​យើង​មាន​ជំនឿ។

១២​. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង?

១២ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ពង្រឹង​ជំនឿ​និង​ដើម្បី​បង្កើន​ចិត្ត​អត់​ធ្មត់​របស់​យើង? គឺ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ។ ជា​ឧទាហរណ៍ ចូរ​រំពឹង​គិត​អំពី​មូលហេតុ​ដែល​អ្នក​បាន​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ជា​អាទិភាព​ក្នុង​ជីវិត។ តើ​អ្នក​អាច​ខំ​ព្យាយាម​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​អនុវត្ត​ឱវាទ​នៅ​ម៉ាថាយ ៦:៣៣​ឬ​ទេ? នេះ​អាច​មាន​ន័យ​ថា​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឬ​កែ​តម្រូវ​លក្ខណៈ​ខ្លះ​នៃ​របៀប​រស់​នៅ​របស់​អ្នក។ ចូរ​កុំ​ភ្លេច​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ទៅ​លើ​ការ​ខំ​ប្រឹង​របស់​អ្នក​រហូត​មក​ដល់​ឥឡូវ​នេះ។ លោក​ប្រហែលជា​ធ្លាប់​ជួយ​អ្នក​ឲ្យ​ដឹក​នាំ​ការ​សិក្សា​ថ្មី​មួយ ឬ​ក៏​បាន​ជួយ​អ្នក​ឲ្យ​ទទួល«សេចក្ដី​សុខសាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន»។ (សូម​អាន ភីលីព ៤:៧) ប៉ុន្តែ ពេល​អ្នក​ប្រមូល​អារម្មណ៍​ទៅ​លើ​ប្រយោជន៍​ដែល​អ្នក​ទទួល​ដោយ​ផ្ទាល់​ពី​ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា អ្នក​នឹង​ទទួល​ស្គាល់​ថែម​ទៀត​ថា​ចិត្ត​អត់​ធ្មត់​របស់​អ្នក​នាំ​ឲ្យ​អ្នក​ទទួល​ប្រយោជន៍។—ទំនុក. ៣៤:៨

១៣​. តើ​ឧទាហរណ៍​ស្តី​អំពី​ការ​ធ្វើ​កសិកម្ម​ពង្រឹង​ជំនឿ ហើយ​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ចិត្ត​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច?

១៣ នេះ​គឺ​ស្រដៀង​គ្នា​នឹង​ការ​ធ្វើ​កសិកម្ម​ដែរ។ កសិករ​សាប​ព្រោះ​គ្រាប់​ពូជ ជ្រោយ​ដី​ដាក់​ជី ហើយ​ប្រមូល​ផល។ រាល់​លើក​ដែល​កសិករ​ម្នាក់​ប្រមូល​ផល​បាន​យ៉ាង​ច្រើន នេះ​ធ្វើ​ឲ្យ​គាត់​កាន់​តែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ការ​សាប​ព្រោះ​គ្រាប់​ពូជ​នៅ​រដូវ​ក្រោយ។ មែន​ហើយ បន្ទាប់​មក​គាត់​ត្រូវ​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ដើម្បី​ប្រមូល​ផល ប៉ុន្តែ​នេះ​មិន​ធ្វើ​ឲ្យ​គាត់​ស្ទាក់​ស្ទើរ​ក្នុង​ការ​សាប​ព្រោះ​គ្រាប់​ពូជ​នោះ​ទេ ប្រហែលជា​គាត់​សាប​ព្រោះ​គ្រាប់​ពូជ​ច្រើន​ជាង​រដូវ​មុន​ទៅ​ទៀត​ផង។ គាត់​ទុក​ចិត្ត​ថា​គាត់​នឹង​ប្រមូល​ផល។ ស្រដៀង​គ្នា​ដែរ ពេល​យើង​រៀន​អំពី​ឱវាទ​របស់​ព្រះ​យេហូវ៉ា ធ្វើ​តាម​ឱវាទ​នោះ ហើយ​ក្រោយ​មក​បាន​ទទួល​ប្រយោជន៍ នោះ​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​ថែម​ទៀត​ទៅ​លើ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត ជំនឿ​របស់​យើង​ទំនង​ជា​កាន់​តែ​រឹង​មាំ ហើយ​នេះ​ស្រួល​ជាង​ឲ្យ​យើង​រង់​ចាំ​ពរ​ដែល​យើង​ដឹង​ថា​នឹង​មក​ដល់។—សូម​អាន យ៉ាកុប ៥:៧, ៨

១៤, ១៥​. តើ​យើង​ត្រូវ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ទុក្ខវេទនា​របស់​មនុស្ស?

១៤ របៀប​មួយ​ទៀត​ដែល​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ចិត្ត​អត់​ធ្មត់ គឺ​ដោយ​ពិចារណា​ថា​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពិភព​លោក និង​ស្ថានភាព​របស់​យើង។ សូម​ព្យាយាម​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ សូម​គិត​ថា​តើ​ព្រះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ទុក្ខវេទនា​របស់​មនុស្ស។ ព្រះ​បាន​ឈឺ​ចាប់​ជា​យូរ​មក​ហើយ ពេល​ដែល​មនុស្ស​រង​ទុក្ខ ប៉ុន្តែ​លោក​មិន​ឲ្យ​ការ​ឈឺ​ចាប់​ធ្វើ​ឲ្យ​លោក​មិន​អាច​ធ្វើ​អ្វីៗដែល​ល្អ​នោះ​ទេ។ លោក​បាន​បញ្ជូន​បុត្រ​តែ​មួយ​របស់​លោក​ឲ្យ«បំផ្លាញ​ស្នា​ដៃ​របស់​មេកំណាច» ហើយ​បំបាត់​ចោល​នូវ​បញ្ហា​ទាំង​អស់​ដែល​សាថាន​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជួប​ប្រទះ។ (១យ៉ូន. ៣:៨) តាម​ការ​ពិត ទុក្ខវេទនា​ដែល​មនុស្ស​ជួប​ប្រទះ​នឹង​នៅ​ជា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ប៉ុន្តែ​ដំណោះ​ស្រាយ​របស់​ព្រះ​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​ជា​រៀង​រហូត។ ស្រដៀង​គ្នា​ដែរ ជា​ជាង​ឲ្យ​អំពើ​អាក្រក់​ក្នុង​របៀប​របប​របស់​សាថាន​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត ឬ​ធ្វើ​ឲ្យ​យើង​លែង​មាន​ចិត្ត​អត់​ធ្មត់​ក្នុង​ការ​រង់​ចាំ​ទី​បញ្ចប់​នៃ​របៀប​របប​នេះ សូម​យើង​មាន​ជំនឿ​ទៅ​លើ​អ្វី​ដែល​យើង​មើល​មិន​ទាន់​ឃើញ ហើយ​ដែល​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។ ព្រះ​យេហូវ៉ា​បាន​កំណត់​ពេល​ជាក់​លាក់​ដើម្បី​បំបាត់​ចោល​នូវ​អំពើ​អាក្រក់ ហើយ​លោក​នឹង​ធ្វើ​ដូច្នេះ​តាម​ពេល​កំណត់។—អេ. ៤៦:១៣; ណា. ១:៩

១៥ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​ដ៏​ពិបាក​នៃ​របៀប​របប​ពិភព​លោក​នេះ យើង​ប្រហែលជា​ជួប​ប្រទះ​នឹង​ការ​ល្បង​ល​ជំនឿ​របស់​យើង។ ជា​ជាង​តបត​ដោយ​កំហឹង​ពេល​គេ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មក​លើ​យើង ឬ​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​រង​ទុក្ខ យើង​ត្រូវ​ខំ​ប្រឹង​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។ ការ​ធ្វើ​បែប​នេះ​គឺ​មិន​ងាយ​ស្រួល​ទេ ពីព្រោះ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ សូម​ចាំ​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ ដូច​បាន​កត់​ទុក​នៅ​ម៉ាថាយ ២៦:៣៩សូម​អាន

១៦​. មុន​ទី​បញ្ចប់​មក​ដល់ តើ​យើង​មិន​ត្រូវ​ធ្វើ​អ្វី?

១៦ អ្វី​ដែល​អាច​បង្អាក់​យើង​កុំ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ គឺ​ចិត្ត​គំនិត​រង់​ចាំ​មើល។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? មនុស្ស​ដែល​គ្មាន​ទំនុក​ចិត្ត​ថា​ទី​បញ្ចប់​ជិត​មក​ដល់ ប្រហែលជា​ចាប់​ផ្ដើម​មាន​គម្រោង​ផ្សេង​ទៀត ក្នុង​ករណី​ដែល​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​មិន​បាន​សម្រេច។ បើ​និយាយ​ឲ្យ​ចំ​ទៅ គាត់​ប្រហែលជា​កំពុង​គិត​ថា ‹ខ្ញុំ​នឹង​ចាំ​មើល​ថា​ព្រះ​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​លោក​ឬ​មិន​សម្រេច›។ គាត់​ប្រហែលជា​ខំ​ព្យាយាម​ឲ្យ​បាន​ឈ្មោះ​ល្បី​ក្នុង​ពិភព​លោក​នេះ រក​លុយ​ឲ្យ​បាន​ច្រើន ជា​ជាង​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ជា​អាទិភាព​ក្នុង​ជីវិត ឬ​ទុក​ចិត្ត​ថា​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​នាំ​ឲ្យ​មាន​ជីវិត​ស្រណុក​ស្រួល​នៅ​ពេល​ឥឡូវ​នេះ។ ប៉ុន្តែ តាម​ការ​ពិត នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​គាត់​ខ្វះ​ជំនឿ។ សូម​ចាំ​ថា​ប៉ូល​បាន​ដាស់​តឿន​យើង​ឲ្យ​យក​តម្រាប់​អស់​អ្នក​ដែល​ស្មោះ​ត្រង់ ហើយ​បាន​ទទួល​សេចក្ដី​សន្យា​ពី​ព្រះ​យេហូវ៉ា «ដោយ​សារ​ជំនឿ​និង​ចិត្ត​អត់​ធ្មត់»របស់​ពួក​គេ។ (ហេ. ៦:១២) ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​បំផ្លាញ​ពិភព​លោក​អាក្រក់​នេះ ហើយ​លោក​នឹង​មិន​រារង់​ទេ។ (ហាប. ២:៣) ទម្រាំ​ដល់​ពេល​នោះ យើង​ត្រូវ​ជៀស​វាង​បម្រើ​ព្រះ​យេហូវ៉ា​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ហើយ​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ដែល​នាំ​ឲ្យ​យើង​មាន​ជីវិត​គាប់​ចិត្ត​បំផុត​សូម្បី​តែ​នៅ​ពេល​ឥឡូវ​នេះ​ក៏​ដោយ។—លូក. ២១:៣៦

តើ​ការ​បង្ហាញ​ចិត្ត​អត់​ធ្មត់​នាំ​ឲ្យ​បាន​ពរ​អ្វី​ខ្លះ?

១៧, ១៨​. (ក) ស្តី​អំពី​ចិត្ត​អត់​ធ្មត់ តើ​ឥឡូវ​នេះ​យើង​មាន​ឱកាស​អ្វី? (ខ) តើ​យើង​នឹង​ទទួល​ពរ​អ្វី​ខ្លះ ពេល​យើង​បង្ហាញ​ចិត្ត​អត់​ធ្មត់​នៅ​ពេល​ឥឡូវ​នេះ?

១៧ ទោះ​ជា​យើង​បម្រើ​ព្រះ​ពីរ​បី​ខែ​ឬ​អស់​ជា​ច្រើន​ទសវត្សរ៍​ហើយ​ក៏​ដោយ យើង​ចង់​បម្រើ​លោក​ជា​រៀង​រហូត។ ចិត្ត​អត់​ធ្មត់​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​រហូត​ដល់​យើង​អាច​ទទួល​សេចក្ដី​សង្គ្រោះ ទោះ​ជា​នៅ​សល់​ពេល​ប៉ុន្មាន​ក្នុង​ពិភព​លោក​នេះ​ក៏​ដោយ។ ឥឡូវ​នេះ​ព្រះ​យេហូវ៉ា​ឲ្យ​ឱកាស​យើង​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​លោក ហើយ​ប្រសិនបើ​ចាំ​បាច់ យើង​សុខ​ចិត្ត​រង​ការ​អាក្រក់​ដើម្បី​នាម​របស់​ព្រះ។ (១ពេ. ៤:១៣, ១៤) ព្រះ​ក៏​ផ្ដល់​ការ​បង្ហាត់​បង្រៀន​ដែល​អាច​ជួយ​យើង​ឲ្យ​ចេះ​អត់​ធ្មត់​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។—១ពេ. ៥:១០

១៨ លោក​យេស៊ូ​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ទាំង​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី ហើយ​គ្មាន​អ្វី​អាច​ឆក់​យក​អ្នក​ពី​ការ​ការពារ​របស់​លោក​បាន​នោះ​ទេ ប្រសិនបើ​អ្នក​នៅ​ស្មោះ​ត្រង់។ (យ៉ូន. ១០:២៨, ២៩) អ្នក​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ចំពោះ​អនាគត​ឬ​សេចក្ដី​ស្លាប់​នោះ​ទេ។ អស់​អ្នក​ដែល​ស៊ូ​ទ្រាំ​ដោយ​ចិត្ត​អត់​ធ្មត់​រហូត​ដល់​ទី​បញ្ចប់​នឹង​បាន​សង្គ្រោះ។ ដូច្នេះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ពិភព​លោក​នេះ​ល្បួង​យើង ហើយ​ធ្វើ​ឲ្យ​យើង​ឈប់​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​តាំង​ចិត្ត​ពង្រឹង​ជំនឿ​ខ្លួន ហើយ​ប្រើ​ពេល​ដែល​ព្រះ​កំពុង​អត់​ធ្មត់​នេះ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត។—ម៉ាថ. ២៤:១៣; សូម​អាន ពេត្រុសទី២ ៣:១៧, ១៨

[សំណួរ​សម្រាប់​វគ្គ​នីមួយៗ]

[រូបភាព​នៅ​ទំព័រ​២១]

ចិត្ត​អត់​ធ្មត់​ដូច​ព្រះ​នឹង​ជួយ​អ្នក​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ​ហើយ​ទទួល​ពរ!