លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី»

«ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី»

«​ចូរ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី​»​

លោក​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី ពោល​គឺ​ពុត​ត្បុត​របស់​ពួក​គេ​»។ (​លូក. ១២:១​) កំណត់​ហេតុ​ស្រប​គ្នា​នៃ​ប្រសាសន៍​របស់​លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​កំពុង​ផ្ដន្ទា​ទោស​«​សេចក្ដី​បង្រៀន​»​របស់​ពួក​ផារិស៊ី។—ម៉ាថ. ១៦:១២

ជួនកាល​គម្ពីរ​ប្រើ​ពាក្យ​«​ដំបែ​»​ជា​និមិត្តរូប​នៃ​ការ​ខូច​រលួយ។ មែន​ហើយ សេចក្ដី​បង្រៀន​និង​ចិត្ត​គំនិត​របស់​ពួក​ផារិស៊ី​បាន​បង្ខូច​ចិត្ត​គំនិត​របស់​មនុស្ស​ឯ​ទៀត។ ហេតុ​អ្វី​សេចក្ដី​បង្រៀន​របស់​ពួក​ផារិស៊ី​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់?

១ ពួក​ផារិស៊ី​អួត​ថា​ខ្លួន​សុចរិត ហើយ​ពួក​គេ​មើល​ងាយ​បណ្ដា​ជន​សាមញ្ញ។

ឧទាហរណ៍​មួយ​របស់​លោក​យេស៊ូ​បាន​ចែង​អំពី​ការ​ប្រកាន់​គំនិត​ថា​ខ្លួន​សុចរិត។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បុរស​ផារិស៊ី​នោះ​បាន​ឈរ​អធិដ្ឋាន​ក្នុង​ចិត្ត​ថា​៖ ‹ឱ​ព្រះ​អើយ ខ្ញុំ​អរគុណ​លោក​ដែល​ខ្ញុំ​មិន​ដូច​មនុស្ស​ឯ​ទៀត ដែល​ជា​អ្នក​គំរាម​យក​ប្រាក់ ជា​អ្នក​មិន​សុចរិត ជា​អ្នក​ផិត​ក្បត់។ ខ្ញុំ​ក៏​អរគុណ​លោក​ដែល​ខ្ញុំ​មិន​ដូច​អ្នក​យក​ពន្ធ​ម្នាក់​នេះ​ដែរ។ ខ្ញុំ​តម​អាហារ​ពីរ​ដង​រាល់​សប្ដាហ៍ ក៏​ជូន​មួយ​ភាគ​ដប់​នៃ​របស់​ទាំង​អស់​ដែល​ខ្ញុំ​ទទួល›។ ប៉ុន្តែ​អ្នក​យក​ពន្ធ​ដែល​កំពុង​ឈរ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​មើល​ទៅ​លើ​មេឃ​ផង ក៏​ចេះ​តែ​គក់​ទ្រូង​ថា​៖ ‹ឱ​ព្រះ​អើយ សូម​ប្រោស​ប្រណី​ខ្ញុំ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ផង›​»។—លូក. ១៨:​១១​-​១៣

លោក​យេស៊ូ​បាន​សរសើរ​ចិត្ត​គំនិត​រាប​ទាប​របស់​អ្នក​យក​ពន្ធ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​នេះ​បាន​ចុះ​ទៅ​ផ្ទះ​វិញ​ដោយ​ស​ឲ្យ​ឃើញ​ថា​គាត់​សុចរិត​ជាង[​ផារិស៊ី​]នោះ ពីព្រោះ​អស់​អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​វិញ​»។ (​លូក. ១៨:១៤​) ទោះ​ជា​អ្នក​យក​ពន្ធ​មាន​កេរ្ដិ៍​ឈ្មោះ​ថា​ជា​មនុស្ស​មិន​ទៀង​ត្រង់​ក៏​ដោយ លោក​យេស៊ូ​បាន​ព្យាយាម​ជួយ​ពួក​គេ​ដែល​បាន​ស្ដាប់​លោក។ យ៉ាង​ហោច​ណាស់​មាន​អ្នក​យក​ពន្ធ​ពីរ​នាក់ គឺ​ម៉ាថាយ​និង​សាខេ​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក។

ចុះ​យ៉ាង​ណា​បើ​យើង​គិត​ថា​យើង​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ដោយ​សារ​សមត្ថភាព​ដែល​ព្រះ​ផ្ដល់​ឲ្យ ឬ​ឯកសិទ្ធិ​ដែល​យើង​មាន ឬ​ដោយ​សារ​បរាជ័យ​និង​ភាព​ទន់​ខ្សោយ​របស់​អ្នក​ឯ​ទៀត​នោះ? យើង​គួរ​បដិសេធ​គំនិត​បែប​នេះ​ឲ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​ធ្ងន់​ហើយ​ក៏​សប្បុរស។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​ច្រណែន មិន​ចេះ​និយាយ​អួតអាង មិន​ចេះ​ក្រអឺតក្រអោង មិន​ប្រព្រឹត្ត​ឥត​សមរម្យ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ឆាប់​ខឹង។ សេចក្ដី​ស្រឡាញ់​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​អំពី​អ្វី​ដែល​មិន​សុចរិត​ឡើយ តែ​អរ​សប្បាយ​អំពី​សេចក្ដី​ពិត​»។—១កូ. ១៣:៤​-​៦

យើង​គួរ​មាន​ចិត្ត​គំនិត​ស្រដៀង​គ្នា​នឹង​សាវ័ក​ប៉ូល។ បន្ទាប់​ពី​បាន​រៀប​រាប់​ថា​៖ ​«​គ្រិស្ត​យេស៊ូ​បាន​ចូល​ក្នុង​ពិភព​លោក​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»​ ប៉ូល​បាន​បន្ថែម​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ខ្ញុំ​ខុស​ធ្ងន់​ជាង​គេ​»។—១ធី. ១:១៥

សំណួរ​ដើម្បី​រំពឹង​គិត:

តើ​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​គឺ​អាស្រ័យ​ទៅ​លើ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? ឬ​មួយ​ខ្ញុំ​ចាត់​ទុក​កិច្ច​បម្រើ​ដ៏​ស្មោះ​ត្រង់​ជា​យូរ​ឆ្នាំ ឯកសិទ្ធិ​ក្នុង​អង្គការ​របស់​ព្រះ ឬ​សមត្ថភាព​ពី​កំណើត ជា​អ្វី​ដែល​ឲ្យ​ខ្ញុំ​គិត​ថា​ខ្លួន​ខ្ញុំ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ឬ​ទេ?

២ ពួក​ផារិស៊ី​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ស្ងើចសរសើរ​ខ្លួន​ដោយ​បង្ហាញ​ជា​សាធារណៈ​នូវ​ភាព​សុចរិត​របស់​ពួក​គេ។ ពួក​គេ​ចង់​បាន​មុខ​មាត់​នឹង​ឋានៈ​ធំ​ដុំ។

ប៉ុន្តែ លោក​យេស៊ូ​បាន​ព្រមាន​ថា​៖ ​«​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​ពួក​គេ គឺ​ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​តែ​ប៉ុណ្ណោះ ព្រោះ​ប្រអប់​តូច​ៗ​សម្រាប់​ដាក់​បទ​គម្ពីរ ដែល​ពួក​គេ​ពាក់​ជា​គ្រឿង​ការពារ​នោះ ពួក​គេ​យក​មក​ពង្រីក​ឲ្យ​ធំ ហើយ​ក៏​ធ្វើ​ឲ្យ​រំយោល​នៅ​ជាយ​អាវ​របស់​ពួក​គេ​វែង។ ពេល​ដែល​ពិសា​ភោជនាហារ ពួក​គេ​ចូល​ចិត្ត​អង្គុយ​នៅ​កន្លែង​លេច​មុខ​លេច​មាត់​ជាង​គេ ហើយ​ក្នុង​សាលា​ប្រជុំ ក៏​ចូល​ចិត្ត​អង្គុយ​នៅ​មុខ​គេ។ ពួក​គេ​ចង់​ឲ្យ​មនុស្ស​ជម្រាប​សួរ សម្ដែង​ការ​គោរព​ចំពោះ​ពួក​គេ​នៅ​ផ្សារ ថែម​ទាំង​ហៅ​ពួក​គេ​ថា​រ៉ាប៊ី​»។ (​ម៉ាថ. ២៣:៥​-​៧​) សូម​ប្រៀប​ធៀប​ចិត្ត​គំនិត​របស់​ពួក​គេ​ជា​មួយ​នឹង​ចិត្ត​គំនិត​របស់​លោក​យេស៊ូ។ ទោះ​ជា​លោក​ជា​បុត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​ក៏​ដោយ លោក​មាន​ចិត្ត​រាប​ទាប។ ពេល​បុរស​ម្នាក់​ហៅ​លោក​យេស៊ូ​ថា​«​ល្អ​»​ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ថា​ខ្ញុំ​ល្អ​ដូច្នេះ? ក្រៅ​ពី​ព្រះ គ្មាន​អ្នក​ណា​ល្អ​ឡើយ​»។ (​ម៉ាក. ១០:១៨​) នៅ​ពេល​មួយ​ទៀត លោក​យេស៊ូ​បាន​លាង​ជើង​ពួក​អ្នក​កាន់​តាម​លោក ហើយ​ទុក​គំរូ​ស្តី​អំពី​ចិត្ត​រាប​ទាប​ឲ្យ​អ្នក​កាន់​តាម​លោក។—យ៉ូន. ១៣:១​-​១៥

គ្រិស្ត​សាសនិក​ពិត​គួរ​បម្រើ​បង​ប្អូន​រួម​ជំនឿ។ (​កាឡ. ៥:១៣​) ជា​ពិសេស​ក្នុង​ករណី​របស់​ពួក​អ្នក​ដែល​ចង់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ។ ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​យើង​«​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ​»​ ប៉ុន្តែ​គោលដៅ​នេះ​គួរ​ផុស​ចេញ​ពី​ចិត្ត​ប្រាថ្នា​ចង់​ជួយ​អ្នក​ឯ​ទៀត។ ​«​មុខ​ងារ​»​នេះ​មិន​មែន​ជា​ឋានៈ​ធំ​ដុំ ឬ​ជា​អំណាច​ទេ។ ពួក​អ្នក​ដែល​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​មាន​«​ចិត្ត​រាប​ទាប​»​ ដូច​លោក​យេស៊ូ។—១ធី. ៣:១, ៦; ម៉ាថ. ១១:២៩

សំណួរ​ដើម្បី​រំពឹង​គិត:

តើ​ខ្ញុំ​ច្រើន​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ​ជាង​អ្នក​ឯ​ទៀត ប្រហែលជា​ដោយ​សង្ឃឹម​ថា​នឹង​បាន​មុខ​មាត់ ឬ​ឯកសិទ្ធិ​បន្ថែម​ទៀត​ឬ​ទេ? តើ​ខ្ញុំ​ច្រើន​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ដែល​មើល​ទៅ​ធ្វើ​ឲ្យ​គេ​កត់​សម្គាល់ ឬ​សរសើរ​ឬ? តើ​ខ្ញុំ​ចង់​បង្ហាញ​ថា​ខ្លួន​ពូកែ​ឬ​ស្ទាត់​ជំនាញ​នៅ​មុខ​អ្នក​ឯ​ទៀត​ឬ?

៣ ច្បាប់​និង​ប្រពៃណី​ដែល​ពួក​ផារិស៊ី​បាន​បង្កើត ធ្វើ​ឲ្យ​បណ្ដា​ជន​ពិបាក​ធ្វើ​តាម​ច្បាប់​របស់​ម៉ូសេ។

ច្បាប់​ម៉ូសេ​បាន​ផ្ដល់​នូវ​របៀប​រៀបចំ​ជា​ទូទៅ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អ៊ីស្រាអែល។ ប៉ុន្តែ ច្បាប់​នេះ​មិន​មាន​ព័ត៌មាន​ល្អិត​ល្អន់​ឡើយ។ ជា​ឧទាហរណ៍ ច្បាប់​នោះ​បាន​ហាម​មិន​ឲ្យ​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​អ្វី​ជា​ការងារ ហើយ​អ្វី​មិន​មែន​ជា​ការងារ​នោះ​ទេ។ (​និក្ខ. ២០:១០​) ដោយ​សារ​ច្បាប់​នោះ​មិន​បាន​បញ្ជាក់​ច្បាស់​លាស់ ពួក​ផារិស៊ី​ខំ​បន្ថែម​ច្បាប់ ឲ្យ​និយម​ន័យ​អំពី​ការងារ និង​បញ្ចូល​ប្រពៃណី​របស់​ពួក​គេ។ ទោះ​ជា​លោក​យេស៊ូ​មិន​ធ្វើ​តាម​ច្បាប់​របស់​ពួក​ផា​រី​ស៊ី​ដែល​ពួក​គេ​បាន​បង្កើត​តាម​អំពើ​ចិត្ត​របស់​ពួក​គេ​ក៏​ដោយ លោក​ពិត​ជា​បាន​ធ្វើ​តាម​ច្បាប់​ម៉ូសេ។ (​ម៉ាថ. ៥:១៧, ១៨; ២៣:២៣​) លោក​មិន​គ្រាន់តែ​ធ្វើ​តាម​ច្បាប់​ដែល​ចែង​ជា​អក្សរ​ប៉ុណ្ណោះ​ទេ លោក​យល់​គំនិត​និង​ខ្លឹម​សារ​ដែល​មាន​មូលដ្ឋាន​លើ​ច្បាប់​ទាំង​នោះ ហើយ​លោក​យល់​ថា​ត្រូវ​មាន​សេចក្ដី​មេត្ដា​ករុណា។ លោក​ជា​មនុស្ស​សម​ហេតុ​ផល សូម្បី​តែ​ពេល​អ្នក​កាន់​តាម​លោក​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​លោក​ចង់​ឲ្យ​ពួក​គេ​ធ្វើ​ក៏​ដោយ។ ជា​ឧទាហរណ៍ ទោះ​ជា​លោក​បាន​ដាស់​តឿន​សាវ័ក​បី​នាក់​របស់​លោក​កុំ​ឲ្យ​ដេក​លក់​និង​នៅ​ចាំ​យាម​នៅ​រាត្រី​ដែល​គេ​ចាប់​លោក​ក៏​ដោយ តែ​ពួក​គេ​បាន​ដេក​លក់​ម្ដង​ហើយ​ម្ដង​ទៀត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បាន​ពោល​ដោយ​ក្ដី​អាណិត​អាសូរ​ថា​៖ ​«​ចិត្ត​បាន​ប្រុង​ប្រៀប​ជា​ស្រេច​ពិត​មែន ប៉ុន្តែ​សាច់​ឈាម​គឺ​ខ្សោយ​ណាស់​»។—ម៉ាក. ១៤:​៣៤​-​៤២

សំណួរ​ដើម្បី​រំពឹង​គិត:

តើ​ខ្ញុំ​ខំ​បង្កើត​ច្បាប់​ដ៏​តឹងរ៉ឹង ឬ​យក​គំនិត​របស់​ខ្ញុំ​ធ្វើ​ជា​ច្បាប់​ឬ​ទេ? តើ​ខ្ញុំ​ជា​មនុស្ស​សម​ហេតុ​សម​ផល​ចំពោះ​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ឬ​ទេ?

សូម​សញ្ជឹង​គិត​អំពី​ភាព​ផ្ទុយ​គ្នា​រវាង​សេចក្ដី​បង្រៀន​ របស់​លោក​យេស៊ូ​និង​ពួក​ផា​រី​ស៊ី។ តើ​អ្នក​ឃើញ​របៀប​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ចំណុច​ទាំង​បី​ខាង​លើ​នេះ ​ឬ​ទេ? បើ​មែន សូម​តាំង​ចិត្ត​ធ្វើ​ដូច្នេះ។

[​រូបភាព​នៅ​ទំព័រ​២៨​]

ពួក​ផារិស៊ី​ពាក់​ប្រអប់​តូច​ៗ​ដែល​មាន​បទ​គម្ពីរ។—ម៉ាថ. ២៣:២,

[​រូបភាព​នៅ​ទំព័រ​២៩​]

មិន​ដូច​ពួក​ផារិស៊ី​ដែល​ក្រអឺតក្រទម អ្នក​ចាស់​ទុំ​ដែល​មាន​ចិត្ត​រាប​ទាប​បម្រើ​អ្នក​ឯ​ទៀត

[​រូបភាព​នៅ​ទំព័រ​៣០​]

ដូច​លោក​យេស៊ូ តើ​អ្នក​ជា​មនុស្ស​សម​ហេតុ​សម​ផល​ចំពោះ​អ្វី​ដែល​អ្នក​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ឬ​ទេ?