លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទស្សនៈអ្នកឯកទេសមិនចេះចប់មិនចេះហើយ

ទស្សនៈអ្នកឯកទេសមិនចេះចប់មិនចេះហើយ

ទស្សនៈ​អ្នក​ឯកទេស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ

នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​អាច​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​កុំព្យូទ័រ​ដើម្បី​ស្វែង​រក​យោបល់ ហើយ​ក្នុង​នោះ​អាច​រក​ឃើញ​ឯកសារ​ជាង​២៦​លាន​ច្បាប់​តែ​ក្នុង​មួយ​រំពេច ដែល​មាន​យោបល់​អំពី​ការ​ចិញ្ចឹម​អប់រំ​កូន។ បើ​ចំណាយ​មួយ​នាទី​ក្នុង​ការ​មើល​ឯកសារ​នីមួយៗ កូន​នឹង​ធំ​ឡើង​ហើយ​ទាំង​បែក​ផ្ទះ​មុន​អាច​មើល​ព័ត៌មាន​ទាំង​អស់​ចប់។

នៅ​សម័យ​ដែល​មិន​ទាន់​មាន​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​គ្មាន​អ្នក​ចិត្ត​វិទ្យា​និង​គ្រូ​ពេទ្យ​ឯកទេស​ផ្នែក​កុមារ តើ​មាតា​បិតា​ទាំង​ឡាយ​បាន​រក​យោបល់​ពី​ណា​មក? ជា​ធម្មតា ពួក​គាត់​បាន​ទទួល​យោបល់​ពី​សាច់​ញាតិ​ជិត​ឆ្ងាយ។ ចាស់​ទុំ​ញាតិ​មិត្ត​និង​យាយ​តា​ទាំង​សង​ខាង​ពេញ​ចិត្ត​ផ្ដល់​ការ​ណែនាំ​ដល់​ឪពុក​ម្ដាយ​អំពី​របៀប​អប់រំ​កូន ព្រម​ទាំង​ជួយ​មើល​ចៅ​និង​ផ្ដល់​ជា​លុយ​កាក់​ទៀត​ផង។ ប៉ុន្តែ នៅ​ប្រទេស​ផ្សេងៗ​មនុស្ស​ជា​ច្រើន​កំពុង​តែ​ចាក​ចេញ​ពី​ស្រុក​កំណើត​ដើម្បី​ទៅ​រស់​នៅ​ទី​ក្រុង ដូច្នេះ​លែង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​សាច់​ញាតិ។ ហើយ​នៅ​សព្វ​ថ្ងៃ​នេះ ក៏​មាន​បុរស​និង​ស្ត្រី​ជា​ឪពុក​ឬ​ម្ដាយ​ខំ​ចិញ្ចឹម​អប់រំ​កូន​តែ​ម្នាក់​ឯង​ផង។

នេះ​ហើយ​ជា​មូលហេតុ​មួយ​ដែល​មាន​មជ្ឈ​មណ្ឌល​មើល​ថែរក្សា​ក្មេង​កាន់​តែ​ច្រើន​ឡើងៗ​នៅ​សម័យ​នេះ។ មូលហេតុ​មួយ​ទៀត​គឺ​ដោយសារ​មនុស្ស​ជា​ច្រើន​ចេះ​តែ​ពឹង​លើ​វិទ្យាសាស្ត្រ។ មិន​យូរ​ប៉ុន្មាន​មុន​ឆ្នាំ​១៩០០ ប្រជាជន​នៅ​សហរដ្ឋ​អា​ម៉េរិក​ជឿជាក់​ថា វិទ្យាសាស្ត្រ​អាច​ជួយ​គ្រប់​ផ្នែក​ទាំង​អស់ សូម្បី​តែ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ជា​លទ្ធផល​គេ​ក៏​គិត​ថា វិទ្យាសាស្ត្រ​អាច​ជួយ​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន​បាន​ដែរ។ ដូច្នេះ នៅ​ឆ្នាំ​១៨៩៩ ស្ត្រី​មួយ​ក្រុម (ហៅ​ថា American National Congress of Mothers) បាន​ថ្លែង​ជា​សាធារណៈ​ថា ពួក​គាត់​សោក​ស្ដាយ​ណាស់​ដោយសារ​«ឪពុក​ម្ដាយ​ភាគ​ច្រើន​ខ្វះ​សមត្ថភាព»​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន។ ភ្លាមៗ​នោះ ពួក​អ្នក​ឯកទេស​ផ្នែក​វិទ្យាសាស្ត្រ​បាន​លេច​មុខ​មក​ទាំង​សន្យា​ជួយ​ឪពុក​ម្ដាយ​ទាំង​ឡាយ​ដែល​កំពុង​តែ​មាន​បញ្ហា​អប់រំ​កូន។

ការ​អប់រំ​តាម​យោបល់​អ្នក​ឯកទេស

តើ​យោបល់​របស់​អ្នក​ឯកទេស​មាន​លទ្ធផល​យ៉ាង​ណា? នៅ​សព្វ​ថ្ងៃ​នេះ តើ​ឪពុក​ម្ដាយ​ទាំង​ឡាយ​មាន​កង្វល់​តិច​ជាង​មុន ឬ​ចេះ​ចិញ្ចឹម​អប់រំ​កូន​ប្រសើរ​ជាង​ជីដូន​ជីតា​សម័យ​មុនៗ​ឬ​ទេ? អត់​ទេ! ដ្បិត​ការ​ស្ទង់​មតិ​មួយ​នៅ​ប្រទេស​អង់គ្លេស​បង្ហាញ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ឪពុក​ម្ដាយ​ដែល​មាន​កូន​តូច ៣៥​ភាគ​រយ​មិន​ទាន់​រក​ឃើញ​យោបល់​ដែល​អាច​ទុក​ចិត្ត​បាន។ មាតា​បិតា​ឯ​ទៀត​គិត​ថា គាត់​ត្រូវ​ធ្វើ​តាម​គំនិត​ខ្លួន​ឯង​វិញ​ល្អ​ជា​ជាង។

អ្នក​ស្រី​អាណ ហាល់បឺត​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​រៀប​រាប់​អំពី​ឯកសារ​នីមួយៗ​នៅ​សម័យ​ផ្សេងៗ​ទាក់ទង​នឹង​ការ​ចិញ្ចឹម​អប់រំ​កូន។ (Raising America: Experts, Parents, and a Century of Advice About Children) អ្នក​ស្រី​មាន​កូន​ពីរ​នាក់​ដែរ ហើយ​បង្ហាញ​ឲ្យ​ដឹង​ថា កម្រ​ណាស់​ដែល​យោបល់​របស់​អ្នក​ឯកទេស​ទាំង​នោះ​មាន​មូលដ្ឋាន​លើ​របក​គំហើញ​របស់​អ្នកវិទ្យាសាស្ត្រ។ ផ្ទុយ​ទៅ​វិញ យោបល់​របស់​ពួក​គេ​មើល​ទៅ​ដូច​ជា​ផ្អែក​លើ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ជាជាង​ទៅ​លើ​ភ័ស្តុ​តាង​ជាក់​ស្តែង។ ពេល​យើង​មើល​អ្វី​ដែល​គេ​សរសេរ​ពី​មុន​នោះ ឥឡូវ​មើល​ទៅ​ដូច​ជា​ទស្សនៈ​ភាគ​ច្រើន​នោះ​ជា​អ្វី​ដែល​គេ​និយម​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ឬ​ក៏​ទស្សនៈ​ទាំង​នោះ​ផ្ទុយ​គ្នា​ទៅ​វិញ ឬ​ជួន​កាល​ជា​ទស្សនៈ​ប្លែកៗ​តែ​ម្ដង។

ដូច្នេះ នៅ​សព្វ​ថ្ងៃ​នេះ តើ​មាតា​បិតា​ទាំង​ឡាយ​គួរ​ទុក​ចិត្ត​លើ​យោបល់​មួយ​ណា? តាម​ពិត ដោយសារ​មាន​ទស្សនៈ យោបល់​និង​ព័ត៌មាន​ច្រើន​ជាង​មុនៗ​ទៅ​ទៀត​ដែល​ផ្ទុយ​ពី​គ្នា នោះ​មាតា​បិតា​ភាគ​ច្រើន​អត់​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ។ យ៉ាង​ណា​ក៏​ដោយ ឪពុក​ម្ដាយ​ខ្លះ​មិន​ទាល់​គំនិត​ឡើយ ដ្បិត​ទូទាំង​ផែនដី​មាតា​បិតា​ខ្លះ​កំពុង​ទទួល​ប្រយោជន៍​ពី​ពាក្យ​ពេចន៍​ក្នុង​សៀវភៅ​បុរាណ​មួយ​ជា​ប្រភព​ព័ត៌មាន​ដែល​ពួក​គាត់​នៅ​តែ​អាច​ទុក​ចិត្ត​បាន។ អត្ថបទ​បន្ទាប់​នឹង​រៀប​រាប់​ពី​ប្រភព​ព័ត៌មាន​ទាំង​នេះ។